| ច្បាប់កូនចៅ | |||
| បទកាកគតិ | |||
| ១ | កូនចៅអើយស្ដាប់ | ឪពុកនឹងប្រាប់ | ប្រដៅគ្រប់គ្នា |
| ចូរចាំចូរចាប់ | ជាច្បាប់អាត្មា | រួសរងរក្សា | |
| ទីទៃគ្រប់ប្រាណ។ | |||
| ធម្មតាអ្នកជា | អ្នកមានប្រាជ្ញា | មានផៅសន្ដាន | |
| ពុំចេះអាងអួត | ប្រកួតរានកាន | បំពាក់បំពាន | |
| បំពោតអួតអង្គ។ | |||
| ទោះនឹងយាត្រា | ទៅទីស្ថានណា | ដើរដូចភុជង្គ | |
| សិរសាទន់ទាប | សុភាពផ្គត់ផ្គង់ | លំអុតឱនអង្គ | |
| ការកេរអ្នកជា។ | |||
| រីអ្នកមានសាមាន្យ | ខ្សត់ខ្យោយសណ្ដាន | អាប់ឥតប្រាជ្ញា | |
| ដំណើរអែងអោង | កែងកោងហត្ថា | ដូចខ្ទួយសោះសា | |
| មែនពិសទិច។ | |||
| ៥ | បំពោងបំពើត | ចំកោងស្ទួយស្ទើត | ពឹងពិសទ្រនិច |
| ខ្លួនតូចត្រលាំង | កំលាំងសោតតិច | ពឹងពិសទ្រនិច | |
| ទិចតើប៉ុន្មា។ | |||
| ធម្មតាអ្នកជួ(១) | ពុំដែលផ្ទឹមតួ | លោកការសណ្ដាន | |
| សណ្ដាប់ផៅផង។ | |||
| កូនចៅអើយចាំ | ឪពុកនឹងផ្ដាំ | ដោយនូវគន្លង | |
| គាថាបាលី | គិតពីព្រេងហោង | ចូរចេះចាំចង | |
| ទីទៃកុំធ្លោយ។ | |||
| ពាក្យនេះជាច្បាប់ | ទូន្មានឲ្យគាប់ | កូនចៅឯក្រោយ | |
| ឪពុកឥតទ្រព្យ | អ្វីគាប់ទុកឲ្យ | តែពាក្យនេះដោយ | |
| ព្រះបាលីថា។ | |||
| លោកថាភ្លើងភ្លឺ | មែនពិតមោះរឺ | ពុំស្មើសុរិយា | |
| លោកថាសូរ្យសែង | ភ្លឺចែងវេហាស៍ | មោះពុំស្មើនា | |
| ព្រះធម៌ព្រះពុទ្ធ។ | |||
| ១០ | ភ្លើងភ្លឺអស់ចិត្ដ | អស់កាលហើយបាត់ | រលាយរលត់ |
| ព្រះសូរ្យភ្លឺឡើង | ថ្កុំថ្កើងប្រាកដ | អាប់អស្ដង្គត | |
| ពុំយល់រស្មី។ | |||
| រីព្រះធម៌ថ្លៃ | ភ្លឺហើយភ្លឺក្រៃ | នៅនាលោកិយ | |
| ដល់បរលោកនាយ | ភ្លឺធ្លាយបារមី | រុងរឿងរង្សី | |
| ពុំរលត់ឡើយ។ | |||
| កូនចៅអើយណា | ពាក្យមួយលោកថា | ស្ករឃ្មុំឯងហើយ | |
| ផ្អែមក្រៃលែងផ្អែម | ល្ហឹមល្ហែមជាត្រើយ | មោះផ្អែមនោះស្បើយ | |
| ពុំចាប់ចាំនៅ។ | |||
| តែពាក្យលោកថា | លោកមានមេត្ដា | ទូន្មានប្រដៅ | |
| នោះផ្អែមក្រៃលែង | ស្ករឃ្មុំអំពៅ | ចាំចងទុកនៅ | |
| អស់កាលដ៏លង់។ | |||
| លោកថាល្វាផង | សំបកក្រៅហោង | ភ្លឺផ្លេកយល់យង់ | |
| រីឯក្នុងផ្លែ | សឹងតែមមង់ | ក្រាស់ក្រៃនៅក្នុង | |
| នោះហោងលោកថា។ | |||
| ១៥ | អ្នកមួយចែចូវ | រអែរអូវ | រៀចវេឫ្សា |
| បញ្ចើចបញ្ចើ | ពាក្យពើមាយា | ដូចកលផ្លែល្វា | |
| ល្អល្អះតែក្រៅ។ | |||
| មួយដូចខ្នុរណាំង | សំបកស្គោកស្គាំង | បន្លាច្រូងនូវ | |
| ឯក្នុងសឹងក្លែប | ក្រអែបផ្អែមទៅ | ទាល់ក្នុងឥតសៅ | |
| រសសឹងពិសា។ | |||
| រីអ្នកមានធម៌ | សប្បុរសមានអាថិ | លោកផ្ទឹមឧមា | |
| ដូចខ្នុរក្លិនក្លែប | ក្រអែបពិសារ | ក្រៅក្រាស់បន្លា | |
| មោះក្នុងផ្អែមក្រៃ។ | |||
| មួយសោតលោកថា | កន្លង់និងផ្កា | ស្ថានឆ្ងាយទីទៃ | |
| ហេតុចិត្ដចង់ក្រេប | ជញ្ជាប់ក្លិននៃ | ហើរហួសច្រៀវច្រៃ | |
| រសរកបុប្ផា។ | |||
| ដូចអ្នកមួយមាន | ចិត្ដនោះចង់បាន | ច្បាប់ក្បួនសាស្រ្ដ | |
| ស្វះស្វែងរកអ្នក | មួយមានប្រាជ្ញា | រួសរងឧស្សាហ៍ | |
| សង្វាតអាលជ្ជី។ | |||
| ២០ | មួយនីឯរុយ | រករោមសំអុយ | អសោចិ៍អប្រិយ |
| ដូចមនុស្សអបល័ក្ខណ៍ | ស្វែងស្វះរកក្ដី | ពុំគិតក្រក្រី | |
| ក្រែងក្រោយឡើយនៃ។ | |||
| មួយនីក្រមច្បាប់ | លោកពុំឲ្យត្រាប់ | អំពើពុតជ្រៃ | |
| កាលណាដូចដុះ | អាប់ចុះអាស្រ័យ | ត្រង់ស្ថានណានៃ | |
| អ្នកដើមអន្ដរាយ។ | |||
| មួយនីលោកថា | អំពើពុតខ្លា | យល់សាច់ទាំងឡាយ | |
| ចង់ប៉ុន្ដែស៊ី | ឥតបីរសាយ | អស់មនុស្សទាំងឡាយ | |
| កុំត្រាប់ពុតខ្លា។ | |||
| កើតជាមនុស្សនេះ | ដូចកង់រទេះ | វិលត្រូវគ្រប់គ្នា | |
| មានកាលត្រូវគេ | ល្ហែឯអាត្មា | ហេតុនេះលោកថា | |
| បើត្រាប់ពុតកង់។ | |||
| រីឈើវិស័យ | ដុះនៅនាព្រៃ | ខ្លះវៀចខ្លះត្រង់ | |
| ឯអ្នកនគរ | ក្សត្រក្សាន្ដទ្រទ្រង់ | ខ្លះចិត្ដទៀងត្រង់ | |
| ខ្លះខ្លៅសាមាន្យ។ | |||
| ២៥ | ពពួកសត្វផង | សាហាវយង់ឃ្នង | គេអាចញ៉ាំងបាន |
| ត្រង់មនុស្សសាហាវ | ពាលាឈ្លានពាន | លោកឲ្យប្រែប្រាណ | |
| ចៀសចេញឲ្យឆ្ងាយ។ | |||
| កូនចៅអើយស្ដាប់ | ពាក្យនេះជាច្បាប់ | ប្រដៅបរិយាយ | |
| ពាក្យនេះជាថ្នល់ | តំកល់ទុកឆ្ងាយ | កូនចៅទាំងឡាយ | |
| នាំគ្នាស្ដាំរាំ។ | |||
| ហៃអស់កូនចៅ | តំណក្រោយទៅ | ត្រកូលវង្សា | |
| ចូរចេះរាប់រក | ស្រករគ្នីគ្នា | ខុសគាប់កាចជា | |
| អត់ឱនត្រងរង។ | |||
| ឱកូនចៅអើយ | អាពុកចាស់ហើយ | ពុំបាននូវផង | |
| នរណានឹងនៅ | ប្រដៅបាហោង | នរណានឹងស្នង | |
| អាពុកនេះបាន។ | |||
| តែខ្លួនទៅបាត់ | ទុកពាក្យមួយម៉ាត់ | ប្រដៅទូន្មាន | |
| ពាក្យនេះអាពុក | សង់ទុកជាស្ពាន | ឲ្យកូនចៅបាន | |
| ឆ្លងទៅត្រើយនាយ។ | |||
| ៣០ | ពាក្យនេះមួយមិញ | ហេតុមិនស្រលាញ់ | មានពាក្យថាឆ្ងាយ |
| ទោះទូកបែកបាក់ | សំពៅធ្លុះធ្លាយ | ទាល់លង្កានាយ | |
| សឹងមករកបាន។ | |||
| កូនចៅអើយគិត | ផ្គត់ផ្គង់គំនិត | រក្សាខ្លួនប្រាណ | |
| កុំអាងសក្ដិបុណ្យ | លោភលន់ចង់បាន | បំពារបំពាន | |
| កុំធ្វើដោយធម៌។ | |||
| ធម្មតាជាមនុស្ស | ឲ្យដឹងគាប់ខុស | បុណ្យបាបឲ្យស្គាល់ | |
| ថ្វីមិនចង់បាន | ចង់គ្មានអង្កាល់ | ឲ្យបានដោយធម៌ | |
| នោះទើបយឺនយូរ។ | |||
| បើបានឹងខំ | លោភោវាយដំ | សន្សំប្រាក់ចូល | |
| ចំណេះទ្រព្យនោះ | នៅពុំបរិបូណ៌ | ស្មើរកប្រមូល | |
| ទុកឲ្យគេទេ។ | |||
| កូនចៅអើយអត់ | គិតក្ដីកំសត់ | កុំធ្វើប៉ោឡែ | |
| កុំអាងមានទ្រព្យ | កុំត្រាប់ពុតគេ | ចូរចេះរិះរេ | |
| សាយសព្វសារពើ។ | |||
| ៣៥ | ធម្មតាជាស្រី | កុំចង់មេត្រី | សាយសព្វអន្លើ |
| យកម្ដេចខ័ណ្ឌស្ករ | មកគរទុកលើ | ស្រមោចហើយតើ | |
| អត់ម្ដេចមិនស៊ី។ | |||
| មួយដូចប្រុសខ្លោះ(២) | ពាលពេញកំលោះ | ចិត្ដចោរចង់ស្រី | |
| កលមួយដូចក្អែក | ចេញលួចរកឆី | មិនដឹងរឺអ្វី | |
| យកពងមាន់ផ្ញើ។ | |||
| កលមួយសោតណា | នេះនឹងឧមា | អណ្ដើកឯងតើ | |
| ពងលាក់ជាហើយ | ម្ដេចឡើយទៅផ្ញើ | អស់ពាក្យពេចន៍លើ | |
| អាអួតមហាចោរ។ | |||
| ប្រើប្រុងប្រយ័ត្ន | ពាក្យពេចន៍សូរសត្យ | សាស័ព្ទពំនោល | |
| ពីរោះមធូរ | បរិបូណ៌ពាក្យពោល | កុំអាលខឹងយោះ | |
| ចាចែងភាសា។ | |||
| កុំអាលកន្ទ្រើង | កុំស្ថិតខិតឡើង | លើលោកព្រឹទ្ធា | |
| គិតការដំនៀល | លោកដៀលនិន្ទា | អង្គឲ្យកើតជា | |
| និន្ទាអាស្រូវ។ | |||
| ៤០ | ទោះប្រុសទោះស្រី | កើតនាលោកិយ | លោកឲ្យគាប់គ្រូ |
| ក្រែងមានឆ្អេះឆ្អាប | ស្រលាបត្រង់ត្រូវ | ក្រែងជួពុំជួ | |
| កាលកម្មវេរា។ | |||
| លោកថាឆ្កួតបី | ឆ្កួតមួយនឹងស្រី | ឆ្កួតមួយនឹងស្រា | |
| ឆ្កួតមួយនឹងល្បែង | អំពើពាលា | ឆ្កួតនេះហៅមហា | |
| ឆ្កួតក្រៃកន្លង។ | |||
| ឆ្កួតស្រីឆ្កួតស្រា | ឆ្កួតល្បែងពាលា | អំពើសឹងឆ្គង | |
| លោកពុំឲ្យសេព | ឲ្យវាងតែម្ដង | វាតែងឲ្យហ្មង | |
| ភ្លេចភ្លាំងស្មារតី។ | |||
| ឲ្យភ្លេចក្ដីគាប់ | ភ្លេចទាំងខ្លួនស្លាប់ | ភ្លេចសាស្រ្ដសួស្ដី | |
| ភ្លេចសីលភ្លេចទាន | ភ្លេចញាណវឌ្ឍី | ភ្លេចច្បាប់ប្រក្រតី | |
| ឆ្កួតបីប្រការ។ | |||
| កុំអាងចំណេះ | កុំអួតថាចេះ | កុំដោយពុតពាល | |
| កុំសមកុំសេព | កុំស្រើបកុំស្រាល | កុំអរកុំអាល | |
| ត្រេកទៅដោយវា។ | |||
| ៤៥ | ថាបើនឹងចង់ | សេពដោយចំណង់ | អំពើពាលា |
| អាចារ្យលោកចង | ជាពាក្យឧមា | ឲ្យអ្នកមួយណា | |
| ដុតដែកឲ្យក្ដៅ។ | |||
| បើកាន់ដែកបាន | នោះទើបឲ្យហ៊ាន | សេពសមចូលទៅ | |
| អំពើទាំងបី | ដូចដែកច្រាលឆ្អៅ | លុះកាន់មិនក្ដៅ | |
| នោះទើបសេពបាន។ | |||
| អំពើគុណគាប់ | កូនចៅអើយស្ដាប់ | អាពុកទូន្មាន | |
| រៀនគុណទាំងប្រាំ | សឹងនាំរូបបាន | រួមរក្សាប្រាណ | |
| ពិតពុំឃ្លាតឃ្លា។ | |||
| កាលណាសឹកមាន | ថ្កើងឯទាហាន | ពន្លឹកមហិមា | |
| កាលបើមានអាថិ | នូវសារបញ្ហា | ដោះស្រាយប្រស្នា | |
| ថ្កើងឯប្រាជ្ញប្រាយ។ | |||
| មួយសោតកាលបើ | រិះគិតនឹងធ្វើ | កិច្ចការសំទាយ | |
| ថ្កើងឯអ្នកជាង | ជំនាងសុសសាយ | កិច្ចការទំនាយ | |
| ថ្កើងឯហោរា។ | |||
| ៥០ | កាលកើតព្យាធី | រោគរោមអិន្រ្ទីយ | ថ្កើងឯពេទ្យា |
| រីអ្នកទាំងប្រាំ | សឹងនាំអាត្មា | ឲ្យគាប់ដោយនា | |
| ចំណេះទីទៃ។ | |||
| មួយសោតជាសង្ឃ | នោះឲ្យផ្គត់ផ្គង់ | តាមព្រះវិន័យ | |
| ជាស្រីសោតផ្គត់ | មារយាទប្រពៃ | ជាមនុស្សសព្វថ្ងៃ | |
| ឲ្យវៀរបាបបង់។ | |||
| ចូរចេះដាក់ខ្លួន | គួរគិតក្ដីស្ងួន | រក្សាផ្គត់ផ្គង់ | |
| ស្គាល់ទៅស្គាល់នូវ | ប្រាជ្ញខ្មៅគថ្លង់ | ស្គាល់វៀចស្គាល់ត្រង់ | |
| ស្គាល់ឲ្យគ្រប់ក្រៃ។ | |||
| លោកថាឲ្យត្រាប់ | នូវសត្វកុកសាប់ | អំពើប្រពៃ | |
| កុំត្រាប់កុកស | ភោភាវសព្វថ្ងៃ | ហើរទំអាស្រ័យ | |
| ពុំប្លែកប្លែងប្រាណ។ | |||
| លោកថាដែកផង | ហៅរឹងកន្លង | គេដុតដំបាន | |
| រូសកោសជាការ | តាមចិត្ដប្រមាណ | ពុំដែលនឹងមាន | |
| ប្រកែកឡើយណា។ | |||
| ៥៥ | ដំរីក្នុងព្រៃ | សាហាវហ៊ានក្រៃ | មមីសោះសា |
| គេទាក់មកបាន | ផ្សះផ្សាំងជិះជា | ពុំដែលនឹងថា | |
| ប្រកែកមិនទៅ។ | |||
| ត្រង់ពាក្យប្រទូស្ដ | ប្រទះរឹងរូស | ពុំលុះប្រដៅ | |
| រឹងលើសពីដែក | នឹងដំរីនៅ | ដោយនាកំលៅ | |
| កំលាំងមោហា។ | |||
| លោកថាក្អែកពិត | យកម្ដេចមណីរ័តន៍ | ម្រឹគជាតិវិស័យ | |
| កែវទៅបូជា | ពាក់ម្ដេចជដា | ធម្មជាតិជាស្វា | |
| ស្លៀកម្ដេចសំពត់។ | |||
| យកម្ដេចព្រះធម៌ | ជ្រៅជ្រះមានអាថិ | ប្រពៃវិសុទ្ធ | |
| ប្រដៅពាលា | ប៉ោលែស្មុតទ្រុឌ | យកម្ដេចឯមកុដ | |
| បំពាក់ពានរ។ | |||
| លោកថាផ្កាផង | ពិដោរពិតហោង | ឫ្សាបវរ | |
| ក្លិនក្លែបត្រលប់ | សាយសព្វទិសករ | ហើយរោយកេសរ | |
| បាត់បុស្បគន្ធា។ | |||
| ៦០ | តែអ្នកមួយទៀត | ពាក្យពេចន៍ឥតល្អៀង | ចំរើនមេត្ដា |
| នោះកូវក្រអូប | ក្រៃលែងក្លិនផ្កា | ទូទៅនានា | |
| ដោយដល់សួគ៌ស្ថាន។ | |||
| រីអសោចិ៍លាមក | ហៅស្អុយអាក្រក់ | ពេកពន់ប្រមាណ | |
| មោះស្អុយនោះស្បើយ | ល្ហែល្ហើយគ្រាន់ក្សាន្ដ | ល្មមទប់ទល់បាន | |
| ពុំទាន់ជាអ្វី។ | |||
| តែអ្នកមួយកូវ | រអែរអូវ | ចិត្ដបាបមូទូ | |
| កុហកភរភូត | បញ្ឆោតស្រដី | នាំពាក្យអប្រិយ | |
| បំបែកមិត្ដគេ។ | |||
| នោះកូវអាក្រក់ | ស្អុយក្រៃលែងលាមក | ពុំមានល្ហើយល្ហែ | |
| ដល់បរលោកសោត | ទៅនៅនិរយេ | នរកឯងឯ | |
| ទល់ទុក្ខវេទនា។ | |||
| កុំពារកុំពាន | កុំយល់គេមាន | ច្រណែនឫ្សា | |
| ចូរវៀរពាក្យស្លែង | ថ្លែងទៅពុំជា | វៀរពាក្យមុសា | |
| បានបុណ្យក្រាស់ក្រៃ។ | |||
| ៦៥ | កូនចៅអញអើយ | ចាំទុកជាត្រើយ | គ្រប់ខ្លួនទីទៃ |
| ដើរដោយគន្លង | ផ្លូវផងវិស័យ | កុំពារពានព្រៃ | |
| ជាន់ជាប់ន្លា។ | |||
| ក្រកិច្ចក្រកល | ក្រដឹងក្រយល់ | ក្រចិត្ដសទ្ធា | |
| ក្រវៃឆ្នៃទស់ | ឆ្លើយឆ្លាស់លោកា | ក្រជាមាតា | |
| បិតាស្ងួនគ្រង។ | |||
| ក្រពាក្យពិរោះ | ក្រចិត្ដអាចស្មោះ | ដឹងទុក្ខសត្វផង | |
| ក្រអត់ក្រឱន | ស្រលាញ់ស្ងួនគ្រង | ក្រពាក្យឥតឆ្លង | |
| ល្មមនឹងចិត្ដគេ។ | |||
| ពាក្យស័ត្យ | ក្រចិត្ដអាចកាត់ | ស្រលះពីស្នេហ៍ | |
| ក្រធ្ងន់គំនិត | ក្រគិតគុណគេ | ក្របានជាមេ | |
| បាគេទាំងឡាយ។ | |||
| ក្ដីច្បាប់នេះក្រ | នរណាអាចយក៍ | ទុកខ្លួនសំទាយ | |
| ដ៏លោកនេះគាប់ | នៅបានពណ្ណរាយ | ដល់បរលោកនាយ | |
| សោយសុខស្រេចស្រាប់។ | |||
| ៧០ | ឪពុកចាស់ហើយ | អស់កូនចៅអើយ | នាំគ្នាស្ដែងស្ដាប់ |
| ពាក្យពិតទូន្មាន | ប្រធានគ្រាន់គ្រប់ | ស្មើទ្រព្យសំរាប់ | |
| ទុកឲ្យគ្រប់គ្នា។ | |||
| ចូរចាំកុំភ្លេច | ទូន្មាននេះស្រេច | ស្មើខ្លួនហើយណា | |
| ចាំចងឲ្យខ្ជាប់ | ជាច្បាប់អាត្មា | សូរេចអក្ខរា | |
| សុភាសិតហោង។ | |||
| ---ចប់--- | |||
គេហទំព័រ KCD Khmerkrom សូមស្វាគមន៍ គេហទំព័រនេះត្រូវបានបដិសន្ធិឡើងក្នុងគោលបំណង ជាឃ្លាំងផ្ទុុកនូវឯកសារជាច្រើន ដើម្បីងាយស្រូលក្នុងការសិក្សាស្រាវជ្រាវនូវប្រធានបទដែលពាក់ព័ន្ធ ជាពិសេសសម្រាប់ សិស្សិ-និស្សិត ស្រាវជ្រាវទៅតាមជំនាញរបស់ខ្លួន។ គេហទំព័រ សូមធ្វើការអធ្យាស្រ័យទុកជាមុន រាល់កំហុសឆ្គងដែលកើតឡើងដោយឥតចេតនា ។ យើងខ្ញុំសូមទទួលការរិះគន់ ដើម្បីស្ថាបនា ! សូមអគុណ !
Wednesday, December 2, 2015
Subscribe to:
Post Comments (Atom)

No comments:
Post a Comment