បណ្ដាំក្រមង៉ុយ
| ||
| » | នេះបទព្រហ្មប្រាជ្ញប្រែ | ប្រាយប្រាប់ខ្មែរទាំងប្រុសស្រី |
| ឲ្យប្រិតប្រុងស្មាតី | គួរគប្បីឲ្យអុស្សាហ៏។ | |
| » | កុំខ្ជិលកុំល្ងង់ពេក | ខំរៀនលេខរៀនអក្ខរា |
| រៀនគ្រប់សព្វធម៌អាថិ | ប្រាជ្ញាផ្សំនឹងគំនិត ។ | |
| » | កំណើតកើតជាមនុស្ស | មើលឲ្យធ្លុះទោះឆ្ងាយជិត |
| ចេះស្ទាត់ប្រាកដពិត | គិតការអ្វីបានគ្រប់យ៉ាង។ | |
| » | មនុស្សល្ងង់មិនផ្អើលភ្ញាក់ | ដូចភ្នែកខ្វាក់ទាំងសងខាង |
| មានរូបគ្មានអ្វីអាង | សាងបាបថោកកើតមកខ្លៅ។ | |
| » | ពូជមនុស្សទោះខ្ពស់ទាប | កាត់តាមភាពត្រកូលផៅ |
| អាក្រក់ល្អសខ្មៅ | កាត់កូនចៅដូចដូនតា។ | |
| » | ពូជល្ងង់មិនបានបួស | ទុកជាទោសនឹងសាសនា |
| អ្នកបួសចេះធម៌អាថិ | កូនសិក្សាខំរៀនសូត្រ ។ | |
| » | ពូជខ្លៅមិនសូវប្រាជ្ញ | ពូជកោងកាចមិនសូវស្លូត |
| ពូជត្រង់ៗរហូត | ពូជភរភូតមិនផុតផៅ ។ | |
| » | ឪពុកម្តាយស្លូតត្រង់ | ចិត្តមិនចង់ឲ្យកូនខ្លៅ |
| ជេរវាយស្តីប្រេដៅ | ឲ្យកូនចៅបានចេះដឹង។ | |
| » | ឪពុកគ្មានតំរិះ | ឃើញកូនចេះមិនដែលខឹង |
| ឃើញកូនខំប្រិតប្រឹង | ឪពុកដឹងតែងត្រេកអរ។ | |
| » | ដាស់តឿនកើនរំលឹក | ជេរល្ងាចព្រឹកខ្លាចកូនក្រ |
| ចង់ឲ្យតែកូនល្អ | លោមអង្វរឲ្យកូនខំ។ | |
| » | កូនកាចបំពេញទុក្ខ | ម្តាយឪពុកមានបារម្ភ |
| កូនស្លូតដឹងគួរសម | មេបាថ្កុំថ្កើងកេរ្តិ៍ឈ្មោះ។ | |
| » | ឪពុកម្តាយក្សត់ខ្សោយ | កុំបណ្តោយឲ្យអាប់យស |
| ខំរៀនឲ្យបានខ្ពស់ | គ្រាន់សង្រ្គោះដល់មេបា។ | |
| » | អ្នកល្ងង់ហេតុពីខ្ជិល | ឥតមន្ទិលរឿងធម៌អាថិ |
| គួរកូនចៅសិក្សា | រៀនអក្ខរាទាំងប្រុសស្រី។ | |
| » | កាលអង្គព្រះសាស្តា | មានថេរាមានថេរី |
| ភិក្ខុភិក្ខុនី | ធម៌បាលីចេះចាំស្ទាត់។ | |
| » | លោកសង្ឃខ្លះចេះស្ទើរ | ចេះភ្លើៗធ្វើឲ្យភ្លាត់ |
| ព្រះអង្គទ្រង់សន្មត | សិក្ខាបទដល់ឥឡូវ ។ | |
| » | ទំលាប់ទំនៀមខ្មែរ | ខំធ្វើស្រែចង់បានស្រូវ |
| អ្នករៀនច្បាប់ខុសត្រូវ | ទុកជាផ្លូវភ្លឺប្រាជ្ញា។ | |
| » | ស្រុកសៀមលាវបារាំង | ចេះតតាំងពីដូនតា |
| ចេះលេខចេះអក្ខរា | សរសេរចារទាំងប្រុសស្រី។ | |
| » | ជាតិខ្មែរមិនចេះខ្មាស | នាំពីចាស់គំនិតខ្លី |
| ល្ងង់ដប់ចេះពីរបី | ចេះជួញក្តីមិនចេះច្បាប់។ | |
| » | មិនចេះលេខអក្សរ | មុខមាត់ល្អប្រាជ្ញាអាប់ |
| ឈ្មោះខ្លួនភ្នែកខ្លួនស្រាប់ | គេសូត្រប្រាប់ទើបបានដឹង។ | |
| » | ភ្នែកជាភ្លឺក្រលែត | ល្ងង់ព្រោះហេតុមិនខំប្រឹង |
| កើតទាស់មានចិត្តខឹង | ពឹងរកគេសរសេរឲ្យ។ | |
| » | មនុស្សក្រហេតុពីខ្ជិល | មិនរមិលមើលមុខក្រោយ |
| ម្យ៉ាងខ្សត់ពីព្រោះខ្សោយ | ញឹងខាងឲ្យរង្វើលរក ។ | |
| » | ម្យ៉ាងក្រពីព្រោះល្ងង់ | ជួញលិចលង់មិនលៃលក |
| ទិញថ្លៃទៅលក់ថោក | ចេះតែយកគិតមិនយល់ ។ | |
| » | អ្នកមានៗគំនិត | ដេកដើរគិតកើតរវល់ |
| ប្រាជ្ញាជាឫគល់ | កើតអំពល់អំពីទ្រព្យ។ | |
| » | អ្នកល្ងង់និងអ្នកចេះ | បើនឹងរិះរាយរៀបរាប់ |
| អ្នកចេះប្រសើរគាប់ | ល្ងង់ឥតភ័ព្វអាប់រាសី។ | |
| » | មានរូបមានជីវិត | មិនចេះគិតចង់ដឹងអ្វី |
| រូបប្រុសរិកដូចស្រី | នឹងហ៊ានស្តីគ្មានគេស្តាប់។ | |
| » | ល្ងង់ម្យ៉ាងមានអំណាច | ល្ងង់កោងកាចអាងចាក់កាប់ |
| ឆាប់ខឹងមិនដឹងច្បាប់ | កាលណាស្លាប់គេត្រេកអរ។ | |
| » | អ្នកចេះតំរិះដល់ | អ្នកល្ងង់ឆ្ងល់មិនសល់ក្រ |
| ចេះល្ឥតចិត្តជាល្អ | សួយអាករចូលមិនខ្វះ។ | |
| » | ចេះម្យ៉ាងមានអំណាច | អ្នកខ្លៅខ្លាចឱនសំពះ |
| គេខុសជេរដៀលត្មេះ | អ្នកខ្លៅខ្លះគេលបខឹង។ | |
| » | ប្រាជ្ញម្យ៉ាងចេះសព្វសុស | ប្រព្រឹត្តខុសនោះមិនដឹង |
| មិនគិតពិនិត្យថ្លឹង | ប្រាជ្ញប្រិតប្រឹងប្រដៅគេ។ | |
| » | កូនចៅទោះធំតូច | ខុសខិលខូចខឹងវាយជេរ |
| មារយាទខ្លួនខុសគេ | មិនគ្នាន់គ្នេរកិរិយាឯង ។ | |
| » | កូនចៅទាំងស្រីប្រុស | ការត្រូវខុសគួរគិតក្រែង |
| គិតគ្រប់សព្វកន្លែង | តែងនឹងមានរាល់រូបកាយ ។ | |
| » | ភ្នែកបើកភ្លឺមានពិត | មើលឃើញជិតៗរៀងអាយ |
| ភ្នែកធ្មេចមើលឃើញឆ្ងាយ | សព្វសុសសាយមិនសេសសល់។ | |
| » | រៀនរកស៊ីលក់ទិញ | ខាតចំណេញគិតឲ្យដល់ |
| ឲ្យដឹងការកិច្ចកល | ទើបកើតផលប្រយោជន៏ខ្លួន។ | |
| » | ឲ្យរៀនលេខនព្ធន្ត | បូកហាគុណឲ្យមាំមួន |
| ដីសនិងក្តារឆ្នួន | ក្រែងចិនយួនបំបាត់បាន។ | |
| » | ជញ្ជីងភ្នែកមានល្បាក់ | មើលឲ្យជាក់កុំប្រមាណ |
| ក្រែងខុសខាតមិនខាន | ធ្លាប់រាប់អានកុំទុកចិត្ត។ | |
| » | ភ្នែកមនុស្សធំរលីង | ភ្នែកជញ្ជីងគេចុចល្ឥត |
| អ្នកល្អថ្លឹងប្រឹងប្រឹត | ព្រោះអាណិតខ្មែរល្ងង់ខ្លៅ ។ | |
| » | ចិនមានពីដូរលក់ | ស្រូវកន្ទក់កន្តាំងតៅ |
| របស់ទោះឆ្អិនឆៅ | សំពត់អាវខោខ្មៅស។ | |
| » | ខ្មែរអាងស្រូវក្នុងដោក | ដូរថ្លៃថោកអាក្រក់ល្អ |
| អស់ស្រូវទៅជាក្រ | អង្វរចិនជឿស្រូវឯង ។ | |
| » | ធ្វើស្រែនឿយហត់ណាស់ | ចិននៅផ្ទះដេកចំខែង |
| ផ្ទះចិនពីរបីល្វែង | មានកន្លែងជង្រុកស្រូវ។ | |
| » | ជាតិខ្មែរឥតគំនិត | ស៊ីមិនគិតមើលខុសត្រូវ |
| ជឿចិនរាល់រដូវ | កេរ្តិ៍ម៉ែឪចិនអូសអស់ ។ | |
| » | ចិនមកពីស្រុកនាយ | មានសំពាយជារបស់ |
| មិនទាន់ចេះខ្មែរសោះ | គ្មានកេរកោះស្រែចំការ ។ | |
| » | កែវកចង្រ្កានឆ្នាំង | ផ្សំកំលាំងនិងប្រាជ្ញា |
| អំរែកជិះលើស្មា | មានម្លូស្លាជាដើមទុន។ | |
| » | ទំនិញមានគ្រប់មុខ | ផ្ទាល់ផ្ទេរទុកដាក់ដោយធុន |
| ចិនរែកមិនដែលពុន | ស្រូវជោរជន់ពេញជង្រុក។ | |
| » | ឈប់រែកដេកអង្គុយ | រាប់កាក់លុយប្រមូលទុក |
| ឪទិនស្រាពីមុខ | ទុកជាធ្នាក់ទាក់កខ្មែរ ។ | |
| » | ចិនច្រើនខ្មាំងចិត្តខ្មៅ | កន្តាំងតៅធ្វើជាស្រែ |
| គ្មានត្បាល់គ្មានអង្រែ | អង្ករខ្មែរចូលបាវចិន ។ | |
| » | ជាតិខ្មែរច្រើនឥតខ្មាស | ស្រេកស្រាណាស់ផឹកជឿសិន |
| គំនិតគិតមិនឆ្អិន | ផឹកបង្ហិនតែទ្រព្យឯង ។ | |
| » | កំណើតអ្នកផឹកស្រា | បែកប្រាជ្ញាច្រើនកន្លែង |
| អ្នកម្យ៉ាងបែកខាងល្បែង | មិនគិតក្រែងខ្លាចខ្លួនក្រ ។ | |
| » | អាម្យ៉ាងបែកលួចឆក់ | មារយាទអាក្រក់មិនបានល្អ |
| ផឹកចោលការរបរ | ផឹកថ្មើម៉ានចិនមិនគិត ។ | |
| » | ថាចិនមិនចេះកាញ់ | ប្រាប់សំលាញ់ពួកម៉ាកមិត្ត |
| គូកនទោះឆ្ងាយជិត | រឹតប្រមូលលុយឲ្យចិន ។ | |
| » | ត្រូវស្រាចង់ស៊ីឆ្ងាញ់ | ធុំឆាខ្លាញ់បក់ឆួលក្លិន |
| ឃើញបាយសម្លឆ្អិន | ផ្គាប់ចិត្តចិនយកបាយស៊ី។ | |
| » | ផឹកទឹកបោយត្រលោក | មារយាទទាបថោករិកសៀធី |
| ចិនប្រើសែងរែកលី | ស៊ីញយៗចិនមើលងាយ ។ | |
| » | ជាតិចិនកំណាញ់ស្វិត | នឹកក្នុងចិត្តមិននិយាយ |
| មារយាទខ្មែរច្រើនរាយមាយ | រលាយទ្រព្យអភ័ព្វខ្លួន។ | |
| » | ស៊ីឆ្ងាញ់ឆ្អែតស្កប់ស្កល់ | ទាបថោកដល់ប្រពន្ធកូន |
| អាប់យសទាំងបងប្អូន | ដល់តាដូនពូជពង្សខ្មែរ។ | |
| » | ជាតិចិនសុទ្ធសឹងស | មានទ័លក្រខ្សត់ខ្លះដែរ |
| ស៊ីផឹកស្និទ្ធតាមសែ | តមបាយខ្មែរមិនស៊ីសោះ ។ | |
| » | មានផ្ទះមានដំណាំ | កាប់ដីដាំដោយកៀនកោះ |
| ដំឡូងត្រាវចេកម្នាស់ | ស៊ីមិនអស់ទុកលក់ដូរ ។ | |
| » | ខ្មែរច្រើនខ្ជិលប្រមឹក | កែងកោងរិកអួតអម្បូរ |
| ខ្វះលុយអង្គុយថ្ងូរ | កើបបង្ហូរស្រូវជង្រុក ។ | |
| » | កូនអើយរឿងដំណាំ | គួរតែដាំឲ្យគ្រប់មុខ |
| ដីកេរម្តាយឪពុក | មិនត្រូវទុកចោលទំនេរ ។ | |
| » | រាជការវាស់មានថ្លៃ | ផ្តិតមេដៃផ្តាច់ជាកេរ |
| មិនវាស់លេងទទេ | រេរិះយកពន្ធរាល់ឆ្នាំ ។ | |
| » | ដូងស្វាយអំពៅចេក | កុំខ្ជិលពេកដេកប្រចាំ |
| ម្លូស្លាម្រេចខ្ទឹមថ្នាំ | ត្រូវតែដាំកុំឲ្យខ្វះ។ | |
| » | ទេសឯកសំពត់ស | ដីវាលល្អដាំកប្បាស |
| កុំខ្ជិលតាមចាស់ៗ | មនុស្សនឿយណាស់មិនដែលក្រ។ | |
| » | បន្លែដាំគ្រប់មុខ | យកគ្រាប់ទុកដាំបន្ត |
| ចាក់ដីជាតិល្អៗ | បង្ការស្លពេលល្ងាចព្រឹក។ | |
| » | ម្លូស្លាថ្នាំខ្ទឹមម្រេច | លូតលាស់លេចពីស្រោចទឹក |
| បានផលផ្លែរឺស្លឹក | កុំឆ្មើងរិកវាក្រខ្លួន។ | |
| » | ត្រីងៀតផ្អកប្រហុក | ខ្មែរគ្រប់ស្រុកទិញដូរយួន |
| អំបិលធូបក្រមួន | ពីតាដូនតែងដូរទិញ។ | |
| » | ដូរទុកដាក់ដំកល់ | ស៊ីឲ្យដល់ខួបខែវិញ |
| ឲ្យបរិបូរពោរពេញ | ខាតចំណេញកុំទិញតិច។ | |
| » | អំបិលទិញមួយចុង | ច្រកពេញអុងអាងខាងលិច |
| កុំទិញក្តោបខ្ចប់វេច | អស់រំពេចគេចទិញទៀត។ | |
| » | អំបិលមួយស្រូវបី | វាល់នឹងល្អីទូលកណ្តៀត |
| ខ្លួនក្រត្រដរេឆ្លៀត | មារយាទយ៉ាងហ្នឹងកុំប្រព្រឹត្ត។ | |
| » | កូនចៅទាំងប្រុសស្រី | គួរគប្បីប្រុងគំនិត |
| ចិញ្ចឹមជន្មជីវិត | គិតឲ្យវែងកុំគិតខ្លី។ | |
| » | ទំនេរល្ហែធ្វើការ | សូត្រធម៌អាថិទាំងប្រុសស្រី |
| ឲ្យត្រឹមត្រូវបាលី | ដូចស្រដីខាងដើមស្រាប់ ។ | |
| » | រាល់រូបទាំងប្រុសស្រី | កាលចេះស្តីព្រោះចេះស្តាប់ |
| ម៉ែឪតំរូវប្រាប់ | កូនចៅត្រាប់តាមដូនតា។ | |
| » | ចាស់ម្យ៉ាងសាងសីលទាន | មិនបំពានខុសពុទ្ធដិកា |
| កូនកាត់តាមមេបា | មិនទៅណាឆ្ងាយពីផ្លូវ។ | |
| » | ចាស់ម្យ៉ាងសាងផលកម្ម | ស្អប់សីលប្រាំដូចសត្រូវ |
| កូនកាត់តាមម៉ែឪ | អាស្រូវភាសវិនាសខ្លួន ។ | |
| » | មិនជឿមគ្គជឿផល | ធ្លាក់ទៅដល់អបាយបួន |
| កងកម្មចាំគំគួន | គេចវេះពួនមិនកំបាំង ។ | |
| » | ព្រះអង្គមានពុទ្ធដីកា | ប្រៀបឧមាជាទីតាំង |
| ដូចគេមានកំលាំង | សំរាំងទុកទឹមរទេះ ។ | |
| » | នឹងបរផ្លូវវៀចត្រង់ | រឺនឹងចង់បរគេចវេះ |
| កង់វិលមិនរបេះ | ជិះជើងគេមិនឃ្លាតឃ្លា។ | |
| » | រាល់រូបទាំងតូចធំ | ចូលរូងភ្នំរូងគុហា |
| យកថ្មផ្ទាំងរាំងទ្វារ | កម្មវេរាតោងតាមបាន ។ | |
| » | កងសីលមានអង្គប្រាំ | វេរាកម្មដិតដោយដាន |
| នរកប្រេតតិរច្ឆាន | ខានឃាត់ខាំងរាំងមគ្គផល ។ | |
| » | គួរខំសាងសីលទាន | យកនិពា្វនជាត្រើយថ្នល់ |
| យូរឆាប់គង់តែដល់ | កុសលជួយចាកសង្សារ ។ | |
| » | កូនចៅរិះរេគិត | មើលគំនិតចិត្តដូនតា |
| ប្រព្រឹត្តខុសសាសនា | គេចកិរិយាកុំធ្វើត្រាប់ ។ | |
| » | មើលចាស់ណាត្រឹមត្រូវ | ចុះក្នុងផ្លូវកន្លងច្បាប់ |
| ចាស់ស្តីគប្បីស្តាប់ | ប្រិតព្រៀងប្រាប់ឲ្យប្រុងចាំ។ | |
| » | គោរពគុណទាំងបី | សូត្របាលីតាមចំណាំ |
| រក្សាអង្គសីលប្រាំ | កម្មវេរាតាមមិនទាន់ ។ | |
| » | សាសនានៅវែងឆ្ងាយ | កន្លងបា្លយជាងពីរពាន់ |
| សព្វថ្ងៃលៃគ្នេគ្នាន់ | មិនទាន់គ្រប់ជាងប្រាំរយ។ | |
| » | ឥឡូវចិតប្រាំបី | នៅម្ភៃមួយខាងក្រោយ |
| កូនចៅកុំបណ្តោយ | ឲ្យលិចលង់ក្នុងសង្សារ។ | |
| » | មានពាក្យចាស់ដំណាល | ថាកណ្តាលព្រះសាសនា |
| ទំនាយក្បួនតំរា | ថានឹងរៀវហើយរីកវិញ ។ | |
| » | ហេតុនេះអស់កូនចៅ | ទោះល្ងង់ខ្លៅយ៉ាងណាមិញ |
| ខំអុស្សាហ៏ទន្ទេញ | បំពេញពាក្យពុទ្ធទំនាយ។ | |
| » | តំណពីថ្ងៃនេះ | រៀនតំរិះកុំរាយមាយ |
| កូនណាមិនស្វាធ្យាយ | មិនរលាយរលត់ទុក្ខ។ | |
| » | ដល់សាសនាគ្រប់គ្រាន់ | ជួបប្រាំពាន់ទៅខាងមុខ |
| ទំនាយរាយទំនុក | ថាឪពុកម្តាយស្អប់កូន។ | |
| » | ថាកើតអន្តរកប្ប | គុំសម្លាប់គ្នាបងប្អូន |
| មិនដឹងតាដឹងដូន | សូន្យសីលទានមិនមានសល់។ | |
| » | គួរគិតកុំសាងកម្ម | កាន់សីលប្រាំចាំដំកល់ |
| ខំសាងមគ្គសាងផល | នឹងបានដល់ឋានសាន្តសុខ។ | |
| » | នឹងរួចពីកាប់ចាក់ | មិនបានធ្លាក់ទៅនរក |
| ព្រះសិរអារ្យត្រាស់ខាងមុខ | រាសាយទុក្ខសោករាល់ថ្ងៃ។ | |
| » | នេះហៅច្បាប់បណ្តាំ | ថាពាក្យប្រាំៗមួយផ្ទូន |
| បទព្រហ្មគ្រប់ឃ្លាបួន | ជួនចែងចប់ម្ល៉េះហើយហោង។ | |
គេហទំព័រ KCD Khmerkrom សូមស្វាគមន៍ គេហទំព័រនេះត្រូវបានបដិសន្ធិឡើងក្នុងគោលបំណង ជាឃ្លាំងផ្ទុុកនូវឯកសារជាច្រើន ដើម្បីងាយស្រូលក្នុងការសិក្សាស្រាវជ្រាវនូវប្រធានបទដែលពាក់ព័ន្ធ ជាពិសេសសម្រាប់ សិស្សិ-និស្សិត ស្រាវជ្រាវទៅតាមជំនាញរបស់ខ្លួន។ គេហទំព័រ សូមធ្វើការអធ្យាស្រ័យទុកជាមុន រាល់កំហុសឆ្គងដែលកើតឡើងដោយឥតចេតនា ។ យើងខ្ញុំសូមទទួលការរិះគន់ ដើម្បីស្ថាបនា ! សូមអគុណ !
Wednesday, December 2, 2015
Subscribe to:
Post Comments (Atom)

No comments:
Post a Comment