| នេះបទព្រហ្មគីតិ | ពីព្រេងព្រឹទ្ធទុកទូន្មាន |
| ចែងចងជានិទាន | ទុកគ្រាន់មើលជាច្បាប់ថ្មី។ |
| ឲ្យអស់កូនចៅក្រោយ | ស្ដាប់កុំឲ្យភ្លេចស្មារតី |
| ប្រដៅទាំងប្រុសស្រី | យកទុកខ្លួនគ្រប់អាត្មា។ |
| ធម្មតាកើតជាមនុស្ស | ទោះស្រីប្រុសក្រណាស់ណា |
| ក្រគិតក្នុងចិន្ដា | ឲ្យបានដឹងសមនិងគួរ។ |
| នឹងអស់ញាតិសន្ដាន | សោះគេមានពាក្យថាជួ |
| កុំឆ្មើងកុំតែងតួ | ធ្វើកំប៉ោងកុំពាក្យធំ។ |
| នឹងដើរដូចភុជង្គ | ឲ្យឱនអង្គអាចបារម្ភ |
| ឲ្យត្រូវនឹងច្បាប់ក្រម | គួរប្រតិបត្តិកុំឲ្យឆ្គង។ |
| រៀនបទរៀនបាទចាស៎ | កុំច្រឡាសលើរៀមច្បង |
| ស្រដីនឹងអ្នកផង | ពាក្យឲ្យគួរកុំឯងវ៉ី។ |
| អឺអើអញដាច់សាច់ | ឆ្គងពាក្យពេចន៍គេស្រដី |
| ដើមដៀលឲ្យអប្រិយ | ស្រដីថាកូនអត់ពូជ។ |
| ចាស់ទុំមិនប្រដៅ | ជេរកូនចៅទើបវាខូច |
| គេថាកូនឥតពូជ | មិនដឹងច្បាប់នឹងចាស់ទុំ។ |
| គេដៀលដល់ម៉ែឪ | កេរ្តិ៍អាស្រូវស្អុយរហ៊ុំ |
| គេស្ដីដើមជៀវជុំ | ជំនៀលនោះដល់មកចាស់។ |
| កុំកាចកុំស្លូតពេក | កុំចំអៀករៀនរហ័ស |
| កុំខ្លាចកុំហ៊ានណាស់ | ឲ្យរំពឹងរំពៃគ្រប់។ |
| ទោះដេកឲ្យរហ័ស | ភ្ញាក់មុនចាស់ដោះឡើងលុប |
| មុខមាត់មើលឲ្យគ្រប់ | ទ្រព្យរបស់សឹមដេកវិញ។ |
| ស្លាម្លូស៊ីឲ្យច្រៀក | កុំបីបៀកទាំងមូលមិញ |
| តូចធំឲ្យច្រៀកចេញ | តាមពាក្យចាស់ថាអភ័ព្វ។ |
| ដេកយូរកុំដេកយូរ | ហើយទទូរដូចគេងាប់ |
| សំពត់ស្លៀកឲ្យខ្ជាប់ | កុំឲ្យអាក្រាតក្រៅខ្លួន។ |
| នឹងដេកកុំទ្រមក់ | ឲ្យលង់លក់ក្រៅពីក្បួន |
| បើភ្ញាក់ឲ្យដឹងខ្លួន | ឡើងអង្គុយកុំមាត់ខ្លាំង។ |
| ប្រែប្រាណប្រុងវិញ្ញាណ | ខ្លាចក្រែងមានចោរចិត្តខ្មាំង |
| ប្រួញប្រាណប្របជញ្ជាំង | ជញ្ជូនទ្រព្យលួចយកចេញ។ |
| បើឥតមោះមន្ទិល | កុំឲ្យខ្ជិលដេកទៅវិញ |
| ភ្ញាក់ហើយឲ្យក្រោកចេញ | រកជក់ថ្នាំស៊ីម្លូស្លា។ |
| ទោះពេលពន់ព្រលប់ | គន់ឲ្យគ្រប់ទ្រព្យនានា |
| កាំបិតខាងអាត្មា | ឲ្យសិតទឹកដាក់ចុងជើង។ |
| ប្រអប់ដាក់ទឹមស្មា | ថ្វាយទេព្ពារក្សាយើង |
| ហើយឲ្យបំពក់ភ្លើង | នៅក្រានក្រៅកុំឲ្យដាច់។ |
| កុំឲ្យអស់រលីង | រលត់ធេងហើយថាភ្លេច |
| សព្វថ្ងៃមើលកុំដាច់ | កុំដើរយកពីផ្ទះគេ។ |
| ថែទាំមើលជើងក្រាន | ឲ្យឧសមានកុំទំនេរ |
| បង្កាត់បង្កើតកេរ្តិ៍ | កុំប្រហែសឲ្យសូន្យសុង។ |
| ប្រយ័ត្នក្រែងក្រងាយ | ពុំសប្បាយឈឺពោះពុង |
| បង្កាត់កម្ដៅអង្គ | អុជបំភ្លឺមើលនេះនោះ។ |
| មានកាលយប់ងងឹត | ភ្លេចមិនគិតជួនកូនចុះ |
| គ្មានភ្លើងអុជចន្លុះ | ក្រានរលុះរលត់ធេង។ |
| រត់រកភ្លើងសស្រាក់ | ព្រួយលំបាកតែខ្លួនឯង |
| ហេតុខ្ជិលពុំគិតក្រែង | ក្រយប់ថ្ងៃព្រួយដើរឆ្ងាយ។ |
| ហើយឲ្យថែទាំទឹក | ទោះយប់ព្រឹកកុំគិតងាយ |
| ដងដាក់ក្អមរាត់រាយ | សព្វពួច ពាងអាងអុង ធំ។ |
| កុំឲ្យស្ងួតក្អមធេង | អស់រលីងពីពាងធំ |
| គ្មានសោះនោះមិនសម | ជួនក្រែងក្រងាយយប់ថ្ងៃ។ |
| ទោះដើរទៅឆ្ងាយជិត | កាន់កាំបិតកំដរដៃ |
| ក្រែងមានមែកឈើព្រៃ | កាប់កាន់មកធ្វើអុស។ |
| ជួនកាលក្រែងមានបន្លា | មុតអាត្មាគ្រាន់ចាក់ជួស |
| ជាគ្រឿងគ្រប់មិនខុស | ការសត្រូវទោះឆ្មាឆ្កែ។ |
| ដើរព្រៃឲ្យមើលលើ | ឃើញស្លឹកឈើជាបន្លែ |
| កាប់កាន់កុំដៃទេ | អង្គុយគន់មើលឆ្វេងស្ដាំ។ |
| ក្រែងមានឈើព្រៃងាប់ | គួរកាច់កាប់យកជាថ្នាំ |
| ផ្ញើក្រានគ្រាន់ដណ្ដាំ | បាយបានឆ្អិនឆាប់ដូចចិត្ត។ |
| សោះស្រីស្រដីបាន | បើអុសមានមិនព្រួយគិត |
| សព្វថ្ងៃប្រុងគំនិត | ថែទាំទើបគង់របស់។ |
| មាសប្រាក់ស្រូវអង្ករ | ទុកឲ្យល្អកុំសប្បុរស |
| សំចៃកុំឲ្យអស់ | មើលថែថួនខ្លួនឯងណា។ |
| សូវស្ដួចកុំឲ្យដាច់ | បើវាតិចឲ្យឧស្សាហ៍ |
| រិះរកផ្សំទៀតណា | ឲ្យបានច្រើនក្រវើន ទុក។ |
| នឹងចាយឲ្យគិតក្រោយ | ទោះនឹងឲ្យមើលមុខៗ |
| កុំឲ្យស៊ុកគ្រលុក | ទោះនឹងទុកឲ្យចំណាំ។ |
| រដូវធ្វើចម្ការ | ឲ្យឧស្សាហ៍គ្រឿងគ្រាប់ដាំ |
| ស្លឹកគ្រៃខ្ញីត្រប់ត្រុំ | ត្រាវត្រសក់សព្វបន្លែ។ |
| កុំខ្ជិលកុំច្រអូស | ទៅងងូសរត់សុំគេ |
| គេមិនឲ្យឯងទេ | តែគឺមោះព្រោះខ្ជិលដាំ។ |
| ទោះធ្វើស្រែចម្ការ | ឲ្យឧស្សាហ៍មើលថែទាំ |
| កុំខ្ជិលកុំប្រចាំ | ចបចូកជីកស្មៅវល្លិផង។ |
| កុំឲ្យបង់កម្លាំង | ទោះខែប្រាំងប្រើឲ្យដង |
| ទឹកទៅស្រោចស្រង់ផង | ឲ្យលូតលាស់មានផ្លាផ្កែ។ |
| ធ្វើការកុំគិតព្រួយ | ខ្លួនឯងមួយកុំត្អូញត្អែរ |
| ខ្លាំងខ្សោយកុំឲ្យល្ហែ | ខ្លាចតែនឿយហើយមិនធ្វើ។ |
| ជាងយប់បិតឫស្សី | ត្បាញជាល្អីតៅកញ្ជើ |
| កុំឲ្យស្រីស្ដីលើ | ឥតអំពើធ្វើលេងទៅ។ |
| កុំទុកដៃទទេ | ជាងទំនេរបោចស្មៅព្រៅ |
| ខាងផ្ទះខាងលំនៅ | ឲ្យវាលកាលកើតសុខា។ |
| ឲ្យមានក្ដីបារម្ភ | ធ្វើស្រែកុំចោលចម្ការ |
| ដឹងដែកកាំបិតព្រា | ទុកឲ្យជាកុំឲ្យបាត់។ |
| ដេកយប់ឲ្យរាំងទ្វារ | ទ្រព្យជាៗប្រុងប្រយ័ត្ន |
| ត្រចៀកចាំកុំភ្លាត់ | កុំភ្លេចចោលមិនដឹងខ្លួន។ |
| ប្រយ័ត្នប្រយោជន៍យូរ | ទោះលក់ដូរមើលថែធួន |
| ទោះទ្រព្យរបស់ខ្លួន | ឲ្យសួរកូនសួរប្រពន្ធ។ |
| កុំអាងឯងជាប្រុស | ចាយរបស់មិនគិតគន់ |
| មិនដឹងដល់ប្រពន្ធ | ព្រមព្រៀងគ្នាឥតបើថា។ |
| ទោះបីបើបងប្អូន | ពឹងរកខ្លួនទៅណាៗ |
| ទោះទៅលេងឥតការ | ឥតគេរកដើរឆ្ងាយជិត។ |
| ឲ្យប្រាប់អ្នកនៅផ្ទះ | កុំរលះឥតគំនិត |
| គេភ័យព្រួយចិត្តគិត | ព្រោះមិនដឹងជាទៅណា។ |
| បើទៅជាមានភ័ព្វ | ប្រសើរគាប់នោះឥតថា |
| ប្រសិនពានពស់ខ្លា | ខ្យល់ចាប់ចុកឥតគេសម។ |
| ទោះដើរមានដំណឹង | ឲ្យរំពឹងគិតបារម្ភ |
| នឹងដើរៗឲ្យសម | យប់ព្រលប់ឲ្យមាត់ក។ |
| កុំស្ងៀមកុំស្ងាត់ពួន | លបលាក់ខ្លួនខ្លាចមិនល្អ |
| ឲ្យមើលឲ្យមាត់ក | ដើរឲ្យស្មោះសោះគេថា។ |
| ទោះខ្លួនជាប៉ុន្មាន | ពាក្យសន្ដានរែងមុសា |
| គេម៉ៃ មកអាត្មា | តាមដំណឹងដំណើរខុស។ |
| កូនអើយបាកុំធ្លោយ | កុំធ្លាយឲ្យអាប់កេរ្តិ៍យស |
| ធម្មតាកើតជាប្រុស | ឲ្យរករៀនច្បាប់មាត្រា។ |
| លោកថាហៅឆ្កួតបី | មួយឆ្កួតស្រីមួយឆ្កួតស្រា |
| មួយឆ្កួតល្បែងពាលា | លេងបៀរប៉ោធួ កំតាត់។ |
| ទាក់មាន់ទាក់ទទា | ជល់ភ្នាល់គ្នាបរបាញ់សត្វ |
| អន្ទាក់ដាក់បង្កាត់ | ល្បែងអស់នោះមិនកំណើត។ |
| ធម្មតាប៉ោនិងបៀ | មិនដែលខ្មែរណានឹងកើត |
| មិនឮមានកំណើត | មានតែលិចលង់ខ្លួនទេ។ |
| ជួនកាលគេចាញ់ឯង | រៀងរាល់ល្បែងគេនឹងរេ |
| មានកាលឯងចាញ់គេ | កុំទុកចិត្តថាឯងប៉ិន។ |
| ពីព្រឹកស្លៀកហូលជរ | ល្ងាចស្លៀកសខ្វះចងក្បិន |
| ពីព្រឹកត្បកក្បាលចិន | ល្ងាចមិនទាន់ចិនដាក់ខ្នោះ។ |
| ជួនកាលវាចងជើង | ព្យួរខ្ពស់ឡើងដាំក្បាលចុះ |
| ភ្នែកស្លឹងតឹងក្រញុះ | វាទារប្រាក់ឲ្យបានឆាប់។ |
| មើលមុខល្អមិនតិចអី | មិនខ្មាសស្រីផ្សារឈរស្ដាប់ |
| មុខមិញដូចគេស្ដាប់ | មាត់ស្ញេញស្ញាញពេបកូនក្មេង។ |
| ស្រែកថ្ងូរអេះអូយអឺយ | អាចិកអើយអាណិតលែង |
| អញរកប្រាក់ឲ្យឯង | ឲ្យអាចិកស្អែកនេះបាន។ |
| ចិនឮព្រមស្រាយមក | បណ្ដើររកប្រាក់សន្ដាន |
| តឹងទារទាល់តែបាន | ទ្រព្យឲ្យទៅទើបវាលែង។ |
| អ្នកអាយអ្នកអើយកុំ | គួរបារម្ភរាល់តែល្បែង |
| កុំលកុំលូកលេង | គួរឲ្យវាងឲ្យវៀរសោះ។ |
| កុំឈរកុំឈប់ចិត្ត | ក្រែងមិនអត់បង់កេរ្តិ៍កោះ |
| កុំល្បងល្បែងនោះសោះ | គួរឲ្យដោះឲ្យដើរចេញ។ |
| ច្បាប់នេះចាំរាល់ខ្លួន | ទោះបងប្អូនមិត្តសម្លាញ់ |
| ពឹងខ្លួនឯងឲ្យចេញ | ធានាទ្រព្យគេយកទៅ។ |
| ឯទ្រព្យបានទៅវា | ឯងធានាស្រាប់តែនៅ |
| វាបានទ្រព្យយកទៅ | ខ្លួនឯងនៅធានាស្រាប់។ |
| ដល់គេមកតឹងទារ | អ្នកធានាក៏បានឆាប់ |
| មិនបានគេប្រចាប់ | ទៅជាខ្ញុំព្រោះធានា។ |
| ទោះបងប្អូនធុរៈ | ក្រជំពាក់គេតឹងទារ |
| បើមានទ្រព្យជួយជា | កុំធានាណា៎អ្នកអាយ។ |
| កូនអើយចូរបាចាំ | ឪពុកផ្ដាំកុំបីណាយ |
| ប្រយ័ត្នរាល់រូបកាយ | កុំឲ្យភ្លេចពាក្យនេះណា។ |
| មួយទៀតហៅឆ្កួតស្រី | គួរកុំបីសេពកាមា |
| វាតែងទាញអាត្មា | នាំវង្វេងភ្លេចបាបបុណ្យ។ |
| ភ្លេចទានសីលសូន្យសោះ | ភ្លេចឃ្នាងខ្នោះដល់ជីពជន្ម |
| ភ្លេចទោសភ្លេចទាំងគុណ | ភ្លេចទាំងការកាន់រសាយ។ |
| បង្កើតតែទុក្ខទោស | បើបានសុខសឹងប្រែក្លាយ |
| បង្កើតក្ដៅក្រហាយ | ឲ្យទាស់តែងខឹងនឹងគ្នា។ |
| ចងទោសគុំគង្គួន | មិនគិតខ្លួនខ្លាចមរណា |
| មានកាលក្មួយនិងមា | គុំធ្វើគ្នាឲ្យសោះសូន្យ។ |
| បង្កើតតែចិត្តធំ | ចៅគំនុំនឹងជីដូន |
| ឯបងខឹងនឹងប្អូន | ម្ដាយនិងកូនគុំធ្វើគ្នា។ |
| រីខ្ញុំគុំកាប់ម្ចាស់ | ឲ្យក្ដៅណាស់ក្នុងអង្គា |
| កើតទោសខឹងនឹងគ្នា | ជាគំនុំពុំត្រាស្បើយ។ |
| មានកាលគេដាក់ឃ្នាង | វាមិនរាងចាលចិត្តឡើយ |
| លក់ព្នៃ ខ្ញុំគេហើយ | មិនខ្លាចស្លាប់ដល់អាត្មា។ |
| គេកាប់ដោតទាំងក្បាល | មិនចេះចោលចិត្តឡើយណា |
| ភ្លេចខ្លួនសូន្យសោះណា | នឹកតែត្រង់សេពសប្បាយ។ |
| រីឯកាមកិលេស | កុំប្រហែសគួរឲ្យណាយ |
| ស្អិតណាស់ណាអ្នកអាយ | អ្នកអើយកុំគិតសង្ស័យ។ |
| នេះឯងហៅឆ្កួតស្រី | គួរកុំបីឲ្យអាល័យ |
| ចូរចងចាំសព្វថ្ងៃ | ទុកទូន្មានអង្គអាត្មា។ |
| អ្នកប្រាជ្ញលោកនិទាន | ទុកទូន្មានរាល់រូបា |
| មួយហៅឆ្កួតសុរា | នោះកុំផឹកវាស្រវឹង។ |
| វានាំភ្លេចវិញ្ញាណ | ភ្លេចសីលទានសោះសូន្យឈឹង |
| ផឹកហើយមិនដែលនឹង | នាំចិត្តនោះឲ្យធំក្រៃ។ |
| ឯខ្លួនឯងតូចទេ | មើលទៅគេប៉ុនមេដៃ |
| កម្លាំងឯងស្មើនឹងចៃ | មិនកោតគេតិចឡើយណា។ |
| ក្អេងក្អាងពាក្យកក្អែ | អួតពូកែបទបានស្រា |
| មិនមានខ្លាចនរណា | ស្រដីកោងរកកលឈ្លោះ។ |
| បញ្ជោរបញ្ចៀសផ្ដាស | ជេរវាងវាសមិនចំឈ្មោះ |
| នាំហេតុតែខាងឈ្លោះ | ឆ្លើយឆ្លងពាក្យឲ្យបានទាក់។ |
| ប្រពន្ធឃើញឃាត់ទៅ | ប្ដីមិនត្រូវថាកុំអ្នក |
| ឯងខឹងលោវាធាក់ | ដោយចិត្តធំបទបានស្រា។ |
| មានកាលជួនស្រវឹង | ពុំមានដឹងខ្លួនឡើយណា |
| ដើរដួលដេកផ្កាប់ផ្ងារ | ស្រាតសំពត់អស់ពុំដឹង។ |
| គេឃើញអស់ខ្មាសខ្ញុំ | ក្មេងជៀវ ជុំសើចទ្រហឹង |
| ដេកដូចគេស្លាប់ឈឹង | ក្អែរក្អួតពាសពេញទាំងខ្លួន។ |
| កំណើតអ្នកផឹកស្រា | កុំអួតថាឯងនឹងនួន |
| ដឹងហើយស្រវឹងបួន | ខ្លួនខ្សត់ទេអួតថាមាន។ |
| អ្នកស្លូតទៅជាកាច | ឯងអ្នកខ្លាចទៅជាហ៊ាន |
| ខុសត្រូវទៅបំពាន | បំពុលខ្លួនឲ្យបានបាប។ |
| នេះឯងហៅឆ្កួតស្រា | ក្នុងធម៌ថាពៀរដរាប |
| អ្នកណាផឹកហើយបាប | បង់កិត្តិយសពុំសួស្ដី។ |
| គួរកុំសេពសុរា | នាំអាត្មាឲ្យអប្រិយ |
| នឹងធ្លាក់ទៅអវចី | នរករងទុក្ខវេទនា។ |
| ហៃអស់ជនទាំងឡាយ | កុំរាយមាយក្នុងអង្គា |
| ចូរស្ដាប់ច្បាប់នេះណា | ទុកទូន្មានខ្លួនសព្វថ្ងៃ។ |
| នេះឯងហៅឆ្កួតបី | លោកស្រដីក្នុងធម៌ថ្លៃ |
| បើអ្នកណាមួយនៃ | នឹងប្រាថ្នាដោយចំណង។ |
| លោកចងជាឧបមា | ឲ្យអ្នកណាមួយផ្ចិតផ្ចង់ |
| យកដែកដុលបោះបង់ | ក្នុងភ្លើងប្រាណឆេះច្រាលឆ្អៅ។ |
| បើកាន់ដែកដែលដុត | នោះមិនមុតមិនមានក្ដៅ |
| កាន់បាននោះទើបហៅ | ចិត្តមុតមែនពិតគិតប្រាណ។ |
| នោះទើបលោកឲ្យធ្វើ | នូវអំពើទាំងបីបាន |
| ដោយធម៌បុរាណ | លោកឧបមាដូច្នេះនា។ |
| ចាត់ចែងតែងជាបទ | ព្រហ្មប្រាកដកាលបិតា |
| ប្រដៅខ្ញុំនេះណា | សព្វសេចក្ដីដូច្នេះនៃ។ |
| កិច្ចកាព្យរាយរៀបរោះ | ខ្ញុំនាមឈ្មោះបណ្ឌិត មៃ |
| គិតចងជាសេចក្ដី | ប្រដៅជនចប់ម្ល៉េះហោង៕ |
គេហទំព័រ KCD Khmerkrom សូមស្វាគមន៍ គេហទំព័រនេះត្រូវបានបដិសន្ធិឡើងក្នុងគោលបំណង ជាឃ្លាំងផ្ទុុកនូវឯកសារជាច្រើន ដើម្បីងាយស្រូលក្នុងការសិក្សាស្រាវជ្រាវនូវប្រធានបទដែលពាក់ព័ន្ធ ជាពិសេសសម្រាប់ សិស្សិ-និស្សិត ស្រាវជ្រាវទៅតាមជំនាញរបស់ខ្លួន។ គេហទំព័រ សូមធ្វើការអធ្យាស្រ័យទុកជាមុន រាល់កំហុសឆ្គងដែលកើតឡើងដោយឥតចេតនា ។ យើងខ្ញុំសូមទទួលការរិះគន់ ដើម្បីស្ថាបនា ! សូមអគុណ !
Wednesday, December 2, 2015
Subscribe to:
Post Comments (Atom)

No comments:
Post a Comment