ជាន់ទី១, ប្រយោជន៍ក្នុងបច្ចុប្បន្ន (ទិដ្ឋធម្មិកត្ថៈ) គួរអប់រំចិត្តឲ្យមានសេចក្ដីឧស្សាហ៍ខ្មីឃ្មាតក្នុងករណីយកិច្ចដែល ជានាទីរបស់ខ្លួន គឺថាបើនៅក្នុងវ័យដែលត្រូវសិក្សាក៏គួរជ្រើសរើសការសិក្សា ដែលជាប្រយោជន៍ លះវៀរការសិក្សាដែលជាទោសចេញ។ កាលបើឃើញការសិក្សាដែលជាប្រយោជន៍ហើយ ក៏ចូរព្យាយាមចំពោះការសិក្សានោះ ទាល់តែសម្រេចផលតាមបំណង កុំនឿយណាយរួញរាឡើយ។ កាលបើបានទទួលការងារណាៗ ដែលគេប្រគល់ឲ្យ ក៏ចូរតាំងចិត្តព្យាយាមធ្វើការងារនោះ ឲ្យបានសម្រេចផលតាមដែលគេប្រគល់ឲ្យ ឬគេទុកចិត្ត គួរអប់រំចិត្ត ឲ្យស្មោះត្រង់ចំពោះខ្លួនឯង ចំពោះអ្នកដទៃ ចំពោះការងារដែលជានាទីរបស់ខ្លួន ចំពោះកាលវេលា ចំពោះសមាគម ឲ្យចិត្តមានសតិសម្បជញ្ញៈ អត់ធន់ ក្លៀវក្លា ក្លាហាន រីករាយ ទន់ភ្លន់ មានសច្ចេកតញ្ញូកតវេទី ឈ្លាសវៃដឹងហេតុការណ៍មិនភ្ញាក់ផ្អើលអាចប្រកបករណីយនោះ ឲ្យសមគួរដល់កាលៈទេស ចេះរក្សាករណីយនោះ មិនឲ្យសាបសូន្យឲ្យមានតែសេចក្ដីចំរើនដោយលំដាប់រហូតដល់ទ្រព្យសម្បត្តិ ដែលរកបានមកដោយធម៌ដ៏ប្រពៃ ក៏ចេះរក្សានឹងចាយវាយក្នុងផ្លូវដែលជាប្រយោជន៍។ ចេះកាន់ប្រយោជន៍របស់ទ្រព្យសម្បត្តិទុកឲ្យបាន មិនបណ្ដោយឲ្យប្រាសចាកប្រយោជន៍ ដែលនឹងត្រឡប់ជាទោសដល់ខ្លួន។
ជាន់ទី២, ប្រយោជន៍ក្នុងបរលោក (សម្បរាយិកត្ថៈ) អំណោយផលឲ្យចេះធ្វើប្រយោជន៍ដល់ពួកគណៈប្រទេសជាតិ ហើយជាគុណសម្បត្តិជាប់នឹងខ្លួន ដូចស្រមោលជាប់តាតប្រាណ សូម្បីនឹងទៅកាន់ទិសណាៗ ក៏រមែងអំណោយផលតាមជូនទៅឧបត្ថម្ភក្នុងទិសនោះ មិនឲ្យមានទុក្ខលំបាក។ ព្រោះហេតុនោះ អ្នកប្រាថ្នាផលជាន់នេះ គួរអប់រំចិត្តឲ្យមានសទ្ធា គឺជឿក្នុងរបស់ដែលគួរជឿ ឲ្យមានសីល គឺតាំងចិត្តប្រព្រឹត្តកាយវាចារៀបរយប្រាសចាកទោសទាល់តែចិត្តជា ប្រក្រតី មិនកំរើកញាប់ញ័រ ឲ្យមានចាគៈ គឺចេះបែងចែកលះទាំងខាងក្នុងនឹងខាងក្រៅ ធ្វើចិត្តឲ្យទូលាយមិនចង្អៀត អ្វីជាសត្រូវរបស់សទ្ធានឹងសីលជាចំណែកខាងក្នុងក៏រមែងលះបាន អ្វីជាសត្រូវរបស់ការខាងក្រៅក៏រមែងលះបាន ឲ្យមានបញ្ញាដឹងហេតុផលតាមពិតក្នុងរបស់ដែលខ្លួនជឿនឹងលះបង់។ ការអប់រំចិត្តបានយ៉ាងនេះ រមែងជាហេតុធ្វើចិត្តឲ្យស្គាល់ជាក់លាក់ក្នុងការបំពេញប្រយោជន៍ រួមគឺពួកគណៈដែលខ្លួននៅអាស្រ័យ ជាគុណសមុទ័យឲ្យជាអ្នកលឿនដាច់គេក្នុងពួកនោះ។
ជាន់ទី៣, ប្រយោជន៍ឧត្ដម គឺព្រះនិព្វាន (បរមត្ថៈ) អំណោយផលឲ្យជាអ្នកមានចិត្តបរិសុទ្ធផុតចាកកិលេសាសវៈផុតចាកកង ទុក្ខទាំងពួង ព្រោះហេតុនោះ អ្នកប្រាថ្នាផលជាន់នេះ គួរអប់រំចិត្តឲ្យមានបញ្ញាជាហេតុជ្រែកទុក្ខ ដែលមានតណ្ហាជាដែនកើត កាលបើអាចលះតណ្ហាបានដាច់ស្រឡះហើយ កងទុក្ខទាំងពួងក៏រលត់អស់ដូចភ្លើងដែលអស់ប្រេង។
វិធីអប់រំចិត្តតាមការពណ៌នានេះ សូមលោកអ្នកមានប្រាជ្ញាពិចារណាមើលចុះ បើលោកអ្នកនិយមក្នុងការអប់រំចិត្តហើយ តែមិនបានសម្រេចលទ្ធផលដល់ជាន់ទីបំផុត បានត្រឹមតែការធ្វើ ការនិយាយ ការគិត ជាសុចរិតប៉ុណ្ណោះ ក៏គប្បីនឹកសង្ឃឹមក្នុងចិត្តចុះថា ខ្លួនតិះដៀលខ្លួនឯងមិនបាន អ្នកដឹងពិចារណាហើយក៏សរសើរ កិត្តិស័ព្ទខាងល្អរមែងក្រអូបខ្ចរខ្ចាយទៅគ្រប់ទិសទី សូម្បីនឹងត្រូវទំលាយខន្ធទៅក៏មានសុគតិជាទីប្រព្រឹត្តទៅក្នុងខាងមុខ សុទ្ធតែជាផលដែលគួរប្រាថ្នាពិតៗ។
No comments:
Post a Comment