Monday, January 4, 2016

យុទ្ធ​សាស្ត្រ​បំបែក​បំបាក់​ដើម្បី​គ្រប់​គ្រង​

"​បំបែក​បំបាក់​ដើម្បី​គ្រប់​គ្រង​"​ គឺ ​ជា​យុទ្ធ​សាស្ត្រ​មួយ​ខាង​ផ្នែក​នយោបាយ ឬ​សង្គ្រាម​ដែលត្រូវ​បាន​​ប្រើ​ប្រាស់​ជា​យូរ​លង់​ណាស់​មក​ហើយ​។ គេ​ប្រើ​ប្រាស់​យុទ្ធ​សាស្ត្រ​នេះ​ដើម្បី​រក្សា​អំណាច​ ក៏​ដូច​ជា​គ្រប់​គ្រង​លើ​ភាគី​ម្ខាង​ទៀត​តាមរយៈ​ការ​បំបែក​កម្លាំង​ គូបដិបក្ខ​​ឲ្យ​ទៅ​ជា​ក្រុម​តូច​ៗ​ រួច​គ្រប់​គ្រង​ក្រុម​ទាំង​នោះ​ឲ្យ​បាន​ និង​បញ្ជៀស​កុំ​ឲ្យ​ពួក​គេ​រួម​ផ្តុំ​គ្នា​បាន។ យុទ្ធ​សាស្ត្រ​នេះ​ក៏​មាន​ចែង​ក្នុង​ក្បួន​សឹក​ ស៊ុន ជឺ​ ផង​ដែរ។



នៅ​ក្នុង​សង្គ្រាម ដើម្បី​កំទេច​កម្លាំង​ខ្មាំង​ដែល​មាន​ចំនួន​​ច្រើន​ជាង​ ឬ​ស្មើ​គ្នា​ គេ​រក​ល្បិច​បំបែក​កង​ធំ​របស់​ខ្មាំង​ឲ្យ​ទៅ​ជា​ក្រុម​តូច​ៗ​ រួច​កំចាត់​ចោល​ម្តង​មួយ​ៗ​ ដោយ​កាត់​ផ្តាច់​ស្បៀង​ និង​រារាំង​មិន​ឲ្យមាន​ទ័ព​ជំនួយ​ចូល​ជួយ​បាន។ ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ​ យុទ្ធ​សាស្ត្រ​បំបែក​បំបាក់​ដើម្បី​គ្រប់​គ្រង​ ត្រូវ​បាន​ប្រើ​ដោយ​អធិរាជ​ក្រុង​រ៉ូម​ និង​ព្រះ​ចៅ​ណាប៉ូឡេអុង​ផង​ដែរ​ ដើម្បី​រក្សា​និង​ពង្រីក​អំណាច​។ យុទ្ធ​សាស្ត្រ​នេះក៏​ត្រូវ​បាន​​​ចក្រ​ភព​អង់គ្លេស​ប្រើ​ប្រាស់​ប្រកប​ដោយ​ ប្រសិទ្ធ​ភាព​ផង​ដែរ​ដើម្បី​ដាក់​អាណានិគម​មក​លើ​ ឥណ្ឌា តាម​រយៈ​​បំបែក​បំបាក់​កុលសម្ព័ន្ធ​ឬ​ក្រុម​ផ្សេង​ៗ​ឲ្យ​ឈ្លោះ​គ្នា​។​

អ្នក​ដឹក​នាំ​ដែល​ប្រើ​ប្រាស់​យុទ្ធសាស្ត្រ​បំបែក​បំបាក់​ដើម្បី​គ្រប់​គ្រង ​ ត្រូវ​តែ​យល់​ច្បាស់​ពី​ស្ថាន​ភាព​របស់​គ្រប់​គូ​ភាគី​ទើប​អាច​អនុវត្ត​ យុទ្ធ​សាស្ត្រ​នេះ​បាន​។ នៅ​ក្នុង​អង្គភាព​មួយ​ ជួន​កាល​គេ​ចាំបាច់​ត្រូវ​ប្រើ​យុទ្ធ​សាស្ត្រ​នេះ​ ដើម្បី​គ្រប់គ្រងបុគ្គលិក។ បុគ្គលិក​ដែល​ឈ្លោះ​គ្នា​ តែង​ប្រជែង​និង​រាយការណ៍​ពី​កំហុស​ភាគី​ម្ខាង​ប្រាប់​មេ​ទៅវិញ​ទៅ​មក​។ ដូច្នេះ​មេ​ ដឹង​ជាប់​ជានិច្ច​អំពី​ស្ថាន​ភាពអង្គភាព​ គ្មាន​នរណា​ម្នាក់​អាច​ក្បត់​កេង​ប្រវញ្ច​​លើ​អង្គភាព​បាន​ទេ​។ បើ​មាន​នរណា​ហ៊ាន​ មុខ​តែ​ភាគី​ម្ខាង​ទៀត​រាយការណ៍​ឲ្យ​មេ​ដឹង​ជា​ពុំ​ខាន​។​

No comments:

Post a Comment