Friday, March 11, 2016

ការរៀបរាប់​អំពី​ប្រវត្តិ​រាហូ​ដែល​សិល្បករ​ឆ្លាក់​តែ​ក្បាល

Reahu​​    ​

តាមរយៈ​ឯកសារ​ដែល​បុ​រា​ណា​ចា​រ្យ​បាន​ចេះ​ចាំ​ហើយ​និយាយ​តៗ​មក​ផង និង​មាន​ឯកសារ​ស្តីពី​ទេវតា​ថា​មហា​បេសកកម្ម​កូរ​ស​មុ​ទ្ធ​ទឹកដោះ​ក្នុង​ លទ្ធិ​ព្រហ្មញសាសនា​ផង​បានបង្ហាញ​អំពី​ប្រវត្តិ​រាហូ​យ៉ាង​ក្បោះក្បាយ​។ ជាពិសេស​នៅតាម​ផ្គែ​រ​ខ្លោងទ្វារ​ប្រាសាទ និង​នៅតាម​បុរាណ​ដ្ឋា​ន​ជាច្រើន​ទៀត​ដែល​សិល្បករ និង​វិចិត្រករ​ឆ្លាក់ និង​គូររូប​រាហូ​ដោយ​មានតែ​ក្បាល និង​ដៃ​ឳ​ប​ខាំ​រង្វង់​មូល​តំណាង​ឲ្យ​ព្រះចន្ទ្រ ឬ​ព្រះអាទិត្យ​។ តើ​មាន​ប្រវត្តិ​យ៉ាងណាដែរ ?
​​    ​សិល្បករ និង​វិចិត្រករ​ឆ្លាក់​និង​គូររូប​រាហូ​មើលទៅ​មាន​លំនាំ​ប្រហាក់ប្រហែល​នឹង​ រូប​មុខយក្ស​ដោយ​បញ្ចេញ​ចង្កូម​មុត​ស្រួច​សស្ងាច​មាន​ភ្នែក​ក្រឡោត​ច្រមុះ​ ខើច​ក្រញូវ​មើលទៅ​ទំនងជា​អ្នក​ចងកំហឹង​ខ្លាំង​ដ៏​មហិមារ​ឬ​មើលទៅ​ហាក់ដូចជា​ កោងកាច​គួរ​ឲ្យ​ស្ញប់ស្ញែង​អស្ចារ្យ​។ នៅជាប់​ខាងក្រោម​.​ក​ដែល​ខ្លី​នោះ​គឺមាន​ដៃ​ទាំងពីរ​បាន​ចាប់​ព្រះចន្ទ្រ​ និង​ព្រះអាទិត្យ​ប្រមូល​ញាត់​ទៅក្នុង​មាត់​របស់ខ្លួន​ហាក់ដូចជា​ការបញ្ចេញ​ សកម្មភាព​លេប​ទាំងមូល​អីចឹង​។​
​​    ​យោងតាម​ឯកសារ​ក៏ដូចជា​ការនិទាន​តៗ​មក​បាន​ឲ្យ​ដឹងថា “​រាហូ​” នេះ​ហៅថា “​រាហូ​អសុ​រិ​ន្ទ្រ​” ប្រែ​ថា​រាហូ​ជាយ​ក្ស​ដ៏​ខ្ពង់ខ្ពស់​ឬ​ជា​ប្រសើរ​និង​ដ៏​ខ្លាំងពូកែ​…​។ មែន​ព្រោះ​រាហូ​កាលពី​មិនទាន់បាន​ក្លាយទៅជា​រាហូ​គឺមាន​ឈ្មោះថា “​សុ​ក្រា​ចា​រ្យ​” គឺជា​មេ​បក្ខ​របស់​យក្ស​ឬ​មេក្រុម​របស់​ពួក​អសុ​រៈ ក្នុង​គ្រា​ដែល​បេសកកម្ម​កូរ​ស​មុ​ទ្ធ​ទឹកដោះ​ចាប់ផ្តើម​ឡើង​ដោយ​ម្ខាង​ជា​ ពួក​ទេវៈ និង​ម្ខាង​ទៀត​ជា​ពួក​អសុ​រៈ​។​
​​    ​ការ​កូរ​ស​មុ​ទ្ធ​ទឹកដោះ​រវាង​បក្ខ​ទាំងពីរ​ក្នុង​បំណង​យក​ទឹកអម្រឹត​ សំរាប់​ផ្តល់​ថាមពល​ឲ្យ​មានការ​ខ្លាំងពូកែ​រៀងខ្លួន​ទើបបាន​ជាមាន​​ការព្រម​ ព្រៀង​គ្នា​ប្រើ​កំលាំង​ទាញព្រ័ត្រ​នាគ​វ៉ា​សុ​គី​បង្វិល​ភ្នំ​ម​ន្ទ​រៈ​ជា​ ស្នូល​នេះ​។​
​​    ​ការ​កូរ​សមុទ្ទ​ទឹកដោះ​ជា​លើក​ទី​១​ឃើញថា​ខាង​ពួក​ទេវៈ​ចាប់​កាន់​ទាញ​ខាង​ ពាក់កណ្តាល​ខ្លួន​នាគ​មកទល់នឹង​ក្បាល​នាគ​។ ឯខាង​​ពួក​អសុ​រៈ​វិញ​កាន់​ខាង​ពាក់កណ្តាល​ខ្លួន​នាគ​ទៅដល់​កន្ទុយ​នាគ​។ ពេលនោះ​ស្រាប់តែ​ភ្នំ​ម​ន្ទ​រៈ​ទ្រេត​រកកល​រលំ​ទើប​មាន​អន្តរាគមន៍​ពី​ព្រះ​ វិស្ណុ​ទ្រង់​កាឡាខ្លួន​ជា​អណ្តើក​ដ៏​ធំ​ឈ្មោះ​កុ​ម៌ៈ​ធ្វើជា​កំណល់​ទ្រ​ ភ្នំ​ម​ន្ទ​រៈ​ឲ្យ​បាន​ត្រង់​ឡើងវិញ​។ ពេលនោះ​ហើយ​ដែល​ភាគី​ទាំងពីរ​បក្ខ​ព្រមព្រៀង​ប្តូរ​កន្លែង​គ្នា​ម្តងវិញ​។ គឺជា​ការ​កូរ​សមុទ្ទ​លើក​ទី​២ ដែល​ពួក​អសុ​រៈ​មាន​មេ​បក្ខ​ឈ្មោះ​សុ​ក្រា​ចា​រ្យ​កាន់​ខាង​ក្បាល​នាគ​ ចាប់ពី​ពាក់កណ្តាល​ខ្លួន​នាគមក​។ ឯខាង​ទេវៈ​ចាប់​កាន់​ពី​ពាក់កណ្តាល​ខ្លួន​នាគ​ទៅ​កន្ទុយ​នាគ​។ រយៈពេល​ជិត​១​ពាន់​ឆ្នាំ​ទើបបាន​បញ្ចប់​ការ​កូរ​សមុទ្ទ​ទឹកដោះ​បន្ទាប់ពី​ បាន​ផុសចេញ​នូវ​វត្ថុ​ទិព្វ​ទាំង​៦​គឺ ទី​១.​ផ្កា​បណ្ណ​ជាតិ ទី​២.​ដំរី​ក្បាល​បី​(​ព្ធ​រា​វ័​ណ​) ទី​៣.​ព្រះ​នាង​ស្រី​ល​ក្សី ទី​៤.​សេះស​(​ឧ​ច្ច័​យ​ស្វរៈ​)  ទី​៥.​ទឹកអម្រឹត ទី​៦.​កំណើត​អប្សរា​។​
​​    ​នៅពេល​វត្ថុ​ទិព្វ​ទី​៥​គឺ​ទឹកអម្រឹត​ផុស​ចេញមក​នោះ​ក៏​វត្ថុ​ទិព្វ​ទី​៦​ គឺ​អប្សរា​ផុស​មក​ព្រមជាមួយ​ដែរ​។ ព្រះ​វិស្ណុ​ក៏​ទ្រង់​ប្រែកាឡា​ខ្លួន​ចូល​រាំ​ជាមួយ​ស្រី​ទេព​អប្សរា​ឈ្មោះ​ មោ​ហិ​និ​ជាមួយ​ពួក​អប្សរា​ដែល​ផុសចេញ​និង​ហោះហើរ​រេ​រាំ​នាពេល​នោះដែរ​។ នៅពេលដែល​ចែក​ទឹកអម្រឹត​ដល់​ពួក​ទេវៈ​ពេលនោះ​សុ​ក្រា​ចា​រ្យ​ដែលជា​មេ​ពួក​ អសុ​រៈ​បានដឹងខ្លួន​ក៏បាន​កាឡាខ្លួន​ជា​ទេ​វៈហើយ​ឆ្លៀត​បន្លំ​ឈរ​ជាមួយ​ខាង​ ទេវៈ​រង់ចាំ​ទទួល​ទឹកអម្រឹត​នឹង​គេ​ដែរ​។ នៅពេល​សុ​ក្រា​ចា​រ្យ​ដែល​កាឡាខ្លួន​ជា​ទេវៈ​នោះបាន​ទទួល​ផឹកទឹក​អម្រឹត​ ភ្លាម​រំពេច​នោះ​ព្រះអាទិត្យ​និង​ព្រះចន្ទ្រ​នារាយណ៍​ភ្លាម​ផង​។ ព្រះ​នារាយណ៍​បាន​គ្រវែង​កងចក្រ​កាត់ផ្តាច់​ត្រឹម​.​ក​សុ​ក្រា​ចា​រ្យ​ នាពេលនោះ​ទៅ​។ គឺ​ខាង​ក្បាល​សុ​ក្រា​ចា​រ្យ​នេះហើយ​ដែលមាន​ឈ្មោះថា​រាហូ​អសុ​រិ​ន្ទ្រ​ តរៀងមក​។ ឯ​ចំណែក​ខាង​ដងខ្លួន​សុ​ក្រា​ចា​រ្យ​គេ​ឲ្យ​ឈ្មោះថា “​កេ​ទុ​”​។ រាហូ​ដែល​មានតែ​ក្បាល​ដ៏​កំណាច​ដូច​យក្ស​និង​មាន​ដៃ​ពីរ​នេះ​តំណាង​ឲ្យ​ សំណាងល្អ ឯ​ចំណែក​កេ​ទុ​វិញ​តំណាង​ឲ្យ​សំណាងអាក្រក់​ឬ​ហេតុភេទ​នៃ​គ្រោះ​ចង្រៃ​។ យ៉ាងនេះ​ហើយ​ទើប​សិល្បករ និង​វិចិត្រករ​តែង​បាន​ឆ្លាក់​និង​គូររូប​រាហូ​នៅតាម​ផ្គែ​រ​ខ្លោងទ្វារ​និង ​ហោង​ជាង​មួយចំនួន​ដើម្បី​ជា​សិរី​មង្គល​ផង​និង​ជា​គ្រឿង​លំអរ​ផង​។​
​​    ​ជាពិសេស​រូបចម្លាក់​រា​ហូ​តែងមាន​សកម្មភាព​បង្ហាញ​នូវ​កំហឹង​សងសឹក​ជាមួយ​ ព្រះអាទិត្យ​ឬ​ព្រះចន្ទ្រ​ដោយ​ការចាប់​ក្រសោប​រង្វង់​មូលនៃ​ព្រះអាទិត្យ​និង ​ព្រះចន្ទ្រ​ញាត់​បញ្ចូល​ហើយ​លេប​ក្នុង​មាត់​របស់ខ្លួន​។ ព្រោះ​រាហូ​គិតថា​កាលពីមុន​មានឈ្មោះ​សុ​ក្រា​ចា​រ្យ​ត្រូវ​ព្រះអាទិត្យ​និង​ ព្រះចន្ទ្រ​រាយការណ៍​អេចអូច​ឲ្យ​ព្រះ​នារាយណ៍​ចោល​កងចក្រ​ផ្តាច់​ត្រឹម​.​ក​ របស់ខ្លួន​យ៉ាងនេះ​ក្នុងពេល​ក្រេបទឹក​អម្រឹត​។​
​​    ​យ៉ាង​នេះហើយ​ទើប​មកទល់នឹង​បច្ចុប្បន្ននេះ​គេ​តែ​ហៅថា “​សូរ្យគ្រាស និង​ចន្ទ្រគ្រាស​” គឺ​ពេល​ថ្ងៃ​ហៅថា​សូរ្យគ្រាស ឯ​ពេលយប់​ហៅថា​ចន្ទ្រគ្រាស​ឬ​រាហូ​ចាប់​ព្រះអាទិត្យ និង​រាហូ​ចាប់​ចន្ទ្រ​ដែលជា​កំហឹង​សងសឹក​របស់​រាហូ​។ ហេតុផល​ដូចនេះហើយ​ទើបបានជា​ឃើញ​រូប​រាហូ​តែង​ចាប់​រង្វង់​មូល​បញ្ចូល​មាត់​ គឺ​តំណាង​ឲ្យ​សូរ្យគ្រាស និង​ចន្ទ្រគ្រាស​ពិតប្រាកដ​៕​

No comments:

Post a Comment