Friday, May 20, 2016

នារីពេលមានស្វាមី គប្បីចងចាំ ៖

នារីដែលមានស្វាមី គប្បីចងចាំ១០ចំនុចខាងក្រោម ៖

១, ភ្លើងក្នុងកុំនាំចេញក្រៅ
២, ភ្លើងក្រៅកុំនាំចូលក្នុង
៣, ត្រូវឱ្យបុគ្គលដែលគួរឱ្យ
៤, មិនត្រូវអោយដល់បុគ្គលដែលមិនគួរអោយ
៥, ត្រូវអោយដល់បុគ្គលដែលមិនគួរឱ្យក្តី គួរឱ្យក្តី
៦, ត្រូវអង្គុយដោយស្រួលបួល
៧, ត្រូវបរិភោគដោយស្រួលបួល
៨, ត្រូវដេកដោយស្រួលបួល
៩, ត្រូវបូជាភ្លើ ឬបំរើភ្លើង
១០, ត្រូវថ្វាយបង្គំទេវតាក្នុងផ្ទះ...៕

  
សេចក្តីពន្យល់ ៖

១, ភ្លើងក្នុងកុំនាំចេញក្រៅ ៖ គឺរឿងរាវដែលសៅហ្មងក្តៅក្រហាយ មិនល្អ 
អាក្រក់ ដែលជារឿង ផ្ទៃក្នុងរបស់ក្រុមគ្រួសារខ្លួន មាតាបិតាខ្លួនមិនត្រូវចេញទៅផ្សាយ 
ដើរប្រាប់គេ ប្រាប់ឯង ដោយហោចទៅសូម្បី តែសាច់ញាតិខ្លួនឡើយ ។

២, ភ្លើងក្រៅកុំនាំចូលក្នុង ៖ គឺរឿងរាវដែលមិនល្អ មិនមានប្រយោជន៍ ជារឿងក្តៅក្រហាយ
ហើយមិនទាក់ទងនឹងសាច់រឿងរបស់ខ្លួនទេ មិនគប្បីនាំចូលមកក្នុងផ្ទះអោយក្រុមគ្រួសារបាន
បានទទួលការក្តៅក្រហាយផងដែរនោះទេ ។ ទោះជារឿងក្តៅក្រហាយនោះទាក់ទងទៅនឹងកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍របស់គ្រួសារឬស្វាមីខ្លួនក្តី ក៏ត្រូវរកឱកាសនិយាយដែរដើម្បីកុំឱ្យក្តៅទាំងរឿងក្តៅទាំងមនុស្សទៀត ។ មានភរិយាខ្លះ ឃើញស្វាមីខ្លួនមកពី ធ្វើការហត់នឿយ ឬមានរឿងមុខមិនស្រួលមកដល់ផ្ទះ មិនទាន់ទាំងដាក់គូថអង្គុយផង ក៏ស្រាប់តែនាំយករឿងអាក្រក់រឿងក្តៅក្រហាយទៅពិតទូលបញ្ឆេះធ្វើឱ្យស្វាមីដែលកំពុងស្រួលៗនោះ ក្តៅក្រហាយ ឆេះភ្លាមមួយរំពេច ។ ប្រការនេះនាងជាភរិយាគួរយល់ដឹង ។

៣, ត្រូវឱ្យបុគ្គលដែលគួរឱ្យ ៖ មានអ្នកមកខ្ចីទ្រព្យបើជឿទុកចិត្តថានឹងសងវិញសឹមឱ្យខ្ចី ។

៤, មិនត្រូវឱ្យដល់បុគ្គលមិនគួរឱ្យ ៖ បើមានអ្នកមកខ្ចីទ្រព្យនោះ មិនគួរទុកចិត្តថាសងវិញទេ មិនត្រូវឱ្យខ្ចីទេ ។ បើឱ្យខ្ចីត្រូវគិតថា របស់នោះទុកជាបោះចោលទៅក្នុងទន្លេ ។

៥, ត្រូវឱ្យដល់បុគ្គលដែលគួរឱ្យក្តី មិនគួរឱ្យក្តី ៖ ត្រូវតែឱ្យដោយសង្ឃឹមថាសងវិញឬមិនសងវិញដូច ជាបងប្អូនដែលយើងត្រូវជួយដោះទុក្ខធុរៈ មួយទៀត បានដល់ការដាក់ទាន ដល់ស្មូមយាចក រួមទាំងការធ្វើបុណ្យ ទាន ដែលត្រូវធ្វើជា ប្រពៃណី របស់យើង ។

៦, ត្រូវអង្គុយដោយស្រួលបួល ៖ ត្រូវអង្គុយដឹងខ្ពស់ដឹងទាប អង្គុយប្រយ័ត្នប្រយែង មិនច្រងេងច្រងាង យះដៃយះជើង ។

៧, ត្រូវបរិភោគដោយស្រួលបួល ៖ ត្រូវមានសុជីវធម៌ក្នុងការបរិភោគអាហារ គឺបរិភោគឱ្យដឹងមុនក្រោយ បរិភោគជាមួយអ្នកណា ពេលណាគួរបរិភោគ ។

៨, ត្រូវដេកដោយស្រួលបួល ៖ គឺការរៀបចំដំណេកឱ្យបានស្រួលបួលសមរម្យ រួមទាំងការត្រៀមវត្ថុចាំបាច់ខ្លះពេលចួលដេកកុំឱ្យពិបាកងើបដើរឆ្ងាយទៅយក ។ ទំនៀមខ្មែរពីដើមមុនដេកភរិយាត្រូវមូរបារី អប់ទឹកផ្តិលដាក់ចុងជើង ។ ក្នុងរឿងសិរី ៣ប្រការ របស់ធម្មបាលមាណពដែលដោះប្រស្នាជាមួយកបិលមហាព្រហ្ម បានអធិប្បាយថា ពេលព្រឹកសិរីនៅមុខ ពេលថ្ងៃសិរីនៅទ្រូង ពេលល្ងាចសិរីនៅជើង ។

៩, ត្រូវបូជាភ្លើងឬបំរើភ្លើង ៖ ក្នុងទីនេះបានដល់ស្វាមីដែលភរិយាត្រូវគោរពបំរើ ប្រណិប័តន៍ថ្នាក់ថ្នមរួមទាំងការ បំពេញសេចក្តីត្រូវការខាងភេទផងដែរ ។ ភ្លើងនេះបើយើងបូជា ឬបំរើមិនល្អវានឹងអាចរលាក ឬឆេះដល់នាងជាភរិយាពិតប្រាកដ ។

១០, ត្រូវថ្វាយបង្គំទេវតាក្នុងផ្ទះ ៖ ទេវតាក្នុងផ្ទះនេះ បានដល់មាតាបិតារបស់ខ្លួនក្តី របស់ស្វាមីក្តីដែលយើងនៅជាមួយ និងមួយទៀត បានដល់គ្រឿងសក្ការៈបូជាក្នុងផ្ទះដែលយើងជឿគោរពបូជា បុណ្យរមែងកើតដល់កូនប្រុសស្រីនោះមិនដាច់ ។

ដកស្រង់ចេញពី ៖ ទស្សនាវដ្តីកម្ពុជសុរយា ឆ្នាំទី៥៤ លេខ២ ព.ស. ២៥៤៤
ដោយ ៖ គឹមចាន់ឌី ( ជេន្ទ្រ ឌី ) 

No comments:

Post a Comment