ការសរសេរសារណាជាដំណាក់កាលសំខាន់បំផុតសម្រាប់ជីវិតសិក្សារបស់និស្សិត
មុនពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ឬអនុបណ្ឌិត។
ការសរសេរសារណាជាពេលវេលាសំខាន់ដែលអាចផ្តល់ឱកាស
ឱ្យនិស្សិតអាចចុះអនុវត្តជាក់ស្តែង
និងទទួលបានបទពិសោធន៍ផ្ទាល់នៅក្នុងស្ថាប័នដែលបានសិក្សាស្រាវជ្រាវ
បន្ទាប់ពីពួកគេសិក្សាទ្រឹស្តីអស់រយៈពេលជាច្រើនឆ្នាំរួចមក។
បង្ហាញពីគន្លឹះសរសេរសារណាប្រកបដោយប្រសិទ្ធភាពខ្ពស់
សាស្ត្រាចារ្យនៃសាកលវិទ្យាល័យឯកជនមួយចំនួននៅកម្ពុជា លោក គុន វិជ្ជា
បានប្រាប់ថា
ដើម្បីសរសេរសារណាបានល្អនិស្សិតត្រូវអនុវត្តតាមដំណាក់កាលសំខាន់ៗចំនួន6គឺ
ជ្រើសរើសប្រធានបទបង្កើតសំណួរសម្រាប់ស្រាវជ្រាវ ជ្រើសរើសវិធីសាស្ត្រ
ស្រាវជ្រាវ ប្រមូលទិន្នន័យ វិភាគទិន្នន័យ និងចងក្រង បង្កើតជាសារណា។
លោកមានប្រសាសន៍ថា៖
“ការជ្រើសរើសប្រធានបទជាដំណាក់កាលសំខាន់បំផុតសម្រាប់អ្នកសរសេរសារណា
ព្រោះវាជាការកំណត់ពីគោលដៅរួមនៃឯកសារ
ហើយវាមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងអនាគតការងាររបស់ពួកគេ។
ហេតុនេះនិស្សិតគួរជ្រើសរើសប្រធានបទណាដែលទាក់ទងនឹងស្ថាប័នដែលគេចង់ធ្វើការនាថ្ងៃ
អនាគត”។
លោកសាស្ត្រាចារ្យបានបន្ថែមទៀតថា ការជ្រើសរើសប្រធានបទជាការសម្រេច
យ៉ាងធំបំផុតមុននឹងចាប់ផ្តើមសរសេរសារណា
ព្រោះវាជាអ្នកកំណត់ទិសដៅអនាគតនៃអ្នកសរសេរ។
ក្រៅពីនេះវិធីសាស្រ្តក្នុងការស្រាវជ្រាវ
ដើម្បីប្រមូលទិន្នន័យសម្រាប់សរសេរក៏ជារឿងចាំបាច់
ដែលនិស្សិតត្រូវធ្វើបន្ទាប់ពីការជ្រើសរើសប្រធានបទ។
ដើម្បីទទួលបានទិន្នន័យសំខាន់សម្រាប់សរសេរ
និសិ្សតមានវិធីសាស្ត្រជាច្រើនដើម្បីអនុវត្ត ទី1
គឺការប្រមូលទិន្នន័យដែលមានស្រាប់ពីបណ្តាញផ្សព្វផ្សាយនានា
ឬទិន្នន័យពីស្ថាប័នដែលពួកគេកំពុងស្រាវជ្រាវ។ វិធីមួយផ្សេងទៀតគឺ
គេអាចធ្វើបទសម្ភាសន៍ពីប្រភពពាក់ព័ន្ធទៅនឹងគោលដៅសំខាន់នៃសំណេររបស់ខ្លួន
ធ្វើការអង្កេត
ឬធ្វើការសាកសួរដោយបង្កើតកម្រងសំណួរឱ្យបានច្បាស់លាស់តាមមាតិកាដែលខ្លួនចង់សរសេរ។
បន្ថែមលើករណីខាងលើនេះ លោក ហេង លីណា
សាស្ត្រាចារ្យផ្នែកវិធីសាស្ត្រស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ
និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានថ្លែងថា
អ្នកសរសេរសារណាត្រូវត្រៀមខ្លួនធ្វើជាអ្នកជំនាញលើផ្នែកណាមួយដែលខ្លួនកំពុងសិក្សាស្រាវជ្រាវ។
ហេតុនេះស្នាដៃដែលពួកគេសរសេរគឺត្រូវតែជាប្រធានបទល្អដល់សង្គម
និងសម្រាប់ខ្លួនគេផ្ទាល់។
ស្នាដៃទាំងអស់នឹងត្រូវទុកជាឯកសារសម្រាប់និស្សិតជំនាន់ក្រោយ
ហើយក៏ជាកិត្តិយសមួយសម្រាប់អ្នកសរសេរដែលវាជាភស្តុតាងបង្ហាញពីគុណភាពនៃការសិក្សា
ស្រាវជ្រាវ
និងចំណេះដឹងពិតប្រាកដរបស់ពួកគេ។
ទោះបីការសរសេរសារណាបានផ្តល់គុណប្រយោជន៍យ៉ាងខ្លាំងសម្រាប់និស្សិត
តែការសរសេរសារណាមិនមែនជារឿងងាយស្រួលទេ
ដោយវាទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់បំផុត
ដើម្បីចៀសវាងបញ្ហាដែលអាចកើតមានឡើងនៅចំណុចណាមួយក្នុងដំណើរការនៃការចងក្រង។
លោក ហេង លីណា មានប្រសាសន៍ថា៖
“អ្នកសរសេរសារណាភាគច្រើនតែងតែភ្លេចខ្លួន
ហើយមានបញ្ហានៅពេលជិតដល់ថ្ងៃកំណត់ប្រមូលសារណា។ ការ កំណត់តារាងពេលវេលា
(Timeline) សម្រាប់ការប្រមូលឯកសារ
និងសិក្សាស្រាវជ្រាវជារឿងដែលនិស្សិតត្រូវធ្វើជាចាំបាច់បើមិនដូច្នោះទេពួកគេនឹងត្រូវប្រឈម
មុខជាមួយនឹងហានិភ័យខ្ពស់បំផុតដែលអាចធ្វើឱ្យគេត្រូវធ្លាក់ប្រសិនបើនិស្សិតមិនអាចបញ្ចប់
ទាន់ពេលវេលា”។
សាស្ត្រាចារ្យជំនាញ វិធីសាស្រ្តស្រាវជ្រាវខាងលើបានបន្តទៀតថា
ការបង្កើតតារាងកំណត់ពេលវេលាចាំបាច់ត្រូវធ្វើឡើងដោយមានការកំណត់
និងដាក់ពិន័យឱ្យបានតឹងតែងបំផុត។
ពួកគេត្រូវកំណត់ពីពេលវេលាដែលត្រូវប្រមូលឯកសារ ពេលដែលត្រូវសរសេរ
ពេលវេលាសម្រាប់កែតម្រូវជាមួយនឹងសាស្ត្រាចារ្យណែនាំ ឬទីប្រឹក្សា
និងពេលវេលាត្រៀមសម្រាប់ធ្វើបទបង្ហាញ ឬការពារសារណា។
ក្រោយពេលកំណត់កាលវិភាគច្បាស់លាស់ហើយ
និស្សិតត្រូវត្រៀមខ្លួនជាមុនដើម្បីដោះស្រាយបញ្ហាដែលអាចនឹងកើតមានឡើងនៅពេលដែល
ពួកគេចាប់ផ្តើមសរសេរ
ដោយស្វែងរកប្រភពឯកសារឱ្យមានតុល្យភាពជាមួយគម្រោងដែលពួកគេត្រូវសរសេរ។
ជំពួកនីមួយៗត្រូវមានតុល្យភាពទំព័រ ដោយមិនឱ្យមានផ្នែកណាមួយធំ
ឬច្រើនជាងផ្នែកណា មួយនោះឡើយ។ បើគ្មានការគ្រោងទុកច្បាស់លាស់ទេ
ពួកគេនឹងប្រឈមជាមួយនឹងបញ្ហាធំនៅពេលដែលគេសរសេរដល់ផ្នែកណាមួយ
តែមិនមានឯកសារយោងច្បាស់លាស់សម្រាប់ផ្នែក ឬជំពូកដទៃៗទៀត
ជាហេតុធ្វើឱ្យពួកគេមិនអាចបន្តទៅមុខទៀតបាន។
ការសរសេរសារណាជាឱកាសសំខាន់បំផុតមួយ
ដែលធ្វើឱ្យអ្នកសិក្សាស្រាវជ្រាវអាចចុះអនុវត្តផ្ទាល់នៅក្នុងស្ថាប័នណាមួយដែលពួកគេចង់ធ្វើការ
ហើយវាក៏ជាឱកាសល្អសម្រាប់ពួកគេដើម្បីបង្កើតទំំនាក់ទំនងល្អជាមួយនឹងស្ថាប័នផងដែរ។
ម្យ៉ាងវិញទៀតការចុះទៅស្រាវជ្រាវនៅស្ថាប័នណាមួយ
អាចធ្វើឱ្យនិស្សិតយល់កាន់តែស៊ីជម្រៅលើដំណើរការការងាររបស់ស្ថាប័ន
ហើយធ្វើឱ្យពួកគេមានឱកាសខ្ពស់ជាងនិស្សិតដទៃនៅពេលដែលគេដាក់ពាក្យធ្វើការនៅទីនោះ។
លោក ស៊ិន បញ្ញាវុឌ្ឍី អតីតសាស្ត្រាចារ្យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យបាត់ដំបង
បានឱ្យដឹងថា
សីលធម៌នៃការសរសេរសារណាជារឿងដែលនិស្សិតត្រូវយកចិត្តទុកដាក់ក្រៅពីកត្តាខាងក្នុងមួយ
ចំនួនដើម្បីជំរុញឱ្យសារណាណាមួយអាចត្រូវបានគេទទួលស្គាល់ថា
ជាឯកសារប្រកបដោយគុណតម្លៃសម្រាប់និស្សិតជំនាន់ក្រោយ។
ថ្វីដ្បិតតែសារណាបញ្ចប់ការសិក្សាមិនមានលក្ខណៈបង្កើតថ្មីដូចជានិក្ខេបបទថ្នាក់បណ្ឌិត
តែសារណាត្រូវការគំនិតច្នៃប្រឌិតក្នុងការរៀបចំទិន្នន័យ
និងឯកសារស្រាវជ្រាវដើម្បីចងក្រង។
ក្រៅពីនេះការសរសេរសារណាបញ្ចប់ការសិក្សាចាំបាច់ណាស់ត្រូវតែបង្ហាញពីប្រភព
ឬឯកសារយោងឱ្យបានច្បាស់លាស់ដើម្បីគាំទ្រអំណះអំណាងក្នុងផ្នែកនីមួយៗឱ្យមានទម្ងន់។
លោក បញ្ញាវុឌ្ឍី បាននិយាយថា៖
“អ្នកសរសេរសារណាត្រូវមានភាពច្បាស់លាស់
ឬអានគ្រប់ឯកសារយោងឱ្យយល់ដើម្បីងាយស្រួលស្រង់យកន័យសំខាន់ៗមកគាំទ្រសំណេរ
របស់ខ្លួន
មិនមែនគ្រាន់តែដកស្រង់ហើយមិនយល់ពីន័យដើមរបស់ប្រភពនោះឡើយ”។
បើតាមលោកសាស្ត្រាចារ្យ ស៊ិន បញ្ញា វុឌ្ឍី បានឱ្យដឹងថា
ភាពច្បាស់លាស់របស់អ្នកសិក្សាស្រាវជ្រាវ ជាចំណុចវិជ្ជមានមួយ
ដែលអាចជំរុញឱ្យគណៈកម្មការជឿជាក់លើសមត្ថភាពយ៉ាងប៉ិនប្រសប់របស់អ្នកសរសេរ។
ក្រៅពីនេះ វាក៏អាចជួយឱ្យនិស្សិតខ្លួនឯងអាចមានគំនិតកាន់តែទូលំទូលាយ
យល់ច្បាស់ពីប្រភពនៃបញ្ហាផ្សេងៗនៅក្នុងដំណើរការងាររបស់ស្ថាប័ន
ដែលគេស្រាវជ្រាវរហូតធ្វើឱ្យពួកគេអាចសរសេរចេញជាអនុសាសន៍សម្រាប់ស្ថាបនាស្ថាប័ន
នោះបានប្រកប
ដោយប្រសិទ្ធភាពបំផុត៕