Sunday, May 22, 2016

គន្លឹះសរសេរសារណា​ប្រកបដោយប្រសិទ្ធភាព

ការសរសេរសារណាជាដំណាក់កាលសំខាន់បំផុតសម្រាប់ជីវិតសិក្សា​របស់​និស្សិត មុនពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ឬអនុបណ្ឌិត។ ការសរសេរសារណាជាពេលវេលាសំខាន់ដែលអាចផ្តល់ឱកាស​ ឱ្យនិស្សិតអាចចុះអនុវត្តជាក់ស្តែង និងទទួលបានបទពិសោធន៍ផ្ទាល់នៅក្នុងស្ថាប័នដែលបានសិក្សាស្រាវជ្រាវ បន្ទាប់ពីពួកគេសិក្សាទ្រឹស្តីអស់រយៈពេលជាច្រើនឆ្នាំរួចមក។
បង្ហាញពីគន្លឹះសរសេរសារណាប្រកបដោយប្រសិទ្ធភាពខ្ពស់ សាស្ត្រាចារ្យនៃសាកលវិទ្យាល័យឯកជនមួយចំនួននៅកម្ពុជា លោក គុន វិជ្ជា បានប្រាប់ថា ដើម្បីសរសេរសារណាបានល្អនិស្សិតត្រូវអនុវត្តតាមដំណាក់កាលសំខាន់ៗចំនួន6គឺ ជ្រើសរើសប្រធានបទបង្កើតសំណួរសម្រាប់ស្រាវជ្រាវ ជ្រើសរើសវិធីសាស្ត្រ ស្រាវជ្រាវ ប្រមូលទិន្នន័យ វិភាគទិន្នន័យ និងចងក្រង បង្កើតជាសារណា។
លោកមានប្រសាសន៍ថា៖ “ការជ្រើសរើសប្រធានបទជាដំណាក់កាលសំខាន់បំផុតសម្រាប់អ្នកសរសេរសារណា ព្រោះវាជាការកំណត់ពីគោលដៅរួមនៃឯកសារ ហើយវាមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងអនាគតការងាររបស់​ពួកគេ។ ហេតុនេះនិស្សិតគួរជ្រើសរើសប្រធានបទណាដែលទាក់ទងនឹងស្ថាប័នដែលគេចង់ធ្វើការនាថ្ងៃ
អនាគត”
លោកសាស្ត្រាចារ្យបានបន្ថែមទៀតថា ការជ្រើសរើសប្រធានបទជាការសម្រេច​ យ៉ាងធំបំផុតមុននឹងចាប់ផ្តើមសរសេរសារណា ព្រោះវាជាអ្នកកំណត់ទិសដៅអនាគតនៃអ្នកសរសេរ។ ក្រៅពីនេះវិធីសាស្រ្តក្នុងការស្រាវជ្រាវ ដើម្បីប្រមូលទិន្នន័យសម្រាប់សរសេរក៏ជារឿងចាំបាច់ ដែលនិស្សិតត្រូវធ្វើបន្ទាប់ពីការជ្រើសរើសប្រធានបទ។ ដើម្បីទទួលបានទិន្នន័យសំខាន់សម្រាប់សរសេរ និសិ្សតមានវិធីសាស្ត្រជាច្រើនដើម្បីអនុវត្ត ទី1 គឺការប្រមូលទិន្នន័យដែលមានស្រាប់ពីបណ្តាញផ្សព្វផ្សាយនានា ឬទិន្នន័យពីស្ថាប័នដែលពួកគេកំពុងស្រាវជ្រាវ។ វិធីមួយផ្សេងទៀតគឺ គេអាចធ្វើបទសម្ភាសន៍ពីប្រភពពាក់ព័ន្ធទៅនឹងគោលដៅសំខាន់នៃសំណេររបស់ខ្លួន ធ្វើការអង្កេត ឬធ្វើការសាកសួរដោយបង្កើតកម្រងសំណួរឱ្យបានច្បាស់លាស់តាមមាតិកាដែលខ្លួនចង់សរសេរ។
បន្ថែមលើករណីខាងលើនេះ លោក ហេង លីណា សាស្ត្រាចារ្យផ្នែកវិធីសាស្ត្រស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បាន​ថ្លែងថា អ្នកសរសេរសារណាត្រូវត្រៀមខ្លួនធ្វើជាអ្នកជំនាញលើផ្នែកណាមួយដែលខ្លួនកំពុងសិក្សាស្រាវជ្រាវ។ ហេតុនេះស្នាដៃដែលពួកគេសរសេរគឺត្រូវតែជាប្រធានបទល្អដល់សង្គម និងសម្រាប់ខ្លួនគេផ្ទាល់។ ស្នាដៃទាំងអស់នឹងត្រូវទុកជាឯកសារសម្រាប់និស្សិតជំនាន់ក្រោយ ហើយក៏ជាកិត្តិយសមួយសម្រាប់អ្នកសរសេរដែលវាជាភស្តុតាងបង្ហាញពីគុណភាពនៃការសិក្សា
ស្រាវជ្រាវ និងចំណេះដឹង​ពិត​ប្រាកដ​របស់ពួកគេ។ ទោះបីការសរសេរសារណាបានផ្តល់គុណប្រយោជន៍យ៉ាងខ្លាំងសម្រាប់និស្សិត តែការសរសេរសារណាមិនមែនជារឿងងាយស្រួលទេ ដោយវាទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីចៀសវាងបញ្ហាដែលអាចកើតមានឡើងនៅចំណុចណាមួយក្នុងដំណើរការនៃការចងក្រង។
លោក ហេង លីណា មានប្រសាសន៍ថា៖ “អ្នកសរសេរសារណាភាគច្រើនតែងតែភ្លេចខ្លួន ហើយមានបញ្ហានៅពេលជិតដល់ថ្ងៃកំណត់ប្រមូលសារណា។ ការ កំណត់តារាងពេលវេលា (Timeline) សម្រាប់ការប្រមូលឯកសារ និងសិក្សាស្រាវជ្រាវជារឿងដែលនិស្សិតត្រូវធ្វើជាចាំបាច់បើមិនដូច្នោះទេពួកគេនឹងត្រូវប្រឈម
មុខជាមួយនឹងហានិភ័យខ្ពស់បំផុតដែលអាចធ្វើឱ្យគេត្រូវធ្លាក់ប្រសិនបើនិស្សិតមិនអាចបញ្ចប់
ទាន់ពេលវេលា”
សាស្ត្រាចារ្យជំនាញ វិធីសាស្រ្តស្រាវជ្រាវខាងលើបានបន្តទៀតថា ការបង្កើតតារាងកំណត់ពេលវេលាចាំបាច់ត្រូវធ្វើឡើងដោយមានការកំណត់ និងដាក់ពិន័យឱ្យបានតឹងតែងបំផុត។ ពួកគេត្រូវកំណត់ពីពេលវេលាដែលត្រូវប្រមូលឯកសារ ពេលដែលត្រូវសរសេរ ពេលវេលាសម្រាប់កែតម្រូវជាមួយនឹងសាស្ត្រាចារ្យណែនាំ ឬទីប្រឹក្សា និងពេលវេលាត្រៀមសម្រាប់ធ្វើបទបង្ហាញ ឬការពារសារណា។ ក្រោយពេលកំណត់កាលវិភាគច្បាស់លាស់ហើយ និស្សិតត្រូវត្រៀមខ្លួនជាមុនដើម្បីដោះស្រាយបញ្ហាដែលអាចនឹងកើតមានឡើងនៅពេលដែល
ពួកគេចាប់ផ្តើមសរសេរ ដោយស្វែងរកប្រភពឯកសារឱ្យមានតុល្យភាពជាមួយគម្រោងដែលពួកគេត្រូវសរសេរ។ ជំពួកនីមួយៗត្រូវមានតុល្យភាពទំព័រ ដោយមិនឱ្យមានផ្នែកណាមួយធំ ឬច្រើនជាងផ្នែកណា មួយនោះឡើយ។ បើគ្មានការគ្រោងទុកច្បាស់លាស់ទេ ពួកគេនឹងប្រឈមជាមួយនឹងបញ្ហាធំនៅពេលដែលគេសរសេរដល់ផ្នែកណាមួយ តែមិនមានឯកសារយោងច្បាស់លាស់សម្រាប់ផ្នែក ឬជំពូកដទៃៗទៀត ជាហេតុធ្វើឱ្យពួកគេមិនអាចបន្តទៅមុខទៀតបាន។
ការសរសេរសារណាជាឱកាសសំខាន់បំផុតមួយ ដែលធ្វើឱ្យអ្នកសិក្សាស្រាវជ្រាវអាចចុះអនុវត្តផ្ទាល់នៅក្នុងស្ថាប័នណាមួយដែលពួកគេចង់ធ្វើការ ហើយវាក៏ជាឱកាសល្អសម្រាប់ពួកគេដើម្បីបង្កើតទំំនាក់ទំនងល្អជាមួយនឹងស្ថាប័នផងដែរ។ ម្យ៉ាងវិញទៀតការចុះទៅស្រាវជ្រាវនៅស្ថាប័នណាមួយ អាចធ្វើឱ្យនិស្សិតយល់កាន់តែស៊ីជម្រៅលើដំណើរការការងាររបស់ស្ថាប័ន ហើយធ្វើឱ្យពួកគេមានឱកាសខ្ពស់ជាងនិស្សិតដទៃនៅពេលដែលគេដាក់ពាក្យធ្វើការនៅទីនោះ។
លោក ស៊ិន បញ្ញាវុឌ្ឍី អតីតសាស្ត្រាចារ្យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យបាត់ដំបង បានឱ្យដឹងថា សីលធម៌នៃការសរសេរសារណាជារឿងដែលនិស្សិតត្រូវយកចិត្តទុកដាក់ក្រៅពីកត្តាខាងក្នុងមួយ
ចំនួនដើម្បីជំរុញឱ្យសារណាណាមួយអាចត្រូវបានគេទទួលស្គាល់ថា ជាឯកសារប្រកបដោយគុណតម្លៃសម្រាប់និស្សិតជំនាន់ក្រោយ។ ថ្វីដ្បិតតែសារណាបញ្ចប់ការសិក្សាមិនមានលក្ខណៈបង្កើតថ្មីដូចជានិក្ខេបបទថ្នាក់បណ្ឌិត  តែសារណាត្រូវការគំនិតច្នៃប្រឌិតក្នុងការរៀបចំទិន្នន័យ និងឯកសារស្រាវជ្រាវដើម្បីចងក្រង។ ក្រៅពីនេះការសរសេរសារណាបញ្ចប់ការសិក្សាចាំបាច់ណាស់ត្រូវតែបង្ហាញពីប្រភព ឬឯកសារយោងឱ្យបានច្បាស់លាស់ដើម្បីគាំទ្រអំណះអំណាងក្នុងផ្នែកនីមួយៗឱ្យមានទម្ងន់។
លោក បញ្ញាវុឌ្ឍី បាននិយាយថា៖ “អ្នកសរសេរសារណាត្រូវមានភាពច្បាស់លាស់ ឬអានគ្រប់ឯកសារយោងឱ្យយល់ដើម្បីងាយស្រួលស្រង់យកន័យសំខាន់ៗមកគាំទ្រសំណេរ
របស់ខ្លួន មិនមែនគ្រាន់តែដកស្រង់ហើយមិនយល់ពីន័យដើមរបស់ប្រភពនោះឡើយ”
បើតាមលោកសាស្ត្រាចារ្យ ស៊ិន បញ្ញា វុឌ្ឍី បានឱ្យដឹងថា ភាពច្បាស់លាស់របស់អ្នកសិក្សាស្រាវជ្រាវ ជាចំណុចវិជ្ជមានមួយ ដែលអាចជំរុញឱ្យគណៈកម្មការជឿជាក់លើសមត្ថភាពយ៉ាងប៉ិនប្រសប់របស់អ្នកសរសេរ។ ក្រៅពីនេះ វាក៏អាចជួយឱ្យនិស្សិតខ្លួនឯងអាចមានគំនិតកាន់តែទូលំទូលាយ យល់ច្បាស់ពីប្រភពនៃបញ្ហាផ្សេងៗនៅក្នុងដំណើរការងាររបស់ស្ថាប័ន ដែលគេស្រាវជ្រាវរហូតធ្វើឱ្យពួកគេអាចសរសេរចេញជាអនុសាសន៍សម្រាប់ស្ថាបនាស្ថាប័ន
នោះបានប្រកប ​ដោយប្រសិទ្ធភាព​បំផុត៕

No comments:

Post a Comment