Showing posts with label បុគ្គលល្បីៗ. Show all posts
Showing posts with label បុគ្គលល្បីៗ. Show all posts

Saturday, August 13, 2016

ប្រវត្តិកវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន



កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន កើតនៅថ្ងៃ ១៨ ខែតុលា ឆ្នាំ ១៩៣៩ នៅភូមិចំការសំរោង ឃុំចំការសំរោង ស្រុក បាត់ដំបង ខេត្តបាត់ដំបង ។ ឪពុកឈ្មោះ គង្គ ឈិន(ស្រុកកំណើតនៅ ខេត្តតាកែវ) ម្តាយឈ្មោះ ម៉រ ភឹង(បាត់ដំបង) ។

លោកបានចូលប្រឡូកក្នុងវិស័យតែងនិពន្ឋ ចាប់តាំងពីកំឡុងឆ្នាំ ១៩៥៥ មក រហូតបានប្រលងជាប់លេខមួយ ជាលើកដំបូង នៅក្នុង ឱកាសមហោស្រពអក្សរសិល្ប៍មួយ នៅក្នុងខេត្តបាត់ដំបងក្នុងឆ្នាំ១៩៥៧ ក្នុងស្នាដៃឈ្មោះ ” ស្នេហាលុះអវសាន”។
លោកជាអ្នសរសេរកាសែត អ្នកនិពន្ឋ ប្រលោមលោកពាក្យរាយ ប្រលោមលោកពាក្យកាព្យ កំណាព្យ ចម្រៀង សេណារីយ៉ូភាពយន្ត ជាអ្នកដឹកនាំសម្តែង ជាអ្នកនិពន្ឋបទភ្លេង ដ៏ល្បីឈ្មោះម្នាក់។ ក្រៅពីនេះ លោកក៏ជាអ្នកគូរ គំនូរអប់រំផងដែរ។
នៅឆ្នាំ ២០០០ លោកជាអ្នកនិពន្ឋជនជាតិខ្មែរ ទី ២ បន្ទាប់ពី ឯកឧត្តម ពេជ្រ ទុំក្រវិល ដែលបានទទួលជ័យលាភី ស្នាដៃតែងនិពន្ឋក្របខ័ណ្ឌអាស៊ាន ។
លោកត្រូវបាន អ្នកនិពន្ឋខ្មែរទាំងឡាយ ចាត់ទុកជា អ្នកនិពន្ឋដ៏ឆ្នើមម្នាក់របស់កម្ពុជា ដែលបានបន្សល់ទុក នូវស្នាដៃផ្នែកតែងនិពន្ឋ យ៉ាងច្រើនសន្ធឹកសន្ធាប់ មានប្រលោមលោក និង ចម្រៀងសម័យដើម ដែលមាន អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត អ៊ឹង ណារី រស់ សេរីសុទ្ឋា ប៉ែន រ៉ន និង អ្នកចម្រៀងល្បីៗ ជាច្រើនរូបទៀត បានបកស្រាយ ហើយស្នាដៃទាំងអស់នោះ នៅតែ ស្ថិតក្នងមនោសញ្ចេតនា អ្នកអាន និងអ្នកស្តាប់រហូតមកដល់សព្ឋថ្ងៃនេះ ។ ស្នាដៃ​ចុង​ក្រោយ​របស់​លោក​មួយ​ទៀត​មុន​នឹង​លោក​ចាក​ចេញ​ពី​កម្ពុជា ទៅ​រស់នៅ​ក្រៅ​ប្រទេស គឺ​លោក​បាន​សរសេរ​សៀវភៅ​ប្រលោម​លោក​មួយ​ដែល​មាន​ចំណង​ជើង​ថា "វាសនា​របស់​កញ្ញា តាត ម៉ារីណា"បន្ទាប់​ពី​ចេញ​ផ្សាយ​អត្ថបទ​របស់​លោក​ភ្លាម សមត្ថកិច្ច​ខ្មែរ​បាន​តាម​ចាប់​រូប​លោក ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​កវី​និពន្ធ​ជើង​ចាស់​រូប​នេះ ត្រូវ​ជម្លៀស​ចេញ​ទៅ​ប្រទេស​ថៃ មួយ​រំពេច មុន​នឹង​បាន​សិទ្ធិ​បន្ត​ទៅ​រស់នៅ​ប្រទេស​ន័រវេសន៍។
នៅរសៀល​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៦ លោកគង្គ ប៊ុនឈឿន បានទទួលអនិច្ចកម្ម ក្នុង​វ័យ ៧៧​ឆ្នាំ នៅ​មន្ទីរពេទ្យ​មួយ​នៃ​ប្រទេស​ន័រវេសន៍ បន្ទាប់​ពី​ធ្លាក់​ខ្លួន​ឈឺ​ប្រមាណ ៣​ឆ្នាំ​ដោយសារ​ជំងឺ​មហា​រីក​តម្រង​នោម ។ ក្រោយ​ពី​ទទួល​ដំណឹង​មរណភាព​ភ្លាម ពលរដ្ឋ​ខ្មែរ​ទាំង​អ្នក​នៅ​ក្នុង​ប្រទេស និង​អ្នក​រស់នៅ​ក្រៅ​ប្រទេស បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​របស់​កវី​និពន្ធ គង្គ ប៊ុនឈឿន និង​សម្ដែង​ការ​សោកស្ដាយ​ជា​ខ្លាំង​ចំពោះ​ការ​បាត់បង់​កវី​ជើង​ចាស់​ដែល​មាន​ថ្វី​ដៃ​រូប​នេះ។
ទន្ទឹម​គ្នា​នេះ​ដែរ បណ្ដាំ​ចុង​ក្រោយ​របស់​កវី​និពន្ធ​ម្ចាស់​បទ ស្ទឹង​សង្កែ​រូប​នេះ ដែល​បាន​បង្ហោះ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (Facebook)នៅ​មុន​ពេល​លោក​ទទួល​មរណភាព​នោះ លោក​បាន​ផ្ដាំ​ផ្ញើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប ត្រូវ​រួបរួម​សាមគ្គី​គ្នា ហើយ​ត្រូវ​ចេះ​ស្រឡាញ់ និង​ថែរក្សា​ប្រពៃណី​វប្បធម៌​របស់​ជាតិ​ឲ្យ​បាន​គង់វង្ស៖ «យើង​ត្រូវ​តែ​រួបរួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ បាន​ប្រទេស​ជាតិ​របស់​យើង​រស់នៅ​រុងរឿង​បាន ហើយ​បើ​កាលណា​បែក​បាក់​គ្នា នឹង​វិនាស​ហិនហោច​អស់​គ្មាន​ថ្ងៃ​រីក​ចម្រើន​បាន​នោះ​ទេ»។
អដ្ឋិធាតុ​របស់​កវី​ជើង​ចាស់ គង្គ ប៊ុនឈឿន សាច់ញាតិ​នឹង​យក​ទៅ​តម្កល់​ទុក​នៅ​ក្រុង​បាត់ដំបង នៅ​ខែ​ឧសភា ឆ្នាំ​២០១៦។ ទោះ​បី​ជា​យ៉ាង​ណា សាច់ញាតិ​មិន​ទាន់​បញ្ជាក់​ទីកន្លែង​សម្រាប់​បញ្ចុះ​អដ្ឋិធាតុ​នៅ​វត្ត​ណា​ឲ្យ​បាន​ច្បាស់លាស់​នៅ​ឡើយ...៕







ជីវប្រវត្តិអធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត


 អធិរាជសំលេងមាសអធិរាជសម្លេងមាស
ពត៌មានសំខាន់ៗ
ថ្ងៃខែឆ្នាំកំនើត២៣ សីហា ១៩៣២
ទីកន្លែងកំនើតស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង
សញ្ជាតិព្រះរាជាណាចក្រកម្ពុជា កម្ពុជា
មរណៈភាព១៨ ឧសភា ១៩៧៦
ប្រភេទតន្ត្រីមនោសញ្ចេតនា ប្រជាប្រិយ Rock និង roll
វិជ្ជាជីវៈអ្នកចំរៀង និពន្ធទំនុកច្រៀង ទំនុកភ្លេង សម្រួលតន្ត្រី តន្ត្រីករម៉ងដូលីន(Mandolin) និងផលិតករខ្សែភាពយន្ត
គ្រឿងភ្លេងម៉ង់ដូលីន (Mandolin)
ឆ្នាំប្រកបវិជ្ជាជីវៈ១៩៥០ –១៩៧៥
ដៃគូរស់ សេរីសុទ្ឋា និងប៉ែន រ៉ន
Influencesអេលវីស ផ្រេសលី (Elvis Presley) , សម យុទ្ធ
គេហទំព័រសមាគម ស៊ីន ស៊ីសាមុត http://www.sinsisamuth.com



លោក ស៊ីន ស៊ីសាមុត (១៩៣២-១៩៧៦) គឺជាអ្នកនិពន្ធបទចំរៀងនិងជាអ្នកចំរៀងខ្មែរដ៏ល្បីល្បាញនាអំលុងទសវត្សរ៍ឆ្នាំ ៥០ ដល់ ៧០។ គាត់មានរហស្សនាមថាជា អធិរាជសំលេងមាស។ លោក ស៊ីន ស៊ីសាមុតទទួលមរណភាពក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៧៦។ ភាពល្បីល្បាញរបស់លោក ស៊ីន ស៊ីសាមុត បានពីទឹកដមសំលេងដ៏ក្រអួនក្រអៅ ពីរោះរណ្ដំចិត្ត គួបផ្សំនិងបទចំរៀងមនោសញ្ចេតនាគ្រប់រសជាតិ លន្លង់លន្លោច សប្បាយ កំសត់ ខ្លោចផ្សា -ល- ដែលជាស្នាដៃនិពន្ធផ្ទាល់របស់លោក និងអ្នកនិពន្ធដទៃក្នុងជំនាន់លោក។

ជីវប្រវត្តិ

ស្ថានភាពសិល្បៈតន្ត្រីនាសម័យនោះ

ប្រជាប្រិយភាពរបស់លោក ស៊ីន ស៊ីសាមុត មិនបានធ្វើអោយចុះទន់ខ្សោយកិត្តិនាមរបស់អ្នកចម្រៀងដទៃទៀតដូចជាលោក អ៊ឹម សុងសឺម និង អ្នកស្រី ហួយ មាស ដែលច្រៀងអោយវិទ្យុជាតិនាសម័យនោះទេ។ លោក មាស ហុកសេង អ្នកសិល្បៈចម្រៀងនៅ មហាវិទ្យាល័យវិចិត្រសិល្បៈភ្នំពេញ(ឬសាលារចនា) មានកិត្តិនាមល្បីតាមរយៈបទ លលកញីឈ្មោល នៅឆ្នាំ ១៩៦៦។ កិត្តិស័ព្ទរបស់តារាចម្រៀងល្បីៗទាំងនេះបានដោយសារទឹកដៃនិពន្ឋរបស់កវី ម៉ា ឡៅពី ដែលបាននិពន្ឋបទល្បីៗដូចជាដៃសមុទ្រត្រពាំងរូង និង បទលលកញីឈ្មោល ជាដើម។ លោក ម៉ា ឡៅពី នៅមានជីវិតដល់សព្វថ្ងៃ ដោយរស់នៅរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក។ លោក អ៊ឹម សុងសឺម ច្រើនតែច្រៀង និងមិនសូវនិពន្ឋបទភ្លេងទេ។ បទចម្រៀងល្បីរបស់លោកគឺបទ កោះត្រល់ដែលបានថតនៅឆ្នាំ ១៩៦៣ នៅតែដក់ជាប់ក្នុងដួងចិត្តខ្មែរគ្រប់រូប ដែលសោកស្តាយការបាត់បង់កោះត្រល់ទៅវៀតណាម។ លោកអ៊ឹម សុងសឺម និងអ្នកស្រី ហួយ មាស តែងតែទៅតាម ព្រះបាទនរោត្តម សីហនុ ពេលទ្រង់ចុះទៅទស្សនកិច្ចតាមខេត្ត ដើម្បីច្រៀងបទចំរៀងប្រជាប្រិយ មានរាំវង់ជាដើម ដើម្បីកំដរបងប្អូនប្រជាពលរដ្ឋដែលមកទទួលស្វាគមន៍ព្រះប្រមុខរដ្ឋ។ លោកសុះ ម៉ាត់ ក៏ជាអ្នកចម្រៀងល្បីនាសម័យនោះដែរ តាមរយៈបទ អាកាសយាន្ត។ អ្នកគាំទ្រលោក សុះ ម៉ាត់ភាគច្រើនជាអ្នកដែលមិននិយមបទថ្មីៗរបស់លោក ស៊ីន ស៊ីសាមុត ដែលចេញក្រោយ។

កុមារភាព

លោក ស៊ីន ស៊ីសាមុត ចាប់កំណើតនៅថ្ងៃ២៣ សីហា ១៩៣២ នៅខេត្តស្ទឹងត្រែង។ លោកជាកូនប្រុសពៅក្នុងចំណោមបងប្អូន៤នាក់ (ប្រុស២ ស្រី២) របស់ លោក ស៊ីន លៀង និងអ្នកស្រី ស៊ីប ប៊ុនឡីដែលជាកូនកាត់ឡាវ-ចិន។ លោកឪពុក របស់លោកជាឆ្មាំយាមពន្ឋនាគារនៅខេត្តបាត់ដំបង និងជាទាហានបដិវដ្តន៍ប្រឆាំងសម័យអាណានិគម។ លោកឪពុករបស់លោកបាន លាចាកលោកដោយជំងឺ ហើយម្តាយរបស់លោកក៏រៀបការម្តងទៀត ដែលអាពាហ៍ពិពាហ៍ក្រោយនេះបន្សល់ទុកនូវកូន២នាក់ទៀត។
លោក ស៊ីន ស៊ីសាមុត បានចូលរៀននៅសាលាបឋមសិក្សាទីរួមខេត្តស្ទឹងត្រែងនៅអាយុ៥ឆ្នាំ។ លោកជាក្មេងល្អ និង ទទួលបានការស្រឡាញ់ចូលចិត្តពីគ្រូនិងមិត្តរួមថ្នាក់។ លោកមាននិស្ស័យជាមួយសិល្បៈតាំងពីអាយុ៦ឬ៧ឆ្នាំ ដែលជាញឹកញាប់លោក ត្រូវបានសាលាសុំ អោយលេងហ្គីតាក្នុងពិធីបុណ្យផ្សេងៗនៅសាលា។ កាលពីកុមារ លោកជាក្មេងសុភាព ស្រគត់ស្រគំ ចិត្តល្អ និងចេះអាណិតអាសូរអ្នកដទៃ។ គេនិយាយថា លោកនិយាយទៅកាន់មនុស្សគ្រប់គ្នាដោយសំដំទន់ភ្លន់និងផ្អែមល្ហែម។ លោកតែងទៅ លេងវត្តនៅក្បែរផ្ទះជាញឹកញាប់និងបាននិយាយលេងជាមួយព្រះសង្ឃនាពេលទំនេរ។ លោកមាននិស្ស័យនឹងព្រះពុទ្ឋសាសានា ដោយលោកបានសុំរៀនភាសាបាលីពីភិក្ខុមួយអង្គ។ លោកចូលចិត្តអានសៀវភៅ ទាត់បាល់ និង បង្ហោះខ្លែង។
លោកបញ្ចប់ការសិក្សាចំនេះទូទៅនៅឆ្នាំ ១៩៥១ ហើយក៏បានបន្តការសិក្សានៅសាលាវេជ្ជសាស្ត្រនៅភ្នំពេញដោយស្នាក់នៅជាមួយឪពុកមា របស់លោក។ ទោះជាមមាញឹកនឹងកិច្ចការរៀនសូត្រនៅសាលាវេជ្ជសាស្ត្រយ៉ាងនាក៏ដោយ លោកនៅអាចឆ្លៀតពេលទំនេរដើម្បីរៀនច្រៀង និងនិពន្ឋបទភ្លេងដែរ។ ក្នុងកំលុងពេលនោះ គាត់កំរចេញទៅដើរលេងខាងក្រៅណាស់ ដោយសារប្រាក់ឧបត្ថម្ភពីមាតាបិតាលោកគ្រប់គ្រាន់ ល្មមសំរាប់ចាយវាយក្នុងការសិក្សាប៉ុណ្ណោះ។ ហេតុនេះ លោកតែងចំនាយពេលទំនេររបស់លោកសំរាប់សិក្សាបទភ្លេងនិងហាត់ច្រៀង។ ដោយមានការគាំទ្រពីមិត្តភក្ដិដូចកាលពីនៅបឋមសិក្សាឋានដែរ លោកចាប់ផ្តើមល្បីនៅសាលារបស់លោកថាជាអ្នកមានទេពកោសល្យខាង តន្ត្រីនិងចម្រៀង ហើយលោកត្រូវបានគេសុំអោយច្រៀងនៅរាល់កម្មវិធីរបស់សាលា។ នៅឆ្នាំដដែលនោះ លោកបានបង្កើក្រុមតន្ត្រីមួយឈ្មោះព្រះច័ន្ទរស្មី ដែលមានសមាជិក៩នាក់។ មិនយូរប៉ុន្មានក្រោយមក ក្រុមតន្ត្រីរបស់លោក ទទួលបានការគាំទ្រពេញនិយមពីសំណាក់ ប្រជាពលរដ្ឋក្រុងភ្នំពេញ។ ដោយមានភាពល្បីល្បាញនេះ នៅដើមឆ្នាំ១៩៥៣ ក្រុមតន្ត្រីរបស់លោកត្រូវបានវិទ្យុជាតិអញ្ជើញអោយចូលប្រគុំ រួមជាមួយក្រុមតន្ត្រីវិទ្យុជាតិឈ្មោះ រាជសីហ៍។ ពេលកិត្តស័ព្ទរបស់លោកចាប់ផ្ដើមល្បីពាសពេញភ្នំពេញ លោកក្លាយជាអ្នកចំរៀងពាក់កណ្ដាលអាជីព ដោយជារឿយៗលោកតែងចេញច្រៀងតាមវិទ្យុនិងពិធីមង្គលការផ្សេងៗ។ ជាអកុសល មាតាបិតារបស់លោកមិន សប្បាយចិត្តនឹងឮលោកច្រៀងតាមវិទ្យុទេ។ មាតាបិតារបស់លោកចង់អោយលោកក្លាយជាវេជ្ជបណ្ឌិត និងបារម្ភថាចំម្រៀងនឹងរំខានដល់ ការសិក្សារបស់លោក។ ប៉ុន្តែ វាសនាបានចារថា ស៊ីន ស៊ីសាមុតត្រូវតែក្លាយជាអ្នកចំម្រៀង ទោះជាមានការជំទាស់ពីគ្រួសារក៏ដោយ។

អាជីពជាសិល្បករ

ពេលដែលកម្ពុជាបានទទួលឯករាជ្យបរិបូរណ៍ពីបារាំងនៅឆ្នាំ ១៩៥៣ លោកចាប់ផ្តើមអាជីពជាសិល្បកររបស់លោក ដោយក្លាយជាអ្នកចំរៀងប្រចាំអោយ ស្ថានីយ៍វិទ្យុជាតិ។ គាត់បន្តការសិក្សាវេជ្ជសាស្ត្ររហូតដល់ចប់ និងចូលបំរើការងារនៅ មន្ទីរពេទ្យព្រះកេតុមាលា។ លោក ស៊ីន ស៊ីសាមុតនិពន្ឋបទភ្លេងដោយប្រើម៉ង់ដូលីន។ បទចំរៀងរបស់លោកជាទូទៅ មានលក្ខណៈមនោសញ្ចេតនា លន្លង់លន្លោច ដោយឆ្លុះបញ្ចាំងអំពីស្នេហាសុភមង្គល ឈឺចាប់ និងស្រមើស្រមៃ។ ទេពកោសល្យសិល្បៈ របស់លោកបានដោយការព្យាយាមដុសខាត់ទេពកោសល្យពីកំនើតរបស់លោក។ មានគេនិយាយថា គាត់បានប្រើប្រាស់វចនានុក្រម ដល់ទៅ៣ ដោយគ្រាន់តែចង់មើលតើពាក្យមួយសរសេរត្រឹមត្រូវឬអត់ ក្នុងភាសាខ្មែរ សំស្ក្រឹត និងបាលី។
ចម្រៀងភាគច្រើនរបស់លោកផ្អែកលើជីវិតពិតនិងអារម្មណ៍របស់អ្នកស្ដាប់។ មិត្តអ្នកស្ដាប់តែងតែយករឿងរ៉ាវផ្ទាល់ខ្លួនគេ មានទាំងស្នេហានិងការបាត់បង់ សប្បាយនិងឈឺចាប់ សំរាប់ឲ្យលោកស៊ីន ស៊ីសាមុតនិពន្ធចម្រៀងដោយផ្អែកលើរឿងពិតនេះ។ ហេតុនេះអត្ថន័យក្នុងចម្រៀងរបស់លោក ភាគច្រើនជារឿងពិតរបស់មិត្តអ្នកស្ដាប់របស់លោក។ ពេលដែលលោកច្រៀង គ្រប់ពាក្យគ្រប់ម៉ាត់គឺច្បាស់ៗមួយៗ។ លោកតែងប្រយ័ត្នក្នុងការបញ្ចេញសំលេងអោយត្រឹមត្រូវតាមការសរសេរ ដោយមិនប្រើសំនៀងក្នុងភាសានិយាយទេ។
នៅដើមទសវត្សរ៍៥០ លោកបានត្រូវម្ចាស់ក្សត្រី កុសុមៈនារីរ័ត្ន សព្វព្រះរាជហឫទ័យអនុញ្ញាតអោយលោកចូលក្នុងវង់ភ្លេងព្រះរាជទ្រព្យ ដែលក្នុងនោះមានលោក សុះ ម៉ាត់ដែរ ដើម្បីសំដែងក្នុងពិធីគារវកិច្ច ក៏ដូចជាលៀងសាយភោជន៍ផ្សេងៗ។ លោកស្ថិតនៅក្នុងវង្សភ្លេងនេះរហូតដល់ឆ្នាំ១៩៧០។ ក្រៅពីចម្រៀងសម័យ លោកក៏ច្រៀងចម្រៀងបុរាណនិងប្រពៃណីដែរដូចជា បទសកវាទិ៍ បទមហោរី អាយ៉ៃ ចាប៉ី យីកេនិងបាសាក់ផងដែរ។
នៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ៥០ បទវីយូឡុងស្នេហា ដែលនិពន្ឋដោយតន្រ្តីករវីយូឡុង ហាស់ សាឡន បានជំរុញកិត្តិស័ព្ទលោកស៊ីន ស៊ីសាមុត អោយកាន់តែល្បីរន្ទឺ។ បទចំរៀងល្បីៗរបស់លោក ស៊ិន ស៊ីសាមុត នៅសម័យនោះមាន បទស្រីស្រស់ក្មេងបទអនុស្សាវរីយ៍ភ្នំក្រវាញ បទចុងស្រល់ បទថ្ងៃដប់ពីរធ្នូ បទកាកី បទកង្រី បទថ្ងៃមួយកក្កដា បទសំរស់ឆ្នេរកែបបទស្ទឹងពោធិ៍សាត់ និង បទព្រែកឯងអស់សង្ឃឹម ជាដើម។

ស្ថានភាពសិល្បៈតន្ត្រីនៅទសវត្សរ៍៦០

នៅឆ្នាំ ១៩៦៣ លោក ស៊ីន ស៊ីសាមុត ចាប់ផ្តើមថតចម្រៀងអោយផលិតកម្មវត្តភ្នំ។ បទចំប៉ាបាត់ដំបងបានឆក់យកបេះដូងអ្នកស្តាប់នៅទូទាំងប្រទេស។ នៅក្នុងបទសម្ភាសន៍មួយរៀបចំឡើងនៅឆ្នាំ ១៩៧១ ដោយទូរទស្សន៍សាធារណរដ្ឋ អ្នកសម្ភាសន៍លោកបានរំលឹកឡើងថា បទចំប៉ាបាត់ដំបងនេះជាបទដំបូងគេបង្អស់ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នេះ ដើម្បីអបអរសាទរពិធីសម្ភោធស្ថានីយ៍របស់ខ្លួននៅឆ្នាំ១៩៦៥។
កិត្តិស័ព្ទរបស់លោកឡើងដល់កំពូលនៅពាក់កណ្តាលទសវត្សរ៍៦០។ លោកបានចូលរួមថតបទចម្រៀងថ្វាយព្រះបាទនរោត្តមសីហនុ ដូចជា បទរាត្រីដែលបានជួបភ័ក្រ និង បទភ្នំពេញ។ នៅចុងទសវត្សរ៍៦០ និងដើមទសវត្សរ៍៧០ លោកចាប់ផ្តើមថតបទចម្រៀងដាក់ក្នុងភាពយន្តពេញនិយមមួយចំនួននាសម័យនោះ មាន រឿងអនអើយស្រីអន រឿងទិព្វសូដាច័ន្ទ និង រឿងថាវរីមាសបង។ ក្នុង រឿងពៅឈូកស ដឹកនាំថតដោយលោក ទា លឹមកាំងសំដែងដោយ លោក ជា យុតថន និង អ្នកស្រី ឌីសាវ៉េត, បទនាវាជីវិត របស់លោក ស៊ីន ស៊ីសាមុតកាន់តែធ្វើអោយផ្ទៃរឿងកាន់តែកំសត់។ បទនាវាជីវិត បន្ទរឡើងនៅក្នុងឈុត ជា យុតថនចេញទូកចាកចោលភរិយា(សំដែងដោយអ្នកស្រី ឌី សាវ៉េត)អោយនៅកណ្តោចកណ្តែង។
នៅក្នុងជីវិតសិល្បៈរបស់លោក លោកធ្លាប់ថតបទចំរៀងឆ្លងឆ្លើយជាមួយអ្នកចម្រៀងស្រីជាច្រើនមានដូចជា អ្នកស្រី ម៉ៅ សារ៉េតអ្នកស្រី កែវ សិដ្ឋា អ្នកស្រី ឈុន វណ្ណា អ្នកស្រី ហួយមាស អ្នកស្រី រស់ សេរីសុទ្ឋា និង អ្នកស្រី ប៉ែន រ៉ន។ អ្នកស្រី ម៉ៅ សារ៉េត ជាអ្នកចំរៀងស្រីដែលមានឈ្មោះល្បីទូទាំងប្រទេសដំបូងគេចាប់ពីកម្ពុជាបានឯករាជ្យ។ បទចំរៀងល្បីរបស់អ្នកស្រីគឺ បទសំបុត្រក្រោមខ្នើយនិងបទអោយអូនអស់ចិត្ត។ អ្នកស្រី ប៉ែន រ៉ន ចាប់ផ្តើមថតចំរៀងជាមួយលោក ស៊ីន ស៊ីសាមុត នៅឆ្នាំ ១៩៦៦។ អ្នកស្រី រស់ សេរីសុទ្ឋា ចាប់អាជីពសិល្បៈករនៅឆ្នាំ ១៩៦៧ ជាមួយនឹងបទស្ទឹងខៀវ។ សំលេងស្រួយស្រេះរបស់អ្នកស្រីសក្តិសមឥតខ្ចោះជាមួយសំលេងធ្ងន់ក្រអួនរបស់លោក ស៊ីន ស៊ីសាមុត។

ទសវត្សរ៍៧០

ប្រជាប្រិយភាពរបស់លោក ស៊ីន ស៊ីសាមុត បានធ្វើអោយលោកមិនអាចនិពន្ឋបទភ្លេងអោយទាន់តំរូវការអ្នកគាំទ្រលោក។ ហេតុនេះគាត់ក៏ចាប់ផ្តើមយកបទរបស់កវីផ្សេងទៀតមកច្រៀង។ ដំបូងគាត់ច្រៀងបទនិពន្ឋរបស់ លោក ពៅ ស៊ីផូ លោក ស្វាយ សំអឿ លោក ម៉ា ឡៅពី លោក ម៉ែ ប៊ុន (មិត្តស្និទ្ឋស្នាលរបស់លោក) និងលោក ហាស់ សាឡន។ ពីឆ្នាំ ១៩៧០ដល់ឆ្នាំ ១៩៧៥ ភាគច្រើនគាត់ច្រៀងបទនិពន្ឋដោយលោក វ៉ោយ ហូ។ ទោះជាគាត់ច្រៀងបទដែលនិពន្ឋដោយអ្នកដទៃ បទចំរៀងរបស់គាត់នៅតែមានប្រជាប្រិយភាព។ ព្រមជាមួយបទចំរៀងផ្ទាល់ខ្លួន លោកក៏បានយកទំនុកភ្លេងបរទេសមកច្រៀងជាខ្មែរដែរ។ ដូចជា បទឆ្នាំមុន និងបទស្នេហ៍ឆ្លងវេហា ដែលយកពីថៃ បទបងនៅតែចាំអូន តាមលំនាំបទ The House of the Rising Sun បទខ្ញុំស្រលាញ់ស្រីតូច លំនាំបទ Black Magic Woman។
នៅក្រោយមកទៀត លោកស៊ីន ស៊ីសាមុតថតអាល់ប៊ុមអោយផលិតកម្មច័ន្ទឆាយា និងផលិតកម្មហេងសេង។ លោកក៏សរសេរចំរៀងអោយផលិតកម្មភាពយន្តផ្សេងៗផងដែរ។ រហូតមកទល់ឆ្នាំ១៩៧២ លោកបានលក់ចំរៀងជាង១ពាន់បទអោយផលិតកម្មនានា។ រហូតដល់ការដួលរលំនៃសាធារណរដ្ឋខ្មែរនៅឆ្នាំ១៩៧៥ លោកបានថតចំរៀងប្រហែល១ពាន់បទទៀត។
បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១៨ មីនា ១៩៧០ លោកស៊ីន ស៊ីសាមុតបានចាកចោលវង្សភ្លេងព្រះរាជទ្រព្យ ទៅការិយាល័យទី៥នៃក្រសួងអគ្គមេបញ្ជាការនៃសាធាណរដ្ឋខ្មែរ។ គាត់បាន់ធ្វើការនៅការិយាល័យទី៥រយៈពេល១ឆ្នាំ រួចក៏ចូលក្នុងក្រុមតន្ត្រីក្រសួងក្នុងឋានៈជាអនុសេនីយ៍ទោ។ នៅមុនពេលខ្មែរក្រហមកាន់កាប់ លោកបានឡើងឋានៈដល់អនុសេនីយ៍ឯក។

​នេះ​ជា​រូបថត​ចំណាស់​មួយ​សន្លឹក​ របស់​អធិរាជ​សំឡេង​មាស​ ស៊ិ​ន​ ស៊ី​សា​មុត​ ដែល​ថត​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​៧០​ ៕​

ជីវិតផ្ទាល់ខ្លួន

ស្នេហា អាពាហ៍ពិពាហ៍និងគ្រួសារ

លោកស៊ីន ស៊ីសាមុត មិនដែលមានទំនាក់ទំនងស្នេហាអោយបានច្បាស់លាស់ជាមួយអ្នកណាទេ។ ដោយសារតែលោកមានមហិច្ចតាខ្ពស់និងបូជាខ្លួនសំរាប់ចំរៀង ហេតុនេះលោកមិនមានពេលសំរាប់មានស្នេហាផ្អែមល្អែមទេ។ ទំនាក់ទំនងរបស់លោកជាមួយស្រីៗ ទំនងជាគ្រាន់តែត្រឹមជាមិត្តជាជាងស្នេហា។
លោកស៊ីន ស៊ីសាមុតរៀបអាពាហ៍ពិពាហ៍២ដង។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្ត្រ លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី ខាវ ថងញ៉ុត ដែលជាបងប្អូនជីជូនមួយជាមួយលោក តាមការចាត់ចែងរបស់មេបា។ ពួកលោកមានបុត្រាបុត្រី៤នាក់។ បន្ទាប់ពីសម័យខ្មែរក្រហម មានតែកូនស្រីម្នាក់និងកូនប្រុសម្នាក់ទេដែលរួចរានមានជីវិត។ ជីវិតគ្រួសាររបស់លោកចាប់មានភាពរកាំរកូតដោយសារសំពាធពីអាជីពនិងកេរ្តិ៍ឈ្មោះរបស់លោក។ ភរិយារបស់លោកបានចាកចោលលោកទៅបួសជាដូនជី ពេលលោកស្រីមានអាយុ៣០ឆ្នាំ។
ទោះបីជាលោកស៊ីន ស៊ីសាមុតមានទេពកោសល្យនិងធ្វើការខ្លាំងផ្នែកចំរៀងនិងតន្ត្រីក៏ដោយ ប្រាក់ចំនូលរបស់លោកមានកំរិតមធ្យម បើប្រៀបធៀបនឹងអ្នកល្បីៗផ្សេងទៀត។ ទោះជាលោកជាអ្នកចំរៀងមានប្រជាប្រិយបំផុតនៅសម័យនោះក៏ដោយ ក៏លោកមិនអាចក្លាយជាអ្នកមានមហាសាលម្នាក់ដែរ។ ប៉ុន្តែប្រាក់ចំនូលរបស់លោកអាចអោយលោកដូររថយន្តវ៉ុលវ៉ាហ្គិន (Volkswagen)ពណ៌ខៀវផ្ទៃមេឃ យករថយន្តមែរសឺដែស (Mercedes 220D) បាន។
ជាទូទៅ ជីវិតរបស់លោកគឺសមញ្ញណាស់ ដោយចំនាយពេលភាគច្រើនសំរាប់ធ្វើការងារ។ ដោយសារតែប្រាក់ចំនូលបានពីសិល្បៈរបស់លោកមានកំរិតមធ្យម លោកបានហាមប្រាមកូនៗរបស់លោកមិនអោយចាប់អាជីពជាសិល្បៈករចំរៀងតន្ត្រីទេ។ លោកបានពន្យល់ដល់កូនប្រុសរបស់លោក(ស៊ីន ច័ន្ទឆាយ៉ា)ថា អាជីពជាអ្នកចំរៀងគ្មានតំលៃទេ។ ទោះជាកូនៗរបស់លោកបង្ហាញទេពកោសល្យផ្នែកចំរៀងក៏ដោយ ក៏ស៊ីន ស៊ីសាមុតមិនដែលជួយលើកទឹកចិត្តឬជួយបង្ហាត់បង្រៀនកូនៗពីសិល្បៈតន្ត្រីនិងចំរៀងដែរ។

មិត្តភក្តិនិងចំណង់ចំណូលចិត្ត

លោក ស៊ីន ស៊ីសាមុត ជាមនុស្សម៉ឺងម៉ាត់ក្នុងការងារ។ ក្នុងមុខជំនួញលោកជាមនុស្សគោរពពាក្យសំដី និងតែងផ្តល់នូវអ្វីដែលគាត់បានសន្យា។ គាត់មិនសូវនិយាយស្តីនិងកំប្លែងលេងឥតប្រយោជន៍ទេ មិនថាចំពោះភរិយា មិត្តភក្តិឬអ្នកមិនដែលស្គាល់គ្នាក៏ដោយ។ គេនិយាយថាមានថ្ងៃខ្លះគាត់និយាយមិនដល់១០ម៉ាត់ផងក្នុង១ថ្ងៃ។ ពេលដែលគាត់គ្មានកម្មវិធីសំដែង គាត់តែងចាក់សោរខ្លួនឯងក្នុងបន្ទប់ដើម្បី សសេរបទភ្លេង។
មិត្តភក្តិនៅដើមអាជីពរបស់លោកមានអ្នកស្រី ម៉ៅ សារ៉េត (ម្ចាស់បទមេឃខ្មៅងងឹត) អ្នកម្នាង សៀង ឌី និងលោក សុះ ម៉ាត់ ។ មិត្តជិតដិតបំផុតរបស់លោកមាន លោក ម៉ែ ប៊ុន(អ្នកដែលលោកទុកចិត្តបំផុត) និងលោក ស៊ីវ ស៊ុន ។ គេនិយាយថាលោកស៊ីវ ស៊ុន ជាស្រមោលរបស់លោកស៊ីន ស៊ីសាមុត។ លោក ស៊ីវ សុន មិនមែនជាអ្នកសិល្បៈទេ ប៉ុន្តែជាជំនួយការក្នុងការចាត់ចែងការងារផ្សេងៗជូនលោកស៊ីន ស៊ីសាមុត។
លោក ស៊ីន ស៊ីសាមុត ចូលចិត្តល្បែងជល់មាន់។ លោកថែមទាំងបានចិញ្ចឹមមាន់ជល់ដោយខ្លួនលោកផង។ លោកតែងភ្នាល់មាន់លេងជាមួយមិត្តភក្តិរបស់លោក។ គាត់តែងហាត់លើកទំងន់រាល់ព្រឹក។ ចំនូលចិត្តផ្សេងទៀតរបស់លោកមាន អានសៀវភៅនៅបណ្ណាល័យ និងមើលកុនបារាំងនៅរោងភាពយន្តលុច្សនិងរោងភាពយន្តព្រហ្មបាយ័ន។ ពេលយប់ បន្ទាប់ពីការសំដែង លោកតែងទៅហូបបបរជាមួយមិត្តភក្តិ។ គាត់មានកិច្ចសន្យាជាមួយភោជនីយដ្ឋាន៣នៅភ្នំពេញ ដោយច្រៀង២ទៅ៣បទក្នុងកំរៃ ១៥០០រៀល។ គួរបញ្ជាក់ដែរថាតំលៃគុយទាវនៅសម័យនោះមានតំលៃតែ ៥រៀលប៉ុណ្ណោះក្នុង១ចាន។ គាត់តែងទៅច្រៀងនៅរង្គសាលក្បាលថ្ម រង្គសាលនាគបាញ់ទឹកនិងរង្គសាល១ទៀតនៅក្បែរក្រសួងមហាផ្ទៃ។
គាត់មិនមែនជាមនុស្សរើសម្ហូបទេ។ គាត់ចូលចិត្តហូបម្ហូបឡាវ ដែលជាម្ហូបម្ដាយលោកធ្វើអោយហូបតាំងពីក្មេង។ ចំពោះម្ហូបខ្មែរ គាត់ចូលចិត្តប្រហុក និងផ្អកត្រី។ គាត់មិនដែលទទួលទានស្រាឬភេសជ្ជៈ ម្ទេស ម្រេច និងបារីទេ ព្រោះរបស់ទាំងនេះប៉ះពាល់ដល់ទឹកដមសំលេងគាត់។
នៅសម័យលន់នល់ គាត់ចាប់ផ្តើមច្រៀងចំរៀងឃោសនាអោយសាធារណរដ្ឋខ្មែរ។ នៅក្នុងកម្មវិធីទូរទស្សន៍នៅឆ្នាំ១៩៧១ គាត់ច្រៀងបទគាំទ្ររបបសាធារណរដ្ឋ ក្នុងសំលៀកបំពាក់យោធាដោយពាក់មួកកន្តិបបិតបាំងថ្ងាសឆកបន្តិចរបស់លោក។ គាត់បានរៀបអាពាហ៍ពិពាហ៍ជាថ្មីម្តងទៀតជាមួយអ្នករាំរបាំព្រះរាជទ្រព្យម្នាក់។ នៅពេលខ្មែរក្រហមវាយបានភ្នំពេញនៅខែមេសា ១៩៧៥ លោកត្រូវបានគេជន្លៀសចេញពីក្រុងជាមួយប្រជាពលរដ្ឋរាប់លានអ្នកទៀត។ គាត់ត្រូវពួកខ្មែរក្រហមសំលាប់បន្ទាប់ពីលោកថតបទចំរៀងអោយពួកវារួចហើយ។

កេរ្តិ៍ដំណែល

ទោះជាលោកបាត់បង់ជីវិតហើយក៏ដោយ បទចំរៀងរបស់លោកនៅតែដក់ជាប់ក្នុងដួងចិត្តប្រជាជនកម្ពុជា។ ខ្សែអាត់សំលេងរបស់លោកភាគច្រើនត្រូវបានបំផ្លាញនៅសម័យខ្មែរក្រហម។ ខ្សែអាត់ដែលនៅសេសសល់ត្រូវបានអ្នកស្រលាញ់សំលេងមាសរបស់លោកយកទៅថតបន្តជា កាសែត និងស៊ីឌី។ ហេតុនេះហើយសំលេងរបស់លោកនៅតែរស់រវើក តាមរយៈការផ្សាយរបស់ស្ថានីយ៍វិទ្យុនានា។
អធិរាជសម្លេងមាស ស៊ីន​ ស៊ីសាមុត ថតនៅប្រទេសបារាំង

អ្នក​ម្នាង សៀង ឌី និង​លោក ស៊ិន ស៊ីសាមុត ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​នៅ​ក្នុង​ឈុតឆាក​មួយ​​ក្នុង​​​ខ្សែ​ភាពយន្តមាន​ចំណង​ជើង​ថា «នាង​អប្សរា» ​​ជា​ស្នាព្រះ​ហស្តរបស់​សម្តេច​ឪនរោត្តមសីហនុ​។
.................................

Friday, May 20, 2016

ឧកញ៉ាក្រឡាហោម សឺនឌៀប ( Son Diep ) ( ១៨៥៥ - ១៩៣៤ )



 ជាកូនកសិករម្នាក់ដែលមានស្រុកកំណើតនៅខេត្តឃ្លាំង កម្ពុជាក្រោម ។ ឪពុកឈ្មោះ សឺន ល័ក្ខ ( Son Lek ) ម្តាយ នាង ពេជ ( Neang Pech ) ។
គាត់បានសិក្សារៀនសូត្រនៅវត្តពេជ្រ ស្រុកជ្រោយញ៉ ខេត្ត ពល្លាវ ( បច្ចុប្បន្ន ខេត្តឃ្លាំង ) និងបន្តរការសិក្សាភាសាបារាំង នៅមហាវិទ្យាល័យមួយនៃទីក្រុងព្រៃនគរ ឈ្មោះ collège d’Adran ។នៅក្នុងឆ្នាំ ១៨៧៧ លោកបានកាន់តំណែងជាអ្នកបកប្រែក្នុង ប្រចាំនៅទីក្រុង ពៃ្រនគរ ។
នៅឆ្នាំ ១៨៨៧ គាត់ទទួលបានការអនុញ្ញាតពីអាជ្ញាធរបារាំង ឱ្យត្រឡប់ទៅខេត្តរបស់គាត់វិញ គឺខេត្តឃ្លាំង ។ លោកត្រូវបានតែងតាំងតំណែងជាហ្វៀន (ពាក្យយួនមានងារស្មើ នឹងចៅហ្វាយស្រុក) ថ្នាក់ទី១ នៅស្រុកទ្រាំងនៅកម្ពុជាក្រោម ។
ក្នុងឆ្នាំ ១៩០៨ គាត់ត្រូវបានតែងតាំងជាឧកញ៉ា ក្រឡាហោម រដ្ឋមន្រ្តីនៃកងទ័ពជើងទឹក កសិកម្ម, ពាណិជ្ជកម្មនិងឧស្សាហកម្ម។ ក្នុងឆ្នាំ ១៩២៣ គាត់ត្រូវបានតែងតាំងជាឧកញ៉ា យមរាជ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ។

 រូបភាព ៖ ទ្រង់ស៊ីសុវត្ថិ និងរដ្ឋមន្ត្រី រាប់ពីឆ្វេងទៅស្តាំ  
1.Son Diep,
2. Monivong,
3. Sisowath,
4. Thiounn,
5. Ponn,
6. Chhum,


 រាប់ពីស្តាំទៅឆ្វេង ៖
១ ឧកញ្ញាយោមរាជ កុលដឺមុងតេរ៉ូ
២ ជវាវាំង ធួន
៣ ឧកញ្ញា សឺនឌៀប

គាត់បានទទួលមរណៈភាពនៅថ្ងៃទី ១២ ខែមេសាឆ្នាំ ១៩៣៤ ជុន្មាយុ ៧៩ ឆ្នាំ។ កូនស្រីទីពីររបស់លោកឈ្មោះ សាន់ណារី ( Neang Sunnary ) រៀបការជាមួយនឹងព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុន្នីពង្ស ដែលជាបុត្រារបស់ព្រះបាទស៊ីសុវត្ថិមុនីវង្ស ។
លោកបានទុកស្នាដៃអក្សរសិល្ប៍ជាកម្រងកំណាព្យមួយនិពន្ធពេលលោកមកកាន់ប្រទេស បារាំងក្នុងពេលពិធីតាំងពិពណ៌អន្តរជាតិនៅក្រុងប៉ារីស មានចំណងជើងថា " ល្បើកពីស្រុកព្រៃនគរទៅក្រុង បារាំងសែស ។
...............................
prépare et traduit par : ជេន្ទ្រ ឌី

Monday, December 7, 2015

ប្រវត្តិរូប លោក វូ​ដ្រូ វី​ល​សុន​ (Woodrow Wilson)





​វូ​ដ្រូ វី​ល​សុន (Woodrow Wilson)ប្រធានាធិបតី​អាមេរិក​ទី​២៨ កាន់​មុខតំណែង​ពីរ​អាណត្តិ (១៩១៣ -១៩២១) ត្រូវបាន​គេ​ចាត់ទុកថា ជា​ព្រឹទ្ធបុរស​មួយរូប​នៅលើ​ពិភពលោក។ លោក​ជា​អ​តី​តៈ​សាស្ត្រាចារ្យ និង​ជា​អធិការបតី​នៃ​មហាវិទ្យាល័យ​ព្រី​ន​តុ​ន ជា​មនុស្ស​រារាំង ឃាត់ឃាំង​មិនឱ្យ​សហរដ្ឋអាមេរិក​ធ្វើ សង្គ្រាមលោក​លើកទីមួយ​ជាមួយ​ប្រទេស​អាល្លឺម៉ង់ ប៉ុន្តែ​នៅពេល​ប្រទេស​ធ្លាក់​ក្នុង​សភាពការណ៍​ដែល​មិនអាច​គេចផុត​បាន លោក​បាន​ពិភាក្សា​ជាមួយ​សភា ដោយ​ចង់បាន​ជាខ្លាំង​នូវ “​សន្តិភាព​ដែល​ប្រាសចាក​នូវ​ជ័យជម្នះ​” (Peace Without Victor)។​

​លោក​ត្រូវបាន​គេ​បោះឆ្នោតឱ្យ​ជាប់​ជា​ប្រធានាធិបតី​ក្នុង​អាណត្តិ​ទី​២ ដោយសារតែ​ជន​អាមេរិក​ចាត់ទុកថា​លោក​មិនបាន​ធ្វើឱ្យ​អាមេរិក​ត្រូវ​ចូលរួម ធ្វើសង្គ្រាម​និង​ជា​មនុស្ស​ចេះ​យល់ដឹង​នូវ​វី​ធី កែប្រែ​បន្ថែម​ទៅលើ​ធម្មនុញ្ញ​របស់​សហព័ន្ធ​ក្នុងសម័យ​សង្គ្រាម ហើយ​ព្រមឱ្យ​ស្ត្រី​មាន​សិទ្ធិ​បោះឆ្នោត​ជា​លើកដំបូង​នៅ​ឆ្នាំ​១៩១៩ ។​

​វូ​ដ្រូ​វ វី​ល​សុន ជា​បុត្រ​របស់​ត្រកូល​មន្ត្រី ។​ឪពុក​របស់លោក​ជា​រដ្ឋមន្ត្រី ចំណែក​ម្តាយ​ក៏​ជា​កូន​រដ្ឋមន្ត្រី​ដែរ ។​

​គាត់​កើត​នៅ​ថៃ្ង​ទី​២៨​ខែធ្នូ ១៨៥៦​នៅ​រដ្ឋ​វើ​ជី​នៀ ។ លោក​រៀន​ចប់​មហាវិទ្យាល័យ​ពីរ និង​ទទួលបាន​សញ្ញាប័ត្រ​ច្បាប់​ជាន់ខ្ពស់ ក៏​ចេញទៅ​ធ្វើការ​ជា​អ្នកច្បាប់ ប៉ុន្តែ​ការងារ​លោក​មិនសូវ​សម្រេចបាន​ជោគជ័យ ក៏​ងា​កមក​ប្រឡូក​ក្នុង​ការងារ​សរសេរ​និង​បង្រៀន​រហូត​តម​កបាន​ក្លាយជា សាស្ត្រាចារ្យ​ច្បាប់ និង​អធិការបតី​នៃ មហាវិទ្យាល័យ ។​

​វី​ល​សុន ត្រូវបាន​គេ​ចាត់ទុកថា ជា​បុគ្គល​ដែលមាន​ខួរក្បាល​ពូកែ​គិត និង​ប្រាជ្ញា​ឈ្លាសវៃ​ប្រកបដោយ​ឧ​ត្ត​ម​គតិ​ស្មោះត្រង់ និង​ស្រឡាញ់​សន្តិភាព ។​ ប៉ុន្តែលោក​ខ្វះ​ភាពជិតស្និទ្ធ​នឹង​ប្រជាជន​បន្តិច ប៉ុន្តែ​ក្នុង​ការងារ​របស់លោក គឺ​ល្អ​ទាំងអស់​ក្នុងសម័យ​អាណត្តិ​ទី​១ អ៊ីចឹង​ហើយ​ទើប​លោក​ជាប់​នៅ​អាណត្តិ​ទី​២ ទៀត ។​

​មុនពេល​ចូលមក​កាន់​មុខនាទី​គណបក្ស​ប្រជាធិបតេយ្យ នឹងត្រូវ​បានស្នើ​ឈ្មោះ​ឱ្យ​ឈរ​ឃោសនា​រក​សំឡេង​នោះ លោក​បាន​លាលែង​ចេញពី​មុខនាទី​សាស្ត្រាចារ្យ​ច្បាប់​មក​ធ្វើជា​អភិបាលរដ្ឋ វើ​ជី​នៀ​។ ក្នុងសម័យ​លោក​កំពុង​ឈាន ជើង​លើ​ទីលាន​ប្រកួត​កាលនោះ គណបក្ស​សាធារណរដ្ឋ​បាន​កាន់តំណែង​ប្រធានាធិបតី​៣​អាណត្តិ​តៗ​គ្នា សូម្បីតែ​លោក​រ៉ូ​ស​វ៉ែល ដែលជា​អ្នក​ធ្លាប់​បានទទួល​ការនិយម​ចូលចិត្ត​ពី​ប្រជាជន​នោះ ក៏បាន​ចូលរួម​ឃោសនា​ប្រឆាំងនឹង​លោក​ដែរ ប៉ុន្តែ​ទីបំផុត​លោក​នៅបាន​ឈ្នះឆ្នោត ។​

​បានឈ្នះ​ឆ្នោត​ក្នុង​គ្រានោះ លោក​ដឹងថា​ភារកិច្ច​មួយ​របស់លោក​គឺ​កែទម្រង់ សេដ្ឋកិច្ច ។ ភារកិច្ច​ដំបូង​ក្នុង​រដ្ឋាភិបាល​លោក គឺ​បាន​កែប្រែ​អត្រាពន្ធ​មួយចំនួន​ជាថ្មី ។ លោក​បាន​ព្យាយាម​បញ្ចុះតម្លៃ​សម្រាប់​ជីវិត​ប្រចាំ​ថៃ្ង​របស់​ប្រជាជន​ឱ្យ នៅសល់​តិច​បាន​យ៉ាងពិត​ប្រាកដ ។​

​ក្រៅពីនេះ​រដ្ឋាភិបាល​វី​ល​សុន បាន​បង្កើត​ច្បាប់​ឡើងមក​បន្ថែម​ជាច្រើន​ដូចជា​៖ ច្បាប់​ទុនបម្រុង​របស់​សហព័ន្ធ​ក្នុង​ឆ្នាំ​១៩១៣ ដើម្បី​គ្រប់គ្រង​ស្ថិរភាព និង​ធនាគារ​ផ្សេងៗ​, ច្បាប់​ឱ្យ​ខ្ចីលុយ​ក្នុង​កសិកម្ម របស់​សហព័ន្ធ និង​ច្បាប់​ការងារ​នៅ​ឆ្នាំ​១៩១៦ ។ ប្រវត្តិ​នៃ​ការកែទម្រង់​នេះ គឺ​បាន​ឆ្លើយតប​នឹង​បំណង​ប្រជាជន​អាមេរិក ។ សំខាន់​ជាងនេះទៅទៀត​លោក​ជា​ស្ថាបនិក​សន្តិភាព ចំពោះ​សង្គ្រាមលោកលើកទី​១​។​

​វី​ល​សុន បាន​ចូលមក​កាន់តំណែង​បាន​ត្រឹម​មួយឆ្នាំ​គឺ​នៅ​គ​.​ស​១៩១៤ សង្គ្រាម លោក​លើកទីមួយ​ក៏បាន​កើតឡើង​នៅ​អឺរ៉ុប ។ ក្នុងដំណាក់កាល​ដំបូង​សង្គ្រាម មើល ទៅ​ហាក់ដូចជា​ស្ថិតនៅ​ឆា្ង​យ ប៉ុន្តែ​យូរ​ទៅ​ក៏​កាន់តែ​ធ្វើឱ្យ​បុគ្គល​ថ្នាក់ដឹកនាំ និង​មហា ជន​របស់​អាមេរិក​ទូទៅ ត្រូវ​ឈឺឆ្អាល​ចំពោះ​សង្គ្រាម​ដែល​កំពុងតែ​កើត​លើ ជីវិត​សេដ្ឋកិច្ច និង​នយោបាយ​គ្រប់​ទីកន្លែង ។ ចំពោះ​ការដឹកជញ្ជូន​តាម​នាវា​ឆ្លងកាត់​សមុទ្រ លោក​វី​ល​សុន បាន​ចេញមុខ​ប្រឆាំង​យ៉ាងខ្លាំង និង​ចាប់តាំងពី​ពេល​នោះមក​បាន​ពិភាក្សា​ជា​បន្តបន្ទាប់​ជាមួយនឹង អាល្លឺម៉ង់​។​

​ក្នុង​ខែកុម្ភៈ​១៩១៥ អាល្លឺម៉ង់​ប្រកាសថា នឹង​បំផ្លាញ​នាវា​ដឹកទំនិញ​ក្នុង​ដែនទឹក​ជុំវិញ​កោះ​អង់គ្លេស​ឱ្យ​ខ្ទេច ទាំងអស់​,​ពេលនោះ ប្រធានាធិបតី​វី​ល​សុន​បានប្រកាស​ដាស់ តឿន​ថា អាល្លឺម៉ង់​ត្រូវតែ​ទទួលខុសត្រូវ​យ៉ាង​ពេញលេញ​ចំពោះ​ការខូចខាត​នាវា ឬ​ជីវិត​ជន​អាមេរិកាំង​នៅ​ទីនោះ ។ ប៉ុន្តែ​រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​តប​វិញ​ថា ការ​ខ្ទប់​បិទ​ច្រក​របស់​ភាគី​សម្ព័ន្ធមិត្ត ដែល​បានធ្វើ​ចំពោះ​អាល្លឺម៉ង់​នោះ ជា​វិធី​ធ្វើសង្គ្រាម​ដ៏​សែន ទារុណ​ជាង​ការប្រើ​នាវាមុជទឹក​ទៅទៀត ព្រោះ​ការបិទច្រក​នោះ ជាការ​បំផ្លាញ​ជីវិត​នៃ​ក្រុម​នាវា​អាល្លឺម៉ង់​ឱ្យ ស្លាប់​។​

​អាល្លឺម៉ង់​បានធ្វើឱ្យ​មតិ​មហាជន​អាមេរិក​ផ្ទុះ​ចេញ​នូវ​កំហឹង បន្ទាប់ពី​ព្រឹត្តិការណ៍​ក្នុង​រដូវ​ស្លឹកឈើ​លាស់​នៃ​ឆ្នាំ​១៩១៥ ដែល​ក្នុងពេលនោះ​កប៉ាល់​សមុទ្រ​មួយ របស់​ប្រទេស​អង់គ្លេស ត្រូវ​អាល្លឺម៉ង់​បាញ់​ពន្លិច​ស្លាប់​មនុស្ស​អស់​១.២០៩​នាក់ ក្នុងនោះ​មាន​ជនជាតិ​អាមេរិក ១២៨​នាក់ ។ ប៉ុន្តែ​សូម្បី​ពេលនោះ​មតិ​មហាជន​អាមេរិកាំង​មាន​កំហឹង​យ៉ាងណាក៏ដោយ ក៏​ពិបាក​រក​ចិត្ត​ត្រជាក់​ឯណា​ស្មើ​ប្រធានាធិបតី​វី​ល​សុន​បានដែរ ព្រោះ​លោក​បាន​សង្កត់ចិត្ត រ​មា្ង​ប់​ចិត្ត​មហាជន​រហូតដល់​ថៃ្ង​ទី​៤ ឧសភា​ឆ្នាំ​១៩១៦ រដ្ឋាភិបាល​អាល្លឺម៉ង់​បានផ្តល់​ពាក្យ​ធានាថា ចាប់ពីពេលនេះ​តទៅ សង្គ្រាម​ដោយ​នាវា​មុជ ទឹក​ត្រូវធ្វើ​ក្នុង​ដែន​កំណត់ ដើម្បី​តបស្នង​នឹង​ការអំពាវនាវ​របស់​អា​មេ​រិ​ក ហើយ​ចាប់ពីពេលនេះ​មក បញ្ហា​សង្គ្រាម​នាវាមុជទឹក​ក៏បាន​ថយចុះ មិនបាន​ប៉ះពាល់​ដល់​ជនជាតិ​អាមេរិកាំង​ទេ​។​ក្នុង​ឆ្នាំ​នោះឯង​វី​ល​សុន ក៏​អាច​ឈ្នះឆ្នោត​ក្នុង​អាណត្តិ​ទី​២ ដោយ​ទទួលបាន​រង្វាន់​ពី​ប្រជាជន​នូវ​ពាក្យ​ថា “​គាត់​មិនបាន​ធ្វើឱ្យ​យើង​ឈានចូល​ក្នុង​សង្គ្រាម​” ។​

​ប៉ុន្តែ​នៅក្នុង​ខែមករា ឆ្នាំ​១៩១៧ រដ្ឋាភិបាល​អាល្លឺម៉ង់​ក៏បាន​ត្រឡប់​ពាក្យសម្តី ព្រម ទាំង​បានប្រកាស​ចេញមក​យ៉ាងច្បាស់​លាស់​ថា នឹងមាន​ការធ្វើ​សង្គ្រាម​ដោយ​នាវាមុជទឹក ដោយ​មិន​កំណត់​ទិសដៅ ហេតុនេះ ហើយ​ទើប​រដ្ឋាភិបាល​លោក​វី​ល​សុន និង​ប្រជាជន​អាមេរិកាំង​ទាំងអស់​ចាត់ទុកថា ប្រកាស​នេះ​ធ្វើឱ្យ​សង្គ្រាម​ក្លាយជា​រឿង​ដែល​មិនអាច​គេចផុត​បាន ។​

​ក្នុង​ថៃ្ង​ទី​២​ខែមេសា​ឆ្នាំ​១៩១៧ បន្ទាប់ពី​នាវា​អាមេរិក​ចំនួន​៥​គ្រឿង​ត្រូវ​បាញ់​លិច វី​ល​សុន​ចូលប្រជុំ​សភា និង​អនុម័ត​បង្កើត​សង្គ្រាម​។ រដ្ឋាភិបាល​ក៏បាន​អំពាវនាវ​រក​ទាហាន និង​បញ្ជូនទាហាន​តាម​នាវា​ចេញពី​ផែ លុះដល់​ខែតុលា​ឆ្នាំ​១៩១៨ ក៏មាន​កងទ័ព​ជើង គោក​អាមេរិក​នៅ​ប្រទេស​បារាំង​មាន​ចំនួន​ប្រមាណ ១.៧៥០.០០០​នាក់ ។​

​អាមេរិក​បាន​បញ្ជូន​ក​ម្លាំ​ង​ទៅ​ជួយ​អង់គ្លេស ។ វី​ល​សុន ក្នុងឋានៈ​ជា​អ្នកដឹកនាំ​សង្គ្រាម បានធ្វើឱ្យ​សង្គ្រាម​បញ្ចប់​យ៉ាង​រហ័ស ដោយ​គាត់​ជា​អ្នកកំណត់​ទិសដៅ​ក្នុងការ​ធ្វើសង្គ្រាម​របស់​ភាគី​សហព័ន្ធ មិត្ត ។ ចាប់តាំងពី​សង្គ្រាម​ចាប់ផ្តើម​ម្ល៉េះ វី​ល​សុន​បាន ប្រកាសថា សង្គ្រាម​នោះ​មិនបាន​ធ្វើ​ចំពោះ​ប្រជាជន​អាល្លឺម៉ង់​ទេ ប៉ុន្តែ​បានធ្វើ​ចំពោះ​រដ្ឋាភិបាល​អា​ហ្គា​ធិ​ប៉ាត​របស់​អាល្លឺម៉ង់ តែប៉ុណ្ណោះ ។​

​ក្នុង​ខែមករា​ឆ្នាំ​១៩១៨ វី​ល​សុន បានស្នើ​ឡើង​នូវ​គោលការណ៍​សន្តិភាព​ដោយ​យុត្តិធម៌​ចំនួន​១៤ ប្រការ​ចំពោះ​សភា​ដែល​ក្នុង​ប្រការ​ទី​១៤​លោក​បានកំណត់​ឱ្យមាន ការបង្កើតឡើង​នូវ​សមាគម​អន្តរជាតិ ប្រយោជន៍​ដើម្បី​ជា​“​មូលដ្ឋាន​ការពារ​ឯករាជ្យ​ខាង​នយោបាយ និង​បូរណភាព​ដែនដី​”​រវាង​រដ្ឋាភិបាល​តូច​-​ធំ​នៅ លើ​ពិភពលោក ។ ក្នុង​ខែមេសា​ក្នុង​ឆ្នាំ​ដដែល​នេះ រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ងាក​មក​ទំនាក់ទំនង​ជាមួយ​វី​ល​សុន សុំ​ចរចា​បញ្ចប់សង្គ្រាម​តាម​លក្ខខណ្ឌ​១៤​ប្រការ​របស់គាត់ ។ វី​ល​សុន បាន​ចរចា​ជាមួយ​សម្ព័ន្ធមិត្ត​រួចរាល់ ហើយ ភាគី​សម្ព័ន្ធមិត្ត​ក៏បាន​ទទួល​សំណើ​របស់​អាល្លឺម៉ង់ ។​ការបញ្ចប់​សង្គ្រាម​ក៏បាន​មកដល់​នៅ​ថៃ្ង​ទី​១១​ខែវិច្ឆិកា​ឆ្នាំ​១៩១៨ ។​

​សូម្បី​មាន​សេចក្តី​សង្ឃឹមថា សន្ធិសញ្ញា​ចុងក្រោយ​នេះ​មាន​លក្ខណៈ​ជា​សន្តិភាព ជា​លទ្ធផល​បានមកពី​ការចរចា​ព្រមព្រៀងគ្នា ប៉ុន្តែ​វី​ល​សុន​នៅតែ​មិន​ទុកចិត្ត ព្រោះ​ខ្លាច​នៅពេល​មានឱកាស​អាល្លឺម៉ង់​នឹង​បង្កើត សង្គ្រាម​នឹង​សម្ព័ន្ធមិត្ត​ទៀត ។​លោក​បាន​សម្របសម្រួល​ឱ្យមាន​ការចរចា​សន្តិភាព​នៅ​ក្រុងប៉ារីស ប៉ុន្តែ​នៅ​ទីបំផុត បញ្ហា​ទាក់ទង​ក្នុង​ការស្នើ​ឱ្យមាន​សន្តិភាព​ពិភពលោក​ជា​អចិន្ត្រៃយ៍​នោះ ត្រឡប់​ជា​មិនសូវ​បាន​គេ​ពិចារណា ។​

​នៅពេល​ជួប​បរាជ័យ​បែបនេះ​ក្នុង ក្រុង​វ៉ាស៊ីនតោន​ហើយ លោក​តែង​ឧស្សាហ៍​ចេញទៅ​ឃោសនា​រក​សំឡេង​និង​អង្វរករ​សុំ​គំនិត​យល់ឃើញ​ពី ប្រជាជន​ទូទាំងប្រទេស ។ ដោយ​ជីវិត​របស់លោក​ត្រូវ​ទទួលរង​នឹង មុខនាទី និង​ភាព​ខ្វល់ខ្វាយ​ក្នុង​សង្គ្រាម ហេតុ នេះហើយ​ក្នុង​ថៃ្ង​ទី​២៥​ខែកញ្ញា​ឆ្នាំ​១៩១៩ គាត់​ក៏​ធ្លាក់ខ្លួន​ឈឺ​។​

​វី​ល​សុន បាន​រង​ទុក្ខ​ទារុណកម្ម​ដោយសារ​ជំងឺ និង​ត្រូវ​លា​ចេញពី​សេត​វិមាន​នៅ​ចុង​អាណត្តិ​ទី​២​របស់លោក ដោយ​ការយល់ឃើញថា ការងារ​នយោបាយ​រប​ស់​ខ្លួន​ត្រូវ​ចុះ​ទន់ខ្សោយ និង​រក​ភាព​ប្រាកដ​មិនបាន ។ ប៉ុន្តែ​លោក​ក៏បាន​ផ្ញើទុក​នូវ​គោលការណ៍​នៃ​អង្គការសហប្រជាជាតិ​ឱ្យបាន ដឹង​រហូតដល់​សព្វ​ថៃ្ង ។ លោក​ស្លាប់​នៅ​ថ្ងៃទី​៣​ខែកុម្ភៈ​ឆ្នាំ​១៩២៤៕

Sunday, December 6, 2015

ជីវ​ប្រវត្តិ​ លោក​ ហ៊ែល ស៊ុំផា​



លោក​ ហ៊ែល ស៊ុំផា​
​(១៩២២ –​ ១៩៧១)​
ជីវ​ប្រវត្តិ​
- កើត​​នៅ​​ថ្ងៃ ២​៣ មេសា​ ១​៩២២ ​នៅ​​ឃុំ​​ផ្សារ​​ក្រោម ​ស្រុក​​បាកា​ន ​ខេត្ត​​ពោធិ៍​សាត់។​
- មាតា​​នាម ​សេង ​លិញ បិ​តា​​នាម​ ម៉ៅ ​ហ៊ឺល ជា​​​មន្ត្រី​​ក្នុង​​រាជកា​រ​​អាណា​ព្យាបា​ល "​សឺក្រេទរ​ រ៉េ​ស៊ីដង់"​,
- អាយុ ៧​ ​ឆ្នាំ ចូ​ល​​រៀន​​នៅ​​កំពង់​ស្ពឺ រួ​ច​​នៅ​​កំពង់​ចាម,​
- អាយុ ១​២ ឆ្នាំ ​បិតា​​ទទួល​​អនិច្ចក​ម្ម​​ទៅ​ មក​​រៀន​​នៅ​​ភ្នំ​ពេញ,
- ១៩៤០ ​ចូល​​រៀន​​សា​លា​​ច្បាប់​ ចេញ​​ទៅ​​ធ្វើ​​ជា​​មន្ត្រី​​ក្នុង​​តុលា​ការ,​
- ១៩៤៣ ធ្វើ​​ក្រឡា​​បញ្ជី​នៅ​​សា​លា​​ដំបូង​​កំពង់​ធំ,​
- ១៩៤៥ ​ធ្វើ​​សុភា​ចារ​បុរស​នៅ​​សា​លា​​ដំបូង​​សៀម​រាប​ ក៏​​បាន​​រៀប​​អាពាហ៍​​ពិពាហ៍​​នៅ​សៀម​រាប​។
- ១៩៤៧ ​ជា​​ចៅ​ក្រម​នៅ​​សា​លា​​ឧទ្ធរណ៍ ​រួច​​ផ្លាស់​​ទៅ​​កំពង់​ចាម ​មក​​ភ្នំពេ​ញ​​វិញ ​និង​​ទៅ​សិក្សា​​នៅ​​ប្រទេស​​បារាំង​ ​មួយ​​ឆ្នាំ,​
- ១៩៦២ ​ជាប់​​ឆ្នោត​​ជា​​តំណាងរា​ស្ត្រ ​មណ្ឌល​​ជី​ក្រែង ​ខេត្ត​​សៀម​រាប,​
- បាន​​ធ្វើ​​ជា​​ប្រធាន​​សមាគ​ម​​អ្នក​​និពន្ធ​​ខ្មែរ ​ពី​​ឆ្នាំ ​១៩៥៧ ​ដល់ ​១៩៦៤,
​- ជា​​សាស្ត្រាចា​រ្យ​​មហា​​វិទ្យា​ល័យ​​ច្បាប់ ​អស់​​ពេល​​ច្រើន​​ឆ្នាំ,​
- ទទួល​​អនិច្ចក​ម្ម នៅ​​​ថ្ងៃ​ទី​ ៤ ​កញ្ញា ១​៩៧១។​
ស្នា​ដៃ​​
- រឿង ​ចិត្ត​​ឪពុក ​(បោះពុ​ម្ព​​ផ្សាយ ​ឆ្នាំ ​១៩៥៩),​
- រឿង ​ចោរ​​បិទ​​មុខ ​(បោះ​ពុម្ព​​ផ្សាយ ​ឆ្នាំ ​១៩៤១),​
- រឿង ចោ​រ​​លួច​​ប្រាក់​ (បោះពុ​ម្ព​​ផ្សាយ ​ឆ្នាំ ​១៩៥៣),​
- រឿង ​ចោរ​​ភ្នំ​​ត្បែង ​(បោះ​ពុម្ព​​ផ្សាយ ​ឆ្នាំ ​១៩៥៥),​
- ពន្យល់​​ច្បាប់​​សម្រាប់​​ប្រជា​រាស្ត្រ ​(បោះពុ​ម្ព​​ផ្សាយ​ ឆ្នាំ ​១៩៦០),​
- វចនា​នុក្រម​​ច្បាប់​ (បោះ​ពុម្ព​​ផ្សាយ ​ឆ្នាំ ​១៩៦៨),​
ដក​ស្រង់​​ស្នា​ដៃ​
..... អច្ឆ​រីយ៍ ​មិន​​និយាយ​​អ្វី​​ច្រើន​​ទេ ​ចាប់​​ដៃ​​នាង​​បារមិត្រ​ ​រត់​​ឡើង​​ឡាន​​ហ្ស៊ីប​​របស់​​លោក​​តេជ​កុល អ​ង្គុយ​​ទឹម​​គ្នា​បរ​​ចេញ​​ពី​​ទី​​នោះ​ សំដៅ​​ទៅ​​ថ្នល់​​ភ្លាម​​ទៅ។ ​បាត់​​ប្រហែល​​កន្លះ​​ម៉ោង ​ទើប​​ឃើញ​​យុវជ​ន​​ទាំង​​ពីរ​​នេះ​​ត្រលប់​​មក​​វិញ​​ដោយ​​ទឹក​​មុខ​​ញញឹម​ ​រីក​រាយ ហើ​យ​​ស្រែក​​ពី​​នាយ​​ឡើង​​ថា​ អ្នក​​ម្ដាយ​​រៀបចំ​​ទៅ​ ​លោក​​ធានា​​ថា​​​នាំ​​យក​​ក្រុម​​ប៉ូលិស​​ជាតិ​​មក​​ទទួល​​យើង​​ហើយ។​
តាំង ​​ពី​​ថ្ងៃ​​នោះ​​មក ​បណ្ដា​​ជន​​ក្នុង​​ប្រទេស​​កម្ពុជា​​ទាំង​​មូល ​មាន​​សោមនស្ស​​តែ​​រាល់​​រូប ​ចំណែក​​ឈ្មួញ​​ជួញ​​ដូរ​បាន​​រក​ស៊ី​​ក្នុង​​សេរីភា​ព ​ដោយ​​សារ​​ស្នា​ដៃ​​នៃ​​ពួក​​កង​ទ័ព​​នៃ​​នា​ង​ចរណា ​ដែល​​រាជកា​រ​​ខ្មែរ​​បាន​​យក​​មក​​ទំនុក​​បម្រុង ​ហើយ​​ឲ្យ​​បង្ក្រាប​​អសន្តិសុ​ខ​​ឲ្យ​​បាន​​ស្ងាត់​​ឆុត​​ឆាប់។​
                                                     (រឿង​​​ចៅ​​​បិទ​​​មុខ)​​
 
 
 
 
                   កើត​​​ជា​​អង្គ​                       ពង្ស​​ជា​​មនុស្ស​                  ប្រុស​​ឬ​​ស្រី​
                   មាន​​សំដី ​                        ថ្វី​​គំនិត​                            គិត​​គ្រប់​​ប្រាណ​
                   ត្រូវ​​ប្រឹង​​រៀន​                    រៀន​​អោយ​​ចេះ​                  ចេះ​​ចំណាន​
                   ទើប​​ជាតិ​​បាន​                   ឋាន​​ខ្ពង់​ខ្ពស់​                     យស​​ថ្កុំ​ថ្កើង ​។

ជីវ​ប្រវត្តិ​ លោក​ ហេងយ៉ា​ន់




លោក​ ហេង យ៉ា​ន់
​(១៩២១ –​ ១៩៦៧)
ជីវ​ប្រវត្តិ​
- កើត​​នៅ​​ថ្ងៃ ២​៦ ម​ករា ១​៩២១ ​នៅ​​សង្កាត់​​លេខ​៣ ​ក្រុង​​ភ្នំ​ពេញ,
​- មាតា​​នាម​ ទេស ​ទឹម បិ​តា​នា​ម ​សៅ​ ហេង ​ជា​​មន្ត្រី​​ក្នុង​​វាំង,
​- អាយុ ៧​ ​ឆ្នាំ ​ចូល​​រៀន​​នៅ​​សា​លា​​ហ្វ្រង់​ស្វា ​រួច​​ចូល​​វិទ្យា​ល័យ​​ស៊ី​សុវត្ថិ នៅ​ ​គ.ស ​១៩៣៥,
- ឆ្នាំ ​១៩៤៤ ​ធ្វើ​​ជា​​លេខាធិ​ការ​​បច្ចេកទេស​ ហើ​យ​​ប្រឡង​ជា​ប់​​ជា​​សឺក្រេ​ទែរ​​រេ​ស៊ី​ដង់​ និង​​ជាប់​ចូល​​រៀន​សា​លា​​​រដ្ឋ​បាល,
​- ១៩៤៤ ​ជាប់​​សញ្ញាប​ត្រ​សា​លា​​​រដ្ឋ​បាល ​ទៅ​​ធ្វើ​​បា​ឡាត់​​ស្រុក​​បា​កាន​ ​ខេត្ត​​ពោធិ៍​សាត់,​
- ១៩៤៦ ​ចូល​​មក​​ធ្វើ​កា​រ​​នៅ​​ក្រសួង​​ហិរញ្ញ​វត្ថុ ជា​​​នាយ​​ការិយាល័​យ​​នាយ​​ក្រុម ​ហើយ​​ជា​នាយក​​ការិយាល័​យដោយ​​បាន​​ផ្លាស់​​ប្ដូរ​​ក្រម​​ខណ្ឌ​​ពី​​ មន្ត្រី​​រដ្ឋបាល​ ម​ក​​ខាង​​ក្រសួង​​ហិរញ្ញ​វត្ថុ​​ វិញ។ ​ក្នុង​​មុខ​​ក្រសួង​នេះ​ ​លោក​​បាន​​ទទួល​ភា​រកិច្ច​ទៅ​​​បំពេញ​​បេស​កកម្ម​ឯ​​បរទេ​ស​​ជា​ញឹកញា​ប់,
​ - បាន​​សិក្សា​​ខ្មែរ​​ហ្មត់ច​ត់​ក្នុង​​សំណាក់​​ព្រះ​​គ្រូ​​សំ​សត្ថា ​ជួន-​ណាត,​ ព្រះ​​គ្រូ​​ សំ​ វិជ្ជា​ ហួត–តាត,​ ព្រះ​​អាចារ្យ ​ប៉ែន–សុខ ​ជាដើ​ម,
- ទោះបី​​​ជាប់​​កិច្ចកា​រ​​ច្រើន​​ក្ដី ​លោក​​នៅ​​តែ​​ខិតខំ​​​ឆ្លៀត​​សរសេ​រ ​ខំ​​អាន​​ខំ​​ស្រាវ​ជ្រាវ ​ចងក្រង​រៀបរៀ​ង​​ជា​​សៀវ​ភៅ​​សិក្សា​​ខ្លះ ​ប្រលោមលោ​ក​​ខ្លះ,
​- ទទួល​​អនិច្ចក​ម្ម​​នៅ​​ថ្ងៃ​​ទី ២៨ ឧ​សភា ​១៩៦៧ ​អាយុ​​បាន ​៤៦ ​ឆ្នាំ។
​ស្នា​ដៃ​​
- រឿង កំ​ពូល​​កំសត់ ​(បោះ​ពុម្ព​​ផ្សា​យ​ក្នុ​ង​កម្ពុជសុ​រិយា ​១៩៤៤),
​- រឿង ​កំពូល​​ស្នេហា (​បោះពុ​ម្ព​​ផ្សាយ​​ក្នុង​​កម្ពុជ​សុរិយា ១​៩៤៦),​
- អក្សរ​សាស្ត្រ​​ខ្មែរ ​ជា​​គោល​​ប្រវត្តិ ​(បោះ​ពុម្ព ​១៩៥៦),​
- ប្រជុំ​​រឿង​​ល្បើក ​ពាក្យ​​កាព្យ ​(បោះ​ពុម្ព ​១៩៥០),​
- អំពី​​ការ​​វែង​​នៃ​​វដ្ដ​សង្សា ​(បោះ​ពុម្ព ១​៩៥៧),
​- អត្ថប​ទ​ខ្លីៗ ​ច្រើន​​ទៀត​​ចុះ​​ផ្សាយ​​ក្នុង​​ទស្សនា​វដ្ដី​​មិត្ត​​សាលា​​​បាលី ។​
អត្ថប​ទ​​ដក​ស្រង់​
..... ក្នុង​​ខណៈ​​នោះ ឮ​​​សូរ​ជើ​ង​​មនុស្ស​​រត់​​ពី​​ក្រោយ​​ខ្នង​​មក​ សោ​ភ័ក្ត្រ​ ​ក៏​​ងាក​​ភ្លាម​ឃើញ​​ក្មេង​​កាន់​​ក្រដាស​​ពណ៌​​ខៀវ ​សណ្ឋាន​​បួន​​ជ្រុង​ ហុច​​អោយ​​ពី​​ចម្ងាយ​​មក​។ សោភ័ក្ត្រ ​ស្ទុះ​​ពី​​កៅ​អី​ទទួល​​បាន​​សំបុត្រ​កា​ន់​​នៅ​​ដៃ ​ហើយ​​វិល​​ត្រលប់​​មក​​អង្គុយ​​កន្លែង​​ដដែល​​វិញ លើ​ក​​សំបុត្រ​​ឡើង​​ដាក់​​លើ​​ដើម​ទ្រូង​​ដោយ​​សេចក្ដី​​គោរព ​តក់​ស្លុត រ​ន្ធត់​​ចិត្ត ​អរ​​ផង ភ័យ​​ផង ​ញ័រ​​ដៃ ហែ​ក​​សំបុត្រ​​ស្ទើរ​​មិន​​ចង់​​កើត។​
ខណៈ ​​ដែល​​សោ​ភ័ក្ត្រ​​អាន​​សំបុត្រ​​ចប់​ ចិញ្ចើម​​ក៏​​ត្របាញ់​​ចូល​​គ្នា​​ឡើង​​ជា​​ទ្រនង់​​ត្រង់​​លើ​​ខ្ទង់​​ ច្រមុះ។​ មើល​​បាន​​ពាក់​​កណ្ដាល​ ក៏​​សម្លឹង​​មើល​​​ទៅ​ឆ្ងាយ​​យ៉ាង​​ស្រងូត​​ស្រងាត់ ​យូរ​​បន្តិច​​បាន​​លើក​​សំបុត្រ​​ឡើង​​អាន​ត​ទៅ​​ទៀត​ មុខ​​ក្រញូវ​​សន្សឹមៗ ​រីក​​បន្តិច​​ម្ដងៗ ​ឡើង​​វិញ​ ចុង​​បំផុត​បបូរ​​មាត់​​ញញឹម​​យ៉ាង​​ស្រស់។​
                                                                           (រឿង​ កំពូល​​ស្នេហា)​

​ជីវ​ប្រវត្តិ​ លោក​ រឹម ​គិន



លោក​ រឹម ​គិន
​(១៩១១ –​ ១៩៥៩)
​ជីវ​ប្រវត្តិ​
- កើត​​ពី ​គ.ស ​១៩១១ នៅ​​​សង្កាត់​​លេខ៤​ ក្រុង​​ភ្នំពេ​ញ,
​- មាតា​នា​ម​ រសា បិ​តា​​នាម ​គឹម ​ធ្វើ​​នាយ​​ត្រួត​​ការ​​សាធារណ​ការ,
​ - ចូល​​រៀន​​ដំបូង​​នៅ​​វត្ត​​ស្វាយ​ដង្គំ ចេះ​​អ​ក្សរ ​មើល​​សាស្ត្រា​​បាន​​សព្វ​​គ្រប់ ​ទើប​​ទៅ​​ចូល​​រៀន​​នៅ​សា​លាឌូដា​រត៍​​ដឺឡា​គ្រេ,​
- ១៩២៩ ​ចូល​​អនុវិ​ទ្យាល័​យ​​ស៊ីសុវត្ថិ ​អស់​​ពេល​ ៤ ​ឆ្នាំ,​
- ១៩៣៣ បា​ន​​ចូល​​រៀន​​វិជ្ជា​​គរុ​កោសល្យ ចេ​ញ​​ធ្វើ​​គ្រូ​​ជា​​ដំបូង​​ផ្លាស់​​ទៅ​​ខេត្ត​​បាត់ដំ​បង,
​- ១៩៣៥ ​បាន​​ផ្លាស់​​មក​​ភ្នំពេ​ញ​​វិញ ​ជា​​អនុរក្ស​​នៅ​​វិទ្យា​ល័យ​​ស៊ីសុ​វត្ថិ,
​- ១៩៤៧ ​ជា​​សាស្ត្រាចា​រ្យ​​ភា​សា​​ខ្មែរ ​នៅ​​សា​លា​​គរុវិ​ជ្ជា,​
- ១៩៥៥ ​– ៥៦ ​ជាប់​​ឆ្នោត​​ជា​​ប្រធាន​​សមា​គម​​អ្នក​​និពន្ធ​​ខ្មែរ,​
- បាន​​សរ​សេរ​​រឿង​​ប្រលោមលោ​ក ​សៀវ​ភៅ​​សិក្សា,​ កំណាព្យ ​និង​​រឿង​​ខ្លីៗ ​បោះពុ​ម្ព​​ហើយ​​ខ្លះ​ និង​ពុំ​​ទា​ន់​បោះ​​ខ្លះ​ រួម​​ទាំងអ​ស់​​មាន​ ៣៤ ​ឈ្មោះ,
​- ទទួល​​អនិច្ចក​ម្ម ​នៅ​​ថ្ងៃ ​២៧ ម​ករា ​១៩៥៩ ​ដោយ​​រោគ​​រលាក​​ខួរ ។​
ស្នា​ដៃ​
ស្នា​ដៃ​​សំខាន់ៗ ​គឺ ៖
- រឿង ​សូផាត ​(បោះ​ពុម្ព​​​ពី​ឆ្នាំ ​១៩៣៨),
​- ចិត្ត​​ចង​ចាំ ​(បោះ​ពុម្ព​​ឆ្នាំ​ ១៩៤៨),
​- ស្ត្រី​​កំព្រា​ (បោះ​ពុម្ព​​ឆ្នាំ​ ១៩៥១),​
- មើល​​ព្រះ​​ចន្ទ្រា ​(បោះពុ​ម្ព​​ឆ្នាំ​ ១៩៥២),​
- នាង​​សមាភា​រី ​(បោះ​ពុម្ព​​ឆ្នាំ​ ១៩៥២),​
- ពលវ​ង្សា ​(បោះ​ពុម្ព​​ឆ្នាំ ​១៩៥៣),​
- នាង​​រតន​នារី ​(ពាក្យ​​កាព្យ ​១៩៥៤),​
- ឈាម​​រក​​ឈាម​ (ពាក្យ​​កាព្យ ​១៩៥៤),​
- រៀន​​មើល​​ពន្យល់ ​(ពាក្យ​​កាព្យ ​១៩៥៧),​
អត្ថប​ទ​​ដក​ស្រង់​
.....សូផាត ​ ​ប្រដាប់​​ដោយ​​ខោ​​អាវ​​ចាស់​​តែ​​មួយ​​សម្រាប់​ ប្រញិប​​ប្រញាប់​​ទាញ​​សំបុត្រ​​មួយ​​ពី​​ហោ​ប៉ៅ​​ដាក់​​ទៅ​​លើ​​តុ ​ស្ទុះ​​សឹមៗ​ ចុះ​ម​ក​​ដី​ដើរ​​ចេញ​​ទៅ​​ក្រៅ​​របង​​ភ្លាម។​ ​អ្នក​​ក្រឡេក​មើ​ល​​ទៅ​​ផ្ទះ​ លើក​​ដៃ​​សំពះ​ «ឱ​! គុណ​​បុណ្យ​​ព្រះ​​ម្ចាស់​​ថ្លៃ ខ្ញុំ​​បួង​សួង​​សូម​​លោក​​ជួយ​​ទ្រ​ទ្រង់​​វង្សា​​លោក​​អធិបតី​​សេនា ​ដែល​​ប្រកប​​ដោយ​​ចិត្ត​​វិសេស​​ល្អ»​។
ទឹក​​ភ្នែក​​ជោរ​​ចេញ​​ពេញ​​មុខ​​មួយ​​រំពេច។​
សូផាត ​​ឈាន​​ជើង​​ដើរ​ ក្ដុក​​ក្នុង​​ចិត្ត ​អាឡោះ​​អាល័យ ​មិន​​ចេះ​​អស់​​មិន​​ចេះ​​ហើយ​ពី​​វង្ស​​គ្រួសារ​​លោក​​អធិបតី​​សេនា​។ អ្នក​​នឹក​​ឃើញ​​ថា ​លោក​​នា​ម៉ឺន​​ធំ​មាន​​គុណ​​នឹង​​អ្នក​​ស្មើ​​ឪពុក​​បង្កើត។​ ណារិ​ន​ ​ជា​​មិត្ត​​រក​​គ្មាន​​នៅ​​ក្នុង​​លោក​។ ម៉ានយ៉ា​ន ​ជា​​ធីតា​​ដែល​​តែង​​តែ​​រាប់អា​ន​​អ្នក​​ដោយ​​ស្មោះ​​ត្រង់ ។
ការ​​ខុស ​គឺ​​ខ្លួន​​អ្នក​​ដែល​​ក្បត់​​ចិត្ត​​ត្រង់​​របស់​​នាង ។​
                                                                                      (រឿង​ សូផា​ត)​

ជីវ​ប្រវត្តិ​ អ្នក​​ស្រី ​សិទ្ធ​



អ្នក​​ស្រី ​សិទ្ធ​
(១៨៨១ –​ ១៩៦៣)​
ជីវ​ប្រវត្តិ​
- កើត​​ថ្ងៃ​​ពុធ ​ខែ​​មិគ​សិរ ​ឆ្នាំ​​មមី​ ព.ស ២​៤២៤ ​ត្រូវ​​នឹង​​ឆ្នាំ ​១៨៨១ ​គ.ស ​នៅ​​សង្កាត់​​លេខ៤​ ក្រុង​​ភ្នំ​ពេញ,
​- ជា​​កូន​​ពៅ​​នៃ​ ​លោក ​ពិពិន​សិរី ​ចាង​ហ្វាង​ សូ ​អ្នក​​​ស្រី​ ឆ្លង,​
- បាន​​រៀន​​អក្សរ​​ខ្មែរ ​អក្សរ​​សៀម ​ក្នុង​​សំណាក់​​ឪពុក និ​ង​​អ្នក​​ជិត​​ខាង,
​- ចេះ​​បើក​​ក្រាំង​បើក​បទ​ក្នុង​​ក្រុម​​របាំ​​ព្រះ​​រាជ​​ទ្រព្យ​​យ៉ាង​​ប៉ិន​ប្រសប់,​
- មាន​​ស្វាមី​​ជា​​មន្ត្រី​​ខាង​​តុលាការ​ និង​​មាន​​បុត្រី​ ១​នាក់,​
- ប៉ិន​ប្រសប់​​តែង​​កាព្យ​​បាន​​ភ្លាមៗ​ ដូចជា ​បា​ន​​ឆ្លង​ឆ្លើយ​​ក្នុង​​ការ​​បើក​​បទ​​សក​វាទិ៍​​ប្រកួត​​​ជា​មួយ​ក្រុម​ ​វាំង​ជា​ដើម,​
- បាន​​ធ្វើ​ជា​​​នាយិកា ​នៃ​​ក្រុម​​បើក​​ក្រាំង​​មហោ​រី,
​ - នៅ​​ពេល​​អាយុ​​ចំណាស់​បាន​​ទៅ​​នៅ​​វត្ត​​បទុម ​កាន់​​សីល ​១០ ​បម្រើ​​សង្ឃ និ​ង​បាន​​សាង​​កុដិ​ទុក​​បូជា​​ព្រះ​​សង្ឃ,
​- ជន្មា​យុ ៨​២ ​ឆ្នាំ ​បាន​​ទទួល​​មរណ​ភាព​​នៅ​​ថ្ងៃ ៥​ ក​ញ្ញា ​១៩៦៣ ។​
ស្នា​ដៃ​
- រឿង​​ពិម្ពា​ពិលាប ​(បោះ​ពុម្ព​​ឆ្នាំ ​១៩៤២),​
- រឿង​ គូ​សាង ​ឬ មិ​ត្ត​​មិន​​ទ្រុស្ត​​មិត្ត​ (បោះ​ពុម្ព​​ឆ្នាំ ​១៩៥២),​
- រឿង ​ចិត្ត​​សត្យា​ (បោះ​ពុម្ព​​ឆ្នាំ​ ១៩៥៣),
​- បើក​បទ​ស​កវា​ទិ៍ ​(ភាគ​​ខ្លះ​បោះ​ពុម្ព​​ឆ្នាំ ​១៩៣២),
​អត្ថប​ទ​​ដក​ស្រង់​
          ..... ថ្វី​​បើ​​ស្រី​​ខឹង​​ប្រឹង​​ស្រែក​​ជេរ​                មិន​​ទេ​​មិន​​ទើង​​ខឹង​​សោះ​​ឡើយ​
          ប្ដី​​នាង​​ត្រូវ​​សរ​​ស្លាប់​​ទៅ​​ហើយ​                 កែវ​​អើយ​​គឺ​​កម្ម​​នាំ​ស​រ​​ទៅ ។​
          ចិត្ត​​បង​​គ្មាន​​ប៉ង​​នឹង​​ប្រមាថ​                     តែ​​ព្រួញ​​វា​​ផ្លាត​​ខ្ទាត​​ទៅ​​ត្រូវ​
          បង​​បាញ់​​សត្វ​​សោះ​​ចុះ​​ឥឡូវ​                  ស្រី​​ពៅ​​នៅ​​ថ្វី​​ព្រៃ​​ព្រឹក្សា ​។
          យំ​​សោក​​រក​​ប្ដី​​អាល័យ​​រស់​                      គឺ​​មោះ​​នឹង​​បាន​​ប្រាណ​​ស្នេហា​
          នេះ​​ទៅ​​ជា​​ខ្មោច​​ខូច​​អសារ​                     សោ​កា​​ធ្វើ​​អ្វី​​ស្រី​​តាម​​បង ​។
          ........................................................................................................
          វើយ​​ស្ដេច​​អបលក្ខណ៍​​ចិត្ត​​យក្ខ​​​យង់​​          កុំ​​មក​​រា​រង់​​ប្រឹង​​រិះ​រេ​
          លួង​​​ចិត្ត​​​អញ​​​ឥត​​អំពើ​​ទេ​                        ប្ដី​​គេ​​គេ​​នៅ​​មួយ​​មូល​​គ្នា ​។
          មក​​កេង​​ចង់​​បាន​​ប្រពន្ធ​​គេ​                      ទទេ​​តាម​​ចិត្ត​​ឥត​​រួញ​រា
​          បាញ់​​ប្ដី​​គេ​​ស្លាប់​​ត្រលប់​​ជា​                      ក្លែង​​ថា​​បាញ់​​សត្វ​​ផ្លាត​​ទៅ​​ត្រូវ​
          ស្លាប់​​ប្ដី​​រំពៃ​​ចង់​​ប្រពន្ធ​                            មិន​​ស្គាល់​​ទោស​​ធ្ងន់​​ពន់​​ពេក​​កូវ​
          ទេវតា​​បរា​មុខ​​ឥឡូវ​                               ស្លាប់​​ទៅ​​នៅ​​នា​ន​រក​​នាយ ​។
                                                                             (ស្រង់​​ពី​​ពិម្ពា​ពិលាប)​