Apr7
កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន កើតនៅថ្ងៃ ១៨ ខែតុលា ឆ្នាំ ១៩៣៩ នៅភូមិចំការសំរោង ឃុំចំការសំរោង ស្រុក បាត់ដំបង ខេត្តបាត់ដំបង ។ ឪពុកឈ្មោះ គង្គ ឈិន(ស្រុកកំណើតនៅ ខេត្តតាកែវ) ម្តាយឈ្មោះ ម៉រ ភឹង(បាត់ដំបង) ។
លោកបានចូលប្រឡូកក្នុងវិស័យតែងនិពន្ឋ ចាប់តាំងពីកំឡុងឆ្នាំ ១៩៥៥ មក រហូតបានប្រលងជាប់លេខមួយ ជាលើកដំបូង នៅក្នុង ឱកាសមហោស្រពអក្សរសិល្ប៍មួយ នៅក្នុងខេត្តបាត់ដំបងក្នុងឆ្នាំ១៩៥៧ ក្នុងស្នាដៃឈ្មោះ ” ស្នេហាលុះអវសាន”។
លោកបានចូលប្រឡូកក្នុងវិស័យតែងនិពន្ឋ ចាប់តាំងពីកំឡុងឆ្នាំ ១៩៥៥ មក រហូតបានប្រលងជាប់លេខមួយ ជាលើកដំបូង នៅក្នុង ឱកាសមហោស្រពអក្សរសិល្ប៍មួយ នៅក្នុងខេត្តបាត់ដំបងក្នុងឆ្នាំ១៩៥៧ ក្នុងស្នាដៃឈ្មោះ ” ស្នេហាលុះអវសាន”។
លោកជាអ្នសរសេរកាសែត អ្នកនិពន្ឋ ប្រលោមលោកពាក្យរាយ ប្រលោមលោកពាក្យកាព្យ កំណាព្យ ចម្រៀង សេណារីយ៉ូភាពយន្ត ជាអ្នកដឹកនាំសម្តែង ជាអ្នកនិពន្ឋបទភ្លេង ដ៏ល្បីឈ្មោះម្នាក់។ ក្រៅពីនេះ លោកក៏ជាអ្នកគូរ គំនូរអប់រំផងដែរ។
នៅឆ្នាំ ២០០០ លោកជាអ្នកនិពន្ឋជនជាតិខ្មែរ ទី ២ បន្ទាប់ពី ឯកឧត្តម ពេជ្រ ទុំក្រវិល ដែលបានទទួលជ័យលាភី ស្នាដៃតែងនិពន្ឋក្របខ័ណ្ឌអាស៊ាន ។
លោកត្រូវបាន អ្នកនិពន្ឋខ្មែរទាំងឡាយ ចាត់ទុកជា អ្នកនិពន្ឋដ៏ឆ្នើមម្នាក់របស់កម្ពុជា ដែលបានបន្សល់ទុក នូវស្នាដៃផ្នែកតែងនិពន្ឋ យ៉ាងច្រើនសន្ធឹកសន្ធាប់ មានប្រលោមលោក និង ចម្រៀងសម័យដើម ដែលមាន អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត អ៊ឹង ណារី រស់ សេរីសុទ្ឋា ប៉ែន រ៉ន និង អ្នកចម្រៀងល្បីៗ ជាច្រើនរូបទៀត បានបកស្រាយ ហើយស្នាដៃទាំងអស់នោះ នៅតែ ស្ថិតក្នងមនោសញ្ចេតនា អ្នកអាន និងអ្នកស្តាប់រហូតមកដល់សព្ឋថ្ងៃនេះ ។ ស្នាដៃចុងក្រោយរបស់លោកមួយទៀតមុននឹងលោកចាកចេញពីកម្ពុជា ទៅរស់នៅក្រៅប្រទេស គឺលោកបានសរសេរសៀវភៅប្រលោមលោកមួយដែលមានចំណងជើងថា "វាសនារបស់កញ្ញា តាត ម៉ារីណា"បន្ទាប់ពីចេញផ្សាយអត្ថបទរបស់លោកភ្លាម សមត្ថកិច្ចខ្មែរបានតាមចាប់រូបលោក ធ្វើឲ្យក្រុមគ្រួសាររបស់កវីនិពន្ធជើងចាស់រូបនេះ ត្រូវជម្លៀសចេញទៅប្រទេសថៃ មួយរំពេច មុននឹងបានសិទ្ធិបន្តទៅរស់នៅប្រទេសន័រវេសន៍។
នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ លោកគង្គ ប៊ុនឈឿន បានទទួលអនិច្ចកម្ម ក្នុងវ័យ ៧៧ឆ្នាំ នៅមន្ទីរពេទ្យមួយនៃប្រទេសន័រវេសន៍ បន្ទាប់ពីធ្លាក់ខ្លួនឈឺប្រមាណ ៣ឆ្នាំដោយសារជំងឺមហារីកតម្រងនោម ។ ក្រោយពីទទួលដំណឹងមរណភាពភ្លាម ពលរដ្ឋខ្មែរទាំងអ្នកនៅក្នុងប្រទេស និងអ្នករស់នៅក្រៅប្រទេស បានផ្ញើសារចូលរួមរំលែកទុក្ខក្រៀមក្រំជាមួយក្រុមគ្រួសាររបស់កវីនិពន្ធ គង្គ ប៊ុនឈឿន និងសម្ដែងការសោកស្ដាយជាខ្លាំងចំពោះការបាត់បង់កវីជើងចាស់ដែលមានថ្វីដៃរូបនេះ។
ទន្ទឹមគ្នានេះដែរ បណ្ដាំចុងក្រោយរបស់កវីនិពន្ធម្ចាស់បទ ស្ទឹងសង្កែរូបនេះ ដែលបានបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook)នៅមុនពេលលោកទទួលមរណភាពនោះ លោកបានផ្ដាំផ្ញើឲ្យពលរដ្ឋខ្មែរគ្រប់រូប ត្រូវរួបរួមសាមគ្គីគ្នា ហើយត្រូវចេះស្រឡាញ់ និងថែរក្សាប្រពៃណីវប្បធម៌របស់ជាតិឲ្យបានគង់វង្ស៖ «យើងត្រូវតែរួបរួមសាមគ្គីគ្នាជាធ្លុងមួយ បានប្រទេសជាតិរបស់យើងរស់នៅរុងរឿងបាន ហើយបើកាលណាបែកបាក់គ្នា នឹងវិនាសហិនហោចអស់គ្មានថ្ងៃរីកចម្រើនបាននោះទេ»។
អដ្ឋិធាតុរបស់កវីជើងចាស់ គង្គ ប៊ុនឈឿន សាច់ញាតិនឹងយកទៅតម្កល់ទុកនៅក្រុងបាត់ដំបង នៅខែឧសភា ឆ្នាំ២០១៦។ ទោះបីជាយ៉ាងណា សាច់ញាតិមិនទាន់បញ្ជាក់ទីកន្លែងសម្រាប់បញ្ចុះអដ្ឋិធាតុនៅវត្តណាឲ្យបានច្បាស់លាស់នៅឡើយ...៕
No comments:
Post a Comment