អ្នកស្រី សិទ្ធ
(១៨៨១ – ១៩៦៣)
ជីវប្រវត្តិ
- កើតថ្ងៃពុធ ខែមិគសិរ ឆ្នាំមមី ព.ស ២៤២៤ ត្រូវនឹងឆ្នាំ ១៨៨១ គ.ស នៅសង្កាត់លេខ៤ ក្រុងភ្នំពេញ,
- ជាកូនពៅនៃ លោក ពិពិនសិរី ចាងហ្វាង សូ អ្នកស្រី ឆ្លង,
- បានរៀនអក្សរខ្មែរ អក្សរសៀម ក្នុងសំណាក់ឪពុក និងអ្នកជិតខាង,
- ចេះបើកក្រាំងបើកបទក្នុងក្រុមរបាំព្រះរាជទ្រព្យយ៉ាងប៉ិនប្រសប់,
- មានស្វាមីជាមន្ត្រីខាងតុលាការ និងមានបុត្រី ១នាក់,
-
ប៉ិនប្រសប់តែងកាព្យបានភ្លាមៗ ដូចជា
បានឆ្លងឆ្លើយក្នុងការបើកបទសកវាទិ៍ប្រកួតជាមួយក្រុម
វាំងជាដើម,
- បានធ្វើជានាយិកា នៃក្រុមបើកក្រាំងមហោរី,
- នៅពេលអាយុចំណាស់បានទៅនៅវត្តបទុម កាន់សីល ១០ បម្រើសង្ឃ និងបានសាងកុដិទុកបូជាព្រះសង្ឃ,
- ជន្មាយុ ៨២ ឆ្នាំ បានទទួលមរណភាពនៅថ្ងៃ ៥ កញ្ញា ១៩៦៣ ។
ស្នាដៃ
- រឿងពិម្ពាពិលាប (បោះពុម្ពឆ្នាំ ១៩៤២),
- រឿង គូសាង ឬ មិត្តមិនទ្រុស្តមិត្ត (បោះពុម្ពឆ្នាំ ១៩៥២),
- រឿង ចិត្តសត្យា (បោះពុម្ពឆ្នាំ ១៩៥៣),
- បើកបទសកវាទិ៍ (ភាគខ្លះបោះពុម្ពឆ្នាំ ១៩៣២),
អត្ថបទដកស្រង់
..... ថ្វីបើស្រីខឹងប្រឹងស្រែកជេរ មិនទេមិនទើងខឹងសោះឡើយ
ប្ដីនាងត្រូវសរស្លាប់ទៅហើយ កែវអើយគឺកម្មនាំសរទៅ ។
ចិត្តបងគ្មានប៉ងនឹងប្រមាថ តែព្រួញវាផ្លាតខ្ទាតទៅត្រូវ
បងបាញ់សត្វសោះចុះឥឡូវ ស្រីពៅនៅថ្វីព្រៃព្រឹក្សា ។
យំសោករកប្ដីអាល័យរស់ គឺមោះនឹងបានប្រាណស្នេហា
នេះទៅជាខ្មោចខូចអសារ សោកាធ្វើអ្វីស្រីតាមបង ។
........................................................................................................
វើយស្ដេចអបលក្ខណ៍ចិត្តយក្ខយង់ កុំមករារង់ប្រឹងរិះរេ
លួងចិត្តអញឥតអំពើទេ ប្ដីគេគេនៅមួយមូលគ្នា ។
មកកេងចង់បានប្រពន្ធគេ ទទេតាមចិត្តឥតរួញរា
បាញ់ប្ដីគេស្លាប់ត្រលប់ជា ក្លែងថាបាញ់សត្វផ្លាតទៅត្រូវ
ស្លាប់ប្ដីរំពៃចង់ប្រពន្ធ មិនស្គាល់ទោសធ្ងន់ពន់ពេកកូវ
ទេវតាបរាមុខឥឡូវ ស្លាប់ទៅនៅនានរកនាយ ។
(ស្រង់ពីពិម្ពាពិលាប)
No comments:
Post a Comment