Monday, December 7, 2015

ប្រវត្តិរូប លោក វូ​ដ្រូ វី​ល​សុន​ (Woodrow Wilson)





​វូ​ដ្រូ វី​ល​សុន (Woodrow Wilson)ប្រធានាធិបតី​អាមេរិក​ទី​២៨ កាន់​មុខតំណែង​ពីរ​អាណត្តិ (១៩១៣ -១៩២១) ត្រូវបាន​គេ​ចាត់ទុកថា ជា​ព្រឹទ្ធបុរស​មួយរូប​នៅលើ​ពិភពលោក។ លោក​ជា​អ​តី​តៈ​សាស្ត្រាចារ្យ និង​ជា​អធិការបតី​នៃ​មហាវិទ្យាល័យ​ព្រី​ន​តុ​ន ជា​មនុស្ស​រារាំង ឃាត់ឃាំង​មិនឱ្យ​សហរដ្ឋអាមេរិក​ធ្វើ សង្គ្រាមលោក​លើកទីមួយ​ជាមួយ​ប្រទេស​អាល្លឺម៉ង់ ប៉ុន្តែ​នៅពេល​ប្រទេស​ធ្លាក់​ក្នុង​សភាពការណ៍​ដែល​មិនអាច​គេចផុត​បាន លោក​បាន​ពិភាក្សា​ជាមួយ​សភា ដោយ​ចង់បាន​ជាខ្លាំង​នូវ “​សន្តិភាព​ដែល​ប្រាសចាក​នូវ​ជ័យជម្នះ​” (Peace Without Victor)។​

​លោក​ត្រូវបាន​គេ​បោះឆ្នោតឱ្យ​ជាប់​ជា​ប្រធានាធិបតី​ក្នុង​អាណត្តិ​ទី​២ ដោយសារតែ​ជន​អាមេរិក​ចាត់ទុកថា​លោក​មិនបាន​ធ្វើឱ្យ​អាមេរិក​ត្រូវ​ចូលរួម ធ្វើសង្គ្រាម​និង​ជា​មនុស្ស​ចេះ​យល់ដឹង​នូវ​វី​ធី កែប្រែ​បន្ថែម​ទៅលើ​ធម្មនុញ្ញ​របស់​សហព័ន្ធ​ក្នុងសម័យ​សង្គ្រាម ហើយ​ព្រមឱ្យ​ស្ត្រី​មាន​សិទ្ធិ​បោះឆ្នោត​ជា​លើកដំបូង​នៅ​ឆ្នាំ​១៩១៩ ។​

​វូ​ដ្រូ​វ វី​ល​សុន ជា​បុត្រ​របស់​ត្រកូល​មន្ត្រី ។​ឪពុក​របស់លោក​ជា​រដ្ឋមន្ត្រី ចំណែក​ម្តាយ​ក៏​ជា​កូន​រដ្ឋមន្ត្រី​ដែរ ។​

​គាត់​កើត​នៅ​ថៃ្ង​ទី​២៨​ខែធ្នូ ១៨៥៦​នៅ​រដ្ឋ​វើ​ជី​នៀ ។ លោក​រៀន​ចប់​មហាវិទ្យាល័យ​ពីរ និង​ទទួលបាន​សញ្ញាប័ត្រ​ច្បាប់​ជាន់ខ្ពស់ ក៏​ចេញទៅ​ធ្វើការ​ជា​អ្នកច្បាប់ ប៉ុន្តែ​ការងារ​លោក​មិនសូវ​សម្រេចបាន​ជោគជ័យ ក៏​ងា​កមក​ប្រឡូក​ក្នុង​ការងារ​សរសេរ​និង​បង្រៀន​រហូត​តម​កបាន​ក្លាយជា សាស្ត្រាចារ្យ​ច្បាប់ និង​អធិការបតី​នៃ មហាវិទ្យាល័យ ។​

​វី​ល​សុន ត្រូវបាន​គេ​ចាត់ទុកថា ជា​បុគ្គល​ដែលមាន​ខួរក្បាល​ពូកែ​គិត និង​ប្រាជ្ញា​ឈ្លាសវៃ​ប្រកបដោយ​ឧ​ត្ត​ម​គតិ​ស្មោះត្រង់ និង​ស្រឡាញ់​សន្តិភាព ។​ ប៉ុន្តែលោក​ខ្វះ​ភាពជិតស្និទ្ធ​នឹង​ប្រជាជន​បន្តិច ប៉ុន្តែ​ក្នុង​ការងារ​របស់លោក គឺ​ល្អ​ទាំងអស់​ក្នុងសម័យ​អាណត្តិ​ទី​១ អ៊ីចឹង​ហើយ​ទើប​លោក​ជាប់​នៅ​អាណត្តិ​ទី​២ ទៀត ។​

​មុនពេល​ចូលមក​កាន់​មុខនាទី​គណបក្ស​ប្រជាធិបតេយ្យ នឹងត្រូវ​បានស្នើ​ឈ្មោះ​ឱ្យ​ឈរ​ឃោសនា​រក​សំឡេង​នោះ លោក​បាន​លាលែង​ចេញពី​មុខនាទី​សាស្ត្រាចារ្យ​ច្បាប់​មក​ធ្វើជា​អភិបាលរដ្ឋ វើ​ជី​នៀ​។ ក្នុងសម័យ​លោក​កំពុង​ឈាន ជើង​លើ​ទីលាន​ប្រកួត​កាលនោះ គណបក្ស​សាធារណរដ្ឋ​បាន​កាន់តំណែង​ប្រធានាធិបតី​៣​អាណត្តិ​តៗ​គ្នា សូម្បីតែ​លោក​រ៉ូ​ស​វ៉ែល ដែលជា​អ្នក​ធ្លាប់​បានទទួល​ការនិយម​ចូលចិត្ត​ពី​ប្រជាជន​នោះ ក៏បាន​ចូលរួម​ឃោសនា​ប្រឆាំងនឹង​លោក​ដែរ ប៉ុន្តែ​ទីបំផុត​លោក​នៅបាន​ឈ្នះឆ្នោត ។​

​បានឈ្នះ​ឆ្នោត​ក្នុង​គ្រានោះ លោក​ដឹងថា​ភារកិច្ច​មួយ​របស់លោក​គឺ​កែទម្រង់ សេដ្ឋកិច្ច ។ ភារកិច្ច​ដំបូង​ក្នុង​រដ្ឋាភិបាល​លោក គឺ​បាន​កែប្រែ​អត្រាពន្ធ​មួយចំនួន​ជាថ្មី ។ លោក​បាន​ព្យាយាម​បញ្ចុះតម្លៃ​សម្រាប់​ជីវិត​ប្រចាំ​ថៃ្ង​របស់​ប្រជាជន​ឱ្យ នៅសល់​តិច​បាន​យ៉ាងពិត​ប្រាកដ ។​

​ក្រៅពីនេះ​រដ្ឋាភិបាល​វី​ល​សុន បាន​បង្កើត​ច្បាប់​ឡើងមក​បន្ថែម​ជាច្រើន​ដូចជា​៖ ច្បាប់​ទុនបម្រុង​របស់​សហព័ន្ធ​ក្នុង​ឆ្នាំ​១៩១៣ ដើម្បី​គ្រប់គ្រង​ស្ថិរភាព និង​ធនាគារ​ផ្សេងៗ​, ច្បាប់​ឱ្យ​ខ្ចីលុយ​ក្នុង​កសិកម្ម របស់​សហព័ន្ធ និង​ច្បាប់​ការងារ​នៅ​ឆ្នាំ​១៩១៦ ។ ប្រវត្តិ​នៃ​ការកែទម្រង់​នេះ គឺ​បាន​ឆ្លើយតប​នឹង​បំណង​ប្រជាជន​អាមេរិក ។ សំខាន់​ជាងនេះទៅទៀត​លោក​ជា​ស្ថាបនិក​សន្តិភាព ចំពោះ​សង្គ្រាមលោកលើកទី​១​។​

​វី​ល​សុន បាន​ចូលមក​កាន់តំណែង​បាន​ត្រឹម​មួយឆ្នាំ​គឺ​នៅ​គ​.​ស​១៩១៤ សង្គ្រាម លោក​លើកទីមួយ​ក៏បាន​កើតឡើង​នៅ​អឺរ៉ុប ។ ក្នុងដំណាក់កាល​ដំបូង​សង្គ្រាម មើល ទៅ​ហាក់ដូចជា​ស្ថិតនៅ​ឆា្ង​យ ប៉ុន្តែ​យូរ​ទៅ​ក៏​កាន់តែ​ធ្វើឱ្យ​បុគ្គល​ថ្នាក់ដឹកនាំ និង​មហា ជន​របស់​អាមេរិក​ទូទៅ ត្រូវ​ឈឺឆ្អាល​ចំពោះ​សង្គ្រាម​ដែល​កំពុងតែ​កើត​លើ ជីវិត​សេដ្ឋកិច្ច និង​នយោបាយ​គ្រប់​ទីកន្លែង ។ ចំពោះ​ការដឹកជញ្ជូន​តាម​នាវា​ឆ្លងកាត់​សមុទ្រ លោក​វី​ល​សុន បាន​ចេញមុខ​ប្រឆាំង​យ៉ាងខ្លាំង និង​ចាប់តាំងពី​ពេល​នោះមក​បាន​ពិភាក្សា​ជា​បន្តបន្ទាប់​ជាមួយនឹង អាល្លឺម៉ង់​។​

​ក្នុង​ខែកុម្ភៈ​១៩១៥ អាល្លឺម៉ង់​ប្រកាសថា នឹង​បំផ្លាញ​នាវា​ដឹកទំនិញ​ក្នុង​ដែនទឹក​ជុំវិញ​កោះ​អង់គ្លេស​ឱ្យ​ខ្ទេច ទាំងអស់​,​ពេលនោះ ប្រធានាធិបតី​វី​ល​សុន​បានប្រកាស​ដាស់ តឿន​ថា អាល្លឺម៉ង់​ត្រូវតែ​ទទួលខុសត្រូវ​យ៉ាង​ពេញលេញ​ចំពោះ​ការខូចខាត​នាវា ឬ​ជីវិត​ជន​អាមេរិកាំង​នៅ​ទីនោះ ។ ប៉ុន្តែ​រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​តប​វិញ​ថា ការ​ខ្ទប់​បិទ​ច្រក​របស់​ភាគី​សម្ព័ន្ធមិត្ត ដែល​បានធ្វើ​ចំពោះ​អាល្លឺម៉ង់​នោះ ជា​វិធី​ធ្វើសង្គ្រាម​ដ៏​សែន ទារុណ​ជាង​ការប្រើ​នាវាមុជទឹក​ទៅទៀត ព្រោះ​ការបិទច្រក​នោះ ជាការ​បំផ្លាញ​ជីវិត​នៃ​ក្រុម​នាវា​អាល្លឺម៉ង់​ឱ្យ ស្លាប់​។​

​អាល្លឺម៉ង់​បានធ្វើឱ្យ​មតិ​មហាជន​អាមេរិក​ផ្ទុះ​ចេញ​នូវ​កំហឹង បន្ទាប់ពី​ព្រឹត្តិការណ៍​ក្នុង​រដូវ​ស្លឹកឈើ​លាស់​នៃ​ឆ្នាំ​១៩១៥ ដែល​ក្នុងពេលនោះ​កប៉ាល់​សមុទ្រ​មួយ របស់​ប្រទេស​អង់គ្លេស ត្រូវ​អាល្លឺម៉ង់​បាញ់​ពន្លិច​ស្លាប់​មនុស្ស​អស់​១.២០៩​នាក់ ក្នុងនោះ​មាន​ជនជាតិ​អាមេរិក ១២៨​នាក់ ។ ប៉ុន្តែ​សូម្បី​ពេលនោះ​មតិ​មហាជន​អាមេរិកាំង​មាន​កំហឹង​យ៉ាងណាក៏ដោយ ក៏​ពិបាក​រក​ចិត្ត​ត្រជាក់​ឯណា​ស្មើ​ប្រធានាធិបតី​វី​ល​សុន​បានដែរ ព្រោះ​លោក​បាន​សង្កត់ចិត្ត រ​មា្ង​ប់​ចិត្ត​មហាជន​រហូតដល់​ថៃ្ង​ទី​៤ ឧសភា​ឆ្នាំ​១៩១៦ រដ្ឋាភិបាល​អាល្លឺម៉ង់​បានផ្តល់​ពាក្យ​ធានាថា ចាប់ពីពេលនេះ​តទៅ សង្គ្រាម​ដោយ​នាវា​មុជ ទឹក​ត្រូវធ្វើ​ក្នុង​ដែន​កំណត់ ដើម្បី​តបស្នង​នឹង​ការអំពាវនាវ​របស់​អា​មេ​រិ​ក ហើយ​ចាប់ពីពេលនេះ​មក បញ្ហា​សង្គ្រាម​នាវាមុជទឹក​ក៏បាន​ថយចុះ មិនបាន​ប៉ះពាល់​ដល់​ជនជាតិ​អាមេរិកាំង​ទេ​។​ក្នុង​ឆ្នាំ​នោះឯង​វី​ល​សុន ក៏​អាច​ឈ្នះឆ្នោត​ក្នុង​អាណត្តិ​ទី​២ ដោយ​ទទួលបាន​រង្វាន់​ពី​ប្រជាជន​នូវ​ពាក្យ​ថា “​គាត់​មិនបាន​ធ្វើឱ្យ​យើង​ឈានចូល​ក្នុង​សង្គ្រាម​” ។​

​ប៉ុន្តែ​នៅក្នុង​ខែមករា ឆ្នាំ​១៩១៧ រដ្ឋាភិបាល​អាល្លឺម៉ង់​ក៏បាន​ត្រឡប់​ពាក្យសម្តី ព្រម ទាំង​បានប្រកាស​ចេញមក​យ៉ាងច្បាស់​លាស់​ថា នឹងមាន​ការធ្វើ​សង្គ្រាម​ដោយ​នាវាមុជទឹក ដោយ​មិន​កំណត់​ទិសដៅ ហេតុនេះ ហើយ​ទើប​រដ្ឋាភិបាល​លោក​វី​ល​សុន និង​ប្រជាជន​អាមេរិកាំង​ទាំងអស់​ចាត់ទុកថា ប្រកាស​នេះ​ធ្វើឱ្យ​សង្គ្រាម​ក្លាយជា​រឿង​ដែល​មិនអាច​គេចផុត​បាន ។​

​ក្នុង​ថៃ្ង​ទី​២​ខែមេសា​ឆ្នាំ​១៩១៧ បន្ទាប់ពី​នាវា​អាមេរិក​ចំនួន​៥​គ្រឿង​ត្រូវ​បាញ់​លិច វី​ល​សុន​ចូលប្រជុំ​សភា និង​អនុម័ត​បង្កើត​សង្គ្រាម​។ រដ្ឋាភិបាល​ក៏បាន​អំពាវនាវ​រក​ទាហាន និង​បញ្ជូនទាហាន​តាម​នាវា​ចេញពី​ផែ លុះដល់​ខែតុលា​ឆ្នាំ​១៩១៨ ក៏មាន​កងទ័ព​ជើង គោក​អាមេរិក​នៅ​ប្រទេស​បារាំង​មាន​ចំនួន​ប្រមាណ ១.៧៥០.០០០​នាក់ ។​

​អាមេរិក​បាន​បញ្ជូន​ក​ម្លាំ​ង​ទៅ​ជួយ​អង់គ្លេស ។ វី​ល​សុន ក្នុងឋានៈ​ជា​អ្នកដឹកនាំ​សង្គ្រាម បានធ្វើឱ្យ​សង្គ្រាម​បញ្ចប់​យ៉ាង​រហ័ស ដោយ​គាត់​ជា​អ្នកកំណត់​ទិសដៅ​ក្នុងការ​ធ្វើសង្គ្រាម​របស់​ភាគី​សហព័ន្ធ មិត្ត ។ ចាប់តាំងពី​សង្គ្រាម​ចាប់ផ្តើម​ម្ល៉េះ វី​ល​សុន​បាន ប្រកាសថា សង្គ្រាម​នោះ​មិនបាន​ធ្វើ​ចំពោះ​ប្រជាជន​អាល្លឺម៉ង់​ទេ ប៉ុន្តែ​បានធ្វើ​ចំពោះ​រដ្ឋាភិបាល​អា​ហ្គា​ធិ​ប៉ាត​របស់​អាល្លឺម៉ង់ តែប៉ុណ្ណោះ ។​

​ក្នុង​ខែមករា​ឆ្នាំ​១៩១៨ វី​ល​សុន បានស្នើ​ឡើង​នូវ​គោលការណ៍​សន្តិភាព​ដោយ​យុត្តិធម៌​ចំនួន​១៤ ប្រការ​ចំពោះ​សភា​ដែល​ក្នុង​ប្រការ​ទី​១៤​លោក​បានកំណត់​ឱ្យមាន ការបង្កើតឡើង​នូវ​សមាគម​អន្តរជាតិ ប្រយោជន៍​ដើម្បី​ជា​“​មូលដ្ឋាន​ការពារ​ឯករាជ្យ​ខាង​នយោបាយ និង​បូរណភាព​ដែនដី​”​រវាង​រដ្ឋាភិបាល​តូច​-​ធំ​នៅ លើ​ពិភពលោក ។ ក្នុង​ខែមេសា​ក្នុង​ឆ្នាំ​ដដែល​នេះ រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ងាក​មក​ទំនាក់ទំនង​ជាមួយ​វី​ល​សុន សុំ​ចរចា​បញ្ចប់សង្គ្រាម​តាម​លក្ខខណ្ឌ​១៤​ប្រការ​របស់គាត់ ។ វី​ល​សុន បាន​ចរចា​ជាមួយ​សម្ព័ន្ធមិត្ត​រួចរាល់ ហើយ ភាគី​សម្ព័ន្ធមិត្ត​ក៏បាន​ទទួល​សំណើ​របស់​អាល្លឺម៉ង់ ។​ការបញ្ចប់​សង្គ្រាម​ក៏បាន​មកដល់​នៅ​ថៃ្ង​ទី​១១​ខែវិច្ឆិកា​ឆ្នាំ​១៩១៨ ។​

​សូម្បី​មាន​សេចក្តី​សង្ឃឹមថា សន្ធិសញ្ញា​ចុងក្រោយ​នេះ​មាន​លក្ខណៈ​ជា​សន្តិភាព ជា​លទ្ធផល​បានមកពី​ការចរចា​ព្រមព្រៀងគ្នា ប៉ុន្តែ​វី​ល​សុន​នៅតែ​មិន​ទុកចិត្ត ព្រោះ​ខ្លាច​នៅពេល​មានឱកាស​អាល្លឺម៉ង់​នឹង​បង្កើត សង្គ្រាម​នឹង​សម្ព័ន្ធមិត្ត​ទៀត ។​លោក​បាន​សម្របសម្រួល​ឱ្យមាន​ការចរចា​សន្តិភាព​នៅ​ក្រុងប៉ារីស ប៉ុន្តែ​នៅ​ទីបំផុត បញ្ហា​ទាក់ទង​ក្នុង​ការស្នើ​ឱ្យមាន​សន្តិភាព​ពិភពលោក​ជា​អចិន្ត្រៃយ៍​នោះ ត្រឡប់​ជា​មិនសូវ​បាន​គេ​ពិចារណា ។​

​នៅពេល​ជួប​បរាជ័យ​បែបនេះ​ក្នុង ក្រុង​វ៉ាស៊ីនតោន​ហើយ លោក​តែង​ឧស្សាហ៍​ចេញទៅ​ឃោសនា​រក​សំឡេង​និង​អង្វរករ​សុំ​គំនិត​យល់ឃើញ​ពី ប្រជាជន​ទូទាំងប្រទេស ។ ដោយ​ជីវិត​របស់លោក​ត្រូវ​ទទួលរង​នឹង មុខនាទី និង​ភាព​ខ្វល់ខ្វាយ​ក្នុង​សង្គ្រាម ហេតុ នេះហើយ​ក្នុង​ថៃ្ង​ទី​២៥​ខែកញ្ញា​ឆ្នាំ​១៩១៩ គាត់​ក៏​ធ្លាក់ខ្លួន​ឈឺ​។​

​វី​ល​សុន បាន​រង​ទុក្ខ​ទារុណកម្ម​ដោយសារ​ជំងឺ និង​ត្រូវ​លា​ចេញពី​សេត​វិមាន​នៅ​ចុង​អាណត្តិ​ទី​២​របស់លោក ដោយ​ការយល់ឃើញថា ការងារ​នយោបាយ​រប​ស់​ខ្លួន​ត្រូវ​ចុះ​ទន់ខ្សោយ និង​រក​ភាព​ប្រាកដ​មិនបាន ។ ប៉ុន្តែ​លោក​ក៏បាន​ផ្ញើទុក​នូវ​គោលការណ៍​នៃ​អង្គការសហប្រជាជាតិ​ឱ្យបាន ដឹង​រហូតដល់​សព្វ​ថៃ្ង ។ លោក​ស្លាប់​នៅ​ថ្ងៃទី​៣​ខែកុម្ភៈ​ឆ្នាំ​១៩២៤៕

No comments:

Post a Comment