Wednesday, August 30, 2017

លិង្គអន្តរធាន (ការសាបសូន្យ ភេទអ្នកបួស)



ព្រះ​ពុទ្ធសាសនា កាល​នឹង​សាប​សូន្យ ​ព្រោះ​អន្តរធាន​ ៥ យ៉ាង គឺ ៖
ក)- បរិយត្តិ​អន្តរធាន សាប​សូន្យ​ព្រះ​បរិយត្តិ,
ខ)- បដិបត្តិ​អន្តរ​ធាន សាប​សូន្យ​បដិបត្តិ,
គ)- បដិវេធ​អន្តរធាន សាប​សូន្យ​សេចក្ដី​ត្រាស់​ដឹង,
ឃ)- លិង្គ​អន្តរធាន សាប​សូន្យ​ភេទ​អ្នក​បួស,​
ង)- ធាតុ​អន្តរធាន សាប​សូន្យ​ព្រះសារី​រិក​ធាតុ ។
ដូចនេះសូមលើកលិង្គអន្តរធាន មកធ្វើការបកស្រាយដែលមានសេចក្តីសម្រាយដូចខាងក្រោម។
កាល​កន្លង​ទៅ ៗ, ការ​កាន់​បាត្រ​កាន់​ចីវរ, បត់ លា ឈាន ឈាន​ទៅ​មុខ ឈា​នថយ មើល​ទៅ​មុខ មើល​ឆ្វេង ស្ដាំ មិន​សម​រម្យ តាម​សមណ​សារុប្ប មិន​ជាទី​ជ្រះ​ថ្លា។ ពួក​ភិក្ខុ​ដាក់​បាត្រ​ត្រង់​អគ្គ​ពាហា (ចុង​ដើម​ដៃ) ត្រាច់​ទៅ ដូច​និគ្គន្ថស្សមណី​កាន់​បាត្រ​រលា​ឃ្លោក ។ ប៉ុណ្ណេះ លិង្គ​នៅ​មិន​ទាន់​អន្តរធាន ។ កាល​កន្លង​ទៅ ៗ ពួក​ភិក្ខុ​ដាក់​បាត្រ​អំពី​អគ្គពាហា​យួរ​ដោយ​ដៃ ដោយ​សង្រែក​ត្រាច់​ទៅ ។ កាល​កន្លង​ទៅ ៗ ភិក្ខុ​មិន​ជ្រលក់​ចីវរ កាត់​សំពត់​ធ្វើ​ចីវរ​ចោះ​តែ​ក្រវិល​ពិន្ទុកប្បៈ​ប៉ុណ្ណោះ​ប្រើ​ប្រាស់​ទៅ ​។
តមក, ចោះ​តែ​ក្រវិល មិន​ធ្វើ​ពិន្ទុ​កប្បៈ ។ តមក, មិន​ធ្វើ​ទាំង​ពីរ កាត់​តែ​សំពត់​ស្លៀក​ត្រាច់​ទៅ​ដូច​បរិព្វាជក ។ កាល​កន្លង​ទៅ ៗ ពួក​ភិក្ខុ​គិត​ថា គ្មាន​ប្រយោជន៍​អ្វី​ដោយ​សំពត់ ក៏​ចង​ខុទ្ទក​សា​ដកនឹង​ដៃ​ខ្លះ​នឹង​ក​ខ្លះ ផ្សើម​សក់​ឲ្យ​ទទឹក​ខ្លះ ចិញ្ចឹម​កូន​ប្រពន្ធ​ធ្វើ​ស្រែ​ចិញ្ចឹម​ជីវិត ។ កាល​នោះ​ជន​ណា​មាន​ទក្ខិណាទាន​ដល់​ជន​ពួក​នេះ ឧទ្ទិស​ចំពោះ​សង្ឃ​បាន​ផល​ច្រើន ។ ព្រះ​មា​ន​ជោគ​ត្រាស់ំ​ដៅ​រឿង​នេះ​ថា “ ម្នាល​អានន្ទ ក្នុង​កាល​អង្វែង​ទៅ​អនាគត​នឹង​មាន​ពួក​គោត្រភូ​កាសាវៈ​នឹង​ក ទ្រុស្ត​សីល មាន​ធម៌​អាក្រក់, ពួក​ជន​នឹង​ឲ្យ​ទាន​ក្នុង​គោត្រភូ​ទាំង​នោះ ; ម្នាល​អានន្ទ ក្នុង​កាល​នោះ តថាគត​ពោល​ថា សង្ឃគតា​ទក្ខិណាទាន​នោះ មាន​ផល​រាប់​មិន​បាន​ស្មាន​មិន​ត្រូវ” ។ តមក, កាល​កន្លង​ទៅ ៗ ពួក​ជន​នោះ​នាំ​គ្នា​ធ្វើ​អំពើ​ផ្សេង ៗ គិត​ថា​ការ​នេះ​នាំ​យឺត​យូរ យើង​មាន​ប្រយោជន៍​អ្វី​ដល់​វត្ថុ​នោះ ហើយ​ក៏​គ្រវាត់​សំពត់​កាសាវៈ​នោះ​ចោល​ក្នុង​ព្រៃ ។ ក្នុង​កាល​នោះ លិង្គ ឈ្មោះ​ថា អន្តរធាន ៕
................................
L'an 2500 du bouddhime, Par Preh Moha អ៊ុក-អ៊ន

Wednesday, February 22, 2017

ស្ពាន ប្រាប់ទិស (ស្ពានកំពង់ក្តី)

ស្ពានប្រាប់ទិសនេះ អាចហៅម្យ៉ាងទៀតថា បុព្វទិស។ តាមតំបន់ខ្លះទៀតហៅស្ពាននេះថា ស្ពានព្រះទិស ។

ស្ពានប្រាប់ទិសជាស្ពានបុរាណដែលមានប្រវែងជាងគេនៅប្រទេសកម្ពុជាក្នុងសម័យអង្គរ ( កសាងឡើងក្នុងសតវត្សទី១២នៃ គ.ស. ) ដែលមានបណ្តោយប្រវែង ៨៦ម៉ែត្រ ទទឹង ១៦ម៉ែត្រ កំពស់ ១០ម៉ែត្រ ពីបាតស្ទឹង រន្ធតដេវចំនួន ២១ និង សរសរ ចំនួន ២០។ ដែលធ្វើអំពីថ្មបាយក្រៀម លំអរដោយ បង្កាន់ដៃនាគ មានក្បាល៩ និងថ្មគោលចំនួន៤ ធ្វើអំពីថ្មភក់។ ថ្មគោល២ ខាងលិច មានម្ខាងឆ្លាក់រូបយក្ខជាឆ្មាំ និង ម្ខាងទៀត ជារូបទេវតា ដូចចម្លាក់ទ្វារបាល តាមប្រាសាទ សម័យបាយ័ន្តដែរ។



សំណង់នេះបានបង្ហាញពីស្ថាបត្យកម្មដ៏អច្ចរិយៈរបស់កម្ពុជា សម័យអង្គរ វាជាគំរូដ៏ល្អសំរាប់សំណង់និងវិស្វករសម័យបច្ចុប្បន្ន និងអនាគត់៕




Tuesday, August 23, 2016

សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ផ្តល់​អាហារូបករណ៍ប្រចាំឆ្នាំ ២០១៦ ដល់​សមាជិក សមាជិកា និង​និស្សិត​ក្រីក្រ​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​

       សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី ២១ សីហា ២០១៦ បានរៀបចំ​ពិធី​ផ្តល់​អាហារូបករណ៍​ដល់​សម​ណ​និស្សិត និង​និស្សិត​ក្រីក្រ​ចំនួន ៣២ អង្គ និង​នាក់ ក្រោម​អធិបតីភាព​ព្រះ​ញាណវង្ស ឃឹម សន ព្រះ​មេគណ​រាជធានី​ភ្នំពេញ និង​ជា​ព្រះ​គ្រូសូត្រស្តាំ វត្ត​បទុម​វ​តី​រាជ​វ​រា​រាម ។​

ព្រះ​ញាណវង្ស ឃឹម សន ព្រះ​មេគណ​រាជធានី​ភ្នំពេញ ប្រគល់​អាហារូបករណ៍​ដល់​ព្រះសង្ឃ​ខ្មែរ​ក្រោម នៅ​ថ្ងៃ​ទី ​២១ ខែ​សីហា ឆ្នាំ ​២០១៦ ។ រូបថតៈ ស៊ឺន ចែងចើន
ព្រះ​ញាណវង្ស ឃឹម សន ព្រះ​មេគណ​រាជធានី​ភ្នំពេញ ប្រគល់​អាហារូបករណ៍​ដល់​ព្រះសង្ឃ​ខ្មែរ​ក្រោម នៅ​ថ្ងៃ​ទី ​២១ ខែ​សីហា ឆ្នាំ ​២០១៦ ។ រូបថតៈ ស៊ឺន ចែងចើន
ពិធី​ចែក​អាហារូបករណ៍​នេះ មានការ​និមន្ត និង​អញ្ជើញ​ចូលរួម​ពី​គណៈកម្មការ សមាជិក​-​សមាជិកា សិស្ស​-​និស្សិត​នៃ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ព្រមទាំង​កុមារា កុមារី និង​សប្បុរសជន មួយចំនួន​ប្រមាណ​ជាង ១៥០ អង្គ​/​នាក់ បានមក​ជួបជុំគ្នា នៅ​ទីស្នាក់ការ​កណ្ដាល​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ឋិត​ក្នុង​កុដិ​លេខ ១៧ វត្ត​បទុម​វ​តី សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដើម្បី​ប្រារព្ធ​ពិធី​ប្រគល់​អាហារូបករណ៍​ដល់​សមា​ជិ​ក សមាជិកា ប្រចាំឆ្នាំ ២០១៦ ។​
​ថ្លែងប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ មាន​ថេរ​ដីកា​ថា មូលហេតុ​នៃ​ការផ្តល់​អាហារូបករណ៍​នេះ ដោយ​មើលឃើញ​ពី​កង្វះខាត​ថវិកា​ក្នុង​ការសិក្សា​រៀនសូត្រ​របស់​សមាជិក​-​សមាជិកា សិស្ស​-​និស្សិត នៃ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​រៀន​នៅតាម​បណ្តា​មហាវិទ្យាល័យ ក្នុង និង​ក្រៅប្រទេស ហើយក៏​ស្របទៅតាម​ទស្សនវិស័យ​អភិវឌ្ឍន៍​ធនធានមនុស្ស និង​គោលបំណង​រួម ចំណែក​ក្នុង​ការកសាង​សង្គមជាតិ​របស់​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ដែល​តាម​ពាក្យ ស្លោក​របស់ខ្លួន​ថា «​ធនធានមនុស្ស ជា​មូលដ្ឋានគ្រឹះ​នៃ​កា​រកស​សាង​សង្គម​» ។
Audio Player
​ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ មាន​ថេរ​ដីកា​បន្តទៀតថា ចាប់តាំងពី​ឆ្នាំ ២០១០ រហូតមកទល់ នឹង​បច្ចុប្បន្ន នេះ​ជា​លើក​ទី ៧ ហើយ ដែល​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម បានផ្តល់​អាហារូបករណ៍ ៥០ ភាគរយ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ។ នៅក្នុង​ឆ្នាំ ២០១៦ នេះ សម្ព័ន្ធ​ប្រគល់​អាហារូបករណ៍​ដល់​សមណ​និស្សិត​-​និស្សិត​ខ្មែរក្រោម ចំនួន ៣២ អង្គ ដោយ ១ អង្គៗ និង​ម្នាក់ៗ ទទួលបាន​ថវិកា​ចំនួន ២៥០$ ក្នុងនោះ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ក្នុង ១ អង្គៗ និង​ម្នាក់ៗ ទទួលបាន​ថវិកា ៤០០$ ។ ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ បញ្ជាក់​បន្ថែមថា សម្រាប់​ឆ្នាំ ២០១៦ បានផ្តល់​អាហារូបករណ៍​ច្រើនជាង​ឆ្នាំមុនៗ ។​
Audio Player
​ចំណែក​ប្រភព​ថវិកា ដែល​បាន​ជំនួយ​មក​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ បានបញ្ជាក់​យ៉ាងនេះ​ថា ៖
Audio Player
​ព្រះសង្ឃ​ខ្មែរក្រោម ដែល​ទទួលបាន​អាហារូបករណ៍​ជាប់ៗ គ្នា​រយៈពេល ៣ ឆ្នាំ ព្រះនាម មាស វិចិត្រ កំពុង​សិក្សា​ឆ្នាំ​បញ្ជ​ប់ នៅ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ ផ្នែក​និតិ​សាស្ត្រ មាន​ថេរ​ដីកា​ថា ការផ្តល់​អាហារូបករណ៍​នេះ នឹង​ជួយ​សម្រាល​បន្ទុក​ដល់​ព្រះអង្គ​បាន​ច្រើន ។ ព្រះតេជព្រះគុណ មាន​ថេរ​ដីកា​បន្តថា បើ​ព្រះអង្គ​គ្មាន​អាហារូបករណ៍ ដែល​ផ្តល់​ដោយ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម នោះទេ ព្រះអង្គ នឹង​មិនអាច​បញ្ចប់​ការសិក្សា នៅ​ថ្នាក់​បរិញ្ញាបត្រ​បានឡើយ​៖
Audio Player
មិន​ខុសពី​ព្រះតេជព្រះគុណ មាស វិចិត្រ កញ្ញា សាង សុភាព កំពុង​សិក្សា​ឆ្នាំ​ទី ៣ ផ្នែក​និតិ​សាស្ត្រ​ច្បាប់ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​និតិ​សាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បាន​សម្តែង​នូវ​អារម្មណ៍​សប្បាយរីករាយ​យ៉ាងខ្លាំង ដែល​នាង​ទទួលបាន​អាហារូបករណ៍ ២ ឆ្នាំ​មកនេះ ។ កញ្ញា​បាន​បញ្ជាក់ថា ការឧបត្ថម្ភ​នេះ បាន​ជួយ​ដោះស្រាយ និង​សម្រាល​បន្ទុក​មួយចំណែក​ធំ​ដល់​ការសិក្សា​របស់​សមណ​និស្សិត និង​និស្សិត​ខ្មែរក្រោម រួមទាំង​រូបនាង​ផ្ទាល់​ផង ដែល​កំពុង​ជួបប្រទះ​ខ្វះខាត ក្នុងការ​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ ។​
Audio Player
​តាម​របាយការណ៍​បង្ហា​ញ​ថា ចាប់តាំងពី​ឆ្នាំ ២០០៧ រហូតមកដល់​ឆ្នាំ ២០១៦ សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជូន​សមណ​និស្សិត​-​និស្សិត​ខ្មែរក្រោម​ទៅ​បន្ត​ការសិក្សា​នៅក្រៅ​ប្រទេស រួមមានប្រទេស​ថៃ និង​ប្រទេស​ឥណ្ឌា សរុប​មាន​ចំនួន ១០១ អង្គ ។ ចំណែក​ការផ្តល់​អាហារូបករណ៍ ៥០ ភាគរយ ដល់​សមណ​និស្សិត​-​និស្សិត​ក្រីក្រ គិត​ចាប់​តាំង​ឆ្នាំ ២០១០ រហូតមកដល់​បច្ចុប្បន្ន​សរុប​មាន​ចំនួន ១២៣ អង្គ និង​នាក់ ។
​ជាមួយគ្នានេះដែរ ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ បាន​អំពាវនាវ​ទៅកាន់​ម្ចាស់ជំនួយ​ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​ឲ្យ​បន្ត​គាំទ្រ​សកម្មភាព​របស់​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ជួយឧបត្ថម្ភ​ថវិកា សម្រាប់​បំពេញ​នូវ​តម្រូវ​ការងារ​ប្រចាំឆ្នាំ និង​មានលទ្ធភាព​អាច​រៀបចំ​ពិធី​ប្រគេន និង​ជូន​អាហារូបករណ៍​ដល់​សម​ណ​និស្សិត​-​និស្សិត​ក្រីក្រ ដែល​កំពុង​សិក្សា​នៅក្នុង​ប្រទេស និង​ការបញ្ជូន​សមណ​និស្សិត​ទៅ​បន្ត​ការសិក្សា​នៅឯ​បរទេស នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត ដើម្បី​បុព្វហេតុ​បណ្តុះបណ្តាល​ធនធានមនុស្ស និង​ការចូលរួមចំណែក​ក្នុងការ​កសាង​សម​ង្គ​ម​ជាតិ ។​
Audio Player
​សូមបញ្ជាក់ថា សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ជា​អង្គការ​មួយ ដែល​ទទួលស្គាល់​ជា​ផ្លូវការ កាលពី​ថ្ងៃទី ២១ ខែម​ថុ​នា ឆ្នាំ ២០០២ ដោយ​ក្រសួងមហាផ្ទៃ ។ អង្គការ​មួយ​នេះ តែងតែ​ធ្វើ​សកម្មភាព​ប្រមូលផ្តុំ​រវាង​សមណ​និស្សិត និង​និស្សិត​មាន​ដើមកំណើត​មកពី​ដែនដី​កម្ពុជា​ក្រោម ឲ្យ​មានការ​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ជួយ​គ្នា​ទៅវិញទៅមក ក្នុងការ​សិក្សា​រៀនសូត្រ ផ្សព្វផ្សាយ​វប្បធម៌ និង​ប្រពៃណី​របស់ខ្លួន​ជាដើម ៕
ខាងក្រោមនេះ ជារូបភាពខ្លះៗ ពីសកម្មភាពរបស់​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ក្នុងថ្ងៃចែកអាហារូបករណ៍ដល់សមណនិស្សិត និងនិស្សិតក្រីក្រ នៅថ្ងៃទី ២១ សីហា ២០១៦ ។ រូបថតៈ ស៊ឺន ចែងចើន
IMG_9795IMG_9783IMG_9762IMG_9728IMG_9709IMG_9695IMG_9693IMG_9681IMG_9677IMG_9667IMG_9663IMG_9655IMG_9598IMG_9594IMG_9590IMG_9527IMG_9514IMG_9508IMG_9501IMG_9489IMG_9479IMG_9465IMG_9437IMG_9408IMG_9403IMG_9396IMG_9388IMG_9361IMG_9341IMG_9331IMG_9315IMG_9298IMG_9291IMG_9277IMG_9266IMG_9256IMG_9250IMG_9241IMG_9232IMG_9225IMG_9212IMG_9199IMG_9179IMG_9178IMG_9162IMG_9155IMG_9104IMG_9091IMG_9075IMG_9070IMG_9049IMG_9041IMG_9024IMG_9016IMG_8995IMG_8992IMG_8970IMG_8964IMG_8945IMG_8942IMG_8940IMG_8938IMG_8918IMG_8908IMG_8892IMG_8881IMG_8879IMG_8871IMG_8868IMG_8867IMG_8865IMG_8858IMG_8815IMG_8844IMG_8839IMG_8838
IMG_8798IMG_8802IMG_8809IMG_8821IMG_8822IMG_8925
    ដោយ ស៊ឺន ចែងចើន|VOKK