សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យទី ២១ សីហា ២០១៦ បានរៀបចំពិធីផ្តល់អាហារូបករណ៍ដល់សមណនិស្សិត និងនិស្សិតក្រីក្រចំនួន ៣២ អង្គ និងនាក់ ក្រោមអធិបតីភាពព្រះញាណវង្ស ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ និងជាព្រះគ្រូសូត្រស្តាំ វត្តបទុមវតីរាជវរារាម ។
ពិធីចែកអាហារូបករណ៍នេះ មានការនិមន្ត និងអញ្ជើញចូលរួមពីគណៈកម្មការ សមាជិក-សមាជិកា សិស្ស-និស្សិតនៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ព្រមទាំងកុមារា កុមារី និងសប្បុរសជន មួយចំនួនប្រមាណជាង ១៥០ អង្គ/នាក់ បានមកជួបជុំគ្នា នៅទីស្នាក់ការកណ្ដាលសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ឋិតក្នុងកុដិលេខ ១៧ វត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីប្រគល់អាហារូបករណ៍ដល់សមាជិក សមាជិកា ប្រចាំឆ្នាំ ២០១៦ ។
ថ្លែងប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម ប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ព្រះតេជព្រះគុណ សឺន សុផារិន្ទ មានថេរដីកាថា មូលហេតុនៃការផ្តល់អាហារូបករណ៍នេះ ដោយមើលឃើញពីកង្វះខាតថវិកាក្នុងការសិក្សារៀនសូត្ររបស់សមាជិក-សមាជិកា សិស្ស-និស្សិត នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដែលកំពុងរៀននៅតាមបណ្តាមហាវិទ្យាល័យ ក្នុង និងក្រៅប្រទេស ហើយក៏ស្របទៅតាមទស្សនវិស័យអភិវឌ្ឍន៍ធនធានមនុស្ស និងគោលបំណងរួម ចំណែកក្នុងការកសាងសង្គមជាតិរបស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដែលតាមពាក្យ ស្លោករបស់ខ្លួនថា «ធនធានមនុស្ស ជាមូលដ្ឋានគ្រឹះនៃការកសសាងសង្គម» ។
ព្រះតេជព្រះគុណ សឺន សុផារិន្ទ មានថេរដីកាបន្តទៀតថា ចាប់តាំងពីឆ្នាំ ២០១០ រហូតមកទល់ នឹងបច្ចុប្បន្ន នេះជាលើកទី ៧ ហើយ ដែលសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានផ្តល់អាហារូបករណ៍ ៥០ ភាគរយសម្រាប់ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ។ នៅក្នុងឆ្នាំ ២០១៦ នេះ សម្ព័ន្ធប្រគល់អាហារូបករណ៍ដល់សមណនិស្សិត-និស្សិតខ្មែរក្រោម ចំនួន ៣២ អង្គ ដោយ ១ អង្គៗ និងម្នាក់ៗ ទទួលបានថវិកាចំនួន ២៥០$ ក្នុងនោះ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្នុង ១ អង្គៗ និងម្នាក់ៗ ទទួលបានថវិកា ៤០០$ ។ ព្រះតេជព្រះគុណ សឺន សុផារិន្ទ បញ្ជាក់បន្ថែមថា សម្រាប់ឆ្នាំ ២០១៦ បានផ្តល់អាហារូបករណ៍ច្រើនជាងឆ្នាំមុនៗ ។
ចំណែកប្រភពថវិកា ដែលបានជំនួយមកសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ព្រះតេជព្រះគុណ សឺន សុផារិន្ទ បានបញ្ជាក់យ៉ាងនេះថា ៖
ព្រះសង្ឃខ្មែរក្រោម ដែលទទួលបានអាហារូបករណ៍ជាប់ៗ គ្នារយៈពេល ៣ ឆ្នាំ ព្រះនាម មាស វិចិត្រ កំពុងសិក្សាឆ្នាំបញ្ជប់ នៅសាកលវិទ្យាល័យបៀលប្រាយ ផ្នែកនិតិសាស្ត្រ មានថេរដីកាថា ការផ្តល់អាហារូបករណ៍នេះ នឹងជួយសម្រាលបន្ទុកដល់ព្រះអង្គបានច្រើន ។ ព្រះតេជព្រះគុណ មានថេរដីកាបន្តថា បើព្រះអង្គគ្មានអាហារូបករណ៍ ដែលផ្តល់ដោយសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម នោះទេ ព្រះអង្គ នឹងមិនអាចបញ្ចប់ការសិក្សា នៅថ្នាក់បរិញ្ញាបត្របានឡើយ៖
មិនខុសពីព្រះតេជព្រះគុណ មាស វិចិត្រ កញ្ញា សាង សុភាព កំពុងសិក្សាឆ្នាំទី ៣ ផ្នែកនិតិសាស្ត្រច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានសម្តែងនូវអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលនាងទទួលបានអាហារូបករណ៍ ២ ឆ្នាំមកនេះ ។ កញ្ញាបានបញ្ជាក់ថា ការឧបត្ថម្ភនេះ បានជួយដោះស្រាយ និងសម្រាលបន្ទុកមួយចំណែកធំដល់ការសិក្សារបស់សមណនិស្សិត និងនិស្សិតខ្មែរក្រោម រួមទាំងរូបនាងផ្ទាល់ផង ដែលកំពុងជួបប្រទះខ្វះខាត ក្នុងការសិក្សានៅថ្នាក់មហាវិទ្យាល័យ ។
តាមរបាយការណ៍បង្ហាញថា ចាប់តាំងពីឆ្នាំ ២០០៧ រហូតមកដល់ឆ្នាំ ២០១៦ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានបញ្ជូនសមណនិស្សិត-និស្សិតខ្មែរក្រោមទៅបន្តការសិក្សានៅក្រៅប្រទេស រួមមានប្រទេសថៃ និងប្រទេសឥណ្ឌា សរុបមានចំនួន ១០១ អង្គ ។ ចំណែកការផ្តល់អាហារូបករណ៍ ៥០ ភាគរយ ដល់សមណនិស្សិត-និស្សិតក្រីក្រ គិតចាប់តាំងឆ្នាំ ២០១០ រហូតមកដល់បច្ចុប្បន្នសរុបមានចំនួន ១២៣ អង្គ និងនាក់ ។
ជាមួយគ្នានេះដែរ ប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ព្រះតេជព្រះគុណ សឺន សុផារិន្ទ បានអំពាវនាវទៅកាន់ម្ចាស់ជំនួយទាំងនៅក្នុងប្រទេស និងក្រៅប្រទេសឲ្យបន្តគាំទ្រសកម្មភាពរបស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដើម្បីជួយឧបត្ថម្ភថវិកា សម្រាប់បំពេញនូវតម្រូវការងារប្រចាំឆ្នាំ និងមានលទ្ធភាពអាចរៀបចំពិធីប្រគេន និងជូនអាហារូបករណ៍ដល់សមណនិស្សិត-និស្សិតក្រីក្រ ដែលកំពុងសិក្សានៅក្នុងប្រទេស និងការបញ្ជូនសមណនិស្សិតទៅបន្តការសិក្សានៅឯបរទេស នៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីបុព្វហេតុបណ្តុះបណ្តាលធនធានមនុស្ស និងការចូលរួមចំណែកក្នុងការកសាងសមង្គមជាតិ ។
សូមបញ្ជាក់ថា សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ជាអង្គការមួយ ដែលទទួលស្គាល់ជាផ្លូវការ កាលពីថ្ងៃទី ២១ ខែមថុនា ឆ្នាំ ២០០២ ដោយក្រសួងមហាផ្ទៃ ។ អង្គការមួយនេះ តែងតែធ្វើសកម្មភាពប្រមូលផ្តុំរវាងសមណនិស្សិត និងនិស្សិតមានដើមកំណើតមកពីដែនដីកម្ពុជាក្រោម ឲ្យមានការសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីជួយគ្នាទៅវិញទៅមក ក្នុងការសិក្សារៀនសូត្រ ផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីរបស់ខ្លួនជាដើម ៕
ខាងក្រោមនេះ ជារូបភាពខ្លះៗ ពីសកម្មភាពរបស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ក្នុងថ្ងៃចែកអាហារូបករណ៍ដល់សមណនិស្សិត និងនិស្សិតក្រីក្រ នៅថ្ងៃទី ២១ សីហា ២០១៦ ។ រូបថតៈ ស៊ឺន ចែងចើន
No comments:
Post a Comment