ថ្វីត្បិតគេទទួលស្គាល់ថា បច្ចុប្បន្ននេះគឺជាយុគសម័យមួយដែលមានបច្ចេកវិទ្យារីកចម្រើន និងការអភិវឌ្ឍយ៉ាងជឿនលឿនក៏ពិតមែន ប៉ុន្តែគេមិនអាចមើលរំលងជំងឺយ៉ាងរ៉ាំរ៉ៃមួយដែលកំពុងយាយី មនុស្សម្នានៅជុំវិញពិភពលោកជាប្រចាំទេ នោះគឺជំងឺភាពក្រីក្រ។
ប្រជាជនពិភពលោកមិនតិចជាង ១ ពាន់លាននាក់នោះទេដែលមានទាំងកុមារផងនោះ ត្រូវបានគេរកឃើញថា បានរស់នៅក្នុងស្ថានភាពក្រីក្រធ្ងន់ធ្ងរ និងត្រូវការជំនួយជាបន្ទាន់ពីស្ថាប័នអង្គការអន្តរជាតិនានា។
នៅថ្ងៃនេះ បានយករបាយការណ៍របស់អង្គការសហប្រជាជាតិ (UN) មកចុះផ្សាយពីស្ថានភាពក្រីក្ររបស់ប្រជាជននៅជុំវិញពិភពលោក ដូចខាងក្រោមនេះ៖
១) ១ភាគ២នៃប្រជាជនសាកលលោក ឬ ជាង ៣ពាន់លាននាក់រកប្រាក់ចំណូលតិចជាង ២,៥០ ដុល្លារក្នុងមួយថ្ងៃ ខណៈដែលប្រជាជនជាង ១,៣ពាន់លាននាក់ បានរស់នៅស្ថិតនៅក្នុងស្ថានភាពក្រីក្រធ្ងន់ធ្ងរអាចរកប្រាក់ចំណូលបាន តិចជាង១,២៥ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ។
២) កុមារ១ពាន់លាននាក់នៅជុំវិញពិភពលោករស់នៅក្នុងស្ថានភាពក្រីក្រ។ បើយោងតាមរបាយការណ៍របស់ UNICEF មានកុមារ ២២០០០នាក់បានស្លាប់ជារៀងរាល់ថ្ងៃដោយសារស្ថានភាពក្រីក្រនេះ។
៣) មនុស្សជាង១ពាន់លាននាក់នៅជុំវិញពិភពលោកត្រូវបានគេវាយតម្លៃថា ពុំមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ដែលក្នុងនោះមានកុមារ ៤០០លាននាក់។ នេះបានបង្ខំឲ្យពួកគេប្រើប្រាស់ទឹកកង្វក់បង្កទៅជាជំងឺផ្សេងៗ ធ្វើឲ្យកុមារៗ ៤៤៣លាននាក់មិនបានចូលរៀនទៀតទាត់ជារៀងរាល់ឆ្នាំ។
៤) កាលពីឆ្នាំ២០១១ គេបានរកឃើញថា កុមារ ១៦៥លាននាក់នៅជុំវិញពិភពលោកមានអាយុក្រោម ៥ ឆ្នាំបានកើតជំងឺក្រិនដោយសារកង្វះអាហារូបត្ថម្ភគ្រប់គ្រាន់សម្រាប់ បរិភោគ។
៥) មនុស្ស ៨៧០លាននាក់នៅជុំវិញពិភពលោក ត្រូវបានគេរកឃើញថា ពុំមានអាហារគ្រប់គ្រាន់ប្រចាំថ្ងៃសម្រាប់បរិភោគនោះទេ។
៦) ជំងឺមួយចំនួនដែលអាចការពារ និងព្យាបាលបានដូចជា រាករូស រលាកទងសួត បានឆក់យកអាយុជីវិតកុមារ២លាននាក់ជារៀងរាល់ឆ្នាំ។ នេះបណ្តាលមកពីជីវភាពគ្រួសាររបស់ពួកគេរស់នៅក្នុងស្ថានភាពក្រីក្រពេក មិនអាចទទួលបានសេវាកម្មព្យាបាលសមស្រប។
៧) របាយការណ៍កាលពីឆ្នាំ២០១១ បានបង្ហាញថា កុមារ១៩លាននាក់នៅជុំវិញពិភពលោកមិនបានចាក់ថ្នាំវ៉ាក់សាំងការពារ ជំងឺទូទៅនោះឡើយ។
៨) ១ភាគ៤ នៃប្រជាជននៅជុំវិញពិភពលោក ឬ ស្មើនឹង១,៦ពាន់លាននាក់បានរស់នៅដោយគ្មានអគ្គិសនីប្រើប្រាស់។
៩ តាមរបាយការណ៍របស់អង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៩៨បានឲ្យដឹងថា គេត្រូវចំណាយថវិកា ៤០ពាន់លានដុល្លារលើការអប់រំ ផ្តល់ទឹកស្អាត និង អនាម័យ អប់រំសុខភាពបន្តពូជ និងអាហារូបត្ថម្ភដល់មនុស្សម្នាក់ៗនៅក្នុងប្រទេសកំពុងអភិវឌ្ឍជុំវិញ ពិភពលោក។ ប៉ុន្តែនៅពេលបច្ចុប្បន្ន គេត្រូវចំណាយថវិកា៥០ពាន់លានដុល្លារលើករណីដូចគ្នានេះ។
១០ កម្មវិធីស្បៀងអាហារពិភពលោក (World Food Programme) បាននិយាយថា ប្រជាជនក្រីក្រមានភាពអត់ឃ្លានខ្លាំង ហើយភាពអត់ឃ្លាននេះគឺជាឃាតករឈាមត្រជាក់លេខ១ ដែលបានសម្លាប់មនុស្សច្រើនជាងជំងឺអេដស៍ គ្រុនចាញ់ និង ជំងឺរបេងបូកបញ្ចូលគ្នាទៅទៀត៕
No comments:
Post a Comment