ច្បាប់ស្រី | |||
បទភុជង្គលីលា | |||
១ | នេះបទកំណត់ចងជា | ភូជង្គលីលា | ចងជាច្បាប់ស្រី។ |
កាលនាងអិរន្ទវតី | ចរចាកតាមប្តី | គឺបុណ្ណកយក្សា។ | |
នាងវឹមលាជាមាតា | បើកបន្ទូលថា | ហៃកូនពិសី ។ | |
នាងនឹងត្រាច់ត្រង់តាមប្តី | ចេញចាកអំពី | ពិភពនាគនេះ ។ | |
៥ | នៅឋានមនុស្សលោកនាយអះ | ចូរនាងចាំចេះ | បំរើស្វាមី ។ |
ធ្វើវត្តប្រត្តិបត្តិប្រក្រតី | កុំឲ្យស្វាមី | អាក់អន់ចិន្តា ។ | |
នាងអើយគំដែងក្រឡា | ជាម្ចាស់សិរសា | កូនកុំមាក់ងាយ។ | |
ហៃកូនស្រីស្ងួនមាសម្តាយ | ក្រណាស់នាងអាយ | តាមដោយច្បាប់ស្រី។ | |
ក្រមួយមិនបានសំដី | ពាក្យទន់តិចនៃ | ឲ្យញាតិចូលចិត្ត។ | |
១០ | ក្រមួយមិនចេះរិះគិត | ឃើញញាតិឆ្ងាយជិត | ហៅឡើងឆីស្លា។ |
ទោះមានមិនមានក្តីណា | ពាក្យផ្អែមចរចារ | ទើបគេស្រលាញ់ | |
កុំជួចិត្តស្មូរកំណាញ់ | មិនមានអស់អញ | នឹងញាតិសន្តាន។ | |
កើតយសរបស់ផងបាន | កើតសុខក្សេមក្សាន្ត | ពីព្រោះកូនស្រី។ | |
ទោះនឹងនិយាយស្រដី | ការកេរ្តិ៍ជាស្រ្តី | កុំស្តីឡេះលាស់។ | |
១៥ | ថាលេងដូចក្មេងញ៉េះញ៉ោះ | ឃើញប្រុសកំលោះ | សសៀរចូរជិត។ |
សើចព្រៀងបញ្ឆៀងមិនគិត | ប្រុសព្រើលបានចិត្ត | ទាហានដោយសារ។ | |
ហៅស្រីអប្រិយឥតការ | ឥតមានអិរិយា | មារយាទក្នុងខ្លួន។ | |
សើវ៉ើពុំធ្វើនឹងនួន | ស្រដីមិនមួន | មិនមានអៀនអន់។ | |
ឃើញគេបៀតបែរគយគន់ | សើចសួរចំអន់ | ចំអកឲ្យប្រុស។ | |
២០ | ហៅស្រីអប្រិយទុរយស | មិនខ្លាចខ្លួនខុស | មារយាទក្រិត្យក្រម។ |
ធ្វើការអង្គុយច្រលំ | នឹងសមពុំសម | ថាឯងជាស្រី ។ | |
មិនកោដមិនខ្លាចចិត្តប្តី | ឲ្យប្រុសដទៃ | មាក់ងាយប្តីណា។ | |
ហៅស្រីឥតលក្ខណា | ឥតមានកិរិយា | មារយាទពុំសម។ | |
ធ្វើការផងណាប្រើខំ | ទោះត្បាញចាក់ដំ | នាងខំឲ្យហើយ។ | |
២៥ | កុំទុកទៅមុខទៀតឡើយ | ថាចាំបង្ហើយ | កម្រណាស់ណា។ |
ទោះធ្វើហូលគោមព្រែផ្កា | ដាក់ត្បាញហើយណា | បានស្រេចសឹមធ្វើ។ | |
ធ្វើឲ្យកើតកេរប្រសើរ | ហើយកុំឲ្យដើរ | លេងផ្ទះគេណា។ | |
ឱស្ងួនខ្លឹមខ្លួនរក្សា | នាងខំធ្វើការ | ទាន់ខ្លួនក្រមុំ។ | |
មានប្តីបានអ្វីជាខំ | រវល់កូនយំ | កម្រចេះឆ្លៀត។ | |
៣០ | ព្រួយចិត្តគំនិតចង្អៀត | មួយហើយមួយទៀត | យំទារតែឆី។ |
រឹងព្រួយទាំងមួយទាំងពីរ | រកបានឲ្យឆី | ទើបបានបាត់មាត់។ | |
ទោះកាន់ការធ្វើឲ្យស្ទាត់ | ហូលគោមគាតកាត់ | អន្ទងត្បាញទៅ។ | |
កុំទុកក្នុងស្មុកស្មាញនៅ | ក្រែងដល់យូរទៅ | ខាតខូចអាសារ។ | |
ហៃកូនស្រីស្ងួនមាតា | ចូរចាំរក្សា | កុំភ្លេចស្មារតី។ | |
៣៥ | ចូររករៀនយកច្បាប់ស្រ្តី | ឲ្យកោតខ្លាចប្តី | គំដែងក្រឡា។ |
ធ្វើវត្តប្រតិបត្តិសោតណា | ឲ្យនាងរក្សា | ភ្នក់ភ្លើងទាំងបី។ | |
ឲ្យកាន់ឲ្យគង់ប្រក្រដី | សព្វថ្ងៃកុំបី | ភ្លេចផ្លុំឲ្យឆេះ។ | |
ក្រែងរាលដូចដាលព្រាយប្រេះ | កើតក្តៅរលេះ | រលាយអស់អង្គ។ | |
ភ្លើងក្តៅកុំនាំទៅក្នុង | ឲ្យឆេះបំផ្លុង | រឹងផ្លុំបង្កាត់ ។ | |
៤០ | ភ្លើងក្នុងមិនប្រុងប្រយ័ត្ន | នាំមកបង្កាត់ | ឲ្យឆេះឯក្រៅ។ |
អុជអាលបណ្តាលឲ្យក្តៅ | ដាលដល់កូនចៅ | អសោចអប្រិយ។ | |
ឲ្យនាងខំប្រុងស្មាតី | មើលភ្លើងទាំងបី | រក្សាឲ្យគង់។ | |
ភ្លើងនោះឲ្យគុណពុំលង់ | នឹងឲ្យឧត្តង្គ | ឧត្តមកន្លង។ | |
កើតយសរបស់ទ្រព្យផង | បរិបូណ៌ឥតហ្មង | ប្រសើរក្តាត់ណា។ | |
៤៥ | ភ្លើងមួយនោះឲ្យរក្សា | គឺគុណមាតា | បិតាស្ងួនគ្រង។ |
ឲ្យនាងធ្វើដោយគន្លង | ប្រណិបតន៍ខុសឆ្គង | នឹងម្តាយឪពុក។ | |
ឲ្យខំថែទាំញ៉ិកញ៉ុក | ចំណីចំណុក | ចំណង់អាត្មា។ | |
កុំឃ្លានទុកឆីឡើយណា | ឆ្ងាញ់ឈ្ថុយពិសា | ជូនជាប្រក្រតី។ | |
ពាក្យពេចន៍កិច្ចការអ្វីៗ | អត់ឱនកុំបី | ឲ្យអាក់ចិន្តា។ | |
៥០ | ភ្លើងមួយគំដែងក្រលា | គឺប្តីអាត្មា | ឋិតថេររួមរ័ក្ស។ |
ឲ្យនាងប្រណិបតន៍ជៀកជាក់ | កុំធ្វើឲ្យអាក់ | ឲ្យអន់ចិត្តប្តី។ | |
អត់ឱនខ្លាចខ្លួនជាស្រី | កុំឲ្យស្រដី | ទុកគេជាស្មើរ។ | |
ទោះកើតហេតុភេទសារពើ | ពាក្យពុំប្រសើរ | ជញ្ជឹងចាំស្តាប់។ | |
ទោះបី្តស្រដីពុំគាប់ | ពុំគួរឲ្យប្រាប់ | បានដឹងដល់ម្តាយ។ | |
៥៥ | កើតខឹងរែងរឹងខ្ចរខ្ចាយ | លឺពាក្យពីម្តាយ | ខ្សឹបខ្សៀវប្រាប់ប្តី។ |
មិនក្សាន្តបែកបានពីរបី | កើតជាសំដី | សួរចុះសួរឡើង។ | |
ពុំស្ងាត់ស្ងៀមមាត់ចចើង | ជជែកនាំឡើង | ចចើងមិនបាត់។ | |
តតាំងពាក្យខ្លាំងមិនស្ងាត់ | មិនស្ងៀមឲ្យបាត់ | ឲ្យបានទីសុខ។ | |
ជជែកស្ទើរបែកទាំងស្រុក | មិនមានហៅសុខ | យូរលង់ឡើយនៃ។ | |
៦០ | នេះហៅភ្នក់ភ្លើងទាំងបី | ម្តាយផ្តាំកូនស្រី | ឲ្យខំរក្សា។ |
នាងអើយគំដែងក្រលា | ខុសឆ្គងម្តេចម្តា | ម្តាយផ្តាំកូនស្រី។ | |
ឲ្យអត់សង្កត់ហរិទ័យ | កូនកុំស្រដី | ដើមប្តីកំបាំង។ | |
កុំជេរកុំចេញជាខ្លាំង | ខ្សត់ខ្សោយខ្លៅខ្លាំង | នាងកុំមើលងាយ។ | |
ល្ងង់ខ្សោយប្រើឲ្យនិយាយ | ណែនាំលេងលាយ | ឲ្យស្រួលវាចា។ | |
៦៥ | ទោះប្ដីស្រដីម្តេចម្តា | ខេខឹងជេរថា | បោះពាក្យទំងន់។ |
ក្រោធក្រេវឆុលឆេវមិនអន់ | មិនអាក់ស្រាកស្រន់ | ដោយចិត្តគ្នាន់ក្នាញ់។ | |
រអ៊ូរទាំទន្ទេញ | ជេរថាជន្លេញ | ត្បិតទាស់នឹងចិត្ត។ | |
ឲ្យកូនស្រីស្ងួនខំអត់ | ឲ្យបានរលត់ | រលាយកំហឹង។ | |
កុំកូនកាន់ខ្លួនប្រែប្រឹង | តតបទៅនឹង | អ្នកជាស្វាមី។ | |
៧០ | ខេខឹងក្រញឹងសំដី | មិនគិតខ្លួនស្រី | ស្រដីទ្រគោះ។ |
ប្រកែកស្តីពាក្យគំរោះ | គំរាបបញ្ឆោះ | បញ្ជោរឲ្យខឹង។ | |
រឹងរូសមើលមុខសំលឹង | សំលាក់ទោរឹង | ចចើងចង់ឈ្លោះ។ | |
រឹងឆ្លងឆ្លើយពាក្យបញ្ឆោះ | បំបែកជាឈ្លោះ | បំបែរពុំទៀង។ | |
ជេរថាឆ្កែឆ្មាបំព្រៀង | ដៀលត្មះបញ្ឆៀង | បញ្ឈឺចិតប្តី។ | |
៧៥ | បោះបោកប្រទះអ្វីៗ | ចាប់ចោលទៅដី | បែកបាក់ពុំគិត។ |
មិនស្រួលទទួលបំបាត់ | ម្នះម្នេញក្នុងចិត្ត | ឲ្យបានប្តីចាញ់។ | |
ទើបបានសុខចិត្តជាវិញ | ហៅស្រីម្នះម្នេញ | អាប់កេរ្តិ៍យសឆ្ងាយ។ | |
ហៃកូនស្រីស្ងួនមាសម្តាយ | ខុសណាស់នាងអាយ | កុំធ្វើដូចគេ។ | |
ទោះបីបើប្តីនាងជេរ | នាងចូលទៅឯ | ដំនេកគិតសិន។ | |
៨០ | ចេញមកនាងយកពាក្យទន់ | ស្រដីឲ្យអន់ | ស្រាយទោសនោះទៅ |
ទោះបីបើប្តីប្រដៅ | ចូរនាងចាំនៅ | ទុកក្នុងអាត្មា។ | |
ពាក្យពេចន៍កុំភ្លេចឡើយណា | ក្រែងឆ្លងម្តេចម្តា | ត្បិតបានផ្តាំស្រាប់។ | |
ព្រោះឯងមិនក្រែងមិនស្តាប់ | ពាក្យគេបង្គាប់ | បង្កើតតែឈ្លោះ។ | |
ឥតសុខអាក្រក់តែឈ្មោះ | លឺតែប្រឈ្លោះ | មិនចេះហៅល្ហែ។ | |
៨៥ | នេះពុំរាប់ជាស្រីទេ | ជាអ្នកប៉ោឡែ | ចិត្តចោរដកទង។ |
ឲ្យមាត់បង្រ្គបប្តីផង | ឲ្យគេស្តាប់ហោង | ថាឯងគ្រាន់បើ។ | |
គឺមោះនាងនោះមិនប្រើ | មិនបើកឲ្យដើរ | បញ្ចើឲ្យទេ។ | |
ទោះបីប្តីប្រើមាសមេ | កុំកូនចំអែរ | ចំអៀកមិនទៅ។ | |
ឆ្ងាយជិតកុំគិតរង់នៅ | ក្រោកក្រេសដើរទៅ | កុំឲ្យប្តីជេរ។ | |
៩០ | កុំទៅនៅយូរផ្ទះគេ | រវល់ទំនេរ | រវៀសមកណា៎។ |
ហៃកូនខ្លឹមខ្លួនមាតា | ជាស្រីនេះណា៎ | កម្រណាស់នាង។ | |
មិនថាត្បិតល្អរូបរាង | មិនរើសត្បិតជាង | ចេះការទាំងគ្រប់។ | |
មិនបានស្គាល់ទីគោរព | ស្គាល់តែឧទ្រព | ទាំងដប់ប្រការ។ | |
ហៅតែនឹងល្អរូបា | ពិតហើយចេះការ | គួរកោតដោយយ៉ាង។ | |
៩៥ | មួយល្អរូបសសន្លាង | ឥតគេផ្ទឹមខាង | ច្បាប់ផងមិនចេះ។ |
ល្អពិតគំនិតមិនផេះ | ទោះខ្មៅក្រងេះ | ការសោតសមគួរ។ | |
គឺមោះនាងនោះមិនជួ | ចេះដឹងសមគួរ | ស្គាល់អស់អិរិយា។ | |
នេះឯងពីព្រេងលោកថា | ហៅល្អរូបា | កបកល្យាណី។ | |
ហៃកូនស្រីស្ងួនពិសី | ម្តាយប្រាប់អំពី | ឧទ្រពចង្រៃ។ | |
១០០ | កាន់ក្បាលប្តីហើយរកចៃ | មិនបានលើកដៃ | បិទទូលសំពះ។ |
លោកទុកស្មើកុកទំផ្ទះ | រង្គំរង្គះ | នឹងបង់អស់ទ្រព្យ។ | |
កន្លងជើងប្តីពុំគាប់ | ព្រោះចិត្តចង់ឆាប់ | រំលងជើងប្តី។ | |
ស្មើសត្វរលកខ្មោចខ្មី | ហើរច្រាលអប្រិយ | កើតព្យាធិ៍រោគា។ | |
ចង្រៃមួយនៃរាល់គ្នា | ចេញចូលមាត់ទ្វារ | ពុំបានបិទបាំង។ | |
១០៥ | ធ្វេសប្រាណខុសខានមិនរាំង | មិនរុញបំបាំង | មើលយល់សាយសុស |
ទុកស្មើគេអុជចន្លុះ | ឲ្យចោរចូលចុះ | យកទ្រព្យទាំងឡាយ។ | |
ស្រីមួយសើចលេងក្អាកក្អាយ | លឺលេចចំងាយ | រំលងផ្ទះបី។ | |
ស្មើសត្វចចាតបក្សី | ចូលភូមិផងក្តី | ចង្រៃក្តាត់ណា៎។ | |
ស្រីមួយដេកដាក់កាយា | ប្រះប្រែអាត្មា | ឲ្យខ្នងទៅប្តី។ | |
១១០ | ទុកស្មើពស់ក្រាយអប្រិយ | ឡើងផ្ទះឥតបី | ឥតបើគណនា។ |
ចង្រៃកើតក្រៃពុំជា | នឹងព្រាត់ប្រាស់គ្នា | ពុំបានវែងឆ្ងាយ។ | |
ស្រីមួយសក់វែងអន្លាយ | រំសុសរំសាយ | សក់សោតរេរា។ | |
នៅមាត់អណ្តូងមាត់ទ្វារ | បីដូចមជ្ជរា | ឆ្មាលាក់ក្រចក។ | |
ចង្រៃឥតបីបើរក | រេរាសំកក | មិនចុកសក់ងាយ។ | |
១១៥ | ស្រីមួយដើរលេងទាត់ជាយ | លឺលាន់ស្ទើរធ្លាយ | ប្រថពីសន្លឹក។ |
សំពត់ដាច់ដាចមិននឹក | ដើរលឺគគឹក | ស្មើសូររន្ទះ។ | |
ញ៉ាំញ៉ើដំណើររលះ | ដាក់ជើងលើផ្ទះ | គគ្រាំគគ្រេង។ | |
កក្រើកផ្ទះទាំងបីល្វែង | ដូចកលគេសែង | របស់ចេញទៅ។ | |
ស្រីមួយឃើញទ្រព្យនៅផ្លូវ | កន្លងហួសទៅ | មិនចាប់ចេញទុក។ | |
១២០ | ពុំចេរចំណេរទៅមុខ | ពុំចេះដាក់ទុក | រាយរាល់តែល្វែង។ |
ទ្រព្យនោះរលោះចេញឯង | ចង្រៃទាស់ទែង | ធ្វើឲ្យអន្តរាយ។ | |
ទោះឆីចំណីនូវបាយ | លបលូកកកាយ | ពមពុំសណ្តាប់។ | |
កូនអើយនេះហើយចូរស្តាប់ | ហៅក្តីឧទ្រព | ទាំងដប់ប្រការ។ | |
ឲ្យចៀសអស់ទាំងនេះណា | ឲ្យរៀនលក្ខណា | ទាំងប្រាំពីរផង។ | |
១២៥ | គឺព្រះមានបុណ្យកន្លង | ទេសនាចែងចង | ជាបទគាថា។ |
មួយមាតុមួយមិត្តភរិយា | ភាតុភរិយាជា | ទាសភរិយាផង។ | |
ទាំងបួនប្រសើរឥតហ្មង | គួរឲ្យចាំចង | ទុកក្នុងអាតា្ម។ | |
រីឯហៅមាតុភរិយា | ប្រពន្ធនោះជា | លោកទុកស្មើម្តាយ។ | |
ចរិតបីប្រការក្នុងកាយ | មួយចង់ខ្វល់ខ្វាយ | ប្រយោជន៏ឲ្យប្តី។ | |
១៣០ | បានថ្កើងរុងរឿងលឺល្បី | មិនឲ្យអាប់ប្ដី | ឲ្យបានសក្ដិយស។ |
មួយបើប្ដីស្លៀកពាក់ចាស់ | យកថ្មីឲ្យផ្លាស់ | ចាស់ស្លៀកខ្លួនឯង។ | |
ចេះរៀបរន្ដាប់តាក់តែង | ចំណីផងស្វែង | រកមកឲ្យប្ដី | |
មួយបើប្តីឈឺថ្កាត់អ្វី | ព្រួយប្រឹងមើលប្តី | រកថ្នាំសង្កូវ។ | |
រកពេទ្យមេមត់នូវគ្រូ | គ្រោះយាមគន់គូរ | មើលប្តីឲ្យជា។ | |
១៣៥ | រីឯហៅភាតុភរិយា | ប្រសើរសោភា | ប្រពន្ធស្មើបង។ |
នោះមានចំរិតពីរផង | ដូចប្អូននិងបង | ចិត្តមូលមួយប្រាណ។ | |
មួយធ្វើឲ្យប្តីក្សេមក្សាន្ត | របស់ប្តីបាន | ចេះទុករក្សា។ | |
មួយទោះលឺពាក្យអ្នកណា | គេតិះដៀលថា | ស្រដីពីប្តី។ | |
ពុំត្រូវអាស្រូវអប្រិយ | ចេះការកេរប្តី | បែរបានជាសុខ។ | |
១៤០ | ទោះបីបើប្តីមានទុក្ខ | គិតឲ្យបានសុខ | យកខ្លួនធានា។ |
មួយសោតឯមិត្តភរិយា | មានចរិតជា | បីប្រការមិញ។ | |
បីដូចកលមិត្តសំលាញ់ | មានចិត្តអស់អញ | មិនឲ្យមានហ្មង។ | |
បីដូចកលប្អូននិងបង | ប្រាសយូរលង់ហោង | ទើបមកជួបគ្នា។ | |
មានចិត្តប្រតិព័ទ្ធមហិមា | ត្បិតបានជួបគ្នា | មិនឲ្យមានហ្មង។ | |
១៤៥ | មួយមានមារយាទកន្លង | ទោះឃើញប្រុសផង | មិនល្អៀងចិត្តទៅ។ |
រីទាសភរិយានោះកូវ | ក្នុងមាត្រាត្រូវ | ប្រពន្ធខ្ញុំប្តី។ | |
ចរិតប្រាំបីប្រការខ្មី | មួយចិត្តខ្លាចប្តី | ក្រែងប្តីវាយជេរ។ | |
ប្រុងចិត្តការគិតខ្មាសគេ | មិនឲ្យប្តីជេរ | បន្ទោសខ្លួនបាន។ | |
ទោះប្តីខឹងក្រៃប៉ុន្មាន | មិនចេះហៅហាន | ឆ្លើយឈ្លោះតមាត់។ | |
១៥០ | មួយទោះប្តីនោះកាចក្តាច់ | ខឹងដល់វាយវាត់ | ជេរចោរដកទង។ |
មិនហ៊ានឆ្លើយឈ្លោះរំលង | តតបទៅផង | ក្រែងលឺកេរឆ្ងាយ។ | |
មួយចេះប្រដាប់រៀបបាយ | ប្តីដើរជិតឆ្ងាយ | មិនហ៊ានបរិភោគ។ | |
អត់ចាំទំរាំប្តីមក | ជួបជុំទើបយក | បរិភោគផងគ្នា។ | |
នេះឯងហៅទោសភរិយា | សម្តេចភគវា | ទេសនាប្រោសប្រាប់។ | |
១៥៥ | បើអស់ស្រីណាបានស្តាប់ | យកទុកជាច្បាប់ | ក្នុងប្រាណសព្វថ្ងៃ។ |
លុះអស់អាយុក្សិណក្ស័យ | បានទៅកើតអៃ | តុសិតសួគ៌នាយ។ | |
នឹងបានក្សេមក្សាន្តពណរាយ | សេពសុខសប្បាយ | និរទុក្ខកាយា។ | |
រីឯប្រពន្ធពុំជា | ពេជ្ឈឃាតភរិយា | ចរិតមានបួន។ | |
កុំឲ្យយកទុកក្នុងខ្លួន | ឲ្យចៀសចេញជួន | កើតកម្មវេរា។ | |
១៦០ | មួយគិតគំនិតចងជា | ឆ្លាស់ឆ្លើយបំពារ | បំពានឲ្យប្តី។ |
ប្រទូសរឹងរូសខ្ញូវខ្ជី | មិនចេះចាញ់ប្តី | ថាឯងគ្រាន់បើ។ | |
ឆ្លើយឆ្លងសូរសងបណ្តើរ | ចង់ឈ្លោះឲ្យស្មើ | ឲ្យលើសប្តីវិញ។ | |
មួយមិនចង់ធ្វើបំពេញ | បង្គាប់ប្តីវិញ | ឲ្យថ្កើងខ្លួនឯង។ | |
អាងចេះដៀលតិះពុំក្រែង | ឲ្យប្តីស្តាប់ឯង | ដោយចិត្តអន្ធពាល។ | |
១៦៥ | មួយមានចិត្តនោះស្រើបស្រាល | ចង់ត្រេកត្រអាល | ចោរពេញមុខប្តី។ |
មួយចិត្តទ្រឹស្តទ្រុស្តអប្រិយ | ចង់សំលាប់ប្តី | ស្រលាញ់ប្រុសទៀត។ | |
គិតកាប់សំលាប់បង់សៀត | នឹងយកប្រុសទៀត | ធ្វើប្តីមរណា។ | |
រីឯសត្រូវភរិយា | ចរិតពុំជា | ប្រាំពីរប្រការ។ | |
មួយមិនខ្លាចប្តីអាត្មា | បង្គាប់ត្រង់ណា | ពុំធ្វើតាមចិត្ត។ | |
១៧០ | មួយទ្រឹងទ្រមឹងស្ងៀមស្ងាត់ | ប្តីសួរបីមាត់ | ពុំស្រដីផង។ |
មួយប្តីស្រដីគន្លង | ប្រដៅច្បាប់ផង | ពុំចូលចិត្តស្តាប់។ | |
មួយមិនចង់ឲ្យប្តីគាប់ | មិនចង់ប្រដាប់ | ឲ្យប្តីថ្កុំថ្កើង។ | |
មួយទោះនឹងស្រដីឡើង | ពាក្យធំចចើង | ចចេសនឹងប្តី។ | |
មួយទោះប្តីលោះខ្ញុំស្រី | វាបំរើប្តី | មិនឲ្យអាក់អន់។ | |
១៧៥ | ឃើញគាប់រឹងស្អប់ខ្នាញ់គ្នាន់ | ក្នុងចិត្តប្រចណ្ឌ | ជេរថានាយអាយ។ |
មួយត្បិតប្តីមានសហាយ | ហួរហែកសុសសាយ | ឲ្យប្តីអាស្រូវ។ | |
រីចោរភរិយានោះកូវ | ចរិតពុំត្រូវ | មានបីប្រការ។ | |
មួយចង់ចាយទ្រព្យប្តីណា | ឲ្យខូចអាសារ | មិនគង់ជាល្អ។ | |
មួយប្តីឃ្មាតឃ្មីខំរក | របស់បានមក | មិនថែទាំទុក។ | |
១៨០ | លួចឲ្យទៅម្តាយឪពុក | ប្តីសួររកមុខ | មិនប្រាប់ឡើយណា។ |
មួយខ្ជិលមិនចង់ធ្វើការ | កុហកមុសា | ថាឯងរវល់។ | |
ដេកលេងចំខែងអស់កល | លុះប្តីគេយល់ | ពុតធ្វើជាឈឺ។ | |
ទទូរដេកថ្ងូរហ៊ឺៗ | ប្តីហៅមិនលឺ | ពុតចង់តែស្លាប់។ | |
នេះហៅប្រពន្ធពុំគាប់ | ស្រីណាកាន់ខ្ជាប់ | ពុំដែលរសាយ។ | |
១៨៥ | លុះអស់អាយុក្ល័បក្លាយ | ធ្លាក់ទៅអបាយ | ទាំងបួនចំពួក។ |
តែងនឹងរងទុក្ខរងសោក | រំដោះរួចមក | កើតជាមនុស្សខ្ទើយ។ | |
ហេតុអកុសលនេះហើយ | ត្បិតខ្លួនឥតត្រើយ | ធ្វើខុសគន្លង។ | |
ខុសវត្តប្រតិបត្តិឆ្គាំងឆ្គង | មិនរៀនមិនរង | ខុសនឹងច្បាប់ស្រី។ | |
មាក់ងាយនោះមានប្រាំបី | មានក្នុងបាលី | ព្រះធម៌លោកថា។ | |
១៩០ | មាក់ងាយមួយនោះឯងណា | ត្បិតប្តីពិការ | មិនបានមាំមួន។ |
ខឹងស្អប់ធុញថប់មិនទ្រាំ | មិនមានរកថ្នាំ | គ្រូគ្រោះមេមត់។ | |
មើលប្តីឲ្យជាឆាប់ឆុត | ខឹងវិញមិនអត់ | បន់ឲ្យប្តីស្លាប់។ | |
មាក់ងាយមួយប្តីខ្សត់ទ្រព្យ | គ្មានកេរ្តិ៍កោះគាប់ | ស្មើនឹងអាត្មា។ | |
ដៀលត្មះថាច្រាសដោយសារ | ព្រោះខ្ជិលធ្វើការ | ទើបគ្មានរបស់។ | |
១៩៥ | មាក់ងាយត្បិតប្តីអ័ប្បយស | ឯងត្រកូលខ្ពស់ | ពូជពង្សពុំស្មើ។ |
ឆ្មើងខ្លួនឲ្យប្តីបំរើ | ឈ្លោះឡើងហើយដើរ | ដៀលត្មះពូជពង្ស។ | |
មាក់ងាយមួយត្បិតប្តីល្ងង់ | ខ្លៅខ្លួនទ្រមង់ | ទ្រមក់យឺតយូរ។ | |
ដៀលត្មះពុំចេះអាសូរ | សំដីខ្មោះខ្មូរ | មិនក្រែងប៉ុនសក់។ | |
មាក់ងាយមួយប្តីអាក្រក់ | សាច់ខ្មៅប៉ប៉ក់ | មុខអុតស៊ីសុស។ | |
២០០ | កន្ទ្រលរោងរលក្រអុះ | សក់ស្គាញស្កូវសុស | ពោះធំកំពាង។ |
ខ្លួនឯងចិញ្ចែងរូបរាង | ខ្លួនសល្អជាង | ថាប្តីមិនសម។ | |
មាក់ងាយមួយប្តីមិនខំ | ធ្វើការលេលាំ | ឡឡែដើរលេង។ | |
ឆ្លៀតឆ្លើយបោះពាក្យគគ្រេង | ឈ្លោះជេរមិនឈ្វេង | គិតខុសមាត្រា។ | |
មាក់ងាយមួយប្តីផឹកស្រា | ស្រវឹងចោលការ | ដើលេងតែលតោល។ | |
២០៥ | ពាក្យក្អេងរាំច្រៀងឡោៗ | ឲ្យឆ្កែព្រុសឆោ | ផ្អើលភ្ញាក់កូនចៅ។ |
លឺមាត់ប្តីហើយខឹងក្តៅ | ប្រទេចជេរទៅ | តាមដោយចិត្តខ្នាញ់។ | |
មាក់ងាយមួយទៀតនោះមិញ | ត្បិតប្តីស្រលាញ់ | លលូកប្រលែង។ | |
មួលបិចចាក់ចុចជាល្បែង | មិនមានកោតក្រែង | បានចិត្តជេរវិញ។ | |
ត្បិតតែយល់គេស្រលាញ់ | ស្រដីផងមិញ | គំរោះគំរើយ។ | |
២១០ | ធ្វើខ្នាញ់បែរចេញព្រងើយ | គេនឹងកន្តើយ | ក្និចក្នក់មាយា។ |
ពុំបានក្សេមក្សាន្តនឹងគ្នា | មាក់ងាយនេះជា | គំរប់ប្រាំបី។ | |
កូនអើយនេះហើយច្បាប់ស្រី | ឲ្យកូនពិសី | រករៀនរក្សា។ | |
យកទុកក្នុងអង្គអាតា្ម | ប្រសើរក្តាត់ណា | កើតសុខសួស្តី។ | |
ប្រសើរទាំងនាលោកិយ | ទោះបរលោកក្តី | សឹងលុះប្រាថ្នា ។ | |
២១៥ | ទោះចិត្តគន់គិតសច្ចា | ជាពុទ្ធមាតា | សឹងបានបរិបូណ៌។ |
ដូចចិត្តឆាប់ឆុតពុំយូរ | កបកើតសម្បូរ | សម្បត្តិទ្រព្យផង។ | |
កើតយសខ្ពង់ខ្ពស់កន្លង | យឺនយូរឥតហ្មង | ដូចក្តីប្រាថ្នា ។ | |
ច្បាប់នេះឧត្តមថ្លៃថ្លា | ទោះស្រីឯណា | លឺហើយមានភ័ព្វ។ | |
ជាល្អកម្របានស្តាប់ | ស្តាប់ហើយចូរចាប់ | ចូរចាំគ្រប់គ្នា ។ | |
២២០ | បានដល់មគ្គផលសួគ៌ា | ប្រសើរសោភា | ចូរចាំកុំភ្លេច ។ |
ចរចាអស់អាថិពាក្យពេចន៍ | ពាក្យពិតកាព្យកិច្ច | បរិបូណ៌ប្រពៃ។ | |
ប្រាជ្ញប្រែរីឯនាមនៃ | ខ្ញុំឈ្មោះម៉ឺន-មៃ | មែនមានសទ្ធា ។ | |
មានចិត្តកួចគិតកាព្យា | កបកើតជ្រះថ្លា | ត្រេកត្រង់កុសល។ | |
សច្ចាប្រាថ្នាមគ្គផល | ផុលផុសយោបល់ | លេចលើកទុកទៅ។ | |
២២៥ | ទោះបីសេចក្តីខុសត្រូវ | សូមទានតំរូវ | តំរង់ឲ្យផង ។ |
កុំត្មះតិះដៀលឡើយហោង | សូមសាងផលផង | ទុកតសាសនា ។ | |
សំរាប់ជាច្បាប់មាត្រា | សូរេចបការា | បរិបូណ៌ចែងចប់។៚ | |
«ចប់»
|
គេហទំព័រ KCD Khmerkrom សូមស្វាគមន៍ គេហទំព័រនេះត្រូវបានបដិសន្ធិឡើងក្នុងគោលបំណង ជាឃ្លាំងផ្ទុុកនូវឯកសារជាច្រើន ដើម្បីងាយស្រូលក្នុងការសិក្សាស្រាវជ្រាវនូវប្រធានបទដែលពាក់ព័ន្ធ ជាពិសេសសម្រាប់ សិស្សិ-និស្សិត ស្រាវជ្រាវទៅតាមជំនាញរបស់ខ្លួន។ គេហទំព័រ សូមធ្វើការអធ្យាស្រ័យទុកជាមុន រាល់កំហុសឆ្គងដែលកើតឡើងដោយឥតចេតនា ។ យើងខ្ញុំសូមទទួលការរិះគន់ ដើម្បីស្ថាបនា ! សូមអគុណ !
Wednesday, December 2, 2015
Subscribe to:
Post Comments (Atom)
No comments:
Post a Comment