Monday, December 14, 2015

លក្ខណៈស្រ្តី​គ្រប់​លក្ខណ៍


khmer-lady

ស្រ្តី​ដែល​ប្រកប​ដោយ​លក្ខណៈ​៣១​យ៉ាង​ហៅ​ថា​ស្រី​គ្រប់​លក្ខណ៍ៈ
១.​ មិនចេះ​អេចអូច​និយាយ​ដើម​គេ​។
២.​ ចេះ​គួរសម​ក្រោក​ទទួល​មាតា​បិតា​និង​ស្វាមី​។
៣.​ ដឹង​គុណ​ តប​គុណ​ មាតា​បិតា​ញាតិ​សន្តាន​ ទាំង​​ពីរ​ខាង​។
៤.​ មិន​ចេះ​ដេក​ថ្ងៃ​។
៥. ​មិន​ភ្លី​ភ្លើ​ភ្លេច​មុខ​ភ្លេច​ក្រោយ​។
៦.​ ចេះ​ថែ​ទាំរបស់​ទ្រព្យ​។
៧.​ មិន​ផិត​ក្បត់​ស្វាមី​។
៨.​ មិន​ចេះ​ប្រច័ណ្ឌ​ស្វាមី​។
៩.​ គ្មាន​កលមាយា​។
១០.​ មិន​រំសាយ​សក់​ឲ​គេ​ឃើញ​។
១១ .​ មាន​ចិត្ត​អត់​ធន់​ធ្ងន់​ធ្ងរ​។
១២.​ មាន​ជើង​ស្រាល​មិន​ដើរ​តន្ត្រំ​ក្តុង​ក្តាំង​។
១៣.​ មិន​ឈរ​ឬ​អង្គុយ​សំញែង​កាយ​ឲ​គេ​ឃើញ​។
១៤.​ មិនដើរ​ញ៉ិកញ៉ក់​កាច់​រាង​។
១៥.​ ចេះ​សង្រួម​ភ្នែក​មិន​ក្រឡេក​រឡេម​រឡាម​។
១៦.​ មាន​ដំណើរ​ល្អ​ មិន​គ្រលែង​កាយ​ចំទយ​គូទ​។
១៧.​ មិន​បង់​បោយ​ញាក់​ស្មា​ គ្រលែង​ដើម​ដៃ​។
១៨.​ មាន​សំឡេង​តិច​​ច្បាស់លាស់​ មិន​និយាយ​ឡូ​ឡា​។
១៩.​​ មិន​ចេះ​ឡេះ​ឡោះ​លេង​សើច​។
២០.​ មិន​និយាយ​ផ្តោះ​ផ្តង​ចំពោះ​បុរស​និង​ស្រ្តី​។
២១.​មិន​ទំរន់​ ធ្វើ​ការ​ណា​ធ្វើ​ទាល់​តែ​ហើយ​ការ​នោះ​។
២២.​ ទៅទីណា​ឆាប់​ត្រឡប់​វិញ​ មិន​ញៀន​អង្គុយ​ផ្ទះ​គេ​។
២៣.​ ចេះ​ទុក​ដាក់​ឥវ៉ាន់​ក្នុង​ពេល​គួរ​ទុក​ដាក់​។
២៤.​ ចេះ​រៀប​ចំ​ផ្ទះ​សំបែង​។
២៥.​ ចេះ​តុបតែង​គ្រឿង​ឧបភោគ​បរិភោគ​។
២៦.​ ខ្លាច​ចិត្ត​ស្វាមី​មាតាបិតា​ ហើយ​គោរព​តាម​ឱវាទ។
២៧.​ បរិភោគ​ចំណី​អាហារ​ ក្រោយ​ស្វាមី​និងមាតា​បិតា​។
២៨.​ ឈប់​បរិភោគ​ មុន​ស្វាមី​និង​មាតា​បិតា​។
២៩.​ ដេក​លក់​ក្រោយ​ស្វាមី​។
៣០.​ ភ្ញាក់​មុន​ស្វាមី​។
៣១.​ មាន​មេត្តា​ករុណា​ចេះ​ធ្វើ​បុណ្យ​ទាន​។
ស្ត្រី​ដែល​ប្រកប​ដោយ​លក្ខណៈ​គ្រប់​ពេញ​ទាំង​៣១​នេះ​ ហៅ​ថា​ស្រី​គ្រប់​លក្ខណ៍​ បើ​មិន​ពេញ​ទេ​មាន​ខ្វះ​ខាត​ខ្លះ​ហៅ​ថា​ស្រី​ខាត​លក្ខណ៍​ បើ​មាន​ត្រង់​នេះ​ខ្លះ​ត្រង់​នោះ​ខ្លះ​រដាច់​រដោច​ហៅ​ថា​ស្រី​ដាច់​លក្ខណ៍​ឬ ​មី​កំដាច់​លក្ខណ៍​។
(ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ សុជី​វធម៌​ប្រចាំ​គ្រួសារ​ និពន្ធ​ដោយ​លោក​ សុង​ ស៊ីវ​ បោះ​ពុម្ព​ផ្សាយ​ឡើង​វិញ​ដោយ​ គីម​ ប៊ុន​ថន​)

No comments:

Post a Comment