Sunday, January 3, 2016

ប្រការ​គួរ​យល់​ដឹង​មុន​នឹង​សុខ​ចិត្ត​រៀបការ​


ការ​​ជ្រើស​​រើស​​គូ​​ស្រករ​​គឺ​​ជា​​រឿង​​ សំខាន់​​បំផុត​​មួយ​​ក្នុង​​ឆាក​ ​ជីវិត​​មនុស្ស​​ម្នាក់​​ៗ​​។ សង្គម​​ខ្មែរ​​ឲ្យ​​តម្លៃ​​ទៅ​​លើ​​ការ​​រួម​​រស់​​ប្តី​​មួយ​​ប្រពន្ធ​​មួយ ​​អស់​​មួយ​​ជីវិត​​។ ការ​​លែង​​លះ​ គឺ​​ជា​​ប្រការ​​ដែល​​​ត្រូវ​​ជៀស​វាង​​ឲ្យ​​ខាន​​តែ​​បាន​​ ព្រោះ​​វា​​មាន​​ផល​​វិបាក​​ច្រើន​​ដល់​​មនុស្ស​​ជំនាន់​ក្រោយ​​ពោល​​គឺ​​ កូន​​ៗ​។ ហេតុ​​នេះ​​ការ​​ពិចារណា​​ដោយ​​ល្អិត​​ល្អន់​​មុន​​ពេល​​រៀប​ការ​​ជា​មួយ​​ នរណា​​ម្នាក់​ ត្រូវ​​តែ​​យក​ចិត្ត​​ទុក​​ដាក់​​ធ្វើ​​ជា​​ចាំបាច់​។​ ចូរ​​ចោទ​​សួរ​​ខ្លួន​​ឯង​​នូវ​​កត្តា​​នីមួយ​ៗ​ខាង​​ក្រោម​ រួច​​ស្វែង​​រក​​ចម្លើយ​​ដោយ​​ក្តី​​ស្មោះ​​ត្រង់​​បំផុត​​ចំពោះ​​ខ្លួន​​ឯង ​​​៖​



១. តើ​​អ្នក​​ពិត​​ជា​​យល់​​ដឹង​​ពី​​មនុស្ស​​ដែល​​អ្នក​​ស្រឡាញ់​​គ្រប់​​យ៉ាង ​​មែន​​ឬ? ឃ្លាន ​​ឆ្ងាញ់ ​ស្រឡា​ញ់​​ល្អ​​ ។ ពេល​​ដែល​ស្រឡាញ់​​មើល​​ឃើញ​​អ្វី​​សុទ្ធ​​តែ​​ល្អ​។ អ្នក​​ប្រាជ្ញា​​ម្នាក់​​និយាយ​​ថា ចំពោះ​​មនុស្ស​​ដែល​​យើង​​ស្រឡាញ់​ យើង​​តែង​​កុហក​​ខ្លួន​​ឯង​​ពីរ​​យ៉ាង ទី​១​​អំពី​​គុណ​សម្បត្តិ​​របស់​​គេ​ និង​​ទី​២​​អំពី​​គុណ​វិបត្តិ​​របស់​​គេ​។ គេ​​មាន​​គុណសម្បត្តិ​​មិន​​គ្រប់​​គ្រាន់​​ក៏​​យើង​​យល់​​ថា​​ល្អ គេ​​មាន​​គុណ​​វិបត្តិ​​​ច្រើន​​ក៏​​យើង​​ថា​​មិន​​អី​។ មុន​​នឹង​​សម្រេច​​ចិត្ត​​ថា​​រៀបការ​​ជាមួយ​​នរណា​​ម្នាក់​ គេ​​ត្រូវ​​ពិចារណា​​ឲ្យ​​បាន​​ហ្មត​ចត់​​បំផុត​ កុំ​​សម្រេច​​ចិត្ត​​ឲ្យ​​ងាយ​​ៗ​​ ដោយ​​ផ្អែក​​លើ​​សេចក្តី​​ស្រឡាញ់​​តែ​​មួយ​​មុខ​​។ ត្រង់​​ចំណុច​​នេះ​ ដើម្បី​​ឲ្យ​​ការ​​វិនិច្ឆ័យ​​របស់​​យើង​​​មិ​ន​​លំអៀង​​ តោង​​តែ​​យើង​​សំអាង​​​លើ​​គំនិត ​ឬ​​ស្តាប់​​គំនិត​​របស់​​មនុស្ស​​ដែល​​ជិត​​ស្និទ្ធ​​នឹង​​អ្នក​​ដែល​​យើង​ ​ស្រឡាញ់​​។

២. តើ​​​ស្នេហា​​តែ​​មួយ​​មុខ​​គ្រប់​​គ្រាន់​​​អាច​​ដោះ​​ស្រាយ​​បញ្ហា​​ជីវិត ​​គ្រប់​​យ៉ាង​​មែន​​ទេ​? មនុស្ស​​មួយ​​ចំនួ​ន​​ច្រើន​​យល់​​ច្រឡំ​​ថា​​ឲ្យ​​តែ​​ស្រឡាញ់​​គ្នា​​ គ្រប់​​គ្រាន់​​ហើយ​ រឿង​​ផ្សេង​​ទៀត​​គង់​​នឹង​​ដោះ​ស្រាយ​​បាន​​។ កាល​​នៅ​​ស្រឡាញ់​​គ្នា​​ថ្មី​​ៗ​​ពាក្យ​​នេះ​​ហាក់​​ដូច​​ជា​​ពិត​​ណាស់​​ តែ​​នៅ​​ជាមួយ​​គ្នា​​យួរ​ៗ​​ទៅ​​ក្តី​​ស្រឡាញ់​​ក៏​​ចុះ​​ថយ​​ ថែម​​ទាំង​​មាន​​សំពាធ​​ជីវិត​​ផ្សេង​​ទៀត​​ដូច​​រឿង​​លុយ​​ជាដើម​​ ភាព​​រកាំ​​រកូស​​ចេះ​​តែ​​កើន​​ឡើង​​។ ដូច្នេះ​ អ្នក​​គួរ​​យល់​​ថា​​ស្នេហា​​គ្រាន់​​តែ​​ជា​​ចំណែក​​មួយ​​ជួយ​​គាំ​ទ្រ​​ ដល់​​សុភមង្គល​​តែ​​ប៉ុណ្ណោះ​​។

៣. ​តើ​​មនុស្ស​​យើង​​អាច​​នឹង​​កែ​​ប្រែ​​បាន​​ក្រោយ​​ពេល​​រៀបកា​រ​រួច​​មែន​​ទេ​?​ អ្វី​​ដែល​​ក្លាយ​​ជា​​ទម្លាប់​​ហើយ​​គឺ​​ពិបាក​​នឹង​​កែ​។ កុំ​​គិត​​ថា​​គូ​​គ្រង​​របស់​​អ្នក​​អាច​​នឹង​​កែ​​ប្រែ​​ទាំង​​ស្រុង​​ទៅ​ តាម​​ផ្លូវ​​ដែល​​អ្នក​​គិត​​ឲ្យ​​សោះ​។ មុន​​នឹង​​សុខ​​ចិត្ត​​រៀបការ​​ គួរ​​សួរ​​ខ្លួន​​ឯង​​ថា ​តើ​ចំណុច​​មិន​​ល្អ​​ទាំង​​ឡាយ​​នោះ​ អ្នក​​អាច​​ទទួល​​យក​​បាន​​ទេ​។

៤. ខ្ញុំ​​រៀបការ​​ជាមួយ​​គេ​ មិន​មែន​​រៀបការ​​ជាមួយ​​ក្រុម​គ្រួសារ​​​របស់​​គេ​​ទេ​​​.​.​.​។ តើ​​អ្នក​​ពិត​​ជា​ត្រូវ​​រស់​​នៅ​​តែ​​ពីរ​​នាក់​​ជាមួយ​​គេ​​ដោយ​​មិន​​ រវល់​​នឹង​​ឪពុក​​ម្តាយ​​សាច់​ញា​តិ​​របស់​​គេ​​មែន​​ទេ​? បើ​​អ្នក​​មាន​​គំនិត​​បែប​​នេះ​ អាច​​ជា​​កំហុស​​ឆ្គង​​មួយ​ អ្នក​​នឹង​​រក​​សុភមង្គល​​មិន​​បាន​​ទេ។​ ចូរ​​សួរ​​ខ្លួន​​ឯង​​នូ​វ​​សំណួរ​​ដ៏​​ខ្លី​ តើ​​អ្នក​​អាច​​កាត់​​ផ្តាច់​​ពី​​ឪពុក​​ម្តាយ​​របស់​​អ្នក​​ទាំង​​ស្រុង​​ បាន​​ទេ?​ ពិត​​ជា​​មិន​​បាន​​។​ ដូច្នេះ​​ទាំង​​អ្នក​​ទាំង​​គេ​​សុទ្ធ​​តែ​​មិន​​អាច​​កាត់​​ផ្តាច់​​ពី​​ គ្រួសារ​​ចាស់​​បាន​។

៥. ​រៀប​ការ​​ហើយ​​មនុស្ស​​ពីរ​​នាក់​​ក្លាយ​​ជា​​មនុស្ស​​តែ​​មួយ​​មែន​​ទេ​? យើង ​​មិន​​អាច​​ឃុំ​​គ្រង​​មនុស្ស​​ម្នាក់​ ឲ្យ​​ចំណាយ​​ពេលវេលា​​ ឬ​​ធ្វើ​​អ្វី​​ៗ​​គ្រប់​​យ៉ាង​​ទៅ​​តាម​​សេចក្តី​​ត្រូវ​ការ​​របស់​​យើង​ ឬ​​ស្រប​​តាម​​យើង​​គ្រប់​​យ៉ាង​​បាន​​ទេ​​។ មនុស្ស​​ម្នាក់​​ៗ​​ត្រូវ​​តែ​​មាន​​ពេល​វេលា​​ផ្ទាល់​​ខ្លួន​​ និង​​ជិវិត​​ឯក​ជន​​របស់​​ខ្លួន​​។ ដើម្បីសុ​ភមង្គល​​ អ្នក​​ទាំង​​ពីរ​​ត្រូវ​​ចេះ​​ផ្តល់​​តម្លៃ​​ឲ្យ​​គ្នា និង​​គោរព​​គ្នា​​ទៅវិញ​​ទៅ​​មក​​។

ចំណុច​​​សំខាន់​​ៗ​​មួយ​​ចំនួន​​ទៀត​​ដែល​​ត្រូវ​​យល់​​ដឹង​​មុន​​ពេល​​រៀប​ការ​​

រឿង​ដែល​ស្ត្រី​មិន​ចូល​ចិត្ត

- បុរស​ដែល​ផ្តោត​អារម្មណ៍​លើ​គ្រួសារ​ចាស់​ច្រើន​ហួស​ពេក​
- បុរស​ចូល​ចិត្ត​ដើរ​សប្បាយ​តែ​ម្នាក់​ឯង​ មិន​ទទួល​ខុស​ត្រូវ​ មិន​យក​ចិត្ត​ទុក​ដាក់​នឹង​គ្រួសារ
- បុរស​ដែល​រិះ​គន់​រឿង​ក្នុង​ផ្ទះ​ថា​នាង​មិន​ល្អ មិន​ពូកែ
- បុរស​ដែល​មិន​ផ្តល់​កិត្តិយស​មិន​កោត​សរសើរ​នាង

រឿង​ដែល​បុរស​មិន​ចូល​ចិត្ត​

- ស្ត្រី​ដែល​រង់ចាំ​តែ​ចាប់​កំហុស​ មិន​ទុក​ចិត្ត​ប្តី​
- ស្ត្រី​ដែល​ធ្វើ​ឲ្យ​គេ​អាប់​មុខ​នៅ​ចំពោះ​មុខ​អ្នក​ដទៃ
- ស្ត្រី​ដែល​ចូល​ចិត្ត​ឈ្លេច​សួរ​រឿង​ដែល​គេ​មិន​ចង់​ឆ្លើយ​តប
- ស្ត្រីដែល​រញាំ​រញ៉ូវ​ រអ៊ូ​រទាំង​ច្រើន​

No comments:

Post a Comment