Friday, October 23, 2015

អត្ថន័យ​ស្នេហានៅ​ក្នុងអក្សរសិល្ប៍​បុរាណ និងសម័យ​ទំនើប



នៅ ​ក្នុង​រឿង​រាម​កេរ្តិ៍ រឿង​សាស្រ្តា​​ល្បែង​នានា​ ក៏​ដូច​ជា​នៅ​ក្នុង​ប្រលោម​លោក​សម័យ​ទំនើប​បញ្ហា​ស្នេហា​ជា​បញ្ហា​មួយ​ដ៏​ សំខាន់​មិន​អាច​ប្រកែក​បាន ។ នៅ​ក្នុង​រឿង​រាម​កេរ្តិ៍ ព្រះ​រាម​និង​បរិវារ​ធ្វើ​សង្រ្គាម​ជាមួយ​យក្ស​ទសមុខ​ព្រោះ​តែ​រឿង​នាង​សេដា រីឯ​នៅ​ក្នុង​រឿង​ពុទ្ធិ​សែន ឬ​រឿង​នាង​ពីរ​ដណ្តប់ នាង​កង្រី​ឈឺ​ដល់​ស្លាប់​ក៏ព្រោះតែ​បាត់​បុរស​ជា​ទី​ស្នេហា​ រឿង​ផ្កា​ស្រពោន របស់​លោក​នូ ហាច ក៏​ដូច​គ្នា​អ៊ីចឹង​ដែរ ។ នៅ​ក្នុង​រឿង​បីសាច​ស្នេហា របស់​លោ​កញ៉ុក ថែម នាង​សារុន កើត​ចិត្ត​សង​សឹក​ចង់​សម្លាប់​នាង​សារី​ជា​បង​ ក៏​ព្រោះ​តែ​ចៅ​ក្រម​រ៉ប ជ្រើស​រើស​នាង​សារី ហើយ​នៅ​ទី​បំផុត​ក៏​សម្លាប់​ខ្លួន​តែ​ម្តង ។ ចំពោះ​រឿង​ទំទាវ ទោះ​បី​នាង​ទាវ​បាន​បោះ​បង់​ទុំ​ចោល ហើយ​ទៅ​រៀប​ការ​ជាមួយ​ម៉ឹន​ ឃួន វិញ​ក្តី​ក៏​សម្រេច​​សម្រួច​ទៅ​សុខ​ចិត្ត​ស្លាប់​ទៅ​តាម​ទុំដដែល​ជា​ដដែល បើ​និយាយ​ពី​រឿង​កាកី​វិញ ដែល​ជា​រឿង​កើត​មាន​ឡើងនៅ​ក្នុង​មជ្ឈដ្ឋាន​អភិជន សេចក្តី​ស្នេហា​មាន​លក្ខណៈ​ប្រាដក​និយម​បំផុត​គឺ​ប្រៀប​បាន​ទៅ​នឹង​ទស្សនៈ រាមច្ចនៈ​មហាបណ្ឌិត ឬ​របស់​លោកនាគ​ ប្រទិព្វ អ្នក​ដែល​បាន​ចង​ក្រង​រឿង​ ស្រី​ហិតោ​បរទេស ដូច្នេះ​ដែរ ។
តាម ​ការ​ពិត​ទៅ​រឿង​ស្នេហា​ដែល​អ្នក​និពន្ធ​ទាំង​នោះ​បាន​លើក​ឡើង​សុទ្ធ​តែ​មាន ​លក្ខណៈ​ខុស​គ្នា​ទាំង​អស់ ទោះ​ជា​យ៉ាង​ណា​ក្តី​គេ​សង្កេត​ឃើញ​​ថា​សេចក្តី​ស្នេហា​ដែល​មាន​ថាម​​ពល​ ដ៏ខ្លាំង​ក្លា​ច្រើន​ជា​សេចក្តី​ស្នេហា​ដែល​ជួប​នឹង​ឧបសគ្គ ជួន​កាល​ទៅ​ជា​ឧបសគ្គ​សង្គម ឧបសគ្គ​គ្រួសារ ឧបសគ្គ​នយោបាយ ប៉ុន្តែ​បញ្ហា​ស្នេហា​ត្រី​កោណមិន​សូវ​បាន​ត្រូវ​អ្នក​និពន្ធ​ខ្មែរ​លើក​​យក ​មក​លាត​ត្រដាង​ឲ្យ​បាន​ពិស្តារ​ប៉ុន្មាន​ទេ ។
តើ​ស្នេហា​ជា​អ្វីទៅ បាន​ជា​បង្កើត​រឿង​ច្រើន​បែប​នេះ?
នៅ ​ក្នុង​រឿង​រាមកេរ្តិ៍ សេចក្តី​ស្នេហា​កើត​ចេញ​ពី​សម្ផស្ស​ដ៏​អស្ចារ្យ​គ្មាន​អ្វី​អាច​ប្រៀប​ផ្ទឹម ​បាន​របស់​នាង​សេដា គឺ​ជា​កម្មវត្ថុ​នៃ​ការ​ប៉ង​ប្រាថ្នា​របស់​អ្នក​មាន​រិទ្ធិ​អំណាច គ្មាន​អ្នក​មាន​រិទ្ធិ​អំណាច​ណា​ម្នាក់​អាច​បាត់​បង់​នាង​បាន​នោះ​ឡើយ ព្រោះ​សម្ផស្ស​ដ៏​អស្ចារ្យ​គ្មាន​ពីរ​នេះ​ក៏​ជា​និមិត្ត​រូប​នៃ​អំណាច​ ដូច្នេះ​ដែរ គឺ​អំណាច​គ្រប់​គ្រង​ទៅ​លើ​មនោ​សញ្ចេតនារបស់​ស្ត្រី​ភេទ ទន្ទឹម​នឹង​អំណាច​អាណា​ចក្រ​ទាំង​មូល ។ សេចក្តី​ស្នេហា​រវាង​ទុំ​និង​ទាវ​ជា​ស្នេហា​ដែល​កើត​ចេញ​ពី​ការ​រំភើប​ទៅ​ វិញ​ទៅ​មក គឺ​ស្នេហា​​ម្យ៉ា​ង​ដែល​​ពុំ​អាច​ឋិត​ថេរ​បាន​ឡើយ​កាល​ណា​រស់​នៅ​ផ្អួម​ជូរ​ ជា​មួយ​គ្នា​យូរ​ពេក ។ យ៉ាង​ណា​មិញ​សេចក្តី​ស្នេហា​របស់​នាងកាកី ទៅ​លើ​រូប​ស្ដេច​ព្រហ្ម​ទន្ត បាន​រលត់​ទៅ​វិញ​ព្រោះ​តែ​ការ​អផ្សុក​ ប៉ុន្តែ​បាន​កើត​មាន​ម្តង​ទៀត​នៅ​ពេល​ដែល​នាង​កាកី មាន​ការ​រំភើប​ទៅ​លើ​សម្ផស្ស​នៃ​បុរស​ម្នាក់​ទៀត រី​ឯ​សេចក្តី​ស្នេហា​របស់​នាង​កង្រី​ទៅ​លើ​ពុទ្ធិសែន​​វិញគឺ​ជា​សេចក្តី​ ស្នេហា​ដាច់​ខាត គឺ​ស្នេហា​ដ៏​បរិសុទ្ធ​ដែល​គេ​នាំ​គ្នា​ចាត់​ទុក​ថា​ជា​សេចក្តី​ស្នេហា​ពិត​ប្រាកដ​ ប៉ុន្តែ​ដែល​គ្មាន​អ្នក​ណា​អាច​សម្រេច​បាន ។
ចំពោះ ​បញ្ហា​ដែល​ចោទ​ឡើង​នៅ​ក្នុង​រឿង​ស្នេហា​នេះ គឺ​ស្ថិត​នៅ​ត្រង់​ថា​តើ​គូ​ស្នេហ៍​អាច​ស្រឡាញ់​អ្នក​ណា​ម្នាក់​ទៀត​បាន​ទេ នៅ​ក្នុង​ករណី​ដែល​គ្មាន​ភ័ព្វ​សំណាង​បាន​ជួប​គ្នា? គេ​មិន​អាច​ឆ្លើយ​និង​សំណួរ​នេះ​ដោយ​ច្បាស់​បាន​ទេ ព្រោះ​អ្វីៗ​ក៏​អាស្រ័យ​និង​ធាតុ​ព្រម​ទាំង​លោក​ទស្សនៈ​របស់​បុគ្គល​ម្នាក់​ ៗ​ដែរ ប្រការ​ដែល​គួរឲ្យ​កត់​សម្គាល់​គឺ​បាតុ​ភូត​នៃ​ស្នេហា​តាម​ការ​ពិត​គឺ​ជា​ បាតុ​ភូត​នៃ​ចិត្ត​សាស្រ្ត​តែ​ប៉ុណ្ណោះ ជា​ពិសេស​គឺ​បញ្ហា​សង្គម​ចិត្ត​សាស្រ្ត​តែ​ម្តង ការ​ដែល​គួរ​កត់​សម្គាល់​មួយ​ទៀតគឺ​ស្ថាន​ភាព​បរិយា​កាស​ដែល​បង្កើត​សេចក្តី ​ស្នេហា​នៅ​ក្នុង​រឿង​សាស្រ្តា​ល្បែង​ជា​ច្រើន តួអង្គ​បាន​ជួប​ស្ថាន​ការណ៍​ជា​ច្រើន​ ហើយ​ស្ថាន​ការណ៍​កំសត់​នីមួយៗ តែង​តែ​នាំ​មក​នូវ​សេចក្តី​ស្នេហា​ថ្មីៗទៀត ប៉ុន្តែ​ដែល​សម្រេច​សម្រួច​ទៅ ​គ្រប់​គ្រង់​ស្នេហា​ណា​មួយ​ក៏​មិនបាន​ដែរ​បើ​គេ​ចង់​បាន​ទាំង​អស់​នោះ ហើយ​នៅ​ទី​បំផុត​ច្រើន​ចេញ​ទៅ​ធ្វើ​ជា​តាបស់​ឥសី​​តាំង​សីល​រម្ងាប់​កាម​ តណ្ហា ឬ​ដោះ​ស្រាយ​វិបត្តិ​នៅ​ក្នុង​គ្រួសារ ។
នៅ ​សម័យ​យើង​នេះ​គេ​សង្កេត​ឃើញ​ជារឿយ​ៗ​ថា សេចក្តី​ស្នេហា​ច្រើន​តែ​កើត​ឡើង​ហើយ​រលត់​ទៅ​វិញ ព្រោះ​បញ្ហា​សេដ្ឋកិច្ច បញ្ហា​សង្គម បូក​រូម​ទស្សនៈ​អំពី​ជីវិត​សម័យ​ថ្មី​ដូច​ជា​ការ​អផ្សុក ការ​ស្វែង​រក​ការ​រំភើប​ថ្មី​ៗ​ជា​ដើម ច្រើន​តែ​ជា​កត្តា​មួយ​ដ៏​សំខាន់​ដែល​ពន្លត់ភ្លើង​ស្នេហា​ទៅវិញ បើ​ពុំ​នោះ​សោត​ទេ​គឺ​ជា​ការ​ស្វែង​រក​អនា​គត់ ដូច​នៅក្នុង​រឿង​សុផាត របស់​លោក​រឹម គិន ដូច្នេះ​ដែរ ។ នៅ​ត្រង់​ចំណុច​នេះ​គេ​អាច​និយាយ​បាន​ថា អ្នក​ខ្លះ​សុខ​ចិត្ត​មាន​វិបដិ​សារី​ជាង​ការ​​សោក​ស្តាយ ៕

No comments:

Post a Comment