គេហទំព័រ KCD Khmerkrom សូមស្វាគមន៍ គេហទំព័រនេះត្រូវបានបដិសន្ធិឡើងក្នុងគោលបំណង ជាឃ្លាំងផ្ទុុកនូវឯកសារជាច្រើន ដើម្បីងាយស្រូលក្នុងការសិក្សាស្រាវជ្រាវនូវប្រធានបទដែលពាក់ព័ន្ធ ជាពិសេសសម្រាប់ សិស្សិ-និស្សិត ស្រាវជ្រាវទៅតាមជំនាញរបស់ខ្លួន។ គេហទំព័រ សូមធ្វើការអធ្យាស្រ័យទុកជាមុន រាល់កំហុសឆ្គងដែលកើតឡើងដោយឥតចេតនា ។ យើងខ្ញុំសូមទទួលការរិះគន់ ដើម្បីស្ថាបនា ! សូមអគុណ !
Wednesday, November 11, 2015
ឧបករណ៍តន្ត្រីខ្មែរម្យ៉ាង ដែលមានឈ្មោះថា«មិម» កំពុងតែឈានទៅរកការបាត់បង់
ភ្នំពេញ ៖ បច្ចុប្បន្នឧបករណ៍តន្ត្រីខ្មែរម្យ៉ាង ដែលមានឈ្មោះថា«មិម» កំពុងតែ ឈានទៅរកការបាត់បង់ ដែលនេះបណ្ដាលមកពីយើងទាំងអស់គ្នាមិនយកចិត្តទុកដាក់អភិរក្ស និងថែរក្សាឲ្យបានគង់វង្ស ស្របពេលដែលលំហូរប្រភេទឧបករណ៍តន្ត្រីពួកបស្ចិមប្រទេស កំពុងវាយលុកនៅកម្ពុជានោះ។
«មិម» គឺជា ឧបករណ៍តន្ត្រីខ្មែរដែលមានតាំងពីសម័យអង្គរ រួមទាំងឧបករណ៍ភ្លេងខ្មែរមួយចំនួនទៀត បានចាប់កំណើតពីខឿនវប្បធម៌មនខ្មែរ នាសម័យមុនបុរេប្រវត្តិសាស្ត្រ ដោយមានភស្តុតាងជាច្រើនបង្ហាញពីឥទ្ធិពល និងសារៈសំខាន់ នៃវិស័យដូរ្យតន្ត្រីក្នុងសង្គមខ្មែរនាជំនាន់ដើមស្របតាមពិធី ប្រពៃណីផ្សេងៗដែលគេបានប្រារព្ធ។ ឧបករណ៍តន្ត្រីខ្មេរ«មិម»នេះ ដែរ យើងឃើញមានឆ្លាក់នៅលើប្រាសាទបាយ័ន នៃថែវ ផ្នែកខាងកើត ឆៀងខាងត្បូង និងបានឃើញនាងទេពអប្សរម្នាក់អង្គុយកូតឧបករណ៍តន្ត្រីម្យ៉ាង ស្ថិតក្នុងអំបូរទ្រ តែយើងនៅមានចម្ងល់ថា តើការកូតអាចបន្លឺសូរម៉េចបាន បើឥតប្រអប់សូរផង នេះប្រហែលជាសិល្បករចម្លាក់យើងជំនាន់ដើមភ្លេចឆ្លាក់ ឬមកពីពេលវេលាមិនអនុគ្រោះ។
ផ្ទុយស្រឡះ បន្ទាប់ពីយើងបានដឹង និងស្គាល់ច្បាស់ពីឧបករណ៍តន្ត្រីខ្មែរឈ្មោះថា«មិម»នេះ យើងមានការកោតសរសើរ និងវាយតម្លៃចំពោះបុព្វបុរសខ្មែរយើងថា រាល់រូបភាពដែលលោកបានឆ្លាក់នៅលើប្រាសាទបុរាណនោះ មិនមែនគ្មានការពិតនោះទេ ពោលគឺសុទ្ធតែបានដកស្រង់ពីភាពពិត មកគូរដាប់ឆ្លាក់ទាំងអស់។ ហើយយោងតាមការស្រាវជ្រាវរបស់អ្នកស្រី កែវ ណារុំ បានសរសេរចងក្រងទុកថា យើងឃើញនៅមានសល់នូវឧបករណ៍តន្ត្រីប្រភេទនេះនៅខេត្តរតនគិរី ក្នុងស្រុកអូរជុំស្ថិតក្នុងដៃបងប្អូនខ្មែរលើ(គ្រឹង និងទំពូន) ដែលជាឧបករណ៍តន្ត្រីដ៏កម្រ និងរកកលជិតផុតរលត់ទៅហើយដែរ ដែលពួកគេហៅថា«មិម» ចំពោះខ្មែរកណ្ដាល ក្នុងពេលបច្ចុប្បន្ននេះ មិនស្គាល់ ហើយថែមទាំងមិនដឹងថាមានឧបករណ៍តន្ត្រីប្រភេទនេះផង។
តើនៅសម័យអង្គរខ្មែរកណ្ដាលបានដាក់ឈ្មោះហៅថាអ្វីដែរ? អាចទំនងហៅថាមិម ឬម៉ឹមដែលមានខ្យល់ និងន័យប្រហាក់ប្រហែលគ្នា? ពីព្រោះ ការសំដែងឧបករណ៍នេះ មានលក្ខណៈកូតដូចទ្រ ឯការដែលគ្មានប្រអប់សូរនោះ គឺលោកជំនួសដោយប្រើក្រអូមមាត់ដែលមានលទ្ធភាពអាចជួយបន្លឺសូរតាម បំណងនៃអ្នកកូត បានសេចក្ដីថា តន្ត្រីករលេងឧបករណ៍មិមបានយកខ្សែអំបោះចងនៅចុងខាងក្រោមជិត កន្លែងកូត រួចបន្លាយមកដាក់ក្នុងមាត់។
ការស្ថិតក្នុងមាត់បាន គឺគេយកស្រកាពង្រូលមួយមកចោះរន្ធ រួចស៊កខ្សែអំបោះនោះក្នុងរន្ធដោយបង្ខាំង និងកន្លាស់ឫស្សីតូចមួយ ហើយដាក់ចន្លោះធ្មេញលើក្រោមប្រៀបដូចជាទារក ឬកុមារតូចៗបៀមបៅដោះម្ដាយ។ ប៉ុន្តែឆាកសម្រាប់កូតរបស់មិមមិនមានលក្ខណៈដូចទ្រដែលយើងបាន ផលិតក្នុងពេលបច្ចុប្បន្ននេះទេ ឆ្លងតាមការពិនិត្យឃើញឆ្លាក់លើសិលា ក៏អាចបញ្ជាក់ឲ្យយើងបានឃើញច្បាស់ដែរ។
ឆាកមិម ធ្វើពីឫស្សី ដែលត្រូវបិតឲ្យស្ដើង មានប្រវែងប្រហែលឆាកទ្រដែរ តែទំហំឆ្មារជាង និងគ្មានប្រើសរសៃសក់ទេ គេយកឆាកឫស្សីនោះកូតផ្នែកខាងខ្នងនៃឫស្សី គឺផ្នែកខាងក្រៅ ដែលមានសាច់រលោងរលីង ហើយដុសរូតនឹងជ័រដូចឆាកទ្រយើងដែរ។
ឯកសារដដែលបញ្ជាក់ថា ជ័រដែលគេនិយមដុសបានស្អិតចាប់ល្អជាងគេ គឺជ័រស្អុង មិម មានខ្សែតែមួយ ចងភ្ជាប់ពីចុងខាងក្រោមនៃតួបង្ហូតទៅលើភ្ជាប់នឹងព្រលូត ធ្វើពីឫស្សីដែលគេបិតឲ្យចេញជារូបរាង ដោយប្រើកាំបិត រីឯតួដងផ្នែកខាងលើធ្វើអំពីឫស្សីពីងពង់មួយដើម មានទំហំធំជាងខ្លុយខ្មែរកណ្ដាលបន្តិច គ្រាន់តែមានបណ្ដោយវែងជាងគឺ៦០សង់ទីម៉ែត្រ។ ផ្នែកខាងលើនៃតួដងមិមនេះចុះមក១៨សង់ទីម៉ែត្រ គេចោះរន្ធឲ្យឆ្ងាយពីម្ខាងទៅម្ខាងទៀត សម្រាប់ស៊កព្រលូត ចំពោះតួដងផ្នែកខាងក្រោម គេចាំងចិតឈើឲ្យមានទំហំតូច ហើយមូលអាចស៊កចូលបំពង់ឫស្សីបានដោយលក្ខណៈជាប់តឹងណែន ហើយផ្នែកខាងចុងនៃឈើនេះ គេអាចចាំងចិតឲ្យមានរាងអែនបន្តិច និងខាងចុងផុតមានរាងមូលសំប៉ែតដូចប្រាក់កាក់ តែគេក៏ត្រូវចិតឈើនោះឲ្យមានដុំតូចៗទៀតលើឈើមូលសំប៉ែតដោយចោះ រន្ធតូចៗសម្រាប់ស៊កខ្សែ គេស៊កខ្សែជាប់បានដោយសារការចងភ្ជាប់នឹងកន្លាស់ឫស្សីតូចមួយដែរ គឺទីនោះហើយដែរ ដែលគេត្រូវចងខ្សែអំបោះបន្លាយមកភ្ជាប់នឹងស្រកាពង្រូល រួចដាក់បៀមក្នុងមាត់។
ដោយការបៀមដាក់ក្នុងមាត់មានភាព ពិបាកសម្រាប់មនុស្សចាស់ បច្ចុប្បន្ននេះគេបានយកខ្សែអំបោះមកភ្ជាប់នឹងបំពង់ឫស្សី ឬកំប៉ុងវិញ ប៉ុន្តែគេត្រូវប្រើមនុស្សម្នាទៀតសម្រាប់ជួយទាញបំពង់សូរនៅពេលគេ កូតមិម ដែលលើតួផ្នែកបំពង់ឫស្សីគេមានបិតខ្ទង់ដោយក្រមួនទម្រោមដែលខ្ទង់ នោះមានចំនួន៤ធ្វើអំពីឈើ៕
ប្រភព ៖ កម្ពុជាថ្មី
ចំណាត់ថ្នាក់អត្ថបទ
អរិយធម៌
Subscribe to:
Post Comments (Atom)
No comments:
Post a Comment