- ក្នុងកាលខ្លះ សេចក្តីអត់ធន់ជាគ្រឿងលំអនៃបុរស ដូចសេចក្តីខ្មះអៀនជាគ្រឿងលំអនៃស្រ្តីទាំងឡាយ តែសេចក្តីក្លាហានជាគ្រឿងលំអនៃបុរសក្នុងពេលដែលគេមើលងាយ ដូចការមិនអៀនខ្មាសជាគ្រឿងលំអនៃស្ត្រីក្នុងការសេពសន្ថវៈដូច្នោះ ដែរ។
- នរជនណាមើលឃើញការមានកម្លាំងនិងការអត់កម្លាំងនៃខ្លួននិង សត្រូវហើយ មិនស្គាល់ប្រភេទផ្សេងគ្នាទៀត នរជននោះត្រូវសត្រូវមើលងាយ។
- បុគ្គលមិនគប្បីធ្វើការសេពគប់ពឹងពាក់ ចំពោះជនដែលតូចតាចថោកទាបឡើយ គប្បីធ្វើចំពោះតែឥស្សរជនដែលមានអំណាច ព្រោះថាទឹកដោះ បើនៅក្នុងកណ្តាប់ដៃអ្នកស្រវឹង ក៏បានឡើងឈ្មោះទៅជាគ្រឿងស្រវឹងដែរ។
- ទូតសូម្បីនៅកណ្តាលសស្ត្រាវុធដែលគេលើកច្រូងច្រាង ក៏មិននិយាយអ្វីដទៃក្រៅពីការខ្លួន អាស្រ័យដោយខ្លួនជាទូត គេមិនសម្លាប់ ហេតុនេះទើបទូតចរចារត្រង់ទៅត្រង់មកតាមសេចក្តីពិត។
- ព្រះរាជា១ មនុស្សឆ្កួត១ កូនក្មេង១ អ្នកបរិភោគកាម១ ចង់បានរបស់ដែលខ្លួនមិនទាន់បាន ចាំបាច់និយាយអ្វីដល់របស់ដែលខ្លួនបានហើយ។
- មនុស្សទុជ៌នប្រព្រឹត្តអំពើអាក្រក់ ផលអាក្រក់តែងធ្លាក់ទៅលើមនុស្សល្អវិញ ដូចរាពណ៍លួចនាងសេតា (ផលអាក្រក់់របស់រាពណ៍ធ្លាក់មកលើសមុទ្រ) គឺសមុទ្រត្រូវព្រះរាមចងថ្នល់។
- ពាក្យដែលទុជ៌នពោល សូម្បីនិយាយញញឹមស្រស់ពីរោះផ្អែមដូចផ្ការីកពុំជួកាល ក៏អាចនឹងញ៉ាំងភ័យឲ្យកើតឡើងបាន។
- គួរគប្បីឲ្យមួយរយ តែមិនគួរធ្វើឲ្យកើតវិវាទមួយទេ នេះជាមតិអ្នកប្រាជ្ញ សូម្បីមិនមានមូលហេតុអ្វីជាមាំមួន ហើយក៏ធ្វើវិវាទដែរ នេះជាលក្ខណៈមនុស្សល្ងង់ទេ។
- បុគ្គលមិនគប្បីអាចគាស់លើកដុំថ្មតាន់ ដោយកម្លាំងមនុស្សបានស្មើដោយការប្រើកំណាត់ឈើទេយ៉ាងណា ដោយប្រើឧបាយតែបន្តិច គេបានសម្រេចប្រយោជន៍ធំយ៉ាងនោះ។
- ភ័យនៅឆ្ងាយមានក្តីខ្លាច ភ័យមកដល់ជិតមានក្តីក្លៀវក្លា នេះជាគុណលក្ខណៈមហាបុរស។
- នរជនដឹងនីតិសាស្ត្រ(នយោបាយ) ត្រូវនៅក្នុងគ្រឿងការពារដូចអណ្តើកក្នុងស្នូក ហើយត្រូវចេះអត់ធន់គ្រឿងប្រហារនៃសត្រូវផង កាលបើកាលមកដល់ហើយ គប្បីលោតឡើងតស៊ូ ដូចពស់មានអសិរពិស។
- បើសត្រូវស្គាល់ចំនុចខ្សោយយើង និងសេចក្តីក្លៀវក្លាយើងហើយ គេនឹងចូលទៅរហូតដល់ចិត្តគំនិតយើងខាងក្នុងទៀតហើយសម្លាប់យើងចោល បង់សៀត ដូចភ្លើងឆេះឈើស្ងួតតែងឆេះរូងរហូតដល់ខ្លឹមខាងក្នុង។
- ជនដទៃតែជាអ្នកធ្វើប្រយោជន៍ឲ្យយើង ទុកជាផៅពង្ស ឯផៅពង្សពិត តែជាអ្នកមិនធ្វើប្រយោជន៍ឲ្យយើង ក៏ទុកជាអ្នកដទៃ រោគកើតក្នុងរាងកាយយើងពិតៗ រកប្រយោជន៍គ្មាន ថ្នាំកើតក្នុងព្រៃធ្វើប្រយោជន៍ឲ្យយើង។
- លោភ ទ្រនង់យង់ឃ្នង ខ្ជិល មិនពោលពាក្យសត្យ ធ្វេសប្រហែស ខ្លាច មិនម៉ឹងម៉ាត់ ល្លង់ខ្លៅ មើលងាយយោធា ទាំងអស់នេះជាលក្ខណៈសត្រូវដែលបរបក្សយកជ័យជំនះបានដោយងាយ។
- ក្រពើដ៏កាចសាហាវពន្លឹក បើចេញផុតពីទឹកហើយ ក៏អន់អំណាច សីហៈសូម្បីសាហាវយង់ឃ្នង បើចេញផុតពីព្រៃហើយក៏ដូចគា្ននឹងសត្វចចក។
គេហទំព័រ KCD Khmerkrom សូមស្វាគមន៍ គេហទំព័រនេះត្រូវបានបដិសន្ធិឡើងក្នុងគោលបំណង ជាឃ្លាំងផ្ទុុកនូវឯកសារជាច្រើន ដើម្បីងាយស្រូលក្នុងការសិក្សាស្រាវជ្រាវនូវប្រធានបទដែលពាក់ព័ន្ធ ជាពិសេសសម្រាប់ សិស្សិ-និស្សិត ស្រាវជ្រាវទៅតាមជំនាញរបស់ខ្លួន។ គេហទំព័រ សូមធ្វើការអធ្យាស្រ័យទុកជាមុន រាល់កំហុសឆ្គងដែលកើតឡើងដោយឥតចេតនា ។ យើងខ្ញុំសូមទទួលការរិះគន់ ដើម្បីស្ថាបនា ! សូមអគុណ !
Sunday, November 1, 2015
សៀវភៅស្រីហិតោបទេសភាគបីៈ សម្រង់គតិបណ្ឌិត
ចំណាត់ថ្នាក់អត្ថបទ
អត្ថបទគួរអាន
Subscribe to:
Post Comments (Atom)
No comments:
Post a Comment