មណ្ឌលគីរី ជាខេត្តភូមិភាគឥសានរបស់ខ្មែរ ជាប់នឹងព្រំប្រទល់ប្រទេសឡាវ និង វៀតណាម។
ជួរភ្នំខ្ពស់ទាប វាលស្មៅសក់សេះ
និងខ្យល់អាកាសបរិសុទ្ធ វាពិតជាគួរឲ្យស្រលាញ់ ។បើយើងចង់ទៅលេងទីនោះ
យើងត្រូវធ្វើដំណើរកាត់តាមទីរួមខេត្តកំពង់ចាម និង កាត់ តាមទីរួមស្រុកស្នួល
ខេត្តក្រចេះ ក្នុងចម្ងាយផ្លូវជាងបីរយគីឡូម៉ែត្រ។
រូបខ្ទីងទាំងពីរនេះ ជាតំណាងឲ្យទីរួមខេត្តនេះទាំងមូល ប៉ុន្តែសព្វថ្ងៃសត្វនេះមិនត្រូវបាន គេប្រទះឃើញទៀតទេ ប្រហែលជាដាច់ពូជក៏មិនដឹង?។
នេះជាទឹកជ្រោះ ឬទឹកធ្លាក់ប៊ូស្រា
ដែលគេធ្លាប់ឭតែតាមបទចម្រៀងរបស់រៀមច្បងជំនាន់ទសវត្សរ៍៥០។
សព្វថ្ងៃយើងអាចទៅលេងទីនោះបាន ព្រោះគមនាគមន៍បានស្រួលគ្រាន់បើដែរហើយ
ហើយសុវត្ថិភាពសន្តិសុខ ក៏អាចទទួលយកបានដែរ
មិនមានអស្ថេរភាពធំដុំគួរឲ្យកត់សម្គាល់អីទៀតទេ។
នេះ ជាភ្នំដោះក្រមុំ ដែលឈ្មោះនេះ
មិនទាក់ទងនឹងប្រវ្តិសាស្រ្តទេ គឺហៅតាមអភិបាល ស្រុក ដែលដាក់ឲ្យ
តាមទម្រង់នៃកំពូលភ្នំ ដែលដូច ឬស្រដៀងនឹងដោះស្រីក្រមុំ។
នេះជាភ្នំបាយឆៅ ដែលយើងអាចឈរមើលទៅភ្នំ
ឬទីផ្សេង ដែលគេហៅថាសមុទ្រឈើ ឬសមុទ្រភ្នំ។តែសង្ស័យព្រៃឈើ
បានត្រឹមតែមើលឃើញពីចម្ងាយទេ ទៅជិតប្រហែល ជាគ្មានឈើល្អឡើយ
ព្រោះគេចាប់ច្រើនណាស់។
នេះជាកូនៗរបស់ជនជាតិភាគតិចព្នង
ដែលពួកគេលែងស្លៀកពាក់ប៉ិងដូចកាលពីមុន ទៀតហើយ។
នេះជាបងប្អូនជនជាតិភាគតិចព្នង និង ការស្លៀកពាក់ ថតកាលពីទសវត្សរ៍៦០
មណ្ឌលគីរី អនុស្សា កំណាព្យ បទពាក្យប្រាំបី
១ វាយោបោកបក់ត្រជាក់សព្វកាយ ពិតសែនសប្បាយរកអ្វីផ្ទឹមគ្មានជួរភ្នំទាបខ្ពស់ជ្រោះជ្រងផ្លូវស្ពាន ចិត្តនៅតែឃ្លានព្រោះគន់មិនឆ្អែត។
២ ទេសភាពឥតខ្ចោះសម្រស់ធម្មជាតិ មិនចង់ឃ្លៀងឃ្លាតខ្នងភ្នំត្រដែត
មណ្ឌលគីរីច្រើនគីឡូម៉ែត្រ ស្វាគមន៍អ្នកកាសែត មណ្ឌលស្រ្តី
៣ អនុស្សាវរីយ៍ដ៏សែនត្រសុំ ធ្វើឲ្យចិត្តខ្ញុំនៅក្រាញបេតី
ដក់ជាប់ចិន្តាវាលស្មៅខៀវខ្ចី ប្រៀបសម្ផស្សស្រីវ័យដប់ប្រាំមួយ។
៤ ខ្នងភ្នំបាយឆៅនៅចាំមិនភ្លេច ពេលថ្ងៃហៀបលិចដួងចិត្តរញ្ជួយ
មើលសមុទ្រឈើភ្នំខ្ពស់មួយៗ ក្នុងទ្រូងសែនព្រួយព្រោះនឹងត្រូវឃ្លាត
៥ ទឹកជ្រោះអូរផ្លាយមិនឆ្ងាយពីផ្លូវ ខ្លុងត្បែងត្រែងស្បូវរាក់ទាក់ផៅញ្ញាតិ
ដំណើរថ្មើរជើងតោងដើរប្រជ្រៀត ផ្លូវតូចចង្អៀតមិនទាន់រៀបរយ។
៦ ទឹកជ្រោះប៊ូស្រាថ្លាយង់ត្រជាក់ បីថ្នាក់ត្រង់ធ្លាក់មិនណាយគន់គយ
ងូតលេងប្រឡែងជម្រះភាពស៊យ ញឹកញយខ្ញុំប៉ងផ្សងត្រឡប់វិញ។
៧ គីរីមណ្ឌលស្រូបខ្យល់បរិសុទ្ធ រន្ធត់តក់ស្លុតគ្រោតគ្រាតទោម្និញ
ឧិបកាយកើយកម្មចងចាំទន្ទេញ មណ្ឌល ភ្នំពេញថ្ងៃណាជួបទៀត?។
No comments:
Post a Comment