Friday, November 20, 2015

ខេត្តពាម



ពាម ជា​ដី​ខែ្មរ​មួយ​ភាគ នៃ​អាណាចក្រ​នគរ​ភ្នំ និង​ក្រោយមក​ក្លាយជា​ខេត្ត​ខ្មែរ​មួយ ក្នុងចំណោម​ខេត្ត​ទាំង ៦ នៅ​ដែនដី​កម្ពុជា​ក្រោម​, ក្នុងសម័យ​ស្តេច​យួន​ឈ្មោះ ម៉ិ​ញ ម៉ាង ( Minh Mạng ) នា​ឆ្នាំ ១៨៣៤ , និង​ក្រោយមកទៀត​ក្លាយជា​ខេត្ត​ខ្មែរ​មួយ ក្នុងចំណោម​ខេត្ត​ទាំង ១៩ នៅ​ក្នុងសម័យ​សាធារណរដ្ឋ​កូស័ងស៊ីន (​ភាសា​បារាំង​៖ République de Cochinchine), និង​ចាប់ពី​ឆ្នាំ ១៩៤៥ ដល់ ១៩៧៥ ពាម ជា​ខេត្ត​មួយ ក្នុងចំណោម​ខេត្ត​ទាំង ២១ នៅ​ដែនដី​កម្ពុជា​ក្រោម ដោយមាន​ការបែងចែក​ខេត្ត​ពីរ​បប​សាធារណរដ្ឋ​វៀតណាម ។​
​បច្ចុប្បន្ន ពាម ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម ដាក់បញ្ចូល​ជាទី​រួម​ខេត្ត​របស់​ខេត្ត ក្រមួន ស (Kiên Giang) ។​
​អំពី​អក្សរ «​ពាម​» និង​ឈ្មោះ​ជា​ភាសាបរទេស ៖
​ពាម (​អក្សរ​ខ្មែរ​៖ ពាម ​​អក្សរ​យួន​៖ Hà Tiên) ពាម នៅ​ក្នុងសម័យ​គ្រប់គ្រង របស់​ឧកញ៉ា ម៉ាក គូ (​យួន​៖ Mạc Cửu, ឡាតាំង​៖ Mo Jiu) គេ​ហៅថា ខេត្ត​ខម ឬ មឿង​ខម ចំណែក​ពួក​ជនជាតិ​អណ្ណាម ឬ យួន គេ​ហៅ ពាម ថា ម៉ាង​ខាម (​អក្សរ​យួន​៖Mán Khảm) ពាក្យ​ថា Mán មានន័យថា ខ្មែរ Khảm មានន័យថា ពាម គឺជា ពាម​របស់​ខ្មែរ ។​
​អំពី​អត្ថន័យ​ពាក្យ​ថា «​ពាម​»៖
​យោងតាម​វចនា​នុ​ក្រុម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ( ជោ​ត​ញ្ញា​ណោ ) ដែល​បាន​បោះពុម្ព​នៅ​ឆ្នាំ ១៩៦៧ បាន​ពន្យល់​អំពី​ពាក្យ «​ពាម​» មានន័យ​ពីរ​យ៉ាង​ថា​៖
ពាម ទីមួយ ជា នាម  មានន័យថា មាត់​ព្រែក ឬ មាត់​ស្ទឹង​ដែល​បែក​ចេញពី​ទន្លេ​ទៅ​, មាត់ទន្លេ ដែល​ជាប់​ចូលទៅ​នឹង​សមុទ្រ ដូច​យ៉ាង​, ពាមផ្កាយម្រេច​,   ពាមរ​; ឬ ពាមសែន ; ពាមកញ្ជើ ( នៅ​កម្ពុជា ក្រោម ) ជាដើម  ។​
ពាម ទី​ពីរ ជា នាម មានន័យថា ឈ្មោះ​ខែត្រ មួយ​ក្នុង​កម្ពុជរដ្ឋ​, សព្វថ្ងៃនេះ  ដាក់​ជា​ស្រុក ហៅថា ស្រុក​កំពង់ត្រាច់ នៅក្នុង​អំណាច​ខេ​ត្រ​កំពត ។​
​ទីតាំង​ភូមិសាស្ត្រ​៖
ពាម ទិស​ពាយព្យ​ជាប់​ព្រំប្រទល់​នឹង​ខេត្ត​ក្រមួនស​, ខាងកើត​និង​ខាងត្បូង​ជាប់​នឹង​ស្រុក​ភ្នំ​ម្លូ (Kiên Lương) នៃ​ខេត្ត​ក្រមួនស​, ទិសខាងកើត​ជាប់ នឹង​សមុទ្រ​, ទិស​ខាងជើង​ជាប់​ព្រំ​ប្រ ទល់នឹង ប្រទេស​កម្ពុជា ។​
​លក្ខណៈ​ធម្មជាតិ​៖
​ខេត្ត ពាម មាន​ផ្ទៃដី ៨៨.៥១៥ Km2  ក្នុងនោះ មាន​តំបន់​វាលទំនាប  ភ្នំ  ភ្នំ​ថ្ម  រូង សមុទ្រ បឹង និង​កោះ​ជាដើម ។​
​ប្រវត្តិ​៖
ពាម ជា​អតីត​ដែនដី​នៃ​អាណាចក្រ​នគរ​ភ្នំ ។      ក្រោយ​ឆ្នាំ ១៦៤៥ សន្តតិវង្ស ម៉េង (​អក្សរ​ចិន​៖ 明 朝 ) ដែល​បាន​ត្រួតត្រា​ប្រទេស​ចិន​ចាប់ពី​ឆ្នាំ ១៣៦៨ ដល់ ១៦៤៤ ត្រូវបាន​ដួលរលំ  ម៉ាក គូ (​យួន ៖ Mạc Cửu) ( ១៦៥៥ – ១៧៣៥ ) ជា​ជន​ជាតិចិន មិន​ចង់​រស់នៅ​ក្រោម​ការត្រួត​ត្រា​របស់​រាជវង្ស ថា​ង ក៏បាន​ភៀសខ្លួន​ចេញពី​ខែត្រ​កង់​តុង នៃ​ប្រទេស​ចិន​មកសុំ​សិទ្ធិ​រស់ នៅលើ​ទឹកដី​ខ្មែរ​ត្រង់​ខេត្ត​ពាម​បច្ចុប្បន្ន  ។ ក្រោយមក​ព្រះមហាក្សត្រ​ខ្មែរ បានផ្តល់​មុខងារ​ដល់ ម៉ាក គូ ជា​ឧកញ៉ា ដើម្បី​អភិបាលខេត្ត​មួយ​នេះ ។​
​ក្រោយពី​បាន​គ្រប់គ្រង​នៅ​ដំបន់​ពាម នេះ ត្រកូល ម៉ាក បាន​បើក​ឲ្យ​មាន​ផ្សារ កំពង់ផែ ផ្លូវថ្នល់ ព្រែកជីក និង ការផ្លាស់ប្តូរ​ទីផ្សារ​គ្នា​នៅក្នុង​តំបន់​ជាដើម ។​
​ឆ្នាំ ១៧១៤ ម៉ាក គូ បាន​ចូលខ្លួន​សុំ​ធ្វើជា​ចំណុះ​ស្តេច​យួន​ត្រកូល ង្វៀង វិញ ។​
​ខេត្ត​ពាម​សម័យ​ស្តេច​យួន​ឈ្មោះ ម៉ិ​ញ ម៉ាង ៖
​ឆ្នាំ ១៨៣២ ស្តេច​យួន​ឈ្មោះ ម៉ិ​ញ ម៉ាង បាន​ប្តូរ​ភូមិសាស្ត្រ​ទាំង ៦ ខេត្ត​នៅ​កម្ពុជា​ក្រោម​ឲ្យ​ទៅជា​ភាសា​យួន ក្នុងនោះ​ខេត្ត​ពាម​ត្រូវបាន​យួន​ប្តូរ​ឈ្មោះ​ទៅជា ហា តៀង (Hà Tiên) ។​
​ខេត្ត​ពាម ក្នុងសម័យ​អាណានិគមនិយម បារាំង​៖
​ថ្ងៃ ២៤ ខែមិថុនា ឆ្នាំ ១៨៦៧ បា រាំង​បាន​ចូល​ត្រួតត្រា​ដល់​ខែត្រ​ពាម ។ ឆ្នាំ ១៨៧៦ បារាំង បាន​ចែក​ភូមិសាស្ត្រ​កម្ពុជា​ក្រោម ចេញ​ជា ៤ តំបន់​រដ្ឋបាល​ធំៗ និង​នៅក្នុង​តំបន់​រដ្ឋបាល នីមួយៗ​បាន​បែង​ចែកជា​និគម​តូចៗ ក្នុងនោះ​ខេត្ត​ពាម ត្រូវបាន​ចែកចេញជា ២ និគម​គឺ  និគម ពាម (Hà Tiên) និង និគម ក្រមួនស (Kiên Giang) ។​
​តំបន់​ពាម​ត្រូវបាន​គេ​ចាត់​ចូល​នៅក្នុង​តំបន់​បាសាក់ ។​
​ចាប់ពី​ថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩០០ និគម​ពាម​ ត្រូវបាន​ក្លាយជា​ខេត្ត តាម​កិច្ចព្រមព្រៀង​ចុះ​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ១៨៩៩ របស់​សហព័ន្ធ​ឥណ្ឌូចិន ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​រដ្ឋបាល​ពី​និគម ទៅជា​ខេត្ត ។​
​ឆ្នាំ ១៩០៣ កោះត្រល់ ត្រូវបាន​ដាក់​ឲ្យ​ឋិត​នៅក្រោម​ការ​អំណាច​ប្រធាន​តំណាង​នៃ​ខេត្ត​ពាម ហើយ​ទី​រួម​ខេត្ត​របស់​ខេត្ត​ពាម  គឺ​ទី​រួម​ខេត្ត​ពាម ។​
​ចាប់ពី​ឆ្នាំ​១៩១៣​ដល់ ឆ្នាំ ១៩២៤ ខេត្ត​ពាម ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​ខេត្ត​មាត់ជ្រូក (Châu Đốc) ។​
​ឆ្នាំ ១៩២១ ខេត្ត​ពាម​ត្រូវបាន​បែង​ចែកចេញជា ៤ និគម  និង​ដល់​ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ១៩២៤ ពាម​ត្រូវបាន​ក្លាយជា​ខេត្ត​ដាច់ដោយឡែក​មួយ ។​
​ក្នុង​របប​សាធារណរដ្ឋ​វៀតណាម​៖
​ក្នុង​របប​សាធារណរដ្ឋ​វៀតណាម (Việt Nam Cộng Hòa ) ពាម​គឺជា​ស្រុក​មួយ​ក្នុងចំណោម​ស្រុក​ទាំង ៧ នៃ​ខេត្ត​ក្រមួនស (Kiên Giang ។​
​ខេត្ត​ពាម​នៅក្នុង​របប​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ( បក្សកុម្មុយនិស្ត ) ក្រោយ​ឆ្នាំ ១៩៧៥ ៖
​ដើមឆ្នាំ ១៩៧៦ ខេត្ត​ក្រមួនស ត្រូវបាន​បក្សកុម្មុយនិស្ត​វៀតណាម ដាក់ឈ្មោះ​ជា​ភាសា​យួន​ថា Kiên Giang ។​
​បច្ចុប្បន្ន ពាម គឺជា​ទី​រួម​ខេត្ត​របស់​ខេត្ត​ក្រមួនស (Kiên Giang) ។​
​ភូមិសាស្ត្រ​នៃ​ខេត្ត​ពាម​ពីមុន គឺ​ស្រុក​ភ្នំ​ម្លូ (Kiên Lương) និង​ទី​រួម​ខេត្ត ពាម  បច្ចុប្បន្ន  ៕
​ឯកសារយោង​៖
(១) http://vi.wikipedia.org/wiki/Nam_K%E1%BB%B3_L%E1%BB%A5c_t%E1%BB%89nh
​វចនានុក្រម​ខ្មែរ រៀង​រៀង​ដោយ សម្តេច ព្រះសង្ឃរាជ គណៈមហានិកាយ ជួន ណាត ជោ​ត​ញ្ញា​ណោ បោះពុម្ព​ដោយ​ពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ ១៩៦៨ ។​
http://www.wikipedia.org​

No comments:

Post a Comment