ទម្លាប់ក្លាយមកពីពាក្យថាធ្លាប់។ រឿងអ្វីក៏ដោយឲ្យតែធ្លាប់ហើយពិបាកកែណាស់។ ដូច្នេះគេគួរទម្លាប់ខ្លួនឲ្យល្អជាប្រចាំ។ ទម្លាប់ល្អធ្វើឲ្យមនុស្សធ្វើការងារបានប្រកបដោយប្រសិទ្ធភាពដោយ មិនបាច់ប្រឹង ព្រោះធ្លាប់ឬថ្នឹកនឹងការងារនោះជារៀងរាល់ថ្ងៃទៅហើយ។ មនុស្សជោគជ័យច្រើនមានទម្លាប់សំខាន់ៗ ៨ យ៉ាងដូចខាងក្រោម៖
១. ផ្តោតចិត្តទៅលើគោលដៅ គិតជាប់ជានិច្ចអំពីជោគជ័យដែលខ្លួនប្រាថ្នា ធ្វើហាក់ដូចជាសេចក្តីប្រាថ្នាគ្រប់យ៉ាងបានសមតាមបំណង និងបើកចិត្តឲ្យទូលាយត្រេកអរចំពោះជោគជ័យនោះ។
២. ធ្វើកិច្ចការម្តងមួយៗឲ្យចប់សព្វគ្រប់ មិនទុកឲ្យសល់ដល់ថ្ងៃក្រោយ។
៣. សកម្មជានិច្ច ៖ រក្សាសកម្មភាពរាងកាយ និងចិត្តឲ្យស្រស់ថ្លាជានិច្ច ដោយធ្វើលំហាត់ប្រាណ ឬសម្រាកឲ្យចិត្តស្ងប់។
៤. ចេះបដិសេធ ៖ ប្រសិនបើកិច្ចការណាមួយ ឬឱកាសណាមួយដែលយើងមិនអាចចាប់យកបាន យើងត្រូវចេះបដិសេធ កុំព្យាយាមស្រវាចាប់ ឬប្រមូលកិច្ចការមកធ្វើតែម្នាក់ឯងនាំឲ្យហួសកម្លាំង។ ចូរចែករំលែកដល់អ្នកដទៃឲ្យគេជួយធ្វើខ្លះ។
៥. ចេះឲ្យតម្លៃទៅលើពេលវេលា ៖ ធ្វើការគឺធ្វើការ សម្រាកគឺសម្រាក លេងគឺលេង កុំច្របូកច្របល់។
៦. ចេះសុំឲ្យគេជួយ ៖ បើត្រូវការជំនួយចូរស្នើសុំឲ្យគេជួយ កុំគិតថាសុំឲ្យគេជួយនាំឲ្យខ្លួនឯងអន់។
៧. ចេះស្តាប់ ៖ ចូរស្តាប់គេឲ្យបានច្បាស់ ឲ្យយល់ប្រាកដថាគេចង់បានអ្វី។ ការចេះស្តាប់អ្នកដទៃ គឺជាគន្លឹះដ៏សំខាន់ដែលនាំទៅដល់ប្រសិទ្ធភាពការងារទាំងពួង។
៨. ចេះអរគុណ និងពេញចិត្តចំពោះសេចក្តីល្អដែលកើតមានចំពោះខ្លួន។
No comments:
Post a Comment