សូមចូលរួមពិចារណា គតិបណ្ឌិត ក្នុងសៀវភៅ The Secret ដូចតទៅ៖
អ្នកនឹងទទួលបានអ្វីៗគ្រប់យ៉ាង សុភមង្គល សុខភាព និងទ្រព្យសម្បត្តិ ប្រសិនបើអ្នកដឹងពីអាថ៌កំបាំង។ អ្នកអាចធ្វើអ្វីៗគ្រប់យ៉ាងដែលខ្លួនចង់ធ្វើ និងទទួលបានអ្វីគ្រប់យ៉ាងដែលខ្លួនចង់បាន ប្រសិនបើអ្នកដឹងពីអាថ៌កំបាំង។ អាថ៌កំបាំងនោះគឺច្បាប់ទំនាញ (The Law of Attraction)។ មនុស្សយើងគ្រប់រូបរស់នៅក្រោមច្បាប់ទំនាញនេះតែមួយដូចគ្នា។ នេះគឺជាអាថ៌កំបាំងដ៏មហិមានៃជីវិត។ ច្បាប់ទំនាញចែងថាល្អរត់រកល្អ សរត់រកស ខ្មៅរត់រកខ្មៅ ពោលគឺនៅពេលអ្នកគិតពីរឿងអ្វីមួយ អ្នកនឹងទាញរឿងនោះចូលក្នុងជីវិតរបស់អ្នក។ គំនិតរបស់មនុស្សប្រៀបបាននឹងមេដែក បើគេគិតតែរឿងអាក្រក់ៗគេនឹងទាញរឿងអាក្រក់ៗបន្ថែមទៀតចូលក្នុង ជីវិត។ បើគេគិតរឿងល្អៗ គេនឹងទាញរឿងល្អៗចូលក្នុងជីវិត។ នៅពេលដែលគេគិតរឿងអ្វីមួយ មានន័យថាគេកំពុងបញ្ជូនគំនិតទៅកាន់ចក្រវាឡ ហើយគំនិតទាំងនោះទាញរឿងដូចៗគ្នានេះចូលក្នុងជិវិត។ រឿងគ្រប់យ៉ាងដែលកើតក្នុងជីវិតរបស់យើង សុទ្ធតែជាលទ្ធផលនៃទំនាញទាំងអស់ គឺយើងខ្លួងឯងដែលជាអ្នកទាញវាឲ្យចូលមកក្នុងជីវិតតាមរយៈគំនិត ដែលដក់ជាប់ក្នុងចិត្តរបស់យើង។ មហាបុរសល្បីៗក្នុងលោកសុទ្ធតែដឹងពីអាថ៌កំបាំងនេះ។ ទោះបីអ្នកជានរណាក៏ដោយ មកពីទីណាក៏ដោយ អ្នកនៅតែស្ថិតក្រោមច្បាប់ទំនាញជានិច្ច ច្បាប់ទំនាញគឺជាអ្នកកំណត់ឆាកជីវិតរបស់អ្នក។ អ្នកគឺជាបុគ្គលតែម្នាក់គត់ដែលធ្វើឲ្យច្បាប់ទំនាញនេះមានចលនា ឡើង ហើយអ្នកធ្វើបានតាមរយៈគំនិតរបស់អ្នក។ ច្បាប់ទំនាញឆ្លើយតបទៅនឹងគំនិតរបស់អ្នកជានិច្ចដោយមិនខ្វល់ថាអ្នក គិតល្អឬអាក្រក់ ចង់បានឬមិនចង់បានទេ។ ប្រសិនបើអ្នកគិតតែពីរឿងបំណុល រឿងភ័យខ្លាច អ្នកបានបញ្ជូនរលកសញ្ញានេះទៅកាន់ចក្រវាឡ ហើយអ្នកនឹងជួបតែរឿងនេះកាន់តែច្រើនឡើង។ ច្បាប់ទំនាញដំណើរការគ្រប់ពេលវេលា គ្រប់មនុស្សទាំងអស់។ នៅពេលដែលអ្នកគិតពីអ្វីដែលអ្នកចង់បាន ហើយផ្តោតចំណាប់អារម្មណ៍ពេញទំហឹងលើវា ច្បាប់ទំនាញនឹងផ្តល់ឲ្យអ្នកតាមបំណងគ្រប់ពេល។ បើអ្នកគិតជាប់ជានិច្ចនូវជីវិតស្តុកស្តម្ភ អ្នកនឹងទទួលបានជីវិតស្តុកស្តម្ភ។ តើពិតជាងាយដល់ម្លឹងមែនឬ? ចុះហេតុអ្វីបានជាមនុស្សគ្រប់រូបមិនអាចរស់នៅសមដូចបំណងបាន? បញ្ហាស្ថិតនៅត្រង់មនុស្សភាគច្រើនយកពេលគិតតែអំពីរឿងដែលពួកគេ មិនចង់បាន ច្រើនជាងយកពេលទៅគិតពីអ្វីដែលពួកគេចង់បាន។ ច្បាប់ទំនាញ ដំណើរការជានិច្ច ទោះបីអ្នកជឿឬមិនជឿ យល់ឬមិនយល់ក៏ដោយ។ រឿងដែលអ្នកកំពុងគិតនៅពេលនេះ គឺជាអ្នកសាងអនាគតរបស់អ្នក។ អ្នកសាងជីវិតខ្លួនឯងដោយគំនិតខ្លួនឯង។ ដាំពូជអ្វីបានផលហ្នឹង។ គំនិតរបស់អ្នកគឺជាគ្រាប់ពូជ អ្នកនឹងប្រមូលផលទៅតាមគ្រាប់ពូជដែលអ្នកបានដាំដុះ។
របៀបអនុវត្តន៍ច្បាប់ទំនាញ
ច្បាប់ទំនាញផ្តល់ដល់អ្នកនូវអ្វីគ្រប់យ៉ាងដែលអ្នកប្រាថ្នា។ វិធីប្រតិបត្តិច្បាប់ទំនាញងាយបំផុត គឺ (១) ស្នើសុំ (២)ជឿជាក់ និង (៣) ទទួលយក។
១. ស្នើសុំ ៖ ចូរស្នើសុំទៅចក្រវាឡនូវអ្វីដែលអ្នកចង់បាន។ ចូរចំណាយពេលគិតឲ្យបានច្បាស់លាស់បំផុតពីបំណងប្រាថ្នារបស់ខ្លួន តើអ្នកចង់បានអ្វីឲ្យពិតប្រាកដក្នុងជីវិត? ប្រសិនបើបំណងប្រាថ្នារបស់អ្នកមិនច្បាស់លាស់ទេ ចក្រវាឡមិនអាចផ្តល់ឲ្យអ្នកសមតាមបំណងបានទេ។ ចូរស្នើសុំតែម្តងបានហើយ អ្នកមិនចាំបាច់សុំម្តងហើយម្តងទៀតទេ។
២. ជឿជាក់ ៖ បន្ទាប់ពីស្នើសុំរួចហើយ ចូរជឿជាក់ថាអ្នកទទួលបានសមដូចបំណង។ ចូរជឿដោយសទ្ធាដាច់ខាត។ ចូរមើលឃើញថាសេចក្តីប្រាថ្នាក្លាយជាការពិត។ ចក្រវាឡនឹងចាប់ផ្តើមកែសម្រួលដើម្បីឲ្យអ្នកទទួលបានរបស់ទាំងនោះ តាមបំណង។ មនុស្សភាគច្រើន មិនព្រមបើកចិត្តហ៊ានប្រាថ្នាទៅតាមបំណងខ្លួនទេ ព្រោះខ្លួនមើលមិនយល់ថាវានឹងកើតឡើងដូចម្តេចកើត។ អ្នកមិនចាំបាច់ចង់ដឹងថាវានឹងដំណើរការដូចម្តេចទេ ហើយអ្នកក៏មិនចាំបាច់ដឹងថាចក្រវាឡនឹងរៀបចំយ៉ាងណាដែរ។ ចូរទុកកិច្ចការនេះឲ្យចក្រវាឡជាអ្នកសម្រេច។ បើអ្នកនៅតែសង្ស័យមិនអស់មិនហើយដូច្នេះ សទ្ធារបស់អ្នកនឹងថយ។ ច្បាប់ទំនាញប្រៀបបានដូចជាកញ្ចក់ប្រសិនបើអ្នកសង្ស័យថាមិនសមតាម បំណង អ្នកនឹងទាញយកតែភាពមិនសមបំណងចូលមកក្នុងជីវិតបន្តទៀត។
៣. ទទួលយក ៖ ចូរធ្វើចិត្តឲ្យរីករាយ។ អារម្មណ៍រីករាយបញ្ជាក់ថាអ្នកកំពុងស្ថិតនៅលើគន្លងជាមួយចក្រវាឡ ហើយអ្នកសមនឹងទទួលបានវត្ថុដែលខ្លួនប្រាថ្នា។ ចូរទទួលយកដោយរីករាយនៅពេលវត្ថុដែលខ្លួនប្រាថ្នាបានមកដល់ដៃ ខ្លួនដូចបំណង។
No comments:
Post a Comment