Sunday, November 8, 2015

ខេត្តឃ្លាំង


ទិដ្ឋភាពខេត្តឃ្លាំង ។
ទិដ្ឋភាពខេត្តឃ្លាំង ។
ឃ្លាំង ​ជា​ខេត្ត​មួយ ដែលមាន​ប្រជាជន​ខ្មែរក្រោម​ម្ចាស់​ស្រុក​រស់នៅ​កុះករ​ជាងគេ បន្ទាប់ពី​ខេត្ត​ព្រះ​ត្រពាំង​ដែល​គេ​បាន ចាត់ទុកថា​មាន​ប្រជាជន​ខ្មែរក្រោម​ប្រហែល​ជាជាង ៧០ ភាគរយ​នៃ​បណ្តា​ប្រ ជា​ជន​ទូទាំង ខេត្ត​មាន វប្បធម៌ ប្រពៃណី ទំនៀម ទំលាប់ និង​វត្ត​អារាម ដែលជា ដួងព្រលឹង​របស់​ជាតិ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ។​
I.​ចំណុច​ពិសេស​៖
១.​ទីតាំង​ភូមិសាស្ត្រ​៖
​ខេត្ត​ឃ្លាំង​ជា​ខេត្ត​មួយ នៅ​ដែនដី​កម្ពុជា​ក្រោម ខាងជើង ជាប់​ព្រំប្រទល់ នឹង​ខេត្ត​ព្រែក​ឫស្សី ទិសនិរតី​ជាប់ ព្រំប្រទល់ នឹង​ខេត្ត​ពល​លាវ ទិសឥសាន​ជាប់​ព្រំប្រទល់ នឹង​ខេត្ត​ព្រះ​ត្រពាំង និង​ខាងត្បូង​ជាប់​ជាមួយ នឹង​ឈូង សមុទ្រ​ចិន ។​
២.​ភោគផល​ធម្មជាតិ​៖
​ផ្ទៃដី​សរុប​រួមមាន 3.223 Km2 ផ្ទៃដី​កសិកម្ម 249.088 ha ផ្ទៃដី​ធ្វើស្រែ 188.067 ha ផ្ទៃដី​សម្រាប់ ឈើ​ឧស្សាហកម្ម​សរុប 20.815 ha ផ្ទៃដី​សម្រាប់​ឈើ ប្រណីត 40.206 ha ផ្ទៃដី​ជលផល​មាន 41.382 ha ផ្ទៃដី​ដែលជា​ព្រៃ 16.015 ha និង ផ្ទៃដី​ជា​ព្រែក ទន្លេ បឹងបួ​មាន 72 Km2. ។​
II.​ប្រជាជន​៖ (​ព័ត៌មាន​ផ្លូវការ​របស់​រដ្ឋាភិបាល​យួន​)
​សរុប​ប្រជាជន​ទូទាំង​ខេត្ត​មាន 1.191.300 នាក់​ក្នុងនោះ ប្រុស​មាន​ចំនួន 580.642 នាក់ , ស្រី​ចំនួន 610.658 នាក់ ។ បណ្តា​ស្ថិតិ ប្រជាជន​ខាងលើ​ក្នុងនោះ​ប្រជាជន​យួន (Kinh) មាន​ចំនួន ៦៤ % ,​ខ្មែរក្រោម មាន​ចំនួន ២៨ % ,​ប្រជាជន​ចិន មាន ៨ % ។​
III.​រដ្ឋបាល​ភូមិសាស្ត្រ​៖
​ខេត្ត​ឃ្លាំង​បច្ចុប្បន្ន រដ្ឋាភិបាល​អាណានិគម បក្ស​ក​ម្មុយ​និ​ស្ត​យួន បាន​បែង​ចែកជា ៨ ស្រុក និង ខ័​ណ្ឌ ក្នុងនោះ​មាន​៖
​ទី​រួម​ខេត្ត និង ស្រុក ទាំង ៧ មាន​៖
  • ​ស្រុក អណ្តូងទឹក (Long Phu)
  • ​ស្រុក ខ្សា​ចំ (Ke Sach)
  • ស្រុក ជ្រោយ ញ (Vinh Chau)
  • ​ស្រុក បាយ​ឆៅ (My Xuyen)
  • ​ស្រុក កោះ​ទុង (Cu Lao Dung)
  • ​ស្រុក កំពង់ធំ (My Tu)
  • ​ស្រុក​ពងទឹក (Thanh Tri)
​ក្នុង​បណ្តា​ស្រុក និង ខ័​ណ្ឌ​ទាំង ៨ ខាងលើ នោះ​មាន ១០ ឃុំ​/​សង្កាត់​, ៨ ទីរួមស្រុក និង ៨៤ ភូមិ ។ ( ប្រភព Bao Can Tho ជា​ភាសា យួន )
IV.​វត្ត ព្រះពុទ្ធសាសនា​ខ្មែរក្រោម ៖
១.​វត្ត​ខ្មែរ​មាន​ចំនួន ៩២ វត្ត ក្នុងនោះ​រួមមាន​៖
  • ​ទី​រួម​ខេត្ត​ឃ្លាំង មាន ០៧ វត្ត​
  • ​ស្រុក អណ្តូងទឹក មាន ១៤ វត្ត​
  • ​ស្រុក ខ្សាច់ មាន ០៦ វត្ត​
  • ​ស្រុក ជ្រោយ ញ មាន ២១ វត្ត​
  • ​ស្រុក បាយ​ឆៅ មាន ១៨ វត្ត​
  • ​ស្រុក កំពង់ធំ មាន ១៦ វត្ត​
  • ​ស្រុក ពងទឹក មាន ០៩ វត្ត​
  • ​ស្រុក កោះ​ទុង មាន ០១ វត្ត​
  • ២.​សាលាឆទាន មាន ៣២ ។​
V.​រ​ម្មណី​យ​ដ្ឋា​ន​វប្បធម៌​ខ្មែរក្រោម ៖
១.​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​រង​បានក្លាយ ទៅជា​សារមន្ទីរ​ជនជាតិខ្មែរ​ខេត្ត​ឃ្លាំង​៖
​មាន​ទីតាំង​ឋិត​នៅ​ខាងត្បូង​វត្ត​ឃ្លាំង ទី​រួម​ខេត្ត ឃ្លាំង គឺជា​ស្ថាបត្យកម្ម​មួយ​ដែល​បាន​កសាងឡើង តាមរបៀបរ​ចនាប​ទ្ម​ខ្មែរ ។​
​សារមន្ទីរ​នេះ កាលពីមុន​ត្រូវបាន​គេ​ស្គាល់​ជា សាធារណៈ​ថា វិទ្យាស្ថាន​ពុទ្ធ​សាសន បណ្ឌិត្យ​រង នៅ​ដែនដី​កម្ពុជា​ក្រោម ត្រូវបាន សម្តេច នរោត្តម សីហនុ យាង​ទៅ​សម្ភោ​ធ កាលពី​ឆ្នាំ ១៩៤២ ។​
​ក្រោយពី​បារាំង​បានប្រគល់​កម្ពុជា​ក្រោម ទៅ​ឲ្យ​រដ្ឋាភិបាល​យួន​ធ្វើ​អាណានិគម​បន្ត​លើ​ខ្មែរ ក្រោម​នៅ​ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ១៩៤៩ នោះមក ទំនាក់ទំនង​រវាង ខ្មែរក្រោម នឹង ព្រះរាជាណាចក្រ កម្ពុជា​ត្រូវបាន​យួន​កាត់ផ្តាច់​បន្តិច​ម្តងៗ ។ កត្តា​នេះហើយ បានធ្វើ​ឲ្យ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​រង បញ្ឈប់​ដំណើរការ ។ ក្រោយមក​ត្រូវបាន​មេដឹកនាំ​ខ្មែរក្រោម​ក្នុង​កង​ជួរ​នៃ​រដ្ឋាភិបាល បក្សកុម្មុយនិស្ត​យួន​សំណូមពរ​ឲ្យ​ដាក់​វិទ្យាស្ថាន​នេះ ធ្វើជា​សារមន្ទីរ​ជន ជាតិខ្មែរ​ខេត្ត​ឃ្លាំង​វិញ ដើម្បី​រក្សាទុក​នូវ​កេរដំណែល​ដូនតា ខ្មែរក្រោម គ្រប់​ជំនាន់ មានដូចជា សាស្ត្រា​ស្លឹករឹត សំលៀក បំពាក់​ខ្មែរ ពី​បុរាណ ផ្ទះ​ខ្មែរ​សម័យបុរាណ វត្ត​អារាម និង​វង់​ភ្លេងខ្មែរ​ជាដើម​។​
​បាន​ចូល​ទស្សនា​សារមន្ទីរ​នេះ យើង​នឹង​បាន ជ្រាប និង បាន​យល់​ពី​ជីវភាព​, របៀបរបប នៃ​ការ​រស់ នៅ​របស់​ជនជាតិដើម ខ្មែរក្រោម នៅ​ខេត្ត​ឃ្លាំង ។​
២.​វត្ត​ឃ្លាំង​
​វត្ត​ឃ្លាំង គឺជា​មជ្ឈមណ្ឌល​ព្រះពុទ្ធសាសនា​និង វប្បធម៌​ខ្មែរក្រោម​មួយ ក្នុងចំណោម​វត្ត​ខ្មែរក្រោម​ទាំង ៩១ វត្ត នៅ​ខេត្ត​ឃ្លាំង ដែលមាន​ទីតាំង​ឋិត​ចំ កណ្តាល​ទី​រួម​ខេត្ត ។​
​វត្ត​នេះ បាន​កសាង​កាលពី គ​.​ស​. ១៥៣៣ ដោយ​លោក​ចៅហ្វាយខេត្ត​ឈ្មោះ ពញា​តាត ដែល​បាន​តែងតាំងឡើង​ដោយ ព្រះបាទ​អង្គ​ច័ន្ទ (១៥១៦-១៥៦៦) ។ នៅ​ផ្នែក​ខាងជើង​ទី​រួម ខេត្ត​មាន​ដី​ផ្នោ ធំ​មួយកន្លែង​ដែល ពញា​តាត និង ប្រជាជន​ខ្មែរក្រោម បានសម្រេច​កសាង​វត្ត​មួយ​នៅលើ​ផ្ទៃដី ៤ ហិច​តា ឲ្យ​ឈ្មោះថា «​វត្ត​ឃ្លាំង​» ។ បន្ទាប់មក ពញា​តាត និង ប្រជា​ពល រដ្ឋ​ខ្មែរក្រោម បាន​និមន្ត​ព្រះតេជព្រះគុណ ព្រះនាម សុខ ព្រះ​ជន្មាយុ ៦១ ព្រះវស្សា ដែល​សាង ផ្នួស​បាន ៤០ ព្រះវស្សា ហើយ​មានកំណើត​គង់នៅ​វត្ត ហ្លួង​បាសាក់ ស្រុក​បាយ​ឆៅ ខេត្ត​ឃ្លាំង មក​ធ្វើ ជា ព្រះចៅអធិការ ដំបូងបង្អស់​នៅ​វត្ត​នេះ ។​
​នៅពេល​សង់​ព្រះវិហារ ព្រះសង្ឃ​បាន​ឲ្យ​ជីក​ស្រះ ៣ គឺ ស្រះ​ទី ១ ឋិត​នៅ​ទិសឦសាន ស្រះ​ទី ២ ឋិត​នៅ​ទិសខាងកើត និង ស្រះ​ទី ៣ ឋិត​នៅ​ទិសអាគ្នេយ៍ ដើម្បី​យក​អាចម៍ដី​មក​ធ្វើ​ខឿន​ព្រះវិហារ​នោះ ។ ស្រះ​ទិសខាងកើត​ត្រូវបាន​លុប​ជិត​នៅក្នុង គ​.​ស​.១៩៦២ ។ ព្រះវិហារ​វត្ត​ឃ្លាំង​មាន​ខឿន ៣ ជាន់ ជា​តំណាង​ព្រះ​រតនត្រ័យ ។ ខឿន​ទី ១ មាន ខ្លោងទ្វារ​ចំនួន ៤ ឋិត​នៅ​ទិស​ទាំង ៤ មាន​រូប​យក្ស កាន់ដំបង​នៅលើ​សសរ​ខ្លោងទ្វារ​ទាំងសងខាង ។ ខាងលើ​ខ្លោងទ្វារ​មា​នរូ​បរា​ហ៊ូ​ចាប់​ច័ន្ទ​ព្រមទាំង​ក្បូរក្បាច់ រចនា​យ៉ាង​ប្រណីត ។ នៅលើ​ខឿន​ទី ២ នៅ​ទិស​ខាង លិច​និង ខាង កើតមាន​ជណ្តើរ​ពីរៗ នៅ​ទិស​ខាងត្បូង និង​ខាងជើង​ម្ខាង​មួយៗ ។ ខឿន​ទី ៣ ដែលជា ខឿន​ភ្ជាប់​នឹង​ព្រះវិហារ​មាន​ជណ្តើរ​ឡើង​ព្រះវិហារ ពីរ​នៅ​ទិស​ខាងលិច និង​ពីរ​ទៀត​នៅ ទិសខាងកើត ។ នៅ​ខាងក្នុង​ព្រះវិហារ​មាន​ព្រះ​ពុទ្ធបដិមា​ទ្រង់គ្រឿង មួយអង្គ​ធំ បិទមាស​សន្លឹក អមដោយ​ព្រះ​ពុទ្ធបដិមា​តូចៗ​ជាច្រើន​ទៀត ខ្លះ​ទ្រង់ គង់ ខ្លះ​ទ្រង់​ឈរ និង ខ្លះទៀត​ទ្រង់​គង់​ព្រះ​ភ្នែន ។ ទ្វារ និង បង្អួច​ទាំង អស់​ឆ្លាក់​ពី​ឈើ​មាន​ក្បាច់​ផ្កា​ភ្ញី​វ​ល្លិ៍ ក្បាច់​ដក​ច័ន្ទ និង រូប​ទេវតា យក្ស​ជិះ​សត្វ ពាហនៈ ជាដើម ។​
៣.​វត្ត​សេរី​តេ​ជោ​មហា​ទប់​៖
​ជា​វត្ត​ខ្មែរក្រោម​មួយ​បាន​កសាង នៅក្នុង​ឆ្នាំ គ​.​ស​.១៥៦៩ ឋិត​នៅក្នុង​ទី​រួម​ខេត្ត​ឃ្លាំង បើតាម​ភូមិសាស្ត្រ​រដ្ឋបាល​នៃ​រដ្ឋាភិបាល អាណានិគម​យួន ឥឡូវនេះ​វត្ត​សេរី​តេ​ជោ​មហា​ទប់ មាន​អាស័យដ្ឋាន លេខ ៧៣ B វិថី Lê Hồng Phong សង្កា​ត់ទី ៣ ខ័​ណ្ឌ​ទី ៣ ទី​រួម​ខេត្ត​ឃ្លាំង ។​
​វត្ត​សេរី​តេ​ជោ​មហា​ទប់ គឺជារ​ម្មណី​យ​ដ្ឋា​ន​ខ្មែរក្រោម​មួយ​ដ៏​មាន​ប្រជាប្រិយភាព ព្រោះ​វត្ត​នេះ​មាន ទេសភាព​ធម្មជាតិ​ដ៏​ស្រស់ត្រកាល និង​មាន​សត្វ​ជ្រឹង​រាប់ពាន់​ក្បាល​ទំ​នៅ លើ​ទ្រនំ​ដើមឈើ​ក្នុង បរិវេណ វត្ត​យ៉ាង​កកកុញ ជាពិសេស​រូបភាព​ព្រះវិហារ​ប្រកបដោយ​ក្បូរ ក្បាច់រចនា​ខ្មែរ​យ៉ាង​ស្រស់ប្រិមប្រិយ នោះ បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ចូល​ទស្សនា​កំសាន្ត​មិនតិច​ឡើយ ។​
​បច្ចុប្បន្ននេះ បើសិនជា​យើង​ធ្វើដំណើរ​ទៅ ទស្សនា​វត្ត​សេរី​តេ​ជៅ​មហា​ទប់​នោះ យើង​មិន​បានឃើញ​ព្រះវិហារ​ទេ ព្រោះ​ព្រះវិហារ ដ៏​មាន​ចំណាស់ សម្រាប់​ព្រះសង្ឃ​ធ្វើ​សង្ឃ កម្ម​គ្រប់ពេល និង​ជា​និម្មិត​រូប នៃ​វប្បធម៌​របស់​ខ្មែរក្រោម​ដ៏​មានតម្លៃ​មួយ​នេះ ត្រូវបាន​ឆេះ ដោយ​មិនដឹង​មូលហេតុ កាលពី​រាត្រី​ថ្ងៃទី​១៥  ខែសីហា ឆ្នាំ ២០០៧ កន្លងទៅនេះ ។​
៤.​វត្ត​ប្រាសាទ​គង់​៖
​ជា​វត្ត​ខ្មែរក្រោម​មួយ​មាន​អាយុ​ចាស់​ជាងគេ​នៅ​ខេត្ត​ឃ្លាំង គឺ​បាន​កសាង​ក្នុង​ឆ្នាំ គ​.​ស​.១២២៤
​បច្ចុប្បន្ន វត្ត​នេះ​ឋិត​នៅក្នុង​ភូមិ​ប្រាសាទ​គង់ ឃុំ កំពង់​ដូង (Tham Đôn) ស្រុក​បាយ​ឆៅ ( Mỹ Xuyên) វត្ត​ប្រាសាទ​គង់ ត្រូវបាន​ជនជាតិ​យួន​ស្គាល់​ជា សាធារណ៍​ថា វត្ត​តាក​យង់ (Chùa Tát Giồng) ព្រោះ ជនជាតិ​យួន​គេ​មិនចេះ​និយាយ​ភាសា​ខ្មែរ ពេល​បាន​ចូលមក​រស់នៅ​ដែនដី​កម្ពុជា​ក្រោម​លើក ដំបូង​ពួកគេ​មិនបាន​ដឹង​អ្វី​ទេ​ពេល​ឃើញ​ម្ចាស់​ស្រុក​ខ្មែរក្រោម​នៅ​តំបន់​ នេះ​ហៅថា វត្ត​ប្រាសាទ​គង់ ក៏ នាំគ្នា​ហៅ​តាម​ពី​ពាក្យ ប្រាសាទ​គង់​ទៅជា​សំនៀង​យួន​ថា តាក​យង់ វិញ ។​
៥. វត្ត​សិរី​សុខុម​ស្រឡូង​៖
​វត្ត​សិរី​សុខុម​ស្រឡូង បាន​កសាង នៅក្នុង​ឆ្នាំ គ​.​ស​.១៨១៥ នៅ​ភូមិ​ស្រឡូង ឃុំ​ជ្រោយ​ទឹម ស្រុក​បាយ​ឆៅ ។ វត្ត​នេះ ជនជាតិ​យួន និយម​ហៅថា​វត្ត​ជូ​សា​ឡូង (Chua Salon) ឬ ជួ​ចែ​ន​កេវ​(Chua Chen Kieu) មានន័យថា វត្ត​ចាន​អម្បែង ព្រោះ​ជនជាតិ​យួន​បានឃើញ​ចាន​អម្បែង​ជាច្រើន​ត្រូវបាន​បិទ​នៅតាម ជញ្ជាំង​ព្រះវិហារ​ធ្វើជា​លម្អ ។​
​ធ្វើដំណើរ​ដល់​វត្ត​នេះ យើង​ឃើញ​មាន​ខ្លោងទ្វារ​កំពូល ៣ តាម​លំនាំ​ប្រាសាទអង្គរវត្ត មាន​ឆ្លាក់​អក្សរ ឈ្មោះ​វត្ត​ជា​ពីរ​ភាសា ថា «​វត្ត​សិរី​សុខុម​ស្រឡូង​»​និង​ជា​ភាសា​យួន​ថា ( Chùa Salon «Chén Kiểu» )​។​
​ពេល​បាន​ចូលទៅ​ខាងក្នុង​បរិវេណ​វត្ត​យើង នឹង​បានឃើញ​នូវ​ទីធ្លា​ដ៏​ទូលាយ និង​បានរៀបចំ​យ៉ាង​មាន​សណ្តាប់ធ្នាប់ ដោយ​ព្រះសង្ឃ បាន​បោសសម្អាត និង​ថែរក្សា​ជាប្រចាំ ។ ក្រៅពី​រមណីយដ្ឋាន ដែល​បាន​រៀបរាប់​មកនេះ នៅមានរ​ម្មណី​យ​ដ្ឋា​ន​ជាច្រើន​ទៀត ជា កេរ​មរតក របស់​ដូនតា​ខ្មែរក្រោម ហើយ​ទីតាំង​ទាំងនោះ បានផ្តល់​ផលប្រយោជន៍ ទៅ​ឲ្យ​រដ្ឋាភិបាល​យួន​មួយថ្ងៃៗ មិនតិច​ទេ នូវ​ប្រាក់ចំណូល​ដែល​ទទួលបាន ពី​ភ្ញៀវ ទេសចរណ៍​បរទេស​ដែល គេ​បាន​ទៅ​កំសាន្ត ។​
VI.​វិស័យ​សិក្សាអប់រំ​៖
​ការសិក្សា​ជា​ភាសា​ខ្មែរ​នៅ​កម្ពុជា​ ក្រោម ដែល​ព្រះសង្ឃ​ខ្មែរក្រោម​កំពុងតែ​សិក្សា​រាល់ថ្ងៃ​បាន​បន្តិចបន្តួច​នោះ មិនមែនជា​ការផ្តល់ ឲ្យ​ដោយ​រដ្ឋាភិបាល​អាណានិគម​យួន​នោះទេ​គឺ​បាន​ដោយ ការ​ខិត ខំប្រឹង ប្រែង ក្នុងការៗ​ពារ ពង្រឹងពង្រីក និង​ការលះបង់​ដ៏​ធំធេង របស់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​គ្រប់​កាល​ការ សិក្សា​រៀនសូត្រ អំពី​អក្សរសាស្ត្រ​ខ្មែរ​របស់​ព្រះសង្ឃ​និង​ជនជាតិដើម​ខ្មែរក្រោម នៅ​ទឹកដី​ខេត្ត​ឃ្លាំង បច្ចុប្បន្ន មាន​ពីរ​ផ្នែក​គឺ​៖
​ទី​១៖ គឺ​សិក្សា​ផ្នែក​ធម្ម​វិន័យ​នៅតាម​វត្ត​នានា​
​ទី​២៖ សិក្សា​ផ្នែក​បាលី​នៅ​សាលា​មធ្យមសិក្សា​បំពេញវិជ្ជា​បាលី​ភាគខាងត្បូង ខេត្ត​ឃ្លាំង ដែល​ភាសា យួន ហៅថា ( Trường Bổ Túc Văn Hóa Pali Trung Cấp Nam Bộ tỉnh Sóc Trăng ) ។​
​ការសិក្សា​នៅតាម​វត្ត​អារាម​ផ្នែក​ធម្ម​វិន័យ​នេះ​មាន ៣ ថ្នាក់ គឺ​៖
​ថ្នាក់ដំបូង ហៅថា «​ថ្នាក់​ត្រី​» វិញ្ញាសា​នៅក្នុង កម្មវិធីសិក្សា​មាន ៧ គឺៈ​
  •     ពុទ្ធប្បវត្តិ ( ប្រវត្តិ​ព្រះពុទ្ធ​សមណ​គោត្ត​ម )
  •     សាមណេរ​វី​ន័យ ( វិន័យ​របស់​សាមណេរ )
  •     ប្រជុំ​កងធម៌ (​ថ្នាក់​ត្រី​)
  •     សរសេរ​តាម​អាន​ភាសា​ខ្មែរ​
  •     វេយ្យាករណ៍​ភាសា​ខ្មែរ​
  •     តែងសេចក្តី​ភាសា​ខ្មែរ និង ភាសា​យួន​
  •     គណិត (​ថ្នាក់​ទី ៣ ភាសា​យួន​)
​ថា្នក់​ទី​ពីរ ហៅថា «​ថ្នាក់​ទោ​» កម្មវិធីសិក្សា មាន ៧ វិញ្ញ​សា គឺ​៖
  •     អនុពុទ្ធ​ប្រវត្តិ (​ប្រវត្តិ​អគ្គ​សាវគ្គ​របស់​ព្រះពុទ្ធ​)
  •     ប្រជុំ​កងធម៌ (​ថ្នាក់​ទោ​)
  •     ព្រះ​វិន័យ​ក័​ណ្ឌ​
  •     សរសេរ​តាម​អាន​ភាសា​ខ្មែរ​
  •     វេយ្យាករណ៍​ភាសា​ខ្មែរ​
  •     តែងសេចក្តី​ភាសា​ខ្មែរ និង ភាសា​យួន​
  •     គណិត ( ថ្នាក់​ទី ៤ ភាសា​យួន )
ថ្នាក់​បញ្ជ​ប់ ហៅថា « ថ្នាក់​ឯក » កម្មវិធីសិក្សា​មាន ៧ វិញ្ញាសា គឺ​៖
  •     អ​វិទូ​រេ​និទាន ( ប្រវត្តិ​ព្រះពុទ្ធ ២៥ ព្រះអង្គ )
  •     ព្រះ​អភិធម្ម​
  •     ព្រះ​វិន័យ​ក័​ណ្ឌ ឮ​
  •     សរសេរ​តាម​អាន​ភាសា​ខ្មែរ​
  •     វេយ្យាករណ៍​ភាសា​ខ្មែរ​
  •     តែងសេចក្តី​ភាសា​ខ្មែរ និង ភាសា​យួន​
  •     គណិត (​ថ្នាក់​ទី ៥ ភាសា​យួន​) ។​
​ព្រះសង្ឃ​ដែល​បាន​រៀន​ចប់​ទាំង ៣ ថ្នាក់​នេះ ត្រូវបាន​មតិសាធារណៈ​ទទួលស្គាល់​ក្រៅផ្លូវការ​ថា ស្មើ នឹង​កម្រិត​បឋមសិក្សា​ផ្លូវលោក ជា​ភាសា​យួន គឺ​ថ្នាក់​ទី ៥ ។​
​ចំណែក​ការសិក្សា​អក្សរសាស្ត្រ​ខ្មែរ​នៅ សាលា​ពេញ​វិជ្ជា​មធ្យមសិក្សា​បាលី​ភាគខាងត្បូង ដែលជា អតីត​សាលា​បាលី​ជាន់ខ្ពស់ ខេត្ត​ឃ្លាំង មាន​ទីតាំងនៅ ក្នុង​វត្ត​ឃ្លាំង ទី​រួម​ខេត្ត​ឃ្លាំង នោះ បច្ចុប្បន​គឺជា​មជ្ឈមណ្ឌល​សិក្សា​របស់​ព្រះសង្ឃ​ខ្មែរក្រោម​នៅ គ្រប់​ខេត្ត​ដែល​បាន​និមន្ត ទៅ​គង់នៅ​ដើម្បី​បន្ត​ការសិក្សា ។ កម្មវិធីសិក្សា​នៅក្នុង​សាលា​នេះ​ទូទៅ​គឺ​សិក្សា​ខាង​ផ្លូវ លោក​ជា​ភាសា​យួន ចំណែក​ភាសាបាលី និង​ភាសា ខ្មែរ គឺជា​ការសិក្សា​បន្ទាប់បន្សំ​ប​ណ្ណោះ ។ ចំពោះ​កាលបរិច្ឆេទ​នៃ​ការសិក្សា​មួយថ្ងៃ ៨ ម៉ោង ពេលព្រឹក ៤ ម៉ោង និង ពេល​ល្ងាច ៤ ម៉ោង ។ ព្រះសង្ឃ​ដែល​បាន​ចូល​សិក្សា​នៅ​សាលា​នេះ ត្រូវ​ចំណាយ ពេល ៤ ឆ្នាំ ទើបបាន​បញ្ចប់​ថ្នាក់ ហើយ​ត្រូវបាន ក្រសួង​អប់រំ​យុវជន និង បណ្តុះបណ្តាល ប្រទេស​យួន​ទទួលស្គាល់​ជា​ផ្លូវការ​ថា មាន​កម្រិត​ស្មើនឹង មធ្យមសិក្សា​ទុតិយភូមិ ( ថ្នាក់​ទី ១២ ផ្លូវលោក​ជា​ភាសា​យួន​) ។​
ព្រះវិហារវត្តឃ្លាំង ក្នុងទីរួមខេត្តឃ្លាំង ។
ព្រះវិហារវត្តឃ្លាំង ក្នុងទីរួមខេត្តឃ្លាំង ។
​ព្រះសង្ឃ​ខ្មែរក្រោម ដែល​បាន​ចូល​សិក្សា​នៅ​សាលា​នេះ ឆ្នាំ​ដំបូង ត្រូវបាន​សិក្សា​វិញ្ញាសា​ផ្លូវលោក ជា​ភាសា​យួន នៃ​ថ្នាក់ ទី ៦ និង ទី ៧ ដូចជា វិញ្ញាសា​គណិត (Đại Số) , រូបវិទ្យា (Vật Lí) , ប្រវត្តិសាស្ត្រ​យួន ( Lịch Sử ), អក្សរ សាស្ត្រ​យួន ( Văn Học ) , ភូមិសាស្ត្រ​យួន (Địa Lí) និង គិ​មី​សាស្ត្រ (Hoá Học) ជាដើម ។ ចំណែក​ភាសាបាលី​មួយ សប្តាហ៍​សិក្សា​បាន ២ ម៉ោង​គត់ គឺ​រៀន​វិញ្ញាសា ប្រែ​លោត​ប្រយោគ​មង្គល​ត្ថ​ទីប​នី ភាគ ១ ។ វិញ្ញាសា​ភា​ខ្មែរ​ក៏​មួយ​សប្តាហ៍​រៀន​បាន ២ ម៉ោង​ដែរ គឺ​រៀន​វេយ្យាករណ៍​ខ្មែរ ។ ឈានចូល​ការសិក្សា ឆ្នាំ​ទី​ពីរ ទី​បី និង ទី​បួន កម្មវិធីសិក្សា ដូចគ្នា​នឹង​ឆ្នាំ​ដំបូង​ដែរ គ្រាប់​តែ​ឆ្នាំ​ទី​ពីរ គេ​បានដាក់​ប​ញ្ជូ​ល​វិញ្ញាសា​ផ្លូវ លោក​ជា​ភាសា​យួន ថ្នាក់​ទី ៨ និង ទី ៩ ,​ឯ​ភាសា បាលី​សមណ​សិស្ស​ត្រូវ​ប្រែ​លោត​ប្រយោគ​វិញ្ញាសា​មង្គល​ត្ថ​ទីប​នី ភាគ ២ និង ភាសា​ខ្មែរ​បន្ត​រៀន​វេ​យ្យា​ករ​ណ៏​ខ្មែរ​ដដែល ។ ចូលឆ្នាំ​ទី​បី​នៃ​ការសិក្សា​សមណ​សិស្ស ត្រូវបាន​រៀន​វិញ្ញាសា​ផ្លូវលោក ជា​ភាសា​យួន ថ្នាក់​ទី ១០ និង ទី ១១ , ឯ​ភាសាបាលី សមណ​សិស្ស​ត្រូវ​ប្រែ លោត​ប្រយោគ​វិញ្ញាសា មង្គល​ត្ថ​ទីប​នី ភាគ ៣ និង ភាសា​ខ្មែរ​ត្រូវ បានបញ្ចប់​វិញ្ញាសា​វេយ្យាករណ៍​ខ្មែរ ។ ឆ្នាំ​ទី​បួន ដែលជា​ឆ្នាំ​បញ្ចប់ ត្រូវបាន​សិក្សា​ភាសា​យួន​ថ្នាក់​ទី ១២ និង​បាលី ត្រូវបាន បញ្ចប់​កម្មវិធី ប្រែ​លោត​ប្រយោគ មង្គល​ត្ថ​ទីប​នី ភាគ ៤ (​ភាគ​បញ្ចប់​) និង វិញ្ញាសា​ភាសា​ខ្មែរ​ត្រូវ បាន​រៀន​អំពី​សិល្បៈ​តែង​កំណាព្យ ។​
​សាលា​បំពេញវិជ្ជា​មធ្យម សិក្សា​បាលីភាគខាងត្បូង ឬ សាលា​បាលី​ជាន់ខ្ពស់​ខេត្ត​ឃ្លាំង នេះ​ត្រូវបាន​បង្កើតឡើង​ឆ្នាំ ១៩៩២ ។ បច្ចុប្បន្ន មាន​ព្រះតេជព្រះគុណ យឿ​ង ញើ​ង ព្រះចៅអធិការ​វត្ត​ព្រែក​អណ្តើក និង​ជា​ប្រធាន​សមាគម​ព្រះសង្ឃ​សាមគ្គី ស្នេហា​ជាតិ ខេត្ត​ឃ្លាំង ជា​ចាងហ្វាង ព្រះតេជព្រះគុណ តាំង ណោ ព្រះ​ចៅ​ធិ​ការ​វត្ត​ឃ្លាំង ជា​ចាងហ្វាង​រង ។​
​សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី ០៨ ខែ​កម្ភៈ​ឆ្នាំ ២០០៧ មាន​ព្រឹត្តិការ​ណណ៍​ជា​ប្រវត្តិសាស្ត្រ មួយ​សម្រាប់​ខ្មែរក្រោម នៅ​ដើម​សតវត្សរ៍ ទី ២១ និង ដើម​សហ​វត្សរ៍​ទី ៣ នេះ ដោយមាន​សមណ សិស្ស នៃ​សាលា​នេះ​ជាង ២០០ អង្គ បាននាំគ្នា​ចេញ​ធ្វើបាតុកម្ម​ដោយ​អហិង្សា នៅមុខ​មន្ទីរ​នគរ បាល​យួន ខេត្ត​ឃ្លាំង ដើម្បី​ទាមទារ​សិទ្ធិសេរីភាព ។ ការធ្វើ​បាតុកម្ម​នោះ ត្រូវបាន​មតិសាធារណៈ​ដឹង ថា ព្រោះ​រដ្ឋាភិបាល​យួន​ហាម សមណ​សិស្ស​និមន្ត ចេញទៅ​បិណ្ឌ​បាត្រ ។ ក្រោយ​ការធ្វើ​បាតុកម្ម​នេះ មាន​សមណ​សិស្ស ៥ អង្គ ត្រូវបាន​ចាប់​ផ្សឹក​ទាំង កម្រោល និង​ដាក់ពន្ធនាគារ​រហូត មកដល់​សព្វថ្ងៃនេះ ព្រមទាំង​សមណ ជាច្រើន​អង្គ​ទៀត​ត្រូវបាន ចាប់​ផ្សឹក និង បាន​បញ្ឈប់​ការសិក្សា​ផងដែរ ។​
​ក្រៅពី​ការសិក្សា​អក្សរសាស្ត្រ ខ្មែរ​របស់​ព្រះសង្ឃ​ផ្នែក​ធម្ម​វិន័យ និង​បាលី​នៅតាម​វត្ត​អារាម​នានា យើង​ក៏ ឃើញ មាន​ចលនា​បង្រៀន អក្សរ​ខ្មែរ​របស់​ព្រះសង្ឃ​នៅតាម​វត្ត​អារាម​នានា ដល់​កូនចៅ​ខ្មែរ ក្រោម រយៈ ពេល ៣ ខែ (​ពេល​វិស្សម​កាលពី​សាលារៀន​ជា​ភាសា យួន​) ផងដែរ ។ កុមារ​ខ្មែរក្រោម​ដែល​បាន​ចូល រៀនអក្សរ​ខ្មែរ​ដំបូង ត្រូវបាន​ព្រះសង្ឃ​បង្រៀន​ឲ្យ​ចេះ​អាន និង ចេះ​សរសេរ​សិន​។​
​កម្មវិធី​អាន​អក្សរ​ខ្មែរ​នេះ​ត្រូវបាន​ ព្រះសង្ឃ​ខ្មែរ​បង្រៀន​ឲ្យ​អាន​មាន ៣ ថ្នាក់ គឺ​ថ្នាក់​ទី ១ ប្រកប​តួអក្សរ​គ្មាន តម្រួត​ជើង  ។ ថ្នាក់​ទី ២ ប្រកប​អក្សរ​តម្រួត​ជើង ហើយ​ថ្នាក់​ទាំងពីរ​នេះ​ត្រូវបាន​បន្ថែម វិញ្ញាសា សរសេរអក្សរ​ផ្ចង់ មួយទៀត ។ ថ្នាក់​ទី ៣ ត្រូវបាន​ព្រះ សង្ឃ​បង្រៀន​ឲ្យ​អាន​អត្ថបទ​និង សរសេរ​តាម​សូត្រ ជា​ភាសា​ខ្មែរ ។ ក្រៅពី​បង្រៀន​ឲ្យ​ចេះ​អាន ចេះ​សរសេរ ក៏មាន​បង្រៀន វិញ្ញាសា លេខ និង ចំណោទ ផងដែរ ។​
VII_​ពិធីបុណ្យ​ប្រពៃណីជាតិ និង សាសនា​៖
​ពិធីបុណ្យ​ប្រពៃណីជាតិ និង សាសនា​ត្រូវ​ដូចជា​បុណ្យចូលឆ្នាំថ្មី បុណ្យ​សែនដូនតា (​បុណ្យ​ភ្ជំបិណ្ឌ​នៅ ប្រទេស​កម្ពុជា​) និង បុណ្យ​កឋិនទាន ជា ដើម ត្រូវបាន​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម​ឯកភាព​ប្រារ​ព្ភ​ចំ​រដូវ​កាល​តែមួយ ។​
​ក​_​បុណ្យ​អកអំបុក ប្រណាំងទូក ង និង​សំពះ ព្រះ​ខែ ៖
​ចំពោះ​ពិធី​ប្រណាំងទូក ង វិញ ត្រូវបាន​ចាប់ ប្រណាំង​ពីថ្ងៃ​ទី ១២/១៣/១៤ កើត ខែកត្តិក ជា​រៀង រាល់​ឆ្នាំ ដោយមាន​ទូក ង ជាង ៤០ មកពី​វត្ត​នានា ទូទាំង​ខេត្ត  ។ ពិធី​នេះ​ត្រូវបាន​រៀបចំឡើង យ៉ាង​គគ្រឹកគគ្រេង មាន​អ្នកទស្សនា​ទាំង​ខ្មែរ និង​យួន​ផង​រាប់ពាន់នាក់ មកពី​នានា​ខេត្ត​នៅ​កម្ពុជា​ក្រោម ។​
​ចំពោះ​ពិធី​អកអំបុក និង​សំពះ​ព្រះ​ខែ​ត្រូវបាន ប្រារ​ព្ភ​ឡើងជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃ ១៥ កើត ខែកត្តិក​នៅតាម​វត្ត​អារាម​និង​គេហដ្ឋាន ។​
​ខ​_​ពិធីបុណ្យ​ចូលឆ្នាំថ្មី​និង​បុណ្យ​សែនដូនតា (​បុណ្យ​ភ្ជំបិណ្ឌ​)៖
​ការ​ប្រារ​ព្ភ​ពិធីបុណ្យ​នេះ ត្រូវបាន​រៀបចំឡើង​តាម​កាល​វេលា​ដូចជា​នៅ​ប្រ ទេស​កម្ពុជា​ដែរ គឺ​ខ្មែរ ក្រោម​បាន​យក​ថ្ងៃ ខែ ធ្វើបុណ្យ ទៅតាម​មហាសង្ក្រាន្ត និង​ប្រតិទិន ដែល បាន​បោះ​ពុ​ម្ភ​ចេញពី​ប្រទេស​កម្ពុជា ។​
​គ​_​បុណ្យ​កឋិនទាន​៖
​នៅ​បណ្តា​ខេត្ត​ផ្សេងៗ ត្រូវបាន​ប្រារ​ព្ភ​ទៅតាម​ពុទ្ធានុញ្ញាត គឺអាច​ធ្វើបុណ្យ​បាន ២៩ ថ្ងៃ ចាប់ពី​ថ្ងៃ ដែល​ព្រះសង្ឃ​ចេញ​វស្សា​ទៅ ។ តែ​ចំពោះ​ខេត្ត​ឃ្លាំង​វិញ​ត្រូវបាន​រដ្ឋាភិបាល​វៀត ណា​ម​បំរាម ធ្វើ​ទៅតាម វិន័យ​ព្រះពុទ្ធសាសនា គឺ​ឲ្យ​ព្រះសង្ឃ​ខ្មែរក្រោម​ទាំង ៩១ វត្ត​ក្នុង​ខេត្ត​ប្រារ​ព្ភ​បុណ្យកឋិន​តែមួយ​ថ្ងៃ​ជាមួយ គ្នា ។​
​បច្ចុប្បន្ននេះ ក្រោយពី​ព្រឹត្តិការណ៍​បាតុកម្ម​របស់​សមណ​សិស្ស សាលា​មធ្យមសិក្សា​បំពេញវិជ្ជា​បាលី​ភាគ ខាងត្បូង ខេត្ត​ឃ្លាំង នៅ​ថ្ងៃទី ០៨ កុម្ភៈ ឆ្នាំ ២០០៨ ដើម្បី​ទាមទារ​សិទ្ធិសេរីភាព​នោះមក យើង ទទួលបាន​ដំណឹង​ថា មានការ​កែប្រែ​ឲ្យ​ធ្វើ​ទៅតាម​ព្រះ​វិន័យ​នៅក្នុង​ព្រះពុទ្ធសាសនា​វិញ​ហើយ ៕​
ប្រភព ៖ vokk

No comments:

Post a Comment