Monday, November 23, 2015

ចំណេះកើតពីការរៀន មិនមែនកើតពីខួក្បាលនោះទេ


មានមនុស្សជាច្រើនរអ៊ូថាគាត់មិនឆ្លាតរៀនមិនពូកែទេ តែខ្ញុំចង់ប្រាប់ថា ខ្ញុំចេះអានអក្សរគ្រាន់បើនៅថ្នាក់ទី៥ ហេតុនេះខ្ញុំមិនមែនជាមនុស្សឆ្លាតទេ។ មនុស្សមួយចំនួនទៀតនិយាយថា គាត់ចង់ពូកែនិយាយតែគាត់មិនចេះនិយាយទេ តែខ្ញុំចង់ប្រាប់ថាកាលពីក្មេងខ្ញុំត្រូវបានគេហៅថាអាងោះព្រោះតែមិនចេះនិយាយ មិនចេះតវ៉ា។ កាលពីក្មេងគេថាខ្ញុំល្ងង់ព្រោះរៀនមិនពូកែ តែនៅពេលចូលវិទ្យាល័យ និងមកសាកលវិទ្យាល័យមិត្តភ័ក្ដិសសើរថាឆ្លាត តាមពិតខ្ញុំមិនបានប្តូរក្បាលទេ ប្តូរតែទម្លាប់និងទង្វើទេ។ ការប្តូរទម្លាប់និងទង្វើទាំងនេះ មួយផ្នែកធំកើតចេញពីការទទួលមនោគមន៍វិជ្ជាពីសៀវភៅ ព្រោះខ្ញុំតែងតែឆ្ងល់ថា អ្នកពូកែធ្វើអ្វីខ្លះ? ហើយយកគំរូតាមគេ ត្បិតមិនពូកែដល់គេ តែមានការរីកចម្រើនច្រើន។

ខ្ញុំចង់ប្រាប់ប្អូនៗនិងមនុស្សទូទៅថា យើងដាច់ខាតមិនត្រូវមើលងាយខ្លួនឯងទេបើយើងនៅមានចិត្តចង់អភិវឌ្ឍន៍ខ្លួននោះ មនុស្សដែលអន់ គឺមនុស្សដែលបោះបង់។
កុំខ្លាចគេថាយើងអួត កុំខ្លាចគេថាយើង ចេញមុខចេញមាត់ ធ្វើអ្វីដែលគួរធ្វើ ធ្វើទង្វើទាំងឡាយណាដែលរីកចម្រើនដល់ខ្លួនឯង និងមនុស្សទូទៅ។ មនុស្សខ្មែរភាគច្រើនមានចរិកមួយគឺច្រណែន ហេតុនេះកុំខ្វល់ បើអ្នកនៅតែខ្វល់នឹងពាក្យមនុស្សទាំងនោះ អ្នកបានត្រឹមរស់នៅជាស្រមោលគេទេ។

មិត្តខ្ញុំម្នាក់រៀនចប់វេជ្ជបណ្ឌិតពីវៀតណាមបាននិយាយប្រាប់ខ្ញុំថា កាលនៅវិទ្យាល័យគាត់ជាសិស្សពូកែម្នាក់ តែពេលចូលតិចណូក្លាយជាសិស្សខ្សោយព្រោះគាត់បោះបង់អត្តសញ្ញាណខ្លួនឯង បោះយ៉ាងម៉េច? គឺពេលរៀនមិនដែលសួរ ព្រោះខ្លាចគេសើច ខ្លាចគេថាអន់ យូរៗទៅអន់មែនព្រោះរៀនមិនយល់ ខុសពីនៅវិទ្យាល័យគាត់តែងតែសួរពេលគាត់មិនយល់។

No comments:

Post a Comment