Tuesday, November 10, 2015

តឹងចិត្ត (Stress)




មនុស្ស​គ្រប់​រូប​តែង​ធ្លាប់​ជួប​ប្រទះ​នឹង​ការ​តឹង​ចិត្ត។ មនុស្ស​ពីរនាក់​ អាច​ជួប​ប្រទះ​នឹង​ហេតុ​ការណ៍​ដូច​គ្នា។ ម្នាក់​អាច​កើត​មាន​វិបត្តិ​តាន​តឹង​ក្នុង​ចិត្ត​ ឯ​ម្នាក់​ទៀត​មិន​អី​ទៅ​វិញ។ អ្នក​ខ្លះ​ អាច​ទទួល​រង​វិបត្តិ​តាន​តឹង​ក្នុង​ចិត្ត​ច្រើន​ជាង។ ការ​តឹង​ចិត្ត​នេះ ត្រូវ​បាន​​គេ​ឲ្យ​និយម​ន័យ​ថា ជា​សម្ពាធ​នៃ​ផ្លូវ​ចិត្ត​។ នេះ​មាន​ន័យ​ថា សម្ពាធ​ ឬ​ការ​បារម្ភ ដែល​បណ្តាល​មក​ពី​វិបត្តិ​ក្នុង​ជីវិត​រ​បស់​នរណា​ម្នាក់​។ យោង​ទៅ​តាម​សៀវភៅ​ TPO គេ​ឲ្យ​និយម​ន័យ​​ការ​តឹង​ចិត្ត​នេះ​ថា “វិបត្តិ ស្ថានភាពណាមួយដែលបុគ្គលម្នាក់ មានការពិបាកនឹងគ្រប់គ្រង ពិបាកនឹងដោះស្រាយអាចបង្កបង្កើតឲ្យមានការតឹងចិត្ត“។ ជម្ងឺ​ផ្លូវ​កាយ​ ក៏​ជា​ស្ថាន​ភាព​លំបាក​ដល់​បុគ្គល​ជា​អ្នក​ឈឺ​ ហើយ​ក៏​បង្កើត​​ភាព​តាន​តឹង​ក្នុង​ផ្លូវ​ចិត្ត​ដែរ។
វិបត្តិ ​តឹង​ចិត្ត​នេះ​ កើត​ឡើង​ក្នុង​លក្ខណៈ​ជា​ប្រតិកម្ម​តប​ត​ទៅ​នឹង​ហេតុ​ការណ៍​ទាំង​នៅ​ក្នុង​ ខ្លួន និងនៅ​​ក្រៅ​ខ្លួន​ ដែល​ហេតុ​ការណ៍​នោះ គំរាម​កំហែង​ដល់​សមត្ថភាព​ដោះ​ស្រាយ​បញ្ហា​របស់​បុគ្គល​អ្នក​មាន​វិបត្តិ។ នៅ​ពេល​ដែល​​មនុស្ស​មាន​អារម្មណ៍​ភ័យ​ខ្លាចជា​ធម្មតា​ និង​ជា​វិជ្ជមាន​ មនុស្ស​មាន​ទំនោរ​ទៅ​រក​ការ​ការពារ​ខ្លួន​ ឬ​គេច​ខ្លួន​ ដែល​គេ​ហៅ​ថា ​ប្រតិកម្ម​តប​ត (fight-fight reaction)។ ប្រតិកម្ម​ដែល​អាច​មើល​ឃើញ​រួម​មាន​ សាច់​ដុំ​ឡើង​តឹង ដក​ដង្ហើម​​ញាប់​ជាង​មុន​ ហើយ​បេះ​ដូង​​លោត​លឿន​ជាង​មុន។ នៅ​ពេល​គេ​ជឿ​ប្រាកដ​ថា ការ​គំរាម​កំហែង​ដែល​គេ​បាន​ជួប​នោះ កន្លង​ផុត​ទៅ គេ​ក៏​មាន​អារម្មណ៍​ធូរ​ស្រាល​មក​វិញ។ ការ​តឹង​សាច់​ដុំ ការ​ដក​ដង្ហើម​ញាប់ និង​ចង្វាក់​បេះ​ដូង​​លោត​លឿន​ ក៏​ត្រឡប់​មក​ទៀង​ស្មើ​ជា​ធម្មតា​វិញ។ រី​ឯ​អារម្មណ៍​ ត្រឡប់​​ជា​ស្ងប់​​អាច​សម្រាន្ត​​បាន​ និង​មាន​កម្លាំង​ឡើង​វិញ។ ចំពោះ​មនុស្ស​ខ្លះ ដោយ​សារ​ហេតុ​ផល​ផ្សេងៗ​ទៀត គាត់​គ្មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព​ ក្នុង​ជីវិត​អនាគត​របស់​គាត់​ឡើយ សូម្បី​តែ​ហេតុ​ការណ៍​កន្លង​​រលត់​ទៅ​បាត់​ហើយ​ក៏​ដោយ។ គាត់​អាច​នៅ​មាន​ការ​បារម្ភជាប់​ជា​បន្ត​ទៅ​ទៀត ហើយ​សាច់​ដុំ​ក៏​នៅ​តែ​តឹង​ជា​បន្ត។ ការ​តាន​តឹង​សាច់​ដុំ​នេះ អាច​ធ្វើ​ឲ្យ​រាង​កាយ​ឈឺ​ចាប់​ ហើយ​វា​ក៏​ធ្វើ​ឲ្យ​​មនុស្ស​យើង​មាន​ការ​ព្រួយ​បារម្ភ​សារ​ជា​ថ្មី។ ការ​បារម្ភ​អំពី​ការ​ឈឺ​ចាប់​រាង​កាយ​ ក៏​បង្ក​ឲ្យ​សាច់​ដុំរឹត​តែ​តឹង​ដែល​ធ្វើ​ឲ្យ​ការ​ឈឺ​ចាប់​កាន់​តែ​ខ្លាំង​។ យោង​តាម​សៀវភៅ TPO និង​ប្រភព​ភស្តុតាងជា​បង្អែក​ផ្សេង​ទៀត ការ​រៀប​រាប់​ចុង​ក្រោយ​នេះ មាន​ឈ្មោះ​ថា ដំណើរ​កាន់​តែ​ដាប​ទៅ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​កាន់​តែ​រង​ទុក្ខ ​ការ​ថប់​បារម្ភ និង​ការ​ត្អូញ​ត្អែរ​កាន់​តែ​ច្រើន​ឡើង។
ភាព​ខុស​គ្នា​ពី​មនុស្ស​ ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ក្នុង​ការ​កើត​មាន​ឡើង​នូវ​ការ​តឹង​ចិត្ត​ និង​ការ​សម្រួល​បន្ធូរ​​ពី​ការ​តឹង​ចិត្ត​មក​វិញនោះ វា​ប្រែ​ប្រួល​ទៅ​តាម​បទ​ពិសោធន៍​​ដែល​មនុស្ស​ម្នាក់ៗ ធ្លាប់​ឆ្លង​កាត់​ និង​ទៅ​តាម​ការ​យល់​ដឹង​ និង​ចេះ​ឲ្យ​តម្លៃ​លើ​បទ​ពិសោធន៍​ដែល​បាន​ជួប​ប្រទះ​របស់​មនុស្ស​ម្នាក់ៗនោះ ​ និង​ម៉្យាង​ទៀត វា​ប្រែ​ប្រួល​ទៅ​តាម​ជំនាញ​ ក្នុង​ការ​ស្រាយ​វិបត្តិ​ និង​​ប្រភព​ប្រើ​ប្រាស់​ សម្រាប់​ស្រាយ​វិបត្តិ​។ កត្តា​នីមួយៗ​ខាង​លើ​នេះ មាន​ឥទ្ធិពល​សំខាន់​ដល់​លទ្ធភាព​ដោះ​ស្រាយ​ជាមួយ​ហេតុ​ការណ៍​ ដែល​នាំ​ដល់​ការ​តឹង​ចិត្ត​ទាំង​ឡាយ​​របស់​មនុស្ស​ម្នាក់ៗ​នោះ។ គឺ​វា​អាច​កើត ឬ​ថយ​នូវ​ការ​វិវត្តន៍​ទៅ​រក​ការ​តឹង​ចិត្ត​។
យោង​តាម​លោក Oakly និង​ Potter កត្តា​គ្រោះ​ថ្នាក់​នៃ​ការ​កើត​មាន​វិបត្តិតឹង​ក្នុង​ចិត្ត​រួម​មាន៖
  • ហេតុ​ការណ៍​ក្នុង​ជីវិត​រ៉ាំ​រ៉ៃ​ និង​ធ្ងន់​ធ្ងរ​ភ្លាមៗ
  • ទម្លាប់​មិន​ព្រម​ស្វែង​យល់ និង​មិន​ចេះ​វាយ​តម្លៃ​បទ​ពិសោធន៍​របស់​មនុស្ស​ម្នាក់ៗ
  • ការ​យក​ចិត្ត​ទុក​ដាក់​តែ​ខាង​អារម្មណ៍​ ជាង​ការ​ប្រើ​ជំនាញ​ដោះ​ស្រាយ​វិបត្តិ
  • ការ​ប្រើ​ប្រាស់​ធន​ធាន​ដោះ​ស្រាយ​វិបត្តិ​មិន​សមស្រប។
វា​ក៏​មាន​ន័យ​ផង​ដែរ​ថា កត្តា​គ្រោះ​ថ្នាក់​ខាង​លើ មិន​មែន​សំខាន់​សម្រាប់​តែ​ការ​ធ្វើ​ឲ្យ​សះ​ស្បើយ​ ពី​វិបត្តិ​តាន​តឹង​ក្នុង​ចិត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កត្តាទាំង​នោះ​ក៏​សំខាន់​សម្រាប់​ការ​កកើត​​ឲ្យ​មាន​វិបត្តិ​តឹង​ ចិត្ត​ផង​ដែរ៕
  • ប្រភព៖ សៀវភៅ «ការ​ថែ​ទាំ​សុខភាព​ផ្លូវ​ចិត្ត» (២០០៥)

No comments:

Post a Comment