Tuesday, November 10, 2015

គុណ​សម្បត្តិ​​ដែល​ចង់​ក្លាយ​ជាអ្នក​និពន្ធ​




ការ ​តែង​និពន្ធ​ គឺ​ជា​ការ​ងារ​​មួយ​ដែល​​អាស្រ័យ​លើ​ ​ចំណេះ​ដឹង​ គំនិត​ និង​ សេចក្តី​ស្រលាញ់​​ក្នុង​ការ​សរសេរ។ វា​​​មិន​មែន​ជា​រឿង​ងាយ ​ដែល​គ្រប់​គ្នា​សុទ្ធ​តែ​​អាច​ធ្វើ​បាន​នោះ​ទេ។ អ្នក​ខ្លះ​ ប្រហែល​ជា​គិត​ថា​ ឲ្យ​តែ​នឹក​ឃើញ​អ្វី​​ ឬ​មើល​ឃើញ​អ្វី​ ក៏​សុទ្ធ​តែ​សរសេរ​ចេញ​​មក​បាន​​ភ្លាម​​។ តែ​ធាតុ​ពិត​មិន​មែន​ដូច្នោះ​​ទេ ព្រោះ​​ការ​សរសេរ​បាន ​និង​ការ​​​និពន្ធ​​​កើត គឺជា​រឿង​ពី​រ​​​​ខុស​​គ្នា​។ ​ដើម្បី​និពន្ធ​​​​​ស្នា​ដៃ​អ្វីមួយ​​ឲ្យ​កើត​ចេញ​ជា​រូប​រាង​ យើង​​​​ត្រូវ​ស្គាល់​លំដាប់​នៃ​​ការ​គិត​ ហើយ​សរសេរ​ឲ្យ​អ្នក​ដទៃ​ដឹង​រឿង​ដឹង​រ៉ាវ​ និង​យល់​នូវអ្វី​ដែល​ខ្លួន​គិត​ ​ខ្លួន​មើល​ឃើញ​ ប្រើ​ភាសា​បាន​ពីរោះ​ត្រឹម​ត្រូវ​តាម​​បំនិន​ប្រសប់​ ទេព​កោសល្យ​ ​និង​​ក្បួន​ខ្នាត​​។
ដើម្បី​ក្លាយ​​ជា​អ្នក​និពន្ធ​ ដំបូង​ត្រូវសួរ​ខ្លួន​ឯង​ឲ្យ​ច្បាស់​សិន​​ថា ត្រូវ​ការ​​ក្លាយ​ជា​អ្នក​និពន្ធ​ប្រភេទ​ណា? ហើយ​ខ្លួន​ចង់​និពន្ធ​អ្វី? និពន្ធ​​រឿង​កម្សាន្ត​ ប្រលោម​លោក​​ ​អត្ថបទ​ស្រាវ​ជ្រាវ​ សរសេរ​ព័ត៌​មាន​ ឬ​​ ឯកសារ​​វិជ្ជាជីវៈ​? ដូច្នេះ​ការ​ស្គាល់​ខ្លួន​ឯង​ច្បាស់​ គឺ​ជា​រឿង​សំខាន់ ​និង ជា​រឿង​​ដំបូង​បំផុត​ដែល​យើង​ត្រូវ​គិត​គូរ​ដើម្បី​​ឈោង​ចាប់​យកភាព​​ជោគ​ ជ័យ​ទៅ​​ថ្ងៃ​អនា​គត​។
ខាង​ក្រោម​នេះ​ គឺ​ជា​​លក្ខណៈ​​​គុណ​សម្បត្តិ​មួយ​ចំនួន ​​​​សម្រាប់​អ្នក​និពន្ធ​វ័យ​ក្មេង​ទាំង​ឡាយ​​ដែល​មាន​បំណង​ប្រាថ្នា​ឈោង​ ចាប់​យក​អាជីព​ជា​អ្នក​និពន្ធ​​៖
. ​ត្រូវ​ពូកែ​ស្រមើ​ស្រមៃៈ ស្មេរ​ ឬ ​អ្នក​និពន្ធ​ អាស្រ័យ​​តួអក្សរ​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​អ្នក​អាន​​។ ដូច្នេះ​តួ​អក្សរ​ដែល​និម្មិត​ចេញ​មក​​ គួរ​តែ​​មិន​មែន​ជា​អក្សរ​ធម្មតានោះ​ទេ​ តែ​ត្រូវជា​អក្សរ​ដែល​​សរសេរ​​ចេញ​មក​​បា​នស្អាត​ មាន​របៀប​ ហើយអាច​សរសេរ​​​​​បង្ហាញ​ការ​ស្រមើ​ស្រមៃ ​ឲ្យកើត​​ចេញ​ជារូប​រាង​ពិត​បាន​​។ ការ​បណ្តុះ​និស្ស័យ​​ឲ្យ​ក្លាយ​ជាមនុស្ស​ពូកែ​ស្រមើ​ស្រមៃ​នោះ អាច​ធ្វើ​បាន​តាម​រយៈ​ការ​​រៀន​​ចាប់​អារម្មណ៍​លើ ​រឿង​អ្នក​ដទៃ​ឲ្យ​បាន​ច្រើន​ អាន​សៀវភៅ​ឲ្យ​បាន​ច្រើន​ មើល​ឲ្យ​ឃើញ​ភាព​ស្រស់​ស្អាត​របស់​ធម្មជាតិ ​និង ជីវិត​ ហាត់​សរសេរ​សំបុត្រ​វែង​ៗ​ រួម​ទាំង​សរសេរ​កំណត់​ហេតុ​ប្រចាំ​ថ្ងៃ​ ក៏​អាច​ជួយ​បាន​ច្រើន​ដែរ​​។
.ស្រលាញ់​ការ​រៀន​សូត្រៈ ការ​រៀន​សូត្រ ​មិន​ចាំ​បាច់​តែ​រៀន​អក្សរ​សាស្ត្រ​ ឬ ​មុខ​ជំនាញ​​តែង     ​និពន្ធ​ដោយ​ផ្ទាល់​​​ក៏​បាន​ តែ​សំដៅ​ដល់​ការ​រៀន​ទូទៅ​។ ការ​រៀន​នៅ​ក្នុងលោក​នេះ​ មិន​មែន​មាន​តែ​នៅ​ក្នុង​មហាវិទ្យាល័យ ឬ​សាលារៀន​​នោះ​ទេ តែ​មាន​នៅ​គ្រប់​ទីកន្លែង​ទាំង​អស់​។ អ្នក​ដែល​ចាប់​អារម្មណ៍​ចង់​ក្លាយ​ជា​អ្នក​និពន្ធ​ អាច​ស្រាវ​ជ្រាវ​រក​ចំណេះ​ដឹង​ដែល​ចាំ​បាច់ ​ដោយ​ខ្លួន​ឯង​គ្រប់​ពេល​វេលា ​ដោយ​ផ្ទាល់​ និង ​ដោយ​ប្រយោល​ ដើម្បី​សរសេរ​បាន​ត្រឹម​ត្រូវ​តាម​ការពិត​​ ឬ ប្រហាក់​ប្រហែល​នឹង​ការពិត​បំផុត​។
. ចង់​ចេះ​ចង់​ដឹងចង់​ឮ​ចង់​ឃើញៈ អាន​គ្រប់​បែប​យ៉ាង​ដែល​នៅ​ពាំង​មុខ​​ ឲ្យ​តែ​មាន​ឱកាស​អាច​អាន​បាន។​ អាន​សូម្បី​តែ​ក្រដាស​ខ្ចប់​នំ​ប៉័ង​ អាន​ឲ្យ​ទូលំទូលាយ មិន​ចំពោះ​តែ​ទាក់​ទង​នឹង​ការ​តែង​និពន្ធ។​ ​ប្រើ​ពេល​វេលា​ភាគ​ច្រើន​បិទ​មាត់​ តែ​ត្រូវ​បើក​ភ្នែក​​បើក​ត្រចៀក។​​ កុំ​ចង់​ក្លាយ​ជា​មនុស្ស​លេច​ធ្លោ​​​​ទាម​ទារ​ការ​​ចាប់​អារម្មណ៍​ពី​អ្នក​ ដទៃ​ តែ​ត្រូវ​សម្ងំ​​លាក់​ខ្លួន​នៅ​ក្នុង​ហ្វូង​​មនុស្ស​​​បែប​មនុស្ស​​សាមញ្ញ​​ ធម្មតា​ម្នាក់។​ ទៅ​ឆ្នេរ​សមុទ្រ​ ទៅ​ក្នុង​ពិធី​ជប់​លៀង​ ព្យាយាម​មើល​ហ្វូង​មនុស្ស​ មើល​ផ្ទៃ​មេឃ​ មើល​កូន​ក្មេង​បញ្ចេញ​អារម្មណ៍​ មើល​រស្មី​ព្រះ​អាទិត្យ​​​អស្តង្គត​លិច​បាត់​ទៅ​ក្នុង​ផ្ទៃ​​ទឹក។​ មិន​គួរ​ឲ្យ​អ្វី​គេច​ផុត​ពី​ខ្សែ​ភ្នែក​ទេ​ គ្រប់​យ៉ាង​​អាច​​​មាន​ប្រយោជន៍​ដល់​ការ​តែ​ង​និពន្ធ​របស់​យើង​បាន​ដោយ​មិន​ ដឹង​ខ្លួន​​។
​ឃ. ជឿជាក់​ និង ពលិកម្ម​ខ្ពស់ៈ យើង​ពិត​ជា​អាច​លះ​បង់បាន​​ពិត​មែន​ឬ​? មិន​មែន​ជា​កា​រ​លេង​សើច​ទេ​ ក្នុង​​ការ​ដែល​យើង​ព្រម​​​បំបែក​ខ្លួន​មក​នៅ​ម្នាក់​ឯង​​ មួយ​ថ្ងៃ​ហើយ​មួយ​ថ្ងៃ​ទៀត​ មួយ​ឆ្នាំ​ហើយ​មួយ​ឆ្នាំ​ទៀត​ ដើម្បី​សិក្សា​ស្វែង​យល់​ពី​ស្នាដៃ​របស់​ខ្លួ​ន តាម​រយៈ​ការ​​ប្រឹង​ប្រែង​តែង​និពន្ធ​។ មាន​រឿង​ដទៃ​ទៀត​ជា​ច្រើន​ដែល​គួរ​ឲ្យ​ភិសម័យ ​​ហើយ​មិន​​ចាំ​បាច់​​មក​ពិបាក​​ចំណាយ​ពេល​វេលា​របស់​យើង​​ទទេ​ៗ​ ទោះ​បី​ជា​មាន​មួយ​ផ្នែក​តូច​​​អាច​តប​ស្នងខាង​បញ្ញា​​​ និង សតិ​ស្មារតី​របស់​យើង​ក៏​ដោយ​ចុះ។​ តែ​គ្មាន​ទោស​​ពៃរ៍​​អ្វី​ទេ​បើ​យើង​​ស្មោះ​ត្រង់​ចំពោះ​ខ្លួន​ឯង​ ហើយ​ព្រម​ទទួល​ថា យើង​ចង់​ផ្លាស់​ប្រែ​ពេល​វេលា​ស្ទូច​ត្រី​ ជជែក​កម្សាន្ត​ជាមួយ​មិត្ត​ភក្តិ​ មើល​កុន​ ស្តាប់​ភ្លេង​​ ច្រើន​ជាង​ការ​ធ្វើ​ជា​អ្នក​និពន្ធ​ដែល​គិត​តែ​​អង្គុយ​​ម្នាក់​ឯង​ ព្រម​ទាំង​គ្មាន​​កា​រ​ធានា​​​អះ​អាង​ណា​មួយ​បញ្ជាក់​ថា​ ការងារ​នោះ​នឹង​ទទួល​បាន​ជោគ​ជ័យផង​​។ បើ​យើង​មិន​ជឿ​ជាក់​​ចំពោះ​ការ​ទាម​ទារ​ក្នុង​ឋានៈ​​អ្នក​សរសេរ​សៀវភៅ​ទេ​​ សូម​បញ្ឈប់​ត្រឹម​នេះ​ចុះ ​ព្រោះ​បើ​បន្ត​ធ្វើ​​ដោយ​ខ្វះ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ត​ទៅ​ទៀត​ ក៏​គង់​នឹង​គ្មាន​ប្រយោជន៍​អ្វី​ដែរ។
. បើក​ចិត្ត​ឲ្យ​ទូលាយៈ ពេញ​ចិត្ត​ និង ​ព្រម​ទទួល​ស្គាល់​​ បើ​ស្នាដៃ​និពន្ធ​របស់​យើង​មាន​ការ​រិះ​គន់ថា មិន​ល្អ​ ឬ​ នៅ​មាន​​ចំណុច​ខ្វះ​ខាត​ ដើម្បី​រក​ផ្លូវ​កែ​ប្រែ​បន្ត​ទៀត​ ដោយ​យើងត្រូវ​អាស្រ័យ​លើ​អ្នក​ដទៃជាអ្នក​ចាំ​ចង្អុល​បង្ហាញ​ អាច​ជា​មិត្ត​ភក្តិ​ ​បង​ប្អូន​ ម្ចាស់​រោង​ពុម្ព​ ឬ​ គ្រូ​បង្រៀន​។ ​ ម្យ៉ាង​ទៀត​​ យើង​ក៏​ត្រូវ​ស្វែង​រក​​ឲ្យ​ឃើញ​នូវ​​ចំណុច​ខ្វះ​ខាត​​ដោយ​ខ្លួន​ឯង​ដែរ​​ ​បាន​សេចក្តី​ថា​ យើង​ត្រូវ​បើក​ចិត្ត​ឲ្យ​ទូលាយ​​ទាំង​ចំពោះ​ខ្លួន​ឯង​ផង​​ និង​ការ​វិភាគ​វាយ​តម្លៃ​ពី​​អ្នក​ដទៃ​ផង​​។
. អត់​ធន់ៈ ការ​ងារ​តែង​និពន្ធ​ មិនមែន​ជា​ការ​ចុះ​បញ្ជី​​ធ្វើ​ជំនួញ​​ ដែល​គ្រាន់​តែ​បូក​ដក​គុណ​ចែកក៏​​​ដឹង​ចំណេញ​ដឹង​ខាត​ភ្លាម​ៗ​​នោះ​ទេ។ ការ​តែង​និពន្ធ​ទាម​ទារ​ការ​អត់​ធន់​ខ្ពស់​។ អ្នក​និពន្ធ​មិន​មែន​កើត​ឡើង​បាន​ភ្លាម​ក្នុង​ពេល​តែ​មួយ​ថ្ងៃ​។ តារា​ល្បី​អាច​នឹង​ចាប់​ផ្តើម​រះ​នៅ​ពេល​មាន​អាយុ​១៨​ឆ្នាំ​ តែ​មិន​យូរ​មិន​ឆាប់​​ក៏​អ័ព្ទ​រស្មី​ធ្លាក់​ចុះ​មក​ដដែល​ (លើក​លែង​​មួយ​ចំនួន​តូច​)។ ឯ​អាជីព​អ្នក​និពន្ធ​ទម្រាំ​​តែ​​ចាក់​​គ្រឹះ​រឹង​មាំ​ ក៏​ត្រូវ​ចំណាយ​ពេល​ស្ទើរ​តែ​ពេញ​មួយ​ជីវិតដែរ​។
យើង​ត្រូវ​រម្លឹក​ជានិច្ច​ថា ការ​បោះ​ពុម្ព​ផ្សាយ​ស្នា​ដៃ​ មួយ​ផ្នែក​គឺ​ជា​ការ​ធ្វើ​ជំនួញ​ ដែល​អាច​ប្រែ​ប្រួល​​​បាន​គ្រប់​ពេល​វេលា​។ ឆ្នាំ​នេះ​ម្ចាស់​រោង​ពុម្ព​អាច​បដិសេធ​ស្នាដៃ​របស់​យើង​ តែ​ឆ្នាំ​ក្រោយ​​ម្ចាស់​រោង​ពុម្ព​​ថ្មី​ អាច​ព្រម​ទទួល​ស្នាដៃ​របស់​យើង​ក៏​ថា​បាន​។ ម្យ៉ាង​ទៀត ​បើ​រោង​ពុម្ព​មួយ​បដិសេធ​ស្នា​ដៃ​របស់​យើង​ មិន​ប្រាកដ​ថា​​រោង​ពុម្ព​មួយ​ទៀត ​បដិសេធ​ដូច​គ្នា​នោះទេ។ បើ​យើង​មើល​មិន​ឃើញ​ពី​​ចំណុច​​ទាំង​នេះ​ទេ​​ ភាព​អត់​ធន់​របស់​យើង​នឹង​កាន់​តែ​ថយ​ចុះ​ នឹង​អាច​ឈាន​ទៅ​ដល់​ចំណុច​គ្រោះ​ថ្នាក់​ ដែល​យើង​នឹង​និយាយ​ថា «​សរសេរមាន​ប្រយោជន៍​អ្វី
. ព្យា​យាម​សរសេរ​តាម​អ្វី​ដែល​ខ្លួន​ឯង​ជំនាញៈ អ្នក​និពន្ធ​ត្រូវ​តែ​សិក្សា​លើ​ខ្លួន​ឯង​ថា ជំនាញ​ផ្នែក​ណា​ អាច​ជា ​អត្ថបទ​ស្រាវ​ជ្រាវ​ សាកល្បង​កថា រឿង​ខ្លី ប្រលោម​លោក​ រឿង​ល្ខោន​ និង ​ផ្សេង​ៗ​ទៀត​។ នៅ​ពេល​ដឹង​ច្បាស់​ហើយ​ ចូរ​ព្យាយាម​សិក្សា​ស្វែង​យល់​លើ​ផ្នែក​នោះ​ឲ្យ​បាន​ស៊ី​ជម្រៅ​ ដើម្បី​បង្កើត​​ការជឿ​ជាក់​​លើ​ខ្លួន​ឯង​កាន់​តែ​ខ្លាំង​។ ការ​សរសេរ​​ប្រភេទ​ដែ​លខ្លួ​នឯង​ជំនាញ​ចាត់​ទុក​ថា​ជា​រឿង​ដ៏​សំខាន់​មួយ ព្រោះ​បើ​បង្ខំ​សរសេរ​អ្វី​ដែល​ខ្លួន​​គ្មាន​ជំនាញ​ គឺ​ជា​ការ​​បង្ក​​ទុក្ខ​ទោស​ និង ​ភាព​លំបាក​ដល់​ខ្លួន​ឯង ​ច្រើន​ជាង​ភាព​ស្រណុក​ស្រួល​ និង ​ពិបាក​ក្នុង​ការ​ទទួល​បាន​ជោគ​ជ័យ​ខ្លាំង​ណាស់​។
. ចេះ​ខាប​ព្រលឹង​អ្នក​អាន​ឲ្យ​រំភើប​ និង ​យំ​សើចៈ ការ​យំ​ និង ​សើច​ គឺ​ជា​មនោសញ្ចេតនា​​រួម​របស់​អ្នក​អាន​ដែល​រំភើប​ភ្លើត​ភ្លើន​អារម្មណ៍​​​ទៅ ​តាម​សាច់​រឿង​។ នរណា​ម្នាក់​ធ្វើ​បាន​ចាត់​ទុក​ថា​ជា​ជ័យ​​ជម្នះ​​មួយ ​ដែល​អាចខាប​ព្រលឹង​​​​អ្នក​អាន​ ឲ្យ​​ក្លាយ​ជា​ផ្នែក​មួយ​​របស់​​រឿង​ដោយ​មិនដឹង​ខ្លួន​។ ចំណែក​ការ​ធ្វើ​​ឲ្យ​អ្នក​អាន​រំភើប​​មាន​ន័យ​ថា ចេះ​ធ្វើ​ឲ្យ​អ្នក​អានអន្ទះ​អន្ទែង​ រសាប់​រសល់​​នៅ​មិន​សុខ​ចំពោះ​សាច់​រឿង​ ​ធ្វើ​ឲ្យ​អ្នក​អាន​​ដាក់​សៀវភៅ​ចុះ​មិន​បាន​ ព្រោះ​​ចង់​ដឹង​​​ថា ​រឿង​តទៅ​មុខ​ទៀត​នឹង​ក្លាយ​ជា​យ៉ាង​ណា​​។ អ្នក​និពន្ធ​ដែល​ល្អ​ ច្រើន​តែ​ចេះ​​លាក់​​​សាច់​រឿង​​​ ដើម្បី​ធ្វើ​ឲ្យ​អ្នក​អាន​ឆ្ងល់​​ និង ​ចង់​តាម​ដាន​​ដំណើរ​រឿងបន្ត​​ ពី​វគ្គ​មួយ​ទៅ​វគ្គ​មួយទៀត​​ រហូត​ដល់​ចុង​​បញ្ចប់​របស់​រឿង​ទាំង​មូល​៕

No comments:

Post a Comment