ដកស្រង់ចេញពី VOD
ក្រុមអ្នកបុរាណវិទ្យាអន្តរជាតិ បញ្ចេញឲ្យដឹងពីការរកឃើញថ្មី ដ៏គួរឲ្យភ្ញាក់ផ្អើល នូវរចនាសម្ព័ន្ធទីក្រុងអង្គររបស់កម្ពុជា ជាទីក្រុងដ៏ធំនាសម័យកណ្ដាល ដែលមានពលរដ្ឋរស់នៅប្រហែល១លាននាក់។
តាមគេហទំព័រ BBC ចុះផ្សាយថ្ងៃ២៣ កញ្ញា ឲ្យដឹងថា ក្រុមអ្នកបុរាណវិទ្យាអន្តរជាតិ ដឹកនាំដោយបណ្ឌិត Damian Evans នៃសាកលវិទ្យាល័យ Sydney បានប្រើបច្ចេកវិទ្យា Lida ថតយករូបភាពទំហំ ៣៧០ គីឡូម៉ែត្រការ៉េ ជុំវិញបរិវេណអង្គរ ដោយបានបង្ហាញនូវព័ត៌មានលម្អិតមិនធ្លាប់មានពីមុនមក ហើយការថតយករូបភាពនេះ មិនមែនដើម្បីដឹងពីដង់ស៊ីតេព្រៃឈើ ឬក៏ទិដ្ឋភាពទូទៅនៃគ្រាប់មីនក្នុងដីសល់ពីសង្គ្រាមស៊ីវិលនៅកម្ពុជាទេ។ BBC ឲ្យដឹងថា ការស្រាវជ្រាវនេះធ្វើក្នុងរយៈពេលតិចជាង២ សប្ដាហ៍។
Lidar ជាបច្ចេកវិទ្យាទំនើប អាចដឹងបានពីអាថ៌កំបាំងនៅលើផែនដី ដោយការថតយករូបភាពពីលើអាកាសតាមរយៈកាំរស្មី Laser ដែលជាការរកឃើញថ្មីខាងបុរាណវិទ្យា ពិសេសនៅតំបន់ត្រូពិច។
អ្នកបុរាណវិទ្យាបានរកឃើញទិដ្ឋភាពទីក្រុងកប់បាត់ក្រោមផ្ទៃដីព្រៃឈើ ដែលពុកផុយដោយជាតិអាស៊ីត នូវប្រាសាទបុរាណ ផ្លូវថ្នល់ និងប្រព័ន្ធផ្លូវទឹកស្រោចស្រពពេញបរិវេណទាំងមូល។
ការរកឃើញថ្មីនេះ បានផ្លាស់ប្ដូរយ៉ាងខ្លាំងទៅលើការយល់ដឹងរបស់មនុស្សអំពីតំបន់អង្គរ ដែលជាទីក្រុងយុគសម័យកណ្ដាលដ៏ធំជាងគេបង្អស់នៅលើផែនដី។
ទីក្រុងអង្គររីកចម្រើនដល់កំពូលនៅចុងសតវត្សរ៍ទី១២ ដែលបរិវេណរាជធានីគ្របដណ្ដប់លើផ្ទៃដី ១ពាន់គីឡូម៉ែត្រក្រឡា។
ទីក្រុងអង្គរជារាជធានីរបស់ចក្រភពខ្មែរដ៏មានអានុភាព ដឹកនាំដោយក្សត្រដែលអង់អាចខាងចម្បាំង ដោយបានគ្រប់គ្រងជាច្រើនសតវត្សរ៍លើផ្ទៃដីប្រទេសកម្ពុជាបច្ចុប្បន្នទាំងមូល និងមួយផ្នែកធំនៃប្រទេសវៀតណាម ឡាវ ថៃ និងភូមា។ ប៉ុន្តែទីកន្លែងដើមកំណើតរបស់ខ្លួនត្រូវបានហ៊ុមព័ទ្ធដោយអាថ៌កំបាំង។
រូបភាពពី BBC NEWS
មានសិលាចារឹកមួយចំនួនតូចឲ្យដឹងថា ចក្រភពនេះត្រូវបានបង្កើតឡើងនៅដើមសតវត្សរ៍ទី៩ ដោយព្រះមហាក្សត្រដ៏ឧត្តមព្រះបាទជ័យវរ្ម័នទី២ ដែលទីក្រុងដំបូងបំផុតរបស់ព្រះទ្រង់គឺ Mahendraparvata (មហិន្ទ្របព៌ត) នៅលើភ្នំគូលេន ខ្ពង់រាបគ្របដណ្ដប់ដោយព្រៃឈើ នាភាគខាងជើងបរិវេណទីក្រុងអង្គរដែលកសាងនាពេលក្រោយមកទៀត។
ប៉ុន្តែអាថ៌កំបាំងទាំងអស់នេះមិនមានអ្នកណាដឹងច្បាស់លាស់ទេ ទើបតែមានក្រុមLida បញ្ចេញឲ្យដឹងនាពេលនេះតែប៉ុណ្ណោះ។
ការស្រាវជ្រាវរបស់ក្រុម Lida នៅលើភ្នំគូលេនបានបង្ហាញឲ្យឃើញរូបរាងដូចខ្មោច នៃទីក្រុងបុរាណ ដែលបានបាត់បង់ទៅ ក្នុងនោះមានប្រាសាទបុរាណនានា ផ្លូវទឹកជាច្រើន ព្រមទាំងដងវិថីខ្វែងខ្វាត់យ៉ាងណែនណាន់មិនគួរឲ្យជឿ រួមទាំងស្រះទឹក និងទំនប់ប្រឡាយជាច្រើនទៀត កប់បាត់ទៅក្នុងដីគ្របដណ្ដប់ដោយព្រៃឈើ។
ការរកឃើញទាំងអស់នេះគឺជាតឹកតាងបញ្ជាក់ច្បាស់ពីការរីកចម្រើនខាងវិស្វកម្មប្រព័ន្ធធានា
រាស្ត្រដ៏ធំធេង ហើយក៏ជាការបញ្ជាក់ច្បាស់ពីអត្តសញ្ញាណនៃក្រភពខ្មែរផងដែរ។
នៅចុងសតវត្សរ៍ទី៩ ព្រះរាជវាំងបានរំកិលចុះទៅភាគខាងត្បូង ជុំវិញតំបន់អង្គរ។ វិស្វករខ្មែរបានសាងសង់អាងស្ដុកទឹកជាច្រើន និងជីកព្រែកជីកធំៗ ព្រមទាំងធ្វើប្រព័ន្ធធានារាស្ត្រខ្វាត់ខ្វែង ដ៏មានតម្លៃមហាសាល ដើម្បីស្ដុកទឹកភ្លៀងមូសុងសម្រាប់ស្រោចស្រពស្រែចម្ការ។
តាមរយៈអាងស្ដុកទឹក និងប្រព័ន្ធធារាសាស្ត្រទាំងនោះ នាំឲ្យមានសន្តិសុខស្បៀង ហើយធ្វើឲ្យវរជនដឹកនាំប្រទេសក្លាយជាអ្នកមានដ៏សម្បើម។ នៅរយៈពេលបីសតវត្សរ៍ក្រោយមកទៀត ពួកគេបានប្រកួតប្រជែងភាពមានបានរបស់ពួកគេ ដោយការសាងសង់ប្រាសាទសម្បើមៗនៅលើផែនដី។
ប្រាសាទមួយដែលកសាងនៅឆ្នាំ១១៩១ គឺប្រាសាទព្រះខ័ន ស្រោបមាសទម្ងន់៦០តោន ហើយតម្លៃរបស់វានាពេលបច្ចុប្បន្នប្រហែលនឹង ៣៣០០លានដុល្លារ។
ប៉ុន្តែយោងទៅលើភាពមានបានដ៏សម្បើមរបស់ទីក្រុង បញ្ហាក៏កំពុងតែកើតមានឡើងផងដែរ។
ខណៈពេលកំពុងការកសាងប្រាសាទនៅតំបន់អង្គរឡើងដល់ចំណុចកំពូល ប្រព័ន្ធធានារាស្ត្រដ៏ធំមហិមាបានឈានដល់ដំណាក់កាលខូចបាក់បែក គឺជាដំណាក់កាលអាក្រក់បំផុតដែលអាចកើតមានឡើង។
នៅចុងបញ្ចប់នៃសម័យកាលដ៏មហិមានោះ ការផ្លាស់ប្ដូរដ៏ធំដោយសារការប្រែប្រួលអាកាសធាតុបានកើតមានពេញតំបន់អាស៊ីអាគ្នេយ៍។
គំរូស្រទាប់ដើមឈើ កត់ត្រាពីការប្រែប្រួលភ្លាមៗរវាងភាពរាំងស្ងួតខ្លាំង និងសំណើម ហើយផែនទីរបស់ Lida បង្ហាញឲ្យឃើញពីមហន្តរាយស្បៀងអាហារ ដោយសារការបំផ្លាញនៃធម្មជាតិទៅលើបណ្ដាញធារាសាស្ត្រដ៏ធំរបស់ទីក្រុង។
នៅសតវត្សរ៍ទី១៥ ព្រះមហាក្សត្រខ្មែរបានបោះបង់ចោលទីក្រុងរបស់ខ្លួន ហើយប្ដូរទៅតាំងទីលំនៅតាមឆ្នេរទន្លេ ដោយបានសាងសង់ទីក្រុងថ្មីនៅភ្នំពេញ ដែលជារាជធានីបច្ចុប្បន្នរបស់កម្ពុជា។
ភាពរស់រវើកនៅអង្គរបានស្រុតចុះបន្តិចម្ដងៗរហូតដល់ទីបញ្ចប់។
ពេលដែលអ្នកស្រាវជ្រាវជនជាតិបារាំង Mouhot បានទៅដល់អង្គរនៅឆ្នាំ១៨៥៨ គាត់បានឃើញតែត្រឹមប្រាសាទថ្មដ៏មហិមាទាំងនោះ ហើយភាគច្រើនស្ថិតក្នុងសភាពបែកបាក់ដ៏គ្រោះថ្នាក់។
អ្វីៗទាំងអស់ផ្សេងៗទៀត ដែលសង់អំពីឈើ មានផ្ទះ និងព្រះរាជវាំងជាដើម បានពុកផុយរលាយបាត់អស់ទៅហើយ។
រាជធានីដ៏ធំធេងព័ទ្ធជុំវិញប្រាសាទបុរាណទាំងឡាយនោះបានរលាយបាត់បង់ទៅវិញ ដោយព្រៃឈើដុះគ្របពីលើជាច្រើនសតវត្សរ៍៕
No comments:
Post a Comment