Wednesday, December 2, 2015

ច្បាប់ក្រម


ច្បាប់ក្រម
ព្រះភិរម្យភាសា
អ៊ូ ហៅ ង៉ុយ

-នេះគឺច្បាប់ក្រមប្រសើរឧត្ដមទូន្មានអ្នកផង
 ប្រើឱនលំទោនកុំបីមានឆ្គងប្រាជ្ញាបុណ្យផង
  កើតដោយប្រណិប័តន៍។ 
 នរូអ្នកណា ទោះយកអាត្មាចូលសាសន៍ពុទ្ធរដ្ន
 ចូរធ្វើឲ្យត្រង់ ដោយនូវបន្ទាត់ ហៅស្វែងសម្បត្ដិ
  យកផ្លូវនិព្វាន។ 
 នរូអ្នកផងទោះដឹងយល់ហោងចិត្ដនោះឲ្យហ៊ាន
 បំពេញព្រះផ្នួសដោយព្រះទូន្មាន កុំធ្វើលឹកលាន
  ដោយចិត្ដអន្ធពាល។ 
 ម្ដាយឪពុកសោតណាស្រលាញ់ស្ងួនភ្ងា ហៅកូនសង្សារ
 អាចមកបំប្ួសហេតុចង់សម្ភារ ប្រើបង់អន្ធពាល
-  រៀនដោយក្រមច្បាប់។ 
 សង្វាតសរសេរអស់អញកុំខ្ជិលទើបបានជាគាប់
 សង្វាតសូត្ររៀនដោយគ្រូប្រញ័ប្ដិកុំធ្វើលេលាប់
  ដោយចិត្ដមាក់ងាយ។ 
 ហៃអស់សាមណេរ ម្ដាយមកបង្វែរ អ្នកជាបាធ្យាយ
 សង្វាតសូត្ររៀនដូចលោកទាំងឡាយកុំធ្វើពាយងាយ
  ដូចនៅគ្រហស្ថ។ 
 កុំធ្វើរាយមាយ និងគ្រូបាធ្យាយ ទុកស្មើអម្ចាស់
 សង្វាតសរសេរ សូត្ររៀនឲ្យណាស់ ប្រាជ្ញាយល់ច្បាស់
  នាំញាតិទាំងឡាយ។ 
 អាសូរមេបា ចិញ្ចឹមរក្សា កុំឲ្យអន្តរាយ
 អាចយកមកផ្ញើ នឹងគ្រូបាធ្យាយ ហេតុចង់ពណ្ណរាយ
  ប្រយោជន៍ទាំងបី។ 
 មួយចង់ក្ដីច្បាប់ ឲ្យខ្លួនបានគាប់ នៅនាលោកិយ
 មួយចង់ប្រាជ្ញាមិនឲ្យអប្រិយមួយចង់បារមី
១០ -  នាំញាតិទាំងឡាយ។ 
 ហៃអស់សាមណេរកុំធ្វើដែលដែរ ត្រង់ក្ដីពាយងាយ
 លំអុតបំរើអ្នកជាបាធ្យាយជូនបុណ្យទៅម្ដាយ
  ឪពុកទីទៃ។ 
 សង្វាតសូត្ររៀនកុំធ្វើអៀនប្រៀនក្នុងចិត្ដសព្វថ្ងៃ
 លំអុតបំរើ ផ្គាប់ដោយហរិទ័យបារម្ភមៃៗ
  ក្ដីច្បាប់កុំបង់។ 
 ច្បាប់នេះសោតណា ទូន្មានអាត្មា ដោយនូវក្រិត្យសង្ឃ
 ត្រង់ណាហៅច្បាប់ កាន់ខ្ជាប់កុំបង់ ចំណេរទៅលង់
  ខ្លួនបានជាធំ។ 
 សព្វថ្ងៃសោតណា ទូន្មានអាត្មា ដោយនូវក្រឹត្យក្រម
 បំរើបាធ្យាយឲ្យមានបារម្ភ ទើបខ្លួនជាធំ
  ទៅដល់មហាក្សត្រិយ៍។ 
 ច្បាប់នេះសោតណា ទូន្មានអាត្មា ថេរនៅពុំបាត់
 ទោះខ្លួនឥតបុណ្យ បំរើមហាក្សត្រិយ៍ គោរពប្រតិបត្ដិ
  យសនោះពុំលែង។ 
១៥ - ហេតុបានដឹងច្បាប់ បានដូចបង្គាប់ ចិត្ដគ្រូយល់ស្ដែង
 ទោះទៅបំរើ ស្ដេចជាគំដែងយសនោះពុំលែង
  ប្រាកដពណ្ណរាយ។ 
 ក្ដីនេះជាច្បាប់ ឲ្យសាមណេរត្រាប់ សព្វសរិលទាំងឡាយ
 កុំសើចតិះដៀលអ្នកជាបាធ្យាយ អ្នកហោងស្មើម្ដាយ
  បង្កើតក្ដីច្បាប់។ 
 សាមណេរណាៗ ទោះមានប្រាជ្ញានឹងចង់រៀនច្បាប់
 ឲ្យយកត្រចៀកនោះឲ្យចូលស្ដាប់ ធ្វើដោយក្រមច្បាប់
  នៃគ្រូបាធ្យាយ។ 
 សាមណេរណាសោត ចិត្ដនោះក្រេវក្រោធឲ្យចៀសចេញឆ្ងាយ
 ច្បាប់នេះមិនខំ សាមណេរទាំងឡាយតាមចិត្ដសប្បាយ
  អាត្មាទីទៃ។ 
 នរូអ្នកណានឹងស្វែងប្រាជ្ញាឲ្យបានខ្លួនថ្លៃ
 ចូរដឹងខុសគាប់ដោយអធ្យាស្រ័យ ផ្គាប់ដោយហរិទ័យ
  អ្នកជាបាធ្យាយ។ 
២០ - ទោះនឹងស្វែងធម៌ ឲ្យមានសំគាល់ កុំធ្វើរាយមាយ
 ទោះនឹងស្វែងច្បាប់ កាន់ខ្ជាប់កុំណាយកុំឲ្យអន្ដរាយ
  នូវច្បាប់ក្រមផង។ 
 រីគ្រូបាធ្យាយប្រដូចនូវម្ដាយឪពុកយើងផង
 ហ្វឹកហ្វឺនប្រដៅមិនឲ្យមានឆ្គងតាមដោយគន្លង
  ព្រេងព្រឹទ្ធបុរាណ។ 
 នរូអ្នកណានឹងស្វែងប្រាជ្ញា ជារស្មីប្រាណ
 ឲ្យគិតជញ្ជឹងរំពឹងលែងបានកុំធ្វើបំពាន
  ប្រទូស្តវឹងស្នង។ 
 នាបីហៅគ្រូ ដូចអ្នកនាំផ្លូវ ដើរដោយគន្លង
 ទោះនឹងឆ្ពោះទៅ ស្រុកតូចធំផង សឹងដូចបំណង
  នៃចិត្ដចិន្ដា។ 
 រីនឹងចេះឯងដូចអ្នកវង្វេងកណ្ដាលអធ្វា
 ពុំនោះដូចខ្វាក់ តែម្នាក់អាត្មា ចរចេញយាត្រា
  ឥតអ្នកដឹកដៃ។ 
២៥ - សូម្បីរកផ្លូវពុំដែលនឹងត្រូវ សឹងពានឯព្រៃ
 ហេតុត្បិតចេះឯង ឥតអ្នកដឹកដៃ ចិត្ដនោះសង្ស័យ
  ដូចយល់ពុំដល់។ 
 នេះដូចអ្នកផងពុំដោយគន្លង នៃលោកណាយល់
 សឹងធ្វើមោហោទោះសោកំហល់ ពុំអាចទប់ទល់
  នាធ្ងន់នាស្រាល។ 
 ប្រដៅក្ដីច្បាប់ សឹងថាពុំគាប់ ហេតុចិត្ដអន្ធពាល
 ក្ដីច្បាប់ទំងន់ សឹងថាជាស្រាលហេតុចិត្ដអន្ធពាល
  ចង់តែសប្បាយ។ 
 ពុំដឹងដើមគ្រូ បង្កើតអភិរូហ៍ ប្រដូចនូវម្ដាយ
 ក្លឺពីមនុស្សលោករួចដល់ស្ួគ៌នាយចៀសចតុរាបាយ
  នរកទាំងបួន។ 
 នាបីហៅគ្រូ កុំធ្វើមូទូ ចិត្ដនោះឲ្យស្ងួន
 កុំធ្វើតំកើងចង់ធំតែខ្លួនក្រែងបាបមកចួន
  នៅនាលោកិយ។ 
៣០ -រីគ្រូបាធ្យាយអាចឲ្យពណ្ណរាយមានរូបរស្មី
 ហើយឲ្យរុងរឿងអស់បញ្ចិន្រ្ទិយស្មើព្រះជននី
  ជនកសោតហោង។ 
 ព្រះជនកសោតណាបង្កើតអាត្មា ឲ្យមានសរិលផង
 រក្សាពីតូចមិនឲ្យមានហ្មង អស់សុខទុក្ខផង
  ពុំដែលនឹងឆ្អន់។ 
 ព្រះជនកព្រះជនី បើនឹងស្រដី ប្រសើរពេកពន់
 ថាភ្នំព្រះសុមេរុ៍ នោះហោងមហាធ្ងន់ ថាបើនឹងគណន៍
  ពុំអាចកន្លង។ 
 រីគ្រូបាធ្យាយ ប្រដូចនូវម្ដាយ ឪពុកឯងហោង
 អាចឲ្យក្ដីច្បាប់ ប្រដៅធម៌ផងដោយនូវគន្លង
  ព្រះពុទ្ធទាំងឡាយ។ 
 នរូអ្នកណា ទោះមានប្រាជ្ញា ឲ្យគិតវែងឆ្ងាយ
 គុណនោះទាំងបី ហៅមហាទូលាយ កុំឲ្យអន្ដរាយ
  ក្ដីពីព្យាយាម។ 
៣៥ -រីបុណ្យនិងបាបអំពើសភាព នោះវាតែងតាម
 ប្រដូចស្រមោលអន្ទោលតាមប្រាណ ពុំដែលចៀសបាន
  ត្រង់ក្ដីសល់វ៉ល់។ 
 ឲ្យគិតជញ្ជឹង ហើយឲ្យរំពឹងប្រាជ្ញាឲ្យយល់
 ឲ្យមានវិរិយំ សច្ចំកុសល កុំធ្វើសល់វ៉ល់
  និងក្ដីទុក្្ខសោក។ 
 នរូអ្នកណានឹងនាំអាត្មា ឧស្សាហ៍អធ្យោគ
 ស្វែងធម៌ជាផ្លូវ ទៅកាន់បរលោកចូលមហាបថមោក្ខ
  គឺនិព្វានហោង។ 

No comments:

Post a Comment