Wednesday, December 2, 2015

បណ្ដាំក្រមង៉ុយ



បណ្ដាំក្រមង៉ុយ
» នេះបទព្រហ្មប្រាជ្ញប្រែប្រាយប្រាប់ខ្មែរទាំងប្រុសស្រី
 ឲ្យប្រិតប្រុងស្មាតីគួរគប្បីឲ្យអុស្សាហ៏។
» កុំខ្ជិលកុំល្ងង់ពេកខំរៀនលេខរៀនអក្ខរា
 រៀនគ្រប់សព្វធម៌អាថិប្រាជ្ញាផ្សំនឹងគំនិត
» កំណើតកើតជាមនុស្សមើលឲ្យធ្លុះទោះឆ្ងាយជិត
 ចេះស្ទាត់ប្រាកដពិតគិតការអ្វីបានគ្រប់យ៉ាង។
» មនុស្សល្ងង់មិនផ្អើលភ្ញាក់ដូចភ្នែកខ្វាក់ទាំងសងខាង
 មានរូបគ្មានអ្វីអាងសាងបាបថោកកើតមកខ្លៅ។
» ពូជមនុស្សទោះខ្ពស់ទាបកាត់តាមភាពត្រកូលផៅ
 អាក្រក់ល្អសខ្មៅកាត់កូនចៅដូចដូនតា។
» ពូជល្ងង់មិនបានបួសទុកជាទោសនឹងសាសនា
 អ្នកបួសចេះធម៌អាថិកូនសិក្សាខំរៀនសូត្រ
» ពូជខ្លៅមិនសូវប្រាជ្ញពូជកោងកាចមិនសូវស្លូត
 ពូជត្រង់ៗរហូតពូជភរភូតមិនផុតផៅ
» ឪពុកម្តាយស្លូតត្រង់ចិត្តមិនចង់ឲ្យកូនខ្លៅ
 ជេរវាយស្តីប្រេដៅឲ្យកូនចៅបានចេះដឹង។
» ឪពុកគ្មានតំរិះឃើញកូនចេះមិនដែលខឹង
 ឃើញកូនខំប្រិតប្រឹងឪពុកដឹងតែងត្រេកអរ។
» ដាស់តឿនកើនរំលឹកជេរល្ងាចព្រឹកខ្លាចកូនក្រ
 ចង់ឲ្យតែកូនល្អលោមអង្វរឲ្យកូនខំ។
» កូនកាចបំពេញទុក្ខម្តាយឪពុកមានបារម្ភ
 កូនស្លូតដឹងគួរសមមេបាថ្កុំថ្កើងកេរ្តិ៍ឈ្មោះ។
» ឪពុកម្តាយក្សត់ខ្សោយកុំបណ្តោយឲ្យអាប់យស
 ខំរៀនឲ្យបានខ្ពស់គ្រាន់សង្រ្គោះដល់មេបា។
» អ្នកល្ងង់ហេតុពីខ្ជិលឥតមន្ទិលរឿងធម៌អាថិ
 គួរកូនចៅសិក្សារៀនអក្ខរាទាំងប្រុសស្រី។
» កាលអង្គព្រះសាស្តាមានថេរាមានថេរី
 ភិក្ខុភិក្ខុនីធម៌បាលីចេះចាំស្ទាត់។
» លោកសង្ឃខ្លះចេះស្ទើរចេះភ្លើៗធ្វើឲ្យភ្លាត់
 ព្រះអង្គទ្រង់សន្មតសិក្ខាបទដល់ឥឡូវ
» ទំលាប់ទំនៀមខ្មែរខំធ្វើស្រែចង់បានស្រូវ
 អ្នករៀនច្បាប់ខុសត្រូវទុកជាផ្លូវភ្លឺប្រាជ្ញា។
» ស្រុកសៀមលាវបារាំងចេះតតាំងពីដូនតា
 ចេះលេខចេះអក្ខរាសរសេរចារទាំងប្រុសស្រី។
» ជាតិខ្មែរមិនចេះខ្មាសនាំពីចាស់គំនិតខ្លី
 ល្ងង់ដប់ចេះពីរបីចេះជួញក្តីមិនចេះច្បាប់។
» មិនចេះលេខអក្សរមុខមាត់ល្អប្រាជ្ញាអាប់
 ឈ្មោះខ្លួនភ្នែកខ្លួនស្រាប់គេសូត្រប្រាប់ទើបបានដឹង។
» ភ្នែកជាភ្លឺក្រលែតល្ងង់ព្រោះហេតុមិនខំប្រឹង
 កើតទាស់មានចិត្តខឹងពឹងរកគេសរសេរឲ្យ។
» មនុស្សក្រហេតុពីខ្ជិលមិនរមិលមើលមុខក្រោយ
 ម្យ៉ាងខ្សត់ពីព្រោះខ្សោយញឹងខាងឲ្យរង្វើលរក
» ម្យ៉ាងក្រពីព្រោះល្ងង់ជួញលិចលង់មិនលៃលក
 ទិញថ្លៃទៅលក់ថោកចេះតែយកគិតមិនយល់
» អ្នកមានៗគំនិតដេកដើរគិតកើតរវល់
 ប្រាជ្ញាជាឫគល់កើតអំពល់អំពីទ្រព្យ។
» អ្នកល្ងង់និងអ្នកចេះបើនឹងរិះរាយរៀបរាប់
 អ្នកចេះប្រសើរគាប់ល្ងង់ឥតភ័ព្វអាប់រាសី។
» មានរូបមានជីវិតមិនចេះគិតចង់ដឹងអ្វី
 រូបប្រុសរិកដូចស្រីនឹងហ៊ានស្តីគ្មានគេស្តាប់។
» ល្ងង់ម្យ៉ាងមានអំណាចល្ងង់កោងកាចអាងចាក់កាប់
 ឆាប់ខឹងមិនដឹងច្បាប់កាលណាស្លាប់គេត្រេកអរ។
» អ្នកចេះតំរិះដល់អ្នកល្ងង់ឆ្ងល់មិនសល់ក្រ
 ចេះល្ឥតចិត្តជាល្អសួយអាករចូលមិនខ្វះ។
» ចេះម្យ៉ាងមានអំណាចអ្នកខ្លៅខ្លាចឱនសំពះ
 គេខុសជេរដៀលត្មេះអ្នកខ្លៅខ្លះគេលបខឹង។
» ប្រាជ្ញម្យ៉ាងចេះសព្វសុសប្រព្រឹត្តខុសនោះមិនដឹង
 មិនគិតពិនិត្យថ្លឹងប្រាជ្ញប្រិតប្រឹងប្រដៅគេ។
» កូនចៅទោះធំតូចខុសខិលខូចខឹងវាយជេរ
 មារយាទខ្លួនខុសគេមិនគ្នាន់គ្នេរកិរិយាឯង
» កូនចៅទាំងស្រីប្រុសការត្រូវខុសគួរគិតក្រែង
 គិតគ្រប់សព្វកន្លែងតែងនឹងមានរាល់រូបកាយ
» ភ្នែកបើកភ្លឺមានពិតមើលឃើញជិតៗរៀងអាយ
 ភ្នែកធ្មេចមើលឃើញឆ្ងាយសព្វសុសសាយមិនសេសសល់។
» រៀនរកស៊ីលក់ទិញខាតចំណេញគិតឲ្យដល់
 ឲ្យដឹងការកិច្ចកលទើបកើតផលប្រយោជន៏ខ្លួន។
» ឲ្យរៀនលេខនព្ធន្តបូកហាគុណឲ្យមាំមួន
 ដីសនិងក្តារឆ្នួនក្រែងចិនយួនបំបាត់បាន។
» ជញ្ជីងភ្នែកមានល្បាក់មើលឲ្យជាក់កុំប្រមាណ
 ក្រែងខុសខាតមិនខានធ្លាប់រាប់អានកុំទុកចិត្ត។
» ភ្នែកមនុស្សធំរលីងភ្នែកជញ្ជីងគេចុចល្ឥត
 អ្នកល្អថ្លឹងប្រឹងប្រឹតព្រោះអាណិតខ្មែរល្ងង់ខ្លៅ
» ចិនមានពីដូរលក់ស្រូវកន្ទក់កន្តាំងតៅ
 របស់ទោះឆ្អិនឆៅសំពត់អាវខោខ្មៅស។
» ខ្មែរអាងស្រូវក្នុងដោកដូរថ្លៃថោកអាក្រក់ល្អ
 អស់ស្រូវទៅជាក្រអង្វរចិនជឿស្រូវឯង
» ធ្វើស្រែនឿយហត់ណាស់ចិននៅផ្ទះដេកចំខែង
 ផ្ទះចិនពីរបីល្វែងមានកន្លែងជង្រុកស្រូវ។
» ជាតិខ្មែរឥតគំនិតស៊ីមិនគិតមើលខុសត្រូវ
 ជឿចិនរាល់រដូវកេរ្តិ៍ម៉ែឪចិនអូសអស់
» ចិនមកពីស្រុកនាយមានសំពាយជារបស់
 មិនទាន់ចេះខ្មែរសោះគ្មានកេរកោះស្រែចំការ
» កែវកចង្រ្កានឆ្នាំងផ្សំកំលាំងនិងប្រាជ្ញា
 អំរែកជិះលើស្មាមានម្លូស្លាជាដើមទុន។
» ទំនិញមានគ្រប់មុខផ្ទាល់ផ្ទេរទុកដាក់ដោយធុន
 ចិនរែកមិនដែលពុនស្រូវជោរជន់ពេញជង្រុក។
» ឈប់រែកដេកអង្គុយរាប់កាក់លុយប្រមូលទុក
 ឪទិនស្រាពីមុខទុកជាធ្នាក់ទាក់កខ្មែរ
» ចិនច្រើនខ្មាំងចិត្តខ្មៅកន្តាំងតៅធ្វើជាស្រែ
 គ្មានត្បាល់គ្មានអង្រែអង្ករខ្មែរចូលបាវចិន
» ជាតិខ្មែរច្រើនឥតខ្មាសស្រេកស្រាណាស់ផឹកជឿសិន
 គំនិតគិតមិនឆ្អិនផឹកបង្ហិនតែទ្រព្យឯង
» កំណើតអ្នកផឹកស្រាបែកប្រាជ្ញាច្រើនកន្លែង
 អ្នកម្យ៉ាងបែកខាងល្បែងមិនគិតក្រែងខ្លាចខ្លួនក្រ
» អាម្យ៉ាងបែកលួចឆក់មារយាទអាក្រក់មិនបានល្អ
 ផឹកចោលការរបរផឹកថ្មើម៉ានចិនមិនគិត
» ថាចិនមិនចេះកាញ់ប្រាប់សំលាញ់ពួកម៉ាកមិត្ត
 គូកនទោះឆ្ងាយជិតរឹតប្រមូលលុយឲ្យចិន
» ត្រូវស្រាចង់ស៊ីឆ្ងាញ់ធុំឆាខ្លាញ់បក់ឆួលក្លិន
 ឃើញបាយសម្លឆ្អិនផ្គាប់ចិត្តចិនយកបាយស៊ី។
» ផឹកទឹកបោយត្រលោកមារយាទទាបថោករិកសៀធី
 ចិនប្រើសែងរែកលីស៊ីញយៗចិនមើលងាយ
» ជាតិចិនកំណាញ់ស្វិតនឹកក្នុងចិត្តមិននិយាយ
 មារយាទខ្មែរច្រើនរាយមាយរលាយទ្រព្យអភ័ព្វខ្លួន។
» ស៊ីឆ្ងាញ់ឆ្អែតស្កប់ស្កល់ទាបថោកដល់ប្រពន្ធកូន
 អាប់យសទាំងបងប្អូនដល់តាដូនពូជពង្សខ្មែរ។
» ជាតិចិនសុទ្ធសឹងសមានទ័លក្រខ្សត់ខ្លះដែរ
 ស៊ីផឹកស្និទ្ធតាមសែតមបាយខ្មែរមិនស៊ីសោះ
» មានផ្ទះមានដំណាំកាប់ដីដាំដោយកៀនកោះ
 ដំឡូងត្រាវចេកម្នាស់ស៊ីមិនអស់ទុកលក់ដូរ
» ខ្មែរច្រើនខ្ជិលប្រមឹកកែងកោងរិកអួតអម្បូរ
 ខ្វះលុយអង្គុយថ្ងូរកើបបង្ហូរស្រូវជង្រុក
» កូនអើយរឿងដំណាំគួរតែដាំឲ្យគ្រប់មុខ
 ដីកេរម្តាយឪពុកមិនត្រូវទុកចោលទំនេរ
» រាជការវាស់មានថ្លៃផ្តិតមេដៃផ្តាច់ជាកេរ
 មិនវាស់លេងទទេរេរិះយកពន្ធរាល់ឆ្នាំ
» ដូងស្វាយអំពៅចេកកុំខ្ជិលពេកដេកប្រចាំ
 ម្លូស្លាម្រេចខ្ទឹមថ្នាំត្រូវតែដាំកុំឲ្យខ្វះ។
» ទេសឯកសំពត់សដីវាលល្អដាំកប្បាស
 កុំខ្ជិលតាមចាស់ៗមនុស្សនឿយណាស់មិនដែលក្រ។
» បន្លែដាំគ្រប់មុខយកគ្រាប់ទុកដាំបន្ត
 ចាក់ដីជាតិល្អៗបង្ការស្លពេលល្ងាចព្រឹក។
» ម្លូស្លាថ្នាំខ្ទឹមម្រេចលូតលាស់លេចពីស្រោចទឹក
 បានផលផ្លែរឺស្លឹកកុំឆ្មើងរិកវាក្រខ្លួន។
» ត្រីងៀតផ្អកប្រហុកខ្មែរគ្រប់ស្រុកទិញដូរយួន
 អំបិលធូបក្រមួនពីតាដូនតែងដូរទិញ។
» ដូរទុកដាក់ដំកល់ស៊ីឲ្យដល់ខួបខែវិញ
 ឲ្យបរិបូរពោរពេញខាតចំណេញកុំទិញតិច។
» អំបិលទិញមួយចុងច្រកពេញអុងអាងខាងលិច
 កុំទិញក្តោបខ្ចប់វេចអស់រំពេចគេចទិញទៀត។
» អំបិលមួយស្រូវបីវាល់នឹងល្អីទូលកណ្តៀត
 ខ្លួនក្រត្រដរេឆ្លៀតមារយាទយ៉ាងហ្នឹងកុំប្រព្រឹត្ត។
» កូនចៅទាំងប្រុសស្រីគួរគប្បីប្រុងគំនិត
 ចិញ្ចឹមជន្មជីវិតគិតឲ្យវែងកុំគិតខ្លី។
» ទំនេរល្ហែធ្វើការសូត្រធម៌អាថិទាំងប្រុសស្រី
 ឲ្យត្រឹមត្រូវបាលីដូចស្រដីខាងដើមស្រាប់
» រាល់រូបទាំងប្រុសស្រីកាលចេះស្តីព្រោះចេះស្តាប់
 ម៉ែឪតំរូវប្រាប់កូនចៅត្រាប់តាមដូនតា។
» ចាស់ម្យ៉ាងសាងសីលទានមិនបំពានខុសពុទ្ធដិកា
 កូនកាត់តាមមេបាមិនទៅណាឆ្ងាយពីផ្លូវ។
» ចាស់ម្យ៉ាងសាងផលកម្មស្អប់សីលប្រាំដូចសត្រូវ
 កូនកាត់តាមម៉ែឪអាស្រូវភាសវិនាសខ្លួន
» មិនជឿមគ្គជឿផលធ្លាក់ទៅដល់អបាយបួន
 កងកម្មចាំគំគួនគេចវេះពួនមិនកំបាំង
» ព្រះអង្គមានពុទ្ធដីកាប្រៀបឧមាជាទីតាំង
 ដូចគេមានកំលាំងសំរាំងទុកទឹមរទេះ
» នឹងបរផ្លូវវៀចត្រង់រឺនឹងចង់បរគេចវេះ
 កង់វិលមិនរបេះជិះជើងគេមិនឃ្លាតឃ្លា។
» រាល់រូបទាំងតូចធំចូលរូងភ្នំរូងគុហា
 យកថ្មផ្ទាំងរាំងទ្វារកម្មវេរាតោងតាមបាន
» កងសីលមានអង្គប្រាំវេរាកម្មដិតដោយដាន
 នរកប្រេតតិរច្ឆានខានឃាត់ខាំងរាំងមគ្គផល
» គួរខំសាងសីលទានយកនិពា្វនជាត្រើយថ្នល់
 យូរឆាប់គង់តែដល់កុសលជួយចាកសង្សារ
» កូនចៅរិះរេគិតមើលគំនិតចិត្តដូនតា
 ប្រព្រឹត្តខុសសាសនាគេចកិរិយាកុំធ្វើត្រាប់
» មើលចាស់ណាត្រឹមត្រូវចុះក្នុងផ្លូវកន្លងច្បាប់
 ចាស់ស្តីគប្បីស្តាប់ប្រិតព្រៀងប្រាប់ឲ្យប្រុងចាំ។
» គោរពគុណទាំងបីសូត្របាលីតាមចំណាំ
 រក្សាអង្គសីលប្រាំកម្មវេរាតាមមិនទាន់
» សាសនានៅវែងឆ្ងាយកន្លងបា្លយជាងពីរពាន់
 សព្វថ្ងៃលៃគ្នេគ្នាន់មិនទាន់គ្រប់ជាងប្រាំរយ។
» ឥឡូវចិតប្រាំបីនៅម្ភៃមួយខាងក្រោយ
 កូនចៅកុំបណ្តោយឲ្យលិចលង់ក្នុងសង្សារ។
» មានពាក្យចាស់ដំណាលថាកណ្តាលព្រះសាសនា
 ទំនាយក្បួនតំរាថានឹងរៀវហើយរីកវិញ
» ហេតុនេះអស់កូនចៅទោះល្ងង់ខ្លៅយ៉ាងណាមិញ
 ខំអុស្សាហ៏ទន្ទេញបំពេញពាក្យពុទ្ធទំនាយ។
» តំណពីថ្ងៃនេះរៀនតំរិះកុំរាយមាយ
 កូនណាមិនស្វាធ្យាយមិនរលាយរលត់ទុក្ខ។
» ដល់សាសនាគ្រប់គ្រាន់ជួបប្រាំពាន់ទៅខាងមុខ
 ទំនាយរាយទំនុកថាឪពុកម្តាយស្អប់កូន។
» ថាកើតអន្តរកប្បគុំសម្លាប់គ្នាបងប្អូន
 មិនដឹងតាដឹងដូនសូន្យសីលទានមិនមានសល់។
» គួរគិតកុំសាងកម្មកាន់សីលប្រាំចាំដំកល់
 ខំសាងមគ្គសាងផលនឹងបានដល់ឋានសាន្តសុខ។
» នឹងរួចពីកាប់ចាក់មិនបានធ្លាក់ទៅនរក
 ព្រះសិរអារ្យត្រាស់ខាងមុខរាសាយទុក្ខសោករាល់ថ្ងៃ។
» នេះហៅច្បាប់បណ្តាំ
ថាពាក្យប្រាំៗមួយផ្ទូន
 បទព្រហ្មគ្រប់ឃ្លាបួនជួនចែងចប់ម្ល៉េះហើយហោង។

No comments:

Post a Comment