ច្បាប់កេរកាលថ្មី | ||
- | នេះបទព្រហ្មប្រាជ្ញប្រាយ | ខ្ញុំអធិប្បាយលើកល្បត់ល្បង |
ប្រដៅកូនចៅផង | ចងជាច្បាប់ខុសនិងត្រូវ។ | |
- | កត្ដិកខ្នើតគ្នេរគ្នាន់ | ក្នុងវស្សន្ដរដូវ |
ទឹកស្រែជនលេចស្រូវ | នៅសំណល់សំណាបខ្ចី។ | |
- | កិរកាលពីព្រេងព្រឹទ្ធ | ដើមគំនិតពីសេដ្ឋី |
ខ្ញុំលើកកិរកាលថ្មី | តែងសេចក្ដីជាបរមត្ថ។ | |
- | ក្នុងថ្ងៃពេញបរមី | ម៉ោង៨ព្រលប់ស្ងាត់ |
ឆ្នាំចរចត្វាក្សត្រ | ផាត់សករាជកន្លងឆ្ងាយ។ | |
- | សាសនាព្រះសមណៈ | បានពីរពាន់បួនរយបា្លយ |
ហុកសិបឆ្នាំកំចាយ | ចាត់អធិប្បាយពីខុសត្រូវ។ | |
- | កិរកាលដំណាលទុក | ជាទំនុកដំណែលនៅ |
តំណតរៀងទៅ | តំរូវចិត្ដជនប្រុសស្រី។ | |
- | កូនអើយពាក្យអាពុក | ជាទំនុកទំនើបថ្មី |
អនិស្រាយរាយបាលី | អាពុកស្ដីឲ្យកូនស្ដាប់។ | |
- | គួរស្ដាយកេរ្ដិ៍ម៉ែឪ | កិរិយាត្រូវឲ្យខំត្រាប់ |
កិរិយាណាខុសច្បាប់ | គួរក្រឡប់ក្រឡាស់ចោល។ | |
- | ម្ដាយអាពុកនិងកូន | បីដូចខ្លួននិងស្រមោល |
ឃើញខុសកុំដេញដោល | កុំថ្កោលទោសអ្នកមានគុណ។ | |
- | ល្ងង់ខ្លៅត្រូវតែសួរ | ពាក្យឲ្យគួរកុំឲ្យស៊ុន |
យកពាក្យផ្អែមជាមុន | ទន់លំទោនឱនប្រតិបត្ដិ។ | |
- | ទោះឪម៉ែស្លូតកាច | គួរតែខ្លាចដូចមហាក្សត្រ |
ម្ដាយជេរពីរបីមាត់ | គួរតែស្ងាត់ស្ងៀមឲ្យឈឹង | |
- | ប្រដៅត្រូវតែស្ដាប់ | យកតំរាប់កុំទទឹង |
ម្នោះម្នះចចេសរឹង | នឹងហើយហៅកូនសេសកម្ម។ | |
- | ធម៌អាថិចេះតែភ្លេច | ជេរប្រទេចចេះតែចាំ |
អាពុកពត់ទៅស្ដាំ | អកុសលកម្មទាញទៅឆ្វេង។ | |
- | អវជាតិបុត្រ | ខូចបំផុតតាំងពីក្មេង |
ប្រព្រឹត្ដព្រើលផ្សេងៗ | បើលេងអ្វីស្ដីមិនស្ដាប់។ | |
- | មិនស្ដាយជាតិកំណើត | ល្ងង់ស្លុតស្លើតដល់ចាស់ស្លាប់ |
ត្រឹមត្រូវមិនសូវស្ដាប់ | ព្រួយគេប្រាប់ទាំងយប់ថ្ងៃ។ | |
- | ម៉ែឪមានគុណណាស់ | មិនសំពះខ្លាចអៀនដៃ |
បើអ្នកក្រៅដទៃ | វិស័យសោះសំពះបាន។ | |
- | ឆ្លើយបាទចះចា៎ខ្ញុំ | រាបរម្យទមនឹងសន្ដាន |
ម៉ែឪឯងក្នុងឋាន | ហ៊ានឆ្លើយអីអញអឺអើ។ | |
- | អនុជាតិបុត្រ | ស្លូតបំផុតស្រណុកប្រើ |
ប្រកបការប្រសើរ | ដើរតែតាមលំអានឪ។ | |
- | ប្រដៅទទួលយក | ចេះលៃលកស្ដាប់ខុសត្រូវ |
ស្រណុកញាក់ធ្លាក់ផ្លូវ | មិនសូវភ្លេចដំបូន្មាន។ | |
- | អតិជាតិបុត្រ | ល្អបរិសុទ្ធស្ដាប់សីលទាន |
នាំឪទៅនិព្វាន | ឈានទៅរកកន្លែងសុខ។ | |
- | ចេះលើសគេដរាប | ជឿបុណ្យបាបប្រេតនរក |
មិនល្មោភនឹងមូត្រលាមក | ភ័យនឹងភក់ភពសង្សារ។ | |
- | នេះគឺដើមបាលី | បុត្រទាំងបីបែបកិរិយា |
ស្រលាញ់ណាស្អប់ណា | តាមសញ្ញាចូលចិត្ដចុះ។ | |
- | អវធ្លាក់ផ្លូវក្រោម | ប្រព្រឹត្ដព្រមតែខាងខុស |
អតិជាតិមារយាទខ្ពស់ | អនុនោះយ៉ាងកណ្ដាល។ | |
- | មតិ១០០មានមួយ | គួរតែស្ទូយដាក់លើក្បាល |
អវគឺស្រើបស្រាល | ត្រអាលយកតែពីរយ៉ាង។ | |
- | អតិជាតិកំណើត | គំនិតកើតពីកសាង |
កុសលតំកល់ខាង | សំណាងកើតពីគំនិត ។ | |
- | អនុអានាងអើយ | ខ្លួនធំហើយឲ្យចេះគិត |
ចេះកាញ់ស្គាល់ឆ្ងាយជិត | ប្រព្រឹត្ដយកតែខាងត្រូវ។ | |
- | រៀនរិះរកទ្រព្យធន | យកប្រពន្ធមើលធុនឪ |
ធុនថើកជ្រកខុសត្រូវ | អ្នកកុំទៅខ្លាចបន្លា។ | |
- | ផ្លូវវៀចកុំបោះបង់ | ផ្លូវព្រៃត្រង់កុំយាត្រា |
ឈានឈរពិចារណា | ឆ្ការឲ្យស្អាតសឹមដើរទៅ។ | |
- | កុំដើរភ្លើភ្លេចខ្លួន | ខ្លាចក្រែងជួនធ្លាក់ជ្រោះជ្រៅ |
ជ្រកម្លប់សំណាក់នៅ | កុំបោះពៅផ្ទប់គល់ឈើ។ | |
- | ឆេះខ្លោចសំបកក្រោម | ស្រពោនញមស្លោកស្លឹកលើ |
មានភ្នែកឲ្យចេះមើល៍ | កុំល្ងីល្ងើល្ងង់ល្ងិតពេក។ | |
- | រៀនដើរឲ្យមើលផ្លូវ | ធ្វើស្រែស្រូវឲ្យមើលមេឃ |
ម្លប់ធ្លកធ្លាប់ជ្រកដេក | ជាដំណេកអ្នកដំណើរ ។ | |
- | ដំណែលដែលគេដាក់ | ជាដំណាក់ទំនូលផ្ញើ |
ចំណាំចាំគ្រាន់បើ | ដើរក្រោយៗគ្រាន់ជ្រកទៀត។ | |
- | ឈើណាទោសសត្រូវ | ដុះជិតផ្លូវនាំចង្អៀត |
ជំពប់យប់អាធ្រាត្រ | ឆ្លៀតកាប់ចេញកុំទុកវា។ | |
- | បន្លាគល់សង្គត់ | គន្លងផុតតែភ្នែកជា |
ដើរយប់ជំពប់ពារ | ក្រែងគ្រោះគ្នាអ្នកដើរក្រោយ។ | |
- | គ្នាមុតកុំចាំផ្ទាន់ | ឃើញគួរជាន់កុំបណ្ដោយ |
បណ្ដើរមើលខ្លាំងខ្សោយ | ឲ្យពិនិត្យពិចារណា។ | |
- | ពាក្យពិតត្រង់ប្រាកដ | ត្រូវច្រើនបទច្រើនប្រការ |
ប្រកបជាប្រស្នា | ប្រាជ្ញាអាប់ស្លាប់នឹងឆ្ងល់។ | |
- | ផ្លូវពិតទាំងជិតឆ្ងាយ | សព្វសុសសាយមិនសេសសល់ |
អ្នកណាប្រាជ្ញាដល់ | ដឹងយោបល់ច្រើនកន្លែង។ | |
- | កូនអើយការកេរ្ដិ៍ឈ្មោះ | កុំចង់រស់តែម្នាក់ឯង |
គិតអ្វីគិតឲ្យវែង | ក្រែងក្រក្រោយស៊យគំនិត។ | |
- | កំណើតរាល់រូបកាយ | ចេញជួញឆ្ងាយស្ដាយជួញជិត |
ចិញ្ចឹមជន្មជីវិត | គិតឲ្យស្រេចទើបបានស្រួល។ | |
- | ធ្វើស្រែចង់បានស្រូវ | ដើមរដូវធ្វើស្រែទួល |
ស្រែទាបមើលទំនួល | លើកទំនប់ឲ្យមាំមួន។ | |
- | កូនអើយកេរ្ដិ៍មេបា | ចាំរក្សាមើលថែថួន |
ធុញថប់ថយថោកខ្លួន | ជួនជាខ្សត់គេថាខ្សោយ។ | |
- | ស្រូវខ្សោយអង្ករថ្លៃ | លក់សំចៃទុកឆ្នាំក្រោយ |
អ្នកក្ររកញយៗ | ឲ្យអ្នកសុំជាងអ្នកខ្ចី។ | |
- | សប្បុរសពេកថយធន | មូទូជនថយរាសី |
ប្រពន្ធល្អច្រើនអាប់ប្ដី | ពាក្យអប្រិយចាញ់អាត្មា។ | |
- | ឈើផ្លែចាញ់សន្លឹក | ត្រីវរវឹកទឹកមិនថ្លា |
កំណាញ់ក្រៅតំរា | សោតសឹងអាប់ប្រយោជន៍យស។ | |
- | នឹងឲ្យៗមើលភាព | ឲ្យអ្នកទាបជាងអ្នកខ្ពស់ |
អ្នកទិញឈប់សិនចុះ | ក្នុងតែរស់មិនស្លាប់ងាយ។ | |
- | កំណាញ់ហួសកំណត់ | ពាក្យអ្នកខ្សត់ខ្សបនិយាយ |
ទេវតាផ្ដន្ទាទាយ | រលាយអស់រលស់ឯង ។ | |
- | សទ្ធាមើលធនធាន | ជាតិអ្នកមានមិនអង្វែង |
កំណាញ់ដោយកន្លែង | ក្រែងគ្រោះក្រដល់ឆ្នាំក្រោយ។ | |
- | អ្នកក្រខ្ចីនេះកុំ | អ្នកមានសុំនេះគួរឲ្យ |
អ្នកប្រាជ្ញអង្គាសញយ | អស់ក៏ដោយឲ្យទៅចុះ។ | |
- | អ្នកក្របានជាហាម | ពិបាកតាមទៅឯណោះ |
ទាល់ទឹកចូលច្រមុះ | ច្រើនកើតឈ្លោះពីព្រោះយល់។ | |
- | អ្នកមានគេមានខ្មាស | សងរហ័សមិនអំពល់ |
ជួនយើងមានរវល់ | គេស្គាល់មុខស្រណុកខ្ចី។ | |
- | អ្នកក្រៗទាំងចិត្ដ | ស្រូវឆ្មារល្ឥតឲ្យមើលល្អី |
វាល់ល្អកន្ដាំងបី | ទាន់ស្រូវថ្មីទារឆាប់បាន។ | |
- | ជួនក្រែងឯងក្រវិញ | ទោះដូរទិញមើលប្រមាណ |
ជឿបុលខ្ចីសន្ដាន | កុំហ៊ានពារកញ្ជើធំ។ | |
- | ខ្លួនក្រកំចង់ធាត់ | កុំងាកមាត់អាងតែសុំ |
ជឿខ្ចីល្អីក្រមុំ | ស្រូវឯងទុំស្រណុកសង។ | |
- | បើជឿខ្ចីគេឲ្យ | កុំទៅញយគេឲ្យខ្នង |
ឯណេះឯណោះផង | កុំច្រើដងគេមើលងាយ។ | |
- | ក្រលុយកុំងុយដេក | ចូលដំណេកកុំនិយាយ |
សំពត់ញាត់សំពាយ | រាយរើសរៀបញាត់សំពៀត។ | |
- | រៀបដេកសំពះគុណ | កុំដេកស៊ុនឲ្យប្រុងស្នៀត |
ភ្លើងឆេះយប់អាធ្រាត្រ | កណ្ដៀតទូលប្រមូលរត់។ | |
- | ខ្លួនរាស្រ្ដក្រមាសប្រាក់ | ភើចកន្រ្ដាក់អាវសំពត់ |
ទំរាំភ្លើងរលត់ | ស្លៀកផ្គង់ផ្គត់សោះខ្មាសគេ។ | |
- | កូនអើយគិតឲ្យគ្រប់ | រៀងរាល់យប់កុំទំនេរ |
ជាងដេកលក់ទទេ | យល់សប្ដជេរបីសាចក្រៅ។ | |
- | ទំលាប់មាត់មមើ | ស្រែកថាយើៗ អៅៗ |
ចោរខ្មាំងខ្មោចចិត្ដខ្មៅ | ហៅមេខ្មៅវ៉ៃឲ្យខ្មុក ។ | |
- | ដេកផ្អៀងជាងអង្គុយ | ល្ងាល្ងាន់ល្ងុយកុំទ្រាំងក់ |
ពីល្ងាចដេកពុំលក់ | មាន់រងាវជក់ស៊ីម្លូស្លា។ | |
- | ជាងល្ងឹតឥតអំពើ | ឥតអ្វីធ្វើសូត្រធម៌អាថិ |
បើច្បាស់វិបស្សនា | ស្មាស្មាធស្មឹងប្រឹងឲ្យស្មោះ | |
- | គងខ្នើយដេកកើយស្មុគ្រ | គ្របឲ្យសុខសូត្រអំបោះ |
កុំដាក់ដោយកៀនកោះ | អស់នឹងសត្វកណ្ដៀរកោរ។ | |
- | កណ្ដុរកន្លាតកាត់ | ដល់កំណាត់ខានដេរខោ |
ជួនកាលមានអាចោរ | លលបលួចលីទៅបាត់។ | |
- | កុំដាក់ឆ្ងាយប្រយោល | ទុកជាចោលមិនប្រយ័ត្ន |
ប្រយោជន៍យប់យាមស្ងាត់ | បង្កាត់ភ្លើងបង្គោលគោ។ | |
- | បង្ការក្រែងមូសខាំ | ត្រូវចំណាំខ្យល់ជំនោរ |
បាយកកផ្អកម្ហូបជោរ | ឲ្យអាលោស៊ីចាំសេះ។ | |
- | កំណើតឆ្កែញីឈ្មោល | ដេកចំណូលតែនិងផេះ |
រៀនប្រើមើលចំណេះ | រិះចំណាំតាមកិរិយា។ | |
- | ទោះប្រើកូនតូចធំ | រឺប្រើខ្ញុំឲ្យធ្វើការ |
ធ្វើកលយល់ប្រាជ្ញា | អាណាហ៊ានប្រើទៅឆ្ងាយ។ | |
- | អាខ្លាចប្រើតែជិត | ឥតគំនិតប្រើរៀងអាយ |
ខុសម្ដងកុំជេរម្ដាយ | ពេលដល់បាយកុំនាំឈ្លោះ។ | |
- | មនុស្សឃ្លានវាហ៊ានឆ្លើយ | ស៊ីរួចហើយបន្ទោសចុះ |
បានឆ្អែតប៉ោងពេញពោះ | ស្ដីខុសត្រូវមិនសូវខឹង។ | |
- | កូនអើយពាក្យអាពុក | ចំណាំទុកពីត្រឹមណឹង |
ធ្វើប្រុសឲ្យខំប្រឹង | រៀនឲ្យដឹងស្គាល់ពុតស្រី។ | |
- | មារយាទនិងមាយា | ម្យ៉ាងចិត្ដជាចេះថ្នមប្ដី |
ប្ដូរស្លាប់រស់វាហី | យកពីរបីនេះមិនបាន។ | |
- | កុំលោភច្រើនៗព្រួយ | យកតែមួយសុខក្សេមក្សាន្ដ |
ចិត្ដស្រីទាំងប៉ុន្មាន | ហ៊ានប្រមូលម៉ៅមិនខុស។ | |
- | មិនខូចគ្រប់តែស្រី | ល្អពីបីចាំទុកចុះ |
ជាតិស្រីលោភលើប្រុស | នោះមិនខុសស្រីណាមួយ។ | |
- | ខ្លាំងខ្សោយកុំឲ្យខ្សត់ | ទោះនឿតហត់កុំលំអួយ |
ធ្វើប្រុសតែងតែព្រួយ | ស្រីមិនជួយកុំត្អូញត្អែរ។ | |
- | ខ្លួនខ្លាំងកុំគិតខ្លាច | ស្រីៗកាចស្លូតដោយខែ |
រដូវធ្វើស្រូវស្រែ | ចែប៉ប្រែស្ដីលើប្រុស។ | |
- | ខែស្ទូងនិងខែច្រូត | កាចរហូតដល់ខែបុស្ស |
ខែបែនបោករលស់ | រលីងអស់អំពីដី ។ | |
- | ជញ្ជូនដាក់ជង្រុក | ពូជពេញទុកស្បោងពីរបី |
ដំណើបបួនដប់ល្អី | ស្រីៗស្លូតហើយខែហ្នឹង។ | |
- | ស្លូតផុតនៅខែមាឃ | ស្ដីធ្ងន់ពាក្យមិនសូវខឹង |
បើប្រុសៗមិនដឹង | ប្រឹងតែព្រួតស្អប់ស្រីៗ។ | |
- | ម្យ៉ាងទៀតមារយាទខូច | មាយាបេះក្រូចមាយាដកខ្ញី |
មានប្រុសសហាយថ្មី | រឹតថ្នមប្ដីមិនឲ្យអាក់។ | |
- | អីអើតែមាត់ក្រៅ | ចិត្ដមួម៉ៅគ្មានត្រជាក់ |
ត្រីសាច់ល្អលួចលាក់ | ដាក់តែឆ្អឹងឲ្យឯងស៊ី។ | |
- | បញ្ជោរចេះបញ្ចើ | បញ្ឆោតប្រើឯងវក់វី |
វរវឹកព្រួតប្រុសពីរ | ស៊ីទាល់ងាប់គាប់សងខាង។ | |
- | មួយទៀតផិតកំលោះ | ស្រលាញ់ស្មោះស្ម័គ្រអស់យ៉ាង |
លោមប្ដីលាសំណាង | ទាស់ក្អេងក្អាងទារសំបុត្រ។ | |
- | បើប្ដីមិនព្រមលែង | លបជំទែងជំទយរត់ |
មួយទៀតខូចបំផុត | មាត់ឲ្យប្រុសសំលាប់ប្ដី។ | |
- | ម្យ៉ាងទៀតមារយាទជា | មានច្រើនគ្នាក្នុងលោកិយ |
ប្រាកដពេញជាស្រី | ប្រុសពីរបីស្មាលាកម្ម។ | |
- | ស្លាប់រស់មួយនឹងមួយ | មិនចង់ព្រួយយកប្រុសប្រាំ |
ប្ដីស្លាប់បួនដប់ឆ្នាំ | ចាំសីលទានមិនមែនទៀត។ | |
- | ធ្វើបុណ្យផ្សងសច្ចា | សុំប្រាថ្នាជួបរាល់ជាតិ |
អុចធូបដេកឱបធាតុ | កណ្ដៀតថោកោរកាន់ទុក្ខ។ | |
- | និយាយពីពុតប្រុស | ចូរចាំចុះជាទំនុក |
ដំណតទៅមុខ | អាពុកប្រាប់ឲ្យស្រីចាំ។ | |
- | ប្រពន្ធមួយមិនស្កប់ | ប្រពន្ធដប់គ្រាន់តែស្កាំ |
កាចស្លូតរហូតឆ្នាំ | រាំដរាបរាល់រូបា។ | |
- | កាចម្យ៉ាងខាងល្ងាចព្រឹក | រឿងបាយទឹកថ្នាំម្លូស្លា |
កាចម្យ៉ាងខាងធ្វើការ | ម្យ៉ាងទៀតណារឿងប្រចណ្ឌ។ | |
- | ប្រជុំជាតិចិត្ដប្រុស | ត្រូវនិងខុសជាកំណាន់ |
គំនិតល្អសំខាន់ | ប្រកាន់មើលអិរិយាបថ។ | |
- | ប្រចណ្ឌរាវរាលឈ្មោះ | ច្រើនកើតឈ្លោះទៅជាខ្សត់ |
មួយឃើញជាក់ប្រាកដ | ប្រកៀកចាប់ធ្វើទោសបាន។ | |
- | លកលៃតែខាងប្រុស | ប្រពន្ធខុសបង្អង់ខាន |
ខូចម្ដងខាតប៉ុន្មាន | រាប់អានឱបក្រសោបទៀត។ | |
- | មួយលកលៃទាំងពីរ | នៅរកស៊ីដោយសារញាតិ |
ស្រីមាយាឥតមារយាទ | ស្មាលាជាតិមិនឲ្យជួន។ | |
- | ប្រចណ្ឌទាំងបីបទ | គួរគួចកត់ទុកក្នុងខ្លួន |
លក់ពីរពេញចំនួន | គួនគុំទុកយកជាច្បាប់។ | |
- | ប្រចណ្ឌហើយយកទៀត | ហៅជួជាតិមារយាទអាប់ |
កូនណាយកតំរាប់ | ស្លាប់នឹងស្រីៗមើលងាយ។ | |
- | ទោសតិចកុំទាញផ្សំ | ឃើញមិនចំកុំនិយាយ |
កុំចាប់ស្ទើររវើរវាយ | នាំឲ្យវល់អំពល់ចិត្ដ។ | |
- | ពុតប្រុសនិងពុតស្រី | ចប់សេចក្ដីពីក្បត់ផិត |
រៀងរើសណាសុខចិត្ដ | គិតសំគាល់រាល់រូបកាយ។ | |
- | បើមានកូនក្រមុំ | គួរតែកុំបណ្ដោយឆ្ងាយ |
ឲ្យមើលនាយមើលអាយ | ស្រេចនៅម្ដាយរក្សាកូន។ | |
- | ប្រយ័ត្នកុំឲ្យឃ្លាត | ភ្លាត់មារយាទមិនសុទ្ធសូន្យ |
កុំទុកចិត្ដបងប្អូន | ជីដូនមួយជួយរក្សា។ | |
- | ក្រមុំមានម្រាក់មិត្រ | មេមួយគិតនាំកិច្ចការ |
កុំជឿចិត្ដនរណា | មើលកិរិយានៃកូនឯង។ | |
- | ទោះស្ទូងដកយប់ថ្ងៃ | ដើរយកដៃដាច់សង្វែង |
ប្រុសខូចលួចបន្លែង | តែទាស់ភ្នែកបែកមេបា។ | |
- | ច្រើនណាស់តែសែនខ្មោច | កេរ្ដិ៍អាសោចផុតអាសា |
នាំកូនឡើងសាលា | គេថាឲ្យជំងឺចិត្ដ។ | |
- | បើមានកូនប្រសា | មិនទាន់ការគួរឲ្យប្រិត |
កុំឲ្យបំរើឆ្ឥត | អាណិតវាៗសងគុណ។ | |
- | យប់ថ្ងៃចូលប្រតិបត្ដិ | គាតក្រវាត់រត់រែកពុន |
អាចនឹងច្រើនជឿមុន | ស៊ុនអំពីឪពុកម្ដាយ។ | |
- | រក្សាកូនប្រពន្ធ | រកទ្រព្យធនចង់ធូរចាយ |
ជួញជិតកុំជួញឆ្ងាយ | ជួញរៀងអាយរក្សាគុណ។ | |
- | អំពើបាបកុំរៀន | កុំអៀនប្រៀនក្នុងការបុណ្យ |
លាងទោសចេញជាមុន | ទើបធ្វើបុណ្យចំរើនផល។ | |
- | បើនឹងចង់គង់ទ្រព្យ | កុំទំលាប់សាងអកុសល |
របិញរបុញវៀចកាចកល់ | ទេវតាផ្ដល់ផ្ដាច់ធនធាន ។ | |
- | កុំឈ្នានិសអ្នកខ្សត់ | កុំបំភ្លាត់ទ្រព្យអ្នកមាន |
បើខ្លួនខ្សត់អត់ឃ្លាន | រៀនតែរកតាមទៀងត្រង់។ | |
- | ជួញខាងកុំឈប់ខាន | បើចង់បានកុំខ្លាចបង់ |
ខ្លាចបាត់ឲ្យផ្ចិតផ្ចង់ | ប្រុងថែទាំឲ្យមាំមួន។ | |
- | កុំភ្លើធ្វើជាភ្លេច | ភ្លាត់បន្ដិចខ្លាចក្រែងជួន |
ក្រែងចោរចូលមកពួន | លូនលបលួចយកទ្រព្យទៅ។ | |
- | ប្រហែសតែងតែបាត់ | ប្រុងប្រយ័ត្នតែងតែនៅ |
គិតសព្វគ្រប់ដោយផ្លូវ | សូវទ្រាំនឿយកុំទ្រាំក្រ។ | |
- | នៅផ្ទះស្រះរបង | របាចងឲ្យជាប់ល្អ |
ប្រើប្រាស់ខ្ញុំកំដរ | ឲ្យបរិភោគដោយខ្លួនឯង។ | |
- | នឹងប្រើទៅហៅមក | កុំគំហកយកកំហែង |
កុំហាឡើងហង់ឯង | ក្រែងកំហល់ទល់កំហឹង។ | |
- | កុំហួសពាក្យសំដី | ការអ្វីៗឲ្យចេះថ្លឹង |
កុំប្រើព្រួតលើប្រឹង | ក្រែងកើតខឹងវានាំខាត។ | |
- | មនុស្សខឹងច្រើនៗខុស មនុ | ស្សច្រើនឈ្លោះច្រើនប្រមាថ |
ការល្អច្រើនត្រូវខ្នាត | យើងចង់ស្អាតកុំខ្លាចយូរ ។ | |
- | ចង់ប្រាជ្ញឲ្យខំប្រឹង | ចងក្បិនតឹងរកស៊ីធូរ |
គំនិតមុនគំនូរ | រៀនមានគ្រូមានគេរាប់ ។ | |
- | បំរើឪពុកម្ដាយ | អ្នកនៅឆ្ងាយគេច្រើនគាប់ |
អ្នកណាបំរើខ្ជាប់ | ធ្លាប់តែខុសមិនដែលត្រូវ ។ | |
- | ជាតិមនុស្សទោះខ្ពស់ទាប | មិនចោលភាពជាម៉ែឪ |
ពាក្យមនុស្សវែងជាងផ្លូវ | ស្រូវច្រើនខួបខូចអង្ករ ។ | |
- | របស់ទ្រព្យថោកថ្លៃ | ទុកសំចៃលៃឲ្យល្អ |
អុងអាងពាងក្រឡ | ត្រដរទិញកុំឲ្យខ្វះ ។ | |
- | កើតមកជាខ្លួនរាស្រ្ដ | ក្រប្រាក់មាសឲ្យមានខ្មាស |
សារពើគ្រឿងប្រើប្រាស់ | ឲ្យមានចាស់ឲ្យមានថ្មី។ | |
- | ពូថៅដឹងកាំបិត | ពន្លាកខ្វិតចបវែងខ្លី |
ខ្សែសេះគោក្របី | ឫ្សីផ្ដៅកាច់សង្រែក។ | |
- | ការងាយកុំឲ្យក្រ | អាក្រក់ល្អមានដោយឡែក |
ថ្ងៃនេះរបេះបែក | ស្អែកខំរើធ្វើជាឆាប់។ | |
- | ឈ្មោះការប្រើលើដី | កុំចាំស្រីតឿនប្រើប្រាប់ |
ឲ្យមានគ្រប់ប្រដាប់ | ដំរាប់រាល់ឲ្យសល់ប្រើ ។ | |
- | កុំខ្ជិលល្ងង់ខ្លៅពេក | ឲ្យចេះដេកឲ្យចេះដើរ |
ចេះសព្វគ្រប់ប្រសើរ | កុំចង់ហើរហួសភាពខ្លួន ។ | |
- | ចង់ក្ដីឲ្យរៀនច្បាប់ | រស់និងស្លាប់ឲ្យចេះក្បួន |
ចេះអ្វីចេះឲ្យមួន | កុំបន្លំផ្សំនឹងគេ ។ | |
- | កុំដេកចាំសំណាង | កុំក្អេងក្អាងចាំបុព្វេ |
ខំរកកុំទំនេរ | រេរៀនរិះចេះឲ្យគ្រប់ ។ | |
- | នឹងដើរស្វែងរកផល | មិនទាន់ដល់កុំអាលឈប់ |
ឈានខ្លាំងពេកជំពប់ | បើដេកយប់ឲ្យស្គាល់យាម។ | |
- | កុំដេកយូរទ្រមឹក | លក់ហួសព្រឹកខុសទំនៀម |
តែភ្លឺឡើងភ្ញាក់ភ្លាម | ព្រហាមឡើងក្រោកធ្វើការ ។ | |
- | ជាតិមនុស្សទោះប្រុសស្រី | រាស្រ្ដមន្រ្ដីជាធម្មតា |
ពេលព្រឹកតែងអុស្សាហ៍ | ថ្ងៃក្ដៅល្អាខ្ជិលល្ឥតឆ្អឹង។ | |
- | ចង់ធំខំពីតូច | បើខ្លាចខូចកុំឆាប់ខឹង |
ការអ្វីឲ្យចេះថ្លឹង | កុំប្រឹងជុះតាមដំរី។ | |
- | កុំចង់ខ្ពស់ស្មើមេឃ | កុំឱនពេកអាប់រាសី |
ទោះដើរនិយាយស្ដី | លៃតែល្មមឲ្យគួរសម។ | |
- | យល់ឆ្ងាយកុំណាយគិត | ទោះយល់ជិតកុំអាលខំ |
មិនជាក់មើលឲ្យចំ | ក្រែងច្រឡំសជាខ្មៅ ។ | |
- | ទំលាប់ធំជាងច្បាប់ | បើរៀនត្រាប់កុំត្រាប់ខ្លៅ |
ត្រាប់ប្រាជ្ញអាចប្រដៅ | ស្ដីកូនចៅស្ដីឲ្យស្មោះ។ | |
- | ស្មឹងស្មឹលសិល្ប៍របៀន | ឲ្យគេរៀនកុំឲ្យអស់ |
ស្រលាញ់កុំញេះញ៉ោះ | បើខឹងទាស់កុំឲ្យទាយ។ | |
- | ឆ្កែព្រុះកុំព្រួយពេក | ឃើញឆ្កែដេកកុំមើលងាយ |
កំណប់ដប់សំពាយ | កុំនិយាយប្រាប់សម្លាញ់។ | |
- | សំលឹងមើលឲ្យសព្វ | បើនឹងស្អប់កុំអាលបាញ់ |
ក្ដីឈ្នះគេចុះចាញ់ | កុំក្នាញ់តាមផ្ដន្ទាទៀត។ | |
- | បើខឹងកុំរំលោភ | បើនឹងល្មោភឲ្យល្មមមាឌ |
កុំមាត់ក្រែងភ្លាត់ស្នៀត | វាតហួសវង់ផុតគំនិត។ | |
- | កំណើតអាក្រក់ល្អ | មាននិងក្រពីគំនិត |
ពីកាលបុព្វេពិត | ងងឹតពេកមើលមិនយល់ ។ | |
- | ដាំដូងឲ្យខំថែ | ចង់ស៊ីផ្លែឲ្យដុតគល់ |
បើជួនសំណាងដល់ | រវល់តែស៊ីឆ្ងាញ់ពិសា។ | |
- | ប្រាជ្ញប្រិតប្រៀនប្រដៅ | ចូរកូនចៅពិចារណា |
រំពឹងក្នុងប្រាជ្ញា | ស្រាយបញ្ហានេះឲ្យដឹង។ | |
- | ចេះច្បាប់កេរកាលថ្មី | អស់សេចក្ដីតែប៉ុណ្ណឹង |
កូនប្រុសអ្នកខំប្រឹង | សំលឹងចាំតទៅមុខ ។ | |
- | ពីឆ្នាំចតទៅ | ខំធ្វើស្រូវដាក់ជង្រុក |
អាសូរពាក្យអាពុក | ទុកឲ្យកូនចៅគ្រប់គ្នា ។ | |
- | អាពុកកាន់តែចាស់ | ស្ដាយខ្លួនណាស់ចូលជរា |
ពាក្យពិតប្រាំរយឃ្លា | ជាសូរេចម្ល៉េះឯងហោង។ | |
- | អ្នកប្រាជ្ញភិរម្យល្បី | លើច្បាប់ថ្មីអស់ល្បត់ល្បង |
ឈ្មោះអូ ហៅ ង៉ុយផង | ចងជាច្បាប់សំរាប់ជន ។ | |
- | ខ្ញុំសូមផ្សងសច្ចា | កើតជាតិណាសូមមានបុណ្យ |
មូលកូនមូលប្រពន្ធ | ធនសម្បត្ដិសំបូរចាយ ។ | |
- | ស្មាលាក្រលំបាក | សូមជៀសចាកចតុរាបាយ |
សូមល្អពង្សរូបកាយ | កុំឲ្យឆ្ងាយពីព្រះពុទ្ធ ។ | |
- | ប្រាជ្ញាកុំទើសទាស់ | ចេះអាថិធម៌ឲ្យមាំមុត |
សូមជាប់សីលបរិសុទ្ធ | រលត់ទុក្ខសោករោគភ័យ ។ | |
- | អានិសង្សបុណ្យខ្ញុំបាន | សាងប៉ុន្មានក្នុងលោកិយ |
សម្បត្ដិសួគាល័យ | កុំបីឃ្លាតរវាតវែងឆ្ងាយ ។ | |
- | ពីជាតិនេះទៅមុខ | មូលអាពុកជួបមូលម្ដាយ |
បងប្អូនកុំខ្ចាត់ខ្ចាយ | អធិប្បាយចែងចប់អេវំ ។ | |
គេហទំព័រ KCD Khmerkrom សូមស្វាគមន៍ គេហទំព័រនេះត្រូវបានបដិសន្ធិឡើងក្នុងគោលបំណង ជាឃ្លាំងផ្ទុុកនូវឯកសារជាច្រើន ដើម្បីងាយស្រូលក្នុងការសិក្សាស្រាវជ្រាវនូវប្រធានបទដែលពាក់ព័ន្ធ ជាពិសេសសម្រាប់ សិស្សិ-និស្សិត ស្រាវជ្រាវទៅតាមជំនាញរបស់ខ្លួន។ គេហទំព័រ សូមធ្វើការអធ្យាស្រ័យទុកជាមុន រាល់កំហុសឆ្គងដែលកើតឡើងដោយឥតចេតនា ។ យើងខ្ញុំសូមទទួលការរិះគន់ ដើម្បីស្ថាបនា ! សូមអគុណ !
Wednesday, December 2, 2015
ច្បាប់កេរកាលថ្មី
ចំណាត់ថ្នាក់អត្ថបទ
កំណាព្យ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment