ច្បាប់ល្បើកថ្មី | |||
១ - | អ្នកព្រះភិរម្យ | ភាសាអ៊ូខ្ញុំ | បង្គំនឹកគុណ |
ព្រះពុទ្ធព្រះធម៌ | ព្រះសង្ឃជាមុន | គុណគាប់មហាធ្ងន់ | |
មាតាបិតា។ | |||
ឧជ្ឈាយ៍ជាធំ | កាលចាប់ដៃខ្ញុំ | ឲ្យធម៌កេសា | |
អនុសាវន | ព្រះកម្មវាចា | គុណតួអក្ខរា | |
ទាំងសាមសិបបី។ | |||
ខែចែត្រឆ្នាំច | ចត្វាស័កក | កគិតកាព្យថ្មី | |
លើច្បាប់ប្រដៅ | កូនចៅប្រុសស្រី | តូចក្ដីធំក្ដី | |
ចូរស្ដាប់គ្រប់គ្នា។ | |||
ដ្បិតមនុស្សឥឡូវ | យកខុសជាត្រូវ | យកឆ្កួតធ្វើជា | |
អំពើអាក្រក់ | ឡិកឡក់លីលា | ព្រហើនពានពារ | |
អាងមាសអាងប្រាក់។ | |||
៥ - | អាងព្រើលអាងប្រាជ្ញ | អាងកោងអាងកាច | អាងកាប់អាងចាក់ |
អាងជើងអាងដៃ | អាងវាយអាងធាក់ | អាងគុកច្រវាក់ | |
អាងម៉ាស៊ីនកាត់ក។ | |||
អាងសុទ្ធតែខុស | កូនអើយចាំចុះ | អាងនោះមិនល្អ | |
អ្នកគិតឲ្យល្ឥត | ដ្បិតស្រុកលោកក្រ | ប្រមាណតំណ | |
តទៀតទៅមុខ។ | |||
សាសនានៅឆ្ងាយ | លែងបានសប្បាយ | មានតែកើតទុក្ខ | |
កើតទាន់លោកីយ៍ | លឺតែទំនុក | ដំណែលអាពុក | |
ចូរចាំគ្រប់គ្នា។ | |||
អ្នកជឿពាក្យចាស់ | ជឿចាំឲ្យណាស់ | កុំធ្វើបំពារ | |
អ្នកហ៊ានស្បែកដាច | អ្នកខ្លាចស្បែកជា | មនុស្សចោរប៉ោបៀ | |
កុំយកខ្លួនបៀត។ | |||
ឃើញរិកគេល្អ | ទោះបីមានក្រ | យកគេជាញាតិ | |
គួររាប់អ្នកក្រៅ | ផៅអ្នកឯទៀត | រាប់រើសមារយាទ | |
សុចរិតត្រឹមត្រូវ។ | |||
១០ - | រៀនបទរៀនបាទ | កុំកោងហួសខ្នាត | កុំភ្លាត់ខុសផ្លូវ |
កុំភ្លើនភ្លេចម៉ែ | កុំប្រែហួសឪ | ឃើញចាស់សក់ស្កូវ | |
កុំសូវមើលងាយ។ | |||
បន្ទន់អាត្មា | ខ្លាចមេខ្លាចបា | ខ្លាចតាខ្លាចយាយ | |
បំរើមហាក្សត្រ | ប្រយ័ត្នស្ដេចទាយ | ពាក្យពិតទំនាយ | |
រលាយកេរ្ដិ៍ឈ្មោះ។ | |||
ពាក្យស្ដេចពាក្យគ្រូ | មានប្រៃមានជូរ | កំរពិរោះ | |
ជួនទាយឲ្យទាប | ជួនទាយឲ្យខ្ពស់ | ទាយឲ្យសក្ដិយស | |
ទាញចុះកុំខឹង។ | |||
បំរើមើលភេទ | ចំណាំព្រះនេត្រ | ហេតុខ្លួនឲ្យដឹង | |
ខ្លួនខ្ជិលហៃព្រើល | លោកមើលសំលឹង | សំលក់ឲ្យប្រឹង | |
ខំប្រិតសូត្ររៀន។ | |||
បំរើមើលពុត | ប្រាជ្ញាឲ្យមុត | ស្មារតីឲ្យមាន | |
បើខ្លៅឲ្យប្រាជ្ញ | បើខ្លាចឲ្យហ៊ាន | ចង់បានរបៀន | |
កុំអៀនកុំខ្មាស។ | |||
១៥ - | ពុតលោកថាធំ | ជ្រងោប៉ុនភ្នំ | ឯងមើលមិនច្បាស់ |
បំរើលោកណា | លោកហ្នឹងជាម្ចាស់ | លោកស្អប់អ្វីណាស់ | |
ប្រាសចោលឲ្យឆ្ងាយ។ | |||
កុំឈមឈរជិត | កុំយកធ្វើមិត្រ | ភ្លាត់ខ្លួនអន្ដរាយ | |
បើប្រពន្ធកូន | បងប្អូនចៅហ្វាយ | អាពុកឬម្ដាយ | |
ឱនកាយប្រតិបត្ដិ។ | |||
អ្នកកុំមើលងាយ | ឃើញគេរីករាយ | ព្រួយខ្លួនប្រយ័ត្ន | |
ត្រកូលញាតិផៅ | កូនចៅមហាក្សត្រ | ស្មើថ្លើមប្រមាត់ | |
ប្រមាថមិនបាន។ | |||
ទោះអ្នកដទៃ | អ្នកព្រៀងអ្នកព្រៃ | ដែលលោករាប់អាន | |
កុំថាតែមនុស្ស | ទោះសត្វតិរិច្ឆាន | ឯស្អប់មិនបាន | |
ជួយថែរក្សា។ | |||
របស់រឺទ្រព្យ | ដែលជាសំអប់ | កុំបាច់សំអាត | |
ទ្រព្យណាសំលាញ់ | អស់អញឱហាត | ចូរចៅសង្វាត | |
ជួយថែរក្សា។ | |||
២០ - | កុំជិះកុំជាន់ | ស្មៅផ្ទីអាច់មាន់ | ពាក្យចាស់ឧមា |
បុរាណហៅផ្ទី | ពីបីប្រការ | កុំស៊ីត្រង់ណា | |
ជុះដាក់ត្រង់ហ្នឹង។ | |||
សាច់សាលោហិត | កុំផ្ដួលផ្ដេកផ្ដិត | ផ្ដួចទោសកើតប្ដឹង | |
អាពុកផ្ដែផ្ដាំ | ចូរចាំចេះថ្លឹង | សាច់ថ្លើមសួតឆ្អឹង | |
និងស្បែកខាងក្រៅ។ | |||
សាច់សួតក្នុងខ្លួន | ទុកស្មើបងប្អួន | ប្រពន្ធកូនចៅ | |
សរសៃនិងស្បែក | ចែកជាញាតិផៅ | ខ្ញុំស្រីខាងក្រៅ | |
ជាស្មៅអាច់មាន់។ | |||
ស្រីខ្ញុំកំដរ | បើឃើញរូបល្អ | កុំលលូកលាន់ | |
កុំលួចលបលេង | ក្រែងម្ចាស់គេទាន់ | កុំភប់កុំភាន់ | |
អាប់អន់អាត្មា។ | |||
បើអ្នកមានយស | មានសក្ដិខ្ពង់ខ្ពស់ | គាប់នឹងរាជការ | |
ធ្វើធំធ្វើថី | មន្រ្ដីមានត្រា | ព្រះហ្លួងអុកញ៉ា | |
សាលាកុង្សីយ៍។ | |||
២៥ - | ចេះច្បាប់បារាំង | កុំភ្លេចសច្ចំ | កតញ្ញូ ខន្ដី |
កុំឆ្មើងហួសមាឌ | ភ្លេចញាតិប្រុសស្រី | ជំនុំកាត់ក្ដី | |
យកឧេក្ខា។ | |||
កុំកាន់លីហលោ | កុំកាន់លោភោ | ទោសោមោហោ | |
កុំជក់អាភៀន | កុំឃ្លានផឹកស្រា | កុំស្អប់ត្រង់ណា | |
សច្ចាយកត្រង់។ | |||
ល្អងលោមពិសោធ | កុំឆបញ្ឆោត | បញ្ចូលឲ្យបង់ | |
ឲ្យបែកឲ្យបាក់ | ពាក្យសត្យពាក្យសង្ឃ | កូនអើយផ្ចិតផ្ចង់ | |
តំរង់ស្មារតី។ | |||
កុំភ្លើនឃើញប្រាក់ | កុំភ្លើភ្លាត់សក្ដិ | ធ្លាក់ទៅអវចី | |
កាន់ធម៌ទសពិធ | រឹតឡើងរាសី | គាប់ពីលោកិយ៍ | |
ដល់បរលោកនាយ។ | |||
អ្នកក្ដីជាភ្លើង | កុំកាត់ជាន់ជើង | អ្នកម្ខាងមើលងាយ | |
ចៅក្រមជាទឹក | រលឹករំលាយ | កុំជេរកុំវាយ | |
បង្ខំនាំខុស។ | |||
៣០ - | ចោរលួចចោរប្លន់ | រីចោរស្ម័គ្រស្មន់ | តណ្ហាស្រីប្រុស |
កុំស្អប់ខាងណេះ | បញ្ឆេះខាងណោះ | លួងលោមបញ្ចុះ | |
បញ្ចូលចិត្ដក្ដី។ | |||
កុំដុតឲ្យក្ដៅ | បើឃើញអ្នកខ្លៅ | ប្រាជ្ញាគ្នាខ្លី | |
កុំឃើញប្រាក់ប្រុស | បន្ដុះខាងស្រី | បើកាន់ច្បាប់ថ្មី | |
កុំចោលច្បាប់ចាស់។ | |||
កុំដៀលអ្នកស្រែ | ត្រកូលឯងខ្មែរ | កុំប្រែក្រលាស់ | |
ក្រលេកមើលគុណ | ទន់ខ្លួនសំពះ | កុំធ្វើអ្នកណាស់ | |
កុំត្មះអ្នកក្រ។ | |||
អ្នកកុំភ្លេចគុណ | គ្រូលេខនព្វន្ដ | គ្រូសូត្រអក្សរ | |
កុំចាប់ដៃទាញ | គំនាប់ងក់ក | កុំជជែកត | |
ស្មើមិត្ដសំលាញ់។ | |||
រាស្រ្ដរត់ចូលជ្រក | សួរសាចទៅមក | កុំអើឯងអញ | |
ពាក្យពុំពិរោះ | គេកើតមួក្នាញ់ | គេដៀលផ្ចាលផ្ចាញ់ | |
អន្ដរាយកេរ្ដិ៍ឈ្មោះ។ | |||
៣៥ - | កុំឆ្មើងអាងបុណ្យ | ស្រដីឲ្យទន់ | ពោលពាក្យពិរោះ |
ខ្លួនអ្នកនឹងថ្កើង | នឹងឡើងសក្ដិយស | កុំឆ្លៀតនាំឈ្លាះ | |
ញុះញង់អ្នកធំ។ | |||
កុំស្អប់អ្នកតូច | បើឃើញគ្នាខូច | គួរគិតប្រមុំ | |
ទោសគ្នាតិចតួច | ផ្ដួចឡើងជាធំ | ផ្សែងពួតជាដុំ | |
ផ្លុំឆេះជាភ្លើង។ | |||
កុំភ្លើនភ្លេចខ្លួន | ចេះសាសន៍ចិនយួន | កុំចោលខ្មែរយើង | |
កុំធ្វើក្រអើត | កុំពើតកុំពើង | កុំពាក់ស្បែកជើង | |
ចូលវត្ដលោកសង្ឃ។ | |||
ដោះមួកដាក់ឆត្រ | ឱនកាយប្រតិបត្ដិ | លំអុតឱនអង្គ | |
កុំស៊ីតាមឃ្លាន | កុំហ៊ានតាមចង់ | កាន់ច្បាប់ស្រុកហ្វង្ស៍ | |
កុំបង់សាសនា។ | |||
កុំចង់ថ្កើងពេក | កុំលើកដំណេក | ហួសមេហួសបា | |
តែងខ្លួនឲ្យល្មម | មើលពូជពង្សា | សង្ខេបនិដ្ឋិតា | |
រឿងផ្គប់បុណ្យសក្ដិ។ | |||
៤០ - | បើទៅជារាស្រ្ដ | ប្រាជ្ញាវៃឈ្លាស | គូរវាសឆ្លកឆ្លាក់ |
ឲ្យឆ្លៀតរែកពុន | បើធ្ងន់សុំដាក់ | ខំរកមាសប្រាក់ | |
ឲ្យគ្រាន់ទាន់ចាយ។ | |||
រាជ្យបារាំងសេស | កូនកុំប្រហែស | កុំថ្នមរូបកាយ | |
ដើរគិតដេកគិត | ជួញជិតជួញឆ្ងាយ | បើចង់សប្បាយ | |
ស្រេចនៅមានទ្រព្យ។ | |||
រាជ្យហ្លូងពីមុន | រកស៊ីរែកពុន | មានក្រតាមភ័ព្វ | |
រាជ្យលោកឥឡូវ | ត្រូវខំឲ្យញាប់ | តែខ្ជិលច្រើនជាប់ | |
ខ្នោះជើងខ្នោះដៃ។ | |||
តាំងពីឆ្នាំច | ចាំជាដំណ | ទំនិញឡើងថ្លៃ | |
ចងក្បិតឲ្យតឹង | ប្រឹងកុំសំចៃ | សញ្ជឹងយប់ថ្ងៃ | |
កុំឲ្យក្រខ្សត់។ | |||
បើចង់ស្រាលខ្លួន | រៀនសូត្រឲ្យមួន | ឲ្យមាំឲ្យស្ទាត់ | |
កុំចេះស្ទាក់ស្ទើ | ល្ងីល្ងើឥតបទ | បើចេះប្រាកដ | |
ប្រាក់រត់តាមហៅ។ | |||
៤៥ - | កុំថ្នមកំលាំង | កាប់ជីកចូកចាំង | កុំថារងាក្ដៅ |
រៀនអ្វីឲ្យឆ្អិន | កុំឲ្យខ្លោចឆៅ | កុំដេកតែខ្លៅ | |
ក្រក្រៅសន្ដាប់។ | |||
បើល្ងង់ឲ្យចេះ | រករៀនតំរិះ | រិះរកតំរាប់ | |
អិន្រ្ទីឆ្វេងស្ដាំ | កុំចាំគេប្រាប់ | រៀនស្ដីរៀនស្ដាប់ | |
រៀនមើលឲ្យស្ដែង។ | |||
កើតមកជាមនុស្ស | ទាំងស្រីទាំងប្រុស | មិនដែលចេះឯង | |
បើក្រឲ្យមាន | វិញ្ញាណចេះក្រែង | គិតគ្រប់កន្លែង | |
កុំដេកតែក្រ។ | |||
កុំប្លន់កុំលួច | កុំខ្ជិលកុំខូច | កុហកឆូវឆ | |
បោកប្រាសយកប្រាក់ | ច្រវាក់ជាប់ក | កាន់មារយាទល្អ | |
សុច្ចរិតត្រឹមត្រូវ។ | |||
កូនអើយរកស៊ី | កកាយធរណី | ធ្វើស្រែយកស្រូវ | |
កុំតាមអ្នកណា | បាតាមតែឪ | លើកភ្លឺជិតផ្លូវ | |
កុំស្រាស់បន្លា។ | |||
៥០ - | គេដើរយប់ថ្ងៃ | មុតជើងមុតដៃ | ដឹងចៀសទៅណា |
ចៀសចុះជាន់ស្រូវ | ហើយជេរផ្ដាសា | កូនម្ដាយអាណា | |
ស្រាស់ដើរមិនរួច។ | |||
កុំយកគល់ឈើ | ទៅដាក់ពីលើ | ទោះធំទោះតូច | |
ជំពប់ជើងគេ | គេថាឯងខូច | ជេរដៀលដល់ពូជ | |
ប្រដូចមេបា។ | |||
លើកភ្លឺឲ្យធំ | បង្ហាប់ឲ្យមាំ | គាប់ភ្នែកទេវតា | |
ស្មើបានសង់ស្ពាន | នឹងមិនផលា | កើតសាធុការ | |
អាយុយឺនវែង។ | |||
កូនអើយធរណី | បើតាមគម្ពីរ | ដែលលោកសំដែង | |
កុំចង់បានធំ | ក្រមុំឆ្វេលឆ្វែង | កុំលើកដីឯង | |
លបដាក់ស្រែគេ។ | |||
អំពើអាក្រក់ | មួយចំរៀកសក់ | ធ្លាក់ទៅនិរយេ | |
បច្ចុប្បន្នលោកិយ៍ | កើតក្ដីវាយជេរ | មិនដែលសុខទេ | |
ព្រោះដីមួយហត្ថ។ | |||
៥៥ - | កុំជួញចង់ទាស់ | ខូចខាតរបស់ | អស់ទ្រព្យសម្បត្ដិ |
ចង់គង់ប្រយោជន៍ | ឲ្យចេះប្រយ័ត្ន | ពាក្យឪមួយមាត់ | |
ឲ្យគិតមួយម៉ោង។ | |||
សំអាតផ្ចិតផ្ចង់ | លើកភ្លឺឲ្យត្រង់ | កុំលើកឲ្យកោង | |
អ្នកកុំប្រហែស | ក្រែងមានប្រហោង | លើកមើលទំនង | |
ទំនាបទឹកហូរ។ | |||
ចំនួនទឹកស្ទឹង | ទឹកព្រែកទឹកបឹង | ទឹកវាលទឹកអូរ | |
អ្នកលើលិចស្រូវ | ត្រូវបើកបង្ហូរ | អ្នកក្រោមកុំថ្ងូរ | |
បន្ធូរហួសទៅ។ | |||
រាំងរឹងថ្ងៃយប់ | កុំឲ្យបាក់ជ្រៅ | ឆាប់លើកឆាប់ទប់ | |
កត្ដឹកចេញខ្យល់ | តំកល់ទឹកនៅ | បើចង់បានស្រូវ | |
ស្រេចនៅត្រឹមថែ។ | |||
កុំយកគ្រាប់ត្នោត | ទៅដាំទៅដោត | ពីលើភ្លឺស្រែ | |
ចិត្ដគិតប្រមាណ | ចង់បានផ្កាផ្លែ | ដាំដុះដង្ហែ | |
បង្ហិនខ្លួនឯង។ | |||
៦០ - | ដល់ត្នោតឡើងគល់ | ឡើងកើតនាំខ្វល់ | ធាងលូតឡើងវែង |
ភ្ជួររាស់ជាប់នឹម | ក្របីជាប់ស្នែង | ទទើសទទែង | |
ភ្ជួរឆ្វេងមិនត្រូវ។ | |||
ដល់ត្នោតវាធំ | មានស្លឹកវាទុំ | វាជ្រុះក្នុងស្រូវ | |
ស្រែឆ្ងាយពីផ្ទះ | ឃ្លាតណាស់ពីផ្លូវ | ទំរាំតែទៅ | |
រលួយស្រូវអស់។ | |||
កូនអើយកុំឆោត | បើចង់បានត្នោត | ដាំដោយកៀនកោះ | |
ដីទួលចំការ | ឯណាចន្លោះ | ដាំជារបស់ | |
ជាយជួររបង។ | |||
របៀបចំការ | ថែទាំរក្សា | យូរៗស្រាស់ម្ដង | |
ស្រាស់ឲ្យត្រូវជួរ | មើលគួរសមផង | កុំបើកមុជឆ្លង | |
ទៅស្រាស់ខាងក្រៅ។ | |||
មិនគាប់ប្រសើរ | របងវាដើរ | អ្នកម្ខាងវាក្ដៅ | |
កើតក្ដីកើតក្ដាំ | អស់ខោអស់អាវ | ខឹងអស់ញាតិផៅ | |
ពីព្រោះចំការ។ | |||
៦៥ - | មួយទៀតរបង | ជិតផ្លូវអ្នកផង | គេទៅណាៗ |
ធ្វើឲ្យទូលាយ | កុំរាយបន្លា | កាប់ឆ្កេះទាត់ឆ្ការ | |
ឲ្យឆ្ងាយពីផ្លូវ។ | |||
កុំធ្វើចង្អៀត | ក្រែងយប់អាធ្រាត្រ | ខ្លះមកខ្លះទៅ | |
ចៀសគ្នាមិនរួច | បើកបរកាត់ស្រូវ | ជេរម្ដាយតាមផ្លូវ | |
រហូតដល់ផ្ទះ។ | |||
កូនអើយអ្នកចាំ | អ្នកកុំចងកម្ម | មានពៀរច្រើនណាស់ | |
ជាតិក្រោយខ្វក់ខ្វិន | កខ្វេះកខ្វាស | សូវចោលដីខ្លះ | |
មិនខាតប៉ុន្មាន។ | |||
កុំខ្លាចតែក្រ | ធ្វើរិកមិនល្អ | ច្រើនកើតរឱស្ថាន | |
រអែករអោក | បាត់ញាតិសន្ដាន | ឥតគេរាប់អាន | |
មានតែគេស្អប់។ | |||
កាន់រិកឲ្យខ្ពស់ | ឲ្យខ្ពើមពាក្យឈ្លោះ | ទើបបានជាគាប់ | |
យកឆោតដាក់ខ្លួន | ច្រើនមានគេរាប់ | បើខ្លួនឥតទ្រព្យ | |
កុំធ្លាប់ហ៊ានខ្ចី។ | |||
៧០ - | គ្រប់ការសារពើ | ចង្អេរកញ្ជើ | កន្ដាំងតៅល្អី |
រនាស់រទេះ | គោសេះក្របី | បើបានជាខ្ចី | |
ខ្ចីប្រាក់គេទិញ។ | |||
យកមករកស៊ី | ខែមួយខែពីរ | សងប្រាក់គេវិញ | |
របស់បានយើង | ជាជើងជួញចេញ | ឯទ្រព្យនោះមិញ | |
ពេញជាទ្រព្យឯង។ | |||
កុំខ្ចីគេប្រើ | តែមួយដំណើរ | មិនយូរអង្វែង | |
ជួនជាបាក់បែក | ជជែកទាស់ទែង | សងគេមិនលែង | |
ចាស់ផ្លាស់ជាថ្មី។ | |||
កើតមកជាប្រុស | គិតឲ្យសព្វសុស | កុំឲ្យសល់អ្វី | |
បួសរៀនធម៌អាថិ | សាស្រ្ដាបាលី | បរលោកលោកិយ | |
កុំបីចន្លោះ។ | |||
សឹកមករកស៊ី | កកាយធរណី | ធ្វើជាគ្រហស្ថ | |
កុហកជឿបុល | បំណុលរុំកោះ | ច្រើនគេដាក់ខ្នោះ | |
អស់ស្រែចំការ។ | |||
៧៥ - | ធ្វើរាស្រ្ដរកស៊ី | ចិញ្ចឹមគោញី | ថែទាំព្យាបាល |
ក្រហេតុពីខ្ជិល | មានត្បិតអុស្សាហ៍ | អ្នកមានប្រាជ្ញា | |
មិនស្មើគំនិត។ | |||
កំណើតសំណាង | សំណូមសូមសាង | កកើតពីគិត | |
ពីកាលជាតិមុន | បុណ្យព្រេងអតិត | កើតរូបគំនិត | |
ទើបកើតសំណាង។ | |||
ឯមនុស្សសំណល់ | ល្ងង់ល្ងើងឿងឆ្ងល់ | ទាស់ទែងក្អេងក្អាង | |
ដប់ឆ្នាំនេះហើយ | ប្រកាន់ម្យ៉ាងៗ | ខ្លះអួតសំណាង | |
ខ្លះអាងគំនិត។ | |||
កូនចៅប្រុសស្រី | រកប្រពន្ធប្ដី | ឲ្យរកស្រុកជិត | |
បើរកស្រុកឆ្ងាយ | ឲ្យម្ដាយពិនិត្យ | ឲ្យត្រឹមត្រូវពិត | |
ពូជពង្សាវតារ។ | |||
កូនអើយអ្នកចាំ | កុំជឿខែឆ្នាំ | កុំជឿតំរា | |
ពាក្យក្បួនទាំងឡាយ | កើតពីមនុស្សចារ | ពីដូនពីតា | |
ចារតាមសំគាល់។ | |||
៨០ - | អ្នកជឿតែពូជ | អំបូរធ្លាប់ខូច | វាខូចរាងរាល់ |
ពូជមានវាមាន | ពូជទាល់វាទល់ | កុសលអកុសល | |
យើងមើលមិនជាក់។ | |||
ប្រពន្ធនិងប្ដី | អាយុវែងខ្លី | យើងមើលមិនច្បាស់ | |
កុំយកពូជល្បែង | ពូជភ្លេងអារក្ខ | បើម្ង៉ៃបង់ប្រាក់ | |
រកអាយុវែង។ | |||
អំបូរពង្សពូជ | ត្រកូលធ្លាប់ខូច | វាខូចមិនលែង | |
ពូជចោរស្រីៗ | យកប្ដីចិត្ដឯង | មិនគិតកោតក្រែង | |
ខ្លាចចិត្ដមេបា។ | |||
កូនចៅស្រីៗ | បើនឹងយកប្ដី | ឲ្យមើលកិរិយា | |
មួយភ្លេងអារក្ខ | មួយអ្នកបាណា | មួយអ្នកផឹកស្រា | |
មួយអ្នកចង់ស្រី។ | |||
មួយអ្នកក្រមាច់ | លេងផោមលេងអាច់ | ច្រើនអាយុខ្លី | |
ប្រកាច់ដាច់លក្ខណ៍ | ជាន់អារក្ខព្រៃ | មួយគឺមន្រ្ដី | |
ធ្វើក្រមជំទប់។ | |||
៨៥ - | ជំទយតែដើរ | មេស្រុកគេប្រើ | ទាំងថ្ងៃទាំងយប់ |
មានមួកខ្វះឆ័ត្រ | កំរមានគ្រប់ | មួយទៀតកុំភប់ | |
ជួញប្រាំប្រការ។ | |||
ប្រាកដជាខុស | លក់សត្វទាំងរស់ | មិនចេះអនិច្ចា | |
សព្វសត្វអ្វីៗ | បក្សីបក្សា | ព្រាត់មេព្រាត់បា | |
ទេវតាលោកលក់។ | |||
លោកិយនេះខ្សត់ | យម្ភបាលគេកត់ | នៅស្ថានរក | |
មួយហួយអាប៉ោង | ប៉ោបៀគ្រប់មុខ | កូនអើយចាំទុក | |
ក្រគ្រប់ប្រាំបី។ | |||
ឯអ្នកទាំងអស់ | រកស៊ីម៉េះម៉ស់ | ច្រើនជាងស្រីៗ | |
ប្រាជ្ញានោះវែង | គំនិតនោះខ្លី | ប្រពន្ធជេរស្ដី | |
អាងឈ្លោះបំពាន។ | |||
នេះពូជអ្នកក្រ | រស់ទាំងត្រដរ | ទាំងអត់ទាំងឃ្លាន | |
ធ្វើគុណនឹងគេ | រកគេសងគ្មាន | ហេតុនេះកុំរៀន | |
ទាំងប្រាំបីផ្លូវ។ | |||
៩០ - | យ៉ាងអ្នកនេសាទ | មិនដែលសង្វាត | ធ្វើស្រែបានស្រូវ |
ប្រព្រឹត្ដសាងកម្ម | ប្រចាំរដូវ | វង្វេងខុសត្រូវ | |
ព្យាយាមសំលាប់។ | |||
អន្ទាក់ជង់កុក | អង្រុតឈ្នាងឈ្នក់ | គ្រប់គ្រឿងប្រដាប់ | |
ថ្លុកបៀត្រពាំង | ទប់បាំងបាចចាប់ | ចោលស្រូវកណ្ដាប់ | |
កណ្ដុរកាត់អស់។ | |||
កំពប់ខ្ចាត់ខ្ចាយ | ខូចខាតអន្ដរាយ | មិនស្ដាយស្រណោះ | |
យប់រវល់ប្របក់ | ចង់បានត្រីរ៉ស់ | ខែភ្លឺរវល់ឆ្លុះ | |
ដើរដេញសំពោច។ | |||
វក់តែសប្បាយ | ដើរដេញទន្សាយ | ដើរចងសន្ទូច | |
អំពើអស់នោះ | ច្រើនខ្វះស្រូវពូជ | ធ្វើបានតិចតួច | |
អាងជឿគេស៊ី។ | |||
កូនអើយបំណុល | ចងការជឿបុល | មួយឡើងជាពីរ | |
អ្នកភ្លេងអារក្ខ | ច្រើនទឹមគោញី | ធ្វើស្រែមួយពីរ | |
ធ្វើសោះតែខាន។ | |||
៩៥ - | ថ្ងៃដេកក្រភ្ញាក់ | យប់លៀងអារក្ខ | ឈឺឆ្អាលសន្ដាន |
គេស្ដីគេពឹង | នឹងឈប់មិនបាន | គេរករាប់អាន | |
កាលមានធុរៈ។ | |||
ផ្លុំប៉ីកូតទ្រ | ស្រែកច្រៀងវាយស្គរ | មិនបានលុយកាក់ | |
ឯងពឹងគេវិញ | គេគ្មានជំពាក់ | ពឹងបានម្នាក់ៗ | |
ដោយសារឲ្យថ្លៃ។ | |||
ឡើងត្នោតភ្ជួរស្រែ | កំរទាន់គេ | ដ្បិតដេកដល់ថ្ងៃ | |
ច្រូតកាត់ចង់ឆាប់ | ជួលគេពេញថ្លៃ | ចំណេះចង្រៃ | |
នាំខាតធ្វើការ | |||
ឯខ្មោចអារក្ខ | ស្លាប់ដប់រស់ម្នាក់ | ថ្វាយចេកថ្វាយស្រា | |
សំពះនឹកគុណ | ខ្មោចប្រេតដូនតា | មិនដែលអ្នកណា | |
នឹកគុណអ្នកភ្លេង។ | |||
ឯអ្នកប្រមឹក | ប្រមូលកនផឹក | ធ្វើភឿននឹងក្មេង | |
សំដីច្រើនតឹង | ស្រវឹងវង្វេង | ចំហរអួតក្អេង | |
មិនចេះក្រខ្សត់។ | |||
១០០ - | អួតទាំងបំពាន | ផឹកម្ង៉ៃលុយមាន | ផឹកម្ង៉ៃលុយអត់ |
ឯងចេះតែកិន | ចិនគិតតែកត់ | ផឹកដល់កំណត់ | |
យកស្រែបញ្ចាំ។ | |||
សល់ថ្នាលមួយពីរ | វាយគោស្ងោរស៊ី | មិនគិតខ្លាចកម្ម | |
ផឹកជ្រុលហួសល្បត់ | អត់បាយរាប់ឆ្នាំ | អស់ស្រែបញ្ចាំ | |
បញ្ចាំកូនទៀត។ | |||
កំណើតផឹកស្រា | ផឹកផុតមេត្ដា | ផឹកជ្រុលហួសមាឌ | |
អ្នកមួយផឹកស្ទើរ | ល្ងីល្ងើចេះឆ្លៀត | ម្យ៉ាងផឹកផុតមារយាទ | |
ច្រើននៅខ្ញុំចិន។ | |||
រែកទឹកពុះអុស | វាទុញវាតុះ | ចាក់កែវផឹកសិន | |
ស៊ូរែកខំអត់ | សំពត់ខើចក្បិន | ទំរាំបាយឆ្អិន | |
ចិនដួសហៅស៊ី។ | |||
ឆ្ងាញ់តែម្នាក់ឯង | ឆ្អែតហើយខំស្វែង | ខំលើកខំលី | |
ដងទឹកស្រោចគ្រប់ | ស្រោចខ្ទឹមម្ទេសជី | ខ្ញុំចិនម្ង៉ៃពីរ | |
វិលទៅរវាំងផ្ទះ។ | |||
១០៥ - | ឯអ្នកចង់ស្រី | ប្រពន្ធពីរបី | ថាឯងអ្នកណាស់ |
គន់ឯសំពត់ | តែមួយបន្លាស់ | ពាក់អាវបំណាស់ | |
កំរមានថ្មី។ | |||
ផ្ទះលេចវាលល្វឹង | ជញ្ជាំងចងហ៊ឹង | ស្លាធ័របាយសី | |
ខួចប្រេងក្រមួន | ម្លូស្លាបារី | កំលោះពីរបី | |
ចោមរោមរៀនស្នែហ៍។ | |||
រៀនស្នាលរៀនស្និទ្ធ | កើតក្ដីពីក្ដិត | ព្រួយចិត្ដម៉ែឪ | |
កូនអើយប្រពន្ធ | អាងមន្ដពូកែ | ត្រូវគុករាប់ខែ | |
អស់ស្រែត្រពាំង។ | |||
ធម្មតាប្រពន្ធ | បានដោយសីលមន្ដ | ដោយស្ងាត់កំបាំង | |
រកស៊ីលៀនភ្នែក | បានវែកខ្វះឆ្នាំង | បានល្អីកន្ដាំង | |
នៅខ្លះចង្អេរ។ | |||
បាននេះខ្វះនោះ | ក្រហេតុពីព្រោះ | អាពុកម្ដាយជេរ | |
បើចូលជំនុំ | មិនរម្យដូចគេ | អង្គុយវេះវេរ | |
មិនហ៊ានហាលមុខ។ | |||
១១០ - | នេះពុតអ្នកក្រ | ចាំជាតំណ | តជាទំនុក |
ប្រយ័ត្នដំនៀល | គេដៀលអាពុក | កូនអើយចាំទុក | |
ចាំតកូនចៅ។ | |||
រក្សាពូជពង្ស | បើខ្លួនល្ងឹតល្ងង់ | ស្ដាប់ចាស់ប្រដៅ | |
កុំស្អប់អ្នកប្រាជ្ញ | កុំខ្លាចអ្នកខ្លៅ | បើមនុស្សឆោតឆៅ | |
កូនឯងកុំភប់។ | |||
កុំភ័យខ្លាចអត់ | មើលឲ្យប្រាកដ | គួរយកគួរឈប់ | |
គួរឈានគួរឈោង | តោងមើលឲ្យគ្រប់ | កុំចេះតែងប់ | |
មិនស្ដាប់ឪម៉ែ។ | |||
រកប្ដីប្រពន្ធ | ឲ្យគិតឲ្យគន់ | ឲ្យមើលថួនថែ | |
ត្រកូលក្រខ្សត់ | ប្រាកដតាមខ្សែ | បីដូចឈើផ្លែ | |
មិនដែលចេះក្លាយ។ | |||
ជូរផ្អែមធំតូច | ដើមក្រូចផ្លែក្រូច | ដើមស្វាយផ្លែស្វាយ | |
ពូជស្រីចោរក្បត់ | មិនអត់សាហាយ | ពូជស្រីមេម៉ាយ | |
ពីម្ដាយដល់កូន។ | |||
១១៥ - | រើសពូជមិនខុស | ពូជសាំងនិងប្រុស | ទាំងអស់បងប្អួន |
ពូជសែនមេបា | ពីតាដល់ដូន | ពូជល្អសុទ្ធសូន្យ | |
ពីដូនដល់ចៅ។ | |||
រករូបមិនក្រ | អាក្រក់ហើយស | មារយាទល្អហើយខ្មៅ | |
ស្រីក្មេងមានខ្មាស | ប្រដូចតាមផៅ | ចាស់ចង់ប្រដៅ | |
មិនសូវខុសខាន។ | |||
ពាក្យចាស់លោកថា | ធ្វើស្រែចំការ | ស្ដាប់មហាសង្រ្កាន្ដ | |
ធ្វើម្ដងខុសខាត | ធ្វើម្ដងទៀតបាន | ធ្វើតាមប្រមាណ | |
ប្រមើលទឹកភ្លៀង។ | |||
រកប្ដីប្រពន្ធ | ឲ្យគយឲ្យគន់ | រើសរករូបរាង | |
ពូជថ្លៃល្មមយក | ពូជថោកល្មមវាង | រូបល្អរិកល្អៀង | |
នាងកុំប្រសព្វ។ | |||
ជាតិស្រីនិងប្រុស | បើបានជាខុស | ខុសទាល់ថ្ងៃងាប់ | |
បើបានរូបល្អ | កំរមានភ័ព្វ | មានខុសមានគាប់ | |
ដូចស្រែចំការ។ | |||
១២០ - | មួយទៀតអ្នកចាំ | អាពុកចំណាំ | ទុកជាតំរា |
កុំយកតំរាប់ | កុំស្ដាប់អាចារ្យ | បើនឹងរៀបការ | |
កុំការប្រធួន។ | |||
ប្រជែងវេលា | លឺស្គរឆ្លើយគ្នា | ប្រទប់ប្រទួន | |
ស្រុកជិតភូមិផង | របងដោយខ្លួន | អាចារ្យអាងក្បួន | |
ថាសុខសប្បាយ។ | |||
កូនអើយអ្នកចាំ | យូរណាស់៤ឆ្នាំ | ព្រាត់ប្រាស់អន្ដរាយ | |
ច្រើនស្លាប់បីនាក់ | រស់ម្នាក់មេម៉ាយ | កូនឃើញតែម្ដាយ | |
មិនឃើញអាពុក។ | |||
មានកាលស្លាប់ស្រី | ស្លាប់ចោលកូនខ្ចី | ប្ដីនៅរងទុក្ខ | |
យកប្រពន្ធទៀត | កំរពេញមុខ | កូននិងអាពុក | |
បែកគ្នាខ្ចាត់ខ្ចាយ។ | |||
កូនចៅស្រីៗ | បើនឹងយកប្ដី | កុំយកពោះម៉ាយ | |
សូវនៅម្នាក់ឯង | បន្លែងនឹងម្ដាយ | អាណិតរូបកាយ | |
ស្ដាយខ្លួនក្រមុំ។ | |||
១២៥ - | ហៅប្រុសអភ័ព្វ | ប្រពន្ធដើមស្លាប់ | មានកូនតូចធំ |
យកឯងជាចុង | បំរុងតែយំ | ច្រើនឈ្លោះជំនុំ | |
ព្រួយចិត្ដម៉ែឪ។ | |||
ហៅប្រុសចិត្ដពីរ | ពិបាករកស៊ី | រញាំរញ៉ូវ | |
ឯងនឿយស្ទើរស្លាប់ | ផ្គាប់ចិត្ដមិនត្រូវ | បីបួនរដូវ | |
ខ្លួនឯងស្លាប់ទៀត។ | |||
ចង្រៃខាងប្រុស | កូនអើយចាំចុះ | កុំយកខ្លួនបៀត | |
ស្រីណាខំយក | ស្រីនោះបង់មារយាទ | ប្រុសព្រួយខ្ចប់ធាតុ | |
ខ្ចប់គ្រប់ជាបី។ | |||
យកទៀតជាបួន | គ្រោះដល់ស្លាប់ខ្លួន | មេម៉ាយខាងស្រី | |
ប្រាកដមិនខុស | ប្រុសក្នុងលោកិយ | ស៊ូនៅអត់ប្ដី | |
ស្លាប់រស់រូបមួយ។ | |||
បើខ្លួនកំព្រា | រំពឹងមីងមា | រកស៊ីមិនព្រួយ | |
កាន់មារយាទល្អ | មិនក្រគេជួយ | បងប្អូនកូនក្មួយ | |
រត់ចូលឲ្យប្រើ។ | |||
១៣០ - | ពោះម៉ាយមានបី | កុំយកធ្វើប្ដី | មិនគាប់ប្រសើរ |
អាមួយស្រីលែង | ស្រីគេគ្រាន់បើ | ពោះម៉ាយក្លាយដើរ | |
អាងលែងប្រពន្ធ។ | |||
ពោះម៉ាយទាំងអស់ | កុំយកឲ្យសោះ | ហៅប្រុសទូរជន | |
ទូរជាតិអប្រិយ | ស្រីកើតទុក្ខធ្ងន់ | ហៅមួយជំនាន់ | |
ចំណាំមិនខុស។ | |||
កំលោះចាស់យូរ | ចាស់ទុំគេប្ដូរ | ល្មមព្រមយកចុះ | |
រកស៊ីមានបាន | សុខសាន្ដឥតឈ្លោះ | ចំរើនរូបរស់ | |
អាយុយឺនយូរ។ | |||
កុំយកប្ដីប្អូន | ថោករាសីខ្លួន | រកស៊ីមិនធូរ | |
គេហៅឯងធំ | សមហៅគេពូ | ច្រើនខ្ជិលមូទូ | |
ម៉េះម៉ស់នឹងល្បែង។ | |||
វាច្រើនមើលងាយ | ហៅស្ដីនិយាយ | ហៅហងហៅឯង | |
ខ្លួនយើងជាស្រី | ស្រដីឥតក្រែង | យល់គេប្អូនឯង | |
ឯងមើលងាយជេរ។ | |||
១៣៥ - | ពាក្យចាស់លោកចង | ប្ដីទុកស្មើបង | ប្រពន្ធស្មើម៉ែ |
មើលងាយរាល់ថ្ងៃ | ចង្រៃរាល់ខែ | រកស៊ីធ្វើស្រែ | |
ច្រើនខាតគ្រាប់ស្រូវ។ | |||
គួរយកប្ដីបង | ពាក្យចាស់លោកចង | ទុកប្ដីស្មើឪ | |
ខ្លួនឯងប្រមាថ | ប្រតិបត្ដិឲ្យត្រូវ | រាសីគង់នៅ | |
ទេព្រិក្សរក្សា។ | |||
ប្រពន្ធនិងប្ដី | ធំស្រេចនឹងស្រី | គត់គង់ភរិយា | |
ឈ្លោះហើយច្រើនខ្សត់ | ស្រីអត់លក្ខិណា | ប្ដីខ្ជិលអុស្សាហ៍ | |
ព្រោះរិកប្រពន្ធ។ | |||
ជាតិស្រីមានលក្ខណ៍ | ទេវតាពុំនាក់ | កបកើតទ្រព្យធន | |
ប្រទេចជេរវាយ | ចង្រៃទូរជន | ជួរជាតិលើសលន់ | |
លើសលុបលើប្រុស។ | |||
ហៅកាឡកិណី | វាយកូនជេរស្ដី | មិនដឹងត្រូវខុស | |
បើមានភ្ញៀវមក | រឹតរករឿងឈ្លោះ | អសោចសាយសុស | |
រង្គោះធនធាន។ | |||
១៤០ - | រកស្រីមារយាទខ្ពស់ | ចេះខ្ពើមពាក្យឈ្លោះ | ចេះទ្រាំអត់ឃ្លាន |
ចេះស្លូតចេះកាច | ចេះខ្លាចចេះហ៊ាន | ចេះខ្មាសចេះអៀន | |
កាចមានប្រាជ្ញា។ | |||
កូនចៅស្រីប្រុស | ចំណាំទុកចុះ | ទុកជាតំរា | |
គួរយកតំរាប់ | គួរស្ដាប់ពុទ្ធដិកា | ព្រះអង្គទេសនា | |
គាថាបួនបទ។ | |||
រៀនត្រាប់អ្នកប្រាជ្ញ | បើចង់ឈ្នះកាច | យកស្លូតសង្កាត់ | |
ចង់ឈ្នះមនុស្សខឹង | ឲ្យប្រឹងខំអត់ | វាជេរវាហត់ | |
វាស្បថលែងខឹង។ | |||
ចង់ឈ្នះអសុរោះ | ស្ដីលេងឡេះឡោះ | កុំធ្វើជាដឹង | |
យើងស្ដីត្រង់ណា | ឲ្យចំត្រង់ហ្នឹង | ឃើញរិកយើងរឹង | |
ខ្លាចយើងខាងក្រោយ។ | |||
ចង់ឈ្នះកំណាញ់ | ក្រដេក្រដាញ់ | សុំអ្វីមិនឲ្យ | |
បើបានចំណី | ហុចវាញយៗ | តិចដោយច្រើនដោយ | |
ក្នុងតែវាដឹង។ | |||
១៤៥ - | នេះមន្ដព្រះពុទ្ធ | ប្រាជ្ញាឲ្យមុត | ឲ្យគិតថ្លែងថ្លឹង |
កុំកាចខុសខ្នាត | កើតខាតដ្បិតខឹង | កូនអើយខំប្រឹង | |
កាន់ច្បាប់ទាំងបួន។ | |||
កុំជួញរវល់ | កុំតបតទល់ | កើតទាស់គុំគួន | |
កូនណាកាន់បាន | កូននោះសុខខ្លួន | ទោសទាស់លែងជួន | |
លែងជួបមួយជាតិ។ | |||
បើមនុស្សរែកទូល | មកនៅចំណូល | ញ៉េះញ៉ាស់ធ្វើញាតិ | |
ឲ្យមើលលៃលក | កុំយកខ្លួនបៀត | វាទូលទៅទៀត | |
អសារឥតការ។ | |||
ចំណីចំណុក | បើឲ្យស៊ីចុក | ឲ្យដោយមេត្ដា | |
កុំឲ្យជឿខ្ចី | ក្រែងខុសសន្យា | កើតទាស់កាលណា | |
រើរែករត់បាត់។ | |||
មនុស្សគ្មានកន្លែង | ខុសពីមារយាទឯង | មិនប្រុងប្រយ័ត្ន | |
តាមទាន់តឹងទារ | វាខឹងក្ដៅក្ដាត់ | គុំគួនដោយស្ងាត់ | |
បំភ្លាត់ឯងបាន។ | |||
១៥០ - | ហេតុនេះគួរគិត | គួរកូនពិនិត្យ | ច្បាស់សុំរាប់អាន |
គួរឲ្យសុំឲ្យ | គួរខានឲ្យខាន | ត្បិតពាក្យបុរាណ | |
មានពីរចំណែក។ | |||
ចងទុកជាក្បួន | ចិត្ដល្អក្រខ្លួន | នេះពាក្យមួយប៉ែក | |
មួយទៀតចិត្ដល្អ | មិនក្រយូរពេក | ឆ្នាំនេះឆ្នាំ(ស្អែក?) | |
ក្នុងតែនឹងមាន។ | |||
ចិត្ដល្អក្រខ្លួន | ចាំទុកជាក្បួន | ជាក្បាលនិទាន | |
ឃើញអ្នកទុរគត | កំសត់អត់ឃ្លាន | មិនស្គាល់ពោះវៀន | |
ហ៊ានឲ្យជឿខ្ចី។ | |||
ទៅទារមិនឲ្យ | តឹងតឿនញយៗ | ខឹងប្ដឹងកើតក្ដី | |
ខាតទាំងទ្រព្យចាស់ | អស់ទាំងទ្រព្យថ្មី | ស្គមគោក្របី | |
រវល់ក្ដីខាន់ថែ។ | |||
ចិត្ដល្អមួយទៀត | មេត្រីជាញាតិ | សំដីខ្ចីស្រែ | |
បានស្រូវស៊ីស្កប់ | ត្រលប់កាច់កែ | រំលងឆ្នាំខែ | |
ដកហូតមិនបាន។ | |||
១៥៥ - | ឯងប្ដឹងវា ត | ក្ដីទាល់តែក្រ | អស់ឆ្នាំងអស់ចាន |
របស់ក៏ខាត | របរក៏ខាន | ដឹងអស់ប៉ុន្មាន | |
ទំរាំចាញ់ឈ្នះ។ | |||
ទ្រព្យធនអ្វីៗ | ចងការជឿខ្ចី | មើលមុខឲ្យច្បាស់ | |
កុំចោលច្បាប់ខ្មែរ | កុំភ្លេចច្បាប់ព្រះ | តាមតែប្រទះ | |
ប្រទាញសងខាង។ | |||
ចាំចិត្ដកណ្ដាល | បើនឹងឈឺឆ្អាល | សប្បុរសមើលយ៉ាង | |
រៀនស្លូតរៀនប្រាជ្ញ | កាចកុំក្អេងក្អាង | ក្រែងគ្រោះសំណាង | |
ខ្មោចខាងវាស្អប់។ | |||
ល្អមិនក្រយូរ | ស្វែងរៀនរកគ្រូ | ស៊ូកុំស្ដាយទ្រព្យ | |
គ្រូវាយកុំខឹង | ឲ្យប្រឹងខំផ្គាប់ | ចេះមន្ដសាយសព្វ | |
ត្រលប់ជាមាន។ | |||
ធម្មតាអ្នកចេះ | អ្នកស្វែងចំណេះ | ចេះដ្បិតខំរៀន | |
ឆ្លាក់គូរក្បូរក្បាច់ | សាច់សិល្ប៍របៀន | អ្នកខ្សត់អត់ឃ្លាន | |
ព្រោះចិត្ដអាក្រក់។ | |||
១៦០ - | ខូចខិលល្ងង់ខ្លៅ | គ្រូជេរប្រដៅ | ខឹងលបសំលក់ |
របេញរបុញ | ភូតភរកុហក | ស៊ូប្លន់លួចឆក់ | |
មិនខំធ្វើស្រែ។ | |||
អ្នកប្លន់អ្នកលួច | ឆក់បានតិចតួច | បានគ្រាន់បើដែរ | |
ដល់គេឃើញមុខ | ត្រូវគុកច្រើនខែ | អាក្រក់ដល់ម៉ែ | |
ខូចកេរ្ដិ៍ដល់ឪ។ | |||
ចង់ខ្ពស់បានទាប | ចចើងចង់លាភ | រែងបាត់ធនទៅ | |
ពាក្យពីបូរាណ | លោកអានតំរូវ | រិកមនុស្សឥឡូវ | |
ត្រូវតាមតំរាយ។ | |||
អ្នកលួចអ្នកប្លន់ | ចង់បានប្រពន្ធ | ចេញជួញស្រុកឆ្ងាយ | |
ទិញងារមេស្រុក | សូកធ្វើចៅហ្វាយ | ចង់ថ្កើងសប្បាយ | |
ចាយប្រាក់រាជការ។ | |||
ឆបាំងបំបាត់ | លួចបានដោយស្ងាត់ | អាងមានប្រាជ្ញា | |
ក្រលេកថ្នាំងដៃ | កាលៃបោះត្រា | ទាស់ភ្នែកទេវតា | |
រក្សាផែនដី។ | |||
១៦៥ - | មួយទៀតទូរជន | ធ្វើបាបបានបុណ្យ | គឺបុណ្យមន្រ្ដី |
ទោសទៅចងចាប់ | កាប់ឥតប្រណី | បានបុណ្យមន្រ្ដី | |
ព្រោះបុណ្យធ្វើបាប។ | |||
អំពើទាំងអស់ | កុំសាងឲ្យសោះ | ចៀសវាងដរាប | |
កាន់សីលព្រះពុទ្ធ | ឱនលុតឱនក្រាប | បើក្រដុនដាប | |
មានទេវតាជួយ។ | |||
កូនអើយទេវតា | ស្ថិតសព្វព្រឹក្សា | រងោករងួយ | |
មនុស្សទ្រូស្ដឫ្យា | ឯណានិមួយ | ទេវតាពុំជួយ | |
ចំណាំស្គាល់មុន។ | |||
មិនដែលកំបាំង | រាជការបារាំង | គេចាប់ដាក់គុក | |
ដល់ខ្លួនស្លាប់ទៅ | នៅរងសោយទុក្ខ | សោយទោសនរក | |
ទាំងពីរកន្លែង។ | |||
នរកបារាំង | មានខ្សោយមានខ្លាំង | មានខ្លីមានវែង | |
នរកយម្ភបាល | គេផ្ចាលឥតក្រែង | ព្រះអង្គសំដែង | |
ថាលានកោដិឆ្នាំ។ | |||
១៧០ - | ហេតុនេះគួរវាង | គួរចាលគួររាង | គួរចងគួរចាំ |
គួរកុំធ្វើបាប | ដរាបខ្លាចកម្ម | គួរកាន់សីលប្រាំ | |
បណ្ដាំសាសនា។ | |||
ហៃកូនចៅអើយ | ក្រលាប់អស់ហើយ | មិនដូចដូនតា | |
ភ្លៀងជនខែប្រាំង | រាំងខែវស្សា | ឆ្នាំវករកា | |
ត្រីស័កនេះឯង។ | |||
រនោចផល្គុន | រកាពីមុន | ឯកស័កជាក់ស្ដែង | |
ក្នុងខ្នើតផល្គុន | ជនគ្រប់កន្លែង | ទាំងគេទាំងឯង | |
ធ្វើស្រែមិនបានផល។ | |||
ឆ្នាំរោងឆស័ក | វិសាខភ្លៀងធ្លាក់ | ពីររោចសំគាល់ | |
យប់ថ្ងៃអាទិត្យ | ងងឹតព្យុះខ្យល់ | ភ្លៀងជន់ពេញថ្នល់ | |
ពេញវាលតូចធំ។ | |||
ពេញអូរពេញជ្រោះ | ដើមឈើទាបខ្ពស់ | រលុះរលំ | |
ឫ្សីស្រុកយើង | រលើងទាំងគុម្ព | ទើបគ្រាប់វាផ្ដុំ | |
ផ្ដួចដុះជាថ្មី។ | |||
១៧៥ - | ឆ្នាំចកុរជូត | រាំងរីងរហូត | គ្រប់ឆ្នំាទាំងបី |
កើតទាំងជំងឺ | ស្លាប់មនុស្សប្រុសស្រី | ខាលថោះអស់ភ័យ | |
ធ្វើស្រែស្រូវបាន។ | |||
ភ្លៀងឆ្នាំម្សាញ់ | រលីងក្បាលក្រាញ់ | ត្រូវតាមបុរាណ | |
កត្ដឹកជន់វាល | រាលសព្វស្មសាន | អ្នកស្ទឹងប៉ុន្មាន | |
រលួយស្រូវអស់។ | |||
ដាច់ថ្នល់ខានដើរ | រាជការគេប្រើ | ទាំងចាស់កំលោះ | |
មមែរងកម្ម | បញ្ចាំកេរ្ដិ៍កោះ | គ្មានអ្វីស៊ីសោះ | |
ដាច់ពោះក្សិណក្ស័យ។ | |||
ខែចែត្រឆ្នាំវក | ស្រលះពពក | កើតមានសម័យ | |
ជាហេតុអស្ចារ្យ | សុរិយាល្ងាចថ្ងៃ | អុត្បាតង្រៃ | |
ឃើញសត្វអ្វីហោះ។ | |||
ពីជើងទៅត្បូង | ចាស់ក្មេងមើលច្រូង | បានឃើញទាំងអស់ | |
មើលមិនស្គាល់ជាក់ | ធ្លាក់ចំចន្លោះ | បាត់ឈឹងសូន្យសោះ | |
មិនដឹងទៅណា។ | |||
១៨០ - | កាលមុននោះមក | ខែបុស្សឆ្នាំវក | លែងមានប្រាជ្ញា |
មានតែមេស្រុក | វាស់បែងក្រឡា | ដីមួយហិតា | |
ត្រូវសែសឹបថាំង។ | |||
រង្វាន់មេស្រុក | ត្រូវហូតមួយទុក | ដប់ជូនបារាំង | |
ទៅដល់ប៊ុយរ៉ូ | បង្ហូរដាក់ឃ្លាំង | ពូជពីរកន្ដាំង | |
ក៏ជាប់ពន្ធដែរ។ | |||
គ្មានធូរគ្មានតឹង | កូនអើយខំប្រឹង | ជាតិឯងជាខ្មែរ | |
ក្មេងប្រុសជំទង់ | នៅក្នុងឪម៉ែ | រាជការប្រិតប្រែ | |
ថាឲ្យបង់ប្រាក់។ | |||
កូនចៅប្រុសស្រី | កើតមកលើដី | ខំរកលុយកាក់ | |
បានហើយប្រឹងខំ | ផ្សំគ្នាទុកដាក់ | គ្រាន់ទិញស្លៀកពាក់ | |
បង់ថ្លៃរាជការ។ | |||
ភទ្របទឆ្នាំច | ចាប់គោខ្មៅស | ដុតដែកបោះត្រា | |
ដល់កុរជូតឆ្លូវ | តំរូវយ៉ាងណា | នឹងកើតអស្ចារ្យ | |
រហូតរាល់ឆ្នាំ។ | |||
១៨៥ - | នគរថ្កើងប្លែក | សប្បាយតែភ្នែក | ក្នុងចិត្ដរងកម្ម |
កូនប្រុសបណ្ដាច់ | កុំភ្លេចបណ្ដាំ | កប្បាសសូត្រថ្នាំ | |
ត្រីម៉ាំលែងថោក។ | |||
ដូងស្លាអំពៅ | អំបិលស្ករស្រូវ | មានទៅមានមក | |
មានចុះមានឡើង | រាស្រ្ដយើងល្មមយក | ល្មមរេលៃលក | |
គួរយកគួរខាន។ | |||
កប្បាសនិងថ្នាំ | គួរដាស់ដីដាំ | ធ្វើដៃឯងបាន | |
កុំអាងខ្ជិលពេក | កុំដេកឈប់ខាន | កុំចោលបុរាណ | |
ម៉ែឪដូនតា។ | |||
ដីកេរគរគោក | កុំអាងខ្ជិលជោក | ទៅឈ្ងោកចិនផ្សារ | |
កូនចៅស្រីៗ | ខំរៀនធ្វើការ | បើគ្មានប្រាជ្ញា | |
មានមាត់ចេះស្ដី។ | |||
ឲ្យសួរចាស់ៗ | រៀនបោះកប្បាស | ថ្ពេចមូរសំលី | |
រៀនកូតរៀនការ | ត្រសារពាត់រវៃ | ហូលគោមគាតក្ដី | |
កុំបីចន្លោះ។ | |||
១៩០ - | រៀនថ្កររៀនត្បាញ | ឲ្យចាស់បង្ហាញ | បង្ហាត់ទាំងអស់ |
សំពត់បែបងាយ | លាយសូត្រអំបោះ | កុំទិញគេសោះ | |
ឈ្មោះការជាស្រី។ | |||
ទិញដូរតែលាក់ | អញ្ជុលចេសចាក់ | ព្រហូតជាបី | |
ធ្មេញឈើឈ្នាន់ផ្សំ | ក្ដារមូរក្ដារកី | ត្រល់ខ្នារឫ្សី | |
មុខប្ដីជាប្រុស។ | |||
តាំងពីឆ្នាំច | ការអ្វីក្រៗ | ខំរៀនទៅចុះ | |
ទាន់មានចាស់នៅ | ស្គាល់ត្រូវស្គាល់ខុស | ចាស់ស្លាប់រលស់ | |
គ្មានមនុស្សចេះដឹង។ | |||
រកស៊ីឲ្យញឹក | ដេកយប់រលឹក | រឹតក្បិនឲ្យតឹង | |
បើភ្ញាក់កាលណា | កាន់ការកាលនឹង | កូនអើយខំប្រឹង | |
ទាំងប្រុសទាំងស្រី។ | |||
រមៀតស្លឹកគ្រៃ | ជីរម្ទេសខ្ទឹមខ្ញី | មានដីដាំចុះ | |
ដាំដើមអ្វីៗ | ចំណីគ្រប់ឈ្មោះ | គ្រឿងស៊ីឆ្អែតពោះ | |
ជុះចោលទទេ។ | |||
១៩៥ - | ជុះទិសខាងជើង | ជុះដាក់ដីយើង | កុំជុះដីគេ |
កុំជុះដាក់ផ្លូវ | ត្រូវមាត់ក្មេងជេរ | ដីសល់ទំនេរ | |
ល្មមមាត់ជុះទៅ។ | |||
សក់មួយជាដប់ | ជ្រៀតសិតឲ្យសព្វ | កុំឲ្យសល់នៅ | |
បើប្រាជ្ញារាក់ | ចាក់ចិត្ដឲ្យជ្រៅ | ដាំចេកអំពៅ | |
ដូរស្រូវអង្ករ។ | |||
កើតមកជាមនុស្ស | មួយព្រួយចង់រស់ | មួយព្រួយចង់ល្អ | |
ពីនេះជាធំ | វានាំឲ្យក្រ | ចាំជាតំណ | |
តជាទំនុក។ | |||
មនុស្សមារយាទមិនប៉ិន | កូននៅខ្ញុំចិន | ព្រោះម្ដាយឪពុក | |
ធ្វើស្រែមិនត្រូវ | គ្មានស្រូវជង្រុក | កូនអើយចាំទុក | |
នេះមុខមេក្រ។ | |||
មេ១ជាធំ | កំលោះក្រមុំ | ស្លៀកពាក់ចង់ល្អ | |
បើបានបែបខ្មៅ | ថានៅបែបស | ទើបគ្រាន់អន់ក្រ | |
ត្រដរចង់ថ្កើង។ | |||
២០០ - | ក្រលាប់នគរ | រឹងរឹតកើតចោរ | ច្រើនឡើងច្រើនឡើង |
ពាលរឹងក្រអើត | ចើតម៉ើតចើតម៉ើង | ក្រដាស់យ៉ាងស្ដើង | |
ចាយរហែកនៅដៃ។ | |||
ប្រាក់ចាយអស់ទៅ | ព្រោះមនុស្សឥឡូវ | អុត្បាតចង្រៃ | |
ជាតិខ្មែរប្រែភេទ | ក្រលែតក្រលៃ | ក្រលាស់សាសន៍សៃយ | |
សព្វសត្វនានា។ | |||
ជាតិខ្មែរប្រែខុស | ស្រីក្លែងធ្វើប្រុស | ប្រុសក្លែងធ្វើជ្វា | |
យកប្ដីប្រពន្ធ | មិនស្គាល់មីងមា | បុណ្យទានការងារ | |
កាប់គ្នាឥតក្រែង។ | |||
ល្ងង់រិកធ្វើចេះ | គោចងត្រដោកសេះ | ប្រុសៗដុះស្នែង | |
ស្រីពាក់អាវខ្លី | ប្រុសពាក់អាវវែង | សារុងហៀរកែង | |
ធ្វើឯងអ្នកគ្រាន់។ | |||
កាន់ចិត្ដសីហលោ | សេះទឹមនឹងគោ | ចាក់ហ៊ោលាន់ៗ | |
រកស៊ីមួយថ្ងៃ | ចង់បានមួយពាន់ | បរគោជល់មាន់ | |
ចាក់កាប់ជាប់គុក។ | |||
២០៥ - | រីល្បែងបៀប៉ោ | ច្រើនទៅជាចោរ | ប្រកាសហាមទុក |
ចូរកូនប្រយ័ត្ន | ប្រយោជន៍ទៅមុខ | ចាំជាទំនុក | |
ដំណកូនចៅ។ | |||
អ្នកកុំប្រហែស | រាជការនិរទេស | កំចាត់ចេញទៅ | |
រាជការអាណិត | ខំប្រិតប្រដៅ | កុំលោភល្ងង់ខ្លៅ | |
ថោកផៅត្រកូល។ | |||
ប្រយ័ត្នក្រែងក្រ | ផ្លូវច្បាប់ល្អៗ | អ្នកខំប្រមូល | |
ផ្លូវវៀចអាក្រក់ | អ្នកកុំដើរចូល | ហៅផ្លូវមិនស្រួល | |
លង់ផុតគំនិត។ | |||
ដើរផ្លូវកណ្ដាល | ស្រលាញ់ស្និតស្នាល | ឈឺឆ្អាលដោយពិត | |
មគ្គផលសីលទាន | ឈានចូលឲ្យជិត | យកធម៌ជាមិត្រ | |
មិនឥតអំពើ។ | |||
មនុស្សម្នាក់ច្រើនឆោត | ច្រើនគ្មានគេកោត | ឈឺគ្មានគេមើល | |
ស្លាប់ឥតគេព្រួយ | គេជួយទាំងស្ទើរ | មិនដែលឡើងលើ | |
ច្រមុះចុះក្រោម។ | |||
២១០ - | កូនចៅស្រីៗ | ក្រមុំសាវខ្ចី | រៀនឆោតឲ្យល្មម |
ប្រុសស្មើម៉ែឪ | ឆូវឆប្រលោម | មើលរូបមើលឆោម | |
កុំព្រមដោយងាយ។ | |||
កុំក្និចក្នក់ក្នាញ់ | បើចិត្ដស្រលាញ់ | កុំចេញនិយាយ | |
បើស្អប់កុំប្ដឹង | បើខឹងកុំធ្លាយ | កុំរោះកុំរាយ | |
កុំងាយធ្វើស្និទ្ធ។ | |||
កុំដើរប្រាប់គេ | កុំអាងអួតជេរ | ក្រែងប្រុសឈឺចិត្ដ | |
នៅឲ្យតែនឹង | កុំរវល់ធ្វើស្និទ្ធ | ប្រុសនឹងអាណិត | |
គិតចូលដណ្ដឹង។ | |||
បើម៉ែឪឲ្យ | មើលមុខមើលក្រោយ | អាក្រក់ខ្មៅឆ្អឹង | |
ប្រកែកដោយស្ងាត់ | កុំខ្លាចម្ដាយខឹង | កើតកូនមកតឹង | |
ពិបាកចាយណាស់។ | |||
កុំឃ្លានចំណី | កុំខ្លាចអត់ប្ដី | កុំភ័យខ្លាចចាស់ | |
មើលមុខឯងផង | កុំរើសឥតខ្មាស | ខ្លួនល្អស្រលះ | |
មិនខ្វះគេស្ដី។ | |||
២១៥ - | បើបានជាខូច | ទាន់ផើមនៅតូច | ខែពីរខែបី |
រវៀសឆ្លើយប្រញាប់ | ប្រាប់គ្នាស្រីៗ | កុំលាក់ធ្វើអី | |
ក្នុងតែគេដឹង។ | |||
កុំមាយាបេះក្រូច | មារយាទចេះតែខូច | មាត់ចេះតែខឹង | |
គេថាត្រង់ណា | ជេរគេត្រង់ហ្នឹង | ជេរហើយខំប្រឹង | |
យកថ្មសង្កត់។ | |||
រំលាយរំលូត | អាក្រក់តែគូទ | អួតល្អតែមាត់ | |
មានគេឃើញច្បាស់ | ម្នះរឹងហ៊ានស្បថ | ទោសនេះនឹងភ្លាត់ | |
ធ្លាក់ទៅអវចី។ | |||
ចោរកាចល្ងង់ខ្លៅ | ប្រាជ្ញប្រាមប្រដៅ | ហៅបារាជិកស្រី | |
មេបាគេកាច់ | ស្លាប់ពីរស្លាប់បី | រំលូតកូនខ្ចី | |
ស្មើរំលាយព្រះ។ | |||
មានកាលមានក្ស័យ | ខ្វិនជើងខ្វិនដៃ | កខ្វេះកខ្វាស | |
ខ្វាក់ភ្នែកអន្ធការ | អនិច្ចារូបណាស់ | អាក្រក់កេរ្ដិ៍ខ្មាស | |
តកូនតចៅ។ | |||
២២០ - | អសោចសុសសាយ | សុសសព្វដល់ម្ដាយ | ដល់ពូជពង្សផៅ |
ស្លាប់ទៅរងទុក្ខ | នរកឋានក្រៅ | គេស្រុះទឹកក្ដៅ | |
ស្លាប់ទៅរស់ទៀត។ | |||
ស៊ីខ្ទះឈាមឯង | ព្រះអង្គសំដែង | ថាម៉ឺនសែនជាតិ | |
ឡើងមកជាប្រេត | ហេតុកម្មមិនឃ្លាត | អត់ឃ្លាតគ្មានញាតិ | |
ហែកកូនឯងស៊ី។ | |||
ព្រះពុទ្ធលែងប្រោស | ធម៌លែងសន្ដោស | សោយទុក្ខវក់វី | |
ហេតុចិត្ដឫ្យា | មិច្ឆាទិដ្ឋី | កើតជាជ្រូកញី | |
គេគ្រៀវគេចាក់។ | |||
អសង្ខេយ្យឆ្នាំ | ហេតុផលសេសកម្ម | កើតជាមនុស្សខ្វាក់ | |
មនុស្សខ្វិនទ្រែមទ្រម | ជាគមជាគាក់ | ខ្ទើយឆ្កួតអបលក្ខណ៍ | |
ជាអ្នកឥតប្ដី។ | |||
បើម្ដាយជួយព្រួត | ជួយនាំរំលូត | រំលាយកូនខ្ចី | |
នរកប្រេតព្រមគ្នា | មិនឃើញរស្មី | ត្បិតចិត្ដតិរ្ថិយ | |
ទាំងម្ដាយទាំងកូន។ | |||
២២៥ - | ហេតុនេះគួរខ្លាច | ធម្មតាចោរកាច | មិនដែលស្ងាត់សូន្យ |
អសោចកេរ្ដិ៍ឈ្មោះ | ទាំងអស់បងប្អូន | មេបាតាដូន | |
កាត់កាលលែងរាប់។ | |||
គួរប្រុងអិរិយា | កើតទាន់សាសនា | ហៅមហាមានភ័ព្វ | |
ទាំងស្រីទាំងប្រុស | កុំបីឲ្យធ្លាប់ | គួរខំរៀនផ្គាប់ | |
បរលោកលោកិយ។ | |||
ឯខុសនឹងគាប់ | បើនឹងរៀបរាប់ | រាល់រូបប្រុសស្រី | |
គាប់ខុសនៅចិត្ដ | ខុសគាប់នៅស្ដី | គំរប់ជាបី | |
ខុសត្រូវនៅកាយ។ | |||
កូនប្រុងប្រព្រឹត្ដ | ការកេរ្ដិ៍ឲ្យជិត | គំនិតឲ្យឆ្ងាយ | |
កើតមកជាខ្មែរ | កុំប្រែក្លែងក្លាយ | ធម្មតាសប្បាយ | |
វាតែងឲ្យទុក្ខ។ | |||
ឲ្យទោសឲ្យទែង | ទាស់តែម្នាក់ឯង | ដល់ម្ដាយឪពុក | |
រីឯរឿងទោស | មានតែពីរមុខ | មួយនៅនរក | |
មួយនាលោកិយ។ | |||
២៣០ - | លោភោទោសោ | កើតពីមោហោ | រាល់រូបប្រុសស្រី |
គួរកាន់មេត្ដា | កតញ្ញូខន្ដី | នេះជាបាលី | |
ទៅកាន់បរលោក។ | |||
ពាក្យពិតប្រដៅ | ឲ្យអស់កូនចៅ | ប្រព្រឹត្ដរៀនយក | |
កូនណាមិនរៀន | កូននឹងមារយាទថោក | នឹងធ្លាក់ជ្រុលជ្រក | |
ក្នុងចតុបារាយ។ | |||
ធំស្រេចនៅស្លូត | សុខខ្លួនរហូត | ដរាបវែងឆ្ងាយ | |
ខន្ដីអំណត់ | សង្កត់ក្នុងកាយ | ជាតិជនទាំងឡាយ | |
កំរកាន់បាន។ | |||
ចេះហើយមិនដឹង | ចិត្ដនៅម្នះរឹង | ប្រឹងរកកម្មដ្ឋាន | |
រកធម៌មិនយល់ | ខ្ជិលខ្វល់ឈប់ខាន | បន្ទោសបុរាណ | |
ថាគ្មាននិស្ស័យ។ | |||
រីបាបនិងបុណ្យ | មានចិត្ដជាមុន | មាត់ជាបច្ច័យ | |
នាំចុះនាំឡើង | ពីជើងពីដៃ | សន្សំសព្វថ្ងៃ | |
ឈ្មោះហៅសំណាង។ | |||
២៣៥ - | កើតក្នុងលោកិយ | រាល់រូបប្រុសស្រី | មានចិត្ដមានអាង |
កុសលអកុសល | ប្រទាញសងខាង | រូបនៅតេងតាង | |
តែងតាមទៅមក។ | |||
មគ្គផលសីលទាន | បើល្ងង់ឲ្យរៀន | បើគ្មានឲ្យរក | |
យល់ល្អសាងស្អាត | សង្វាតជ្រៀតជ្រក | ជ្រើសរើសរៀនរក | |
រក្សារូបកាយ។ | |||
នេះជាហៅច្បាប់ | ជាទីសណ្ដាប់ | សណ្ដានទាំងឡាយ | |
កូនចៅប្រុសស្រី | កុំបីនឿយណាយ | សង្ខេបបរិយាយ | |
និដ្ឋិតំចែងចប់។ | |||
អ្នកព្រះភិរម្យ | អាចារ្យង៉ុយខ្ញុំ | បង្គំម្រាមដប់ | |
លើសលស់ឆ្គាំឆ្គង | រំលងពុំគាប់ | ពុំគួរសមសព្វ | |
សុសសាយសេចក្ដី។ | |||
កាយកម្មវចីកម្ម | ឈ្មោះច្បាប់បណ្ដាំ | កូនចៅប្រុសស្រី | |
ជាបរមត្ថក្រៅ | មិនហៅបាលី | បរលោកលោកិយ | |
ទាំងពីរកន្លែង។ | |||
២៤០ - | បើលោកឯណា | ចេះចាំធម៌អាថិ | ប្រាកដជាក់ស្ដែង |
ឃើញខុសត្រង់ណា | កុំថាជាល្បែង | ដ្បិតពាក្យខ្ញុំតែង | |
ឲ្យក្មេងវាភ័យ។ | |||
មិនមែនភរភូត | កុំថាខ្ញុំអួត | ប្រាជ្ញាខ្ញុំវៃ | |
ឃើញមនុស្សវង្វេង | ខ្ញុំតែងច្បាប់ថ្មី | អស់អាថិសេចក្ដី | |
អេវំចប់ហោង។ | |||
គេហទំព័រ KCD Khmerkrom សូមស្វាគមន៍ គេហទំព័រនេះត្រូវបានបដិសន្ធិឡើងក្នុងគោលបំណង ជាឃ្លាំងផ្ទុុកនូវឯកសារជាច្រើន ដើម្បីងាយស្រូលក្នុងការសិក្សាស្រាវជ្រាវនូវប្រធានបទដែលពាក់ព័ន្ធ ជាពិសេសសម្រាប់ សិស្សិ-និស្សិត ស្រាវជ្រាវទៅតាមជំនាញរបស់ខ្លួន។ គេហទំព័រ សូមធ្វើការអធ្យាស្រ័យទុកជាមុន រាល់កំហុសឆ្គងដែលកើតឡើងដោយឥតចេតនា ។ យើងខ្ញុំសូមទទួលការរិះគន់ ដើម្បីស្ថាបនា ! សូមអគុណ !
Wednesday, December 2, 2015
ច្បាប់ល្បើកថ្មី
ចំណាត់ថ្នាក់អត្ថបទ
កំណាព្យ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment