Wednesday, December 2, 2015

ច្បាប់ត្រីនេតិ


ច្បាប់ត្រីនេតិ

បទកាកគតិ
បពិតមហារាជទ្រើទ្រង់អំណាចអញ្ជើញស្ដេចស្ដាប់
 ទំនឹមទំនងនេះហោងជាច្បាប់ទុកជាសណ្ដាប់
  នៃនរជនជាតិ។ 
 នរូអ្នកណានឹងចូលទៅជាវររាជអាមាត្យ
 សេនាមន្រ្ដីកវីជាអាទិ៍រៀនច្បាប់ជាខ្នាត
  តែងទុករៀងទៅ។ 
 បំរើព្រះបាទព្រះបរមនាថអធិរាជចមចៅ
 ឲ្យសមឲ្យល្មមនឹងក្សត្រានៅឲ្យឡើងគាល់ហ្វៅ
  អ្នកជាអម្ចាស់។ 
 មួយនោះព្រះអង្គក្សត្រាទ្រើសទ្រង់គ្រងផ្ទៃក្រោមក្រាស់
 គួរមានមនោរម្យសុខសមសោមនស្សរៀនឲ្យច្បាស់លាស់
  ត្រង់ច្បាប់នេះណា។ 
អស់មុខមន្រ្ដីដោយព្រះបាលីនាសតិរាជា
 បើមុខមន្រ្ដីពុំពិចារណានឹងក្សិណក្សត្រា
  ពុំលែងឡើយហោង។ 
 ត្យិតមុខមន្រ្ដីសេនាបតីពុំដោយគន្លង
 លោភោចង់បានបំពានរាស្រ្ដផងរាស្រ្ដរឹងក្ដៅហោង
  អង្គងឥតអាស្រ័យ។ 
 រាស្រ្ដដូចមច្ឆាមន្រ្ដីសេនាដូចគង្គានៃ
 បើប្រែជាក្ដៅក្រៃក្រៅវិស័យរាស្រ្ដរឹងកើតភ័យ
  អង្គឥតពុំនាក់។ 
 មន្រ្ដីយោធាបីដូចព្យគ្ឃានិងពស់ពភ្លាក់
 រីអស់រាស្រ្ដផងចរចូលពឹងពាក់ក្សិណប្រែជាយក្ខ
  យង់ឥតករុណា។ 
 មួយកុបុត្ដំទាសតិធនំបទបន្លែថា
 បើមានកូនកាចកំណាចហើយណាសឹងវិនាសប្រា
  កដគឺសណ្ដាន។ 
១០មួយកុភូមំនាសតិធនំវិនាសធនធាន
 នៅភូមិអាក្រក់នោះនឹងកើតមានព្យាធិបៀតប្រាណ
  ពិតពុំប្រពៃ។ 
 មួយកុគេហំនាសតិវិជំបន្លែនេះនៃ
 នៅផ្ទះអាក្រក់នឹងកើតហិនហៃប្រាជ្ញាញាណញេយ្យ
  អាប់ឥតមង្គល។ 
 កើតកេរ្ដិ៍អាប់យសដោយនូវពាក្យមនុស្សគេដើរមកយល់
 ហើយគេដឹងថាផ្ទះអាក្រក់សល់កើតអពមង្គល
  ដោយពាក្យគេថា។ 
 ឯសុមន្រ្ដីដោយអាថិបាលីវុឌ្ឍិរាជា
 បើមុខមន្រ្ដីមែនមានប្រាជ្ញាដឹងអស់អធ្យា
  ស្រ័យគ្រប់ប្រការ។ 
 តំរង់មហាក្សត្រសោយរាជសម្បត្ដិក្សេមក្សាន្ដភពភារ
 អស់រាស្រ្ដមណ្ឌលសកលបរិពារសឹងអស់រង្គាល
  ដល់តិចឡើយហោង។ 
១៥ឯសុបុត្ដំវុឌ្ឍិកុលំថាបើកូនផង
 មែនមានគំនិតល្អឥតឯហ្មងសឹងចំរើនបង
  ប្អូនសាច់សន្ដាន។ 
 ឯសុភូមំវុឌ្ឍិធនំថាទោះភូមិស្ថាន
 ល្អហើយនោះនឹងចំរើនធនធានសារពើសឹងបាន
  ដូចចិត្ដប្រាថ្នា។ 
 ឯសុគេហំវុឌ្ឍិវិជំថានៅគ្រឹហា
 ល្អហើនោះនឹងចំរើនប្រាជ្ញាសារពើប្រាថ្នា
  ពិតពុំកម្រ។ 
 ទោះអ្នកផងដើរគេសឹងសរសើរថាផ្ទះនោះល្អ
 ចំរើនសួស្ដីចំរើនមាត់មនុស្សផងគេសរ
  សើរផ្ទះនោះនៃ។ 
 ច្បាប់នេះត្រកាលសូមព្រះភូបាលបរមក្សត្រិយ៍ថ្លៃ
 ទ្រង់ព្រះតំរិះត្រិះដោយញាណញេយ្យទុកក្នុងហរិទ័យ
  ជាច្បាប់ទៅហោង។ 
២០បពិត្រព្រះបាទព្រះបរមនាថលើសលោកកន្លង
 ជាតិជាអិសូរកំពូលរាស្រ្ដផងព្រះអង្គជាច្បង
  ឯងឥតផ្ទឹមដល់។ 
 យកព្រះប្រាជ្ញាយកព្រះញាណថ្លាថ្លែងព្រះយោបល់
 ត្រេកត្រិះតំរាបអ្នកបាបកំហល់ឲ្យនីរព្យសន៍សល់
  បានដូចប្រាថ្នា។ 
 ទុក្ខរាស្រ្ដទាំងឡាយក្នុងក្រៅបន្ទាយសព្វព្រះមាត្រា
 ព្រះឱស្ឋបណ្ដាំទុកលើសិរសាទំងន់អាជ្ញា
  លើរាជមន្រ្ដី។ 
 បពិត្រមហារាជទ្រើសទ្រង់អំណាចចេស្ដារិទ្ធី
 អញ្ជើញស្ដេចស្ដាប់ជាច្បាប់គម្ពីរសព្វព្រះសំភី
  ថ្កល់ថ្កើងចំពោះ។ 
 បីៗអសារបីៗឥតការបីៗសូន្យសោះ
 ម្ដេចហៅអសារឥតការដូច្នោះម្ដេចហៅសូន្យសោះ
  ទេទៅឥតត្រើយ។ 
២៥នាហៅអសារមានទ្រព្យឥតការពុំធ្វើបុណ្យឡើយ
 ពុំសងគុណគេអ្នកឯទៀតឡើយញាតិឯងជាត្រើយ
  ពិតពុំស្រោចស្រង់។ 
 នាហៅអសារមានទ្រព្យឥតការពុំធ្វើបុណ្យឡើយ
 ពុំសងគុណគេអ្នកឯទៀតឡើយញាតិឯជាត្រើយ
  ពិតពុំស្រោចស្រង់។ 
 នាហៅឥតការចាំសីលាចារមោះឥតពាក្យត្រង់
 ចិត្ដចង់បានបុណ្យពុំប្រណិប័តន៍សង្ឃចង់យសបានអង្គ
  ពិតពុំឧស្សាហ៍។ 
 នាហៅសូន្យសោះលឺធម៌ពិរោះពុំស្ដាប់ធម្មា
  ពុំធ្វើបរិសុទ្ធ។ 
 បីផ្គង់ស្នេហាបីផ្គង់ភរិយាបីៗផ្គង់បុត្រ
 ម្ដេចហៅស្នេហាភរិយាបរិសុទ្ធម្ដេចហៅផ្គង់បុត្រ
  អស់ន័យនេះផង។ 
 នាផ្គង់ស្នេហារសគាប់ពិសាកុំភ្លេចឡើយហោង
 សំណេះសំណួរសាកសួរស្នេហ៍ស្នងឧត្យាតនេះហោង
  ពុំបង់ឡើយនៃ។ 
៣០នាផ្គង់ភរិយារណ្ដាប់គ្រីហាខ្ជាប់ខ្ជួនប្រពៃ
 ទោះទ្រព្យរបស់អំរស់ទុកដៃរក្សាសំចៃ
  ពុំធ្លោយឡើយណា។ 
 នាហៅផ្គង់បុត្រប្រពៃបរិសុទ្ធឲ្យរៀនសាស្រ្ដា
 សិល្បសារពើគាប់ជាច្បាប់អាត្មាអរឲ្យភរិយា
  ដូចដោយចិត្ដថ្វាត់។ 
 បីៗហិនល័ក្ខណ៍បីៗហិនស័ក្ដិហិនសួស្ដីថ្វាត់
 ម្ដេចហៅហិនល័ក្ខណ៍ហិនស័ក្ដិបង់បាត់ហិនសូន្យទៀងទាត់
  ន័យនេះសោតហោង។ 
 នាហិនលក្ខណាសរសើរអាត្មាឯងចេះកន្លង
 ពោលឥតគេស្ដាប់សូរស័ព្ទសាសងចូលស្ថានអ្នកផង
  ឥតគេស្រដី។ 
 នាហៅហិនល័ក្ខណ៍ស័ព្ទគេលឺជាក់ឥតស័ព្ទភេរី
 មានមហាក្សត្រាឥតមានក្សត្រីមានរាជធានី
  ហើយគ្មានបន្ទាយ។ 
៣៥នាហិនសួស្ដីល័ក្ខណ៍ផ្ទះអប្រិយភូមិសោតរំសាយ
 ស័ក្ដិសឹងពុំជាយាត្រាទៀតឆ្ងាយនិមិត្ដស្កុនកាយ
  អង្គឲ្យអប្រិយ។ 
 បីៗបាត់ស្និទ្ធបីៗបាត់មិត្ដបីបាត់ពន្លឺ
 ម្ដេចហៅបាត់ស្និទ្ធបាត់មិត្ដមេត្រីពន្លឺរស្មី
  បាត់បង់នោះណ៎ា។ 
 នាហៅបាត់ស្និទ្ធពោលពាក្យសុខចិត្ដខ្សឹបខ្សៀវជេរថា
 ធ្វើមុខអាក្រក់កុហកជាសាហេតុនោះលោកថា
  បាត់ស្និទ្ធពុំមាន។ 
 វិន័យបាត់មិត្ដពោលពាក្យពុំគិតសត្យាសងសាន
 នាស្ថានលំនៅពុំទៅមកថ្កានខ្ចីទ្រព្យបង្ខាន
  មុខពុំឲ្យយល់។ 
 នាបាត់ពន្លឺភ្នែកពិតពុំភ្លឺពុំយល់បរិបូណ៌
 ឥតសាច់ឥតញាតិស្ដាប់ស័ព្ទស្ដាប់សូរពិតពុំបរិបូណ៌
  វិញ្ញាណឯងអាច។ 
៤០បីបាត់ខុនណាងបីៗបាត់ជាងបីៗបាត់ប្រាជ្ញ
  ទាំងបីនេះណ៎ា។ 
 នាហៅបាត់ខុនណាងនេះជាមុនស្រីមានលក្ខណា
 ពុំស្ដាប់អម្ជាស់យប់ថ្ងៃឡើយណ៎ាខ្លួនចាស់ព្រឹទ្ធា
  ស្រដីឡេះឡោះ។ 
 រីបាត់ជាងជាតិធ្វើការឥតខ្នាតពុំស្រេចការនោះ
 វាតែងឲ្យឃ្លាតនឹងខ្នាតសូន្យសោះពុំត្រូវចំពោះ
  នឹងក្បួនច្បាប់ឡើយ។ 
 នាបាត់ប្រាជ្ញប្រុះកាលជុំនុំនោះស្ងៀមស្ងាត់ព្រងើយ
 ពាក្យពុំស្រដីតិរ្ថិយឥតត្រើយពុំសេពគប់ឡើយ
  មារយាទអប្រិយ។ 
 បីៗបានរសបីៗសប្បុរសបីៗពន្លឺ
 ម្ដេចហៅមានរសសប្បុរសមេត្រីពន្លឺរស្មី
  ចាយចែងចរចា។ 
៤៥ទោះមានរសកាលណាសេពសោយអាហារមានរសពិសា
 អ្នកមានសប្បុរសកបរសវាចាមែនមានភរិយា
  មារយាទប្រពៃ។ 
 រីសប្បុឫាប្រកបលក្ខណាមានធម៌សោតនៃ
 ស្រដីនូវអាថ៌ជាធម៌ឈ្លាសវៃគាល់អម្ចាស់ថ្លៃ
  មានពិចារណា។ 
 រឺពន្លឺនោះកាលហូបបាយឆ្ពោះទៀងទើបភោក្ដា
 ពោលពាក្យនូវអ្នកមានព្រះប្រាជ្ញាប្រកបភរិយា
  ប្រណិប័តន៍សព្វកាល។ 
 បីៗហិនហោចបីៗស្រមោចបីៗសាធារណ៍
 ម្ដេចហៅហិនហោចស្រមោចឥតការម្ដេចហៅសាធរណ៍
  ស្រេចស្រាយចេញហោង។ 
 នាហៅហិនហោចអសោអសោចិ៍ខ្លួនខ្លៅធ្វើឆ្គង
 គប់នូវអ្នកផឹកប្រមឹកស្រាផងប្រពន្ធសោតហោង
  ស្រដីមាយា។ 
៥០នាហៅស្រមោចត្រមោលកណ្ដោចកណ្ដែងកំព្រា
 ឯងមានរបៀបឥតប្រៀបអ្នកណាឥតបុត្រស្ងួតភ្ងា
  ត្រមោចសោតសល់។ 
 នាហៅសាធារណ៍មានព្រៀងឥតការបំបែកកិច្ចកល
 ប្រពន្ធឫ្សាអាត្មាទុព៌លរឹងព្រួតបំណុល
  លើខ្លួនទៀតកូវ។ 
 បីៗសាមាន្យបីអន្ដរធានបីៗអាស្រូវ
 ម្ដេចហៅសាមាន្យអន្ដរធានកូវម្ដេចហៅអាស្រូវ
  ពាក្យនេះលោកថា។ 
 នាហៅសាមាន្យសង់ផ្ទះនាស្ថានទៀបផ្សារពុំជា
 គប់នូវអ្នកពាលសាធារណ៍មោហាប្រពន្ធនោះណ៎ា
  ច្រើនបំណុលនៅ។ 
 រីអន្ដរធានសង់ផ្ទះនាស្ថាននោះនៅជិតផ្លូវ
 ខ្លួនរែងអប្រិយមានក្ដីអាស្រូវប្រពន្ធនោះកូវ
  ប្រមឹកស្រាផង។ 
៥៥នាហៅអាស្រូវសង់ផ្ទះជិតផ្លូវធ្លានោះសោតហោង
 ម៉ែក្មេកពុំជាមាត់រឹងកន្លងប្រពន្ធនោះហោង
  គេលែងទៀតខ្មី។ 
 បីៗបរលោកបីៗពុំថោកបីៗលោកិយ
 ម្ដេចហៅបរលោកពុំថោកនោះក្ដីម្ដេចហៅលោកិយ
  គួរដឹងសោះសា។ 
 នាហៅបរលោករកគ្រូនាលោកដ៍មានប្រាជ្ញា
 ខ្លួនសោតពុំខ្ជិលចាំសីលភាវនាចិត្ដថ្លាសទ្ធា
  ពុំដែលដាច់ឡើយ។ 
 នោះហៅពុំថោករក្សាប្រាណលោកដំណឹងខ្លួនហើយ
 អង្គុយខ្ពង់ខ្ពស់ថ្កើងយសជាត្រើយភរិយាគាប់ហើយ
  ត្រកូលថ្លៃផង។ 
 នាហៅលោកិយពុំយល់ឯងក្ដីមានច្បាប់សោតហោង
 ពាក្យពោលសត្យាចរចាឥតហ្មងពាក្យពីរោះផង
  សាន្ដសមសាទរ។ 
៦០បីៗប្រាសលោកបីៗថយថោកប្រាសលោកុត្ដរ
 ម្ដេចហៅប្រាសលោកថយថោកពុំប-រិបូណ៌លោកុត្ដរ
  ឲ្យពិចារណា។ 
 នាហៅប្រាសលោកស្រដីថយថោកពាក្យនោះពុំជា
 ខ្លួនឯងតំអឹងពាក្យរឹងមហិមាយល់ចាស់ព្រឹទ្ធា
  ពិតពុំប្រណិប័តន៍។ 
 ថោកប្រាណពេកណាទុរយសអសារអង្គុយថយក្ដាត់
 អាហារថយផ្ចង់បំរុងពីមាត់នេះហោងលោកកាត់
  ហៅថយថោកហោង។ 
 រីប្រាសលោកកូវគួរនោះពុំត្រូវដោយធម៌ទំនង
 យល់សង្ឃឥតចិត្ដប្រណិប័តន៍សង្ឃផងសីលទាននោះហោង
  ពុំស្គាល់ឡើយណា។ 
 មានតែបំបាត់ជីវិតសព្វសត្វឥតមានមេត្តា
 ហៅប្រាសលោកកូវគួរនៅឯណាមានពន្ធបីប្រ-
  ការអកុសល។ 
៦៥ព្រះអង្គមហាក្សត្រិយ៍សោយរាជ្យសម្បត្ដិគ្រងរាជ្យមណ្ឌល
 រើសរកសេនាឲ្យជាសុខពលហើយនឹងដំកល់
  ស្នងព្រះនេត្រន័យន៍។ 
 ក្រឡាពាសធំជាមេកងជុំការសង្រ្គាមជ័យ
 ស្រាល់រកអ្នកណាចេះអធ្យាស្រ័យមានប្រាជ្ញាវៃ
  ស្គាល់គ្រប់រាជការ។ 
 ស្គាល់ទោសស្គាល់គុណស្គាល់ក្រោយស្គាល់មុនដើមចុងកណ្ដាល
 ស្គាល់បាបស្គាល់បុណ្យស្គាល់ធ្ងន់ស្គាល់ស្រាលស្គាល់ប្រាជ្ញស្គាល់ពាល
  ស្គាល់ខ្លាចស្គាល់ហ៊ាន។ 
 ស្គាល់តិចស្គាល់ច្រើនសង្វាតក្រវើនស្គាត់អត់ស្គាល់ឃ្លាន
 ស្គាល់វៀចស្គាល់ត្រង់ស្គាល់ភូតស្គាល់មានស្គាល់ដីស្គាល់ដែន
  ស្គាល់ព្រៃស្គាល់ត្រាញ់។ 
 ស្គាល់គាប់ស្គាល់ខុសស្គាល់ស្លាប់ស្គាល់រស់ស្គាល់ឈ្នះស្គាល់ចាញ់
 ស្គាល់បាញ់ស្គាល់បោះស្គាល់ដោះស្គាល់ដេញស្គាល់ចូលស្គាល់ចេញ
  ស្គាល់បាត់ស្គាល់មាន។ 
៧០ស្គាល់តឹងស្គាល់ធូរស្គាល់ឆាប់ស្គាល់យូរស្គាល់ហូលស្គាល់ខៀន
 ស្គាល់ដើរស្គាល់ដេកស្គាល់ស្រេកស្គាល់ឃ្លានស្គាល់បង់ស្គាល់បាន
  ស្គាល់មានស្គាល់ខ្សត់។ 
 បើនមានកង្វល់កលិយុគមកដល់គេប្រាប់ប្រាកដ
 បាកុំឆោតឆ្ងល់វិលវល់រន្ធត់កុំផ្សូរយូររត់
  តំអក់តំអឹង។ 
 កុំច្រើនវង្វេងងងោងងងេងមមីមមមឹង
 កុំច្រើនប្រទូស្ដរឹងរូសរបឹងកុំខ្ជិលរំពឹង
  តែងដែកនិន្ទ្រា។ 
 កុំលោភចង់បានទ្រព្យគេបំពានពន្លឹកសោះសា
 កុំរៀនកំណាញ់ស្វិតស្វាញឫ្សាពុំស្គាល់កាចជា
  ពាក្យពេចន៍ទ្រគោះ។ 
 កុំលេងជាល្បែងរំពឹងយល់ឈ្វេងពាក្យពុំពិរោះ
 ស្រដីឲ្យដាច់ឲ្យស្រេចឲ្យស្មោះកុំធ្វើឡេះឡោះ
  សសោះអន្ទង។ 
៧៥កុំធ្វើហេងហាងកុំអួតកុំអាងខុសក្ដីបំណង
 កុំច្រើនក្រអែសប្រហែសលេងលងឲ្យរៀនត្រងរង
  នូវក្ដីកំណត់។ 
 អ្នកណាអាចស្គាល់អាចដឹងអស់អាថិជាក់ជាងប្រាកដ
 ធ្វើការសង្គ្រាមព្យាយាមចំហុតលឺកេរ្ដិ៍ប្រាកដ
  ដូចព្រះរាមា។ 
 ស្ដេចផ្ចាញ់អសុរអស់ឥតសំណល់ដល់មួយឡើយណា
 បើមានសណ្ដាប់ក្រមច្បាប់សាស្រ្ដាទុកអង្គអាត្មា
  ទីទៃគ្រប់ប្រាណ។ 
 រីច្បាប់នេះណាបើអ្នកឯណាយកទុកឲ្យបាន
 ក្នុងអង្គអាត្មាជាសណ្ដាប់ប្រាណអ្នកនោះនឹងបាន
  ជាអង្គអ្នកប្រាជ្ញ។ 
 បើអ្នកឯណាបានមើលអក្ខរាថាឲ្យស្រួលស្រេច
 ជួយជួសសេចក្ដីអស់អាថ៌សេចគ្រេចឲ្យទានបន្ដិច
  កុំសើចឡើយហោង។ 
៨០ជួយកែឲ្យត្រូវតំរង់តំរូវដោយនូវគន្លង
 ជាច្បាប់បុរាណពិតពីព្រេងហោងឲ្យត្រូវបំណង
  ព្រេងព្រឹទ្ធបុរាណ។ 
 សេចក្ដីនេះណានិទានអស់អាថិចប់បរិបូណ៌បាន
 នេះហោងជាច្បាប់សណ្ដាប់គ្រប់ប្រាណឲ្យឱវាទទាន
  និដ្ឋិតំចប់ហោង។ 

No comments:

Post a Comment