Wednesday, December 2, 2015

ច្បាប់អរិយសត្ថា


ច្បាប់អរិយសត្ថា
បទកាកគតិ
១-អរិយសត្ថា(១)គន់គិតចែងចារ
ចងទុក្ខជាច្បាប់
 ឲ្យអស់សិស្សផងត្រងត្រាប់សណ្ដាប់
យកជាតំរាប់
  តំរង់អាត្មា។ 
 ឲ្យមានប្រយោជន៍
ប្រយ័ត្នអសោចិ៍
រាល់រូបអ្នកណា
 អម្បាលមករៀន
របៀបសាស្រ្ដា
ប្រយ័ត្នអាត្មា
  ការកេរ្ដិ៍លោកិយ។ 
 ទោះនឹងចេញទៅ
ប្រយោជន៍នានៅ
ផ្គាប់ផ្គុនមន្រ្ដី
 ឲ្យត្រូវនឹងច្បាប់
សណ្ដាប់សួស្ដី
ដូចលោកស្រដី
  ប្រដៅទុកមក។ 
 បើមិនចង់ទេ
ចង់នៅទំនេរ
ជួញប្រែរិះរក
 ចិញ្ចឹមជីវិត
គួរគិតរៀនយក
របៀននោះមក
  ទើបរកទ្រព្យបាន។ 
៥ -វាយលេខទាត់ក្បាច់
សឹងផ្សំសំរេចឲ្យបានដឹងដាន
 ដឹងដើមដឹងចុងដឹងបង់ដឹងបានដឹងគិតប្រមាណ
  កត់ត្រាបញ្ជី។ 
 ឲ្យបានប្រយោជន៍
ប្រយ័ត្នអសោចិ៍ជាអ្នករកស៊ី
 សំរាប់លោកិយ
ប្រក្រតីជាទីសំគាល់បញ្ជី
  ស្មៀនត្រាសៀវភៅ។ 
 គត់គិតប្រយ័ត្ន
អស់ទ្រព្យសម្បត្ដិឲ្យស្ទាត់ដោយនូវ
 វាយលេខទាត់ក្បាច់
ឲ្យស្រេចឃើញផ្លូវសឹមថយចេញទៅ
  តាមផ្លូវលោកិយ។ 
 ល្មមដឹងតិចច្រើនល្មមដឹងក្រវ៉ើនទ្រព្យធនអ្វីៗ
 លេខនិងអក្សរ
កំដរស្មារតីសំរាប់លោកិយ
  នោះឯងទើបត្រូវ។ 
 បើតែវិលវេះ
ខ្ជិលដេកស្រមេះស្រមូញស្មូញស្ញូវ
 ស្រទាងលើខ្នើយ
កន្ដើយលក់ទៅនរណានឹងនៅ
  ដាស់តឿនឲ្យទៀត។ 
១០មិនដឹងរឺអ្វីក្នុងរាជលោកិយរាជការចង្អៀត
 នរណាទុកឯងលេងវាយដៃព្រាតឃើញហើយគេបៀត
  តំរៀបរាជការ។ 
 ហេតុនោះគួរគិតគួរកាន់គំនិតគួរគិតឧស្សាហ៍
 សង្វាតរករៀនរបៀនសាស្រ្ដាតំរិះប្រាជ្ញា
  បង្ការទុកទៅ។ 
 បើដោះខ្លួនរួចរាប់ជាអ្នកស្រួចដឹងគិតរាក់ជ្រៅ
 ក្នុងរាជលោកិយសេចក្ដីឥឡូវគិតឲ្យឃើញផ្លូវ
  នឹងទៅមុខទៀត។ 
 រីត្រង់ឯខ្លៅគេថយចេញទៅរកស៊ីចង្អៀត
 គិតគូរម្ដេចម្ដាប្រវាបែរបៀតពឹងអ្នកកន្ទៀត
  ដូចខ្លួនកាលណា។ 
 ហេតុតែខ្លួនឯងចេះគិតតាក់តែងឲ្យគ្រប់ប្រការ
 ទាំងលេខទាំងក្បាច់
ស្រេចនូវអាត្មាឯងឲ្យអស់ការ
  គិតគូរសព្វសាយ។ 
១៥ទើបបានគេកោត
គេមានចំណោទគេកោតប្រាជ្ញប្រាយ
 គេយល់ឯងចេះ
ចំណេះលែបខាយពុំមានក្លែងក្លាយ
  បំបាត់បានឡើយ។ 
 រីត្រង់អ្នកខ្លៅ
ផ្ដេកផ្ដិតចិត្ដទៅយកគេជាត្រើយ
 កាលម្ដងគេត្រង់
គង់ចិត្ដនៅឡើយដល់ពីរដងហើយ
  គេប្រែប្រាជ្ញា។ 
 គេគិតទាយទាត់
វាយលេខបំភ្លាត់បំផ្លាញអាត្មា
 ចំណេញទៅគេ
ទទេអសារខ្លួនឯងឥតការ
  ខាតទុនក្រខ្លួន។ 
 នេះឯងក្មេងអើយកុំប្រហែសឡើយរៀនទុកជាក្បួន
 ទាំងលេខទាំងក្បាច់
អាស្រ័យនៅខ្លួនអក្សរឲ្យសួន
  ទាន់ខ្លួននៅក្មេង។ 
 តែចាស់បន្ដិច
វិញ្ញាណភ្លាំងភ្លេចគំនិតប្រែផ្សេង
 គិតការច្រើនមុខកើតទុក្ខកន្លែងប្រាប់អស់ក្មេងៗ
  ឲ្យដឹងឲ្យហើយ។ 
២០កុំអាងម៉ែឪសម្បត្ដិដែលនៅមានច្រើននោះឡើយ
 ក្រែងឥតនឹងម៉ែនឹងឪទៅហើយខ្លួនខ្លៅឆោតឆើយ
  ល្ងិតល្ងង់មោហា។ 
 ក្រែងអស់ទាំងទ្រព្យនោះវាមិនខ្ជាប់នៅនឹងអាត្មា
 ខ្លួនឯងឆោតឆៅកំឡៅមោហាមិនចេះរក្សា
  មិនបានគង់ទេ។ 
 ខូចខាតមិនខានគំនិតមិនបានប្រហែលខ្ញុំគេ
 គេវាយគេធាក់គេប្រើគេជេរមិនឲ្យទំនេរ
  ខ្មាស់គេតិចអ្វី។ 
 ដូច្នេះគួរគិតគួរឃើញគំនិតគួរគិតសេចក្ដី
 ជាមនុស្សដូចគេគួរតែឃ្មាតឃ្មីរំលឹកស្មារតី
  ស្រលាញ់របៀន។ 
 កុំគិតខ្ជិលពេកកុំគិតពួនដេកកុំគិតវេះរៀន
 កុំគិតមានពុតរមត់កិចកៀនកុំគិតអៀនប្រៀន
  វេះវៀនចិត្ដកាច។ 
២៥ឲ្យរៀនចិត្ដល្អដឹងធម៌អក្សរគួរគិតកោតខ្លាច
 ការកេរ្ដិ៍ប្រយ័ត្នគួរកាត់ចោលកាចគួរឲ្យខ្លួនខ្លាច
  កុំឲ្យគ្រូទាយ។ 
 ពាក្យគ្រូធ្ងន់ណាស់ដំនៀលដល់ចាស់ពីព្រេងមុខនាយ
 ឯត្រង់ពាក្យម្ដាយទំនាយគ្រូទាយនេះឯងមិនងាយ
  អាក្រក់ណាស់ណា។ 
 ឲ្យប្រុងប្រយ័ត្នបំរើប្រណិប័តន៍កាន់ចិត្ដស្នេហា
 កុំឲ្យអន់អាក់ថ្នាំងថ្នាក់ចិន្ដាគ្រូទាយហើយណា
  ឆុតឆាប់ណាស់ហោង។ 
 ឲ្យដឹងបាបបុណ្យស្គាល់ទោសនិងគុណជាទុនទៅមុខ
 គុណគ្រូបាធ្យាយគុណម្ដាយឪពុករៀបច្បងទំនុក
  ឲ្យសុខអនុកូល។ 
 គ្រូមួយផងគ្នារួមរក្សចិត្ដជាស្នេហាមិត្រមូល
 កុំនាំអុជហេតុបំបែកចេញចូលកាច់កិនត្រកូល
  បង្កើតមាត់ក។ 
៣០កុំធ្វើមាក់ងាយនឹងគ្រូបាធ្យាយរៀនចិត្ដឲ្យល្អ
 ទោះអ្នកឯណាណែផ្លូវអក្សរអ្នកនោះឯងអរ
  ឲ្យចិត្ដមេត្រី។ 
 កុំឲ្យសៅហ្មងលើលោកកន្លងពោលពាក្យស្រដី
 រឹងរូសទ្រគោះឈ្លាសឈ្លោះសេចក្ដីកើតទោសអប្រិយ
  ជេរពោលប្រមាថ។ 
 អ្នកនោះស្មើគ្រូបង្កើតអភិរូហ៍គុណគេឱវាទ
 គេជួយប្រដៅគេហៅឱហាតដាស់តឿនសង្វាត
  ឲ្យឯងចេះឆាប់។ 
 បើឯងចេះហើយកុំភ្លេចគុណឡើយឲ្យដឹងដោយច្បាប់
 គួរគិតកោតខ្លាចដើរតាមសណ្ដាប់គន្លងធម៌ច្បាប់
  កុំឲ្យមាក់ងាយ។ 
 នេះឯងគន្លងត្រឹមត្រូវទំនងអំពីព្រេងនាយ
 ឯរាជ្យឥឡូវច្រើនតែមាក់ងាយចេះហើយជេរម្ដាយ
  ប្រមាថគ្រូវិញ។ 
៣៥ហេតុដូច្នេះឯងលោកិយយល់ស្ដែងតែងឃើញម្ដេចមិញ
 ហិនហោចសូន្យសុង
លិចលង់ទៅវិញទោសនោះឯងមិញ
  កើតពីឯណា។ 
 កើតពីចិត្ដឯង
បង្កើតស្វះស្វែងបំផ្លាញអាត្មា
 រោលរាលក្នុងពោះ
ឆេះក្នុងឱរាបង្កើតទោសា
  ឲ្យទុក្ខរូបឯង។ 
 ចេះតែបន្ដិចលើខ្លួនកំប៉ិចកំប៉ោងឥតក្រែង
 តែងឃើញរៀងមក
យ៉ាងដូច្នេះឯងម្លោះហើយវាតែង
  ខុសនឹងទេព្ដា។ 
 រីអ្នកចិត្ដល្អ
ដឹងធម៌អក្សរចេះពិចារណា
 ស្គាល់គុណនិងទោសសណ្ដោសអាត្មាអត់ឱនចិន្ដា
  ពុំដែលសៅហ្មង។ 
 អ្នកនោះឯងនៃ
សោតសឹងប្រពៃស្ួស្ដីកន្លង
 បរលោកលោកិយ
ឥតបីសៅហ្មងទាំងទេព្ដាផង
  ចំរើនឲ្យសុខ។ 
៤០ដរាបរៀងទៅ
សុខពីឥឡូវរៀងទៅឯមុន
 ចៀសចាកប្រាសប្រាណពីស្ថាននរករៀងរួចបានសុខ
  ដល់សួគ៌ាល័យ។ 
 អរិយសត្ថា
គន់គិតចែងចារចែងចងសេចក្ដី
 តំរង់តំរាប់
ជាច្បាប់យ៉ាងថ្មីដាស់តឿនស្រដី
  សិស្សសព្វប្រការ។ 
 គួរគិតរករៀនកិច្ចការរបៀនរបបសាស្រ្ដា
 តាមច្បាប់និទានទូន្មានអាត្មារៀនរាល់រូបា
  សូរេចចប់ហោង។ 
  ចប់! 
 

No comments:

Post a Comment