ពាក្យកាព្យប្រដៅជនប្រុសស្រី | ||
១ | ខ្ញុំសូមបង្គំព្រះសម្មា | សម្ពុទ្ធណាៗក្នុងត្រៃភព |
ចំរើនកម្មដ្ឋានក្រោមពោធិ៍ម្លប់ | ខ្ញុំសូមគោរពនមស្សការ។ | |
ព្រះចមច្រកពិននរិន្ទរិទ្ធិ | ជាម្ចាស់ជីវិតលើសិរសា | |
សូមថ្វាយបង្គំព្រះករុណា | សូមទ្រង់មេត្ដាប្រោសប្រណី។ | |
ឱនកាយថ្វាយបង្គំប្រណម្យនឹក | សូមក្រើនរំលឹករាស្រ្ដប្រុសស្រី | |
ធ្លាប់ជ្រកទីពឹងព្រះបារមី | ឲ្យរៀនបាលីទៅបរលោក។ | |
សរណគមន៍បីឲ្យប្រតិបត្ដិ | កំចាយកំចាត់ក្ដីទុក្ខសោក | |
រូបយើងសព្វថ្ងៃថ្លៃមិនថោក | បានមកភពភាន់ទាន់សាសនា។ | |
៥ | ផ្លូវប្រេតនរកទៅញឹកញយ | គួរកុំបណ្ដោយតាមតណ្ហា |
គួរគិតសង្ខេបឃាត់សង្ខារ | សង្ឃឹមព្រះសិអារ្យនឹងមកត្រាស់។ | |
ជម្ពូទ្វីបនេះធំបំផុត | មួយម៉ឺនយោជន៍គត់ដំណែលព្រះ | |
សត្វស្លាប់តាមកម្មមិនចាំចាស់ | អាយុខ្លីណាស់ក្រាស់កុសល។ | |
រូបំ អនិច្ចំ អនត្ដា | កើតរូបកាលណាកម្មតាមដល់ | |
តាមដានដរាបបាបឲ្យផល | បាបខ្លះសេសសល់ពីនរក។ | |
ខ្លះមកអំពីប្រេតតិរិច្ឆាន | ខ្លះមកពីស្ថានសួគ៌សោយសុខ | |
វេរតាមរកបានឃើញមុខ | ចុះមករងទុក្ខទទួលកម្ម។ | |
អ្នកធ្លាក់ទៅរងនរកប្រេត | ដើមហេតុពីព្រោះដាច់សីល៥ | |
ទឹកក្ដៅខ្លះដេកទៅដេកត្រាំ | រាប់លានកោដិឆ្នាំទំរាំរួច។ | |
១០ | មកកើតជាមនុស្សស្ថានកណ្ដាល | មិនរាងមិនចាលដល់តិចតួច |
ប្រពន្ធកូនគេនៅតែលួច | សត្វធំសត្វតូចរិតសំលាប់។ | |
ស្រារឹតតែផឹកឲ្យស្រវឹង | គុណទោសមិនដឹងប្រឹងចាក់កាប់ | |
ស្រេកឃ្លានបំពានធ្វើលើច្បាប់ | មិនស្ដាប់ពុទ្ធដិកាព្រះអង្គផ្ដាំ។ | |
ពិតមែនជាមិនលឺព្រះឱស្ឋ | ព្រះសង្ឃទ្រង់ប្រោសឲ្យសីស៥ | |
ទទួលរំពេចភ្លេចមិនចាំ | ប្រព្រឹត្ដសាងកម្មមិនព្រមលែង។ | |
កើតមកពូជពង្សពេញជាមនុស្ស | សេចក្ដីត្រូវខុសចាំជាក់ស្ដែង | |
សំលាប់រូបសត្វឥតគិតក្រែង | បំពេញរូបឯងឲ្យធំធាត់។ | |
សំលាប់មិនថាសត្វឈ្មោលញី | យកសាច់មកស៊ីឲ្យឆ្ងាញ់មាត់ | |
ទទួលសីលភ្លើធ្វើឲ្យភ្លាត់ | លក់សត្វឲ្យព្រាត់មេព្រាត់កូន។ | |
១៥ | ព្រាត់គូកំសត់វដ្ដសង្សារ | ដូចលក់ជីតាលក់ជីដូន |
ពុំនោះលក់បងបំបែកប្អូន | ងងឹតឈឹងសូន្យមើលមិនយល់។ | |
ខ្លះទៅនរកមិនទាន់មក | ខ្លះឃ្លាតទៅជ្រកពួកអសុរ | |
ជវ័នសង្ខារលប់វិលវល់ | អំពល់តែកើតស្លាប់កើតស្លាប់។ | |
កម្មកិតតាមខ្លួនមិនដែលឃ្លាត | គ្រប់ប្រាំរយជាតិមិនដែលឆាប់ | |
សត្វជ្រូកមាន់ទាគេចាក់កាប់ | សំរាប់គេស៊ីជាអាហារ។ | |
សត្វគោក្របីដំរីសេះ | គេជិះគេទឹមជាធម្មតា | |
គេកាប់លក់សាច់ផ្ដាច់សង្សារ | រកចិត្ដមេត្ដាករុណាគ្មាន។ | |
រូបខន្ធរលត់រលាយទៅ | សល់នៅសង្ខារនិងវិញ្ញាណ | |
វេទនាសញ្ញានឹកស្រេកឃ្លាន | សន្និដ្ឋានថាដូចអ្នកមានគុណ។ | |
២០ | សត្វញីសត្វឈ្មោលអន្ទោលទុក្ខ | អាពុករឺម្ដាយពីជាតិមុន |
ជាតិមកពីរងទោសទុក្ខធ្ងន់ | ក្រែងស៊ុនទៅលើសាច់ញាតិឯង។ | |
ជ្រូកគោក្របីនៅតូចស្ទាវ | គេក្រៀកវះក្រៀវឃើញស្ដែងៗ | |
បើគិតឲ្យសព្វគ្រប់កន្លែង | ជូនក្រែងជាតិមនុស្សមកជាសត្វ។ | |
អ្នកពឹងនិងអ្នកធ្វើដៃដល់ | ចៅក្រមអកុសលជំនុំកាត់ | |
បញ្ជីទាំងពីរឈ្មោះមិនបាត់ | គេចាត់ធ្វើទោសទាំងអស់គ្នា។ | |
មិនមានអ្នកាណាធ្ងន់ណាស្រាល | យម្ភបាលវះក្រៀវគ្រប់វេលា | |
មានលោកយមរាជរាជសភា | ជំនុំគិតគ្នាមើលបញ្ជី។ | |
បញ្ជូនអ្នកធ្វើចុះនរក | ជំនុំឃុំទុកអ្នកទិញស៊ី | |
ទិញសត្វស្លាប់រស់ទោះឈ្មោលញី | ទាំងពីរចំណែកចំណាំមុខ។ | |
២៥ | អ្នកមួយទិញស៊ីមិនរួចខ្លួន | ត្រឹមឯត្រីអូនយួនដូរលក់ |
អណ្ដែងក្រាញ់ឆ្ដោដៀបរ៉ស់ផ្ទក់ | ចង់ទិញស្ងោរជ្រក់ទៅតថ្លៃ។ | |
ឃើញច្បាស់ជារស់មិនទាន់ងាប់ | អង្គុយបង្គប់ឲ្យយួនវ៉ៃ | |
រកខ្យល់ច្រលោតដោតញ័រដៃ | ឃើញក្ស័យស្រាប់ៗមិនទិញយក។ | |
អានេះបន្ធូរលែងមិនបាន | ត្រូវច្រំធាក់ច្រានឲ្យជ្រុលជ្រក | |
ទំលាក់ឲ្យជ្រៅរងទុក្ខសោក | លៃលកអ្នកទោសរឿងអ្នកទិញ។ | |
អ្នកទៅឃើញត្រីនៅបំរះ | វេទនាចិត្ដណាស់ប្រាសដើរចេញ | |
អ្នកនេះត្រូវលែងឲ្យទៅវិញ | មានសែហ្វលិញគិញក្នុងនរក។ | |
ឲ្យជូនខ្លាចក្រែងវង្វេងផ្លូវ | ត្រូវមើលខុសត្រូវគ្រប់ភូមិស្រុក | |
បើកក្រាំងសៀវភៅកត់ឈ្មោះទុក | បញ្ជីពីរមុខបាបនិងបុណ្យ។ | |
៣០ | ប្រគល់យមរាជយម្ភុបាល | ដាក់ស្រាលដោយស្រាលធ្ងន់ដោយធ្ងន់ |
អ្នកសាងមគ្គផលស្គាល់ទោសគុណ | ទៅសោយសុខមុនតាមទុនទាន។ | |
អ្នកសាងធុនទាបភាពអកុសល | មិនចង់បានផលសួគ៌និព្វាន | |
ប្រព្រឹត្ដអាក្រក់រកល្អគ្មាន | មិនហ៊ានកាន់សីលថាខ្លាចដាច់។ | |
មិច្ឆាទិដ្ឋិចូលពេញទី | បញ្ជីសំរាំងតាំងសំរេច | |
ចុះវង្សអាជីវកភ្លក់ស៊ីអាច់ | ព្រោះពោលបង្កាច់ព្រះពុទ្ធិកា។ | |
វចីទុច្ចរិតមានគ្រប់យ៉ាង | ទានសីលមិនសាងអាងផឹកស្រា | |
លឺលោកសំដែងធម៌ទេសនា | ពិរោះពិស្ដារមិនដឹងស្ដាប់។ | |
អស់យើងគួរស្ដាយជាតិកំណើត | សំណាងមកកើតក្នុងភទ្ទកប្ប | |
អគាវិន័យព្រះប្រញប្ដ | ជាឫគល់ច្បាប់គួររក្សា។ | |
៣៥ | សីល៥ ចងចាំឲ្យប្រាកដ | កុសលកម្មបថ១០ប្រការ |
កុំឈ្លោះប្រកែកពីធម៌អាថិ | ប្រកាន់សាសនាឲ្យប្រាកដ។ | |
កើតមកជាមនុស្សមានសខ្មៅ | មានប្រាជ្ញមានខ្លៅមានក្រខ្សត់ | |
មានខ្លាំងមានខ្សោយដោយបែបបទ | សន្មតថាល្អក៏មិនបាន។ | |
ជម្ពូទ្វីបនេះមនុស្សកម្មក្រាស់ | ព្រះពុទ្ធតែងត្រាស់មិនដែលខាន | |
ហេតុនេះមហាជនទាំងប៉ុន្មាន | សំរាកសំរាន្ដសំរួលចិត្ដ។ | |
បំណាច់សម្ដេចព្រះទ្រង់ញាណ | កាលហៀបនិព្វានមានកំរិត | |
ផ្ដាំមហាអានន្ទឲ្យអាណិត | អានុជអ្នកប្រឹតប្រោសសត្វផង។ | |
សត្វផុងទសក្នុងជ្រោះជ្រាំជ្រៅ | តថាគតទៅនាំចំលង | |
ដាក់ដល់និព្វានអស់ហ្មត់ហ្មង | រួចពីចំណងវដ្ដសង្សារ។ | |
៤០ | នៅសល់សង្ស័យសត្វខាងក្រោយ | នន្ទអើយទុកឲ្យព្រះសិអារ្យ |
អាណិតសត្វណាស់ណាអ្នកណា | តថាគតជិតនិព្វានហើយ។ | |
ព្រះឱស្ឋព្រះអង្គល្មមស្រណោះ | សប្បុរសទាំងអស់កុំកន្ដើយ | |
ប្រះខ្នងដេកលើកកន្ទេលខ្នើយ | កុំស្ងៀមមាត់ឡើយរំលឹកគុណ។ | |
ខ្លួនខ្ញុំកំណើតរាស្រ្ដអ្នកស្រែ | ខូចខិលខ្ជិលដែរពីកាលមុន | |
កាលមោហ៍បាំងបិទងងឹតស៊ុន | ធ្វើបាបនិងបុណ្យទំងន់ស្មើ។ | |
មិនស្មោះតែរួចចតុរាបាយ | អស់លោកទាំងឡាយកុំសរសើរ | |
ខ្ញុំជូនដំណឹងតាមដំណើរ | ព្រោះខ្ញុំគ្រាន់បើជាងអ្នកល្ងង់។ | |
ជាតិក្រោយកុំឲ្យខ្ញុំល្ងីល្ងើ | ជាតិនេះចាស់ស្ទើរខ្ញុំប្រឹងស្ទង់ | |
ប្រឹងស្ទុះឲ្យរួចពីអន្លង់ | ភ័យភិតខ្លាចផុងទៅក្នុងភក់។ | |
៤៥ | ក្នុងភពសង្សារខ្ញុំសង្ស័យ | សព្វថ្ងៃខ្ញុំភ័យខ្លាចនរក |
ម្យ៉ាងទៀតខ្ពើមជាតិអាជីវក | ជាតិល្មោភហូបល្មក់ព្រោះល្មិលគុណ។ | |
ច្រើនល្មើសបន្ទូលបន្ទោសព្រះ | ខ្ញុំភ័យខ្ញុំណាស់ក្រែងខ្ញុំស៊ុន | |
ខ្ញុំសូមស្មាលាទោសពីមុន | សូមបុណ្យជួយបាំងបាបឲ្យបាត់ | |
ឲ្យបានទាន់តួព្រះសិអារ្យ | ឲ្យបែកប្រាជ្ញាឆ្លាតបរមត្ថ | |
ព្រះអង្គទេសនាទ្រង់ប្រោសសត្វ | សូមលុះអរហត្ដដូចបំណង។ | |
បំណាច់ខ្ញុំផ្សាយច្បាប់រំលឹក | អស់លោកជួយនឹកសច្ចាផ្សង។ | |
ធ្វើបុណ្យចែកផលដក់ខ្ញុំផង | នឹកឈ្មោះម្ដងៗដូចធម្មតា។ | |
សប្បុរសប្រុសស្រីគប្បីស្ដាប់ | ឈ្មោះច្បាប់កន្លងព្រះឱង្ការ | |
ឱកាសឲ្យគិតប្រិតប្រាថ្នា | ទាន់ព្រះសិអារ្យទាំងប្រុសស្រី។ | |
៥០ | កុំរៀនព្រហើនប្រហែសធ្វេស | កើតក្នុងប្រទេសរាជបុរី |
ឲ្យមានបារម្ភភ្ញាក់ស្មារតី | សីប្រាំ ប្រាំបីខំសិក្សា។ | |
ជាតិមនុស្សជាន់ខ្ពស់ពីបុរាណ | គេបានជួបដាក់ឃើញភក្រ្តា | |
បានគ្រងរងត្រាប់ព្រះពុទ្ធដិកា | បានលុះសោតាអរហត្ដហោះ។ | |
យើងទាន់តែត្រឹមពាក្យបណ្ដាំ | បណ្ដូលសីល៥ជាកេរ្ដិ៍កោះ | |
កិច្ចការកងកម្មចាំមិនអស់ | របស់ឫគល់គួររក្សា។ | |
នេះចប់ចំណែកខាងបាសក | កុំធ្វើអាក្រក់រាល់រូបបា | |
រំពឹងក្រែងចូលព្រះសិអារ្យ | នមស្សការគោរពរំលឹកគុណ។ | |
ព្រះចមច្រកពង្សមុនីនាថ | កំពូលផុតជាតិជាងមហាជន | |
ទ្រង់សោយសម្បត្ដិសំបើមបុណ្យ | សំបូណ៌លើសលន់លុបលោកា។ | |
៦០ | លោកកីយដឹងហើយគួរកោតខ្លាច | ទ្រង់មានអំណាចព្រះចេស្ដា |
គួរស្ដាប់ព្រះរាជឱង្ការ | បន្ទូលត្រួតត្រាគួរត្រងត្រាប់។ | |
ព្រះទ័យទ្រង់ត្រេកស្រលាញ់សង្ឃ | ប្រមាណសែនអង្គក្នុងភទ្ទកប្ប | |
ព្រះពុទ្ធទ្រង់ប្រិតប្រាមប្រញប្ដ | ឈ្មោះច្បាប់បាដិមោក្ខសំវរសីល។ | |
ចែកចេញជាកងសិក្ខាបទ | កំណត់ពីរយម្ភៃប្រាំពីរ | |
មិនឲ្យមានមោះហ្មងមន្ទិល | អ្នកបួសកុំខ្ជិលកាន់ឲ្យខ្ជាប់។ | |
បាណាអទិន្នាជាបឋម | ជាតិរូបទៀតផ្សំត្រូវជាដប់ | |
លោកសង្ឃឥឡូវកាន់មិនសព្វ | កាន់ក្នុងបន្ទប់លាយបន្លំ។ | |
បន្លិចលុយកាក់សំងាត់ | ទោសត្រូវអាបត្ដិលាក់សំងំ | |
បាសកផ្ញើទានគ្មានអារម្មណ៍ | សន្សំតែទ្រពក្ដៅក្រហាយ។ | |
៦៥ | ប្រសិនបើកាន់ច្បាប់ព្រះពុទ្ធ | មិនមានធម្មយុត្ដិមហានិកាយ |
បើចេះខ្លាចក្រែងមិនក្លែងក្លាយ | សមសុខសប្បាយមិនទាស់គ្នា។ | |
លោកសង្ឃគ្រប់វត្ដមានធំតូច | សង្ឃខ្លះខិលខូចសង្ឃខ្លះជា | |
បរិស័ទថ្កោលទោសគ្រូឧជ្ឈាយ៍ | មានពាក្យនិន្ទាតែរាល់វត្ដ។ | |
បាដិមោក្ខពីររយម្ភៃប្រាំពីរ | អ្នកល្ងង់ហើយខ្ជិលចាំមិនស្ទាត់ | |
កងបាចិត្ដិយនិងទុក្កដ | ចូលមាត់ចូលកមិនដឹងខ្លួន។ | |
កងបាចិត្ដិយកៅសិបពីរ | និស្សគ្គិយ៍សាមសិបបារាជិកបួន | |
បើចេះហើយចាំឲ្យមាំមួន | ល្អបរិសុទ្ធសួនមិនសាយសុស។ | |
ប៉ុន្ដែសិក្ខាមិនសូវចាំ | ចំណាំត្រង់ណេះចោលត្រង់ណោះ | |
ត្រង់ណាដែលដឹងជាខ្លួនខុស | ហ៊ានឈ្លោះពីព្រោះគេមិនដឹង។ | |
៧០ | សង្ឃាទិសេសប្រហែសបាន | ដប់បីសន្ដានប្រមាណថ្លឹង |
បើធ្លប់សង្រួមឲ្យយ៉ាងតឹង | មិនអរមិនខឹងមិនខាតខុស។ | |
អិន្រ្ទយ៍ប្រាំមួយនាំឲ្យភ្លាត់ | បាចិត្ដយ៍ទុក្កដលាយចំរុះ | |
អិន្ទ្រីយ៍ត្រចៀកភ្នែកច្រមុះ | ភ្នែកមើលណេះណោះឃើញសុសសាយ។ | |
សោតិន្ទ្រីយោសូរតិចខ្លាំង | ចក្ខុន្រ្ទីយំឃើញជិតឆ្ងាយ | |
ជីវ្ហិន្រ្ទីយាពោលនាយអាយ | សើចលេងសប្បាយចំអន់គ្នា។ | |
បរិស័ទអាបត្ដិទុក្កដញឹក | បារាជិកច្រើនណាស់តែឧជ្ឈាយ៍ | |
ទ្រព្យក្នុងសំបាច់សំបូណ៌ហៀរ | ត្រូវទោសអទិន្នាគរុភណ្ឌ។ | |
ទ្រព្យសង្ឃជាដើមគឺចំណាំ | អវហារម្ភៃប្រាំចាំគ្នេរគ្នាន់ | |
ឱបទុកខ្លះខ្នែងក្រែងមិនគ្រាន់ | អវហាប្រាំជាន់បារាជិក។ | |
៧៥ | ម្យ៉ាងទៀតទ្រព្យសង្ឃក្នុងចំណែក | កិបទុកមិនចែកឲ្យលោកភិក្ខុ |
គ្រឿងយាវជីវិតកាលិក | ទុកខួបល្ងាចព្រឹកម៉ៅតែឯង។ | |
ម្យ៉ាងទ្រព្យគេហែចូលវិហារ | បាសកបូជាដល់គម្ដែង | |
គេវេរបាលីមានខ្លីវែង | គេតែងនឹងថាសង្ឃស្ស។ | |
ប្រកាសប្រគេនជំនុំសង្ឃ | ចំពោះគ្រប់អង្គថាទេមៈ | |
លោកសង្ឃសាធុគ្មានសល់ម្នាក់ | សង្ឃរាជទុកដាក់មិនចែកចាយ។ | |
ខ្ញុំបាទតែងតាមខ្ញុំចេះចាំ | អវហារម្ភៃប្រាំបែបបរិយាយ | |
នេះសុទ្ធតែសីលផ្លូវអន្ដរាយ | លោកសង្ឃទាំងឡាយកុំប្រព្រឹត្ដ។ | |
ពីព្រោះអិន្រ្ទីយ៍ទាំង៦ | លោកណាមិនព្រួយមិនប្រុងគិត | |
លោភោមោហោបាំងងឹត | សិស្សមានគំនិតមិនហ៊ានថា។ | |
៨០ | សូមទានសន្ដោសសំដែងច្បាប់ | ព្រះសង្ឃកុំចាប់ចងទោសា |
ខ្លួនខ្ញុំសូមសុំបវារណា | ប្រោសប្រាណមេត្ដាគ្រប់បណ្ដាសង្ឃ។ | |
ខ្ញុំមិនមានពោលពាក្យបង្កាច់ | ខ្លាចសីលលោកដាច់ខ្ញុំតំរង់ | |
តំរូវតែតាមច្បាប់ព្រះអង្គ | ព្រះឱស្ឋត្រឹមត្រង់ត្រូវមាត្រា។ | |
កាលអង្គសំដេចព្រះចមភព | បន្ទូលប្រារព្ធគ្រប់ប្រការ | |
ប្រកាសប្រាកដបទសិក្ខា | ប្រញប្ដប្ដេជ្ញាមហាបរិស័ទ។ | |
ភិក្ខុភិក្ខុនីអស់អរហន្ដ | អានន្ទមិនទាន់បានអរហត្ដ | |
ព្រះធម៌វិន័យកុំឲ្យបាត់ | ប្រយ័ត្នឲ្យគង់ប្រយោជន៍យូរ។ | |
ក្រោយនោះព្រះអង្គចូលនិព្វាន | អរហន្ដហោះធ្យានមានជាគ្រួ | |
មិនមានអ្នកណាដាក់ទូ | ទេសនាបង្ហូរពីព្រះឱស្ឋ។ | |
៨៥ | ព្រះអគ្គសាវ័កគ្រប់ព្រះអង្គ | ព្រះទ័យស្រោចស្រង់ទ្រង់សន្ដោស |
សំដែងធម៌អាថិមេត្ដាប្រោស | បាបបុណ្យគុណទោសនិងសីលទាន។ | |
ឈ្វេងយល់ថាធម៌នឹងសូន្យស្ងាត់ | អហន្ដអរហត្ដចូលនិព្វាន | |
សង្ឃសេក្ខបុគ្គលមិនទ្រង់ញាណ | មិនមានអ្នកណាតែងទុក។ | |
ព្រះធម៌ប្រាំបីម៉ីនបួនពាន់ | ស្រេចលើអានន្ទចាំទំនុក | |
ដំនែលព្រះអង្គដឹងគ្រប់មុខ | ជង្រុកធម៌អាថិមហាអានន្ទ។ | |
ជាព្រះអនុជអាណិតសត្វ | ក្រែងបាត់បិដកមិនគ្រប់គ្រាន់ | |
ព្រះធម៌ប្រាំបីម៉ឺនបួនពាន់ | គ្នេរគ្នាន់ខ្នះខ្នែងចាត់ចែងចារ។ | |
ចេះចប់អភិធម្មចាំរហូត | វិន័យព្រះសូត្រ ៥ប្រការ | |
ប្រកាសអស់អង្គអរហន្ដា | បិដកឯណាជាឫគល់។ | |
៩០ | បមត្ថព្រះសូត្រអានន្ទចាំ | វិន័យទាំង៥ ឧាលីយល់ |
អរហន្ដទាំងអស់កើតរវល់ | អំពល់អីពីរឿងធម៌អាថិ។ | |
ព្រះបាទអជាតៈសត្រូវ | ជួយគិតតំរូវព្រះសាសនា | |
សម្មតិឲ្យឈ្មោះហៅក្សត្រា | ព្រោះព្រះមហាក្សត្រីយចូលគំនិត។ | |
និយាយឲ្យដឹងដើមកំណើត | កកើតអក្ខរាចារស្លឹករិត | |
បកប្រែបាលីសេចក្ដីពិត | ពិនិត្យត្រឹមត្រូវតាមពុទ្ធដិកា។ | |
ទសជាតក៍ទាំង១០មានគ្រប់វត្ដ | ប្រែត្រូវប្រាកដព្រះគាថា | |
ព្រះធម៌សូត្រមន្ដរឺសូត្រដារ | អ្នករៀនអក្ខរាពីរចំណែក។ | |
ចំណេះចំណាំចាំដោយខ្លួន | ខ្លះរៀនមានក្បួនចាស់ចារចែក | |
ហ៊ានភ្នាល់ព្រោះអាងឃើញនិងភ្នែក | កើតឈ្លោះប្រកែកប្រកួតខឹង។ | |
៩៥ | ប្រកាន់តែខាងខុសរហូត | មិនរៀនមេសូត្រឲ្យចេះដឹង |
អាងចេះតែ ក កា ប៉ុណ្ណឹង | ខំប្រឹងចំអើតអួតខ្លួនត្រូវ។ | |
ក្ដៅណាស់ពីរឿងយោជាយ៉ោ | តំលើងភ្នែកស្លោមុខក្រញូវ | |
ថាធ្លាប់យោនាពីខ្មោចឪ | ឥឡូវយ៉ោណាមិនសុខចិត្ដ។ | |
អ្នកម្ខាងអាងស្រះតួប្រាំបី | ឲ្យដឹងបាលីជាកំរិត | |
ផ្សំតួមេសូត្រប្រឹងប្រែប្រឹត | ព្រោះត្បិតឲ្យត្រឹមត្រូវមាត្រា។ | |
អ្នកបួសគ្រប់វត្ដគ្រប់នគរ | ស ដាក់ជើង ល រាប់ស្លស្លា | |
បើ ស ជើង ម រាប់ ស្មស្មា | នាក់មានប្រាជ្ញាល្មមស្ដាប់បាន។ | |
កុំល្ងង់ទាល់ងាប់ធ្លាប់មិនដឹង | បើខឹងខ្ញុំឃាត់ថាឲ្យខាន | |
ខ ដាក់ជើង ម ពីបុរាណ | ក្មេងតូចប៉ុន្មានស្គាល់ ខ្មខ្មា។ | |
១០០ | ជាតិរាស្រ្ដចាស់ក្មេងកុំចិត្ដខ្មាំង | គួរខ្មាសបារាំងអ្នករាជការ |
ដើមហេតុអំពីព្រះករុណា | ឲ្យសាងសាលាប្រែបាលី។ | |
ទ្រង់ចាំទំនៀមពីបុរាណ | ហើយបានជំនុំព្រមកុង្សីយ | |
បំណាច់ធ្វើស្ដេចគ្រងផែនដី | ទិសទាំងប្រាំបីរំពៃគ្រប់។ | |
ព្រះកាយពលមិនរវល់រែក | ព្រះទ័យរំលែកទាំងថ្ងៃយប់ | |
ចូលទែនបន្ទំទីបន្ទប់ | បន្ទូលមិនឈប់រាល់វេលា។ | |
មេត្ដាប្រោសប្រាណអ្នកមានស័ក្ដិ | ប្រទានលុយកាក់គ្រប់ភ្នាក់ងារ | |
ទ្រង់ត្រួតស្រ្ដីស្នំស្រីង្គារ | ក្រែងគ្រុនរងារមិនបានសុខ។ | |
ព្រះទ័យមេត្ដាសព្វមនុស្សសត្វ | សោយរាជសម្បត្ដិសំបើមស្ដុក | |
ព្រះកាយប្រកបគង់ស្រណុក | ព្រះទ័យវិតក្កជាធម្មតា។ | |
១០៥ | មួយព្រួយនឹងឱបព្រះនគរ | ពីរព្រួយនឹងពព្រះសាសនា |
បីត្រួសលោកសង្ឃកាន់សិក្ខា | សង្រួមកិរិយាមិនបរិសុទ្ធ។ | |
នឿយណាស់ព្រះនេត្រព្រះកាណ៌ា | ព្រះឱស្ឋត្រួតត្រាច្រើនបំផុត | |
ដាស់តឿនបំភ័យពួកកុលបុត្រ | ឲ្យប្រុងលំអុតសង្រួមកាយ។ | |
បានចេញប្រកាសដាក់ប្រាកដ | ប្រគេនគ្រប់វត្ដនោះជិតឆ្ងាយ | |
លោកសង្ឃមិនត្រូវស្រើបសប្បាយ | អស់ល្បែងទាំងលាយគ្រប់ចំពូក។ | |
មិនត្រូវចំពោះស្ដាប់តន្រ្ដី | កុំបីមើលរាំវានាំភ្លូក | |
កុំដើរភ្លើៗមើលអុំទូក | អ្នកបួសធ្វើលោកមិនត្រូវការ។ | |
បើមានត្រូវកិច្ចដើរយប់ថ្ងៃ | សង្ឃបងនិស្ស័យចាស់វស្សា | |
កុំដើរទឹមស្មាទៅណាៗ | អ្នកចេះសិក្ខាគេទាស់ភ្នែក។ | |
១១០ | លោកនេនកុំសុំលុយចិនចាយ | បិណ្ឌបាតតែបាយម្នាក់១វែក។ |
គ្រឿងម្ហូបចំណីបាសកចែក | កុំស្ពាយពុនរែកវាថោករិក។ | |
របស់បាសកគេប្រគេន | ប្រគល់លោកនេនបានលោកភិក្ខុ | |
ចិញ្ចឹមជីវិតនិងបាយទឹក | បិណ្ឌបាតតែព្រឹកយប់សូត្ររៀន។ | |
លោកណាត្រឹមត្រូវមិនសូវខុស | ស្ងៀមស្ងាត់ទៅចុះកុំអន់អៀន | |
លោកណាមិនចេះកុំវេះវៀន | ពាក្យប្រៀនប្រដៅឲ្យផ្អើលភ្ញាក់។ | |
ពីព្រោះព្រះអង្គបានផ្ដាំផ្ញើ | វិន័យស្ថិតលើស្ដេចមហាចក្រ | |
ព្រះមហាចមពង្សទ្រង់ជំពាក់ | ចំពោះធុរៈនឹងសាសនា។ | |
ពីត្រឹមនោះរៀងដរាបមក | ដល់ស្រុកគោកធ្លកមានសាវតារ | |
ប៉ុន្មានរាជ្យហើយមិនដឹងថា | ដល់មកករុណាយើងសព្វថ្ងៃ។ | |
១១៥ | ហេតុនេះលោកសង្ឃប្រុងពិនិត្យ | សៀភៅស្លឹករិតមានរាល់ដៃ |
ផ្ទៀងមើលសិបផូកវិនិច្ឆ័យ | បើនៅសង្ស័យឲ្យសិក្សា។ | |
លោកសង្ឃចាស់ខ្ចីគប្បីស្ដាប់ | ឈ្មោះច្បាប់គន្លងព្រះពុទ្ធដិកា | |
បង្គំថ្វាយដល់ព្រះករុណា | សូមទ្រង់មេត្ដាជ្រាបព្រះទ័យ។ | |
ក្រែងជួបប្រទះពាក្យឆ្គាំឆ្គង | ពុំត្រូវទំនងក្រិត្យវិន័យ | |
សូមទានសន្ដោសអត់ទោសពៃ | ក្រួញក្រាបសិរសីក្រោមព្រះបាទ។ | |
ព្រះសង្ឃទាំងអស់ទោះតូចធំ | អភ័យទោសខ្ញុំសូមអនុញ្ញាត | |
ពាក្យខ្ញុំមិនមានពោលប្រមាថ | សង្ឃជាល្អស្អាតខ្ញុំមិនថា។ | |
ខ្ញុំពោលតែលោកធ្វើអាក្រក់ | បើខ្ញុំកុហកខូចមុសា | |
ហេតុនោះខ្ញុំសូមបវារណា | និដ្ឋិតាសង្ខេបតែប៉ុណ្ណោះ។ | |
១២០ | ក្មេងណាប្រាថ្នាបួសធ្វើសង្ឃ | ឲ្យស្វែងតំរង់រៀនតំរេះ |
ឲ្យមើលតំរាប់លោកអ្នកចេះ | កុំដេកតែអេះតិះដៀលគ្នា។ | |
អ្នកម្ដាយឪពុកឲ្យឈ្មោះអ៊ូ | ពូជពង្សអំបូរខ្មែរអ្នកជា | |
អាពុកឈ្មោះ អ៊ុក មានស័ក្ដិងារ | ចៅពញាធម្មធារាធ្វើមេស្រុក។ | |
ក្នុងខែត្រភ្នំពេញឃុំកំបូល | ជាប់ផៅត្រកូលម្ចាស់អង្គ ប៉ុក | |
អាពុកអ្នកម្ដាយឈ្មោះពញា ម៉ុក | គាត់ធ្វើមេស្រុកឃុំស្ពានថ្ម។ | |
អ្នកម្តាយអាពុកបងប្អូនជិត | ជីទួតមួយពិតពូជចិត្តល្អ | |
ដូនតាផ្សំផ្គុំជាតំណ | បង្កកើតខ្ញុំទូលបង្គំ ។ | |
បង្កើតពីដើមគំនិត | ភ័យភិតខ្លាចបាបចង់បានបុណ្យ | |
បានបែកចែងច្បាប់ប្រាប់មហាជន | បួនច្បាប់ពីមុនជូនរាជការ។ | |
១២៥ | បោះពុម្ពសៀវភៅចែកសព្វសាយ | បណ្ណាល័យចាត់ថ្វាយព្រះករុណា |
មិនបានថ្វាយផ្ទាល់ដល់ហត្ថា | សូមទ្រង់មេត្ដាប្រោសប្រណី | |
ឱនកាយប្រណម្យសូមអនុញ្ញាត | ក្រាបក្រោមព្រះបាទព្រះបារមី | |
ចែងច្បាប់បរមត្ថអត្ថបាលី | សេចក្ដីចែងចប់ម៉្លេះហើយហោង។ | |
គេហទំព័រ KCD Khmerkrom សូមស្វាគមន៍ គេហទំព័រនេះត្រូវបានបដិសន្ធិឡើងក្នុងគោលបំណង ជាឃ្លាំងផ្ទុុកនូវឯកសារជាច្រើន ដើម្បីងាយស្រូលក្នុងការសិក្សាស្រាវជ្រាវនូវប្រធានបទដែលពាក់ព័ន្ធ ជាពិសេសសម្រាប់ សិស្សិ-និស្សិត ស្រាវជ្រាវទៅតាមជំនាញរបស់ខ្លួន។ គេហទំព័រ សូមធ្វើការអធ្យាស្រ័យទុកជាមុន រាល់កំហុសឆ្គងដែលកើតឡើងដោយឥតចេតនា ។ យើងខ្ញុំសូមទទួលការរិះគន់ ដើម្បីស្ថាបនា ! សូមអគុណ !
Wednesday, December 2, 2015
ពាក្យកាព្យប្រដៅជនប្រុសស្រី
ចំណាត់ថ្នាក់អត្ថបទ
កំណាព្យ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment