Wednesday, December 2, 2015

សេចក្តីរំលឹកដាស់តឿន




សេចក្តីរំលឹកដាស់តឿន
អ្នកភិរម្យភាសាអ៊ូលើកដៃទាំងគូប្រណម្យផ្ចង់
បង្គំព្រះពុទ្ធគ្រប់ព្រះអង្គព្រះធម៌ព្រះសង្ឃប្រសើរសាយ។
ព្រះគុណគ្រូឧជ្ឈាយាចារ្យមាតាបិតាបង្កើតកាយ
បង្កើតប្រាជ្ញាថ្លាវែងឆ្ងាយខ្ញុំសូមអធិប្បាយចែកពាក្យជូន។
ព្រះពុទ្ធសករាជព្រះសាសនាអតិកន្តាកន្លងធួន
ពីរពាន់បួនរយចិតសឹបបួនជួនខែនិងថ្ងៃគ្មានកន្លង
ដើមឆ្នាំមមែក្នុងត្រីស័កពិសាខភ្លៀងធ្លាក់កាត់ទឹកម្តង
មួយរោចថ្ងៃសៅរ៍កើតសៅហ្មងលឺពាក្យអ្នកផងទាស់ទែងគ្នា
មិនបានកាប់ចាក់ដល់បាក់បែកថ្ងៃនេះជជែកថ្ងៃស្អែកជា   
ចាក់ដោតរាលរោលពោលពណ៌នានិន្ទាដៀលត្មះចាស់បុរាណ
ពួកចាស់ដៀលត្មះអ្នកប្រាជ្ញថ្មីរឿងធម៌បាលីស្តីប្រមាណ
ប្រមាថទៅមកមិនឈប់ខានហាមប្រាមមិនបានមិនបាត់មាត់។
ព្រះធម៌ព្រះពុទ្ធតែមួយអង្គលោកសង្ឃបួសរៀនមានដោយវត្ត
សង្ឃខ្លះចេះស្ទើរមិនចាំស្អាត់ភ្លើៗសូត្រភ្លាត់មិនត្រូវខ្យល់។
គេចាប់ថាខុសប្រកាន់ខឹងមិនដឹងថាខ្លួនរៀនមិនដល់
មិនដែលសួរគេព្រោះមិនឆ្ងល់សំគាល់ថាខ្លួនត្រូវមិនខុស។
អ្នកប្រាជ្ញលោកសូត្រចំបាលីថាគេធម៌ថ្មីស្តីបន្តុះ
បន្ទោសទៅមកឆ្លើយឆ្លងឈ្លោះមិនព្រមចំណុះខុសចំណាំ
ចំណែកចំណេះចេះរាល់ខ្លួនបារាជិកបួនវិន័យប្រាំ
មហាវគ្កចុល្លវគ្គអាទិកម្មព្រះអង្គគ្មានផ្តាំឲ្យឈ្លោះគ្នា។
ផ្តាំឲ្យតែកាន់សិក្ខាបទអ្នកបួសរាល់វត្តត្រូវសាមគ្គា
ព្រះពុទ្ធរូបរាល់វិហារវន្ទាគោរពរាល់យប់ថ្ងៃ។
នមស្ការបង្គំធម៌បីបទសូត្រហបមាត់នឿយជើងដៃ
មិនដឹងប្រាកដរតនត្រៃមិនចេះសង្ស័យសួរអ្នកណា។
អ្នកប្រាជ្ញលោកសូត្រចំបាលីប្រែចេញសេចក្តីឲ្យពិស្តារ
អ្នកខ្លៅមិនស្តាប់តាមពុទ្ធដិកាគេថាខ្លួនខុសប្រកាន់ខឹង
ធម៌សម្ពុទ្ធេសូត្រលាន់ៗព្រះពុទ្ធរយពាន់ខ្លះមិនដឹង
ជឿជាក់ថាចេះចប់ប៉ុណ្ណឹងមិនប្រឹងរៀនប្រែបកបរិយាយ។
ចេះហើយមិនដឹងថាខ្លួនខុសមិនព្រមចំណុះអ្នកប្រាជ្ញប្រាយ
បាលីច្រលំពាក្យនិស្រាយនឹកស្តាយបែបចាស់មិនផ្លាស់ចេញ។
គេថាសូត្រធម៌មិនចេះប្រែបានបុណ្យខ្លះដែរតែមិនពេញ
បើចេះប្រែផងបានចំណេញខ្លួនរិតទន្ទេញតែបែបចាស់។
ចចេសទទឹងរឹងជជែកប្រកឹងប្រកែកប្រកួតម្នះ
ម្នៅៗសត្រូវនឹងធម៌ព្រះជាតិក្រោយក្រលាស់ជាល្ងង់ខ្លៅ។
មានកាលត្រលប់ជាគថ្លង់មម៉េងមម៉ង់ឆ្កួតមួម៉ៅ
ពីព្រោះមិនស្តាប់ប្រាជ្ញប្រដៅហ្នឹងហៅចេះហើយមិនប្រសប់។
ប្រសិនបើឱនខ្លួនខ្លបខ្លាចអ្នកប្រាជ្ញកាលណាលោកនឹងស្អប់
ធម៌អាថិអ្នកណានឹងចេះចប់កុំកាន់ទំលាប់ទំលោយខ្លួន។
ទំលាក់ឲ្យទាបសុភាពវ័យព្រះសូត្រវិន័យធំជាងក្បួន
ព្រះអភិធម្មជាមាំបួននេះហើយប្រធួនគួររៀនទៀត។
ពាក្យពីបុរាណជាពាក្យងាយពាក្យក្បួនទូលាយស្រណុកជ្រៀត
ឯពាក្យគម្ពីរទីចង្អៀតគួរឆ្លៀតជ្រើសរកយកឲ្យបាន។
ឲ្យបែកគំនិតគិតច្រើនផ្លូវមួយខុសមួយត្រូវជាពីរស្ថាន
គេប្រាប់ថាខុសគួរឈប់ខានឃើញត្រូវប៉ុន្មានប្រមូលយក។
ព្រះឱស្ឋព្រះអង្គទ្រង់ទេសនាអ្នកប្រាជ្ញចែងចារចងទុកមក
ព្រះសូត្រវិន័យលោកលៃលកប្រែសព្ទសៀតស៊កច្រើនប្រការ
ពាក្យពិតប្រាកដបទបាលីប្រែចេញសេចក្តីឃើញពិស្តារ
គួរស្តាប់ឲ្យស្តែងសិនកុំថាកុំអាងតំរាតំរាប់ចាស់។
តំរាយបុរាណយូរអង្វែងមិនលែងច្រលំមានលើសខ្វះ
អ្នកប្រាជ្ញជំនុំឃើញខុសណាស់ចោលខ្លះទុកខ្លះដោយពិស្តារ។
យ៉ាងធម៌«តិរោក»ពីបុរាណមិនដឹងជាបានពីគ្រូណា
សូត្រលាយចំរុះខុសអក្ខរាមិនបានជាការប្រយោជន៍អ្វី។
អ្នកប្រាជ្ញឃើញខុសច្រើនអន្លើរុះរើរៀបចំផ្សំបាលី
អ្នកខ្លៅហៅធម៌តិរោកថ្មីសម្តីបែបឡកចំអកខឹង។
សង្ខេបរឿងសូទ្រធម៌ត្រូវខុសកូនចៅប្រុសៗគួរខំប្រឹង
ប្របរកអ្នកប្រាជ្ញប្រិតឲ្យដឹងសំលឹងអក្ខរាឲ្យប្រាកដ។
ប្រការមួយទៀតចាស់ជាន់មុនធ្វើបុណ្យអភិសេកបែកច្រើនបទ
ច្រើនបែបរាប់អានគ្មានកំណត់សន្មតថាធ្វើតាមបុរាណ។
អាចារ្យមួយប៉ែកអភិសេកខ្ជិលបង្វិលពពិលរំពេចបាន
អាចារ្យមួយថាធ្វើតាមបានលំអានគម្ពីរបឋមត្រាស់។
ទេសទសជាតកចប់អភិសេកព្រឹកស្អែករៀបចំមធុបាយាស
មានមារលើកពលច្បាំងដេរដាសធ្វើច្រាសត្រលប់ក្រោយជាមុន។
បើធ្វើឲ្យត្រូវតាមសាស្រ្តានាងនាថសុជាតាគេមានគុណ
ថ្វាយមធុបាយាសព្រះមានបុណ្យនិមន្តទៅផ្សងបីដងត្រាស់។
ទេវតាផ្អើលចុះពេញផែនដីគ្រប់ទិសប្រាំបីមីរដេរដាស
កក្រើកញាប់ញ័រទាំងអាកាសអរណាស់ថ្វាយសព្ទសាធុការ។
ហេតុនេះអ្នកចេះចាំនិទានធ្វើរោងធ្វើរានថ្វាយទេវតា
អ្នកប្រាជ្ញចេះថ្មីស្រដីថាអាចារ្យនាំធ្វើខាតប្រយោជន៍។
អាកាសទេវតានៅស្ថានខ្ពស់គេខ្ពើមជាមនុស្សក្លិនអសោច
ឧស្សាហ៍ដាក់នំឲ្យហិចហោចចំណេញស្រមោចចោមរោមស៊ី
អាចារ្យមួយទៀតចេះរៀបចំប្រណម្យសំពះក្រុងពាលី
ព្រះអិសូរព្រះនារាយណ៍មានរិទ្ធីពេញទីចោលត្រៃសរណគមន៍។
ចំណីចំណែកចែកដាក់ពែចំណេញបានឆ្កែវាស៊ីនំ
នាងហ៊ីងធរណីថាជាធំសូមសុំទឹកដីសាងកុសល។
អាចារ្យជាន់ចាស់ដោះសង្ស័យថារតនត្រៃគេតំកល់
តំកើងលើកឡើងជាដើមផលប្តឹងដល់ទេវតាជាសាក្សី។
សង្ខារិករលឹកគុណធ្វើបុណ្យអភិសេកព្រះពុទ្ធថ្មី
បូជាភ្ញីផ្កាស្លាបារីគ្រប់ទិសប្រាំបីសឹងឲ្យមាន។
អភិសេកព្រះពុទ្ធតាំងកសាងតំណាងព្រះពុទ្ធដ៏ទ្រង់ញាណ
រំលឹកទេវតាជាប្រធានប្រាថ្នានិពា្វនស្ថានផុតទុក្ខ
ថាបើទេវតាខ្ពើមចំណីស្អប់ស្លាបារីមិនចង់ជក់
បិសាចភ្លើៗមិនលែងភ្លក់អារុក្ខទេវតាមិនលែងសោយ។
នំនែកចំណីឆ្អែតស្កប់ស្កល់សេសសល់បានប្រេតគ្នាស៊ីក្រោយ
ស៊ីគ្រាន់រួចរស់ព្រោះគេឲ្យបានដោយមគ្គផលកុសលដារ ។
លោកសូត្រតិរោកតែរាល់ព្រឹកយំកិញ្ចិច្រូចទឹកថែមយថា
បញ្ជូនអានិសង្សដល់ដូនតាប្រាថ្នាដូចម្តេចក៏សឹងបាន។
ក្រែងដូនតាណាទៅជាប្រេតរឺមួយអណ្តែតជាតិរច្ឆាន
លើសខ្វះប៉ុណ្ណោះខុសប៉ុន្មានរាប់អានទេវតាប្រាថ្នាសុខ។
ថាបើទេវតាមិនព្រមសោយកុំឲ្យខុសចុះនរក
នរូកើតភាន់ផុតក្នុងភក់វីវក់ក្នុងវាលវដ្តសង្សារ។
មិនដាច់សង្ស័យដូចអរហត្តលោកកាត់កាមគុណនិងតណ្ហា
ត្រង់ភ្លឹងមិនងាកពឹងទេវតាប្រាថ្នានិញ្វនគ្មានត្រលប់
ឃើញឆ្លងមិនផុតភពទាំងបីធម៌អាថិបាលីចេះមិនចប់
មិនចោលសីល៥កម្មបទ១០រាវរៀបឲ្យសព្វកុំឲ្យសល់
សម្បត្តិសួគ៌សុខកើតពីទានឈោងយកនិញ្វនឈានមិនដល់
មិនដើរហួសសោតាមគ្គផលតម្កល់និញ្វនទុកដោយឡែក
នេះចប់ចំលើយអ្នកប្រាជ្ញចាស់ប្រាជ្ញថ្មីចង់ឈ្នះប្រឹងប្រកែក
ប្រាកដនិញ្វនជាស្ថានឯកចំណែកសោតាក្នុងតែបាន។
ជ្រះថ្លាធ្វើបុណ្យក៏ធ្វើចុះទានណាខាតខុសត្រូវឲ្យខាន
អារុក្ខអារក្ខកុំរាប់អានជាស្ថានទាបថោករកធ្វើអ្វី
សង្ខេបរឿងសូត្រធម៌ត្រូវខុស កូនចៅស្តាប់ចុះទាំងប្រុសស្រី
អ្នកប្រាជ្ញពួកចាស់និងពួកថ្មីគប្បីចូលចិត្តជឿពួកណា។
បើរឿងសូត្រធម៌អាថិបាលីគួរចូលប្រាជ្ញថ្មីខំសិក្សា
ប្រយោគប្រធានមានមាត្រារាជការបានធីប្រឡងជាប់
ប្រាជ្ញចាស់ជាន់មុនធ្វើបុណ្យទានធ្វើរានទេវតាដោយសារធ្លាប់
អ្នកឆោតល្ងង់ខ្លៅគ្នាខ្លាចងាប់អាចារ្យបង្គប់គ្នាធ្វើទៅ
បើបែរជាខានមិនបានសុខមិនបានធ្លាក់ចុះនរកជ្រៅ
បើធ្វើទេវតាមិនជ្រកនៅស្ថានគេសន្ធៅសន្ធឹងហោះ
ហេតុនេះគួរគិតគូររំពឹងជញ្ជឹងកុំឲ្យសល់ចន្លោះ
ចាស់មុនមានគុណរាប់មិនអស់មិនឲ្យចោលសោះក៏មិនបាន។
គួរគិតឲ្យសព្វគ្រប់អន្លើគួរធ្វើរឺគួរបង្អង់ខាន
បើធ្វើមិនខាតបង់ប៉ុន្មានបើខានក៏គ្មានទោសទាស់អ្វី។
ប៉ុន្តែមិនបាត់ពាក្យចាក់ដោតដ្បិតមនុស្សច្រើនឆោតទាំងប្រុសស្រី
ពោលថាធ្វើបុណ្យតាមប្រាជ្ញថ្មីអាយុថយខ្លីជាងដូនតា ។
ពាក្យនេះសង្ខេបស្លេះមួយប៉ែកមានឈ្លោះប្រកែកច្រើនប្រការ
មិនចាំប្រាកដគម្ពីរណាពោលថាទឹកដីនេះគ្មានគុណ
អ្នកប្រាជ្ញនាំឲ្យអ្នកខ្លៅឆ្ងល់សាយសុសសួរដល់ពួកអ្នកមុន
អ្នកមួយរេរារង់រែកពុនមិនទាន់ចូលស៊ុនស៊ប់ម្ខាងៗ។
អ្នកក្រោយបណ្តោយសូរអ្នកមុនថាដីមានគុណប៉ុន្មានយ៉ាង
សំគាល់គោលអ្វីជាតីតតាងមានរាងឃើញក្នុងគម្ពីរណា។
រុកម្ខាងថាអាងនគរកាយបរមត្ថអធិប្បាយក្នុងសាស្រ្តា
ធាតុទឹកតួ ន អង្គអក្ខរាជាគុណមាតាពីរដណ្តប់។
ធាតុទឹករំលឹកពីសេម្ហំវកំ យកនំ រហូតចប់
ធាតុដី កេសា មសំ សព្វបញ្ចប់ បិត្តំ គុណបិតា
អ្នកចេះបិដកឆ្លើយបីដងថានោះជាកងពួកកេសា
ហៅធម៌អាច់នោមក៏ល្អើមល្អាអ្នកណារំលឹកគ្មានប្រយោជន៍។
អ្នកមួយថាភាវនាកុំឈប់ជាទីអសុភផ្លូវអសោច
អសារឥតការស្លាប់ជាខ្មោចគេដុតឆេះខ្លោចគ្មានខ្លឹមសារ។
គួរគិតកុំស្តាយកុំស្រណោះរូបរាងទាំងអស់ជាអនិច្ចា
អនិច្ចំមិនទៀងល្អៀងសង្ខារសង្ឃឹមរូបានេះមិនបាន។
សរសៃរសាច់ស្បែកសង្គេគគ្រប់ ជាសាកអសុភកម្មដ្ឋាន
របស់ខាងក្នុងទាំងប៉ុន្មានមុខជាមិនខានរលាយបាត់ ។
ទឹកដីខាងក្រៅក៏មានគុណព្រោះដីកើតមុនទើបកើតសត្វ
កើតសព្វរូបកាយអធិប្បាយកាត់លើកឡាត់លះឃ្លាឲ្យយ៉ាងខ្លី។
គម្ពីរត្រៃវេទដើមសាសនាត្រៃយុតត្រៃតាគ្រប់ជាបី
ព្រះពុទ្ធចេញសាងអាងទឹកដីសន្សំបារមីក្នុងភទ្ទកប្ប។
ភទ្ទកប្បនេះមានព្រះពុទ្ធ៥បានរៀនចេះចាំជាសណ្តាប់
សំដែងថាចុះនរកមួយកប្បលោកប្រាប់ថាជេរព្រោះទឹកដី។
អ្នកម្ខាងថាអាងរៀនសាស្រ្តាប្រែអស់គាថាបទបាលី
ព្រះពុទ្ធទតគ្រប់ភពទាំងបីត្រង់គុណទឹកដីមិនឃើញមាន។
កេសាអក្ខរាទាំង៥គូមិនគួរបើយកមកសន្និដ្ឋាន
យើងចេះដឹងដែរតែមិនហ៊ានដូចពោលបំពានហួសពុទ្ធដិកា។
ពាក្យនេះអ្នកខ្លៅកើតសង្ស័យសព្វថ្ងៃនៅក្នុងឧេក្ខា
មិនទាន់ដាច់សេ្រចទៅខាងណាមិនឃើញពិស្តារស្តាប់មិនបាន
ម្យ៉ាងទៀតប្រាជ្ញថ្មីស្តីដៀលត្មះចង្ហាន់ថ្វាយព្រះថាឲ្យខាន
ដ្បិតព្រះមិនឆាន់នៅពេញចានរបស់ប៉ុន្មានបានអាចារ្យ។
របៀបរាប់បាតមានកន្ទោង១ឈេង២ឈោងហៅបាយដារ
បាយដាក់ហ្នឹងតើឲ្យអ្នកណាអសារឥតការឥតប្រយោជន៍។
ព្រះពុទ្ធមិនឆាន់មិនចេះស្តីយើងអាងបាលីឧទ្ទិសដល់
តម្លើងចង្ហាន់លើកតំកល់ សេសសល់ប្រគេននេនសាមណេរ
សមណៈបួសរៀនមានសីលដប់ប្រសប់ប្រសើរគ្រាន់បើដែរ
បញ្ចូនមគ្គផលដល់ឪម៉ែបង្វែរឧទ្ទិសតាមប្រាថ្នា។
អ្នករេគំនិតគិតគៃកាញ់ចូលបទកំណាញ់ក្រៅតំរា
ទុកស៊ីមាត់ឯងឲ្យឆ្ងាញ់ពិសាខ្លាចបានអាចារ្យស៊ីខាតទុន។
អ្នកម្ខាងថាអាងដាក់ឲ្យប្រេតដោយហេតុគ្នាឃ្លានគ្នាហិនហោច
គ្នាស៊ីខ្ទុះឈាមក្លិនអសោចបិចបោចចែកទានគ្នាស៊ីផង។
ប្រេតត្រូវជាញាតិធម៌តិរោកគ្នាបានងើបមកព្រោះគេផ្សង
បានស៊ីដោយសារដារម្តងៗបានដូចបំណងបំណាច់នឹក។
ចង្ហាន់ថ្វាយព្រះត្រូវបូជាអាចារ្យវន្ទាសូត្ររំលឹក
ព្រះពុទ្ធមានគុណមុនលោកភិក្ខុ៍បាយទឹកជាទានមានមគ្គផល។
ម្យ៉ាងទៀតប្រាជ្ញថ្មីស្រដីផ្តាច់ថាពូនភ្នំខ្សាច់មិនបានបុណ្យ
ជីកដីលៀនភ្នែករែកត្រុនដឹងបានជាគុណប្រយោជន៍អ្វី
នាំគ្នាអុជធូបហែទក្សិណអាចារ្យនោះឆ្អិនខាងបាលី
ហើយមានចេះធម៌បំបួសដីមិនដឹងជាដីឆ្លើយថាម្តេច។
អ្នកមួយថាពូនភ្នំខ្សាច់ស្អាងតំណាងចេតិយព្រះសរពេជ្ញ
ព្រះសាររីរឹកធាតុយើងមិនភ្លេចដ្បិតបុណ្យយើងតិចទៅមិនដល់។
បើធ្វើដោយវាលកណ្តាលថ្ងៃគង់ជាប់និស្ស័យបានកុសល
បើដើមពោធិ៍ពិតរឹតបានផលតំកល់ដើមពោធិ៍យកជាម្លប់។
ពូនភ្នំតំកើងពោធិព្រឹក្សរលឹកដល់អង្គព្រះចមភព
ច្រក្តារ៤ផ្ទាំងបង្ខាំងផ្ទប់កុំឲ្យកំពប់ហៀរហូរដី ។
បើចេះរំលឹកបានបុណ្យណាស់ជឿចុះប្រាជ្ញចាស់កុំជឿថ្មី
ប្រាជ្ញចាស់ក៏ចេះប្រែបាលីបរលោកលោកិយក៏ចាស់ដឹង ។
ចាស់ម្យ៉ាងចាស់ពិតគំនិតពាលចាក់ដោតរោលរាលនាំក្មេងខឹង
ចាស់ម្យ៉ាងផឹកស្រាក្លាស្រវឹងចាស់ហ្នឹងហៅក្មេងក៏សឹងបាន។
ចាស់ជាន់ពីមុនច្រើនខ្លាចច្បាប់ធ្វើតាមតំរាប់ចាស់បុរាណ
បុរីនគរធ្លាប់រាប់អានតែខានខ្លាចខុសក្បួនតំរា។
ច្រើនជឿតំរាប់ក្បួនលោកិយមានកូនប្រុសស្រីត្រូវរៀបការ
សំលាប់ជ្រូកមាន់ស៊ីហ៊ឺហាផឹកស្រាលៀនភ្នែកជជែកឈ្លោះ
បណ្តោយឲ្យយកគ្នាទទេមេបាធ្វើគេក្រែងមិនរស់
នាំកូនសែនខ្មោចអសោចឈ្មោះពីព្រោះមានប្តីមិនរៀបការ។
រៀបកិច្ចមង្គលមានច្រើនយ៉ាងពួកចាស់ច្រើនអាងក្បួនតំរា
បើតាមតំរាយព្រះសូត្រថាមេបានាំកូនចុះនរក ។
បុត្តទារស្ស សង្គហោហីនោ គាមោ
ធម៌អ្នកស្រុក
សង្រ្គោះកូនផុងទៅក្នុងភក់ហ្នឹងហៅអាពុកពន្លិចកូន។
បើធ្វើមង្គលឲ្យរួចបាបរួចពៀរដរាបអស់តាដូន
មង្គលយ៉ាងល្អបរិសុទ្ធសូន្យប្រមូលបងប្អូនស៊ីម្លូស្លា។
ជ្រូកមាន់កុំបាច់សំលាប់តៃសាកមានស្រាប់ទិញពីផ្សារ
ផ្សំកូនប្រុសស្រីតាមមេបាអាចារ្យប្រមូលអស់ចាស់ទុំ។
ប្រុសស្រីអង្គុយកាន់ពពិលបង្វិលប្រាំបួនដណ្តប់ជុំ
ធ្វើកិច្ចមង្គលក្នុងជំនុំផ្សំផ្គុំកូនប្រុសនិងកូនស្រី
ចាស់ៗធ្វើច្រើនធ្វើក្នុងឆោតចង់ឲ្យគេកោតនាលោកីយ
យើងធ្វើយាងតិចត្រលេចខ្លីបានប្តីប្រពន្ធដូចៗគ្នា
ហៅកូនសង្រ្គោះម្តាយឪពុករួចទោសរួចទុក្ខអស់មីងមា
អាពុកសង្រ្គោះគ្មានវេរាអាវាហ៍វិវាហមង្គល។
មិនគួរបង្គាប់ឲ្យកោរជុកហេតុម្តាយអាពុកនាំរវល់
អាចារ្យតែងក្បួនឲ្យអំពល់ពន្យល់អ្នកល្ងង់ឲ្យបង់ទ្រព្យ។
អ្នកខ្ជិលគេជឿសីលមាំមួនពាក្យក្បួនតំរាគេមិនរាប់
គេថាមិនរស់ពីព្រោះធ្លាប់មិនងាប់ពីព្រោះមិនធ្វើធ្មេញ
យ៉ាងដូចចិនយួននៅដាក់ផ្សារស្រុកស្រែចំការក្រុងភ្នំពេញ
កើតឡើងដុះសក់មិនកោរវិញរវល់ដូរទិញអង្គុយលក់ ។
ប៉ុន្តែជាតិចិនល្មោភស៊ីសាច់តមដាច់មិនដែលស៊ីប្រហ៊ក់
ខែ្មរៗប្រហែលខ្វះម្ទេសជ្រក់ទូលស្រូវកន្ទក់ទៅដូរចិន
ហេតុតែជាខែ្មរសម្បុរខ្មៅគំនិតគិតឆៅមិនសូវឆ្អិន
រកស៊ីមិនឆ្អែតជឿចែសិនអាចឹកវាកិនទារទាល់បាន
១កើតអស្សុជសំលាប់មាន់ចំអិនគ្រប់គ្រាន់ដួសដាក់ចាន
រៀបសែនព្រះភូមិតាមបុរាណថាខានខុសក្បួនប្រពៃណី
ហ្នឹងហៅចាស់ឆោតនាំក្មេងព្រើលហែកមាត់មាន់មើលចង្កាពីរ
អាដែងព្រះភូមិមានឈ្មោលញីថាសែនរកស៊ីបានផលស្រូវ។
មានជូនដូនតាទៅស្រុកប្រេតបណ្តែតសំបានច្រានសំពៅ
សំពះអារក្ខជូរខាងឪខាងម៉ែក៏ត្រូវមិនសូវខុស។
ថ្វាយចេកថ្វាយស្រាជារង្វាន់ខ្មោចចូលជិះជាន់រូបស្រីប្រុស
កូនចៅអើយជឿពុទ្ធដិកាចុះរូបស្លាប់ពីព្រោះតែផលកម្ម
រូបសុខដោយសារតែផលបុណ្យកាលជាតិពីមុនខ្ជាប់សីល៥
ជាតិនេះអាយុអង្វែងឆ្នាំកូនចៅអ្នកចាំជឿឲ្យជាក់
ឲ្យពិចារណាចិត្តឯងស្តាប់ធម៌ម្តងៗគួរឲ្យភ្ញាក់
កុំផ្ញើរូបកាយនឹងអារក្ខក្រែងធ្លាក់ទៅក្នុងចតុរាបាយ។
បើចង់អាយុវែងយឺនយូរគោរពគុណគ្រូអាពុកម្តាយ
បើចង់រកស៊ីសុខសប្បាយផ្ញើកាយនឹងគុណរតនត្រៃ
នមស្ការបង្គំពេលល្ងាចព្រឹកភាវនារំលឹករាល់យប់ថ្ងៃ
កុំថាធម៌ណាថោកណាថ្លៃសង្ស័យត្រូវសួររាជបណ្ឌិត
កុំឲ្យមន្ទិលធម៌ថ្មីចាស់មួយធម៌ក្រដាសមួយធម៌ស្លឹករិត
រាជការជំនុំរួមគំនិតរិះគិតតំកើងព្រះសាសនា។
តំកល់សីលប្រាំសីលប្រាំបីឲ្យមនុស្សប្រុសស្រីរួមរក្សា
ផ្ទាត់ផ្ទៀងខ្លាចល្អៀងព្រះពុទ្ធដីកាពិនិត្យអក្ខរាយកត្រឹមត្រូវ។
ជំនុំបោះពុម្ពដាក់ក្រដាសជាការរហ័សធ្វើសៀវភៅ
ឲ្យមានសូត្ររៀនច្រើនតទៅទុកនៅជាកេរ្តិ៍អង្វែងឆ្ងាយ
សព្វថ្ងៃអ្នកខ្លៅស្អប់អ្នកប្រាជ្ញពោលខ្លាំងគិតខ្លាចលឺសុសសាយ
ថាធម៌សៀវភៅធម៌ក្លែងក្លាយអធិប្បាយខ្សឹបៗតែគ្នាឯង។
ឲ្យស្ងៀមពីថ្ងៃនេះតទៅឯធម៌សៀវភៅផែនដីតែង
មិនមានអ្នកប្រាជ្ញណាហ៊ានក្លែងខ្លាចក្រែងរាជការចាប់ដាក់គុក។
គម្ពីរស្លឹករឹតជាគំរូតំកល់ក្នុងទូចាក់សោទុក
គម្ពីរសៀវភៅប្រើគ្រប់មុខទំនុកបំរុងក្នុងសាសនា។
ចាស់ៗជាន់មុនមានគំនិតគម្ពីរស្លឹករឹតជួលគេចារ
ពុំនោះជាវគេដោយជ្រះថ្លាច្រើនមានប្រាជ្ញាតិចអ្នកចេះ
សង្ខេបបទបែបរឿងប្រដៅទូន្មានអ្នកខ្លៅឈប់ទុកស្លេះ
សុំកើតអ្នកប្រាជ្ញមានតំរិះកុំតិះដៀលត្មះចាស់ជាន់មុន
កុំថាចាស់ល្ងិតល្ងង់ល្ងីល្ងើក្រែងពារទៅលើអ្នកមានគុណ
កុំពោលថាចាស់ថយថោកធុនក្រែងស៊ុនទៅលើគ្រូអាត្មា។
ដ្បិតសិស្សនិងគ្រូមិនអ្នកក្រៅជាក្មួយជាចៅជាជីតា
ជាសាច់ខាងមាតារឺបិតាជាកម្មវាចាខ្លះជាបង ។
ខ្លះត្រូវជាធំខ្លះត្រូវជាមាជាគ្រូឧជ្ឈាយ៍បំបួសផង
ប្រដៅសព្វថ្ងៃវាយម្តងៗព្រោះលោកបំណងចង់ឲ្យចេះ
ដល់ខ្លួនរៀនចាំជាក់បាលីឡើងពាក្យសំដីអាងតំរិះ
តំរូវខាងណោះខុសខាងណេះដៀលតិះថាគ្រូខ្លួនឯងល្ងង់។
លោកគ្រូមិនដឹងប្រឹងតែអរខំផ្ញើអង្ករបាវការុង
ស្ករក្អមស្ករស្រាក់លាក់មិនគង់ចង់ផ្ញើពូជពង្សល្បីកេរ្តិ៍ឈ្មោះ។
ខ្លួនចេះបន្តិចកំប៉ិចឡើងចចើងចចេសជជែកឈ្លោះ
ចេះកប់ពពកយកកំពស់បន្តុះបន្ទន់គុណទាបទៅ
បើចិត្តចង់ធំកុំចចើងគួរលើកតំកើងគុណទុកនៅ
ទោសនោះធ្លាក់ចុះនរកជ្រៅម្នៅៗឲ្យបាបពីព្រោះមាត់
ព្រោះមាននិទានពុទ្ធឃោសាអាងចេះសាស្រ្តាគម្ពីរស្ទាត់
ថាចេះលើសគ្រូៗបំភ្លាត់បំប្លេងកំចាត់ឲ្យទណ្ឌកម្ម
ប្រដូចនិទានតែប៉ុណ្ណេះអស់លោកក៏ចេះបានរៀនចាំ
ផ្តួចផ្តើមមួយឃ្លាជាពាក្យផ្តាំដូចមានចំណាំចំណោទជួន ។
ទំនុកបុរាណមានប្រាជ្ញាចេះចែងបញ្ហាសាស្រ្តាក្បួន
ទុកឲ្យអ្នកក្រោយដោះសំនួនបើគិតឲ្យមួនគួរមានភ័យ
ចំណោទថាសត្វបរោខោអង្គុយមែកឈើស៊ីផ្លែជ្រៃ
បុរសខុសជ្រុលគ្មានលក់ព្នៃបង់គោក្របីទាំងមេកូន ។
បុរសម្នាក់ទៀតឡើងដើមឈើបេះផ្លែខាងលើចែកបងប្អូន
ស៊ីឆ្អែតបន្តិចភ្លេចគល់សូន្យបុរសម្នាក់បានកូនភ្លេចគុណម្តាយ។
ចំណោទទីបីចំណែកនេះគួររិះឲ្យជិតកុំគិតឆ្ងាយ
កុំឆ្ងល់និងពាក្យពោលអធិប្បាយប្រឹងគិតដោះស្រាយប្រាជ្ញាស្រាប់។
និយាយដើមគ្រូដោយកំបាំងមានខ្សឹបមានខ្លាំងពោលបង្អាប់
បង្អើលឲ្យអ្នកដទៃស្តាប់បង្អន់ដូចកាប់គាស់ឫគល់
ស៊ីផ្លែឆ្ងាញ់ផ្អែមតាមទុំខ្ចីឫលិចក្នុងដីមើលមិនយល់
មិនយកដីចាក់កប់គុណទល់អំពល់ឲ្យបាបអំពីមាត់ ។
ពីមុនកាលកើតមានរូបកាយអ្នកម្តាយចិញ្ចឹមបានធំធាត់
នាំយកទៅទុកឲ្យនៅវត្តរៀនចេះចាំស្ទាត់បំភ្លាត់គុណ
ភ្លេចគោក្របីទាំងមេកូនសាបសូន្យកុសលដែលមានមុន
សាងក្រោយសាងឲ្យតែខាតទុនពីព្រោះបាបស៊ុនស៊យពីចិត្ត
ពិចារណាគួរតែកោតខ្លាចខ្លួនបានជាប្រាជ្ញព្រោះគ្រូប្រិត
ប្រឹងប្រៀនប្រដៅច្បាប់ក្រមក្រិត្យអាណិតដល់គុណធ្ងន់អនេក
អនាគតកាលទៅមុខចូរចាំចងទុកដល់ស្អែកៗ
កុំស្អប់ចាស់ថ្មីស្តីដោយឡែកមើលចែកចាត់ចិត្តថ្លឹងឲ្យស្មើ។
ធ្វើបុណ្យដោយស្មោះកុំរើស្ម័គ្របាលីបីថ្នាក់ចាំហើយតើ
មនោសេដ្ឋំចិត្តប្រសើរប្រសប់គ្រាន់បើធ្វើបុណ្យបាន
ប្រាជ្ញថ្មីធ្វើតិចធ្វើតាមចុះកុំថាគេខុសហើយឈប់ខាន
ប្រាជ្ញចាស់ច្រើនធ្វើតាមបុរាណច្រើនលើសប៉ុន្មានបានដោយបទ។
កុំធ្វើដោយរាប់អានស្រលាញ់ទុកជាកំណាញ់ហួសកំណត់
កំណើតមគ្គផលជឿប្រាកដសន្មតថាបានច្រើនប្រការ
កុំធ្វើប្រកាន់ដោយយល់មុខហៅបុគ្គលិកទានគ្មានផលា
តាំងចិត្តចុះផ្លូវឧេក្ខារក្សារូបសុខដល់សួគ៌នាយ
សួគ៌នេះបើចង់ឲ្យឆាប់ដល់សាងមគ្គសាងផលកុំរាយមាយ
ឃើញគេខុសចិត្តកុំមើលងាយកុំពោលនិយាយកាន់ម្ខាងៗ
អ្នកប្រាជ្ញចេះថ្មីត្រូវដោយឡែកចំណែកប្រាជ្ញចាស់ត្រូវដោយយ៉ាង
កាន់យកទាំងពីរជាទីអាងសន្សំខំសាងនឹងបានសុខ ។
ពីថ្ងៃនេះទៅនៅឲ្យនឹងស្ងៀមមាត់ឲ្យឈឹងខ្លាចនរក
ពីព្រោះឈ្លោះគ្នារៀងរាល់ស្រុកបឹងថ្លុកត្រពាំងរាំងប្រេះដី
មិនឈ្លោះពីរឿងកេររឿងកោះរឺទ្រព្យរបស់គោក្របី
នេះឈ្លោះពីធម៌ចាស់ធម៌ថ្មីក្តៅចិត្តកើតក្តីរកចាញ់ឈ្នះ
បើក្តីពីស្រែពីចំការចៅក្រមសាលាងាយជំរះ
នេះក្តីពីធម៌ថ្មីធម៌ចាស់នោះក្រែងតែព្រះទើបកាត់បាន
ចៅក្រមសព្វថ្ងៃឧាសកចេះខ្ទេចបិដកព្រះកម្មដ្ឋាន
កាត់ក្តីត្រូវច្បាប់អំបាលម៉ានអ្នកក្តីមិនខានប្តឹងឧទ្ទរណ៍
អាដែងមនុស្សម្នះរឹងចចេសបានតែនិរទេសក្រៅនគរ
តែទុកវានៅវានាំវរជំហរតែរឹងទទឹងច្បាប់ ។
សង្ខេបបែបបទរឿងប្រដៅអ្នកល្ងិតល្ងង់ខ្លៅគួរតែស្តាប់
អ្នកចេះសូត្រធម៌មិនស្តាប់ស័ព្ទគួរត្រាប់អ្នកប្រាជ្ញចេះបាលី
ធ្វើបុណ្យធ្វើទានកុំចោលចាស់ចោលចេញទុកខ្លះក្បួនលោកិយ
សូត្ររៀនតាមបែបអ្នកប្រាជ្ញថ្មីកុំបីភ្លេចគុណចាស់បុរាណ
ធម៌អាថិច្រលំកុំច្រលោតពាក្យពោលចាក់ដោតឲ្យឈប់ខាន
រួមចិត្តសះសាបានសុខសាន្តនឹងឲ្យរុងរឿងរីកសាសនា។
កុំឲ្យរៀវរោយរឹតរងកម្មរាំងរឹងរាល់ឆ្នាំ៥វស្សា
វស្សន្តរដូវត្រូវមនុស្សថារំជួលទេវតាក្តៅក្រហាយ
មនុស្សភូតកុហកឆក់ឆរបោកឆ្នាំនេះស្រូវថោករាស្រ្តអត់បាយ
ក្រលុយក្រកាក់ខ្វះប្រាក់ចាយមហាជនទាំងឡាយកើតវេទនា
ភិរម្យខ្ញុំបាទដើមឈ្មោះអ៊ូពូជពង្សអំបូរខែ្មរអ្នកជា
អាពុកឈ្មោះ អ៊ុក មានសក្តិងារចៅពញាធម្មធារាមេស្រុក
ក្នុងខេត្តភ្នំពេញ ឃុំកំបូលពូជពង្សត្រកូលម្ចាស់អង្គប៉ុក
ជីតាខាងម្តាយឈ្មោះពញាម៉ុកគាត់ធ្វើមេស្រុកឃុំស្ពានថ្ម
អ្នកម្តាយអាពុកបងប្អូនជិតជីទួតមួយពិតពូជចិត្តល្អ
ដូនតាផ្សំផ្គុំជាតំណបង្កកើតមកជាខ្ញុំបាទ ។
ពូជខាងអាពុកមានប្រាជ្ញាច្រើនចេះសាស្រ្តាចាំក្បួនខ្នាត
ត្រកូលខាងម្តាយប្រាជ្ញាឆ្លាតរូបរាងច្រើនស្អាតគ្មានគស្អប់
ខ្ញុំលឺមនុស្សឈ្លោះពីធម៌អាថិគិតក្រែងសាសនាប្រែត្រលប់
ខ្ញុំចាប់អធិប្បាយពុំសាយសព្វ
សន្មតថាចប់ម្ល៉េះឯងហោង។

No comments:

Post a Comment