Thursday, December 10, 2015

លក្ខណៈ​នៃ​បាត​ដៃ​ទាំង ៨​យ៉ាង ដែល​ទាយ​ពី​ជោគ​វាសនា និង​អនាគត​របស់​អ្នក



បាត​ដៃ​របស់​យើង​ម្នាក់ មាន​សភាព​ខុស​ប្លែក​ពី​គ្នា។ ជោគវាសនា និង​អនាគត ក៏​ខុស​គ្នា​ដែរ។ ចាស់ៗ​បុរាណ​លោក​បាន​ចែក​ប្រភេទ​នៃ​បាត​ដៃ​ជា ៨​ប្រភេទ ហើយ​ក៏​បាន​ធ្វើ​ការ​ទស្សន៍​ទាយ​ពី​បាត​ដៃ​នីមួយៗ ដែល​បង្ហាញ​ឲ្យ​ឃើញ​​ពី​អ្វី​ដែល​បម្រុង​នឹង​កើត​ឡើង​នា​ពេល​អនាគត។

១. លក្ខណៈ​បាត​ដៃ​ដែល​សំខាន់​នោះ​គឺ មាន​សាច់​នឹង​ឆ្អឹង​សម​គ្នា បើ​ឆ្អឹង​ដុះ​ស្រួច​ឡើង​មក​មិន​ល្អ បើ​បាត​ដៃ​មាន​សាច់​ស្រោប​ឆ្អឹង​មិន​ជិត ទាយ​ថា មិន​ល្អ​ច្រើន​អភ័ព្វ បើ​សាច់​ចេញ​ក្រាស់​បរិបូណ៍​ល្អ​ណាស់ បើ​ឆ្អឹង​ច្រើន សាច់​តិច អ្នក​នោះ​នឹង​ពឹង​ញាតិ​មិន​បាន​ឡើយ។

២. លក្ខណៈ​បាត​ដៃ​ល្អ​នោះ​គឺ បាត​ដៃ​ទន់​ល្មើយ​ដូច​សំឡី សម្បុរ​ល្អិត​ដូច​សម្ពត់​សម្ពល់​អញ្ចាញ​ដៃ​មាន​ខ្សែ​តូច​ដូច​សូត្រ​ពណ៌​ ក្រហម ស្រដៀង​នឹង​ជាតិ​ហិង្គុល, ក្ដៅ​ឧណ្ឌៗ​នៅ​ជា​និច្ច មិន​ត្រជាក់​ស្រេង ខ្នង​ដៃ​កំពង់​ដូច​ខ្នង​អណ្ដើក កណ្ដាល​បាត​ដៃ​ខួច​ដូច​សំបក​ស៊ុត​មាន់ ឆ្អឹង និង​ថ្នាំង​ដៃ​រលីង​ស្អាត មិន​ដុះ​ប៉ោង ស្បែក​ធូរ​សាច់​ក្រាស់ បើ​ជន​ណា​មាន​បាត​ដៃ​ដូច្នេះ គង់​នឹង​មាន​បុណ្យ​វាសនា បើ​មិន​ដូច្នេះ​ទេ គង់​នឹង​បរិបូណ៌​ដោយ​ទ្រព្យ​សម្បត្តិ។

៣. លក្ខណៈ​បាត​ដៃ​អាក្រក់​នោះ​គឺ បាត​ដៃ​រឹង, គគ្រាត ពណ៌​ស្ងួត ស្លេក ក្រៀម ខ្លោច​ស្រអ័ព្វ​ខ្មៅ មិន​ស្រស់​ថ្លា សរសៃ​ធំ​ធ្លោស ឆ្អឹង​ធំ​កោង​ខ្ពស់ សាច់​តិច​ជា​ឆ្អឹង​បាត​ដៃ​ស្ដើង លក្ខណៈ​ដូច​ពោល​មក​នេះ ច្រើន​បាន​សេចក្ដី​លំបាក ទាំង​អាយុ​ក៏​មិន​យឺន​យូរ។

៤. បាត​ដៃ​ធំ ម្រាម​តូច កាល​អាយុ​នៅ​តិច ទុក​ទ្រព្យ​សម្បត្តិ​មិន​គង់, បាត​ដៃ​ពណ៌​ដូច​ថ្លើម​ជ្រូក ច្រើន​បាន​ទៅ​ក្នុង​ទ័ព​សឹក បើ​មិន​ដូច្នេះ​ទេ ច្រើន​ចាក​ចោល​ទី​លំនៅ, បើ​មនុស្ស​ស្គម​បាត​ដៃ​ស្ដើង​មិន​ជា​អ្វី​ទេ មនុស្ស​ស្គម បាត​ដៃ​ធាត់​ល្អ​ណាស់, មនុស្ស​ធាត់​បាត​ដៃ​មិន​មាន​សាច់ មិន​ល្អ, មនុស្ស​ធាត់ បាត​ដៃ​ក្រាស់​មាន​សាច់​ច្រើន ជា​ណាស់​ហោង។ បើ​បាត​ដៃ​ល្អ តែ​អញ្ចាញ​ដៃ​អាក្រក់ កាល​នៅ​តូច​ទ្រព្យ​សម្បត្តិ​នឹង​វិនាស​ខ្ចាត់​ខ្ចាយ, បើ​លក្ខណៈ​អញ្ចាញ​ដៃ​ល្អ តែ​បាត​ដៃ​អាក្រក់ ដល់​ចាស់​នឹង​មាន​ទ្រព្យ​តែ​ល្មម​ប្រមាណ បាត​ដៃ​សម្បុរ​ល្អិត​តែ​ធូរ ទោះ​នឹង​មាន​ក៏​ត្រូវ​នឿយ​ព្រួយ, បាត​ដៃ​មាន​ប្រជ្រុយ​ដាំ​ដែង នឹង​មាន​ទ្រព្យ​សម្បត្តិ ហើយ​នឹង​មាន​បុណ្យ​ផង, បើ​បាត​ដៃ​មាន​អញ្ចាញ​ដ៏​ប្លែក​ចម្លែក អ្នក​នោះ​គង់​នឹង​មាន​យស​ស័ក្ដិ, បើ​សរសៃ​តាម​ឆ្អឹង​ខ្លួន​ឡើង​ស្ទុង អ្នក​នោះ​ខ្លួន​ជា​សុខ តែ​ចិត្ត​ជា​ទុក្ខ, បើ​ថ្នាំង​ម្រាម​ប៉ោង​ធំ ប្រហោង​ម្រាម​ដៃ​ឃ្លាត​គ្នា អ្នក​នោះ​ច្រើន​ខ្ជិល​ច្រអូស បើ​បាត​ដៃ​ពណ៌​លឿង​ត្រជាក់​ដូច​ទឹក អ្នក​នោះ​ច្រើន​យល់​សប្ដិ​អាក្រក់ ហើយ​ស្រៀវ​ខ្លាច​ភិត​ភ័យ, បើ​បាត​ដៃ​ក្ដៅ​ឧណ្ឌៗ ពណ៌​ឈាម​ក្រហម អ្នក​នោះ​មាន​តាំង​ពី​តូច​ដល់​ធំ មិន​សូវ​ឈឺ​ចាប់ បើ​បាត​ដៃ​ឆ្វេង​កាត់ ដៃ​ស្ដាំ​មិន​កាត់ អ្នក​នោះ​មាន​ញាតិ​តិច បើ​កាត់​ទាំង​សង​ខាង ច្រើន​ឃ្លាត​ពី​ញាតិ​ហោង។

៥. លក្ខណៈ​បាត​ដៃ​ដែល​សម​គួរ​នោះ​គឺ មនុស្ស​ស្គម​ដៃ​ស្ដើង មនុស្ស​ធាត់​ដៃ​ក្រាស់, មនុស្ស​ធំ ដៃ​ធំ, មនុស្ស​តូច​ដៃ​តូច, មនុស្ស​ល្អ​ដៃ​ល្អ, មនុស្ស​អាក្រក់​ដៃ​អាក្រក់ បើ​ក្រហម​ចាស់​ស្រស់ អញ្ចាញ​ដៃ​ខ្សែ​តូច​ល្អះល្អ គង់​នឹង​មាន​បុណ្យ​វាសនា​ប្រាកដ​ហោង។

៦. លក្ខណៈ​បាត​ដៃ​ដែល​មិន​សម​គួរ​នោះ​គឺ បាត​ដៃ​ធំ​ម្រាម​ខ្លី អ្នក​នោះ​ច្រើន​ត្រូវ​គេ​និន្ទា, ឆ្អឹង​ធំ សរសៃ​អណ្ដែត អ្នក​នោះ​បាន​សុខ​តិច មាន​ទុក្ខ​ច្រើន, ខ្នង​ដៃ​ឆ្អឹង​ឡើង​ខ្ពស់ អ្នក​នោះ​តាំង​ពី​តូច​ដល់​ធំ ត្រូវ​នឿយ​ព្រួយ​ច្រើន កាយ​តូច ដៃ​ធំ ច្រើន​ជា​អ្នក​ចាយ​វាយ​ប្រាក់​កាស។

៧. ពណ៌​សាច់​បាត​ដៃ​ដែល​សម​គួរ​ដល់​រដូវ​កាល​នោះ គឺ​រដូវ​ក្ដៅ​មាន​ញើស រដូវ​ភ្លៀង ស្រស់​ថ្លា មិន​ស្ងួត​ក្រៀម, រដូវ​រងារ ស្ងួត​ក្រៀម, ដូច្នេះ​ទើប​ត្រូវ​តាម​រដូវ​កាល អ្នក​នោះ​នឹង​មាន​សេចក្ដី​សុខ​សប្បាយ។ បើ​រដូវ​ក្ដៅ​ត្រឡប់​ទៅ​ជា​ស្ងួត​ក្រៀម រដូវ​រងា ត្រឡប់​ទៅ​ជា​ញើស អ្នក​នោះ​នឹង​ពិបាក មិន​មាន​សតិ​បញ្ញា​អ្វី​ឡើយ។

៨. បើ​ខ្នង​ដៃ​សរសៃ​ឡើង បាត​ដៃ​សាច់​រឹង អ្នក​នោះ​ជា​មនុស្ស​មាំ​មួន ឧស្សាហ៍​តែ​នឿយ​ព្រួយ​ច្រើន បើ​សរសៃ​រៀបរយ សាច់​ណែន​នឹង​មាន​ទ្រព្យ​ស្ដុក​ស្ដម្ភ, បាត​ដៃ ខ្នង​ដៃ មាន​ពណ៌​សាច់​ដូច​គ្នា  ជា​លក្ខណៈ​ដ៏​វិសេស​ណាស់។ បើ​បាត​ដៃ​ពណ៌​ផូរ​ផង់ ល្អ​ជាង​ខ្នង​ដៃ អ្នក​នោះ​នឹង​មាន​ទ្រព្យ​ច្រើន, បើ​បាត​ដៃ​ខ្មៅ​ជាង​ខ្នង​ដៃ ជា​អ្នក​ខ្សត់​ទ្រព្យ។

No comments:

Post a Comment