Saturday, December 12, 2015

កម្ពុជាធ្លាក់ចូលក្នុងគ្រោះមហន្ដរាយ


  តាមសិលាចារឹក   អ្នកប្រវត្ដិវិទូបានបែងចែកប្រវត្ដិសាស្រ្ដខ្មែរជាបីជំពូកធំៗ  គឺសម័យមុនអង្គរ សម័យអង្គរ និង​សម័យ​ក្រោយ​អង្គរ​។​ ចាប់​តាំង​ពី​ស.ត.វ​ទី​១៦ ប្រ​វត្ដិ​សាស្រ្ដ​ខ្មែរ​បានបើកទំព័រថ្មីមួយ  ពោពេញទៅដោយមេរៀនជូចត់ សំរាប់អោយយុវជន  យុវ​នារី​ខ្មែរ​ជំនាន់​ក្រោយ​ ៗ ត្រិះ​រិះ​ពិចា​រណា​រក​ហេតុ​ផល ហើយទាញយកជាការពិសោធន៍ អំពីសកម្មភាពរបស់ដូនតាខ្លួន ដើម្បីធ្វើយ៉ាងណា​កុំ​អោយ​ធ្លាក់​ចូល​ទៅ​ក្នុង​ គន្លង​ចាស់​ដដែលៗ​នេះ​ទៀត​។ ដើម្បីជាការចុះផ្សាយ ក្នុងជំហានដំបូងនេះ ខ្ញុំសូមលើកយកប្រវត្ដិសាស្រ្ដខ្មែរត្រង់សម័យ​ក្រោយ​អង្គរ គឺ​ប្រវត្ដិ​ សាស្រ្ដ​ខ្មែរ​ចាប់​ពី ស.ត.វ​ទី​១៥​ តទៅ។ គឺចាប់តាំងពីពេលនេះទៅហើយដែលខ្មែរយើងចុះអោនថយបន្ដិចម្តងៗ ព្រំប្រ​ទល់​អាណា​ចក្រ​ទឹក​ដី​ចេះ​ រៀវ​រួញ​តូច​ទៅៗ​ ប៊ិស​រលាយ​បាត់​អស់​តែ​ម្ដង​។
  ការចុះអោនថយនេះ បើយើងធ្វើការសិក្សាទៅតាមប្រវត្ដិសាស្រ្ដ ធ្វើអោយយើងឃើញថា មកពីខ្មែរយើង មេដឹកនាំយើង មហា​ក្សត្រ​យើង​ គ្មាន​ការ​រួប​រួម​សាមគ្គី​គ្នា ចេះ​តែឈ្លោះប្រកែកដណ្ដើមអំណាចគ្នា ស្ដេចប្អូនស្រណែនស្ដេចបង ស្ដេបងស្រ​ណែន​ប្អូន ឬ​ឳ​ពុក​មា​ក្មួយ​ជា​ដើម​ នាំ​គ្នា​កែន​ប្រជា​រាស្រ្ដ​ធ្វើ​សង្គ្រាម​ប្រកាប់​ប្រចាក់​គ្នា ហើយរហូត ដល់រត់ទៅពឹងបរទេសជិតខាងអោយមកជួយច្បាំងខ្លួនទៅទៀត។
  នេះជាលើកទី១ នៅក្នុងប្រវត្ដិសាស្រ្ដខ្មែរ ដែលគេឃើញស្ដេចខ្មែរទៅសុំពឹងពាក់បរទេស គឺសៀមអោយចូល​មក​ជួយ​ដោះ​ស្រាយ​បញ្ហា​ របស់​ជាតិ​ឯង​ដោយ​ផ្ទាល់ នេះ​គឺ​តំរាប់​អាក្រក់មួយ សំរាប់មេដឹកនាំ សំរាប់ព្រះរាជាសោយរាជ្យ​តៗទៅមុខ ដែល​រត់​ទៅ​ពឹង​សុំ​ជំនួយ​ពី​ប រ​ទេស ដែល​ជា​លេស​អោយ​គេ​មាន​ឱកាស លូកដៃចូលមកជ្រៀតជ្រែក ក្នុងផ្ទៃនយោបាយប្រទេសជាតិរបស់ខ្មែរ ហើយ​ឆ្លៀត​ឱកាស​នេះ ​គេ​ទាញ​យក​ផល​ប្រ​យោជន៍​អោយ​គេ​តែ​ប៉ុណ្ណោះ ឧទារហណ៍ថ្មីនេះ ១៩៧៥ ... មេដឹកនាំដ៏អាក្រក់ កាប់សំលាប់​ប្រ​ជា​រាស្រ្ដ​ខ្លួន​ឯង​រហូត​ សាប​សូន្យ​អស់​រលីង​ឈឹង ធ្វើ​អោយ​យួន​ដើរ​ចូលមកលុកលុយក្នុងដែនកម្ពុជាដោយគ្មានការភ័យខ្លាចអ្វីឡើយ ប្រជា​រាស្រ្ដ​ស្លូត​ត្រង់ សេស​ សល់​មិន​ទាន់​ស្លាប់ ដែល​កំពុង​រង​ទុក្ខ​វេទ​នា រងការកៀបសង្កត់សង្កិតកាប់សំលាប់ពីរបបដ៏សែនមហាក្រហមឆ្អិន ក៏​ងើប​ស្រែក​ជ័យ​យោ​យួន​ យ៉ាង​គគ្រឹក​គគ្រេង​។
  សង្គ្រាម១០ឆ្នាំរវាង (១៤៧៥ - ១៤៨៥) ស្ដេចមា​ស្ដេចក្មួយបានធ្វើអោយប្រទេសខ្មែរជួបនូវវិបត្ដិដ៏ធ្ងន់ធ្ងរ ចំបាំង​ដែល​គេ​ប្រើ​សំរាប់​ដោះ​​ស្រាយ​ក្នុង​ទំនាស់​រាជ​បល្ល័ង្ក​នេះ បាន​ធ្វើអោយប្រជានុរាស្រ្ដរងទុក្ខវេទនាយ៉ាងសំបើម សេដ្ឋកិច្ចជាតិចុះអោនថយ​ជាប់​គាំង​ដោយ​ភ្លើង​​សង្គ្រាម ព្រោះ​ប្រ​ជា​នុ​រាស្រ្ដ​មិនអាចបង្កបង្កើតផលបាន គិតតែនាំគ្នា ទូលកញ្ជើរត់ភៀសខ្លួនយកអាយុជីវិតប៉ុណ្ណោះ។
  សង្គ្រាមបានស្ងប់បាត់ទៅមួយរយៈ មិនបានយូរប៉ុន្មានទេ ចំបាំងបានផ្ទុះឡើងសារជាថ្មីទៀតរវាងស្ដេចព្រះស្រី​សុ​គន្ធ​បទ នឹង​ស្ដេច​កន​។ ក្នុង​ រវាង​ជា​គ.ស​១៥១០ ព្រះ​ស្រី​សុ​គន្ធ​បទ​ជា​រាជ​បុត្រព្រះធម្មរាជា ចៅរបស់ព្រះចៅពញាយ៉ាត បានតែងតាំងនាងកេ​ស​បុប្ផា ឬ​នាង​ពៅ​បុត្រី​ ពិ​ជ័យ​នាគ ដែល​ជា​ពល​ព្រះ (អ្នក​ថែ​រក្សា​វត្ដ​អារាម) ជាស្នំឯក ប្អូនប្រុសរបស់នាងនាម កន ត្រូវបានតែងតាំងជាឃុន​ហ្លួង​ព្រះ​ស្ដេច​មាន​នាទី​ មើល​ការ​ខុស​ត្រូវ​ពល​ព្រះ​ទាំង​អស់​ក្នុង​នគរ​។ ថ្ងៃមួយព្រះសុគន្ធបទទ្រង់សុបិននិមិត្ដឃើញនាគដេញខាំព្រះអង្គ ហើយ​មាន​ពាំ​ស្វេត​ឆ័ត្រ​ថែម​ ទៀត​។ ហោ​រា​ទាយ​ដែល​មាន​ចិត្ដ​ស្រណែន​ និង​ស្អប់​ហ្លួងព្រះស្ដេចកនជាខ្លាំងផង ក៏ទាយមួលបង្កាច់ថា នឹងមាន​កលា​ហល​យ៉ាង​ធំ​មួយ​បង្ក ​ដោយ​អ្នក​កើត​ឆ្នាំ​រោង​(នាគ) គឺ​ឃុន​ហ្លួង​ព្រះ​ស្ដេចកននេះឯង។ ព្រះសុគន្ធបទដែលជាស្ដេច ល្ងង់ខ្លៅគ្មានដំរេះវិជ្ជា​ចេះ​ដឹង​អ្វី ខ្វះ​ការ​ពិចា​រណា​ រក​ហេតុ​ផល​អោយ​បាន​ច្បាស់​លាល់ គិតខ្លាចក្រែងនាយកន ក្បត់ដណ្ដើមរាជសម្បត្ដិមែន ក៏ទ្រង់បាន​ធ្វើ​ការ​ប្រជុំ​ជា​សំងាត់​ជា​មួយ​មន្ត្រី​ជំនិត​ រិះ​រក​មធ្យោ​បាយ​ដើម្បី​សំលាប់​នាយ​កន​ តែ​ស្នំ​ឯក​នាង​បុប្ផា​កេ​ស​លួច​ស្ដាប់​ដឹង​ហេតុ​ការ​ណ៍ ក៏​លួច​ផ្ញើ​សំបុត្រ​សំងាត់​មួយ​ទៅ​ប្រាប់​នាយ​កន​ ជា​ប្អូន​ជា​ប្រញាប់ នាយ​កន​បាន​ដឹង​សេច​ក្ដី​សំបុត្រ​ហើយ លើក​ដៃសំពះឡើងលើថា ឱ!..ព្រះជាម្ចាស់!..ខ្ញុំ​ព្រះ​ករុណា​នេះ មាន​ចិត្ដ​ស្មោះ​នឹង​ព្រះ​ ករុ​ណា​ដោយ​ស្មោះ ចុះ​ហេតុ​ម្ដេច​ក៏​ដូច​នេះ​?​។
  នៅពេលដែលព្រះរាជាទ្រង់ធ្វើកលសំលាប់ស្ដេចកន ដោយអោយស្ដេចកនមុជទឹក ទៅដោះសំណាញ់ជាប់គល់ឈើ នាយ​កន​ដែល​ដឹង​ គំរោង​ការ​នេះ​ជា​មុន​តាម​រយៈ​ស្នំ​ឯក ដែលត្រូវជាបងស្រី ក៏មុខទឹកចុះទៅដោះសំណាញ់តាមព្រះរាជបញ្ជា ហើយ​ខំ​មុជ​យ៉ាង​លឿន​ភៀស​ ចេញ​ពី​ទី​នោះ​ទៅ​។ លុះ​ផុត​គ្រោះ​ថ្នាក់​ហើយស្ដេចកនបានទៅដល់ខេត្ដបាភ្នំ ក៏រកឧបាយកលក្បត់មែនទែន ដំបូង​នាយ​កន​ដើរ​ឧបាយ​កល​ បញ្ជោត​ចៅ​ហ្វាយ​ខេត្ដ​ថា ខ្លួន​ទទួល​បញ្ជាពីព្រះរាជា អោយមកកែនទ័ព ទៅកំចាត់មហាឧបរាជចន្ទរាជា ព្រះអនុជព្រះ​សុគន្ធ​បទ​សោយ​រាជ​ នៅ​ចតុ​មុខ ឧប​រាជ​ចន្ទ​រាជា​ដឹង​ហេតុ​ការណ៍មិនស្រួលក៏ភៀសទៅកាន់ស្រុកសៀមបាត់ទៅ។ លុះកែនទ័ពបានច្រើន​ហើយ​នាយ​​កន ក៏​បញ្ជា​ អោយ​ចូល​វាយ​បាន​ជ័យ​ជំនះ​ជា​បន្ដ​បន្ទាប់ ទៅលើរាជធានីទួលបានសាន ក្រុងចតុមុខ លង្វែក បរិបូរ ហើយធ្វើគត​ព្រះ​សុគន្ធ​បទ​បាន​នៅ បន្ទាយ​​ស្ទឹង​​សែន​​។ លុះ​បាន​ជ័យ​ជំនះ​គ្រប់​ទិស​ទី​ហើយ​នាយ​​កន​​បាន​​មក​​តាំង​​ខ្លួន​​សោយ​រាជ ​នៅ​រាជ​ធានី​ទួល​បាសាន​ធ្វើ​ព្រ​ងើយ​​ទៅ​​។​
  ចំបាំងដែលបណ្ដាលមកពីមេដឹកនាំ ពីស្ដេចគ្រងរាជ ចេះតែមិនទុកចិត្ដទៅលើមន្រ្ដីរាជការរបស់ខ្លួន ហើយ​ភ័យ​ព្រួយ​ខ្លាច​មន្រ្ដី​របស់​ខ្លួន​ក្បត់​ ដណ្ដើម​អំណាច ដោយ​ខ្វះ​ការ​​ពិចា​រណា​រក​ហេតុផលពិតប្រាកដ ចេះតែរកកិច្ចកលបំបាត់គ្នា កាប់សំលាប់គ្នាគ្មាន​រក​ហេតុ​ផល​ខុស​ត្រូវ​អ្វី​ឡើយ អំពើ​ទាំង​នេះ ចេះ​តែ​កើត​មាន​ក្នុង​ចំណោម​អ្នកដឹកនាំ ក្នុងរាជវង្សតៗទៅទៀត។ ចំបាំងរវាងស្ដេចកន ស្ដេចប្លមកើត​​ចេញ​ពី​ពល​ព្រះ នឹង​ស្ដេច​ មែន​ទែន មិន​មែន​បញ្ចប់​ស្រួល​ៗ ត្រឹម​ស្ដេច​ប្លម​នេះបានឡើងគ្រងអំណាចនោះទេ សង្រ្គាមបានអូសបន្លាយវែង​យូរ​ឆ្នាំ​ត​ទៅ​ទៀត​។ ស្ដេច​​អង្គ​​ ចន្ទ​ដែល​ជា​ឧប​រាជ និង​ជា​អនុជ​ស្ដេច​សុគន្ធបទ ដែលរត់ភៀសខ្លួនទៅស្រុកសៀម បានត្រលប់មកកែនក​ទ័ព​ធ្វើ​សង្គ្រាម​ចោម​វាយ​បក្ស​ពួក​ ស្ដេច​កន​ទៀត ទំរាំ​តែ​ចាប់​ស្ដេច​កន​បាន ភ្លើងសង្រ្គាមរវាងគ្នាឯង បានឆេះឆាបនៅក្នុងប្រទេសកម្ពុជា យ៉ាង​តិច​ណាស់​ ក៏​១០​ឆ្នាំ​ដែរ​ហេ​ដ្ឋា ​រចនា​សំព័ន្ធ​ទាំង​ឡាយ​ក្នុង​ស្រុក ត្រូវឆេះបាក់បែកខូចខាត សេដ្ឋកិច្ចចុះអោន ថយ ជាប់គាំងមិនមានចលនា ប្រជា​ជន​ប្រជា​នុរាស្រ្ដ​រង​ទុក្ខ​វេ​ទនា រហេម​រហាម​ស្លាប់​ព្រាត់​ប្រាស់​និ​រាស្ដ​គ្រួសារ​បង់​​ជីវិត​ស្លាប់ គរ​ជើង​លើ​គ្នា នេះ​ហើយ​ភ្លើង​សង្រ្គាម​។
  វិបត្ដក្នុងរាជវង្សខ្មែចេះតែបន្ដទៅទៀតគ្មានស្រាកស្រាន្ដសោះឡើយ កើតឡើងចេញមកអំពី ការគ្រប់គ្រង​អំណាច​ផ្ដាច់​ការ ការ​លោភ​លន់​ អំ​ណាច​ហួស​ហេតុ ការ​ឈ្លោះ​ដណ្ដើម​អំ​ណាច​គ្នា។ ក្នុងប្រមាណឆ្នាំ ១៥៨៦ ស្ដេចសត្ថាទី១ ដែលដាក់រាជសម្បត្ដិ ថ្វាយ​ទៅ​អោយ​រាជ​បុត្រ​ នាម​ជ័យ​ជេដ្នា ដែល​ជា​កូន​ក្មេង​ទើបអាយុបា១១ឆ្នាំ ហើយថែមទាំងតែងតាំងរាជបុត្រទី២ ពញាតន់ ដែលមាន​ព្រះ​ជន្ម​ត្រឹម​៦​ឆ្នាំ​ប៉ុណ្ណោះ​អោយ​ ក្លាយ​ទៅ​ជា​មហា​ឧប​រាជ​ទៀត​។ យើងឃើញថាការតែងតាំងអោយកូនក្មេងក្លាយជាអ្នកដឹកនាំ ក្លាយជាព្រះ​មហា​ក្សត្រម្ចាស់​ផែន​ដី​នេះ តើ​ វាសនា​អនា​គត​ស្រុក​ទេស​យើង នឹង​ក្លាយ​ទៅ​ជាយ៉ាងណានោះ មេដឹកនាំល្មោភ ក្ដោបក្ដាប់អំណាច ខ្លាចអំណាចរបូត​ផុត​ចេញ​ពី​ដៃ របូត​ផុត​ ពី​រង្វង់​គ្រួសារ របស់​ខ្លួន​ដូច​ជា​ស្ដេច​សត្ថា​ទី១​ ដែល​ភ័យ​ខ្លាចអំណាច រាជសម្បត្ដិ ក្រែងមិនបានទៅរាជបុត្ររបស់ខ្លួន ហើយ​ដែល​មាន​ចិត្ដ​ច្រ ​ណែន នឹង​ព្រះ​អនុជ​ព្រះ​សុរិ​យោ​ទ័យ ជា​ស្ដេច​មាន​សមត្ថភាព មានតំរិះវិជ្ជា ប្រជានុរាស្រ្ដស្រលាញ់ចូលចិត្ដរាប់​អាន​ច្រើន​។ ដោយ​ខ្លាច​រាជ​ សម្បត្ដិ​បាន​ទៅ​ស្ដេច​ប្អូន ក៏​លើក​រាជ​សម្បត្ដិ អំណាចនគរ ថ្វាយទៅបុត្រទាំងពីររបស់ព្រះអង្គទាំងនៅក្នុងវ័យ​កូន​ក្មេង​នេះ​ទៅ​។ ពួក​បរ​ទេស​ មាន​សៀម​យួន ដែល​ចាំ​តែ​សំលឹង​មើល​ពេល​ដែលខ្មែរមានការបែកបាក់គ្នា មានមេដឹកនាំគ្មានវិជ្ជា គ្មានសមត្ថភាព ក៏​លូក​ដៃ​ចូល​មក​ជ្រៀត​ ជ្រែក​ក្នុង​នយោ​បាយ​ផ្ទៃ​ក្នុង​​នគរ​កម្ពុជា​យើងទៀត រហូតដល់បន្ទាយលង្វែកដ៏រឹងមាំរបស់យើង​ត្រូវ​សត្រូវ​ខ្មាំង​វាយ​បាក់​បែក​ ខ្ចាត់​ខ្ចាយ​អស់​។
  សៀមបានប្រើឧបាយកលគ្រប់យ៉ាង ដើម្បីធ្វើការរុករានវាយបំបែកបន្ទាយលង្វែក ដែលការពារដោយ​របង​រិស្សី​យ៉ាង​ក្រាស់ សៀម​បាន​ ប្រើ​ឧបាយ​កល ដោយ​បាញ់​​ប្រាក់​​ដួង​​ចូល​​ទៅ​ក្នុង​ព្រៃ​រិស្សីការពារបន្ទាយលង្វែក ដោយសារប្រាក់ដួង ប្រជានុរាស្រ្ដខ្មែរ​ភាន់​ភាំង​សតិ បាន​នាំ​គ្នា​ ទៅ​កាប់​ឆ្ការ​ព្រៃ​រិស្សី​យក​ប្រាក់​ដួង រហូតរបងរិស្សីត្រូវបាក់បែកខ្ចេចខ្ទីអស់។ នៅក្នុង នេះដែរសៀមបានបង្កប់​ចារ​កម្ម​របស់​ខ្លួន​ពីរ​នាក់ ដែល​ មាន​ភេទ​ជា​ព្រះ​សង្ឃ​អោយ​ធ្វើវិទ្ធង្សនា បោកបញ្ជោត ដែលមានសង្ឃម្នាក់ធ្វើជានាក់ ចាក់ដោតញុះញង់អោយ​ប្រជា​នុ​រាស្រ្ដ​បាន​នូវ​សេចក្ដី​ ក្ដៅ​ក្រហាយ សង្ឃ​ម្នាក់​ទៀត​ ជា​អ្នក​ជួយសង្គ្រោះប្រជានុរាស្រ្ដដែលបានទទួលនូវក្ដីក្ដៅក្រហាយទាំងនោះអោយធូ ​ស្រាល​ទៅ​វិញ​។ សៀម​ ចូល​មក​វាយ​បែក​បាក់​យក​បានបន្ទាយលង្វែក នៅដើមស.ត.វទី១៦ធ្វើអោយខ្មែរយើងជួបប្រទះនូវផលវិបាកដ៏​អា​ក្រក់​យ៉ាង​ខ្លាំង ត​ពី​នេះ​ទៅ​ ប្រ​ទេស​ខ្មែរ​ត្រូវ​ជួប​ប្រទះ​នូវ​វិបត្ដកាន់តែច្រើនឡើងៗ ក្នុងទំនាស់ផ្ទៃក្នុង រួមជាមួយនឹងកត្ដាផ្សេងៗ ទៀតជាច្រើន អានា​ខេត្ដ​ទឹក​ដី​ខាង​លិច​ មួយ​ភាគ​ធំ និង​ដែន​ដី​នៅ​ឯ​នាយ​ភ្នំ​ដង​រែកត្រូវបាន ធ្លាក់ក្នុងកន្ដាប់ដៃពួកសៀមវិញជាស្ថាពរ។ ការបែកបាក់បន្ទាយ​លង្វែក ធ្វើ​អោយ​ប្រទេស​ ខ្មែរ​បាត់​បង់​អស់​នូវ​ក្បួន​ ខ្នាត អ្នក​ប្រាជ្ញ​រាជ​បណ្ឌិត កវី បាត់អស់រិទ្ធានុភាព ធ្លាក់ខ្លួនជារដ្ឋតូចមួយនៅអាស៊ីអគ្នេយ៍​ប៉ុណ្ណោះ​។ រហូត​មក​ដល់​រាជ​ ព្រះ​បរម​រាជា​ស្រី​សុរិ​យោ​ព័រ ឥទ្ធិ​ពល​សៀមបានជះយ៉ាងខ្លាំងមែនទែន មកលើប្រទេសកម្ពុជា ទាំងផ្នែកអប់រំ ទាំង​ផ្នែក​ដឹក​នាំ ទាំង​ទំនៀម​ ទំ​លាប់​រហូត​ដល់​ការ​ស្លៀក​ពាក់​របស់​មន្រ្ដី​រាជ​ការ សុទ្ធ​តែ​ស្លៀក​ពាក់បែបសៀ ម គឺពាក់អាវសឿគ្រុយ (អាវផាយ) ទាំងអស់។
  ជំលោះទាស់ទែងគ្នាក្នុងសង្គមខ្មែរ បានលាតត្រដាងអោយឃើញអំពីអំពើហឹង្សាជាច្រើន ដែលបានកើតចេញពី​ស្រ​ទាប់​មេ​ដឹក​នាំ អ្នក​កាន់​ អំ​ណាច ព្រះ​មហា​ក្សត្រ​សោយ​រាជ ដែល​ចេះ​តែ​ប្រព្រឹត្ដនូវអំពើខុសច្បាប់ រំលោភលើសិទ្ធិពលរដ្ឋស្លូតត្រង់ ប្រ​ជា​ពល​រដ្ឋ​ក្លាយ​ទៅ​ជា​ឧប​ ករណ៍ សំរាប់​ការ​ជិះ​ជាន់​នៃ​អ្នក​កាន់​អំណាច​តែប៉ុណ្ណោះ ប្រជាពលរដ្ឋស្លូតត្រង់ ក្លាយជាជនល្ងង់ខ្លៅ មិន​ហ៊ាន​ចេញ​វាចា មិន​ហ៊ាន​និយាយ​ស្ដី​ មិន​ហាន​ធ្វើ​អ្វីៗ ដែល​ជា​មតិ​យោបល់សេចក្ដីយល់ដឹងរបស់ខ្លួន សេចក្ដីភ័យខ្លាចពីការគំរាមគំហែង សេចក្ដីភ័យ​ពី​ការ​ចាប់​ចង ធ្វើ​ទុក្ខ​បុក​ ម្នេញ កាប់​សំលាប់​គ្រប់​យ៉ាង ពី​អ្នក​មានអំណាច ពីព្រះមហាក្សត្រ ធ្វើអោយប្រជានុរាស្រ្ដធ្លាក់ចុះក្នុងអន្ដូងកំលៅ គាំង​គរ​ដ៏​ជ្រៅ​មហា​សែន​ ជ្រៅ លែង​ហ៊ាន​ក្អក លែង​ហ៊ាន​គ្រហាម​អ្វីទាំងអស់ សូម្បីតែមេដឹកនាំ សូម្បីតែព្រះមហាក្សត្រ ប្រព្រឹត្ដនូវអំពើអាណាចារ្យ ខុស​ច្បាប់​យ៉ាង​ ណា​ក៏​ដោយ​។
  មួយចំនែកទៀត មេអ្នកដឹកនាំ ឬព្រះមហាក្សត្រ ចូលចិត្ដមានប្រពន្ធច្រើន ជាគំរូអាក្រក់បំផុតដល់ប្រជានុរាស្រ្ដតូច​តាច ដែល​ជា​ប្រភព​នៃ​អំ ពើ​ក្បត់​ផិត ហឹង្សា​គ្រប់​បែប​យ៉ាង​នៅ​ក្នុង​សង្គម ព្រោះថា នារីរូបល្អស្រស់ខ្លះដែលនាង បានទៅធ្វើជាមេនំមេនាងរបស់​ស្ដេច ក៏​ក្លាយ​ទៅ​ជា​ អ្នក​ផិត​ក្បត់​ស្ដេច ព្រោះ​នាង​នៅ​កំពុង​ត្រូវ​ការលោកិយនៅឡើយ នាងចង់មានបុត្រ នាងចង់មានគ្រួសារ នាងមិនអាច​ដេក​រង់​ចាំ​ស្ដេច​ដែល​ មាន​មេ​នំ​មេ​នាង​យ៉ាង​ច្រើន សន្ធឹកសន្ធប់នោះបានទេ។ មួយវិញទៀត រឿងការមានប្រពន្ធច្រើននេះថែមទាំងធ្វើអោយវិនាស​រលំ​រលាយ​ទឹក​ដី​ នគរ​ថែម​ទៀត​ផង​។
  ស្ដេចពញាអន បរមរាជាទី៧ ជាស្ដេចមិនប្រកបដោយទសពិធរាជធម៌ ព្រះអង្គទ្រង់ស្រលាញ់ស្ដ្រីម្នាក់ជាប្រពន្ធ ​របស់​មេ​ស្រុក នៅ​ជន​បទ​ នៃ​ស្រុក​មួយ ព្រះ​អង្គ​បាន​បញ្ជា​អោយគេចាប់នាងយកដោយបង្ខំ ហើយដោយនាង ប្រកែកមិនព្រមផិតក្បត់​ប្ដី​របស់​នាង នាង​ត្រូវ​ទទួល​រង​ ទារុណ​កម្ម​រហូត​បាត់​បង់​ជីវិត​។ ប្ដីនាងមានការក្ដៅក្រហាយយ៉ាងខ្លាំង ចំពោះអំពើរំលោភដ៏ព្រៃផ្សៃនេះ ក៏រត់ទៅចូល​នឹង​ពួក​ក្បត់ លួច​ធ្វើ​គត​ ព្រះ​ពញា​អន​សុគត​ទៅ​។ នេះ​រឿង​មួយ។ រឿងមួយទៀតដែលកើតឡើងរវាងឆ្នាំ១៦២០ ព្រះបាទជ័យជេដ្ឋាទី២ បុត្រ​ព្រះ​បរម​រាជា​ទឺ​៨ ស្រី​សុរិ​ យោ​ពរ​។ ស្ដេច​អង្គ​នេះ​មាន​មហេ​សី​ជាច្រើនអង្គ តែព្រះអង្គពុំស្កប់ស្កល់ទេ បានទៅស្ដីដណ្ដឹងបុត្រីស្ដេចយួននាម អង្គ​ចូវ​លើក​ជា​អគ្គ​មហេ​សី​ ទៀត ក្រោយ​មក​ស្ដេច​យួន​ជា​បិតា​ក្មេកបានសុំអនុញ្ញាតពីព្រះជ័យជេដ្ឋាទី២ បង្កើតគ្រឹស្ថានជំនួញមួយនៅភូមិភាគ​ខាង​ត្បូង​ត្រង់​តំបន់​ព្រៃ​គរ​ កំពង់​ក្របី ព្រម​ទាំង​អនុញ្ញាត​អោយ​យួន​មានសិទ្ធិកាន់កាប់ ក្រសួងគយនៅតំបន់នេះផង ព្រះបាទជ័យជេដ្ឋាទី២ ក៏​ទ្រង់​យល់​ព្រម​លើក​អោយ​ បិតា​ក្មេក​តាម​ការ​ស្នើរ​សុំ ចាប់តាំងពីពេលនោះមក យួនដែលមានការលើកទឹកចិត្ដពីព្រះចៅក្រុងវេ បានដឹកកូនជញ្ជូន​ចៅ​បបួល​គ្នា​ចូល​នៅ​ ក្នុង​ទឹក​ដី​ខ្មែរ​កាន់​តែ​ច្រើន​ឡើង​ៗ​។ អ្នកប្រវត្ដិសាស្រ្ដបានយល់ថា នេះគឺជាការដណ្ដើមយកមណ្ឌលពានិជ្ជកម្ម​មួយ​របស់​ខ្មែរ​ដោយ​លាក់​មុខ​។ ​រឿង​ស្នេហា​ត្រី​កោន​នេះ បាន​កើត​មាន​រឿង​ចំរោងចំរាស់ចំពោះព្រះចៅពញាតូ បុត្រព្រះជ័យជេដ្ឋាទី២ ដែលជាកវី បណ្ឌិត​អ្នក​និពន្ធ​អក្សរ​ សាស្រ្ដ​អ្នក​បួស​រៀន​សូត្រ​ម្នាក់​ថែម​ទៀត​ផង ជាមួយនាងចន្ទវតី ជាអតីតគូដណ្ដឹង ដែលបានរៀបអភិសេកជាមួយ ព្រះ​ឧ​ទ័យ​បរម​រាជា​ ជា​ព្រះ​ បេតុ​លា​ត្រូវ​ជា​អនុជ​ព្រះ​ជ័យ​ជេ ដ្ឋា​ទី​២ រួចទៅហើយ អំពើផិតក្បត់នេះធ្វើអោយកើតមានចំបាំងរវាងពញតូ និង​ឧបរាជ​ឧទ័យ (មា​និង​ក្មួយ)​។ ពញាតូ​ដែល​ទន់​ដៃ​ជាង​រត់​ទៅ​ពួន​លើ​ដើម​ត្នោត​ត្រូវ​ បក្សពួកឧបរាជបាញ់ទំលាក់បង់ជីវិតទៅ។
  ចាប់តាំងពីព្រះជ័យជេដ្ឋាទី២ ទ្រង់មានទំនាក់នងរវាងយួន ហើយបានប្រគល់ទឹកដីព្រៃគរ (ព្រៃនគរ) អោយទៅ យួន​កាន់​កាប់​មក វិបត្ដិ​ទំ​នាស់​ រវាង​រាជ​វង្ស​ខ្មែរ​បាន​ផ្ទុះ​ឡើង​ជា​ថ្មី​ទៀត បណ្ដាលមកពីស្ដេចពញាចន្ទនរាជបុត្រពៅ របស់ព្រះបាទជ័យជេដ្ឋាទី២ អាក់​អន់​ព្រះ​ទ័យ​មិន​បាន​ឡើង​ សោយ​រាជ​ បាន​អោយ​បក្ស​ពួក​ចូល​ក្នុងរាជវាំងធ្វើគតសំដេចព្រះឧបយោរាជ និងព្រះបទុមរាជាសុគតទៅ។ អំពើ​ឧក្រិដ្ឋ​កម្ម​នេះ​បាន​ធ្វើ​អោយ​ មាន​អន្ដ​រាគមន៍​ចូល ជ្រៀត​ជ្រែក​ជា​លើក​ដំបូង​ពីបរទេសយួន។ ចាប់តាំងពីពេលនោះមក វិវាទរវាងរាជវង្សខ្មែរ​បាន​លាត​សន្ធឹង​តាំង​ ពីស.ត.វ​ ទឺ​១៧ - ១៩,២០ ឥត​មាន​ស្រាក​ស្រ្ដាន​ឡើយ​។ អាណា​ចក្រ​ខ្មែរ​ត្រូវ​រួញ​រៀវតូចទៅៗ ប៊ឹសរលាយបាត់ចេញ ពីផែនទីពិភពលោក។
  នៅស.ត.វទី១៨, ១៩ ខ្មែរយើងចុះអោនថយមែនទែន ទេសាភិបាលយួននៅកម្ពុជាក្រោមមាន អំណាចសំរេចការ រាជ​ការ​គ្រប់​បែប​យ៉ាង​លើ​ ប្រ​ទេស​ខ្មែរ ទាំង​ខាង​ផ្នែក​រដ្ឋ​បាល និងទាំងខាងយោធា រាជពង្សាវតារខ្មែរបានបញ្ជាក់ទៀតថា តែដល់ថ្ងៃ ១កើត ១៥​កើត អស់​មន្រ្ដី​ខ្មែរ​យួន​នាំ​ គ្នា​ទៅ​សំពះ​រំលឹក​គុណ​ស្ដេច​យួន នា​ម៉ឺន​មន្រ្ដី និងព្រះមហាក្សត្រខ្មែរសុទ្ធតែស្លៀកពាក់ខោអាវ ជួតក្បាលតាមបែប​យួន​ទាំង​អស់​។ នៅ​គ.ស​ ១៨១៥ ស្ដេច​យួន​ចាត់​អោយ សង់​បន្ទាយ​នៅ​មាត់​ជ្រូក និងជីកព្រែកពីរនៅទឹកដីខ្មែរក្រោម គឺព្រែកវិញតេ និងព្រែកវិញអាន។
  រាជពង្សាវតារខ្មែរបានបញ្ជាក់ថា ក្នុងការជីកព្រែកទាំងពីរខាងលើនេះ ប្រជារាស្រ្ដខ្មែរត្រូវគេកែនទៅ ហើយ​ត្រូវ​យួន​ធ្វើ​បាប​គ្មាន​ត្រា​ប្រ​ណី​ ដល់​តិច​តួច​សោះ​ឡើយ​។ រឿង​កំពប់​តែ​អុង ដែលយួនវាយកខ្មែរកប់ទាំងរស់យកក្បាល ធ្វើជើងក្រានដាំតែ បាន​កើត​ឡើង​នៅ​សម័យ​នោះ​ ឯង​។ ឯក​សារ​ខ្មែរ​មួយ​ទៀត​បាន​សរ​សេរ​ទាក់ទងនឹងរឿងនេះដែរថា ក្ដីលំបាកវេទនារបស់ខ្មែរ ជាគូលីកំណែននេះ​ប្រៀប​បាន​នឹង​ឋាន​នរក​។​ មួយ​ថ្ងៃៗ​ ធ្វើ​ការ​តាំង​ពី​ព្រលឹម ទល់​ព្រលប់ ឥតមានសំរាកឡើយ ទឹកសំរាប់ផឹកមានក្លិនលាមក បាយស៊ីទៅហើម​ពោះ បណ្ដាល​អោយ​កើត​ រោគ​យួន​វាយ​សំពង​ថែម​ទៀត ដោយ​ចោទ​ថា​ខ្មែរខ្ជិល ខ្មែរធ្វើពុត ខ្មែរយឺត។ នៅពេលដែលយួនបើកទឹកបង្ហូរចូល​ព្រែក យួន​ឥត​ប្រាប់​ខ្មែរ​ទេ​ បណ្ដាល​អោយ​កម្ម​ករ​កំណែន​ខ្មែរ​ដែល​ រត់មិនទាន់លិចលង់ក្នុងព្រែកស្លាប់ជាច្រើន។ ចំពោះអំពើព្រៃផ្សៃៗ អ​មនុស្ស​ធម៌​របស់​យួន ព្រះ​អង្គ​ ចន្ទ​ ឥត​បាន​តវ៉ា​ឡើយ មាន​តែ​មន្រ្ដី​ម្នាក់​បានចេញមុខការពារ។ យួនដឹង ក៏ចាប់មន្រ្ដីនោះទៅសំលាប់ចោល។ ក្រៅ​ពី​កែន​ខ្មែរ​អោយ​ទៅ​ជីក​ ព្រែក​យួន​នៅ​បាន​បង្ខំ​ខ្មែរ​អោយ​កាប់​ព្រៃ​ឈើ អោយវាថែមទៀត។ ដំបូងគេប្រើគោក្របី រទេះ សំរាប់អូស​ឈើ តែ​ដល់​សត្វ​ស្លាប់​អស់​ទៅ​ ដោយ​កាប់​ឈើ​ច្រើន​ពេក គេ​ក៏​ប្រើ​មនុស្ស​អោយអូសវិញ។ អំពើអមនុស្សធម៌នេះបណ្ដាលអោយប្រជា​រាស្រ្ដ​ខ្មែរ ព្រះ​សង្ឃ​ខ្មែរ​ទ្រាំ​ពុំ​បាន​ក៏​ នាំ​គ្នា​បះ​បោរ​កាប់​សំលាប់​យួន​អស់​ជា​ច្រើន​។ តែយួនសងសឹកខ្មែរវិញយ៉ាងសាហាវបំផុត(១៨)។
  នៅគ.ស.១៨២០ មានភិក្ខុមួយអង្គនាម កែគង់ បួសនៅវត្ដសំបួរក្នុងខេត្ដភ្នំពេញបានតាំងខ្លួនជាអ្នកសិល្ប៍ដ៌​វិសេស ទៅ​បញ្ចុះ​បញ្ចូល​អស់​ រាស្រ្ដ​នៅ​ខេត្ដ​បាភ្នំ​ រួច​ទៅ​រួប​រួម និង សំដេចចៅពញាតី ឧកញ៉ានរេន្ទគល់ និង នាយ កែព្រាលន លើកទ័ពទៅកាប់​សំលាប់​យួន​អស់​ជា​ច្រើន​។​ ពេល​នោះ​អុង​តា​គុន លេ​វ៉ាន់​យៀក នៅព្រៃនគរ ប្រើអោយនាំពល ៣០០នាក់លើកដល់ភ្នំពេញ ហើយបង្ហួសទៅបោះ​ទ័ព​នៅ​កោះ​សូទិន​ ទើប​ សំដេច​ព្រះ​ឧទ័យ​រាជា ស្ដេច​នៅ​ក្រោម​អំណាច​យួន ស្ដេចដ៏គ្មានមនសិការជាតិ ទ្រង់បញ្ជាអោយលើកទ័ពទៅជា​បន្ថែម ហើយ​ចាប់​ភិក្ខុ​កែ​គង់​ យក​ទៅ​សំលាប់​។ ចំណែក​ឯ​សំដេច​ចៅ​ពញាតី ឧកញ៉ានរេន្ទគល់ នាយកែព្រាល ត្រូវចាប់បានបញ្ជូនទៅ ព្រៃ​នគរ ហើយ​ក្រោយ​មក​ត្រូវ​ ប្រ​ហារ​ជីវិត​បង់​ដែរ ហ៊ី!..គួរ​អនិច្ចា​អ្នក​ស្នេហា​ជាតិ​ខ្មែរ!..​។
  ប៉ុណ្ណឹងហើយ អ្នកដឹកនាំជាតិខ្មែរនៅតែមិនទាន់ចេះទាញមេរៀនពីការបែកបាក់សាមគ្គីរវាងគ្នាឯងនៅឡើយ។ ជំលោះ​ដណ្ដើម​អំណាច​ ដណ្ដើម​រាជ​សម្បត្ដិ​មាន​រិត​តែ​ច្រើន​ឡើង ហើយរិតែតញឹកញាប់ឡើងជាហេតុបណ្ដាលអោយ អ្នកជិតខាង ជាពិសេស​ជាតិ​យួន​ដែល​បាន​ក្លាយ​ ជា​មហា​អំណាច​មួយ ក្រោយ​ពី​បាន​ច្បាំង​ឈ្នះប្រទេសចំប៉ានោះ មានឱកាស និងមានលេសដើម្បីអន្ដរាគមន៍ លូក​ដៃ​កកូរ​ផ្ទៃ​ក្នុង​របស់​ខ្មែរ​តាម​ តែ​អំពើ​ចិត្ដ​។
  អ្នកដឹកនាំជាតិក្នុងសម័យនោះ ពុំបានយកចិត្ដទុកដាក់ចំពោះវាសនាប្រទេសជាតិ ចំពោះជីវភាពរបស់រាស្រ្ដ គឺថា ពុំ​បាន​គិត​ដល់​ប្រ​យោជន៍​រួម​ ទេ តែ​គិត​ធ្វើ​យ៉ាង​ណា​អោយ​តែ​បាន​អំណាច បានយសសក្ដិ បានរាជបល្ល័ង្ក បានស្នេហា បានប្រយោជន៍ផ្ទាល់ខ្លួន​តែ​ប៉ុណ្ណោះ​។ ម៉្លោះ​ហើយ ក្នុង​ ការ​ធ្វើ​អោយ​សំរេច​បំណង​រៀង​ៗ​ខ្លួន គេមិននិយមសំរបសំរួលផ្សះផ្សារាជវង្សានុវង្សទេ គេសុខចិត្ដកែនរាស្រ្ដអោយ​បង្ហូរ​ឈាម​គ្នា រួច​រត់​ទៅ​ ពឹង​ពាក់​បរ​ទេស​ជិត​ខាង អោយ​គេ​ជួយគាំទ្រ អោយគេជួយជំនួយជាទ័ពយកមកជិះជាន់ស្រុកទេសខ្លួន យកមកកាប់​សំលាប់​តែ​ជាតិ​ឯង​។ នៅ​ ទី​បំផុត​ខ្មែរ​ទាំង​សង​ខាង​ត្រូវ​ទ្រុឌ​ទ្រោម អស់ឋាមពលតែរៀងខ្លួន ប្រយោជន៍ត្រូវបានទៅអ្នកជិតខាងដែល គេតែងតែ​ទារ​យក​សគុណ​ពី​ជំនួយ​ របស់​គេ​គ្រប់​ប្រ​ភេទ​ក្នុង​ការ​ជួយ​គាំ​ទ្រ មេដឹកនាំខ្មែរ ស្ដេចខ្មែរ ដែលកើតវិវាទនឹងគ្នា។ ដោយហេតុនោះ ស្ដេច​ខ្លះ​ដូច​ជា​អង្គ​អិម កែវ​ហ្វា​ទី៣​ សុខ​ចិត្ដ​ដាក់​ប្រ​ទេស​ចំនុះ​សៀម អោយ​តែ​សៀម ទុក​អោយ​ព្រះអង្គបានសោយរាជ ហើយនាំស្ដេចជាគូបដិបក្ខត្រលប់​ទៅ​ស្រុក​វិញ ឬ​សត្ថា​ ទី​២​អង្គ​ជី សុខ​ចិត្ដ​យល់​ព្រម​អោយ​ពួក​យួន​មកតាំងអំណាចត្រួតត្រាលើស្រុកខ្មែរ អោយតែពួកនេះព្រមទទួលស្គាល់​ព្រះ​អង្គ​ជា​ព្រះ​មហា​ក្សត្រ​ ខ្មែរ និង​ស្ដេច​ខ្លះ​ទៀត​បាន​យល់​ព្រម​លះ​បង់​ទឹក​ដី អោយបរទេសដូចជាករណីរបស់ នារាយណ៍រាជាអង្គតន់ ជាដើម។
  ការសិក្សាប្រវត្ដិសាស្រ្ដខ្មែរ នៅសម័យក្រោយអង្គរនេះ បានធ្វើអោយយើងយល់ដឹងថា យើងមានការចុះអោន​យ ដុន​ដាប​រង​ទុក្ខ​វេទ​នា​រក​​ទី​បំផុត​គ្មាន ប៉ុន្ដែ​តាម​អនុ​សាសន៍​របស់​លោក​ត្រឹង​ងា សាស្រ្ដា​ចារ្យ​ប្រ​វត្ដិ​សាស្រ្ដខ្មែរ នៅមហាវិទ្យាល័យអក្សរ​សាស្រ្ដ មនុស្ស​សាស្រ្ដ​ បាន​ សរ​សេរ​ដាស់​តឿន​ថា៖
  យើងមិនត្រូវផ្ដេកផ្ដួលទៅលើច្បាប់ធម្មជាតិ ហើយនាំគ្នាអស់សង្ឃឹមពីវាសនាប្រទេសជាតិទេ។ ផ្ទុយទៅវិញប្រជា​ពល​រដ្ឋ​ខ្មែរ​គ្រប់​ស្រ​ទាប់​ គ្រប់​ជាន់​ថ្នាក់​ត្រូវ​តែ​ខិត​ខំ​រៀន​សូត្រ​ប្រវត្ដិ​សាស្រ្ដ របស់ជាតិខ្លួនអោយបានដឹងច្បាស់ គ្រប់ៗគ្នាឡើង ដើម្បីអោយ​មាន​ការ​ភ្ញាក់​រលឹក អោយ​ ចាប់​អារម្មណ៍​លើ​បញ្ហា​ជាតិ បាន​សេច​ក្ដី​ថា ដើម្បីអោយមា នមនសិការជាតិដ៏ពេញលេញ ជាពិសេសក្នុងកាល​ទេស​បច្ចុប្បន្ន​នេះ ដែល​ប្រ​ ទេស​ជាតិ​កំពុង​តែ​ត្រូវ​ការ​អ្នក​ស្នេហា​ជាតិ ដើម្បីការពារទឹកដី និងដើម្បីកសាងជាតិក្នុងពេលបច្ចុប្បន្ន និងអានាគតខាងមុខនេះ។
  កាលដែលយើងស្គាល់ច្បាស់ពីកំហុស ពីការភាន់ច្រលំរបស់ដូនតាយើង និងពីឧបាយកលផ្សេងៗរបស់ជនជាតិជិត​ខាង ក្នុង​ការ​ប្រ​វ័់ញ្ច​យក​ ទឹក​ដី និង​ក្នុង​បំណង​បំបាត់​ពូជ​សាសន៍​ខ្មែរ ពុំមានគ្រាន់តែអោយដឹង អោយឈឺចាប់ទទេៗ ហើយលាន់មាត់ស្ដីបន្ទោស រួច​បំភ្លេច​ចោល​ទៅ​វិញ​ នោះ​ទេ តែ​ការ​សំខាន់​ គឺ​ត្រូវ​ចេះ​ទាញ​យក​ការ​ពិសោធន៍ ពីហេតុការណ៍ទាំងឡាយដែលបានកើតឡើងរួចហើយ ហើយ​ធ្វើ​យ៉ាង​ណា ដើម្បី​ ចៀស​វាង​កុំ​អោយ​ធ្លាក់​ទៅ​ក្នុង​គន្លង​ចាស់ នាំ​អោយ​ខូចប្រយោជន៍ជាតិទៀត។
  ម្យ៉ាងទៀតយើងក៏សូមបញ្ជាក់ទៀតដែរថា ដែលយើងបង្ហាញការពិតជាក់ស្ដែងពីឧបាយកលរបស់ជនជាតិជិត​ខាង​យើង គឺ​មិន​មែន​ក្នុង​ គោល​បំណង​ធ្វើ​អោយ​មាន​អរិភាព អោយ​មាន​គំនំគំគួនប្រទូសរាយគ្នា មិនចេះចប់នោះទេ។ ខ្មែរយើងចង់តែរស់​នៅ​ដោយ​សុខ​សាន្ដ ជា​ មិត្ដ​ជា​មួយ​ប្រ​ទេស​ជិត​ខាង អោយតែប្រទេសទាំងនោះគោរពបូរណ ភាពទឹកដី ឯករាជ អធិប្បតេយ្យ ផលប្រយោជន៍របស់ខ្មែរ។
  បញ្ហាដ៏ចំបងរបស់ខ្មែរក្នុងសត្សវត្ដនេះ គឺការថែរក្សាពូជសាសន៍ខ្មែរ និងទឹកដីដែលនៅសល់មួយក្រវិចនេះអោយ នៅ​គង់​វង់​យូរ​អង្វែង​ត​ ទៅ​ទៀត​។ ប្រ​សិន​បើ​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ មិនបានស្គាល់ច្បាស់ប្រវត្ដិសាស្រ្ដរបស់ខ្លួនហើយ បណ្ដោយអោយប្រទេស​ជាតិ​ធ្លាក់​ក្រោម​នឹមត្រួត​ ត្រា​របស់​បរទេស​ហើយ កូន​ចៅ​ខ្មែរ នឹង​ត្រូវ​បាត់​បង់​អស់​សិទ្ធិសេរីភាពក្នុងការរស់នៅ ហើយមិនយូរប៉ុន្មាននឹង​ត្រូវ​រលាយ​ជាតិ​បាត់​ឈ្មោះ ​ពី​ផែន​ទី​សាកល​លោក​ជា​មិន​ខាន!..។

No comments:

Post a Comment