ព្រះពុទ្ធរូបនាគប្រក់ គឺជាព្រះរូបមួយអង្គ ក្នុងព្រះពុទ្ធរូបជាច្រើនអង្គទៀតដែលជនជាតិខ្មែរយើងតែងគោរព បូជា ព្រះពុទ្ធរូបនេះ ទំនងជាត្រូវបានសាងឡើងក្នុងគោលបំណងរំលឹក ក្នុងសម័យកាល ដែលព្រះសម្មាសម្ពុទ្ធទ្រង់គង់សមាធិនៅក្បែរមុជ្ជលិនស្រះ។ មានដំណាលថា ក្នុងសម័យថ្ងៃមួយ ព្រះសម្មាសម្ពុទ្ធទ្រង់យាងកាត់ជនបទមួយ មានបុរសម្នាក់មានសទ្ធាជ្រះថ្លា បានថ្វាយស្មៅចំបើងមួយបាច់ដល់ព្រះអង្គ។ ពេលយាងទៅដល់មុជ្ជលិនស្រះ ព្រះអង្គទ្រង់បានយកស្មៅនោះធ្វើជាកំរាល ហើយទ្រង់បានគង់សមាធិនៅទីនោះ។ ស្មៅចំបើងក៏ក្លាយទៅជាបល្ល័ង្កនាគក្បាលប្រាំពីរ កើតមានសេចក្ដីជ្រះថ្លា ចំពោះព្រះអង្គ ពត់ពេនខ្លួនជារាជបល្ល័ង្ក យកក្បាលទាំងប្រាំពីរប្រក់ជាដំបូល ដើម្បីបិទបាំងកំដៅថ្ងៃភ្លៀងខ្យល់ ថ្វាយដល់ព្រះសម្មាសម្ពុទ្ធ។
កេរដំណែលព្រះពុទ្ធរូបនាគប្រក់
ព្រះពុទ្ធរូបនាគប្រក់ ជាព្រះពុទ្ធរូបមួយអង្គ ដែលមានតេជរស្មីចេញពីក្បាលពញានាគ៧ ត្រូវបានរចនាកសាងឡើង ក្នុងសតវត្សទី១២ នៃរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ទុកជាទីសក្ការៈ គោរពបូជា ជាវត្ថុស័ក្ដិសិទ្ធដ៏ខ្លាំងពូកែអស្ចារ្យ ព្រោះពេលនោះអាណាចក្រខ្មែរបានប្ដូរពិធីគោរពបូជាទេវរាជ មកធ្វើពិធីគោរពពុទ្ធសាសនាវិញ។ លទ្ធិព្រហ្មញ្ញសាសនាដែលបានចូលមកចាក់រិស យ៉ាងជ្រៅក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរ តាំងពីសម័យនគរភ្នំរហូតដល់ចុងសម័យមហានគរដ៏រុងរឿង ហើយទំនាស់រឿងសាសនា បានធ្វើអោយប្រជាពលរដ្ឋខ្មែរ ព្រះមហាក្សត្រខ្មែរ ធ្វើការកាប់សំលាប់គ្នាបាក់បែកសាមគ្គីគ្នាយ៉ាងខ្លាំង។ ដើម្បីធ្វើការបង្រួបបង្រួមជាតិ អោយមានឯកភាពគ្នាឡើងវិញ ព្រះបាទជ័យវរ្ម័នទី៧ ដែលជាក្សត្រមួយអង្គ ដ៏អង់អាចអស្ចារ្យ ព្រះអង្គមានគោបំណងយ៉ាងខ្លាំង ក្នុងការបង្រួបបង្រួមខ្មែរឡើងវិញ ព្រះអង្គបានងាកមកគោរពព្រះពុទ្ធសាសនាមហាយានវិញ ហើយកេរដំណែលវប្បធម៌ ព្រះពុទ្ធសាសនាមហាយាននេះ គេសង្កេតឃើញមានសេសសល់ រហូតដល់សព្វថ្ងៃ គឺ «ព្រះពុទ្ធរូបនាគប្រក់» ដែលបង្ហាញពីការផ្លាស់ប្តូរ របត់នយោបាយថ្មីមួយ ពីលទ្ធិទេវរាជ មកព្រះពុទ្ធរាជវិញ។
ព្រះបាទជ័យវរ្ម័នទី៧
ព្រះបាទជ័យវរ្ម័នទី៧ សោយរាជ្យសម្បត្តិ នាសម័យមហានគរក្នុងឆ្នាំ១១៨១ ដល់ ១២២០ នៅរាជធានីអង្គរធំ ខេត្តសៀមរាប ដោយព្រះអង្គបានធ្វើពលិកម្ម បរិច្ចាគព្រះបញ្ញាញាណ ព្រះកាយពល ទ្រព្យសម្បត្តិ និង ដឹកនាំប្រទេសជាតិ អោយរីកចំរើនរុងរឿង ក្លាយជាប្រទេសមហាអំណាចនៅតំបន់អាស៊ីអាគ្នេយ៍ នៅពេលនោះព្រះអង្គបានរៀបចំផែនការកសាងប្រទេសជាតិ ដូចជាកសាងប្រាសាទ សាលាដំណាក់ មន្ទីរពេទ្យ វត្តអារាម ជីកស្រះបារាយណ៍ ប្រព័ន្ធធារាសាស្ត្រ ដើម្បីយកទឹកទៅស្រោចស្រពដំណាំស្រូវ ដែលជាប្រភពកសិកម្មយ៉ាងសំខាន់បំផុតសំរាប់ប្រជាពលខ្មែរ។ ដោយសារមានប្រភពទឹកគ្រប់គ្រាន់នេះហើយ ធ្វើអោយរបរកសិកម្មរបស់ប្រជាពលរដ្ឋខ្មែរ ទទួលបានលទ្ធផលខ្ពស់គួរជាទីពេញចិត្ដ។ ក្នុងវិស័យយោធា និងការពារជាតិ ព្រះបាទជ័យវរ័្មនទី៧ ទ្រង់បានយកចិត្ដទុកដាក់ពង្រឹងពង្រីកវិស័យយោធាអោយកាន់តែខ្លាំង ក្លា។ លើសពីនេះទៀត ព្រះអង្គបានធ្វើការពិចារណារកហេតុ និងផលនៃការឈ្លានពានរបស់ពួកចាម មកលើអាណាចក្រអង្គរ ដោយព្រះអង្គសំរេចចិត្ត ធ្វើការផ្លាស់ប្តូរពីការគោរពព្រហ្មញ្ញសាសនា មកព្រះពុទ្ធសាសនាមហាយានវិញ គឺគោរពចំពោះព្រះពោធិសត្វជាធំ ក្នុងនយោបាយដឹកនាំរបស់ព្រះអង្គ។ចំពោះសំណង់ប្រាសាទ ដែលកសាងក្នុងរជ្ជកាលព្រះអង្គ មានរចនាព្រហ្មមុខបួននៅតាមគោរបុរៈ និងប្រាង្គនៃប្រាសាទ ជាពិសេស ប្រាសាទបាយ័នដែលមានប្រាង្គមុខបួនតំណាងអោយ មេត្តា ករុណា ឧបេក្ខា និងមុទិតា ខ្លះទៀតថា ព្រះភ័ក្ត្រញញឹមបាយ័ននេះតំណាងអោយព្រះបាទជ័យវរ្ម័នទី៧ទៅវិញ។ នៅប្រាសាទបាយ័ន គេក៏ឃើញមានតំកល់ព្រះពុទ្ធរូបនាគប្រក់ ទុកសំរាប់គោរពបូជាផងដែរ ព្រោះបដិមាអង្គនេះ នៅសម័យមហានគរ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ គឺមានសារសំខាន់ខ្លាំងណាស់ ក្នុងការផ្សះផ្សារទស្សនៈចិត្តគំនិតរបស់មនុស្ស ដែលបែកបាក់គ្នាអោយមានសីលធម៌ខ្ពស់ អោយមានការរួបរួមគ្នាស្រលាញ់សាមគ្គីគ្នា ព្រួតដៃកសាង ការពារទឹកដីអោយបានរីកចំរើនរុងរឿងដល់កំរិតកំពូល នៅតំបន់អាស៊ីអាគ្នេយ៍ ហើយគោរពប្រកាន់ព្រះពោធិសត្វ និងគោរព ព្រះបាទជ័យវរ្ម័នទី៧ យ៉ាងខ្លាំងដោយប្រៀបដូចទៅនឹងព្រះពុទ្ធរាជទៀតផង។
ការហូរចូលឥទ្ធិលខម និងព្រះពុទ្ធរូបនាគប្រក់ទៅលពបុរី
ទស្សនាវដីលោកលីល័បភាសាថៃ ខាងផ្នែកពុទ្ធសាសនា បានចុះផ្សាយអត្ថបទមួយស្ដីអំពីព្រះពុទ្ធរូបប្រក់នាគ គឺជាព្រះពុទ្ធរូបមួយអង្គដែលជនជាតិថៃសម័យលពបុរី បានចំលងចេញពីរចនាបទព្រះពុទ្ធរូបនាគប្រក់ របស់អាណាចក្រកម្ពុជា (ខម) ហើយត្រូវបានជនជាតិថៃសម័យលពបុរី រហូតបច្ចុប្បន្នធ្វើការគោរពបូជា ចាត់ទុកជារចនាបទសិល្បៈដ៍ឆ្នើមរបស់ជនជាតិថៃ។លពបុរី ឬឈ្មោះដើមហៅថា លវបុរៈ ឬលវោ គឺជាទីក្រុងចាស់បូរាណមួយ ដែលគេពុំដែលបោះបង់ចោលម្ដងណាឡើយ គឺជាទីក្រុងមួយមានតំលៃយ៉ាងខ្លាំងក្នុងការសិក្សាស្រាវជ្រាវ ប្រវត្ដិសាស្ដ្រ និងវត្ថុបូរាណផ្សេងជាច្រើនទៀត។ លវោ ត្រូវបានទទួលឆ្លងកាត់មកជាច្រើនយុគសម័យគឺតាំងពីម័យមុនប្រ វត្ដិសាស្ដ្រ សម័យយុគថ្មរំលីង (The Neolithic Culture) សម័យលោហៈ (The Metal Age) រហូតដល់សម័យប្រវត្ដិសាស្ដ្រ និងសម័យបច្ចុប្បន្ននេះទៀត។ នៅចំកណ្ដាលបន្ទាយទាហាកាំភ្លើងធំ ក្នុងខេត្ដលពបុរី អ្នកបូរាណវិទ្យាបានកាយរកឃើញគំរោងឆ្អឹងមនុស្សកប់រួមជាមួយវត្ថុ ប្រើប្រាស់ជាច្រើនទៀដូច ពូថៅធ្វើអំពីថ្មរំលីង និងភាជន៍ធ្វើពីដីដុតជាដើម ដែលរបស់អស់ទាំងនេះសុទ្ធសឹងជារបស់ដែលប្រើប្រាស់តាំងពីសម័យមុន ប្រវត្ដិសាស្ដ្រ មានអាយុកាលប្រមាណ ពី ៣៦០០ឆ្នាំ ទៅ ៣៩០០ឆ្នាំមកហើយ។ លុះចូលមកដល់សម័យប្រវត្ដិសាស្ដ្រ អ្នកប្រវត្ដិវិទូបានចាត់ទុកលពបុរី គឺជាកន្ដែងសំខាន់មួយក្នុងការធ្វើការសិក្សាស្រាវជ្រាវ ព្រោះនៅទីនោះ គេបានរកឃើញនូវវត្ថុបូរាណជាច្រើន ហើយស្លាកស្នាមនៃវត្ថុបូរាណទាំងនោះ សុទ្ធសឹងតែជាវត្ថុបូរាណតាំងពីសម័យទ្វាវតី នៃពុទ្ធសតវត្សទី ១១ - ១៦ មកម្លេះ។
សព្វថ្ងៃ លពបុរីជាអាណាខេត្ដមួយរ មានការីកចំរើនយ៉ាងទាន់សម័យទំនើប ប្រជាជនធ្វើការរកស៊ីមានបាន មានវត្ថុប្រើប្រាស់ទាន់សម័យ មានរថយន្ដគ្រឿងចក្រតូចធំគ្រប់បែបយ៉ាង ប្រជាជននៅតាមជនបទប្រកបរបររកស៊ីធ្វើកសិកម្មស្រែចំការរស់នៅ ដោយសុខសាន្ដគ្រប់ៗគ្នា។ ក្នុងចំណោមប្រជាជនទាំងអស់នៅលពបុរី គេសង្កេតឃើញនៅមានជនជាតិខមចំនួនប្រមាណ ១/៣ រស់នៅលាយលំគ្នានៃប្រជាជនទាំងអស់ផ្សេងទៀត។ ជនជាតិខមទាំងអស់នេះ គឺជាពួកខមអំបូរភូមា និយាយភាសាខ្មែរមន។
ក្នុងសម័យកាលដ៏យូរលង់ណាស់មកហើយ អាណាចក្រកម្ពុជា គ្រប់គ្រងដោយព្រះមហាក្សត្រមួយអង្គ មកពីឥណ្ដៀព្រះនាម កម្ពូសវៈ ដែលជាក្សត្រគោរពបូជាសាសនាហិណ្ឌូ (ព្រហ្មញ្ញសាសនា) ឬបូជាព្រះ សិវៈ ត្សត្រអង្គនេះមានរិទ្ធអំណាចខ្លាំងពូណាស់ គេចាត់ទុកព្រះអង្គជាទេវរាជដ៏ខ្ពង់ខ្ពស់បំផុត ដូច្នេះហើយសាសនាហិណ្ឌូ (ព្រហ្មញ្ញសាសនា) បានជ្រួតជ្រាបពេញអាចក្រកម្ពុជា គឺជាសាសនាមួយដែលប្រជាជនកម្ពុជាគ្រប់គ្នា គោរពបូជាតាំងពី កកើតកម្ពុជាមកម៉្លេះ។ ក្នុងការកសាងអាណាចក្រកម្ពុជា ក្សត្រអង្គនេះ បានពង្រីកវាទទឹកដីគ្រប់គ្រងរបស់ខ្លួនបានយ៉ាងដ៏ធំធេង រហូតពេញក្នុងជ្រោយឥណ្ឌូចិនទាំងមូលតែម្ដង ហើយបានលើកទ័ពចូលមកវាយជនជាតិដើម នាអណាខេត្ដទ្វារវតី និងអាណាខេត្ដកូត្របូរណ៍ ដាក់ក្រោយការចំណុះគ្រប់គ្រងរបស់ខ្លួនទៀតផង។
នៅពេលដែលពួកខម វាយឈ្នះយកបានកូត្របូរណ៍ ពួកនេះបានធ្វើការផ្សព្វផ្សាយឥទ្ធិពលរបស់ខ្លួន នៅក្នុងបរិវេណដែនដីនេះ ហើយបានវាទទីរហូតដល់ ចន្ទបុរី ហួសចូលមកដល់អានាខេត្ដ លវូ (លពបុរី) ហើយឡើងតាមដៃទន្លេ រហូតដល់ពិស្នុលោកសុខោទ័យ សុវណ្ណលោកទៀតផង។ វឌ្ឍនធម៌ និងឥទ្ធិពលសិល្បខម ដែលបានហូរចូលមកកាន់លពបុរី ទំនងជាក្នុងរជ្ជកាលក្សត្រខម ព្រះបាទសុរិយវរ្ម័នទី១ (ព.ស.១៥៥៣ - ១៥៩៣) សម័យព្រះបាទសុរិយវរ្ម័ទី២ (ព.ស ១៦៥៦ ១៦៩៣) ព្រះបាទជ័យវរ្ម័នទី១ ហើយសំខាន់ គឺក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលជាក្សត្រ កាន់ព្រះពុទ្ធសាសនានិកាយមហាយាន (ព.ស. ១៧២៤-១៧៦០) គឺពេលនោះហើយដែល ឥទ្ធិពលរបស់ខម បានចូលមករីកដុះដាលពេញអាណខេត្ដ លពបុរីរបស់តែម្ដង។ ហេតុដូចនេះហើយ ទើបបូរាណវត្ថុដែលរកឃើញនៅតំបន់លពបុរី សុទ្ធសឹងជាវត្ថុបូរាណនៃសិល្បខមទាំងអស់ គឺតាំងពីរបៀបរបប លទ្ធិសាសនា មានការគោរព ព្រះវិស្នុ ឬព្រះនរាយ៍ រហូតដល់ការគោរពព្រះពុទ្ធសាសនា និកាយមហាយាន នៃសម័យព្រះបាទជ័យវរ្ម័នទី៧ទៀតផង។
អគតិរបស់ជនជាតិថៃ ចំពោះជនជាតិខ្មែរ
ជនជាតិថៃម្នាក់នេះ ក៏ដូចជាជនជាតិថៃផ្សេងទៀតមួយចំនួនដែរ គេរៀនចេះដឹងប្រវត្ដិសាស្រ្ដនៅអាស៊ីប៉ែកអគ្នេយ៍ ដឹងហេតុផល ដំណើរដើមនៃការរីកចំរើននៃអារ្យធម៌ខម និងការហូរចូលមក នៃឥទ្ធិពលខមកម្ពុជា មកកាន់រាជាណាចក្រថៃ «ដូចមានការសរសេរអះអាង បែបប្រវត្ដិសាស្រ្ដខាងលើ ឬការអធិប្បាយ អំពីព្រះពុទ្ធរូបប្រក់នាគនៅលពបុរី ឆ្លងពីឥទ្ធិពលខម នៃអាណាចក្រកម្ពុជា» តែពួកនេះមិនព្រមទទួលស្គាស់ខមជាខ្មែរទេ ព្យាយាមសរសេរ ដោយគ្រាន់តែចង់រិះគន់បន្តុះបង្អាប់ខ្មែរបច្ចុប្បន្ន ដែលចុះអោនថយ អំណាចរបស់ខ្លួន «ខ្មែរមុខខ្មៅ គួរស្អប់ ខ្មែរបច្ចុប្បន្ន មិនទាក់ទង នឹងខមជនជាតិដើម គ្មានអ្វីទាក់ទងទេរវាងជនជាតិទាំងពីរ ខ្មែរមកពីណាមិនដឹង ហើយពួកខមក្រោយពីសាងប្រាសាទថ្ម សំដែងអំណាចរបស់ស្ដេចដ៏ខ្លាំងក្លាអស្ចារ្យរួចក៏អស់កំលាំងរលីង គ្មានអំណាច នឹងតស៊ូ នឹងធ្វើសឹកសង្គ្រាម ដែលចូលមករុកកួនបាន អាណាចក្រកម្ពុជាក៏ត្រូវដួលរលំ ពួកខមក៏រលាយបាត់មុខស្ងាត់សូន្យឈឹង រលាយទាំងស្រុករលាយទាំងប្រទេស រកលែងឃើញទៀត។ខ្មែរក្រទីក្រទា ខ្ចាត់ព្រាត់ពីទីណាមកមិនដឹង ចូលមកគ្រប់គ្រងដែនដីដើមរបស់ខម ដែលធ្លាប់តែមានរិទ្ធអំណាច រឿងបញ្ហាខម-ខ្មែរ រឺខ្មែរ -ខមនេះ នៅតែមានការជជែកវែកញែក ទាស់ទាញខ្វែងគំនិត មិនត្រូវរូវគ្នា រវាងពួកអ្នកប្រាជ្ញចេះដឹងទាំងឡាយ។ កកន ៖ បើខមមិនមែនខ្មែរ ហើយបើខមខ្លាំងពូកែណាស់ ម្ដេចខ្មែរចូលមករុនរាន យកដែនដីខមបាន។ នេះជាគំនិត និងជាសំដីជនអគតិ អ្នកចេះដឹងរបស់ជនជាតិថៃ ដែលតែងតែសរសេរ និយាយប្រាប់ដល់កូនចៅរបស់គេតៗគ្នា សូម្បីតែខ្លួនអែងបានដឹង បានយល់យ៉ាងច្បាស់ទៅហើយថា វប្បធម៌ របស់ជាតិសៀមពិតជាត្រូវបានទទួលចំលងចេញពីឥទ្ធពលវប្បធម៌របស់ខម គឺខ្មែរ នៅក្នុងអាណាចក្រកម្ពុជានេះឯង ហើយខ្មែរ មិនដែលនឹកគិត ចង់បន្ដុះបង្អាប់ថៃម្ខងណាទេ គំនិតដក់ជាប់ក្នុងអារម្មណ៍របស់កូនខ្មែរគ្រប់ៗរូប ជានិច្ច គឺស្រលាញ់សន្ដិសុខ ស្រលាញ់សន្ដិភាព វាយអោយតំលៃយ៉ាងខ្ពង់ដល់ជនជាតិសៀម គិតថា ជាបងជាប្អូន «ខ្មែរព្រះរាម សៀមព្រះលក្សណ៍» យ៉ាងនេះឯង។
និទានព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រថៃជាបងប្អូន
តាមការនិទានរឿងនៃប្រវត្ដិសាស្រ្ដខ្មែរ ព្រះបាទបទុមសូរ្យវង្ស ព្រះមហាក្សត្រខ្មែរ និងព្រះពញារោង ដែលផ្លាស់ព្រះនាមជា ព្រះបាទចន្រ្ទាធិបតី សេ្ដចសៀមជាបងប្អូនបង្កើតជាមួយគ្នា។ រឿងនេះមានដំណាលថា ដូចតទៅ៖ព្រះបាទបទុមវរវង្ស ព្រះមហាក្សត្រនៃក្រុងកម្ពុជា ទ្រង់គ្រងរាជសម្បត្ដិ នៅមហានគរ ថ្ងៃមួយព្រះបាទបទុមវរវង្សបាននាំអស់ពលរេហ៍ សេនាមុខមន្រ្ដីតូចធំ យាងទៅប្រពាតព្រៃ កំសាន្ដនៅតាមដងទន្លេក្នុងតំបន់បាសាន ដែលស្ថិតនៅក្នុងតំបន់ ស្រីសន្ធរសព្វថ្ងៃ។ គ្រានោះ ព្រះអង្គបានជួបប្រទះនឹងនាងនាគ ដែលឡើងពីស្ថានភុជង្គនាគមកកំសាន្ដលេង នៅវាលមាត់ឆ្នេរខ្សាច់នោះដែរ។ គ្រាន់តែឃើញភ្លាម ព្រះបទុមវរវង្ស ចាប់ចិត្ដប្រតិពត្ដស្នេហាទៅលើនាងនាគយ៉ាងខ្លាំង ហើយក៏បានលួងលោមសុំសេចក្ដីស្នេហា រហូតស្ដីដណ្ដឹង ហើយបានរៀបអភិសេកនាងនាគជាព្រះទេពីអគ្គមហេសី។
យូរថ្ងៃខែកន្លងមក ព្រះនាងនាគក៏ទ្រង់គភ៌ គំរប់គ្រប់១០ខែ, ព្រះនាងប្រសូតបានពងមួយ។ ដោយគិតជឿថា ជារឿងឧបទ្រពចង្រៃ និងកើតមានការអាមាស់មុខ អាប់កិត្ដិយស នឹងកើតចលាចលក្នុងព្រះនគរ ព្រះមហាក្សត្រ និងព្រះអគ្គមហេសីក៏សំរេចិត្ដយកពងនោះ ទៅកប់ចោលក្នុងឆ្នេរខ្សាច់នាតំបន់គិរិន្ដបូរ គឺស្រុកបរិបូណ៌ ក្នុងខេត្ដពោធិសាត់សព្វថ្ងៃ។
ថ្លែងពីក្រុមរទេះសៀមមួយក្រុម មានមេក្រុមម្នាក់ឈ្មោះ គង់ ដែលតែងបរទេះដឹកសួយសារអាករ មកថ្វាយព្រះចៅកម្ពុជា គ្រានោះកាលនាយគង់ បរទេះនាំពួកបរិវារវិលត្រលប់ទៅកាន់ស្រុកទេសវិញ ហើយធ្វើដំណើរកាត់តាមតំបន់បរិបូណ៌ បានជួបប្រទះដីទួលខុសធម្មតាមួយ។ ដោយមានការសង្ស័យជាអនេក នាយគង់បញ្ជាអោយពួកបរិវារជីកដីទួលនោះមើល។ លុះជីកបានបន្ដិច ពួកបរិវារទាំងនោះក៏បានជួបប្រទះស៊ុតមួយយ៉ាងធំ ដោយឃើញពងធំខុសប្លែកធម្មតា នាយគង់ក៏បញ្ជាអោយបក្សពួក លើកពងនោះដាក់លើរទេះដឹកយកទៅកាន់ស្រុកភូមិរបស់ខ្លួនរក្សាទុក យ៉ាងល្អ។ ពេលវេលាបានកន្លផុតទៅ ដល់អាយុកាលគ្រប់ថ្ងៃខែ ពងនោះក៏ញាស់ចេញជាទារកប្រុសមួយមានរូបរាងស្រស់ល្អស្អាត នាយគង់ ត្រេកអរណាស់ ថ្នាក់ថ្នមបីបមថែរក្សាទុកដូចជាកូនបង្កើតរបស់ខ្លួន។ លុះធំពេញវ័យនាយគង់ បានកូនដឹកសួយសារអាករទៅថ្វាយព្រះចៅក្រុងកម្ពុជា ពួកបរិវារក៏នាំគ្នាហៅថា នាយរងៗ រហូតមក។
នឹងថ្លែងអំពីព្រះបាទបទុមវរវង្ស និងព្រះអគ្គមហេសីនាគ ដែលគង់នៅព្រះមហានគរ។ ព្រះអគ្គមហេសីទ្រង់ប្រសូត្របានព្រះរាជបុត្រមួយអង្គទៀត មានព្រះនាមថា ព្រះបទុមសូរ្យវង្ស។ ក្រោយពីបិតា បានចូលទីវង្គតទៅ ព្រះបទុមសូរ្យវង្សក៏ឡើងសោយរាជ្យរាជសម្បត្ដិបន្ដពីព្រះបិតា។ ព្រះអង្គមានរិទ្ធីអនុភាព តេជៈបារមីកំលាំង កំហែងខ្លាំងពូកែអស្ចារ្យ។ មិនតែប៉ុណ្ណោះ ព្រះអង្គមានព្រះនេត្រទិព្វទៀតផង។ គឺអាចមើលឃើញដឹង យល់អស់គ្រប់កិច្ចការ គ្រប់ព្រឹត្ដិការណ៍ដែលកើតមាន ឡើងនៅគ្រប់ជ្រុងជ្រោយគ្រប់ទិសទី ក្នុងនគរ ក្រៅនគរទៀតផង។
នាយរង តែងតែដឹកសួយសារអាករគ្រប់យ៉ាងមកថ្វាយព្រះមហាក្សត្រកម្ពុជា ជំនួសបិតា ក៏ក្លាយទៅជាពញារោង។ ពញារោងក៏មានរិទ្ធអានុភាព អច្ឆរិយៈ អស្ចារ្យដែរ គឺចេះបំបិទបំបាំងកាយបាន និងមានមាត់ទិព្វ អាចបញ្ចាអ្វីៗបានតាម សំដីបញ្ជារបស់ខ្លួន ថ្ងៃមួយពញារោងបានអុំទូកបញ្ច្រាសទឹកហូរដោយលំបាក នាយរាងក៏ស្រែកបញ្ជាអោយទឹកហូរបញ្ច្រាសទិសវិញ។ ដោយមានព្រះនេត្រទិព្វ ព្រះបាទបទុមសូរ្យវង្ស បានមើលឃើញដឹង មហិទ្ធិរិទ្ធទាំងអស់របស់ពញារោង ព្រះអង្គស្វែងយល់ថា នឹងមិនងាយផ្ចាញ់ផ្ចាលចាប់ពញារោងឡើយ។
ថ្ងៃមួយមន្ដ្រីតូចធំទាំងឡាយ ចូលប្រជុំគ្នា នូវចំពោះភ័ក្ដ្រព្រះបទុមសូរ្យវង្ស ដើម្បីប្រជុំការងារផ្សេងៗ នាយរោង បំបាំងកាយរបស់ខ្លួនចូលទៅឈរបង់ជំទែងកណ្ដាលសាលជំនុំ ចំមុខព្រះភ័ក្រ្តព្រះបទុមសូរ្យវង្ស ពុំមាននាម៉ឺនមន្ត្រី ពលសេនាណាម្នាក់មើលឃើញអាកប្បកិរិយាព្រហើន ច្រលោមខាមនេះរបស់នាយរោងទេ មានតែព្រះមហាក្សត្រ ព្រះបទុមសូរ្យវង្សមួយអង្គគត់ ដែលមើលឃើញ ទ្រង់បានស្រែកបញ្ជាអោយចាប់នាយរោងភ្លាមៗ។ ដឹងថាព្រះមហាក្សត្រខ្មែរមានមហិទ្ធិរិទ្ធខ្លាំងពូកែជាងខ្លួន នាយរោងក៏គេចភៀសខ្លួនរត់បាត់ស្រមោលទៅ។
ឧកញាមន្រ្ដី ចៅពញាតេជោដំឌិន ត្រូវនាំពលសេនាចំនួន ៣០០នាក់ ជ្រែកដីទៅចាប់ពញារោងនៅឯស្រុកសុខោទ័យ។ កងទ័ពតេជោដំឌិន ដេញតាមចាប់ប្រកិតពីក្រោយ ពញារោងរត់ទៅដល់ស្រុកពីជិត ហើយឡើងកាត់សំដៅទៅតំបន់ស្រុកសុខោទ័យ មកដល់ទីនោះ ពញារោងរត់ចូលទៅពួនលាក់ខ្លួនក្នុងវត្ដពុទ្ធសាសនាថៃ សុំលោកចៅអធិការសាងផ្នួសបួសជាសាមណេរ។ រសៀលថ្ងៃមួយ នៅពេលដែលនេនរោងកំពុងតែបោសសំអាតទីធ្លាមុខព្រះវិហារ ស្រាប់តែចៅពញាតេជោដំឌិនជ្រែកដី លេចចេញមកពាក់កណ្ដាលខ្លួនចំពីមុខតែម្ដង ដោយមិនស្គាល់នេននេះជាពញារោង តេជោដំឌិនក៏ទូលសុំសួររកពញារោង។ នេនរោងដឹងច្បាស់ថា គេមករកចាប់ខ្លួន បានមានសង្ឃដិការឆ្លើយតបទៅវិញ សូមឧបាសករង់ចាំនូវទីនេះសិនចុះ ចាំអាត្មាទៅរកជូន ភ្លាមនោះដែរ រូបរាងកាយតេជោដំឌិន ប្រែទៅជារឹងបន្ដិចៗម្ដង ហើយក្លាយទៅជាថ្មរហូតមកដល់សព្វថ្ងៃ។ មេទ័ពពលសេនា នៅសល់ប៉ុន្មានដែលដើរតាមផ្លូវជ្រែកដី ដោយតេជោដំឌិន បាននាំគ្នាដកថយត្រលប់ចូលនគរ ទៅរាយការណ៍ថ្វាយ ព្រះរាជាតាមហេតុការណ៍។ ក្រោយពេលដែលស្ដេចសៀម នៅសុខោទ័យចូលទីវង្គត នេនរោងដែលមានមហិទ្ធិដ៏ខ្លាំងពូកែ ត្រូវបានក្រុមមន្ដ្រីរាជការ សុំអោយលាចាកសិក្ខាបទ ហើយអភិសេកអោយឡើងសោយរាជ្យជាស្ដេចស្រុកសៀមតាំងពីពេលនោះមក។
ពញារោងបានប្ដូរឈ្មោះ មានព្រះបរមនាមជាព្រះមហាក្សត្រថា ព្រះបាទចន្រ្ទាធិបតី ស្ដេចសៀមថ្មីអង្គនេះ ដែលគេនិយមហៅ តែពញារោងៗ បានប៉ុនប៉ងធ្វើគត់ ព្រះបទុមសូរ្យវង្ស ព្រះមហាក្សត្រខ្មែរ ចំនួនពីរលើកទៀត។
លើកទី១ ពញារោងបានធ្វើដំណើរលួចមកស្រុកខ្មែរ ដោយមាននាំមកជាមួយនូវពលរេហ៍ចំណានៗ និងមានលាក់ដាវពីរដាក់ជាប់ក្នុងខ្លួនផង មកដល់ព្រះមហានគរ ពញារោងបាននាំគ្នាបន្លំខ្លួន ដើរសំដៅតំរង់ចូលទៅក្នុងព្រះបរមរាជវាំង។ នាម៉ឺនសព្វមុខមន្រ្ដីតូចធំទាំងអស់ កំពុងក្រាបបង្គំគាល់ព្រះបាទបទុមសូរ្យវង្ស ពញារោងបំបាំងខ្លួនដើរចូលទៅដល់កណ្ដាលជំនុំ ត្រូវបានព្រះមហាក្សត្រខ្មែរបទុមសូរ្យវង្សទតឃើញដោយព្រះនេត ទិព្វ ទ្រង់មានបន្ទូលស្រែកសំលុតខ្លាំងៗថា ជនជាតិសៀមឯង មានចិត្ដថ្លើមធំ ចូលមកដល់ទីនេះតើឯងមានគោលបំណងអ្វី?។ ដឹងថា ព្រះមហាក្សត្រខ្មែរមើលឃើញខ្លួន ពញារោង ភ័យស្លន់ស្លោធ្លាក់ដាវពីដៃ ខំប្រើមាត់ទិព្វរបស់ខ្លួន តែពុំមានប្រសិទ្ធភាពអាចប្រើបានឡើយ។ ព្រះមហាក្សត្រខ្មែរទ្រង់យាងចុះពីរាជបល្ល័ង្គដកដាវរាជ បំរុងប្រហារជីវិតពញារោង ដែលអស់ច្រកចេញ លុតជង្គង់គ្រឹបក្រាបថ្វាយបង្គំ សុំខមាទោសចំពោះព្រះអង្គ។ ព្រះបទុមសូរ្យវង្សដឹងច្បាស់ថា ពញារោងជាអនុចបង្កើតជាមួយព្រះអង្គ ព្រះអង្គក៏ទន់ព្រះទ័យព្រមលើកលែងទោសអោយរួចខ្លួនរស់រានមាន ជីវិត ដោយមានបន្ទូលថា មិនពិតប្រាកដច្បាស់ថា មហិទ្ធិរិទ្ធឯងខ្លាំងពូកែនោះទេ!។
លើទី២ ពញារោង ដែលអាងទៅលើហិទ្ធិរិទ្ធិខ្លាំងពូកែរបស់ខ្លួនដដែល ជិះលើដំរីសារមួយយ៉ាងធំ បំបាំងខ្លួនហើយបំបោលដំរីនោះ លឿនស្លេវសំដៅចូលទៅក្នុងវាំង ដើម្បីជាន់សំលាប់ព្រះមហាក្សត្រ នៅចំពោះមុខហេតុភេទដូច្នេះ គ្មាននាម៉ឺនមន្រ្ដីពល សេនាណាម្នាក់ មើលឃើញពញារោងឡើយ។ តែព្រះបទុមសូរ្យវង្សដែលមានភ្នែកទិព្វ បានក្រលេកមើលឃើញទាន់ព្រះអង្គខឹងខ្ញាល់ខ្លាំងណាស់ ហើយស្រែកសន្ធាប់ថា អាសៀមនេះ វាប្រមាថមាក់ងាយយើងជ្រុលពេកហើយ! វាគិតអាងមហិទ្ធិរិទ្ធិរបស់វាខ្លាំងពូកែ ម្ដងនេះយើងលែងអត់អោនលើកទោសអោយទៀតហើយ!។ មកដល់ចំពោះមុខព្រះអង្គ ដំរីសារនោះទប់ជើងឈប់ងក់ ហើយបែរជាលុតជង្គង់ថ្វាយបង្គំ សំពះព្រះអង្គទៅវិញ។ ពញារោងភ័យណាស់លោតចុះពីលើខ្នងដំរី មកក្រាបថ្វាយបង្គំព្រះមហាក្សត្រខ្មែរ សុំអោយព្រះអង្គលើកលែងទោសពៃ អោយរួចរស់រានមានជីវិតបន្ដទៅទៀត។
ដូចលើកមុនៗដែរ ព្រះបទុមសូរ្យវង្សដែលដឹងអំពីប្រវត្ដិពញារោង មានជាប់សាច់ឈាម ជាបងប្អូនបង្កើតរបស់ព្រះអង្គ ព្រះអង្គនៅតែមានចិត្ដសន្ដោសប្រោសប្រណី លើកលែងទោសអោយពញារោងជានិច្ច លើកនេះព្រះអង្គថែមទាំងកាត់ ផ្ដាច់ទឹកដីមួយចំណែកប្រគល់អោយពញារោងគ្រប់គ្រងទៀតផង។
ក្នុងសម័យនោះ ព្រំប្រទល់ដែនទឹកដីខ្មែរនៅទិសខាងលិច ត្រូវថយរួញមកនៅត្រឹម បស្ចឹមបុរី ដែលសព្វថ្ងៃសៀមដាក់ឈ្មោះថា ប្រជិនបុរី រឺខេត្ដខាងកើត និងខាងជើង ត្រឹមនគររាជសីមារ ដែលសៀមក្រលៃប្ដូរឈ្មោះដាក់ជា កូរ៉ាត ជាមួយគ្ននេះដែរព្រះបទុមសូរ្យវង្ស បានដាក់កំនត់លក្ខ័ណ អោយគ្រប់ស្ដេចសៀម ត្រូវតែនាំផ្កាមាស មកថ្វាយព្រះមហាក្សត្រខ្មែរក្នុងមួយឆ្នាំម្ដង បន្ទាប់មកពញារោងក្រាបថ្វាយបង្គំ ព្រះរាជាសុំអនុញ្ញាតិវិលត្រលប់ទៅសុខោទ័យវិញ។ ពញារោងបានទស្សទ៍ទាយ ដាក់ទំនាយស្រុកខ្មែរថា និងរលត់រលាយវិនាសខ្ចាត់ខ្ចាយ នៅថ្ងៃដែលរូបសំនាកចៅពញាតេជោតំឌិន ត្រូវបាក់បែកខ្ទេចខ្ទីអស់។
ខម និង ខ្មែរ
ទោះជាជនជាតិថៃ ខំនិយាយអះអាងយ៉ាងណានីមួយក៏ដោយ ហើយបើទោះបីជា ព្រះពុទ្ធរូបប្រក់នាគ នៅលពបុរីត្រូវបានសិល្បករជាងថៃ កែឆ្នៃលំអជាច្រើនអន្លើ ខុសប្លែកពីព្រះពុទ្ធរូបប្រក់នាគ របស់ខ្មែរ (ដូចជាទ្រង់ម្កុដ រឺមិនមានម្កុដជាដើម) ថៃក៏នៅតែសរសេរ យ៉ាងពេញតួអក្សរថា «ជាសិប្បកម្មឆ្លាក់រូប ដែលចំលងចេញពីសិប្បកម្មរបស់ខម គឺខ្មែរនៅកម្ពុជានេះឯង»។ ជារឿងអគតិមួយមិនអាចប្រកែកបានឡើយ ដែលថា ខមដែលមានអរិយធម៌ដ៏ខ្ពង់ខ្ពស់ ហើយរលំរលាយបាត់សូន្យឈឹង ពីអាណាចក្រកម្ពុជា ហើយស្រាប់តែមានខ្មែរទៅវិញ។ ជនជាតិសៀម នៅតែគោរពបូជាព្រះពុទ្ធរូបនាគប្រក់នេះ ជាវត្ថុស័ក្ដិសិទ្ធខ្លាំងពូកែមួយ ដែលមានប្រភពចេញពីកម្ពុជាដែរ។ការរកឃើញវិញ និងការគោរពបូជា
តាមការសិក្សាក្នុងអត្ថបទមួយ បានសរសេរទុកថា «ព្រះពុទ្ធ បដិមាប្រក់នាគនេះ ត្រូវបានគេរកឃើញនៅឆ្នាំ ១៩៣៣ នៅក្នុងអណ្ដូងកណ្ដាលប្រាសាទបាយ័ន ហើយត្រូវបានព្រះបាទមុនីវង្ស អោយគេយកទៅតំកល់ទុកនៅព្រះវិហារ៧ល្វែង ទុកសំរាប់គោរពបូជា។ ព្រះពុទ្ធប្រក់នាគ ដែលកសាងតាំងពីសម័យមហានគរ គេឃើញព្រះសង្ឃតំកល់ទុក នៅក្នុងព្រះវិហារវត្តរលំជ្រៃ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យសំរាប់គោរពបូជា ហើយមានបារមីខ្លាំងក្លាណាស់។ ពុទ្ធបរិស័ទ ចំនុះជើងវត្តរលំជ្រៃ បានអោយដឹងថា ព្រះពុទ្ធអង្គប្រក់នាគនេះ បារមីខ្លាំងណាស់ ហើយមានប្រជាពលរដ្ឋគ្រប់ទិសទីបាននាំគ្នាទៅធ្វើការបួងសួងសុំ សេចក្តីសុខ រកស៊ីមាន បានយសសក្តិខ្ពង់ខ្ពស់ បានសំរេចបំណងប្រាថ្នាជាញឹកញាប់។កន្លងមកពួកជនទុច្ចរិត បានព្យាយាម ទៅលួចអារព្រះកេសព្រះអង្គ ដើម្បីយកទៅលក់នៅប្រទេសក្រៅ ជាច្រើនលើក ប៉ុន្តែខណៈពេលកំពុងអារនោះ បារមីព្រះអង្គបានស្រែកលាន់ពេញភូមិ ផ្អើលអស់អ្នកស្រុកនាំគ្នាមកដល់ ហើយចាប់ពួកជនទុច្ចរិតបានថែមទៀត។ ប្រភពដដែលបានអះអាងថា ព្រះពុទ្ធអង្គនេះ ទោះបីជាជនទុច្ចរិតព្យាយាមអារផ្តាច់ព្រះកេស យ៉ាងណាក្តីក៏ពុំដាច់ដែរ ហើយមានស្រក់ទឹកភ្នែកមកទៀតផង គួរអោយចំលែកខ្លាំងណាស់។ ចំនែកជនទុច្ចរិត ដែលរួមគំនិតគ្នា លួចនោះគ្មាននរណាម្នាក់រត់រួចទេ គឺត្រូវដេកដួលលើដី រកតែក្រោកឡើងក៏ពុំរួចដែរ ត្រូវបារមីផ្តន្ទាទោសភ្លាមៗតែម្តង។ ដោយសារតែបារមី ព្រះអង្គប្រក់នាគបានធ្វើអោយវត្តនេះ មានការរីកចំរើនយ៉ាងឆាប់រហ័ស ហើយមានមនុស្សម្នាចេញ ចូលទៅធ្វើបុណ្យទាន និងបួងសួងយ៉ាងច្រើនកុះករ ជារៀងរាល់ថ្ងៃ ជាពិសេសនៅថ្ងៃ សីល។
No comments:
Post a Comment