Saturday, December 26, 2015

ភាសា​សុភមង្គល




មាន​អ្នក​ប្រាជ្ញា​ម្នាក់​​និយាយ​ថា​ អាពាហ៍​ពិពាហ៍​ជា​ផ្នូរ​កប់​ខ្មោច​នៃ​សេចក្តី​ស្នេហា ។ កាល​នៅ​ជា​គូ​សង្សារ​គ្នា​នៅ​ឡើយ​ជីវិត​ស្នេហា​ហាក់​ដូច​ជា​ល្អូក​ល្អឺន​ ធ្វើ​អ្វី​ៗ​ហាក់​ដូច​ជា​ចុះ​សម្រុង​នឹង​គ្នា ចេះ​គោរព​កោត​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​។ លុះ​ដល់​បាន​រៀបការ​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ ហាក់​ដូច​ជា​មិន​សូវ​ផ្អែម​ល្ហែម​ មិន​សូវ​ស្អិត​រមួត​ដូច​មុន​សោះ​។ នៅ​ក្បែរ​គ្នា​ជា​រៀង​រាល់​ថ្ងៃ​ ចាប់​ផ្តើម​មើល​ឃើញ​ពី​ចំនុច​អាក្រក់​រៀង​ៗ​ខ្លួន​កាន់​តែ​ច្រៀន​ឡើង​ៗ​។ ចរិត​ប្រកាន់​​ឬ​​មិន​ចេះ​អត់​ឱន​ឲ្យ​គ្នា​ អាច​បណ្តាល​ឲ្យ​ជីវិត​គ្រួសារ​​ឈាន​ទៅ​រក​ការ​បែក​បាក់គ្នា​​។ នេះ​ជា​ដំណើរ​ជីវិត​រស់​នៅ​របស់​មនុស្ស​។ ដើម្បី​រក្សា​ចំណង​ស្នេហា​ឲ្យ​ស្ថិត​ស្ថេរ​យូរ​អង្វែង​ គេ​គួរ​ប្រតិបត្តិ​នូវភាសា​ប្រាំ​យ៉ាង​។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ជីវិត​អាពាហ៍​ពិពាហ៍ដ៏​ល្បី​ល្បាញ​មួយ​រូប ឈ្មោះ Gary Chapman ហៅ​ភាសា​ទាំង​ប្រាំ​នោះ​ថា​ជា​ភាសា​ស្នេហា។ ក្នុង​សៀវភៅ​ The 5 love languages អ្នក​និពន្ធ​ពន្យល់​អំពី​ភាសា​ស្នេហា​ទាំង​ 5 ដែល​ជួយ​រក្សា​ជីវិត​ស្នេហា​ឲ្យ​មាន​សុភមង្គល​ជា​ដរាប៖

1. ពាក្យ​សរសើរ៖ មាន​អតិថិជន​ម្នាក់​របស់​ លោក Gary Chapman មក​សុំ​ប្រឹក្សា​យោបល់​ពី​លោក។ អតិថិជន​និយាយថា​ ប្តី​របស់​គាត់​មិន​ព្រម​ជួយ​លាប​ថ្នាំ​បន្ទប់​ទឹក​សោះ​ គាត់​បាន​រង់ចាំ​អស់​រយៈ​ពេល​ ៩ ខែ​ មក​ហើយ​ និង​ប្រើ​អស់​គ្រប់​វិធី​តែ​ប្តី​របល់​គាត់​នៅ​តែ​មិន​ព្រម​ជួយលាប​ថ្នាំ​ សោះ.​.​.​។ លោក​ Gary Chapman សួរ​តប​វិញ​ថា​តើ​ប្តី​របស់​លោក​ស្រី​ធ្លាប់​ធ្វើ​អំពើ​ល្អ​ៗ​ដាក់​លោក​ស្រី ​ទេ​? លោក​ស្រី​នោះ​ឆ្លើយ​ថា​ ធ្លាប់​ ហើយ​អំពើ​ល្អ​របស់​គាត់​មាន​ច្រើន​.​.​.​ ។ លោក​ Gary Chapman ប្រាប់​ទៅ​អតិថិជន​វិញ​ថា​ ចាប់​ពី​ថ្ងៃ​នេះត​​ទៅ​ឈប់​និយាយ​ពី​រឿង​លាប​ថ្នាំ​បន្ទប់​ទឹក​ត​ទៅ​ទៀត​.​. ​.​​ រាល់​ពេល​ដែល​ប្តី​របស់​លោក​ស្រី​ធ្វើ​អ្វី​មួ​យ​ល្អ​ ចូរ​សរសើរ​គាត់​និង​គាំ​ទ្រ​គាត់​។ ឧទាហរណ៍​ប្រសិន​បើ​គាត់​ជួយ​យក​សំរាម​ទៅ​បោះ​ចោល ចូរ​អរគុណ​និង​សរសើរ​ទង្វើ​ល្អ​នេះ ប្រសិន​បើ​គាត់​ជួយ​បង់​ថ្លៃ​ទឹក​ភ្លើង​ ចូរ​សរសើរ​ទង្វើ​ល្អ​នេះនិង​​បង្ហាញ​ឲ្យ​ឃើញ​ថា​គាត់​ជា​ប្តី​ល្អ​ និង​ថា​មនុស្ស​ប្រុស​ទូទៅ​មិន​សូវ​បាន​ជួយ​ប្រពន្ធ​ដូច​គាត់​ទេ​...។ អតិថិ​ជន​ព្រម​ទទួល​យក​យោបល់​នេះ​ តែ​ហាក់​មិន​សប្បាយ​ចិត្ត​សោះ​ ព្រោះ​មិន​ឃើញ​មាន​អ្វី​ទាក់​ទង​គ្នា​នឹង​រឿង​លាប​ថ្នាំ​បន្ទប់​ទឹក​សោះ​ ... ប៉ុន្តែ​គាត់​​ព្រម​អនុវត្ត​ន៍​តាម​យោបល់​របស់​លោក​ Gary Chapman។ បី​សប្តាហ៍​ក្រោយ​មក​ អតិថិជន​រូប​នេះ​ត្រឡប់​មក​វិញ​ម្តង​ទៀត​ ហើយ​ពោលពាក្យ​អរគុណ​ដោយ​សប្បាយ​ចិត្ត​បំផុត​ ព្រោះ​ប្តី​របស់គាត់​បាន​ជួយ​លាប​ថ្នាំប​ន្ទប់​ទឹក​មែន​។ ពាក្យ​សរសើរ​ពិត​ជា​មាន​អានុភាព​មែន​! ពាក្យ​សរសើរ​ដោយ​ស្មោះ​ចំពោះ​សេចក្តី​ល្អ​របស់​មនុស្ស​ជា​ទី​ស្រឡាញ់​មាន​ អានុភាព​ចង​ចិត្ត​ជាង​អ្វី​ៗ​ទាំង​អស់​។ គេ​គួរទម្លាប់​និយាយ​ពាក្យ​សរសើរ​លើក​ទឹក​ចិត្ត​ជា​ដរាប​។

2.​​ គុណភាព​នៃ​ពេលវេលា​ ​៖ គុណភាព​នៃ​ពេល​វេលា​សំដៅ​លើ​ការ​ផ្តល់​ពេល​វេលា​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ពោល​គឺ​យក​ចិត្ត​ទុក​ដាក់​ទាំង​ស្រុង​ទៅ​លើ​គ្នា​មិន​មែន​គ្រាន់​តែ​នៅ​ ក្បែរ​គ្នា​ហើយ​ធ្វើ​អ្វី​រៀង​ៗ​ខ្លួន​មិន​គិត​គូរ​ពី​គ្នា​ទេ​។ គុណភាព​នៃ​ពេល​វេលា​ មាន​ន័យ​ថា​ចំណាយ​ពេល​រួម​គ្នា​ធ្វើ​កិច្ច​ការ​អ្វី​មួយ​ ចំណាយ​ពេល​និយាយ​គ្នា​​ស្តាប់​គ្នា​ទៅ​វិញ​ទៅ​មក​ ...​ ពេលវេលា​នេះ​​គឺ​សម្រាប់​តែ​មនុស្ស​ពីរ​នាក់​។

3. ទទួល​អំណោយ​ ៖ មាន​ម្តង​នោះ​ លោក Gary Chapman បាន​ទៅ​លេង​ផ្ទះ​អ្នក​ស្រុក​ម្នាក់​ដែល​លោក​ជួប​ដោយ​ចៃ​ដន្យ​។ ម្ចាស់​ផ្ទះបាន​ប្រើ​ប្អូន​ប្រុស​ឲ្យ​ទៅ​ឡើង​បេះ​ដូង​មក​​ទទួល​ស្វាគមន៍​លោក ​ Gary Chapman ។ ពេល​បេះ​បាន​ហើយ​ម្ចាស់​ផ្ទះ​​កាប់​ផ្លែ​ដូង​​បី​កាំ​បិត​រាង​ជា​ត្រី​កោណ​ ​រួច​និយាយ​ថា​លោក​ Gary Chapman អញ្ជើញ​ពិសារ​ទឹក​ដូង​។ លោក​ Gary Chapman ផឹក​ទឹក​ដូង​រហូត​ទាល់​តែ​អស់​ ព្រោះ​លោក​ដឹង​ថា​ដូង​នេះ​​បង្កប់​ដោយ​សន្តាន​ចិត្ត​ស្រឡាញ់​រាប់​អាន​។ អំណោយ​ជា​របស់​ម្យ៉ាង​ដែល​រំលឹក​ដល់​អ្នក​ថា មាន​គេ​គិត​ពី​ខ្ញុំ​ ។ គូ​ស្វាមី​ភរិយា​គួរ​ចេះ​រៀន​ផ្តល់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ឲ្យ​ជា​របស់​​ ឬ​ឲ្យ​ជា​កម្លាំង​ចិត្ត​នៅ​ពេល​ដៃ​គូ​ត្រូវ​ការ​វត្ត​មាន​ខ្លួន​ជា​ចាំ​បាច់ ​។

4. ធ្វើ​កិច្ច​ការ​ដែល​​ប្តី​/​ប្រពន្ធ​ចង់​ឃើញ​ថា​អ្នក​ធ្វើ​ ៖ ប្តី​ខ្លះ​ចូល​ចិត្ត​ប្រពន្ធ​ដែល​មាន​ចរិត​ជា​មេ​ផ្ទះ​ដ៏​ល្អ​ចេះ​ចំអិន​ ម្ហូប បោក​គក់​ខោអាវ អ៊ុត​ខោអាវ​ឲ្យ​ប្តី​ ... បើ​ប្តី​ចូល​ចិត្ត​ដូច្នេះ​ប្រពន្ធ​គួរ​ធ្វើ​ទង្វើ​នេះ​ឲ្យ​បាន​ច្រើន​។ កិច្ចការ​ទាំង​នេះ​សុទ្ធ​តែ​ទាម​ទារ​នូវ​ គំនិត​​ ពេលវេលា និង​ថាម​ពល​ តែ​​បង្កប់​ដោយ​ក្តី​ស្រឡាញ់​ចំពោះ​ប្តី​។ ដូចគ្នា​ដែរ​កិច្ចការ​ណា​ដែល​ប្រពន្ធ​ចង់​ឃើញ​ប្តី​ជួយ​ធ្វើ​ ប្តី​គួរ​ធ្វើ​កិច្ចការ​នោះ​ឲ្យ​បាន​ច្រើន​។

5. ការ​ថ្នាក់​ថ្នម​ ៖ ការ​ថ្នាក់​ថ្នម​ គឺ​ជា​ភាសា​មនោសញ្ចេតនា​មួយ​បែប​ដែល​គេ​ទទួល​ស្គាល់​គ្រប់​ៗ​គ្នា។ ការ​ថ្នាក់​ថ្នម​ជា​តាមរយៈ ការ​ចាប់​ដៃ​ ការ​ឱប​ថើប ឬ​ការ​រួម​ភេទ គឺ​មធ្យោបាយ​បង្ហាញ​ពី​មនោសញ្ចេត​នា​ស្នេហា​របស់​ប្តី​ប្រពន្ធ​។

No comments:

Post a Comment