Sunday, December 13, 2015

ឆាក្ដៅអន្ទង់


-បរិមាណ​មនុស្ស​ទទួលទាន ២នាក់
-រយៈពេល​ចម្អិន ៥នាទី
-រយៈពេល​រៀបចំ​គ្រឿងផ្សំ ១៥នាទី
គ្រឿង​ផ្សំ
-អន្ទង់ ៣ខាំ
-ខ្ទឹមស ១មើម
-ស្លឹកក្រូច​សើច ១សន្លឹក
-ខ្ជាយ ១ចំណិត
-រំដេង ១​ចំណិត
-គល់​ស្លឹកគ្រៃ ២គល់
-ម្ទេស ១​គ្រាប់
-ប៊ីចេង កន្លះ​ស្លាបព្រា​កាហ្វេ
-ទឹកត្រី កន្លះ​ស្លាបព្រា​បបរ
-ខ្លាញ់ ២​ស្លាបព្រា​បបរ
-ស្ករ កន្លះ​ស្លាបព្រា​កាហ្វេ
-ម្រះ​ព្រៅ ទៅតាម​ការ​ចូលចិត្ដ
-សណ្ដែកដី​ឆ្អិន ១​ស្លាបព្រា​បាយ។
របៀប​រៀបចំ​គ្រឿង​ផ្សំ
-សូមយក​អន្ទង់​មកលាង​ជាមួយ​ទឹកអំបិល​ឱ្យអស់​ក្អែលខ្មៅៗ​ឱ្យស្អាត បន្ទាប់មក​ត្រូវ​វះយក​ពោះចេញ ហើយ​កាត់ជា​កង់ៗ​ល្មម។ បន្ទាប់មក​ត្រូវយក​ទៅបំពង​ជាមួយ​នឹងខ្លាញ់​ឱ្យឆ្អិន​ល្មម មិនត្រូវ​ឱ្យបែក​សាច់​អន្ទង់​នោះទេ បន្ទាប់មក​ត្រូវដួស​ទុកដោយ​ឡែក។
-ខ្ទឹមស​ចែកជា​ពីយក​ទៅចិញ្ច្រាំ​កុំឱ្យ​ម៉ដ្ដ​ពេកមួយ​ចំហៀង និងយក​ទៅបុក​ជាមួយ​គ្រឿងមួយ​ចំហៀង
-ម្ទេសហាន់​ជាចំណិត​វែងៗ
-សណ្ដែកដី​យកទៅ​បុកកុំ​ឱ្យម៉ដ្ដ​ពេក
-ម្រះព្រៅ​បេះយក​តែស្លឹក​ហើយ​យកទៅ​លាងទឹក​ឱ្យស្អាត
-ស្លឹកក្រូច​សើច រំដេង ខ្ជាយ គល់​ស្លឹកគ្រៃ​លាងទឹក​ឱ្យស្អាត​យកទៅ​ហាន់​ស្ដើងៗ ហើយ​បុកចូលគ្នា​ឱ្យម៉ដ្ដ បន្ទាប់មក​ដាក់ខ្ទឹមស​ចូល​ហើយ​បុក​ចូលគ្នា​ឱ្យម៉ដ្ដ​ម្ដងទៀត។
របៀប​ធ្វើ
ជាដំបូង​ដាក់ខ្ទះ​ឱ្យក្ដៅ​ហើយ​ដាក់ខ្លាញ់​ឱ្យក្ដៅ បន្ទាប់មក​ដាក់ខ្ទឹមស​ដែល​ចិញ្ច្រាំ និង​ម្ទេសចូល​ឆាឱ្យ​ឡើងជើង​អង្ក្រង​ល្មម បន្ទាប់មក​ដាក់គ្រឿង​បុកចូល​ឆាឱ្យ​ឈ្ងុយ ហើយ​ដាក់​អន្ទង់ចូល។ បន្ទាប់មក​ត្រូវដាក់​ស្ករស ទឹកត្រី និង​ប៊ីចេង​រួចភ្លក់​មើលទើប​ដាក់ សណ្ដែកដី​រួមទាំង​ម្រះព្រៅ​ចូល រួចដួស​ដាក់ចាន​ជាការ​ស្រេច។
បញ្ជាក់ ៖ ម្ហូបនេះ​អាច​ទទួលទាន​បាន​ជាមួយ​បាយស ឬអាច​ធ្វើជា​គ្រឿង​ក្លែម​ក៏បាន។

No comments:

Post a Comment