Wednesday, December 2, 2015

សំណង់នាសម័យបុរាណ៖ (វគ្គ៣) វិហាររបស់ស៊ឺស Temple of Zeus (ប្រទេសក្រិក)


temple-of-zeus

វិហាររបស់ស៊ឺសត្រូវបានកសាងឡើងក្នុងឆ្នាំ ៥១៥ មុនគ្រឹស្តសករាជក្នុងការគ្រប់គ្រងរបស់ Peisistratos ដែល បានកសាងឡើងក្នុងដើម្បីទាក់ទាញចំនាប់អារម្មណ៏មហាជន។ ទោះបីជាមានការប្រឹងប្រែងក្នុងការកសាងយ៉ាងណា ក៏ដោយ ក៏សំណង់បុរាណដ៏មហិមានេះត្រូវបានបញ្ជប់ការកសាងក្នុងឆ្នាំ ១៣២ នៃគ្រឹស្តសករាជក្នុងរជ្ជកាលសេ្តច Hadrian។ វាគឺជាសំណង់ដ៏ធំជាងគេបង្អស់នៅក្នុងប្រទេសក្រិក​ដោយមានសសរធំៗ (Columns) ចំនួន ១០៤ ដែល មានប្រវែង ១៧ម៉ែត្រ ក៏ប៉ុន្តែសព្វថ្ងៃនៅសល់តែ ១៥ ប៉ុណ្ណោះ។ តាមការស្រាវជ្រាវបានបញ្ជក់ថា វិហារនេះមានទំហំ ៩៦ម៉ែត្រ គុណនឹង ៤០ម៉ែត្រ។
zeus
វិហារនេះស្ថិតនៅទីក្រុង Athens ប្រទេសក្រិកសំរាប់គោរពបូជាដល់ស្តេច ទេវតា Zeus ដែលមានអំណាចអស្ចារ្យសោយរាជ្យនៅភ្នំ Olympus ដែលជាទីលំនៅ ដ្ឋានរបស់ពពួកទេវតា។ មានដំណើររឿងអំពីស្តេចទេវតាស៊ឺសថា ៖
កាលពីដើមឡើងពិភពលោកគឺគ្មានអ្វីទាំងអស់ Gaia ដែលជាទេវតាស្រីបាន បង្កើតផែនដីឡើង និងបានបង្កើត​ Oranos ជាទេវតាតំនាងឲ្យមេឃនិងយក Oranos ធ្វើជាប្តី។ ទាំងពីរនាក់ក៏បានបង្កើតពពួកទេវតាជាច្រើននៅលើ ផែនដីរួមមាន Kronos Rhea Hyperion Thea Corus Phoebe Ocean ។ល។ Kronos បាន ឡើងសោយរាជ្យជាស្តេចផែនដី និងបានរៀបការជាមួយនឹងបងស្រីរបស់ទ្រង់គឺ Rhea និងបានបង្កើតកូនចំនួន6នាក់ក្នុងនោះក៏មានស៊ឺសផងដែរ។ បន្ទាប់ពីបានដឹងអំពីទំនាយថា កូនរបស់ Kronos នឹងដណ្តើមបល្ល័ង្ករបស់ទ្រង់ ហើយ Kronos ក៏ចាប់ផ្តើមលេបកូនរបស់ទ្រង់នៅពេលដែលប្រសូតម្តងមួយៗ អស់ចំនួនប្រាំនាក់។ ដោយចង់ការពារកូនរបស់ខ្លួនពីប្តីដ៏ឃោរឃៅនេះ Rhea ដែលជាបងស្រី និងក៏ជាប្រពន្ធរបស់ Kronos នោះក៏បានដាក់ដុំថ្មជំនួសនៅពេលដែលទ្រង់ប្រសូត Zeus ។ ព្រះនាងក៏បានលាក់កូនរបស់ទ្រង់នៅក្នុងរូងភ្នំ Mount Ida ក៏ព្រោះតែមិនចង់ឲ្យព្រះស្វាមីរបស់ទ្រង់ដឹង​ អំពីការរស់រានមានជីវិតកូនរបស់ទ្រង់ Zeus ត្រូវបានប្រសូត នៅកោះ Crete ដែលជាកោះតូចមួយរបស់ប្រទេសក្រិក និងបានធំដឹងក្តីឡើងដោយការចិញ្ចឹមបីបាច់ដោយគ្រួសារ កសិករចិញ្ចឹមចៀមមួយនៅទីជនបទ។ នៅពេលដែល Zeus ធំដឹងក្តីឡើងជាបុរសម្នាក់ និងក្រោយពីបានដឹងពីសាវតា របស់ទ្រង់មក Zeus ក៏បានកោះហៅបងប្អូនរបស់ទ្រង់ទាំងប្រាំមួយដែលត្រូវបានព្រះបិតាលេប និងបានរួចខ្លួនចេញ មកបន្ទាប់ពី Kronos បានលេបដុំថ្មនោះ។ សង្រ្គាមដ៏កក្រើកមេឃកក្រើកដីរវាងបងប្អូនរបស់ពួកទ្រង់ទាំងប្រាំមួយនឹង ព្រះបិតារបស់ទ្រង់បានផ្ទុះឡើងនៅឯកំពូលភ្នំ Olympus។ Zeus បានទទួលជ័យជំនះលើបិតារបស់ទ្រង់ និងត្រូវបាន អភិសេកជាស្តេចទេវតានៅលើភ្នំ Olympus ចំនែកឯព្រះបិតារបស់ទ្រង់ និងគ្នីគ្នារបស់ទ្រង់ដែលជា Titans នោះត្រូវ បានឃុំខ្លួននៅឯទីបាតនៃឋាននរកដែលមានឈ្មោះថា Tatarus ។ Zeus ត្រូវបានតែងតាំងជាស្តេចទេវតាគ្រប់គ្រង លើសព្វសត្វ និងមនុស្សនៅលើផែនដី ចំនែកឯបងប្រុសរបស់ទ្រង់ Poseidon ជាអ្នកគ្រប់គ្រងលើសមុទ្រ និង Hades បានសោយរាជ្យនៅឋាននរកគ្រប់គ្រងលើព្រលឹងអ្នកស្លាប់ទាំងអស់។ Zeus បានរៀបអភិសេកជាមួយបងស្រីរបស់ ទ្រង់ដែលមានព្រះនាមថា Hera ។ ត្រូវបានប្រជាជនក្រិកគោរពបូជាយ៉ាងខ្លាំងដែលទ្រង់ជាអ្នកតំនាងឲ្យភាពយុត្តិធម៌និងការអត់ឪន តំនាង ឲ្យអ្នកការពារអ្នកទន់ខ្សោយ។ ជាទូទៅប្រជាជនក្រិកតំនាងទ្រង់ជាស្តេចនៃមេឃ ជាអ្នកគ្រប់គ្រងភ្លៀង និងអាកាស ធាតុ។ អាវុធរបស់ទ្រង់គឺ គ្រាប់រន្ទះ ។ ទាក់ទងទៅនឹងវិហាររបស់ Zeus នេះក៏មានរឿងព្រេងមួយផ្សេងទៀតទាក់ទង ទៅនឹងវិហារមួយនេះដែលនិទានមកថា វិហារនេះជាទីចំនតរបស់អទិទេព Apollo ដែលជាអទិទេពតំនាងឲ្យ ព្រះអាទិត្យដែលទ្រង់តែងសំចតនៅវិហារនេះជាមួយនឹងសេះភ្លើងរបស់ទ្រង់ ដើម្បីសំរាកក្រោយពីបំពេញកាតព្វកិច្ច របស់ទ្រង់ដែលត្រូវបំភ្លឺផែនដីនៅពេលព្រឹក និងលិចទៅវិញនៅពេលល្ងាច ៕

No comments:

Post a Comment