តាមគំនិតរបស់អារីស្តូត (Aristotle) ថា «មនុស្សលោក គឺជាសត្វចេះធ្វើនយោបាយ ពីធម្មជាតិមក ដែលជាលក្ខណៈវិសេសរបស់មនុស្ស
មានលក្ខណៈវិសេសមួយទៀត គឺមនុស្សព្យាយាម រស់នៅក្នុងសង្គមរួមទាំងអស់គ្នា
ពោលគឺរស់នៅក្នុងរដ្ឋតែមួយ» ។ តាមទស្សនៈ របស់អារីស្តូត (Aristotle) ថា «រដ្ឋ កកើតឡើងដោយសារតែហេតុផលចាំបាច់មួយ គឺធ្វើយ៉ាងណាស់ ឲ្យជីវិតរស់នៅរបស់ពលរដ្ឋ
មានភាពប្រសើរជាងមុន ។ហើយមានតែនៅមជ្ឈមណ្ឌលខាងក្នុងរដ្ឋទេ
ដែលបង្កលក្ខខណ្ឌល្អៗ ឲ្យមនុស្សរស់នៅក្នុងភាពសុខដមរម្យនា
និងសុភមង្គល ពីព្រោះភាពយុត្តិធម៌ និងសិទ្ធិដែលបានបម្រើផលប្រយោជន៍
ឲ្យប្រជាពលរដ្ឋគ្រប់រូប ដែលនៅក្នុងរដ្ឋប៉ុណ្ណោះ» ។
លោកអារីស្តូត (Aristotle) ជាសិស្សម្នាក់ ក្នុងចំណោមសិស្សជាច្រើនរបស់ ផ្លាតូ (Plato) ។ ភាពខុសគ្នារបស់អារីស្តូត
ទៅនឹងលោកគ្រូរបស់ខ្លួន គឺមកពីប្រភពមូលដ្ឋាននៃទស្សនៈវិជ្ជាផ្សេងៗគ្នា
ដែលជាមូលហេតុធ្វើឲ្យគំនិតនយោបាយ របស់មហាទស្សនៈវិទូរទាំងពីរនេះ
ក៏មិនដូចគ្នាដែរ ។ អារីស្តូត បានកំណត់នូវគោលការណ៍បួនយ៉ាងដំបូងបង្អស់នៃការកកើតគំនិតរូបធាតុ
មូលហេតុ និងគោលបំណង
។ អារីស្តូត ខុសពីផ្លាតូត្រង់គិតថា «រូបធាតុកើតមុន រីឯគំនិតកើតក្រោយ» ។ រូបធាតុ និងគំនិតមានលក្ខណៈឯកភាពគ្នា មិនអាចកាត់ផ្តាច់ពីគ្នាបានទេ ។
សម្រាប់អារីស្តូត រូបធាតុជាដំបូងមានលក្ខណៈ អសកម្ម ចំណែកគំនិត មានលក្ខណៈសំខាន់ជាង
ហើយគំនិត ដែលអាចកើតឡើងបាន ទាល់តែមានសកម្មភាពជាមួយរូបធាតុ ។
ម្យ៉ាងទៀត សម្រាប់អារីស្តូត ខ្លឹមសារ និងបាតុភូតដែលបានកើតឡើង គឺលោកបានបង្ហាញថា «ខ្លឹមសារ កើតមានឡើងតាមរយៈរូបធាតុនិយម» ។
ស្នាដៃដ៏សំខាន់របស់អារីស្តូត
បានបង្ហាញនូវទស្សនៈទាន របស់ខ្លួនជាច្រើន ពាក់ព័ន្ធនឹងនយោបាយ ។ ដូចជាផ្លាតូដែរ
អារីស្តូត បានចាប់ផ្តើមនូវការបែងចែកលក្ខណៈ នៃរបបនយោបាយ និងទំរង់គ្រប់គ្រងរដ្ឋ ។
ការបែងចែកទំរង់គ្រប់គ្រងរដ្ឋរបស់ផ្លាតូ មានលក្ខណៈខុសគ្នាខ្លះៗ
អំពីការបែងចែកទំរង់គ្រប់គ្រងរដ្ឋរបស់អារីស្តូត ។ទស្សនៈទានរបស់ផ្លាតូ បានគិតថា «គោលការណ៍សំខាន់របស់រដ្ឋ
គឺគុណធម៌» ។ អារីស្តូត បានកំណត់នូវរចនាសម្ព័ន្ធនយោបាយ
ដែលមានសម្បទានមានបីប្រភេទ ដោយអាស្រ័យ នឹងគុណធម៌ ហើយកំណត់
ទំរង់នយោបាយដែលមិនមានសម្បទាន ៣ ប្រភេទទៀត ។ ប្រភេទរបបនយោបាយមានសម្បទាន
តាមទស្សនៈអារីស្តូត គឺរបបរាជានិយម (Monarchy) របបអភិជនាធិបតេយ្យ ឬពួកវណ្ណៈខ្ពស់ (Aristocracy) និងមជ្ឈិមវិថីអធិបតេយ្យ (Polity) ។ហើយរបបនិមួយៗ នៃរបបទាំង ៣ នេះ
សុទ្ធតែមានលក្ខណៈ អវិជ្ជមានរបស់វា ។ តាមទស្សនៈអារីស្តូត បើរបបរាជានិយម
មិនប្រកាន់គោលការណ៍របស់ខ្លួន គឺក្លាយជារបបផ្តាច់ការ (Tyranny) ចំណែកឯរបបអភិជនាធិបតេយ្យ អាចកើតមានឡើង នូវរបបគណាធិបតេយ្យ (Oligarchy) រីឯ Polity វាអាចក្លាយទៅជារបបប្រជាធិបតេយ្យ(Democracy) ។ ភាពខុសគ្នា នៃរបបនយោបាយរបស់ផ្លាតូ និងអារីស្តូតបានរកឃើញ នូវរបបនយោបាយមួយទៀតគឺ Polity ។ Polity គឺជារបបនយោបាយមួយ ដែលអំណាចស្ថិតនៅ ក្នុងដៃវណ្ណៈកណ្តាល ។
ការកំណត់របស់អារីស្តូតនេះ បានចេញជារូបរាង នៅក្នុងរបបប្រជាធិបតេយ្យ (Democracy) នៃប្រទេសលោកខាងលិច ដែលសព្វថ្ងៃនេះ គេអាចចាត់ទុកថា
ជារបបប្រជាធិបតេយ្យមួយដ៏ខ្ពង់ខ្ពស់ នៅក្នុងលោក ដែលប្រឹងប្រែងដើម្បីសេចក្តីចម្រើនលើគ្រប់វិស័យ
នៃសង្គមមនុស្ស (Human Society) ។ ការបែងចែករបបនយោបាយ ដែលអារីស្ដូតបានបង្ហាញនៅ
ក្នុងស្នាដៃរបស់ខ្លួន ឃើញថាការបែងចែកនេះ អារីស្តូត
បានចាប់អារម្មណ៍ ចំពោះរចនាសម្ព័ន្ធរដ្ឋពីរប្រភេទ គឺទម្រង់រដ្ឋសម្បទាន
និងទំរង់រដ្ឋមិនសម្បទាន (សម្រាប់អារីស្តូតរបបនយោបាយ និងទំរង់គ្រប់គ្រង
រដ្ឋពុំទាន់មានលក្ខណៈច្បាស់នៅឡើយទេ) លោកគិតថា «ទំរង់រដ្ឋសម្បទាន
មានលទ្ធភាពដើម្បីបង្កើតនូវគុណធម៌មួយចំនួន រីឯទំរង់រដ្ឋមិនសម្បទានវិញមិនអាច» ។ លោកអារីស្តូត បានកំណត់នូវរបបនយោបាយ និងទំរង់គ្រប់គ្រងរដ្ឋ
គឺស្ថិតនៅលើអំណាចពិតប្រាកដ របស់រដ្ឋ ។ អារីស្តូត បានធ្វើការអះអាងថា «ភាពខុសគ្នា
រវាងរបបនយោបាយផ្សេងៗ គ្នា គឺនៅត្រង់ចំនួនមេដឹកនាំរដ្ឋ » ។ អារីស្តូត បានបង្ហាញ នូវរបបនយោបាយ និងទំរង់គ្រប់គ្រងរដ្ឋ
ដែលស្ថិតនៅក្នុងការកំណត់ និងការបែងចែកប្រភេទទាំងពីរផ្សេងពីគ្នា
នៃរចនាសម្ព័ន្ធរដ្ឋគំរូ ។
រដ្ឋគំរូទី១ អារីស្តូត
ចាប់អារម្មណ៍ទៅនឹងរដ្ឋគំរូ ដែលមានលក្ខណៈខុសពីគេទាំងអស់ ។ រដ្ឋគំរូ
បានផ្តល់ការបំពេញជូនសង្គម នូវស្ថេរភាពយូរអង្វែង ជាអតិមរមា រដ្ឋបែបនេះ
សម្រាប់អារីស្តូត ជារដ្ឋគំរូនៅក្នុងការអនុវត្តន៍នយោបាយ ។ អារីស្តូតបានគិតថា «Polity ជារបបនយោបាយគំរូ ព្រោះនៅក្នុងរបបនេះ
អំណាចស្ថិតនៅក្នុងការគ្រប់គ្រងដោយវណ្ណៈកណ្តាល» ។ តាមទស្សនៈរបស់អារីស្តូត Polity គឺចំពោះរដ្ឋណា ដែលដឹកនាំប្រកបដោយគតិវិញ្ញូ
និងភាពទទួលខុសត្រូវ ចំពោះសកម្មភាពរបស់ខ្លួន ហើយអំណាច
ស្ថិតនៅក្រោមការគ្រប់គ្រងរបស់មនុស្សភាគច្រើន ។ ហើយទោះជាយ៉ាងណាក្តី ក៏ទម្រង់ Polity នេះខ្លាំងជាងប្រព័ន្ធចុងម្ខាងៗ មានន័យថា
ចុងទាំងសង្ខាង គឺមានកម្លាំងស្មើគ្នា ហើយអាចរារាំងសត្រូវបាន ។
រដ្ឋគំរូទី២ អារីស្តូត បានឲ្យតំលៃដោយគិតថា
ប្រសើរបំផុត ចំពោះទស្សនៈប្រកបដោយសីលធម៌ នៅក្នុងរបបដែលនៅទីនោះ
ប្រជាពលរដ្ឋ ប្រឹងប្រែងដើម្បីបានទទួលនូវកិត្តិយស និងគុណធម៌
នៅក្នុងជីវិត ។ រចនាសម្ព័ន្ធរដ្ឋ ដែលល្អបំផុត គឺជាអង្គការមួយ
ដែលផ្តល់នូវលទ្ធភាពដល់មនុស្ស ដើម្បីរស់ក្នុងភាពរុងរឿង និងសុភមង្គល។
រដ្ឋគំរូ អារីស្តូត បានចាប់អារម្មណ៍ជាខ្លាំង
ចំពោះស្ថានភាពខាងក្រៅ នៃអត្ថិភាពរបស់រដ្ឋ ជាបឋម គឺចំនួនប្រជាពលរដ្ឋ ស្ថានភាពរស់នៅ
ជាមួយនឹងការឧបត្ថម្ភគ្រប់បែបយ៉ាង និងស្ថនភាពទឹកដី ដើម្បីការពារ
និងទប់ទល់សត្រូវឈ្លានពាន ។ តាមទស្សនៈរបស់អារីស្តូត
ដែលបានចារនៅក្នុងរបបនយោបាយបានឲ្យយើងដឹងថា ក្នុងចំណោមប្រជាជន
ត្រូវបានបែងចែកចេញពួកសិប្បករ និងឈ្មួញ ព្រោះក្នុងកិច្ចការជីវិតរបស់គេ
មិនឆ្លើយតបទៅនឹងគុណធម៌ទេ ដើម្បីមានតួនាទីជាពលរដ្ឋចំតួ
គឺមានតែពួកកសិករទេ ។ ប្រជាពលរដ្ឋទាំងអស់ ត្រូវតែចូលរួមជួយគ្នាទៅវិញទៅមក
ក្នុងគ្រប់សកម្មភាព និងគ្រប់មធ្យោបាយទាំងអស់ ដែលជាកិច្ចការកសិកម្ម ក្នុងសង្គម ។
អារីស្តូតបានគិតថា «នៅក្នុរដ្ឋគំរូ ត្រូវតែបែងចែកដីធ្លី ជាសម្បត្តិរួម
និងជាសម្បត្តិឯកជន» ។ ចំពោះដីរួម អារីស្តូតបានគិតថា «ត្រូវតែបែងចែកជាពីរផ្នែក
។ ប្រាក់ចំណូល ដែលបានមកពីចំណែកមួយ ក្នុងចំណោមនេះ ត្រូវគេប្រើ
សម្រាប់សេចក្តីត្រូវការនៅក្នុងសាសនា រីឯចំណែកទីពីរ គឺសម្រាប់មូលនិធិសង្គម (Social foundation)» ។
ដូច្នេះ ភាពខុសគ្នា
ជាមូសដ្ឋាននៃទស្សនទាននយោបាយ របស់អារីស្តូត និងផ្លាតូ ស្ថិតនៅត្រង់ថា អារីស្តូតមានទស្សនៈផ្ទុយនឹងលោកគ្រូរបស់ខ្លួន
ត្រង់កន្លែងតថភាព និងលក្ខណៈជាគំរូ ដែលបានកំណត់តំលៃ និងទិសដៅជាក្រឹតក្រមចំពោះការស្រាវជ្រាវបញ្ហានយោបាយ
។ រដ្ឋគំរូ របស់អារីស្តូត អាចកើតឡើងបាន អាស្រ័យកត្តាពីរយ៉ាង កត្តាទីមួយ
គឺស្ថេរភាព និងកត្តាទីពីរ គឺក្រមសីលធម៌ ។ ដូច្នេះ សម្រាប់អារីស្តូត
មានរចនាសម្ព័ន្ធរដ្ឋគំរូពីរយ៉ាង ។ ម្យ៉ាង គឺរដ្ឋដែលគិតគូរដល់ប្រយោជន៍រួម
នៃវណ្ណៈកណ្តាលជាអតិបរមា ម្យ៉ាងទៀត គឺរចនាសម្ព័ន្ធ សំដៅទៅលើគោលការណ៍បុគ្គលិកភាព
ដែលជាមនុស្សប្រកាន់ខ្ជាប់ នូវគុណធម៌ ដែលជាទិសដៅនយោបាយសង្គមដ៏សំខាន់បំផុត ជាពិសេស
គឺនយោបាយទំនាក់ទំទងគ្នា របស់ប្រជាជន ដែលរស់នៅក្នុងរដ្ឋ ។
និយាយអំពីរដ្ឋអារីស្តូតបានបង្ហាញថា «មនុស្ស គឺជាសត្វចេះធ្វើនយោបាយ ពីធម្មជាតិ
ហើយដឹកនាំខ្លួន ការប្រឹងប្រែងជាសភាវគតិ ដើម្បីរស់នៅជាមួយគ្នា រីឯការរីកចម្រើនសង្គម
គឺចេញពីគ្រួសារ ទៅជាសង្គម និងពីសង្គមទៅជារដ្ឋ» ។
បើតាមទស្សនៈរបស់អារីស្តូត
ដែលបាននិយាយនៅក្នុងស្នាដៃ នៃនយោបាយ គឺរដ្ឋបើតាមលក្ខណៈធម្មជាតិ
របស់ខ្លួននាំមុខបុគ្គល ពីព្រោះលក្ខណៈធម្មជាតិ របស់រដ្ឋ
មានទីតាំងនៅមុនលក្ខណៈធម្មជាតិរបស់គ្រួសារ និងបុគ្គល ។ កត្តាចាំបាច់ ដើម្បីឲ្យរដ្ឋនាំមុខបុគ្គល តាមអារីស្តូតថា «រដ្ឋ
ត្រូវបង្កលក្ខ័ណ្ឌល្អប្រសើរ សម្រាប់ជីវិតពលរដ្ឋ ។ មានតែនៅក្នុងរដ្ឋទេ
ទើបមនុស្សអាចមានការជឿនលឿន ពីព្រោះរដ្ឋនាំមក នូវយុត្តិធម៌ និងសីលធម៌
ដែលបម្រើ ផលប្រយោជន៍រួមរបស់ប្រជាជន» ។ ត្រង់នេះ អារីស្តូត បាននិយាយអំពីរដ្ឋ
ដូចជាការចុះកិច្ចព្រមព្រៀងសង្គម របស់ប្រជាពលរដ្ឋ ដែលជាទស្សនទាន
នៃការកកើតសង្គមពលរដ្ឋ និងនីតិរដ្ឋ ។ ថ្វីបើអារីស្តូត ពុំបានបែងចែក
ឲ្យដាច់រវាងរដ្ឋ និងសង្គមពលរដ្ឋយ៉ាងណាក៏ដោយ ក៏អារីស្តូត បាននិយាយថា «រដ្ឋ
ត្រូវតែឆ្លុះបញ្ចាំង នូវផលប្រយោជន៍ របស់ប្រជាពលរដ្ឋ» ។ នៅក្នុងទ្រឹស្តីរបស់អារីស្តូត ក៏ដូចជានៅក្នុងទ្រឹស្តីរបស់ផ្លាតូដែរ
មានបង្កប់នូវលក្ខណៈផ្តាច់ការនិយម ។ មនុស្ស គឺជាផ្នែកមួយរបស់រដ្ឋ ផលប្រយោជន៍បុគ្គល
មិនត្រូវធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍រួម ។ នៅក្នុងការវាយតំលៃរបស់អារីស្តូត ពលរដ្ឋ
គឺជាផ្នែកមួយ នៃនយោបាយរួម ។ អារីស្តូតបានហៅពាក្យថា ពលរដ្ឋ
គឺជាមនុស្សដែលមានសេរីភាព ប៉ុន្តែសេរីភាព មានអត្ថន័យត្រឹមតែពាក្យផ្ទុយ
នឹងទាសភាពប្រជាពលរដ្ឋ មិនមែនជាទាសករទេ គ្មាននរណាដឹកនាំគេទេ ។ ពលដ្ឋធ្វើការងារ
តែជាយោធា និងការងារទាក់ទង នឹងតុលាការ រីឯការងារធ្វើស្រែចំការ និងផលិតកម្ម
គឺជាការងារទាសករ ។ អារីស្តូត បានកំណត់គោលការណ៍របស់អភិជនាធិបតេយ្យ
គឺគុណធម៌ ។ គោលដៅរបស់អភិជនាធិបតេយ្យ គឺទ្រព្យសម្បត្តិ ។
គោលដៅរបស់ប្រជាធិបតេយ្យ គឺសេរីភាព ។ គឺមានតែ Polity ទេ ដែលចាត់ទុកដូចជាទំរង់គ្រប់គ្រងរដ្ឋគំរូ
មានអំណោយផលល្អ ហើយរបបនយោបាយគំរូ ដ៏ល្អបង្ខំទៅដោយសារធាតុបីយ៉ាងខាងលើនេះ ។
ហើយអ្វីទៅ ដែលហៅថា របបនយោបាយអភិជនាធិបតេយ្យត្រឹមត្រូវពិតប្រាដក
គឺនៅពេលណា មានការដឹកនាំល្អ បានបង្រួបបង្រួមប្រយោជន៍ទាំងអ្នកមាន
ទាំងអ្នកក្រ ។ វណ្ណៈកណ្តាល ដែលកំណត់មុខមាត់របស់ Polity គឺស្ថិតនៅចន្លោះ រវាងអ្នកមាន និងអ្នកក្រ
ហើយថែមទាំង ជួយថែរក្សាសង្គម
ឲ្យមានស្ថេរភាព និងគ្មានព្រឹត្តិការណ៍បដិវត្តន៍ដូ ច្នេះហើយ របបនេះ គឺជារបបដ៏ល្អ រក្សាមិនឲ្យមានចលាចល
អស្ថេរភាព ដែលអារីស្តូតបានចាត់ទុកថា ជាទំរង់គ្រប់គ្រងរដ្ឋគំរូ ត្រឹមត្រូវសម្រាប់ជម្រើសរបស់អ្នកដឹកនាំ ៕
No comments:
Post a Comment