ជីវប្រវត្តិរបស់ខុងជឺ
ខុងជឺ ជាមហាទស្សនវិទូចិនមួយរូប ដ៏ល្បីល្បាញ មានកិត្តិនាមស្មើនឹង សូក្រាត នៅប្រទេសក្រិចដែរ ។ តាមពិតឈ្មោះរបស់លោកគឺ ជឺ ស្ថិតនៅសម្ព័ន្ធលូ ។ ត្រកូលរាជវង្សរបស់លោក ជាអភិជន ហើយបើតាមការស្រាវជ្រាវត្រកូលនេះ មានពូជធារមកពីរាជវង្ស «ចាង» ដែលជាសន្តតិវង្សមួយគ្រប់គ្រងប្រទេសចិន នាសម័យរដ្ឋកាលចូវ ។ ដោយសារសង្រាមវាយលុកពីកុលសម្ព័ន្ធចូវ ស្ថិតនៅទិសពាយ័ព្យ ទន្លេលឿងរាជវង្សចាង ក៏ត្រូវរលាយបាត់បង់ក្នុងសង្រ្គាម ។ ឯសមាជិកគ្រួសារ ដែលរួចផុតពីសេចក្តីស្លាប់វិញ ក៏បន្លំខ្លួនក្នុងកុលសម្ព័ន្ធ «លូ» ។ ខុងជឺ កើតនៅឆ្នាំ ៥៥១ មុន គ.ស ក្នុងទីងងឹត នៃកំហែងថ្មភ្នំមួយ នៃស្រុកចាងតុង ក្បែរវាលចិញ្ចឹមសត្វ របស់លោកមានៃសន្តតិវង្សលូ ។ មុនពេលចាប់កំណើត និងថ្ងៃចាប់កំណើតរបស់ខុងជឺ មានអព្ពូតហេតុចំលែក គួរឲ្យកត់សម្គាល់ គឺផ្ទុះភ្នំភ្លើង រន្ទះ រញ្ជួយភ្នំភ្លើង ។ ខុងជឺ កំព្រាឪពុកតាំងពីអាយុ ៣ ឆ្នាំ ហើយមានចិត្តសប្បុរសធម៌ តាំងពីក្មេង តែគាត់រស់ក្នុងទីទល់ក្រ ។ លុះបានអាយុ ២០ ឆ្នាំ គាត់បានរៀបការជាមួយនឹងស្រីជនជាតិម៉ុងហ្គោលម្នាក់ ដែលមានកូនប្រុសឈ្មោះលី ។ ដោយកាខិតខំស្រាវជ្រាវ ខុងជឺ បានក្លាយជាគ្រូម្នាក់ ដែលចេះដឹងសព្វមុខវិជ្ជា ពិសេសខាងវិជ្ជាពេទ្យ ខុងជឺ ចេះទស្សន៍ទាយ ជាអ្នកបង្ហាត់បង្រៀន ឲ្យប្រជាជនចិន ចេះសែនព្រេនដូនតា តាមលក្ខណៈនេះ គាត់ជាអាចារ្យពេលមានអាពាហ៍ពិពាហ៍ និងវិធីបុណ្យផ្សេងៗ ផងដែរ ។ កិត្តិនាម របស់ខុងជឺ ល្បីល្បាញពេញស្រុកចាន់ស៊ី ហើយពេលនោះ ទស្សនៈវិជ្ជា បស់ខុងជឺ ក៏ចាប់រីកដុះដាល គេនាំគ្នាប្រសិទ្ធិនាម ឲ្យគាត់ថា «ជូ» មានន័យថា «បណ្ឌិត» ចាប់ពីពេលនោះមក ។ នៅអាយុ ៤៩ ឆ្នាំ ខុងជឺ ត្រូវបានព្រះមហាក្សក្យ តែងតាំងធ្វើជាសេនាបតីធំម្នាក់ក្នុងវាំង ។ ខុងជឺ បានផ្សព្វផ្សាយទស្សនៈវិជ្ជារបស់គាត់គ្រប់ទិសទីពាសពេញប្រទេសចិន ក្នុងគោលបំណងឲ្យប្រជាជនចិនស្គាល់ យល់ដឹងនូវតំលៃរបស់ខ្លួន និងចង់កែរប្រែរបៀបអប់រំសីលធម៌ តែត្រូវមហាក្សត្រលូជំនាស់ ។ ដោយវិបត្តិនយោបាយ ខុងជឺ បានភៀសខ្លួនពីស្រុកមួយ ទៅស្រុកមួយ អស់រយៈពេល ១៣ ឆ្នាំ ។ ខុងជឺ បានវិលត្រឡប់ចូលស្រុកលូវិញ ក្នុងជន្មាយុ ៧០ ឆ្នាំ ។ ខុងជឺ បានផ្សាយទស្សនវិជ្ជា របស់គាត់ អស់រយៈពេល ១៣ ឆ្នាំ ក្នុងស្រុកចិនទាំងមូល ព្រមទាំងបើកបង្រៀនដល់សាវ័កទៀតផង ។ ខុងជឺ មិនគ្រាន់តែជាគ្រូបង្ហាត់ខ្បួនខ្នាតប៉ុណ្ណោះទេ ថែមទាំង ជាអ្នកដឹកនាំប្រជាជន ឲ្យអនុវត្តន៍នូវទំនៀមទំលាប់ចាស់ ឲ្យរីកចម្រើនឡើងវិញ គេសង្កតឃើញប្រជាជនចិន ចាប់ប្រើក្រដាស និងជក់ខ្មៅដុសថ្នាំ សម្រាប់សរសេរ និងឲ្យចេះសែនព្រេនដូនតា រាល់ឆ្នាំ តាំងពីសម័យខុងជឺមក ។ គាត់រស់បាន ៣ ឆ្នាំ ក្នុងសំណាក់សាវ័កទាំងឡាយ ហើយបានទទួលមរណភាព ក្នុងឆ្នាំ ៤៧៩ មុន គ.ស ។
ស្នាដៃទស្សនវិជ្ជារបស់ខុងជឺ
ខុងជឺ បានចងក្រងគម្ពីរឈ្មោះថា «លាវយី» មានន័យថា សិល្បៈទាំង ៦ ជាសិល្បៈសេរី មានគោលដៅស្វែងរកនូវសេរីភាព ក្នុងនយោបាយ និងសេដ្ឋកិច្ច ។
ទស្សនវិជ្ជាទាំង ៦ របស់ ខុងជឺគឺ
១-គម្ពីរឈ្មោះយី= និយាយ ពីការផ្ទេរកម្មសិទ្ធិ និងផ្ទេរមរតក ។
២-គម្ពីរឈ្មោះចេ=ជាកំណាព្យនិទាន សម្រាប់បម្រើសោភ័ណ្ឌធម្មជាតិ ។
៣-គម្ពីរឈ្មោះលី= និយាយ ពីការប្រារព្ធពិធីសែនព្រេនផ្សេងៗ ។
៤-គម្ពីរឈ្មោះយ៉ូ= និយាយ ពីបទភ្លេង និងចម្រៀងបណ្តែតអារម្មណ៍ ។
៥-គម្ពីរឈ្មោះជូ=និយាយ ពីប្រវត្តិសាស្រ្ត និងពង្សាវតា នៃប្រទេសចិន ។
៦-គម្ពីរឈ្មោះឈូស៊ាវ ឬគម្ពីរនិទាឃរដូវ=និយាយ ពីសរទរដូវ ជាប្រវត្តិសាស្រ្ត ជាក់ស្តែងរបស់សន្តតិវង្សលូ ។
ចំពោះទស្សនវិជ្ជា ខុងជឺ បានឲ្យតំលៃ ទៅលើសីលធម៌ មនុស្សធម៌ និងសច្ចធម៌ ។ តាមទស្សនៈ ខុងជឺ នៅក្នុងសង្គម មានមនុស្សពីរប្រភេទ ដែលតែងតែស្វែងរកវត្ថុពីរផ្ទុយគ្នា ។ មនុស្សប្រភេទទីមួយ ជាមនុស្សប្រកបដោយគតិបណ្ឌិត ដែលសុខចិត្តលះបង់គុណប្រយោជន៍ គ្រប់បែបយ៉ាង ដើម្បីស្វែងរកយុត្តិធម៌ និងដើម្បីបណ្តុះកិត្តិស័ព្ទរបស់ខ្លួន ។ ចំណែកមនុស្សប្រភេទទីពីរ ជាប្រភេទមនុស្សសាមញ្ញ ដែលសុខចិត្តលះបង់យុត្តិធម៌ កិត្តិយសដើម្បីស្វែងរកគុណប្រយោជន៍ ។
ខុងជឺបានបែងចែកទស្សនៈដូចខាងក្រោម
មនុស្សធម៌= ខុងជឺ បានហាមមិនឲ្យធ្វើសង្រ្គាមជាដាច់ខាត ទោះស្ថិក្នុងសភាពបែបណាក៏ដោយ ។ ខុងជឺមើលឃើញសង្រ្គាម ជាប្រភពនៃអមនុស្សធម៌ ។ លោកមិនពេញចិត្តចំពោះអំពើឃោរឃៅ អមនុស្សធម៌ ដែលពួកមនុស្ស ធ្វើទៅលើសត្វ និងធ្វើទៅលើមនុស្សគ្នាឯង ដូចករណីកងទ័ព ចាប់ឈ្លើយសង្រ្គាមមកកាត់ដៃ កាត់ជើង បោះទៅលើចុងលំពែង ចាប់មនុស្សយកទៅស្រុះទឹកក្តៅដូចជាស្រុះមាន់ គាបក្បាលពិរុទ្ធជន ឲ្យស្លាប់ដោយទារុណកម្ម ។ល។ អំពើទាំងនេះ សុទ្ធសឹង ជាអំពើអមនុស្សធម៌ ។
យុត្តិធម៌= ខុងជឺ មើលឃើញយុត្តិធម៌ ក្នុងរូបភាពពីរយ៉ាង គឺយុត្តិធម៌នៅក្នុងសង្គម និងយុត្តិធម៌នៅក្នុងគ្រួសារ ។ ដំបូងឡើយ យុត្តិធម៌ កើតមាននៅក្នុងគ្រួសារជាមុនសិន ក្រោយមក ទើបវារាលដាលដល់សង្គម ។ ខុងជឺ មើលឃើញយុត្តិធម៌ពួនសំងំនៅក្នុងចិត្ត និងកាយវិការរបស់មនុស្ស ។ ហេតុនេះ ដើម្បីឲ្យយុត្តិធម៌សង្គមកើតមានឡើង ជំហ៊ានទីមួយ ត្រូវធ្វើឲ្យមានយុត្តិធម៌ នៅក្នុងគ្រួសារជាមុនសិន ។ ខុងជឺ បានឈរលើទស្សនៈថា «កូនត្រូវស្តាប់បង្គាប់ឪពុកម្តាយ និងរាមច្បងរបស់ខ្លួន» ។
សីលធម៌= ខុងជឺ បានបង្គាប់ឲ្យមនុស្សគ្រប់វណ្ណៈទាំងអស់ នៅក្នុងសង្គម និងគ្រប់ស្រទាប់វណ្ណៈទាំងអស់ នៅក្នុងគ្រួសារ ត្រូវតែហ៊ានទទួលនូវកំហុសរបស់ខ្លួន នៅចំពោះមុខគ្រួសារ និងចំពោះមុខច្បាប់ផងដែរ ។ អ្នកប្រព្រឹត្តល្មើសនឹងច្បាប់ ត្រូវទទួលខុសត្រូវ ទទួលទារុណកម្ម ឲ្យសមនឹងកំហុស ដែលគេបានសាង ។ ប្រសិនបើកំហុសនោះ ធ្ងន់ដល់ប្រហារជីវិត អ្នកទោស ត្រូវតែហ៊ានធ្វើអត្តឃាតខ្លួនឯង ។ ទស្សនៈ របស់លោកខុងជឺ សង្កត់ធ្ងន់ថា «មនុស្សម្នាក់ៗ ត្រូវមានស្មារតីអៀនខ្មាស់ ត្រូវតែចេះយល់នូវអ្វី ដែលត្រឹមត្រូវយុត្តិធម៌ សម្រាប់ជីវិត» ។ ខុងជឺ បានបង្កើតសីលធម៌មួយទៀត ហៅថា «ជិន» មានន័យថា «ស្រលាញ់ អ្នកដទៃ» ដោយខុងជឺ មានបំណង ឲ្យអ្នកសិក្សាស្រលាញ់ផលប្រយោជន៍ និងជីវិតអ្នកដទៃ ឲ្យដូចជាស្រលាញ់ជីវិតរបស់ខ្លួន ។
សីលធម៌នោះគឺ
-ធ្វើគុណទៅហើយ បើគេតបមកវិញ ចាត់ទុកដូចជាពុំបានធ្វើគុណ ។
-ធ្វើគុណទៅហើយ បើបានផលអាក្រក់វិញ ត្រូវទទួលថា ជាបទពិសោធន៍ដោយដៃពីរ ។
-អំពើណា ដែលអ្នកពុំចង់ឲ្យគេធ្វើមកលើរូបអ្នក ចូរអ្នកកុំធ្វើអំពើនោះទៅអ្នកដទៃ ។
-អំពើណា ដែលអ្នកស្រលាញ់ ចង់បាន ឲ្យគេធ្វើមកលើរូបអ្នក ចូរអ្នកធ្វើនូវអំពើនោះទៅអ្នកដទៃជាមុនសិន ។
-អំពើណា ដែលធ្វើទៅហើយ បានទទួលផលដល់ខ្លួនឯងហើយ មានទុក្ខដល់អ្នកដទៃ សូមជៀសវាងកុំធ្វើនូវអំពើនោះ ជាដាច់ខាត ។
-បើជួយអ្នកដទៃហើយ បែរជាត្រឡប់មកទទួលទោសវិញ ចូររត់គេច ឲ្យផុតពីទុក្ខទោសនោះ ឲ្យបានមុនទុក្ខទោសនោះ មកដល់ ។
-បើធ្វើប្រយោជន៍ហើយ សូមកុំរំលឹកគុណទាំងនោះនៅចំពោះមុខគេឲ្យសោះ បើមិនដូច្នោះទេ ទោះជាគុណប៉ុនភ្នំ ក៏ត្រូវរលាយដែរ ។
-ត្រូវទុកឲ្យអ្នកដទៃ និយាយពីគុណរបស់អ្នកវិញ ទើបប្រសើរជាង ។
-អ្វីដែលអ្នកមិនសប្បាយចិត្ត ចំពោះអ្នកធំធ្វើមកលើរូបអ្នក ចូរអ្នកកុំយកវាទៅអនុវត្តន៍ លើមនុស្សដែលនៅក្រោមបង្គាប់អ្នក ឲ្យសោះ ។
គុណធម៌របស់ខុងជឺ
គុណធម៌ របស់ខុងជឺ គឺសំដៅលើចិត្តមេត្តា ករុណា និងភាពត្រឹមត្រូវ ។ លោកថា «មនុស្សម្នាក់ៗ នៅក្នុងសង្គម សុទ្ធតែមានកាតព្វកិច្ច ដែលគួរធ្វើ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន របស់ពួកគេ ត្រូវប្រកបដោយសីលធម៌ និងភាពត្រឹមត្រូវ» ។ នេះទើបហៅថា «គុណធម៌» ។ តែបើគេធ្វើកិច្ចការទាំងឡាយ ដោយគ្រាន់តែពិចារណា ប៉ុន្តែ ខ្វះសីលធម៌នោះ សកម្មភាពរបស់ពួកគេ នឹងក្លាយទៅជាសកម្មភាព មិនត្រឹមត្រូវ និងខ្វះគុណធម៌ ។ មួយវិញទៀត ខុងជឺ ចាត់ទុកថា «ការគ្រប់គ្រងដោយគុណធម៌ មានលក្ខណល្អប្រសើរ ជាងគ្រប់គ្រងដោយច្បាប់» ។
គាត់រំពឹងថា
ការគ្របគ្រងរដ្ឋ ប្រកបដោយគុណធម៌ អាចដំណើរការទៅរួច
ថែមទាំងឈានទៅសម្រេចផ្លែផ្កាទៀតផង ។ ការគ្រប់គ្រងល្អ គឺទាល់តែអ្នកគ្រប់គ្រង
ធ្វើសង្គមឲ្យមានសណ្តាប់ធ្នាប់ និងជីវភាពរុងរឿង ។
ចង់ឲ្យសង្គមមានសណ្តាប់ធ្នាប់ និងជីវភាពរុងរឿង ត្រូវធ្វើសណ្តាប់ធ្នាប់
និងចេះគ្រប់គ្រងជីវភាពគ្រួសារជាមុនសិន ។មនុស្ស ដែលមានទឹកចិត្តល្អ
លុះត្រាតែមានឆន្ទៈស្មោះត្រង់ និងមានការអប់រំល្អ ។ នៅពេលដែលមនុស្ស
បានទទួលការអប់រំល្អហើយ ជីវភាពគ្រួសាររបស់គេ ក៏ត្រូវបានគ្រប់គ្រងល្អដែរ ។
បើជីវភាពគ្រួសារបានគ្រប់គ្រងហើយនោះ នាំឲ្យជីវភាពសង្គម ឬប្រទេសជាតិ
មានសណ្តាប់ធ្នាប់ ។ លទ្ធផលចុងក្រោយ គឺពិភពលោកនឹងមានសន្តិភាព ។
ខុងជឺយល់ថា ដើម្បីឲ្យសង្គមមានសណ្តាប់ធ្នាប់ លុះត្រាតែនៅក្នុងសង្គមនោះ
មានការប្រតិបត្តិត្រឹមត្រូវ នូវអ្វីដែលគាត់ហៅថា «ការកែតំរូវ ឲ្យត្រឹមត្រូវតាមឈ្មោះ» នោះជាមុនសិន ។ នេះមានន័យថា «ម្នាក់ៗ ត្រូវតែស្គាល់ឈ្មោះកាតព្វកិច្ច និងតួនាទីរបស់ខ្លួន ឲ្យបានច្បាស់លាស់» ។
ខ្លឹមសារសំខាន់នោះ ឋិននៅត្រង់ថា អ្នកគ្រប់គ្រងគឺអ្នកគ្រប់គ្រង
រដ្ឋមន្រ្តីគឺរដ្ឋមន្រ្តី ឪពុកគឺឪពុក កូនគឺកូន ។ល។ គ្រប់ឈ្មោះទាំងអស់
គឺសុទ្ធតែឋានៈ មានកាតព្វកិច្ច តួនាទី និងមុខងារ ខុសៗ គ្នា ។
បើឈ្មោះណាមួយ បំពេញមុខងាររបស់ខ្លួនមិនត្រឹមត្រូវ
អ្នកនោះមិនអាចក្លាយទៅជាបុគ្គល ដ៏ល្អតាមឋានៈនោះឡើយ ។ ឧទាហរណ៍ថា៖
បើអ្នកដឹកនាំ គ្រប់គ្រងគេ មិនខ្វល់ខ្វាយចំពោះវិជ្ជា
ឬវិធីដឹកនាំគ្រប់គ្រងនោះទេ ទោះបីជាអ្នកនោះ មានប្រជាប្រិយភាពប៉ុណ្ណាក៏ដោយ
ក៏គេនោះមិនអាច ជាអ្នកដឹកនាំ ដ៏ល្អបានដែរ ។
ដូចនេះ ឃើញថា ទស្សននយោបាយ របស់ខុងជឺ ពិតជាបានរួមវិភាគទាន យ៉ាងធំសម្បើម ក្នុងការរុញច្រានទ្រឹស្តីនយោបាយ បែបទស្សនវិជ្ជា ដែលមានសីលធម៌ ឲ្យមានភាពរីកដុះដាលឡើង ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺខុងជឺ មិនបានប្រើប្រាស់កម្លាំងខាងក្រៅ មកជួយរៀបចំ និងដោះស្រាយបញ្ហា ក្នុងសង្គមមនុស្សទេ ។ តែលោកប្រើក្បួនច្បាប់ គុណធម៌ និងសីលធម៌ ធ្វើជាមូលដ្ឋាន សម្រាប់ដោះស្រាយបញ្ហា ក្នុងសង្គមមនុស្សទៅវិញ ។
ដូចនេះ ឃើញថា ទស្សននយោបាយ របស់ខុងជឺ ពិតជាបានរួមវិភាគទាន យ៉ាងធំសម្បើម ក្នុងការរុញច្រានទ្រឹស្តីនយោបាយ បែបទស្សនវិជ្ជា ដែលមានសីលធម៌ ឲ្យមានភាពរីកដុះដាលឡើង ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺខុងជឺ មិនបានប្រើប្រាស់កម្លាំងខាងក្រៅ មកជួយរៀបចំ និងដោះស្រាយបញ្ហា ក្នុងសង្គមមនុស្សទេ ។ តែលោកប្រើក្បួនច្បាប់ គុណធម៌ និងសីលធម៌ ធ្វើជាមូលដ្ឋាន សម្រាប់ដោះស្រាយបញ្ហា ក្នុងសង្គមមនុស្សទៅវិញ ។
No comments:
Post a Comment