ឱវាទ ១៧ បទនៃសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត
១. ការមិនធ្វេសស្មារតីជាឧបាយមិនស្លាប់ ។
២. ការធ្វេសស្មារតីជាឧបាយស្លាប់ ។
៣. អ្នកដែលមិនធ្វេសស្មារតី មិនស្លាប់គំនិត ទោះបីស្លាប់បាត់ទៅហើយ ក៏ទុកដូចជានៅរស់ ។
៤. អ្នកដែលធ្វេសស្មារតី ស្លាប់គំនិត ទោះបីមានជីវិតរស់នៅឡើយ
ក៏ទុកដូចជាស្លាប់ស្រេចទៅហើយ ។
៥. រូបកាយតែងចាស់ជរា ឯកេរ្តិ៍ឈ្មោះល្អមិនចេះចាស់ជរាឡើយ, ទាំងធម៌សប្បុរស ក៏មិនចេះជរាដែរ ។
៦. ជិវិតរាល់រូបតិចតួចណាស់ ប៉ុន្តែយើងត្រូវប្រឹងរៀន ប្រឹងរក ប្រឹងគិត ប្រឹងប្រពឹត្តល្អ ហាក់ដូចជាយើងនឹងមានជីវិតរស់នៅរាប់ពាន់ឆ្នាំ ។
៧. ការសិក្សាជាអង្គការរបស់ជាតិ ។
៨. កិច្ចការដំបូង តែងតែមានទាស់ខុសខ្លះ លុះត្រាតែថ្នឹកស៊ប់ស៊ាំទើបមិនភ្លាត់ភ្លាំងខុសទៀត ។
៩. បានត្រូវមកពីស្គាល់ខុស បើមិនដូច្នោះទេ រកត្រូវពុំឃើញឡើយ ។
១០. ឃើញគេថ្កុំថ្កើង កុំចចើងតាមគេហួសមាឌខ្លួន ប៉ុន្តែមិនត្រូវបន្ធូរបន្ថយព្យាយាមឡើយ ។
១១. កើតមកជាកូនប្រុស ត្រូវតែខំប្រឹងបំពេញករណីយកិច្ចលុះត្រាតែបានសម្រេច ។
១២. ការអ្វីមិនទាន់សម្រេច កុំអាលប្រញាប់ពោលអួត ។
១៣. ត្រូវប្រដៅខ្លួនឲ្យបានហ្មត់ចត់សិន សឹមប្រដៅអ្នកដទៃ ។
១៤. ប្រទូស្តទៅរកអ្នកឥតទោស រមែងធ្លាក់ទោសមកលើខ្លួនវិញ ។
១៥. ប្រាំបួនទ័ល ដប់ទ័ល កុំឲ្យតែទ័លគំនិត ។
១៦. ការបំពានលើច្បាប់តែងសម្លាប់ប្រយោជន៍ខ្លួន ។
១៧. បំណាច់កើតមកជាមនុស្ស កុំធ្វើខ្លួនឲ្យជាអ្នកបំព្រៃលោក ។
សម្តេចព្រះមហាសុមេធាធិបតី ជួន ណាត សង្ឃនាយក
ថ្លែងក្នុងឱកាសពិធីបុណ្យស្រង់ទឹកទទួលសមណសក្តិ ជាសម្តេច
ពីថ្ងៃទី ១០ ឧសភា ១៩៥០
សច្ចំ វេ អមតា វាចា
ពាក្យសត្យហ្នឹងឯង ជាវាចាមិនស្លាប់
ខៃសេចក្តី : ពាក្យសត្យគឺពាក្យពោលពិត ៗ ជាពាក្យស័ក្តិសិទ្ធមិនចេះស្លាប់ រមែងរស់នៅជាច្រើនកប្ប ឥតប្រែក្រឡាប់សាបសូន្យឡើយ ។
សំ.ស.ខុ.ថេរ.
បណ្ណាធិការ, ចាប ពិន (សុវណ្ណជោតោ) ។ ដកស្រង់ចេញអំពីទស្សនាវដ្តី មិត្តសាលាបាលី ឆ្នាំទី ៣ មករា កុម្ភៈ មីនា លេខ ១ – ២ – ៣ ព.ស.២៤៩៥ គ.ស.១៩៥២ ។
No comments:
Post a Comment