Sunday, May 15, 2016

ភស្តុតាង​ នៃ​ជំនឿ​ព្រះពុទ្ធ​សាសនា​ សម័យ​នគរភ្នំ


M05-11-15-l


       សាសនាដែលចូលមកផ្សព្វផ្សាយដំបូងគេក្នុងស្រុកខ្មែរ តាមរយៈ​ពួក​ឥណ្ឌាកាលនោះក្នុង​សម័យ​អាណាចក្រនគរភ្នំ គឺសាសនាព្រាហ្មណ៍​និងពុទ្ធសាសនា។ ជាក់ស្តែង​ក្នុងរជ្ជកាលព្រះ​មហាក្សត្រ​ខ្មែរ​មួយអង្គព្រះនាម​ រុទ្ទ្រវរ្ម័នជាក្សត្រ​ចុងក្រោយ​នៃ អាណាចក្រនគរភ្នំ​ គ.ស ៥១៤ ដល់ គ.ស ៥៥០ គេបាន​ដឹងថា កាលនោះប្រជា​ពលរដ្ឋ​ខ្មែរ​មានជំនឿខាង​ពុទ្ធសាសនា​ ព្រោះមាន​ភស្តុតាងគឺ ចម្លាក់​តំណាង​បដិមាព្រះពុទ្ធទុកជា​ចំណាំ​ផងដែរ។
មុន​នឹងស្រាយ​បំភ្លឺអំពី​ពុទ្ធប្បដិមា​សម័យនគរ​ភ្នំយើង​គប្បី​ ធ្វើការរម្លឹកអំពី​ប្រវត្តិសង្ខេបដ៏សំខាន់​៣យ៉ាងរបស់ព្រះពុទ្ធ​គឺ ពេលប្រសូត, ពេលបាន​ត្រាស់ដឹង និងពេលចូលនិព្វាន។
ទី១ ព្រះពុទ្ធ​ទ្រង់ប្រសូត​នៅថ្ងៃសុក្រពេញបូណ៌​មីខែ​ពិសាខ ឆ្នាំច មុន គ.ស ៦២៣ឆ្នាំ នៅ​ក្នុង​សួន​ឈ្មោះ​លុម្ពិនីចន្លោះ​ក្រុងកបិលព័ស្តុ និងទេវ​ទហៈ។ ព្រះ​មាតាទ្រង់​ប្រថាប់​ឈរ ដោយគ្មាន​ឈឺពោះ(ឧទរ)ទេ។ ពេល​ប្រសូតភ្លាម​ទ្រង់យាង​បាន៧ជំហានដោយ​មានផ្កាឈូក​ទ្រព្រះបាទ​ហើយ​បាន​ បន្លឺ​វាចាថា “ខ្ញុំជាកំពូលនៃ​លោក,​ខ្ញុំ​ប្រសើរជាង​លោក,​ជាតិ​នេះជាជាតិទីបំផុតនៃ​ ខ្ញុំ”។ ក្រោយពីប្រសូតបាន៥ថ្ងៃព្រះបិតា​បានធ្វើ​ពិធី​ថ្វាយព្រះនាមថា សិទ្ធត្ថ(អ្នកសម្រេចប្រយោជន៍​សព្វយ៉ាង) ហើយ​ក្រោយ​មក២ថ្ងៃ​ទៀតជាគម្រប់​៧ថ្ងៃ ព្រះមាតាបានសោយទិវង្គត។
ទី២ ព្រះពុទ្ធ​បានត្រាស់ដឹងក្នុង​ព្រះជន្មាយុ​៣៥ព្រះវស្សា មុនគ.ស ៥៨៨ ឆ្នាំ ឋិតក្នុងឆ្នាំរកា ១៥កើត ខែពិសាខ ត្រូវនឹងថ្ងៃពុធ នៅក្បែរស្ទឹង​នេរព្ជារា ក្រោយពេលសាងផ្នួសបាន៦ឆ្នាំ។
ទី៣ ព្រះអង្គបរិនិព្វានក្នុងព្រះជន្មាយុ ៨០ព្រះ​វស្សា មុន គ.ស៥៤៣ ឆ្នាំនៅថ្ងៃ​អង្គារ ខែពិសាខ​ឆ្នាំម្សាញ់ នៅនគរកុសិនារា នៅក្នុង​ព្រៃក្រោម​ដើមរាំងទាំងគូ។
នេះជា​ប្រវត្តិសំខាន់ដោយសង្ខេបនៃដំណាក់​កាលទាំង៣នៃ​ពុទ្ធប្បវត្តិ ដោយពុទ្ធ​សាសនិក​រមែង​បានចងចាំ​រហូតមកដល់​ពេលនេះ។ បើ​យើងសម្លឹងមើលអតីតកាលជិត​២ពាន់ឆ្នាំកន្លង​មកហើយនោះ នៅក្នុងសង្គមខ្មែរ ក៏មានបន្សល់​ភស្តុតាង​អោយដឹងថា បុព្វបុរសខ្មែរ​ ឬដូនតា​ខ្មែរ​ក៏ជាអ្នក​កាន់ពុទ្ធសាសនា ទន្ទឹមនឹងការកាន់​សាសនាព្រាហ្មណ៍ដែរ។ ជា​ពិសេស​សាសនា​ទាំង២នេះមាន​ប្រភពពី​ប្រទេសឥណ្ឌាដូចគ្នា​ហើយបាន​ ផ្សព្វផ្សាយចូលក្នុងសង្គមខ្មែរក្នុងពេលតែមួយដូចគ្នា។ បាន​សេចក្តីថា បុរេអង្គរ​គឺគេមិន​ដែលដឹងអំពី​វិបត្តិទំនាស់ដោយការប្រេះ​ឆានៃ​ សាសនាទាំងពីរនេះទេ។ អ្វីដែល​គួរអោយមាន​ការកោតសរសើរនោះគឺ សាសនាទាំងពីរតែង​មានការរួមរស់ជាមួយគ្នាប្រកបដោយ​សេចក្តីសុខ​ ក្សេមក្សាន្តយ៉ាងក្រៃលេង។ ប្រការដែល​គេយល់​ថា សាសនាទាំង២​ឋិតនៅក្នុងភាព​មនោរម្យក្នុង​សង្គមខ្មែរនោះ​ ព្រោះមិនមានការបៀតបៀនយាយី​បង្កនូវអកុសលធម៌ ឬបាបធម៌ដល់គ្នានឹងគ្នា​ឡើយ។ ដោយសារមូលដ្ឋាននេះហើយទើប​មជ្ឈដ្ឋានពុទ្ធ​បរិស័ទ និងមជ្ឈដ្ឋានព្រាហ្មណ៍​បរិស័ទចេះតែ​មានការ​រួម​រស់ជាមួយគ្នាប្រកប​ដោយ​​ ភាពល្អូក​ល្អឺន​ បានជាយូរអង្វែងនោះ។ ជាពិសេសចំពោះ​ការអប់រំនៅក្នុងពុទ្ធសាសនា​ជាសាសនាមានសីលធម៌នោះតែងបង្ហាញផ្លូវ ​ប្រតិបត្តិនៃបរិស័ទ​ខាងការបំពេញកុសលកម្មគឺ ខំប្រព្រឹត្តតែអំពើ​ល្អ ដោយការប្រាសចាកនូវអំពើ​អកុសល​គ្រប់​បែបយ៉ាង។ ការនិយមធម៌អហិង្សា​សន្តោស​ប្រោសប្រណី​និង​ធម៌ខន្តីនេះ​ហើយដែល​ជាប្រភព​ នៃសេចក្តីសុខ​ក្នុង​ពិភពតណ្ហានេះ។
ជាក់ស្តែង​ដូចពុទ្ធប្បដិមាតាំងពីសម័យនគរ​ភ្នំដែលបាន​ ភ្ជាប់រូបភាពតាមអត្ថបទនេះ​បាន​បង្ហាញអំពី​ឥរិយាបថរបស់ព្រះពុទ្ធ​អង្គគឺជា​​​ តំណាង​ព្រះពុទ្ធ​គង់​ភាវនាធម៌ហៅថា​​ សមាធិ​មុទ្រ។​ ព្រះពុទ្ធ​គង់ពែនភ្នែន​លើបល្ល័ង្ក​ដែល​​​​​​មាន​ព្រះហស្ត​​ ឆ្វេងផ្ងារដាក់លើភ្នែន​លើ​បល្ល័ង្កដែល​មាន​ព្រះ​ហស្តស្តាំព្រះអង្គ​បានលើក​ លាបាត​​​ដៃទៅមុខ​ដោយ​ម្រាមដៃឡើង​លើ​ជា​សញ្ញា​​​បង្ហាញថា ជាការ​រារាំង​នូវអំពើបាបដែល​​​កើត​​​​ចេញពីក្នុងខ្លួន​ព្រះអង្គគឺ រាគៈ,ទោសៈ និង​មោហៈ។ មានន័យថា ព្រះអង្គបាន​ប្រាស​ចាក​អំពី​​​​បាប​ព្រមទាំងមាន​ន័យថា ឈប់តបត ឬហៅថា រារាំង​ ឬឈប់​នូវ​ការបញ្ចេញ​ប្រតិកម្ម គឺមាន​តែធម៌ខន្តី​និងការ​សន្តោសប្រណី និងផ្តល់​នូវ​អភ័យដល់សត្វលោក​ទាំងអស់​ពិតប្រាកដ៕

No comments:

Post a Comment