Thursday, October 29, 2015

កោះត្រឡាច

​នៅ​កម្ពុជា​ក្រោម មាន​ឆ្នេរសមុទ្រ​លាតសន្ធឹង​ពី​ខេត្ត​បា​រៀ ឬ ខេត្ត​ព្រះ​សួគ៌ា រហូតដល់​ខេត្ត​ពាម ដោយ​ឆ្លងកាត់​តាម​ព្រៃនគរ កោះ​គង មេ​-​ស កំពង់​ឫស្សី ព្រះ​ត្រពាំង ឃ្លាំង ពល​លាវ ទឹកខ្មៅ និង​ក្រមួន ។ តាម​ឆ្នេរ​ទាំងនេះ មាន​កោះ ជាច្រើន​ដូចជា កោះ​បា​កែវ កោះ​ទុង កោះ​ក្អាត ជាដើម ។ កោះ​ទាំងនេះ ជា​ប្រភព​ចំណូល​ខាង​វិស័យ​ទេសចរណ៍ និង ភោគផល​ដំណាំ និង​នេសាទ ។ ក្រៅពី​កោះ​ដែល​បាន​រៀបរាប់ ក៏​នៅមាន​កោះធំ​មួយទៀត​គឺ កោះ​ត្រឡាច ដែលជា​កោះ​មួយ​របស់​ចក្រភព​ខ្មែរ មុន​សតវត្សរ៍​ទី ១៧ ។
ផែនទីកោះត្រឡាច
ផែនទីកោះត្រឡាច
​កោះ​ត្រឡាច យួន​ហៅថា “​កូ​ង​ដាវ​” (Côn Đảo) ឬ “ កូ​ង​ស៊ើ​ង​” (Côn Sơn) បារាំង​ហៅថា ពូ​លូ​កុង​ដ័​រ (Poulo Condor) ។ ប្រជុំ​កោះ​ត្រឡាច មាន​កោះ​ទាំងអស់​ចំនួន ១០ ទាំង​តូច​ទាំង​ធំ មាន​ផ្ទៃក្រឡា​ប្រមាណ ៧៦ km² ។ យោងតាម​ជំរឿន ប្រជាជន​ឆ្នាំ ២០១០ ដោយ​រដ្ឋាភិបាល​វៀតណាម កោះ​នេះ មាន​ប្រជាជន​សរុប​ប្រមាណ ៦.០០០ នាក់ ។ ឆ្នាំ ១៩៧៧ រដ្ឋសភា​នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បានចេញ​សេចក្ដីសម្រេច​មួយ​ដាក់ឈ្មោះ កោះ​ត្រឡាច ជា​ផ្លូវការ ទៅជា​ភាសា​យួន​ថា “​កូ​ង​ដាវ​” (Côn Đảo) ។ កោះ​ត្រឡាច សព្វថ្ងៃ ជា​ស្រុក​រដ្ឋបាល​មួយ​នៃ ខេត្ត​បា​រៀ និង ខេត្ត​អូរ​កាប់ ខេត្ត​មួយ​ដែល​រដ្ឋាភិបាល​វៀតណាម​បានដាក់​បញ្ចូល​គ្នា​ឲ្យ​ទៅជា​ខេត្ត​មួយ​ ថា ខេត្ត​បា​រៀ​វុង​តាវ (Bà Rịa-Vũng Tàu) ។​
​យោងតាម​សៀវភៅ​ឯកសារ​ប្រវត្តិសាស្ត្រ​ សរសេរ​ដោយ សាស្ត្រាចារ្យ ត្រាំ​ង ឆាត ប៊ុត ឈ្មោះថា “​កម្ពុជា​ក្រោម អំណាច​គ្មាន ខ្មែរក្រោម​” បាន​បញ្ជាក់ថា កោះ​ត្រឡាច នៅ​ចម្ងាយ ១០០ គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​ស្រុក​ជ្រោ​យញរ ខេត្ត​ឃ្លាំង ឬ ១៨០ គីឡូម៉ែត្រ ពី​ខេត្ត​អូរ​កាប់ ខេត្ត​មួយ​ដែល​យួន​ហៅថា ខេត្ត​វុង​តាវ (Vung Tau) បារាំង​ហៅថា “​កាប់​ស័ង​ស្ហា​ក់​” (Cap Saint Jacques ) ។
​មុន​សម័យ​បារាំង​៖
ដំបូង កោះ​ត្រឡាច ជា​កោះ​មួយ​របស់​ចក្រភព​ខ្មែរ ហើយ​ក្រោយមក​ត្រូវបាន​កាន់​កាន់​ដោយ​វៀតណាម​នៅក្នុង​សតវត្ស​ទី ១៧ ។ ​ដោយសារ កោះ​នេះ មាន​អំណោយផល​ជាទី​សំចត​ផ្លូវទឹក​ភ្ជាប់​ពី​អាស៊ី​ទៅ​អឺរ៉ុប ទើប​ធ្វើ​ឲ្យ​ពួក​បស្ចិមប្រទេស​បាន​ស្គាល់ កាន់ តែ​ឆាប់ និង​ច្បាស់លាស់ ។​
  • ឆ្នាំ ១២៩១ សំពៅ ១៤ គ្រឿង របស់​អ្នកជំនួញ និង​អ្នកស្រាវជ្រាវ​ជនជាតិ​អ៊ីតាលី Marco Polo បានធ្វើ​ដំណើរ​ចេញពី ប្រទេស​ចិន​ត្រឡប់​ទៅ​ស្រុក​វិញ ត្រូវបាន​ព្យុះ​ធ្វើ​លិច​សំពៅ​អស់ ៨ គ្រឿង ហើយ​នៅសល់​ពីនេះ បាន​រសាត់​មក​ជាប់​នៅ លើ​កោះ​ត្រឡាច ។ [14]
  • នៅក្នុង​អំឡុង​សតវត្សរ៍​ទី ១៥ ដល់ ១៦ មាន​អ្នកធ្វើដំណើរ​បស្ចិមប្រទេស​ជាច្រើន​បានមក​សំចត​នៅ​កោះ​ត្រឡាច ។​
  • ចុង​សតវត្សរ៍​ទី ១៧ ដើម​សតវត្សរ៍​ទី ១៨ ក្រុម​មូលធន​អង់គ្លេស និង បារាំង​បានចាប់ផ្ដើម ងាក​មក​ចាប់អារម្មណ៍​មក ប្រទេស​លោក​ខាងកើត ។ ក្រុមហ៊ុន​អង់គ្លេស និង​បារាំង​បានមក​ពិនិត្យ និង​ស៊ើបអង្កេត កោះ​ត្រឡាច ជាច្រើន​សា ដើម្បី​ស្ទាបស្ទង់​គ្រប់​ស្ថានការណ៍ ក្នុង​គោលបំណង​កាន់កាប់​កោះ​នេះ ។​
  • ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ១៧០២ ក្រុមហ៊ុន​អង់គ្លេស​ឥណ្ឌា (English East India Company) មួយ​បាន​បង្កើតឡើង ជា​អចិន្ត្រៃយ៍​នៅលើ​កោះ​ត្រឡាច​នេះ សម្រាប់​ជាទី​សំចត​ពាក់​កណ្ដាលផ្លូវ​របស់​នាវា​ឥណ្ឌា និង​ចិន ។ ៣ ឆ្នាំ ក្រោយ មក នៅ​ថ្ងៃទី ២ ខែមីនា ឆ្នាំ ១៧០៥ ក្រុមហ៊ុន​របស់​អង់គ្លេស​ត្រូវបាន​វាយប្រហារ និង​រោងចក្រ​ត្រូវគេ​បាន​វាយកម្ទេច ហើយ​មនុស្ស​ដែល​រស់​នៅលើ​កោះ​នេះ​សេសសល់​ទាំង​ប៉ុន្មាន ត្រូវបាន​ចាប់​នីរ​ទេស​ដោយ​ជនជាតិ​យួន [2] ។
ពេលធ្វើ​សង្គ្រាម​ជាមួយ​ក្រុម​រាជវង្ស​យួន​ភាគ​ខាងជើង​នៅ​ហ្វេ (Huế) រាជបុត្រ​ស្ដេច​យួន ង្វៀង ផុ​ក អាន់ (Nguyễn Phúc Ánh ) បានប្រគល់ កោះ​ត្រឡាច ឲ្យ​បារាំង ដោយ​ចុះសន្ធិសញ្ញា Versailles ឆ្នាំ ១៧៨៧ ដើម្បី​ប្ដូរ​យក​ជំនួយ យោធា ។ ក្រោយមក សន្ធិសញ្ញា​នេះ ត្រូវបាន​លុបចោល ពេល​បារាំង​បរាជ័យ​ក្នុងការ​ផ្ដល់ជំនួយ ។​
ឆ្នេរមួយនៅក្នុងកោះត្រឡាច ។
ឆ្នេរមួយនៅក្នុងកោះត្រឡាច ។
សម័យ​បារាំង​៖
  • ខែមេសា ឆ្នាំ ១៨៦១ បារាំង​បាន​ចូលកាន់​កាប់​ខេត្ត​មួយចំនួន​នៅ​តំបន់​ព្រៃនគរ ។ ក្នុងអំឡុង​ពេលនោះ បារាំង​បានគិត គូរ​ជាបន្ទាន់​ដល់​ការដណ្ដើមយក​កោះ​ត្រឡាច ព្រោះ​បារម្ភ​ខ្លាច​អង់គ្លេស​យក​តំបន់​ដ៏​សំខាន់​មួយ​នេះ ។
  • វេលា​ម៉ោង ១០ ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ១៨៦១ ឧត្ដម​នាវិក​បារាំង លោក Bonard បានចេញ​បញ្ជា​ឲ្យ​កប៉ាល់​នាំសារ Norzagaray មកកាន់​កាប់​កោះ​ត្រឡាច ហើយ​បាន​លើក​ទង់​បារាំង​ឡើង ។​
  • ក្រោយមក អនុសេនីយ៍ឯក​ជើង​ទឹក​បារាំង លោក លី​ស្បែ​ស ស៊ី​បា​ជាង នី​កូ​ឡាស ជួ​អា​គីម (Lespès Sebastien Nicolas Joachim) បានប្រកាស “​សេចក្ដីប្រកាស​អធិបតេយ្យ​” របស់​បារាំង​នៅលើ​កោះ​ត្រឡាច ។​
  • ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ១៨៦២ ស្ដេច​យួន​ក្រុង​ហ្វេ បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ជាមួយនឹង​បារាំង ។ មាត្រា ៣ នៃ​កិច្ច​ព្រម ព្រៀង​នេះ បានបញ្ជាក់​យ៉ាងច្បាស់​ថា រាជវង្ស ង្វៀង របស់​យួន​បានប្រគល់​ទាំងស្រុង​នូវ​អធិបតេយ្យ​កោះ​ត្រឡាច​ទៅ​ឲ្យ អធិរាជ​បារាំង ។​
​ក្នុងអំឡុងពេល ៩៣ ឆ្នាំ គឺ​ចាប់តាំងពី ឆ្នាំ ១៨៦២ ដល់ ១៩៥៥ បារាំង​បាន​ផ្លាស់ប្ដូរ​អភិបាល​ជនជាតិ​បារាំង ដែល​មើល ការខុសត្រូវ នៅ​កោះ​ត្រឡាច ចំនួន ៤០ រូប ។ អភិបាល​ទាំងនោះ​រួមមាន​៖
1.​ ​Felix Roussel (1862-1863)
2.​ Bizot (1863-1864)
3.​ ​Benoist (1864-1866)
4. Boubé (1866-1869)
5.​ Stiedel (1869-1870)
6.​ Claudot (1870-1871)
7.​ Gaudot (1871-1872)
8. Chevillet (1872-1874)
9.​ Symphor (1874-1875)
10.​ Morin (1875-1876)
11.​ Pasquet de la Broue (1876-1877)
12.​ Disnematin Dorat (1877-1878)
13.​ Pasquet de la Broue (1878-1882)
14.​ Bosquet (1882-1884)​ ​15. Caffort (1884-1887)
16. Sellier (1887-1890)
17. René (1890-1892)
18. Jacquet (1892-1896)
19. De Colbert (1896-1898)
20. Morizet (1898-1908)
21. Melaye (1908-1909)
22. Cudenet (1909-1913)
23. De Gailland (1913-1914)
24. Joseph O’Connell (1914-1916)
25. Royer (1916-1917)
26. Andouard (1917-1919) 27. Lambert (1919-1927)
28. Bouvier (1927-1934)​ ​29. Cremanzy (1934-1935)
30. Bouvier (1935-1942)
31. Brouillonet (1942-1943)
32. Tisseyre (1943-1945)
33. Hilaire (1945)
34. Lê Văn Trà (1945)
35. Gimbert (1946)
36. Honecker (1946-1947)
37. Jacques Brulé (1947-1948)
38. Henri Lafosse (1948-1951)
39. H. Jarty (1951-1953)
40. Aloise Blanck (1953-1955)
​សម័យ​សាធារណរដ្ឋ​វៀតណាម​៖
  • ថ្ងៃទី ២២ ខែតុលា ឆ្នាំ ១៩៥៦ ប្រធានាធិបតី ង៉ោ ដិ​ន យេ​ម (Ngô Đình Diệm) បានចេញ​បទបញ្ជា លេខ 143-NV ក្នុងការ​ប្រកាស​បញ្ជី​ឈ្មោះ​រដ្ឋបាល​ភូមិសាស្ត្រ​នៅ​វៀតណាម​ខាងត្បូង ។ ក្នុងនោះ កោះ​ត្រឡាច ត្រូវបាន​ក្លាយជា “​ខេត្ត​កូ​ង​ស៊ើ​ង​” (tỉnh Côn Sơn) ។​
  • ថ្ងៃទី ១ ខែឧសភា ឆ្នាំ ១៩៧៥ កងទ័ព​កុ​ម្មុយ​និ​ស្ត​យួន នៃ​រណសិរ្ស​រំដោះ​វៀតណាម​ខាងត្បូង បាន​ចូល​កាន់កាប់ កោះ​ត្រឡាច បន្ទាប់ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​វៀតណាម បាន​ផ្ដួលរំលំ​ដោយ​ពួក​កុ​ម្មុយ​និ​ស្ត​យួន​នៅ​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ។​
​អំពី​គុក​កោះ​ត្រឡាច​៖
​និយាយ​អំពី “​កោះ​ត្រឡាច​” គេ​មិនអាច​ភ្លេច​រំឭក​ដល់ “​គុក​កោះ​ត្រឡាច​” ទេ ។ យោងតាម គេហទំព័រ​ស​ព្វា​វចនាធិប្បាយ Wikipedia នៅ​ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ១៨៦២ Bonard បាន​ចុះហត្ថលេខា​មួយ​ឲ្យ​បង្កើត “​គុក​កោះ​ត្រឡាច​” ដើម្បី​ដាក់​អ្នក ទោស​អ្នកនយោបាយ​ឲ្យ​ដាច់ស្រយាល​កុំ​ឲ្យ​មានការ​ទាក់ទង​នឹង​បក្សពួក​របស់គេ​ បាន ។ ការបង្កើត​គុក​នេះ​ឡើង​បានធ្វើ​ឲ្យ​កោះ ត្រឡាច​មានឈ្មោះ​ល្បីល្បាញ​រហូតមកដល់​ស​ព្វ​ថ្ងៃ ។​
គុកនៅកោះត្រឡាច ។
គុកនៅកោះត្រឡាច ។
“​គុក​កោះ​ត្រឡាច​” ជា​មជ្ឈមណ្ឌល​ព្រហ្មទណ្ឌ​មួយ​បារាំង​ហៅថា “​បាញ​ញើ ឌឺ ពូ​លូ​កុង​ដ័​រ​” (Bagne de Poulo Condor) ។ គុក​នេះ​បារាំង​បង្កើតឡើង ដើម្បី​ឃុំឃាំង​អ្នកទោស​ពិសេស​ដែល​គេ​ចាត់ទុកថា​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ របប​អាណានិគម​របស់​បារាំង ដូចជា អ្នកនយោបាយ អ្នកទោស​ប្រហារជីវិត សមាជិក​បក្ស​កុ​ម្មុនិ​ស្ត និង​អ្នក​ជាតិនិយម​នៅ​ឥណ្ឌូចិន ដែល​ប្រឆាំងនឹង​របប អាណានិគម​បារាំង ។ នៅក្នុង “​គុក​កោះ​ត្រឡាច​” នេះ មាន​មន្ទីរ​មួយ​ដែល​របប​អាណានិគម​បារាំង​, របប​រដ្ឋ​វៀតណាម និង របប​សាធារណរដ្ឋ​វៀតណាម បាន​បង្កើតឡើង​ឲ្យ​ឈ្មោះថា “​ទ្រុងខ្លា​” ដើម្បី​ធ្វើ​ទារុណកម្ម​លើ​សមាជិក​ដឹកនាំ​កំពូល​នៃ​ពួក​កុ​ម្មុយ និ​ស្ត​និយម ក្នុងអំឡុងពេល​សង្គ្រាម​នៅ​វៀតណាម និង​ឥណ្ឌូចិន ។ អ្នក​ទោ​សនយា​បាយ​ខ្មែរ​ជាច្រើនរូប ក៏បាន​ស្លាប់​នៅ គុក កោះ​ត្រឡាច នេះដែរ មានដូចជា អាចារ្យ ហែម ចៀវ​, លោក ប៉ាច ឈឺ​ន លោក នួន ឌួង ជាដើម ។
​យោងតាម សៀវភៅ “​ទិដ្ឋភាព​ទូទៅ​នៃ​សេដ្ឋកិច្ច​វៀតណាម​” (Toàn cảnh kinh tế Việt Nam) ដែល​សរសេរ​ដោយ លោក ង្វៀង ថា​យ ហ្វា​ង (Quang Thái Nguyễn) បាន​បញ្ជាក់ថា នៅក្រោម​របប​អាណានិគមនិយម​បារាំង មាន​ពលរដ្ឋ​វៀតណាម គ្រប់​ស្រទាប់វណ្ណៈ ប្រមាណ ២.០០០០ នាក់ បាន​ស្លាប់​នៅក្នុង​គុក​កោះ​ត្រឡាច ហើយ​បាន​យកទៅ​បញ្ចុះ​នៅ​ទី​បញ្ចុះសព​មួយ ឈ្មោះ ហាង​យឿ​ង (Nghĩa trang Hàng Dương) ។​
រូបធ្វើឡើងដោយរដ្ឋាភិបាលវៀតណាម បង្ហាញពីជីវិតអ្នកទោសនយោបាយនៅត្រឡាច ។
រូបធ្វើឡើងដោយរដ្ឋាភិបាលវៀតណាម បង្ហាញពីជីវិតអ្នកទោសនយោបាយនៅត្រឡាច ។
​បើ​យោងតាម​សៀវភៅ​ឯកសារ​ប្រវត្តិសាស្ត្រ “​កម្ពុជា​ក្រោម អំណាច​គ្មាន​ខ្មែរក្រោម​” វិញ លោក​សាស្ត្រាចារ្យ ត្រាំ​ង ឆាត ប៊ុត បញ្ជាក់ថា “​ឆ្នាំ ១៩៣៩ នៅ​កោះ​នេះ មាន​អ្នក​គុក​នយោបាយ​ចំនួន ២.៤០០ នាក់ ហើយ​នៅពេល​សង្គ្រាមលោកលើកទី ២ ចំនួន​អ្នកទោស នយោបាយ​កើនឡើង​ដល់ ៦០០០ នាក់ និង​បន្ទាប់មក នៅ​ឆ្នាំ ១៩៤៦ ដល់ ឆ្នាំ ១៩៥៥ កើនឡើង​ដល់ ២.៤០០ នាក់​” ។​
​លែង​ជា​របស់​កម្ពុជា​៖
​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើងថា កោះ​ត្រឡាច​លែង​ជា​របស់​ប្រទេស​កម្ពុជា ទៀតហើយ ។
កោះត្រឡាច ។
កោះត្រឡាច ។
​យោងតាម VOD ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ ១២ ខែតុលា ឆ្នាំ ២០១២ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង បានបញ្ជាក់​យ៉ាងច្បាស់​ថា កោះ​ទាំងនោះ លែង​ជា​របស់​កម្ពុជា​ទៀតហើយ គឺជា​កោះ​របស់​វៀតណាម ។ លោក​ថា កោះ​ត្រឡាច​នេះ ស្ថិតនៅ​សមុទ្រ​ចិន​ខាងត្បូង ហើយ​វា​ជា​គុក​នយោបាយ​របស់​អាណានិគម​បារាំង ។ លោក​ថា បើតាម​ប្រវត្តិសាស្ត្រ​កោះ​ត្រឡាច ពិតជា​លែង​ជា​ដែនដី​របស់​កម្ពុជា​ទៀតឡើយ ។​
​លោក វ៉ា គឹម ហុង បញ្ជាក់ថា ៖
“​កោះ​ត្រឡាច គេ​ហៅថា ពូ​ឡូ​កុង​ដឺ ជា​គុក ដាក់​អា​កន្លែង​យើង​អ្នកតស៊ូ អ្នកស្នេហាជាតិ​យើង​ពី​ដើម បារាំង​គេ​យកទៅដាក់​គុក​នៅ​ហ្នឹង មិនមែន​នៅក្នុង​ឈូង​សមុទ្រ​សៀម​ទេ វា​នៅ​ជិត​អា​កន្លែង​នៅ​ជិត​ដូន​កាវ​ឯណោះ នៅក្នុង South China Sea នៅក្នុង​ឆកសមុទ្រ​ចិន​ខាងត្បូង វា​នៅ​ខុស​សមុទ្រ​គ្នា​ទៅទៀត បើ​ថា​ឲ្យ​ប៉ះ​ទឹកដី​យើង​ឯណា​ទៅៗ វា​ខុសពី​រឿង​” ។​
​កម្ពុជា​អាច​ទាមទារ​មកវិញ​៖
​ប៉ុន្តែ​ទីប្រឹក្សា​ព្រះមហាក្សត្រ លោក សឺ​ន ស៊ូ​បែ​រ្តិ៍ ដែលជា​កូនចៅ​អ្នក​កម្ពុជា​ក្រោម ពោលគឺ​ជា​ចៅ​របស់ លោក តា ស៊ឺន គុយ មានប្រសាសន៍ថា កោះ​ទាំងនោះ​មិនទាន់​ជា​កម្មសិទ្ធិ​របស់​វៀតណាម​នោះទេ ព្រោះ​ព្រះមហាក្សត្រ​ខ្មែរ​តាំងពី​សម័យ ព្រះបាទ​អង្គ ឌួង​មក បាន​ប្តឹង​ទាមទារ​យកមក​វិញ ។ លោក​ថា កាលដែល​កោះ​ទាំងនេះ​ប្រគល់​ទៅ​ឲ្យ​វៀតណាម វា​ជា​រឿង​អយុត្តិធម៌​ក្នុង​ប្រវត្តិសាស្ត្រ ដោយសារ​បារាំង​គ្មាន​សិទ្ធិ​ប្រគល់​ទៅ​ឲ្យ​វៀតណាម​នោះទេ ហើយ​កម្ពុជា​នៅតែ​អាច​ទាមទារ​យក​កោះ​នេះ​មកវិញ​បាន ។​
​លោក សឺ​ន ស៊ូ​បែ​រ្តិ៍ បញ្ជាក់ថា​៖
“ ព្រោះ​វា​ជា​អយុត្តិធម៌​ប្រវត្តិសាស្ត្រ ពីព្រោះ​បារាំង​អត់​មាន​សិទ្ធិ​អី ប្រគល់​ទឹកដី​ហ្នឹង​ដែល​ខ្លួនឯង​ បានទទួល​ពី​ខ្មែរ​យើង ឲ្យ​ទៅ​អធិរាជ​បាវ​ដាយ អាហ្នឹង​ប្រឆាំងនឹង​ញត្តិ​ពួក​សភា​បារាំង តំណាងរាស្ត្រ​បារាំង សុំ​ឲ្យ​រដ្ឋាភិបាល​បារាំង​ជំនាន់​ហ្នឹង​ចាត់ការ​សម្របសម្រួល​ជាមួយ​ខ្មែរ​ សិន មុន​សម្រេច​ស្អីៗ​មួយ ក្នុង​រឿង​កូ​ស័ង​ស៊ិន ហ្នឹង​” ។​
​លោក សឺ​ន ស៊ូ​បែ​រ្តិ៍ បន្តថា ទាំង​ខ្មែរ​ជំនាន់​មុន និង​ជំនាន់​នេះ ត្រូវ​រៀនសូត្រ និង​មើល​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ឡើងវិញ ថា​ទំហំ​ប៉ុណ្ណា ហើយ​វា​ធ្លាក់​ទៅលើ​ប្រទេសជិតខាង​ដោយ​ស្របច្បាប់​ដែរឬទេ​?
ប្រភព ៖http://vokk.net

No comments:

Post a Comment